Thursday, August 10, 2017

តើចិនទទួលជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុង Manila មែនទេ?

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី​៥០ នៅទីក្រុង Manila ប្រទេស​ហ្វីលីពីន បានចេញនូវសេចក្តីថ្លែងការណ៍រួមរបស់ខ្លួននៅថ្ងៃទី៥ ខែសីហា ដោយអំពាវនាវ “កុំឱ្យប្រើ​ប្រាស់​យោធា និង​មាន​ការ​អត់ធ្មត់” នៅក្នុងបញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ជៀស​វាងការឆ្លើយ​តបទៅ​នឹង​ជម្លោះ​ដោយ​ផ្ទាល់​ជា​មួយចិន។​

ទន្ទឹមនឹងនោះដែរ ក្រសួងការបរទេសចិន បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងទំនាក់ទំនង អាស៊ាន-ចិន ក៏ដូចជាសេចក្តីថ្លែងការណ៍រួមនេះ។ នៅថ្ងៃទី៨ ខែសីហា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានសារទរចំពោះសេចក្តីថ្លែងការណ៍រួមនេះ​ថា មាន​ការយោគយល់ជាខ្លាំង ហើយថា វាបង្ហាញអំពីជំនឿទុកចិត្តរបស់ភាគីទាំងអស់នៅក្នុងទស្សនវិស័យនៃទំនាក់ទំនង អាស៊ាន-ចិន។

នៅថ្ងៃទី ៣ ខែសីហា មុនពេលលោក Wang នឹងចូលរួមកិច្ចប្រជុំកំពូលនេះ ក្រសួងការបរទេស​ចិន​បានបញ្ជូនសញ្ញាវិជ្ជមានរួចទៅហើយទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន។ អ្នកនាំពាក្យក្រសួងការ​​បរទេសចិនលោក Geng Shuang បានអះអាងថា “ចិនមានឆន្ទៈក្នុងការចាប់ដៃជា​មួយ​ប្រទេស​អាស៊ាន ដើម្បីប្រកាន់ភ្ជាប់នូវស្ថិរភាពសមុទ្រចិនខាងត្បូង។”

នៅថ្ងៃទី៦ ខែសីហា នៅឯសន្និសីទសារព័ត៌មានមួយនៅទីក្រុង Manila លោក Wang បានចាត់ទុកកិច្ចប្រជុំកំពូលនេះថា “ជាកិច្ចប្រជុំដ៏ជោគជ័យមួយ ជាមួយនឹងបរិយាកាសវិជ្ជមាន និង​រាក់​ទាក់”។

ជាសេចក្តីលម្អិត លោក Wang បានពន្យល់ថា អាស៊ានបានទទួលយកសំណើចំនួន ៧ ដែលចិនបានលើកឡើង៖

១. ជំរុញទស្សនវិស័យឆ្នាំ ២០៣០ នៃភាពជាដៃគូយុទ្ធសាស្រ្ត អាស៊ាន-ចិន

​២. ស្វែងរកការរួមកម្លាំងគ្នាមួយរវាងគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាស៊ាន

៣.  កំណត់ឆ្នាំ ២០១៨ ថា “ជាឆ្នាំនៃការរកឃើញនូវទំនាក់ទំនងបែបថ្មី អាស៊ាន-ចិន” សម្រាប់កិច្ចសហប្រតិបត្តិការស្តីពីការអភិវឌ្ឍ

៤. ពន្លឿនការអនុវត្តពាណិជ្ជកម្មសេរី អាស៊ាន-ចិន

៥. បន្តយ៉ាងពេញទំហឹងចំពោះ “កិច្ចសហប្រតិបត្តិការស្តីពីសមត្ថភាពផលិតកម្ម អាស៊ាន-ចិន” ដើម្បី​ជំរុញដំណើរការឧស្សាហកម្មរបស់ប្រទេសនីមួយៗ

៦. ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌

៧. ជំរុញការចរចាស្តីពីភាពជាដៃគូសេដ្ឋកិច្ចយោគយល់គ្នាក្នុងតំបន់ (RCEP)

វាគឺជាការពិតជាក់ស្តែងថា សំណើភាគច្រើនរបស់ចិន គឺទាក់ទិនទៅនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសមាហរណកម្មពាណិជ្ជកម្ម។

នៅក្នុងអត្ថន័យនៃប្រធានបទដ៏រសើបបំផុត “បញ្ហាសមុទ្រចិនខាងត្បូង” ចិនក៏មានការពេញចិត្តទៅនឹងសេចក្តីថ្លែងការណ៍រួមចុងក្រោយនេះដែរ។

នៅថ្ងៃទី ៨ ខែសីហា ក្រសួងការបរទេសចិនបានចេញផ្សាយនូវសេចក្តីថ្លែងការណ៍របស់លោក Yi ស្តីពីសេចក្តីថ្លែងការណ៍ជាពិសេសនេះ។

          ជារៀងរាល់ឆ្នាំ សេចក្តីថ្លែងការណ៍រួមបានចេញផ្សាយនូវមាតិកាពាក់ព័ន្ធទៅនឹងសមុទ្រ​ចិនខាងត្បូង ក៏ប៉ុន្តែ នៅឆ្នាំនេះ មានការផ្លាស់ប្តូរ៖ ទីមួយ មាតិកាមានលក្ខណៈខ្លីជាងឆ្នាំមុនៗ ទីពីរ ប្រទេសអាស៊ានបាន…ចេញនូវក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) ជាមួយចិន និង​បានបង្ហាញពីឥរិយាបថវិជ្ជមានមួយឆ្ពោះទៅរកការប្រឹក្សាជាក់លាក់នៅជំហានក្រោយបន្តទៀត។

សេចក្តីថ្លែងការណ៍រួមក៏មានការលើកឡើងថា រដ្ឋមន្រ្តីមួយចំនួនបានបង្ហាញពីការព្រួយបារម្ភ​ចំពោះ “ការចាក់បំពេញដី និងសកម្មភាព” នៅសមុទ្រចិនខាងត្បូងផងដែរ។ ជាការឆ្លើយ​តប លោក Wang បានសង្កត់ធ្ងន់ថា “ជាក់ស្តែងមានមួយរូប ឬពីររូបប៉ុណ្ណោះ ដែលបង្ហាញពីការព្រួយ​​បារម្ភនេះ។” ជាងនេះទៅទៀត លោក Wang បានថ្លែងថា “ចិនបានចាក់បំពេញដីនៅតំបន់នោះ រួចរាល់ជាងពីរឆ្នាំមកហើយ។ ដូច្នោះ ប្រសិនបើមានប្រទេសណាមួយបន្តសកម្មភាពចាក់បំពេញ​ដីនេះ គឺមិនមែនជាចិននោះទេ”៕

ប្រភព៖ Diplomat ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧


No comments:

Post a Comment