Monday, February 13, 2023

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ អញ្ជើញក្នុងពិធីចុះហត្ថលេខា



នៅរសៀលថ្ងៃទី១៣ កុម្ភៈ ដដែលនេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា ប្រជាធិបតេយ្យប្រជាមានិតឡាវ  និងផែនការសកម្មភាពសម្រាប់ភាពជាuដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឯកឧត្តម សាលើមស គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនឡាវ៕


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសឡាវ



ថ្លែងក្នុងជំនួបកំពូលទ្វេភាគី សម្តេចតេជោបានថ្លែងថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុង ឱកាសនេះ និងបានថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចរាក់ទាក់កក់ក្តៅ ដែលរដ្ឋាភិបាលនិងប្រជាជនឡាវ បានផ្តល់ចំពោះគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចនៅពេលនេះ គឺជាសាក្ខីភាពបង្ហាញពីទំនាក់ទំនងជាប្រពៃណីជាភាតរៈ និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនិងប្រជាជនទាំងពីរ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព ដើម្បីការអភិវឌ្ឍន៍ និង សុខុមាលភាព នៃប្រជាជនយើងទាំងពីរ។ សម្តេចបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំងពីរ ក្រោយពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ដែលរហូត មកដល់ពេលនេះមានអាយុកាលជាង៦០ឆ្នាំហើយ ហើយដែលបានក្លាយជា “ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។

 ឯកឧត្តម សនសៃ និង សម្តេចតេជោ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និង យោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ល។ សំដៅពូនជ្រំថែមទៀតនូវទំនាក់ទំនងជាមិត្តភាព និងភាតរភាពរវាងកម្ពុជា-ឡាវ។- មេដឹកនាំទាំងពីរក៏បានធ្វើការកត់សម្គាល់ដោយការពេញចិត្ត ដែលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ១៦០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដល់ ២១០លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ។ 

សម្តេចតេជោបានជំរាបជូន ឯកឧត្តម សនសៃ អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវលក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស និងបានលើកទឹកចិត្តឱ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្ន (DTA) ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី និងសកម្ម ភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ សម្តេចតេជោបានលើកទឹកចិត្តឱ្យភាគីទាំងពីរបង្កើនការរៀបចំព្រឹត្តិការណ៍ផ្គូរផ្គង ដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការបើកឡើងវិញនូវ ជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។ 

សម្តេចតេជោបានស្នើឲ្យឡាវបើកនូវការហោះហើរត្រង់ពីភ្នំពេញ- វៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ ដើម្បីជាការរួមចំណែកជំរុញវិស័យទេសចរណ៍ដែលជាវិស័យ មានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការស្តាសេដ្ឋកិច្ច ប្រទេសទាំងពីរ ក្រោយព្រឹត្តិការណ៍ជម្ងឺឆ្លងកូវីដ១៩។- ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ឯកឧត្តម សនសៃ និងសម្តេចតេជោ បានឯកភាពគ្នាជម្រុញ ឱ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរបញ្ញាវន្ត អ្នកស្រាវជ្រាវ ផ្លាស់ប្ដូរស្នាដៃបោះពុម្ភផ្សាយ ស្នាដៃស្រាវជ្រាវ និងរៀបចំកម្មវិធីនានា ដើម្បីចែករំលែកចំណេះដឹង និងការស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។ មេដឹកនាំទាំងពីរ បានជំរុញឱ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការស្រាវជ្រាវរួមគ្នាស្តីពី “ទំនាក់ទំនងកម្ពុជា-ឡាវ៖ ប្រវត្តិសាស្ត្រ វប្បធម៌ និង ទំនាក់ទំនងប្រជាជននៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ និងការរៀបចំវចនានុក្រម ឡាវ-ខ្មែរ និង ខ្មែរ-ឡាវ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស និស្សិតយើងទាំងពីរ។ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិ យើងបានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឲ្យមានប្រសិទ្ធភាព តាមរយៈ ការចែករំលែកព័ត៌មានរវាងអាជ្ញាធរនៅតាមតំបន់ព្រំដែនឲ្យទាន់ពេលវេលា។

 ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល យើងបានឯកភាពជំរុញឱ្យក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា និង ឡាវ ដើម្បីធានាស្ថិរភាព និងសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងកិច្ចការព្រំដែន មេដឹកនាំទាំងពីរ មានការពេញចិត្តចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែនបាន១២១ បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី។ សម្តេចតេជោបានចាត់ទុកថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្

រសំរាប់ប្រជាជាតិយើងទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សម្តេចតេជោនិង ឯកឧត្តម សនសៃ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ មេដឹកនាំទាំងពីរ បានឯកភាពថានឹងបន្តធ្វើ ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។ សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់ កម្ពុជាឆ្នាំ២០២២។ សម្តេចបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះឡាវជាប្រធានអាស៊ានឆ្នាំ២០២៤៕

ពិធីបដិសណ្ឋារកិច្ចផ្លូវការជូនសម្តេចតេជោ ហ៊ុន សែន ពីនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៣ ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបាល ក្នុងរដ្ឋធានីវៀងច័ន្ទ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសមភាគីឡាវ ឯកឧត្ដមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ 

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាលពីឯកឧត្តមបណ្ឌិត នាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងទិដ្ឋភាពប្រកដោយមហាកិត្តិយស។ 

បន្ទាប់ពីពិធីត្រួតពលគ្រប់កងកិត្តិយស នៃកងទ័ពប្រជាជនឡាវរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីឡាវ ឯកឧត្ដមបណ្ឌិត សនស ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់រដ្ឋាភិបាលឡាវ និងព្រះរាជាណាចក្រកម្ពុជា។ 

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងវៀងច័ន្ទ នាឱកាសនោះរួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកជំទាវកិត្តិសង្កហ៍បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់តំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចំរុះព្រំដែនកម្ពុជា ឡាវ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាៀស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រតិភូសភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូប៕



វិភាគអន្តរជាតិ៖ តើ «វត្ថុអាថ៌កំបាំង» ដែលសហរដ្ឋអាមេរិកបាញ់ទម្លាក់ គឺជាអ្វីឱ្យប្រាកដ?


(វ៉ាស៊ីនតោន)៖ ការបាញ់ទម្លាក់បាឡុងមួយរបស់ចិនដែលមន្ទីរបញ្ចកោណចោទថាជាបាឡុងស៊ើបការណ៍ ដោយយោធាអាមេរិក ព្រមទាំងការបាញ់ទម្លាក់ «វត្ថុមិនស្គាល់អត្តសញ្ញាណ» នៅក្នុងដែនអាកាស រដ្ឋអាឡាស្កា និងកាណាដា ក៏ដូចជាការបាញ់ទម្លាក់ «វត្ថុមិនស្គាល់អត្តសញ្ញាណ» មួយដាច់ដោយឡែកផ្សេងទៀតនៅលើបឹង Lake Huron កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បាននិងកំពុងបង្កជា ការព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខតំបន់អាមេរិកខាងជើង និងអនាគតទំនាក់ទំនងតានតឹងជាមួយចិន។ ក៏ប៉ុន្តែ ក្រៅពីបាឡុងរបស់ចិន វត្ថុទាំង៣ចុងក្រោយមិនទាន់ត្រូវបានអាមេរិក បញ្ជាក់ថាតើពួកវាជាអ្វី ឱ្យប្រាកដនោះទេ។ ដូច្នេះ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគេគួរដឹងពីស្ថានការណ៍មួយនេះ៖


* តើវត្ថុទាំង ៤នោះគឺជាអ្វី?

មកទល់នឹងពេលនេះ ក្រៅតែពីបាឡុងរបស់ចិន វត្ថុទាំង៣ចុងក្រោយមិនទាន់ត្រូវបានសហរដ្ឋអាមេរិក បញ្ជាក់ថាតើពួកវាមានប្រភពមកពីណា ជាកម្មសិទ្ធិរបស់នរណា ឬជាអ្វីឱ្យប្រាកដនោះទេ ដោយគ្រាន់តែ ប្រើពាក្យហៅថា «វត្ថុមិនស្គាល់អត្តសញ្ញាណតែប៉ុណ្ណោះ»។ ភាពភ្ញាក់ផ្អើលបានកើតឡើងកាលពីចុងខែមករាកន្លងទៅនេះ បន្ទាប់ពីបាឡុងដ៏ធំមួយត្រូវបានគេប្រទះឃើញនៅក្នុងដែនអាកាសអាមេរិក ហើយ មន្ទីរបញ្ចកោណបានចោទថាវាជាបាឡុងស៊ើបការណ៍របស់ចិន។ រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ បាឡុងនេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់បាញ់ចេញពីយន្ដហោះចម្បាំង F-22 តាមបញ្ជារបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។


បើតាមមន្ទីរបញ្ចកោណ បាឡុងរបស់ចិនមានទំហំប៉ុនរថក្រុង៣គ្រឿង និងមានទម្ងន់លើស ១តោន រួមទាំងមានបំពាក់ទៅដោយអង់តែនជាច្រើន និងផ្ទាំងសូឡាដ៏ធំមួយដើម្បីផ្ដល់ថាមពលដល់ស៉ិនស័រ ប្រមូលព័ត៌មានសម្ងាត់។ ក៏ប៉ុន្តែ ចិនបានទទូចថាបាឡុងរបស់ខ្លួនគឺជាបាឡុងស៊ីវិលធម្មតាដែលផ្ដោតលើការសិក្សាស្រាវជ្រាវឧតុនិយមតែប៉ុណ្ណោះ។ បន្ទាប់មកទៀត នៅថ្ងៃទី១០ ខែកុម្ភៈ យន្ដហោះចម្បាំង អាមេរិក F-22 បានបាញ់ទម្លាក់វត្ថុមួយនៅក្នុងដែនអាកាសរដ្ឋអាឡាស្កា ហើយនៅថ្ងៃទី១១ ខែកុម្ភៈ យន្ដហោះចម្បាំងធុន F-22 ដដែលបានបាញ់ទម្លាក់វត្ថុមួយផ្សេងទៀតដែលហោះនៅរយៈកម្ពស់ ១២,២០០ម៉ែត្រ នៅលើតំបន់យូកូន (Yukon) ដែលស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រពីព្រំដែនអាមេរិក។ បើតាមអាជ្ញាធរកាណាដា វត្ថុនេះមានរាងស៊ីឡាំង តែមិនបានបញ្ជាក់ថាតើវាមានប្រភពដើមមកពីណា ឬជាអ្វីឱ្យប្រាកដនោះទេ។


ដោយឡែក យោធាសហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ ខែកុម្ភៈ (ម៉ោងនៅវ៉ាស៊ីនតោន) បានបន្តបាញ់ទម្លាក់វត្ថុម្យ៉ាងមានរាង ៨ជ្រុង នៅលើបឹង Huron។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យ មន្ទីរបញ្ចកោណ លោក Patrick Ryder បានបញ្ជាក់ថាដោយអនុវត្តតាមបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន យន្ដហោះ F-16 មួយគ្រឿងរបស់យោធាអាមេរិកបានបាញ់ទម្លាក់វត្ថុមិនស្គាល់ អត្តសញ្ញាណខាងលើ នៅវេលាម៉ោង ២៖៤២នាទីរសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) នៅពីលើបឹង Huron ជាប់ព្រំដែនរវាងសហរដ្ឋអាមេរិក និងកាណាដា។ អ្នកនាំពាក្យរូបនេះបានបន្ថែមថាវត្ថុនេះ មិនបានបង្កការគំរាមកំហែងខាងយោធានោះទេ តែវាអាចបង្កគ្រោះថ្នាក់ដល់ការធ្វើចរាចរណ៍ហោះហើររបស់យន្ដហោះស៊ីវិល ដោយសារតែវាហោះនៅរយៈកម្ពស់ ៦,១០០ម៉ែត្រ និងអាចមានសមត្ថភាព ឈ្លបយកការណ៍ទៀតផង។


មន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងវត្ថុមិនស្គាល់អត្តសញ្ញាណនេះទំនងជាវត្ថុតែមួយដែលត្រូវបានចាប់សញ្ញាកាលពីពេលថ្មីៗនេះនៅក្បែរមូលដ្ឋានយោធាសំខាន់ៗមួយចំនួន នៃរដ្ឋ Montana ដោយបង្ខំឱ្យអាជ្ញាធរបិទដែនអាកាសជាបណ្ដោះអាសន្ននៅពេលនោះ។ ជាមួយគ្នានោះដែរ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថាតើវត្ថុទាំងនោះអាចជាយានមនុស្សក្រៅ ឬអេលៀនដែរឬទេ? លោកឧត្ដមសេនីយ៍កងទ័ពអាកាសអាមេរិក Glen Van Herck បានឆ្លើយតបថាលោកមិនអាចច្រានចោលលទ្ធភាពណាមួយបាននោះទេ នៅក្នុងពេលបច្ចុប្បន្ន ហើយថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក កំពុងព្យាយាមស្វែងរកការពិត។


* តើមានអ្វីខ្លះដែលត្រូវបានគេរកឃើញ?

ក្រុមមន្ត្រីយោធាអាមេរិក មានទាំងយន្ដហោះ ទូក និងនាវាមុជទឹកធុនតូចជាច្រើនគ្រឿង បានស្រង់យកបំណែកនៃបាឡុងចិន ចេញពីផ្ទៃទឹកនៃរដ្ឋ South Carolina។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI កំពុងធ្វើការវិភាគលើបំណែកបាឡុងចិន ហើយប្រតិបត្តិការស្រង់យកវត្ថុទី២ នៅតែបន្តធ្វើឡើងនៅឡើយនៅឯរដ្ឋអាឡាស្កា នៅក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ដោយសារខ្យល់បក់ និងព្រិលធ្លាក់ខ្លាំង ខណៈក្រុមអ្នកជំនាញគាំទ្រដោយយន្ដហោះ CP-140 របស់កាណាដា កំពុងស្វែងរកបំណែកនៃវត្ថុទី៣ ដែលត្រូវបានបាញ់ទម្លាក់នៅលើតំបន់Yukon។ ចំណែកឯ វត្ថុមិនស្គាល់អត្តសញ្ញាណទី៤ មិនទាន់ មានព័ត៌មានបញ្ជាក់អ្វីឡើយទេ។


គួរបញ្ជាក់ថា ឧប្បត្តិហេតុបាឡុងចិន បានបង្ខំឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីដើមខែកុម្ភៈកន្លងទៅ។ ទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ របស់ចិនដែលសេតវិមានចោទថាគាំទ្រដល់កម្មវិធីបាឡុងស៊ើបការណ៍របស់ចិនផងដែរ។ ទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក ចំពោះការបាញ់ទម្លាក់បាឡុងរបស់ខ្លួន ដោយចាត់ទុកថាវាជាទង្វើបំពានច្បាប់អន្តរជាតិ និងព្រមានថារក្សាសិទ្ធិចាត់វិធានការឆ្លើយតបទៅនឹងស្ថានការណ៍ដូចគ្នានេះ៕ Fresh News

ទស្សនៈមិត្តអ្នកអាន៖ «ការដកអាជ្ញាប័ណ្ណពីសារព័ត៌មាន វីអូឌីទទួលបានការគាំទ្រយ៉ាងខ្លាំង»


ក្រសួងព័ត៌មានបានសម្រេចនៅថ្ងៃចន្ទទី១៣ កុម្ភៈនេះ ដកអាជ្ញាប័ណ្ណពីអង្គភាពព័ត៌មានវីអូឌី (VOD) បន្ទាប់ពីសារព័ត៌មានមួយនេះមិនព្រមសុំទោសចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួន។ ការដកអាជ្ញាប័ណ្ណពី VOD ពិតជាបានទទួលនូវការសាទរ និងការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសាធារណជនគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសដោយហេតុថាស្ថាប័នសារព័ត៌មានមួយនេះតែងតែបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ហើយមិនព្រមកែតម្រូវ និងជាពិសេស នៅក្នុងករណីចុងក្រោយនេះមិនព្រមសុំទោសតាមការទាមទាររបស់លោក ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាជនរងគ្រោះដោយសារព័ត៌មានមិនពិតផ្សាយដោយ វីអូឌី។



ឥឡូវនេះយើងងាកមកមើលសាច់រឿងវិញម្តង៖

1.VOD បានផ្សាយព័ត៌មានមិនពិតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគីជំនួសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនៅខណៈដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ព្រមទាំងមេដឹកនាំជា ច្រើនរូបទៀតកំពុងបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រោយពីព័ត៌មានមិនពិតនេះត្រូវបានផ្សព្វផ្សាយ លោក ហ៊ុន ម៉ាណែត ក៍បានចេញមកបដិសេធ ហើយ «ទាមទារឲ្យវីអូឌីបង្ហាញឯកសារភស្តុតាង និងសុំឲ្យកែតម្រូវ និងសុំទោសចំពោះកំហុសរបស់ខ្លួន»។ លោក ហ៊ុន ម៉ាណែត បានអះអាងតាមហ្វេសប៊ុកយ៉ាងច្បាស់ថា លោកគ្មានសិទ្ធិចុះហត្ថលេខាលើឯកសារផ្លូវការរបស់រាជរដ្ឋាភិបាលនោះឡើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី វីអូឌី មិនបានអើពើក្នុងការកែតម្រូវព័ត៌មានរបស់ខ្លួនទេ។

2.ក្រោយមកទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញមកប្រតិកម្មដោយថែមទាំងបានបង្ហាញសារឆ្លើយឆ្លងគ្នាផ្ទៃក្នុងពាក់ព័ន្ធនឹងថវិកាដែលត្រូវផ្តល់ជូនប្រទេសតួកគី ដោយគ្មានពាក់ព័ន្ធជាមួយលោក ហ៊ុន ម៉ាណែត ទាល់តែសោះ។ លោកនាយករដ្ឋមន្ត្រីក៏បានទុកពេល ៧២ ម៉ោងឲ្យសារព័ត៌មានវីអូឌី សុំទោស។ ប៉ុន្តែ សារព័ត៌មាននេះនៅតែមិនព្រមកែតម្រូវឬសុំទោសអ្វីទាំងអស់។

3.ដំណាក់កាលបន្ទាប់មកទៀត ក្រសួងព័ត៌មានក៏បានកោះអញ្ជើញតំណាងសារព័ត៌មានវីអូឌី មកពន្យល់ដោយក្រសួងបានទទូចឲ្យធ្វើការកែតម្រូវនិងសុំទោសលោកនាយករដ្ឋមន្ត្រីនិងលោក ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ដើម្បីបញ្ចប់បញ្ហា។ ប៉ុន្តែទីបំផុត នៅក្នុងលិខិតផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី «វីអូឌីមិនបានសុំទោសដដែល»។

តាមពិត វីអូឌី មិនមែនមិនដឹងទេថា ផលប៉ះពាល់ដែលកើតចេញពីព័ត៌មានមិនពិតរបស់ខ្លួនមានទំហំធំធេងណាស់សម្រាប់រដ្ឋាភិបាល ប៉ុន្តែ ស្ថាប័នសារព័ត៌មានមួយនេះពិតជាមានចេតនាទុកព័ត៌មាននេះឲ្យនៅដដែលដោយគ្មានការកែតម្រូវ។ «តើ វីអូឌី មានចេតនាអ្វីក្នុងការធ្វើបែបនេះ?»​ ប្រសិនបើយើងពិនិត្យមើលអំពីពេលវេលា ពីពេលចេញផ្សាយរហូតដល់ពេលដែល លោក ហ៊ុន ម៉ាណែត បញ្ចេញប្រតិកម្មនិងសុំឲ្យកែតម្រូវ និង

រហូតដល់លោកនាយករដ្ឋមន្ត្រីបញ្ចេញប្រតិកម្មហើយទុកឱសានវាទ ៧២ ម៉ោង គឺលើសពីគ្រប់គ្រាន់ទៅទៀតក្នុងការកែតម្រូវនិងសុំទោសប្រសិនបើស្ថាប័នវីអូឌី ពិតជាមានចេតនានិងឆន្ទៈចង់កែតម្រូវមែន។

សូមកត់សម្គាល់ថា សម័យនេះ គឺជាសម័យបច្ចេកវិទ្យាទំនើប ហើយវីអូឌី គឺជាសារព័ត៌មានអនឡាញ ទៅទៀតដែលផ្សាយព័ត៌មានបានលឿនរហ័ស ហើយការកែតម្រូវព័ត៌មានដែលកំណត់ដោយច្បាប់ក៏ពិតជាអាចធ្វើបានយ៉ាងឆាប់រហ័សបំផុត។ សូម្បីតែកាសែតបោះពុម្ពក៏អាចកែតម្រូវព័ត៌មាននៅថ្ងៃបន្ទាប់បានដែរ។ ចុះ វីអូឌីដែលជាសារព័ត៌មានផ្សាយតាមអនឡាញសោះ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះក៍អាចធ្វើបានហើយ? ចំណុចនេះនរណាៗក៏អាចយល់បានដែរអំពីចេតនារបស់វីអូឌី។ បើយើងនិយាយអំពីផលប៉ះពាល់ដែលកើតចេញពីការផ្សាយព័ត៌មានមិនពិតរបស់ វីអូឌី គឺពិតជាមានទំហំធំធេង ព្រោះនេះ «ជាល្បិចចិញ្ជឹមទំនាស់ហើយប្រើប្រាស់ការអូសបន្លាយពេលវេលាដើម្បីទុកអោយច្រែះស៊ីដែក»។ គ្មានអ្វីគួរអោយសង្ស័យឡើយចំពោះព័ត៌មានប្រឌិតក្លែងក្លាយនេះដែលមានគោលដៅនិងចេតនាទុច្ចរិតធ្វើឲ្យខូចកិត្តិយសរបស់លោក ហ៊ុន ម៉ាណែតដែលជាបេក្ខជនបន្តវេនដ៏មានសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា។ ក្រុមប្រឆាំងជ្រុលនិយមដែលទទួលបានថវិកានិងការគាំទ្រពីចៅហ្វាយបរទេសក៍បាននាំគ្នាបើកយុទ្ធនាការវាយប្រហារតាមគ្រប់រូបភាពទៅលើលោក ហ៊ុន ម៉ាណែត ពីព្រោះពួកគេបានមើលឃើញនូវប្រជាប្រិយភាពដ៏ខ្ពស់របស់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច។

ពួកប្រឆាំងជ្រុលនិយម ដែលគ្មានបេក្ខជនថ្មីវ័យក្មេងពោរពេញដោយសក្តានុពលមកប្រកួតជាមួយលោក ហ៊ុន ម៉ាណែត បែរជាខិតខំជាន់ពន្លិចបេក្ខជនដ៏មានប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចឥតឈប់ឈរ។ ការផ្សាយព័ត៌មានក្លែងក្លាយគឺជាមធ្យោបាយដ៏សំខាន់មួយដែលពួកគេប្រើ។ ជាក់ស្តែង ព័ត៌មានមិនពិតស្តីពីការចុះ ហត្ថលេខាលើឯកសារផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសតួកគីជំនួសនាយករដ្ឋមន្ត្រីគឺជាសេណារីយោមួយដើម្បីបង្ខូចកិត្តិនាម លោក ហ៊ុន ម៉ាណែត។ លើសពីនេះ ព័ត៌មានមិនពិតមួយនេះបានធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលទាំងមូលពីព្រោះ វាពិតជាបានធ្វើឲ្យមហាជនទូទៅយល់ច្រឡំថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ធ្វើការដោយគ្មានសណ្តាប់ធ្នាប់ និងបំពានលើឋានានុក្រមដែលមានជាធរមាន រីឯការចាយវាយថវិកាទៀតសោត ក៍គ្មានតម្លាភាពពីព្រោះអ្នកណាក៏ចេះតែចុះហត្ថលេខាបានដែរ។ នេះហើយជាចេតនាបំផ្លាញរាជរដ្ឋាភិបាលរបស់ក្រុមប្រឆាំងនៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់។ប្រឈមមុខចំពោះស្ថានភាពបែបនេះ ពិតណាស់ថា រដ្ឋាភិបាលកម្ពុជាក៏មានសិទ្ធិការពារខ្លួនចេញពីការប៉ុនប៉ងវាយប្រហារដោយគ្មានមូលដ្ឋានទាំងនេះតាមរយៈចំណាត់ការផ្សេងៗស្របតាមគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋដើម្បីលុបបំបាត់ភាពអនាធិបតេយ្យនៅក្នុងសង្គម។ នេះជាហេតុផលដ៍ឡូហ្សីកដែលការដកអាជ្ញាប័ណ្ណពីសារព័ត៌មាន វីអូឌី ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេង ពីព្រោះនៅក្នុងប្រទេសកម្ពុជា មានបណ្តាញសារព័ត៌មានច្រើនណាស់ដែលបាននិងកំពុងផ្តល់ព័ត៌មានពិតពីកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស។ ប្រជាពលរដ្ឋទទួលបានព័ត៌មានយ៉ាងសម្បូរបែបតាមរយៈបណ្តាញព័ត៌មានដែលបាននិងកំពុងរីកដុះដាលដូចផ្សិតត្រូវទឹកភ្លៀង។

ការបិទសារព័ត៌មានបំពុលសង្គមមួយចំនួនចោល គឺពិតជាដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរទូទៅពីព្រោះវាជាចំណែកមួយធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ មានសុខុមរមនា ចៀសផុតពីភាពអនាធិបតេយ្យក៍ដូចជាអរីយភាពនិងការបែកបាក់ជាតិ។

ដោយ : បញ្ញវន្តខ្មែរ

ស្វែងយល់ពីប្រទេសអាល្លឺម៉ង់ ខណៈប្រធានាធិបតីអាល្លឺម៉ង់នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា


(បែរឡាំង)៖ អាល្លឺម៉ង់គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប និងជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅក្នុងសហភាពអឺរ៉ុប។

លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងភរិយារបស់លោក គឺលោកស្រី អែលឃើ បឿឌិនបិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្ត រយៈពេល៣ថ្ងៃ ដោយយន្តហោះរបស់លោក នឹងចុះចតនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។

អាល្លឺម៉ង់សព្វថ្ងៃជា មហាយក្សសេដ្ឋកិច្ចនៅអឺរ៉ុប និងជាតួអង្គដ៏សំខាន់ដែលជំរុញកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប។ ចាប់តាំងពីអាល្លឺម៉ង់ខាងកើត និងអាល្លឺម៉ង់ខាងលិចត្រូវបានបង្រួបបង្រួមជា ប្រទេសតែមួយវិញមក ទីក្រុងបែរឡាំងបានដើរតួនាទីយ៉ាងសកម្មក្នុងសហភាពអឺរ៉ុប ក្នុងការសម្រេចបាននូវសន្ធិសញ្ញា Maastricht Treaty ក្នុងឆ្នាំ១៩៩២ និងសន្ធិសញ្ញា Lisbon Treaty ក្នុងឆ្នាំ២០០៧ និងជាសហស្ថាបនិកតំបន់ចាយប្រាក់អឺរ៉ូ ឬ Eurozone។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបត្រួសៗរបស់អាល្លឺម៉ង់៖

១៖ ទិដ្ឋភាពទូទៅ

* អាល្លឺម៉ង់មានឈ្មោះផ្លូវការថា៖ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

* មានរដ្ឋធានីឈ្មោះ៖ បែរឡាំង

* មានផ្ទៃដីសរុប៖ ៣៥៧,០២២គីឡូម៉ែត្រក្រឡា

* ​មានប្រជាជនសរុប៖ ៨៣.៦លាននាក់

* ភាសា៖ អាល្លឺម៉ង់

* អត្រាសង្ឃឹមរស់៖ មនុស្សប្រុស ៧៨ឆ្នាំ និងមនុស្សស្រី ៨៣ឆ្នាំ

* រូបិយប័ណ្ណ៖ អឺរ៉ូ

* មានព្រំទល់ជាប់៖ ប្រទេសអូទ្រីស បែលហ្ស៉ិក ឆែក ដាណឺម៉ាក បារាំង លុចសំបួរ ហូឡង់ ប៉ូឡូញ និងស្វ៉ីស

* សាសនា៖ រ៉ូមុំាងកាតូលិក (២៨ភាគរយ) ប្រូតេសស្ដង់ (២៦ភាគរយ) និងសាសនាផ្សេងទៀត (៤៦ភាគរយ)


២៖ មេដឹកនាំ

* ប្រមុខរដ្ឋ និងជាប្រធានាធិបតី៖ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ «Frank-Walter Steinmeier» (ចូលកាន់តំណែងនៅថ្ងៃ១៩ ខែមីនា ឆ្នាំ២០១៧ និងអាណត្តិទី២ នៅខែកុម្ភៈ ឆ្នាំ២០២២)។

* អធិការបតី៖ លោក អូឡាហ្វ សូលស៍ «Olaf Scholz» (មកពីគណបក្សសង្គមប្រជាធិបតេយ្យ «Social Democratic Party» និងចូលកាន់តំណែងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១)។

* រដ្ឋមន្ត្រីការបរទេស៖ លោកស្រី អាណាឡេណា បែរបុក «Annalena Baerbock» (មកពីគណបក្សបៃតង «Green Party» និងចូលកាន់តំណែងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១)។​

* រដ្ឋមន្ត្រីការពារជាតិ៖ លោក បូរីស ភីស្ទ័ររៀស (Boris Pistorius) (មកពីគណបក្សសង្គមប្រជាធិបតេយ្យ និងចូលកាន់តំណែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣)។

* របបនយោបាយ៖ សាធារណរដ្ឋសភាសហព័ន្ធ រីឯរដ្ឋាភិបាលសព្វថ្ងៃគឺជារដ្ឋាភិបាលចម្រុះ។

* បុណ្យជាតិ៖ ថ្ងៃទី៣ ខែតុលា (ឆ្នាំ១៩៩០ ដែលជាកាលបរិច្ឆេទដែលអាល្លឺម៉ង់ខាងកើត និងខាងលិចបង្រួបបង្រួមគ្នា)។


៣៖ សេដ្ឋកិច្ច (ឆ្នាំ២០២២)

* អាល្លឺម៉ង់មានផលិតផលនៅក្នុងស្រុកសរុប ឬ GDP ៤.២ទ្រីលានដុល្លារ (ធំជាងគេនៅក្នុងសហភាពអឺរ៉ុប និងជាប់លេខ៥ នៅលើពិភពលោក)។

* GDP​ ក្នុងម្នាក់ ៤៨,៨១០ដុល្លារ។

* កំណើន GDP ១.៩ភាគរយ។

ដោយឡែក បើគិតត្រឹមឆ្នាំ២០២១ ​GDP របស់អាល្លឺម៉ង់តាមវិស័យសំខាន់មាន៖ សេវាកម្ម (៦៩.៨ភាគរយ), ឧស្សាហកម្ម (២៣.៥ភាគរយ) និងកសិកម្ម (០.៩ភាគរយ)។


គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច) បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៦៧។ តែទំនាក់ទំនងរវាងប្រទេសទាំង២ ត្រូវបាន កាត់ផ្ដាច់នៅឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម ហើយនៅឆ្នាំ១៩៧៩ ទើបទំនាក់ទំនងការទូតរវាងកម្ពុជា និងអាល្លឺម៉ង់ត្រូវបានស្ដារឡើង​ តែនៅពេលនោះគឺជាមួយ អាល្លឺម៉ង់ខាងកើតវិញម្ដង។ រហូតដល់ឆ្នាំ១៩៩០ ទើបអាល្លឺម៉ង់ទាំង២ បានបង្រួមបង្រូមគ្នាជាប្រទេសអាល្លឺម៉ង់តែមួយ និងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩២ កម្ពុជា និងអាល្លឺម៉ង់ បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាពេញលេញ។ បច្ចុប្បន្ន លោក ស្ដេហ្វាន់ អាន់តុន ម៉េស៊ើរ័រ ( Stefan Anton MESSERER) ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំប្រទេសកម្ពុជា (ជូនសារតាំងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២)៕

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ


(វៀងច័ន្ទ, ឡាវ)៖ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។


មុនជំនួបពិភាក្សាការងារទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបាននាយករដ្ឋមន្ត្រីឡាវ រៀបចំពិធីបដិសណ្ឋារកិច្ចជាផ្លូវការ និងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅជាទីបំផុត។ ក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការនោះ មានការគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រមទាំងមានការត្រួតពល ដោយមានការប្រគុំភ្លេងត្រែទ័ព និងអមដោយកងកិត្តិយស។

ក្នុងពិធីបដិសណ្ឋារកិច្ចនោះ ក៏មានការស្វាគមន៍ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ឡាវ​ជាច្រើនរូបផងដែរ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការរួចរាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញពិភាក្សាការងារទ្វេភាគី ដោយមានការអញ្ជើញអម ពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរជាច្រើនរូបផងដែរ។

ជំនួបពិភាក្សាទ្វេភាគីនេះ នឹងមានការពិភាក្សាខ្ពស់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគី សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ។ ឯកសារទាំងពីរនោះរួមមាន ១៖ ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងទី២៖ ការចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញាស្តីពីការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

ក្រោយជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោក សន សៃ ស៊ីផាន់ដន នឹងធ្វើសន្និសីទព័ត៌មានរួមគ្នាបង្ហាញលទ្ធផលនៃជំនួបពិភាក្សា និងកិច្ចសហប្រតិបត្តិការទាំងឡាយ ដែលមេដឹកនាំទាំងពីរបានឯកភាពគ្នា៕


អាជ្ញាធរជាតិអប្សរាបើកសិក្ខាសាលាស្តីពី៖ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាបរិវេណនាយកដ្ឋានសណ្នាប់ធ្នាប់ បានរៀបចំសិក្ខាសាលាមួយស្តីអំពី៖ ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ ជូនដល់មន្រ្តី-បុគ្គលិក នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដើម្បីផ្សព្វផ្សាយ ណែនាំប្រព័ន្ធគ្រប់គ្រងបរិស្ថានតំបន់អង្គរ  ផ្សព្វផ្សាយគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា។ ផែនការ និងការងារគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ពីបញ្ហាប្រឈម និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ។ អញ្ជើញចូលរួមជាអធិបតី នាឱកាសនោះមាន ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយក រួមទាំងប្រធាននិងអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ មន្ត្រី-បុគ្គលិក អាជ្ញាធរជាតិអប្សរាចំនួនប្រមាណ៩០នាក់។

ឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍នាឱកាសនោះថា ព្រៃឈើនិងបរិស្ថាន មានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមចំណែក លើកតម្លៃបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថាព្រៃឈើ ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានភាពផ្សំ នៃសមាសភាពសំខាន់អំពីតម្លៃ នៃរមណីយដ្ឋានអង្គរ។ 

ឯកឧត្តមថា ដោយមើលឃើញអំពីសារៈសំខាន់របស់ព្រៃឈើ នៅក្នុងឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានបង្កើតនាយកដ្ឋានមួយឈ្មោះថា នាយកដ្ឋានគ្រប់គ្រងទឹកនិងព្រៃឈើ។ តាមរយៈនេះ កិច្ចការងារជាច្រើនពាក់ព័ន្ធ ជាមួយទឹក និងព្រៃឈើ ត្រូវបានស្រាវជ្រាវ គាស់កកាយ និងធ្វើឱ្យមានការរស់រានឡើងវិញ នូវប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ និងការធ្វើឱ្យមានកំណើននៃគំរបព្រៃឈើក្នុងរមណីយដ្ឋានអង្គរជាដើម។ ឯកឧត្តមបន្តថា ក្នុងមួយឆ្នាំៗ អាជ្ញាធរជាតិអប្សរា បានខិតខំយ៉ាងខ្លាំង ក្នុងការងារស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រអង្គរ និងការងារគ្រប់គ្របបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ ដូច្នេះកិច្ចការទាំងនេះមិនអាចខ្វះបានឡើយ ពីការចូលរួមបំពេញបន្ថែមរបស់ភាគីពាក់ព័ន្ធនានា ដើម្បីរក្សាបាននូវការឈរគង់វង្សរបស់ប្រាង្គប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមជម្រាបថា នៅក្នុងសិក្ខាសាលាស្តីពី៖ ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ ក៏មានការធ្វើបទបង្ហាញស្តីពី៖ ការទប់ស្កាត់បទល្មើសព្រៃឈើ បទបង្ហាញស្តីពី៖ ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងការផ្តល់ជូននូវសំណួរ-ចម្លើយ របស់សិក្ខាកាមដែលបានចូលរួមផង៕







អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាវិទ្យុវីអូឌីមិនព្រមប្រើពាក្យសុំទោសក្នុងលិខិតទី១ របស់ខ្លួន? កុំបន្តព្យាយាមធ្វើជាជនរងគ្រោះពីការរំលោភ និងក្បត់វិជ្ជាជីវៈរបស់ខ្លួន និងកុំស្រក់ទឹកភ្នែកក្រពើ


(ភ្នំពេញ)៖ ក្នុងរយៈពេលមិនដល់ ១២ ម៉ោងផង វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ដែលបានប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានកាតព្វកិច្ចធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន បានចេញលិខិតដល់ទៅពីរ៖ លិខិតទី១ បានប្រើប្រាស់ពាក្យ «សោកស្តាយនិងសូមអធ្យាស្រ័យប្រសិនបើមានកំហុសឆ្គង» ដែលមានន័យស្មើនឹងការគេចវេសមិនទទួលស្គាល់កំហុសវិជ្ជាជីវៈរបស់ខ្លួនហើយក៏មិនសុំទោសជាសាធារណៈដែរ ខណៈខ្លួនបានប្រព្រឹត្តកំហុសវិជ្ជាជីវៈច្បាស់ក្រឡែតទៅហើយ។


ការគេចវេសមិនទទួលស្គាល់កំហុសនិងសុំទោសជាសាធារណៈដើម្បីសងការខូចខាតកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលកម្ពុជានិងកិត្តិយសរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នេះហើយដែលធ្វើឱ្យវិទ្យុវីអូឌីនេះត្រូវបង់ថ្លៃខាតដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសម្រេចឱ្យក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណរបស់វិទ្យុវីអូឌី។ នៅម៉ោង១២ រំលងអាធ្រាត នៃថ្ងៃទី១៣ ខែកុម្ភៈ វិទ្យុវីអូឌី បានចេញលិខិតទី២ ដោយប្រើ ពាក្យ «សុំទោស» ដើម្បីបំពេញកាតព្វកិច្ចតាមច្បាប់ស្តីពីសារ ព័ត៌មានដែលពាក្យនេះគួរតែប្រើនៅក្នុងលិខិតទី១ ហើយអាច សង្គ្រោះវិទ្យុនេះបាន។ ប៉ុន្តែថ្នាក់ដឹកនាំនៃវិទ្យុវីអូឌីមិនបានប្រើ ឱកាសដែលបានផ្តល់ឱ្យដោយសម្តេចតេជោក្នុងការសុំទោស ជាសាធារណៈនោះទេ បែរជាខិតខំគេចវេសទៅវិញ។ ហេតុអ្វីបានជាវិទ្យុវីអូឌីមិនប្រើពាក្យសុំទោសនៅក្នុងលិខិតទី១?

បន្ទាប់ពីបានជួបពិភាក្សាជាមួយមន្ត្រីក្រសួងព័ត៌មាន វិទ្យុវីអូឌី បានប្រកាសថាខ្លួននឹងដាក់លិខិតជូនសម្តេចនាយករដ្ឋមន្ត្រីនៅ ល្ងាចថ្ងៃទី១២ ខែកុម្ភៈ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល ខ្លឹមសារលិខិតនោះ វិទ្យុវីអូឌីនៅតែប្រកាន់នូវគោលជំហរខែងរ៉ែង មិនទទួលស្គាល់ថាបានរំលោភបំពានវិជ្ជាជីវៈសារព័ត៌មានឡើយ និងបានត្រឹមប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យប៉ុណ្ណោះ។ ប្រភពពីបុគ្គលិកវិទ្យុវីអូឌីបានបង្ហើបឱ្យដឹងថា ថ្នាក់ដឹកនាំរបស់វិទ្យុនេះរួមមានឈ្មោះ ឆន សុគន្ធា និងអ៉ិត សូធឿត មិនមានស្វ័យភាពលើការសម្រេចចិត្តដោយខ្លួនឯងទេ ប៉ុន្តែពួកគេបានធ្វើតាមការណែនាំផ្តល់យោបល់ពីស្ថានទូតបរទេសដែលជាម្ចាស់ជំនួយ និងជនបរទេសមួយចំនួន។

ពួកគេបានផ្តល់យោបល់មិនត្រូវពាក្យសុំទោសទេព្រោះនឹងធ្វើឱ្យប៉ះពាល់ដល់កឹរ្តិ៍ឈ្មោះវិទ្យុ និងបង្ហាញពីភាពគ្មានវិជ្ជាជីវៈរបស់វិទ្យុបិតប្រាកដមែន។ ហេតុ ដូច្នេះហើយបានជាក្នុងលិខិតទី១ របស់ខ្លួន ពាក្យថា សុំទោស មិនមាននៅក្នុងលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ឡើយ។ នេះគឺជាមេរៀនមួយសម្រាប់បងប្អូនជនជាតិខ្មែរដែល ស៊ីប្រាក់ខែបរទេស បម្រើរបៀបវារពនយោបាយបរទេស។ អ្វីៗត្រូវដើរតាមបន្ទាត់នយោបាយដែលគេកំណត់តាមលុយជំនួយដែលគេផ្តល់ឱ្យ គ្មានឥស្សរភាព និងស្វ័យភាពឡើយ។

យោងតាមអង្គហេតុនិងអង្គច្បាប់ដែលកើតឡើង វិទ្យុវីអូឌីនិងអ្នកសារព័ត៌មានរបស់ខ្លួនបានប្រព្រឹត្តកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរបំផុត ហើយទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ឱកាសឱ្យក្នុងការអនុវត្តតាមក្រមសីលធម៌ និងច្បាប់ជាធរមានតែពួកគេនៅតែបំពាន ដោយមិនបានទាំងបង្ហាញភស្តុតាងដែលបានចោទប្រកាន់ហើយ ក៏មិនបានការកែតម្រូវលើអត្ថបទដែលខ្លួនបានផ្សព្វផ្សាយដោយបំភ្លៃ និងមិនធ្វើការសុំទោសថែមទៀត។

បើពិនិត្យលើអត្ថបទដែលវិទ្យុនេះបានផ្សាយដោយមួលបង្កាច់ថាឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចតេជោ នាយករដ្ឋមន្ត្រីផ្តល់ជំនួយដល់ប្រទេសតួកគី គឺវិទ្យុវីអូឌីបានរំលោភយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៖ វិទ្យុ VOD ពិតជាមានកំហុសវិជ្ជាជីវៈ ដែលមិនបានផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ថា តើមានលិខិតដែលឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខា ពិតប្រាកដឬទេមុននឹងផ្សាយ? អ្នកសារព័ត៌មានត្រូវស្វែងរកនិងរាយការណ៍ព័ត៌មានពិតដោយ៖ (១)ការសរសេរ ការនិយាយ និងការផ្សព្វផ្សាយទាំងឡាយរបស់អ្នកសារព័ត៌មានត្រូវឈរលើការពិត និងភាពត្រឹមត្រូវ។ (២) ប្រើវិធីដោយ សុច្ចរិតដើម្បីរកដំណឹង រូបថត និងឯកសារផ្សេងៗដើម្បីចុះផ្សាយ។ (៣) ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឡើងវិញ មុននឹងធ្វើការផ្សព្វផ្សាយ ដើម្បីបញ្ជាក់ពីការពិត និងភាពច្បាស់លាស់នៃហេតុការណ៍។ (៤) ត្រូវផ្សាយតែ ព័ត៌មានណាពិត ឥតលម្អៀង និងច្បាស់លាស់ដើម្បីកុំឱ្យសាធារណជនយល់ច្រឡំ។ (៥) អ្នកសារព័ត៌មាន ត្រូវទទួលខុសត្រូវចំពោះរាល់ការផ្សព្វផ្សាយដែលខុសពីការពិត ហើយត្រូវចុះផ្សាយកែតម្រូវដោយអនុលោម តាមច្បាប់ស្តីពីរបបសារព័ត៌មាន។ (៦) ត្រូវរាយការណ៍តែហេតុការណ៍ណាដែលខ្លួនបានឃើញ និងបានដឹងពីប្រភពច្បាស់លាស់ ហើយផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ។

ចំពោះការផ្សាយព័ត៌មានបំភ្លៃនេះត្រូវបានស្នើសុំពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត ឱ្យវិទ្យុវីអូឌីកែតម្រូវ និងការផ្តល់ពេលរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យវិទ្យុនេះកែតម្រូវនិងសុំទោសជាសាធារណៈដើម្បីស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា គឺជាសិទ្ធិស្របច្បាប់របស់បុគ្គលដែលរងផលប៉ះពាល់ពីអត្ថបទដែលបានផ្សព្វផ្សាយ។

យោងតាមមាត្រា ១០ នៃច្បាប់ស្តីពីរបបសារព័ត៌មានចែងថា៖ «(ក) ជនណាមួយដែលយល់ថា អត្ថបទណាមួយ ទោះបីជាសរសេរបញ្ជិតបញ្ជៀងក៏ដោយ រូបគំនូរ ឬរូបថតនៃសារព័ត៌មានណាមួយដែលខុសពីការពិត ធ្វើឱ្យខូចខាតដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន មានសិទ្ធិទាមទារឱ្យសារព័ត៌មាន នោះធ្វើការកែតម្រូវ និងមានសិទ្ធិឆ្លើយតប និងធ្វើពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍  ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន។ (ខ) ចំពោះករណីពាក់ព័ន្ធនឹងបុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬយកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គលសាធារណៈនោះ គឺជាការ មួលបង្កាច់ដែលច្បាប់ហាមឃាត់»។

នេះគឺជាការធ្វេសប្រហែសក្នុងវិជ្ជាជីវៈសារព័ត៌មានរបស់អ្នកកាសែតរបស់វិទ្យុ VOD ដែលមិនយកចិត្តទុកដាក់លើការបញ្ជាក់ប្រភពផ្សេងៗ មុននឹងចុះផ្សាយដោយផ្ទាល់ ឬយកប្រភពព័ត៌មាននេះទៅផ្សព្វផ្សាយបន្ត។ មិនតែប៉ុណ្ណោះដោយឈរលើប្រភពព័ត៌មានមិនច្បាស់លាស់នេះ អ្នកកាសែតបានពន្លាតរឿងរ៉ាវផ្សេងៗក្រោមឥទ្ធិពលនៃនិន្នាការនយោបាយដែលស្វែងរកតែចំណុចអវិជ្ជមានរបស់មន្ត្រីរាជរដ្ឋាភិបាលដើម្បីវាយប្រហារនិងរិះគន់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលផង និងរបស់ស្ថាប័នជាតិផង។

នេះគឺជាការទទួលខុសត្រូវទាំងស្រុងរបស់ស្ថាប័នវិទ្យុនេះ និងអ្នកសារព័ត៌មានផ្ទាល់ ដែលពួកគេត្រូវធ្វើការកែតម្រូវអនុលោមតាមច្បាប់។ ប៉ុន្តែទោះបីជាសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសពេញលេញក្នុងការកែតម្រូវ និងសុំទោស វិទ្យុវីអូឌី មិនបានបំពេញកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីសារព័ត៌មានឱ្យបានត្រឹមត្រូវឡើយ ថែមទាំងព្យាយាមក្នុងការទម្លាក់កំហុសទៅអ្នកដទៃ និង គេចវេសមិនប្រើពាក្យសុំទោស តែប្រើពាក្យសោកស្តាយ និងអធ្យាស្រ័យ តាមការផ្តល់ប្រឹក្សារបស់ស្ថានទូតបរទេសដែលគឹចមិនព្រមសុំទោស។

ក្នុងកិច្ចខិតខំប្រឹងប្រែងប្រស់ខ្មោចឱ្យរស់ ឡើងវិញ ទើបថ្នាក់ដឹកនាំនៃវិទ្យុវីអូឌីដែលទទួលលុយជំនួយពីបរទេសដើម្បីផលិតព័ត៌មាននិងធ្វើសកម្មភាពផ្សេងៗទៀត បានចេញលិខិតលើកទី២ ដោយបានចេញមុខសុំទោសទៅ សម្តេចប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលមិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយជំនួសសម្តេចតេជោ ហ៊ុន សែន ដូចការផ្សាយបំភ្លៃរបស់វិទ្យុវីអូឌីឡើយ។ លិខិតទី២ ដែលយោងតាមសំណេរឈ្មោះ ណុប វី អតីតបុគ្គលិកវិទ្យុវីអូឌី និងបច្ចុប្បន្នជានាយកប្រតិបត្តិសមាគម អ្នកកាសែតកម្ពុជា (Camboja) សរសេរលើហ្វេសប៊ុកសម្តេចតេជោថា «វិទ្យុវីអូឌីបានចេញលិខិតមួយទៀតសុំទោសដោយសុទ្ធចិត្ត»។ បើយោងតាមសំណេរនេះ មានន័យថាលិខិតចេញលើកទី១ មិនបានសុំទោសដោយសុទ្ធចិត្តទេ បង្កប់ដោយពិសពុល និងល្បិចកលមិនព្រមទទួលស្គាល់កំហុស។ តែបន្ទាប់ពីបានឃើញក្តារម្ឈួុសហើយ ក៏ចាប់ផ្តើមស្រក់ទឹកភ្នែក ទទួលស្គាល់កំហុស។

តែទោះបីជាវិទ្យុវីអូឌី និងបក្ខពួករបស់ខ្លួនខិតខំធ្វើជាជនរងគ្រោះ ក៏មិនមានប្រសិទ្ធភាពឡើយព្រោះការសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល គឺមិនអាចវិលត្រឡប់ក្រោយវិញបានឡើយ ព្រោះពេលវេលាដែលបានផ្តល់ជូនវិទ្យុនេះដើម្បីកែប្រែកំហុស ទទួលស្គាល់ការពិត និងសុំទោសចំពោះកំហុសដែលពួកគេបានប្រព្រឹត្ត បានអស់ពេលបាត់ទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា សម្ដេចមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីឡើយ។ សម្ដេចបានលើកជាសំណួរថាហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ?

សម្ដេចតេជោហ៊ុនសែនព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣​សរសេរ​ថា៖ «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។តើឈឺណាស់ទៅឬក្រោយត្រូវមួយកំផ្លៀង? មុនត្រូវមួយកំផ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំផ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។ ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ»។

សម្រាប់បងប្អូនដែល​បាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឱ្យបងប្អូនបាត់បង់ការងារធ្វើ»។ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណសារព័ត៌មាន VOD គឺដើម្បីបំបាត់វិទ្យុមិនគោរពក្រមសីលធម៌វិជ្ជាជីវៈនិងជួយពង្រឹងដល់ការអនុវត្តច្បាប់វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ហើយក៏មិនត្រូវបកស្រាយថាជាការរំលោភច្បាប់ និងការបិទសិទ្ធិសេរីភាពសារព័ត៌មានដែរ នោះគឺមកពីការប្រព្រឹត្តកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរម្តងហើយម្តងទៀត មានឱកាស តែមិនបានប្រើឱកាសឱ្យមានប្រយោជន៍ និងជឿលើជនបរទេស និងធ្វើតាមជនបរទេស ហើយចុងក្រោយ គឺ «ហួសពេលទៅហើយ» «ខ្មោចស្លាប់ហើយមិនអាចប្រស់ឱ្យរស់ឡើងវិញឡើយ» និងកុំបន្តព្យាយាមធ្វើជាជនរងគ្រោះពីការរំលោភនិងក្បត់វិជ្ជាជីវៈរបស់ខ្លួន និងកុំស្រក់ទឹកភ្នែកក្រពើ៕


ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣