Monday, March 07, 2016

ក្រុម​ជំនួយការ​សម្តេច​តេជោ នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ នៅខេត្ត​កំពង់​ឆ្នាំង

ការចុះចែកអំណោយស្បៀងសប្បុរសធម៌សម្តេចតេជោ គឺជា បេសកកម្មរបស់ "ក្រុមជំនួយការសម្តេចតេជោ ហ៊ុន សែន  ដែលប្រព្រឹត្តិទៅរៀងរាល់សប្តាហ៍ ក្នុងគោលបំណងចែកជូនប្រជាពលរដ្ឋទីទ័លក្រនៅមូលដ្ឋាន ហើយក៏ត្រូវបានប្រើប្រាស់ជាឱកាសផ្ទាល់សម្រាប់ "ក្រុមជំនួយការសម្តេចតេជោ" ស្វែងយល់ដឹងពីស្ថានភាពពិត នៃសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋានលើគ្រប់វិស័យ។
នេះជាវិធីសាស្ត្រនៃការស្ទង់មតិដ៏សំខាន់ ក្នុងការទទួលបានព័ត៌មានពិតនៅមូលដ្ឋាននីមួយៗសម្រាប់ទ្រទ្រង់កិច្ចការនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតឃុំ-សង្កាត់ ២០១៧។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ "ក្រុមជំនួយការសម្តេចតេជោ" ដឹកនាំដោយលោក ឈឹម ផលវរៈរិទ្ធ អមដំណើរជាមួយដោយលោក ម៉ុក ច័ន្ទវាសនា សហការជាមួយលោក ម៉ែន សុវណ្ណ ភ្នាក់ងារស្ម័គ្រចិត្តរបស់ "ក្រុមជំនួយការដើម្បីប្រជាជន" ប្រចាំខេត្តកំពង់ឆ្នាំង បានចុះទៅសួរ សុខទុក្ខប្រជាពលរដ្ឋនៅឃុំពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដោយនាំយកមកជាមួយនូវស្បៀងសប្បុរសធម៌សម្តេចតេជោ ចែកជូនគ្រួសារទីទ័លក្រចំនួន១២គ្រួសារ មាន៖ ចាស់ជរា, មេម៉ាយ និងអតីតយុទ្ធជន មកពីភូមិកែវឡាត, ភូមិអូរ, ភូមិពន្លៃ និងភូមិជើងខ្នារ ដែលក្នុង១ គ្រួសារៗទទួលបាន ៖ អង្ករ ១០គីឡូក្រាម, មីយើង ១កេស, ទឹកស៊ីអ៊ីវ៦ដប និងទឹកត្រី៣ដប។
ប្រជាពលរដ្ឋមូលដ្ឋាន គាត់សប្បាយចិត្ត និងថ្លែងអំណរគុណដល់សម្តេចតេជោ ដោយបញ្ជាក់ប្រាប់ថា ពួកគាត់ពុំដែលមានវាសនាបានទទួលអំណោយម្តងណាទេកន្លងមក។ ពីធីសំណេះសំណាល បានប្រព្រឹត្តទៅរយៈពេលមិនលើសពី ៤៥នាទីទេ ដែលក្នុងឱកាសនោះ លោក ឈឹម ផលវរៈរិទ្ធ ជំនួយការសម្តេចតេជោ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ដោយលោកបានលើកឡើងថា សម្តេចជារដ្ឋបុរស មានព្រហ្មវិហារធម៌ ប្រកបដោយទឹកចិត្តស្រឡាញ់ប្រជាជន និងតែងតែគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋ និងបានបញ្ជាក់ថាសមិទ្ធផល ដ៏មហាសាលដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចជូនជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព។ ដើម្បីគុណតម្លៃនេះ សម្តេចតេជោសែន បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់និន្នាការ ត្រូវរួមគ្នាការពារថែរក្សាសន្តិភាពនេះឲ្យឋិតឋេរ ពោលគឺ ប្រជាជាតិយើង ត្រូវដើរចៀសឲ្យឆ្ងាយពីគន្លងអតីតកាល ជាពិសេស កុំជឿតាមការញុះញង់អុចអាល បញ្ឆេះកំហឹងផ្ទៃក្នុងប្រជាជាតិខ្មែរ ពីសំណាក់ក្រុមឃោសនានយោបាយបែបទុច្ចរិត។
ជាការពិត កម្ពុជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស តែមិនអាចអនុញ្ញាតឲ្យជនណា ឬក្រុមណាមួយជ្រកកោន ដើម្បីបំផ្លាញសន្តិភាពជាតិយើងបានជាដាច់ខាត។ ផ្អែកលើមូលដ្ឋានសន្តិភាព កម្ពុជាមានឱកាសកសាងប្រទេសជាជំហានៗ ឆ្ពោះទៅវឌ្ឍនភាព និងសុខដុមរមនាចៀសផុតពីគ្រោះថ្នាក់ និងមហន្តរាយនៃសង្គ្រាមជាថ្មីម្តងទៀត។
ម៉្យាងវិញទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ យើងគ្រប់គ្នា ត្រូវរួមគ្នាកសាងសង្គមមួយមានការគោរពគ្នាទៅវិញទៅមក ដែលជាកត្តាគន្លឹះមួយក្នុងការធានាដល់សន្តិភាព ដោយបដិសេធចំពោះឥរិយាបទបែប "នាម៉ឺននិយម និងស្តេចត្រាញ់និយម" ដែលជាដើមចមនាំឲ្យមានគម្លាតរវាង "រាស្ត្រ និង មន្ត្រីរដ្ឋ" ដែលជាឥរិយាបទផ្ទុយពីវត្ថុបំណងពិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ប្រជាពលរដ្ឋ បានសម្តែងការគាំទ្រ និងសង្ឃឹមថា គោលនយោបាយនេះ នឹងធ្វើឲ្យពួកគាត់អាចចាកផុតពីការធ្វើទុក្ខបុកម្នេញពីសំណាក់ "បុគ្គល" អាជ្ញាធរថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា ការសំណេះសំណាលនេះ ប្រព្រឹត្តទៅប្រកបដោយភាពល្អូកល្អឺន រីករាយទំនុកចិត្ត និងមានភាពស្និតស្នាលស្មើមុខគ្នា ដោយគ្មានឥរិយាបទក្រអឺតក្រទម។ បរិយាកាសនេះ បានផ្តល់នូវការយល់ចិត្តគ្នា ហើយប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីស្រឡាញ់ចំពោះសម្តេចតេជោ ហ៊ុន សែន។ បេសកកម្មរបស់ក្រុមជំនួយការសម្តេចតេជោ បានប្រកាន់យកនូវគំរូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងភាពស្និតស្នាល និងសមញ្ញជាមួយមហាជន ប្រកបដោយលក្ខណៈជាភាតរៈ រួមរស់ក្នុងសហគមន៍ជាតិកម្ពុជាតែមួយ ដោយមិនប្រកាន់ពណ៌សម្បុរនយោបាយ។ បេសកកម្មរបស់យើង គឺផ្តោតសំខាន់លើការលើកស្ទួយនូវការយល់អំពីសេចក្តីស្រឡាញ់ រវាងសម្តេចនាយករដ្ឋមន្ត្រី និងប្រជាជនមូលដ្ឋាន ព្រមទាំងក្នុងគោលដៅពង្រឹងទំនាក់ទំនងជិតស្និតរវាងប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ស្របតាមគំរូដ៏ប្រពៃរិ៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល៕






សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ពិតជា​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ដែលបានបង្ហោះផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦។

នៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០១៦ ដែលធ្វើឡើងដោយមានកិច្ចសហការរវាងវិទ្យាស្ថានCDRI និង ធនាគារ ANZ Royal  សហការឧបត្ថមដោយ ក្រុមហ៊ុនធានារ៉ាប់រង Manulife ព្រមទាំងមានការចូលរួមពីវាគ្មិនកិត្តិយស មកពីស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកនយោបាយមួយចំនួនដែលមានជំនាញឯកទេសផ្នែកសេដ្ឋកិច្ច។ សន្និសីទនេះសំដៅជំរុញការងារអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅមុខ ដោយរកដំណោះស្រាយលើការពង្រឹង និងពង្រីកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងតភ្ជាប់ទៅក្នុងតំបន់ដើម្បីសម្រួលដល់ការដឹកជញ្ជូនឡូជីស្ទីក (Logistics) អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមស្តង់ដារ។

សន្និសីទនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅតាមយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក និងភ្លើងដែលក្នុងនោះ គឺរួមបញ្ចូលនូវដំណោះស្រាយល្អលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១ - ការពង្រឹងនិងពង្រីកផ្លូវជាតិ និងអន្តរជាតិតភ្ជាប់ទៅបណ្តាប្រទេសជិតខាង
២- ពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹក
៣- ការបង្កើន និងពង្រីកផ្លូវដែកបន្ថែមទៀត
៤ - ការអភិវឌ្ឍន៍កំពង់ផែសមុទ្រ និងកំពង់ផែទន្លេ
៥- ការបញ្ចុះតំលៃអគ្គីសនី និង
៦ - ការកាត់បន្ថយការចំណាយ ឡូជីស្ទីក (Logistic)

តាមរយៈសន្និសីទនេះ គឺពិតជាបានផ្តល់នូវដំណោះស្រាយល្អៗជាច្រើនដើម្បីធ្វើអោយកាន់តែប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូ (Logistic)សំរាប់ការប្រកួតប្រជែងនិងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា និងទាំងក្នុងកម្រិតតំបន់ និងពិភពលោក៕