Tuesday, August 02, 2022

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយសមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម ចូលជួបសំដែងការគួរសម


នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា ចូលជួបសំដែងការគួរសម។ 



លោកជំទាវ ង្វៀន ធីថាញ់ មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញា្យរូមលោកជំទាវ និងគណៈប្រតិភូទាំងអស់ អញ្ជើញចូលជួបសំដែងការគួរសម។ លោកជំទាវមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់ប្រទេសកម្ពុជា ហើយអ្វីដែលជាការចាប់អារម្មណ៍របស់លោកជំទាវ គឺការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុត គឺការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា។

លោកជំទាវមានប្រសាសន៍ អបអរសាទរចំពោះទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ដោយ សារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងខួបលើកទី៤៥ ដែលការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនឹងឈានចូលមកដល់នៅឆ្នាំ២០២៣។ 

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកជំទាវ ង្វៀន ធីថាញ់ និងគណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។ សម្តេចតេជោបន្តថា ប្រទេសទាំងពីរកម្ពុជា វៀតណាម បានធ្វើការជាមួយគ្នាលើក្របខណ្ឌជាច្រើន រួមទាំងក្នុងក្របខណ្ឌរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សភានិងសភា រហូតដល់អង្គការមហាជន។ សម្តេចតេជោបានគូសបញ្ជាក់ពីតួនាទីសំខាន់ របស់អង្គការមហាជន ក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោមានប្រសាសន៍ អបអរសាទរជូនចំពោះ លោកជំទាវ ង្វៀន ធីថាញ់ ដែលត្រូវបានតែងតាំងជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា។ សម្តេចតេជោបន្តថា សម្តេចបានធ្វើការជាមួយសមាគមមិត្តភាពវៀតណាម កម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្វីដែលសំខាន់ថែមទៀតនោះ គឺយើងត្រូវបន្តថែរក្សាតួនាទី និងទំនាក់ទំនងល្អលើនយោបាយការបរទេស ដែលមិត្តភាព សាមគ្គីភាពរបស់ប្រទេសទាំងពីរ គឺមិនអាចបំបែកបំបាក់បានឡើយ ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ 

សម្តេចតេជោបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចំរើនរបស់ប្រទេសវៀតណាម ហើយដែលការរីកចំរើនរបស់វៀតណាម គឺពិតជាមានរួមចំណែកជួយដល់ការរីកចំរើនរបស់កម្ពុជាផងដែរ។ ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កម្ពុជាបានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិ បត្តិការលើវិស័យផ្សេងៗទៀត រួមទាំងវិស័យថាមពល។ វៀតណាមជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសផលនាំចេញពីកម្ពុជា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ។ សម្តេចតេជោបានស្នើដល់សមាគមមិត្តភាពវៀតណាម កម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេសវៀតណាម។  សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងកូវីដ-១៩របស់ប្រទេសវៀតណាម យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាតំបន់អសន្តិសុខ ក្លាយទៅជាតំបន់ព្រំដែន សន្តិភាព មានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរីកចំរើន ទេស ចរណ៍ អប់រំ វប្បធម៌  ពិសេសការធ្វើដំណើរចេញចូលរកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។ 

ទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាពនៃប្រទេសទាំងពីរ លោកជំទាវ ង្វៀន ធីថាញ់ មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា សមាគមទាំងពីរបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ដើម្បីពង្រីសកម្មភាពដើម្បីឲ្យសមាគមនេះ បន្ត សកម្មភាពច្រើនជាមុន និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពិសេសរវាងប្រជាជន និងប្រជាជន ពិសេសលោកជំទាវមានការសប្បាយរីករាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ លោកជំទាវ ម៉ែន សំអន ក្នុងការជំរុញដំណើរការរបស់សមាគមទាំងពីរ ឲ្យកាន់តែបោះជំហានទៅមុខ។ 

លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសឆ្នាំ២០២២នេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ដែលនិងចូលរួមលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក៕











វិភាគអន្តរជាតិ៖ តើអាមេរិក និងចិន ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមតៃវ៉ាន់ ឬ?



(វ៉ាស៊ីនតោន)៖ ផែនការនៃដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ បាន និងកំពុងបង្កឱ្យមាន ភាពតាននឹងយ៉ាងខ្លាំងនៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់ លាយឡំជាមួយនឹងពាក្យព្រមានដាក់គ្នាទៅវិញទៅមករវាងយោធាចិន និងយោធាអាមេរិក។ មកទល់នឹងម៉ោងនេះ គេមិនទាន់ស្ដាប់លឺចេញពីមាត់ផ្ទាល់របស់លោកស្រី ផេឡូស៊ី ថា តើលោកស្រីនឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែរឬក៏យ៉ាងណាឡើយ?

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដូចជា CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា លោកស្រីប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅដល់ទីក្រុងតៃប៉ិ នៅយប់ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២នេះ។

ប្រសិនបើដំណើរទស្សនកិច្ចខាងលើពិតជាកើតឡើងមែន នោះលោកស្រី ផេឡូស៊ី នឹងក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបានបំពេញទស្សនកិច្ច នៅតៃវ៉ាន់ ក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ។ កាលពីឆ្នាំ១៩៩៧ អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ញូ ហ្គីនគ្រីស (Newt Gingrich) បានបំពេញទស្សនកិច្ច នៅតៃវ៉ាន់ ហើយនៅពេលនោះលោកថែមទាំងព្រមានថ្នាក់ដឹកនាំចិនត្រង់ៗថា សហរដ្ឋអាមេរិកអាចនឹងធ្វើអន្តរាគមន៍យោធា បើចិនវាយប្រហារលើតៃវ៉ាន់ទៀតផង។ នៅកាលណោះ ចិនបានត្រឹមតែទប់កំហឹង ហើយបានត្រឹមតែរិះគន់លើលោក ហ្គីនគ្រីស តែប៉ុណ្ណោះ។

ប៉ុន្តែ ចិនឥលូវមិនមែនជាចិនកាលពី២៥ឆ្នាំមុនឡើយ ហើយក៏មិនមែនជាចិនអ្នកជំងឺអាស៊ីទៀតនោះដែរ។ នៅលើកនេះចិនដែលបច្ចុប្បន្នជាមហាអំណាចយោធាលេខ៣ នៅលើកពិភពលោក បានព្រមានត្រង់ៗថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្នុងនោះរួមមានទាំងយោធាផងដែរ ដែលការព្រមាននេះបាន និងកំពុងបង្កឱ្យមានការ ព្រួយបារម្ភផ្សេងៗគ្នានៅក្នុងចំណោមអ្នកវិភាគ ដោយអ្នកខ្លះថាដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី អាចនឹងបង្កទៅជាសង្រ្គាម ឬវិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី៤ រីឯអ្នកខ្លះទៀតថានឹងមិនអាចផ្ទុះសង្រ្គាមឡើយ។

ស្ថានការណ៍សព្វថ្ងៃមានភាពខុសគ្នាស្រឡះ។ ម្យ៉ាងនៅពេលនោះ ចិនមានយោធាទន់ខ្សោយនៅឡើយ ហើយម្យ៉ាងទៀតគម្រោងនៃដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ដែលជាអ្នកនយោបាយអាមេរិកម្នាក់ប្រឆាំងចិន កើតមានឡើងនៅចំពេលដែលថ្នាក់ដឹកនាំចិនមើលឃើញថា សហរដ្ឋអាមេរិកកំពុងដើរចេញកាន់តែឆ្ងាយពី គោលនយោបាយចិនតែមួយ តាមរយៈការបញ្ជូនមន្ត្រី និងអតីតមន្ត្រីរបស់ខ្លួនមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់។ តួយ៉ាងសូម្បីតែលោក បៃដិនផ្ទាល់ចាប់ឡើង កាន់តំណែងជាប្រធានាធិបតីមក ធ្លាប់បានលើកឡើងដល់ទៅ ៣ដងថា សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាការពារតៃវ៉ាន់ រីឯ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានជំរុញត្រង់ៗឱ្យអាមេរិកគាំទ្រឯករាជ្យភាពតៃវ៉ាន់។

មិនតែប៉ុណ្ណោះ ក៏ធ្លាប់មានដែរការបែកធ្លាយព័ត៌មានថា យោធាអាមេរិកមានវត្តមាននៅលើទឹកដីតៃវ៉ាន់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីបណ្ដុះបណ្ដាលយោធាតៃវ៉ាន់។ ទាំងនេះសុទ្ធតែជាសកម្មភាពដែលចិនអាចបកប្រែថាជា «ការឆ្លងបន្ទាត់ក្រហម» ពាក់ព័ន្ធនឹងតៃវ៉ាន់។ កាន់តែសំខាន់ជាងនេះទៅទៀត លោក Gingrich ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់កាលពីឆ្នាំ១៩៩៧ គឺជាប្រធានសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណរដ្ឋ តែរដ្ឋាភិបាលអាមេរិកដឹកនាំ ដោយអតីតប្រធានាធិបតី លោក ប៊ីល គ្លីនតុន មកពីគណបក្សប្រធិបតេយ្យ។ ប៉ុន្តែសព្វថ្ងៃទាំងលោកស្រី ផេឡូស៊ី និងលោក ចូ បៃដិន សុទ្ធតែជាមនុស្សក្នុងបក្សប្រជាធិបតេយ្យ ម្លោះហើយថ្នាក់ដឹកនាំចិនប្រហែលជាគិតថា គម្រោងទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ជាការឆ្លុះបញ្ចំងពីគោលនយោបាយសេតវិមានចំពោះចិន។

ដូច្នេះហើយ ទើបអ្នកជំនាញភាគច្រើនយល់ថា ចិនអាចនឹងចាត់វិធានការធ្ងន់ធ្ងរមិនធ្លាប់មាន។ ប៉ុន្តែអ្វីដែលគេគួរដឹងនោះគឺថាតើចិន និងសហរដ្ឋអាមេរិកបានត្រៀមខ្លួន រួចរាល់សម្រាប់សង្រ្គាមនៅតៃវ៉ាន់ ហើយឬនៅ? ជាការពិតណាស់ ផ្អែកលើកម្លាំងយោធាសព្វថ្ងៃ សហរដ្ឋអាមេរិកនៅតែមានប្រៀបជាងចិន តែសង្រ្គាមជាមួយចិន ក៏មិនប្រាកដថាអាមេរិកអាចនឹងឈ្នះ១០០ភាគរយនោះដែរ ហើយបញ្ហាចម្បងគឺស្ថិតនៅត្រង់សម្ព័ន្ធមិត្តអាមេរិក។ នៅពេលដែលគេនិយាយពីការធ្វើសង្រ្គាមរបស់អាមេរិក គេអាចនឹកឃើញភ្លាមពីសម្ព័ន្ធមិត្តអាមេរិក។ ប៉ុន្តែខណៈពិភពលោកកំពុងខ្វល់នឹងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន រីឯប្រទេសនីមួយៗកំពុងជាប់ដៃដោះស្រាយវិបត្តិ នៅក្នុងស្រុករៀងៗខ្លួន សហរដ្ឋអាមេរិកនឹងមិនអាចស្វែងរកការគាំទ្រដោយងាយៗពីសម្ព័ន្ធមិត្តរបស់ខ្លួនទេ។ នៅត្រង់ចំណុចនេះ គេអាចលើកយកអូស្ត្រាលីមកធ្វើជា ឧទាហរណ៍មុនគេ។ ទោះជាអូស្ត្រាលី ដែលស្ថិតនៅចម្ងាយជិះយន្ដហោះ៩ម៉ោងពីតៃវ៉ាន់ តែងតែគាំទ្រសហរដ្ឋអាមេរិក គ្រប់ពេលក៏ដោយតែការស្ទង់មតិចេញផ្សាយដោយ វិទ្យាស្ថាន Lowy Institute បានរកឃើញថា ៥៧ភាគរយនៃប្រជាជនអូស្ត្រាលីចង់ឱ្យប្រទេសរបស់ពួកគេស្ថិតនៅអព្យាក្រឹត្យ បើសង្រ្គាមរវាងចិន និងអាមេរិកផ្ទុះឡើង។

ចំណែកឯ ជប៉ុនវិញដែលនៅជិតចិនដែរនោះ ក៏ធ្លាប់បានបង្ហាញក្ដីបារម្ភដែរពីការផ្ទុះសង្រ្គាមជាមួយចិន ខណៈសិង្ហបុរីអាចនឹងអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់ធនធានដែល មានស្រាប់នៅទឹកដីខ្លួន តែនឹងមិនអនុញ្ញាតឱ្យយោធារបស់ខ្លួនប្រឡូកចូលក្នុងសង្រ្គាមដោយផ្ទាល់ឡើយ ស្របពេលថ្នាក់ដឹកនាំសន្តិសុខជាតិក្នុង ប្រទេសកូរ៉េខាងត្បូង ក៏អាចនឹងប្រឆាំងនឹងការប្រើប្រាស់កងទ័ពអាមេរិកនៅលើទឹកដីរបស់ពួកគេនៅក្នុងសង្រ្គាមដើម្បីតៃវ៉ាន់ទេ។ ដូចគ្នាដែរ ឥណ្ឌាអាចនឹងនិយាយថា វាមិនមែនជាបញ្ហារបស់ខ្ញុំទេ ដូចគោលជំហរសព្វថ្ងៃចំពោះសង្រ្គាមរុស្ស៉ី និងអ៊ុយក្រែន ហើយហ្វីលីពីននៅក្រោមការគ្រប់គ្រងរបស់លោក Marcos នៅតែមានទំនោរទៅរកចិន ដូចលោក ឌូតើតេដែរ ស្របពេលថៃ និងឥណ្ឌូណេស៊ី ក៏កំពុងមានទំនាក់ទំនងល្អជាមួយចិន រីឯម៉ាឡេស៊ី តែងតែប្រកាន់យកជំហរមិនចូលបក្សសម្ព័ន្ធ។

ដោយឡែក បើនិយាយពីអឺរ៉ុបវិញ ជាពិសេសណាតូ កំពុងជាប់ដៃជួយអ៊ុយក្រែន ប្រយុទ្ធតតាំងជាមួយរុស្ស៉ី ដើម្បីសន្តិសុខរបស់ពួកគេនៅអឺរ៉ុប។ ម្លោះហើយពួកគេមុខជាជំទាស់ ឬប្រើគ្រប់លទ្ធភាពដើម្បីរារាំងកុំឱ្យសហរដ្ឋអាមេរិក ធ្វើសង្រ្គាមជាមួយចិន ពីព្រោះថា សង្រ្គាមជាមួយចិនផង និងជាមួយរស្ស៉ីផងក្នុងពេលតែមួយវាមិនមែនជាយុទ្ធសាស្រ្តល្អឡើយ។

សម្រាប់ចិនវិញ រឿងដែលសំខាន់គឺចិនដឹងច្បាស់ថា សព្វថ្ងៃយោធារបស់ខ្លួនមិនទាន់អាចតាមទាន់យោធាអាមេរិកឡើយ ហើយបើតាមលោក ស៊ី ជិនពីង កងទ័ពរំដោះប្រជាជនចិន (PLA) ត្រូវរង់ចាំរហូតដល់ឆ្នាំ២០៤៩ឯណោះ ដើម្បីក្លាយជាយោធាលំដាប់ពិភពលោក។ ប៉ុន្តែរឿងដែលពិបាកនៅឆ្នាំ២០៤៩ លោក ស៊ី នឹងមានអាយុជាង១០០ឆ្នាំ ហើយនិយាយឱ្យងាយស្ដាប់នោះគឺថា តើលោក ស៊ី អាចរង់ចាំដល់ពេលនោះទេ? ខណៈរូបលោកផ្ទាល់ធ្លាប់បានអះអាងថាការបង្រួបបង្រួម ជាមួយកោះតៃវ៉ាន់ មិនអាចផ្ទេរពីមួយជំនាន់ ទៅមួយជំនាន់ទៀតទៀត តែក៏មិនអាចពេលនេះដែរ។ បើតាមអតីតមេបញ្ជាការនៃទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក លោក ហ្វីលីប ដាវីដសុន (Philip Davidson) ចិននឹងមានសមត្ថភាពវាយយកតៃវ៉ាន់នៅឆ្នាំ២០២៧ ហើយក្រុមមន្ត្រីអាមេរិក និងតៃវ៉ាន់ក៏បានបង្ហាញក្ដី បារម្ភផងដែរថានៅឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ វានឹងក្លាយជាពេលវេលាដ៏គ្រោះថ្នាក់សម្រាប់តៃវ៉ាន់។

ចិនអាចទ្រាំបានអស់រយៈពេលរាប់សិបឆ្នាំមកហើយ ហេតុអ្វីចិនមិនអាចទ្រាំត្រឹមពេល ៦ ឬ៧ឆ្នាំទៀត។ អ្នកប្រាជ្ញាសង្រ្គាមចិន ស៊ុន អ៊ូ បាននិយាយថា «បើគ្មាន ប្រយោជន៍កុំចេញច្បាំង បើទ័ពមិនខ្លាំងកុំធ្វើសង្រ្គាម»។ ក្នុងពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក នៅតែជាមហាអំណាចយោធាលេខមួយនៅលើពិភពលោក និងនៅ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបើសង្រ្គាមផ្ទុះឡើងមែន ចិនទេ ដែលអាចនឹងប្រថុយបាត់បង់កោះតៃវ៉ាន់ខ្ពស់ជាងអាមេរិក។

បើតាមអ្នកជំនាញភាគច្រើន ចិនពិតជានឹងចាត់វិធានការឆ្លើយតបធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ តែ វិធានការទាំងនោះនឹងស្ថិតនៅក្រោមលក្ខខណ្ឌដែលអាចគ្រប់គ្រងស្ថានការណ៍បាន មិនឱ្យផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ វិធានការទាំងនោះ អាចនឹងធ្វើតេស្ដមីស៊ីល ការបញ្ជូនយន្ដហោះចម្បាំងឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ឬអាចបញ្ជូនយន្ដហោះចម្បាំងហោះចូលក្នុងដែនអាកាស តៃវ៉ាន់តែម្ដង ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៤៩មក។ សហរដ្ឋអាមេរិកអះអាងថា តំបន់ច្រកសមុទ្រតៃវ៉ាន់ជាដែនទឹកអន្តរជាតិ ដូច្នេះការបញ្ជូនយន្ដហោះចម្បាំង ឆ្លងកាត់ខែ្សបន្ទាត់កណ្ដាលដែលខណ្ឌចែករវាងចិន និងតៃវ៉ាន់ គឺជាសារមួយដែលចិនចង់ប្រាប់ពិភពលោកទាំងតៃវ៉ាន់ និងច្រកសមុទ្រតៃវ៉ាន់គឺកម្មសិទ្ធិផ្ដាច់របស់ ចិន ហើយចិនចង់ហោះចូល ឬធ្វើអ្វីតាមចិត្ត៕ ដោយ៖ Fresh News




ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់នូវអនុសាសន៍គន្លឹះចំនួន១១ចំណុច ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឲ្យកាន់តែទាក់ទាញភ្ញៀវទេសចរ



(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានផ្ដល់នូវអនុសាសន៍គន្លឹះចំនួន១១ចំណុច ក្នុងការអនុវត្ត ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


ការផ្ដល់នូវអនុសាសន៍គន្លឹះ របស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះ ឲ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

ពិធីនេះក៏មានចូលរួមដោយផ្ទាល់ ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ទ.ស. ព្រមទាំងការចូលរួមតាមរយៈវីដេអូ Zoom ពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាននៃ គ.អ.ទ.ស.។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជឿជាក់យ៉ាងមុតមាំថា ការដាក់ចេញនូវយន្តការអនុវត្តរបស់ គណៈកម្មការនេះនឹងជំរុញការអនុវត្ត «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ឲ្យបានសម្រេចជោគជ័យ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយតម្រូវឲ្យមានការចូលរួម ប្រកបដោយស្មារតីម្ចាស់ការ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ពីក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន សហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធ។

ក្នុងនាមប្រធាននៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍គន្លឹះ ដូចខាងក្រោម៖

ទី១៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំណុះឲ្យយន្តការនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ ត្រូវចូលរួមអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាឱកាស ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ការបូក សរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

ទី២៖ បន្តអភិវឌ្ឍកំពង់ផែចុងឃ្នាស ឲ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ និងត្រូវសិក្សារៀបចំប្លង់និងផែនការអភិវឌ្ឍន៍កំពង់ផែចុងឃ្នាស សម្រាប់រយៈពេលខ្លី មធ្យម និងវែង

ទី៣៖ ក្រសួងទេសចរណ៍ត្រូវសិក្សា, កំណត់ទីតាំង, និងអភិវឌ្ឍតំបន់ទេសចរណ៍សៀមរាបថ្មី

ទី៤៖ គណៈប្រតិបត្តិត្រូវរៀបចំគម្រោងថវិកា ដើម្បីអនុវត្តការងារសម្រាប់ ឆ្នាំ២០២២-២០២៣ ដើម្បីជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច

ទី៥៖ អនុគណៈកម្មការទាំង៥ ដែលទើបត្រូវបានបង្កើតឡើង ត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួន និងសហការជាមួយលេខាធិការដ្ឋាន ដើម្បីអនុវត្តផែនការសកម្មភាពរបស់ គណៈកម្មការគ្រប់គ្រង និង
អភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

ទី៦៖ លេខាធិការដ្ឋានត្រូវរៀបចំវគ្គបណ្តុះបណ្តាលអំពី «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ដល់ភាគីពាក់ព័ន្ធ ពិសេសអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក,
អាជ្ញាធរមូលដ្ឋាន, ផ្នែកឯកជន, និងសហគមន៍ពាក់ព័ន្ធ

ទី៧៖ អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ នៃគណៈប្រតិបត្តិ ត្រូវពិភាក្សា និងសហការជាមួយរដ្ឋបាលខេត្ត និងវិស័យឯកជនក្នុងខេត្តសៀមរាប ដើម្បីរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រ
ផ្សព្វផ្សាយ សម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបដោយឡែកមួយ ឲ្យបានរហ័សស្របតាមមាតិចង្អុលផ្លូវដែលបានកំណត់ក្នុង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

ទី៨៖ បន្តពង្រឹងលក្ខណសម្បត្តិរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈ៖

* ការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី, ជំរុញពិពិធកម្មគោលដៅ, ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ
នៅក្នុងតំបន់អាទិភាពទាំង ៦, និងជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល,
* ការពន្លឿនការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនសមត្ថភាពផ្ទុក សម្រាប់អ្នកដំណើរតាមផ្លូវអាកាសមកកាន់ខេត្តសៀមរាប,
* លើកទឹកចិត្តដល់ការបន្តខិតខំអភិវឌ្ឍក្រុងសៀមរាប និងតំបន់អាទិភាពទាំងអស់ជា «ក្រុងទេសចរណ៍ឆ្លាត» និង «គោលដៅទេសចរណ៍ឆ្លាត» និង
* រដ្ឋបាលខេត្តសៀមរាប ត្រូវរៀបចំសណ្តាប់ធ្នាប់, សម្អាត និងថែរក្សាអនាម័យ ក្នុងក្រុង, ទីប្រជុំជន និងតាមគោលដៅទេសចរណ៍ ឲ្យបានល្អប្រសើរ ។

ទី៩៖ បន្តពង្រឹងគុណភាព និងវិសាលភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិត នៅខេត្តសៀមរាប ពិសេសនៅតាមតំបន់អាទិភាព និងគោលដៅទេសចរណ៍ដាច់ស្រយាល ដើម្បីជំរុញរំហូរទេសចរជាតិ
និងទាក់ទាញទេសចរអន្តរជាតិបន្ថែម

ទី១០៖ គ្រឹះស្ថានអង្គរ ត្រូវបន្តសិក្សា និងដាក់ចេញគោលនយោបាយសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ

ទី១១៖ គណៈប្រតិបត្តិ ត្រូវសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញកញ្ចប់ទស្សនកិច្ចពិសេស ដែលមានការសម្រួលថ្លៃ និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការ «ទស្សនាកម្ពុជាឆ្នាំ២០២៣» (Visit Cambodia Year 2023)។

ជារួមយន្តការអនុវត្តន គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ នេះនឹងក្លាយជាមូលដ្ឋានដ៍សំខាន់ សំដៅធានាដល់ការសម្រេចឲ្យបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនូវការអនុវត្ត «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» សំដៅចូលរួមស្ដារអនាគតវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងនៃ «កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈ»៕

អ្នកវិភាគចៅចាក់ស្មុក៖ បើគណបក្សនយោបាយ និងសង្គមស៊ីវិលដែលសម្តែងក្តីកង្វល់រឿងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គប្បីមកទទួលការពន្យល់ និងបកស្រាយដោយផ្ទាល់បន្ថែមទៀតជាមួយក្រសួងយុត្តិធម៌ ដើម្បីជម្រះចោលនូវកង្វល់


(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃមកហើយដែលក្រសួងយុត្តិធម៌បានប្រកាសអញ្ជើញបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលជំទាស់ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មកទទួលការ ពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ជាពិសេសដើម្បីជម្រះចោលនូវកង្វល់ដែលពួកគេតែងតែលើកឡើង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានគណបក្សនយោបាយ និងសង្គមស៊ីវិលណាមួយក្នុងចំណោមគណបក្ស ៤ រួមមានគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា និងអង្គការសង្គមស៊ីវិល ១០០ មាននិន្នាការទៅរកក្រុមប្រឆាំងដែលបានដាក់ញត្តិ និងចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីកង្វល់នោះ ចេញ មុខមកណាត់ជួបក្រសួងយុត្តិធម៌នៅឡើយទេ ខណៈឱសានវាទកាន់តែខិតជិតមកដល់។


ទំនងគណបក្ស និងសង្គមស៊ីវិលទាំងនេះមិនមានភាពក្លាហ៊ានគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងការពិតឡើយ ខណៈចលនាជាតិទាំងមូលបានចេញញត្តិប្រកាសគាំទ្រពេញទំហឹង លើការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០នេះយ៉ាងគគ្រឹកគគ្រេង។ ឬមួយពួកគេគ្រាន់តែជា អ្នកក្លាហានគង់ហ៊ាន?


វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើគឺដើម្បីធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានាការពារឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា។ វិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី មាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ធ្វើឡើងយ៉ាងត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញ ឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានរបស់ជាតិ។


វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះធ្វើឡើង ដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ សំដៅធានាឱ្យបាននូវដំណើរការ ប្រព្រឹត្តដោយរលូននិងមាននិរន្តរភាពនៃស្ថាប័នរបស់រដ្ឋ និងការធានាការពារ និងថែរក្សឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ទាំងអស់ដើម្បីជាគ្រឹះសម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។ នេះហើយជាការគិតផលប្រយោជន៍ជាតិជាធំ របស់រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជាដែលរាល់ដង្ហើមចេញចូលបានតម្កល់ផលប្រយោជន៍ជាតិជាធំ គោរពរដ្ឋធម្មនុញ្ញ ការពាររបបសភានិយម និងការពារគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យឋេរីពហុបក្ស និងរបបរាជានុយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ មិននិយាយក្តែងៗឱ្យតែរួចពីមាត់ទេ។


ក្រុមគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិល វាដែលមាត់ស្នេហាជាតិតែចិត្តខ្មៅទុច្ចរិត បានកំពុងរកលេសគេចចេញពីការពិត និងស្វែងរកលេសដើម្បីលុបលាងភាពអាម៉ាស់របស់ខ្លួនដើម្បីបន្តបោកប្រាស់ពលរដ្ឋខ្មែរមួយចំនួនតូចដែលជឿងប់ងុលលើពួកគេបន្តទៀត។ តាមពិត ប្រសិនបើគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលដែលអួតខ្លួនជាអ្នកស្នេហាជាតិ ស្នេហាលទ្ធិប្រជាធិបតេយ្យពិតប្រាកដដូចអ្វី ដែលពួកគេតែងតែស្រែកក្តែងៗចំពោះមុខប្រជាពលរដ្ឋ និងជាមាសសុទ្ធ និងសម្តែងនូវក្តីព្រួយបារម្ភដោយសុទ្ធចិត្ត ហើយពិតជាមានបំណងគិតគូរដល់របបប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបសភានិយម ឬរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ គប្បីចូលជួបជាមួយក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាគ្នាផង ឬស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នេះ កុំឱ្យចេះតែដើរនិយាយញុះញង់ខុសពីការពិត មិនបានការ។ តែក្រុមបក្ស នយោបាយនិងអង្គការសង្គមស៊ីវិលទាំងនេះដែលខ្លាំងបានតែពីក្រោយខ្នង និងការពឹងលើប្រព័ន្ធផ្សព្វផ្សាយបរទេសដើម្បីបំពងសំឡេងខ្លួនដើម្បីធ្វើប្រជាភិថុតិ និងប្រជោនិយម នឹងមិនចូលមកស្តាប់ការបំភ្លឺឡើយ។


នេះសបញ្ជាក់ឱ្យឃើញថា ក្រុមបក្សនយោបាយ និងសង្គមស៊ីវិលដែលតែងតែដើរតួឯកក្នុងការការពារលទ្ធិប្រជាធិបតេយ្យ ការពារសិទ្ធិមនុស្ស និងអួតពីខ្លួនស្នេហាជាតិ គោរពរដ្ឋធម្មនុញ្ញនោះ គឺគ្រាន់តែរូបភាពសម្តែង និងធ្វើនយោបាយបែបប្រជាភិថុតិ បោកប្រាស់ប្រជាពលរដ្ឋប៉ុណ្ណោះ ហើយពួកគេក៏គ្មានភាពស្មោះត្រង់ជាមួយជាតិនិងប្រជាជនដែរ គឺពួកគេគិតតែផលប្រយោជន៍និងមហិច្ឆតាអំណាចសម្រាប់បក្ខពួកខ្លួនតែប៉ុណ្ណោះ។ ប្រសិនបើក្រុមបក្សនយោបាយទាំង ៤ រួមមានគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា និងអង្គការសង្គមស៊ីវិល ១០០ ពិតជាអ្នកស្រឡាញ់ជាតិ និងជាជើងឯកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងចង់ការពាររដ្ឋធម្មនុញ្ញពិត ប្រាកដដូចមាត់ខ្លួនថា គួរតែក្លាហានចូលស្តាប់ការពន្យល់ និងបកស្រាយបំភ្លឺ និងអាចសួរដេញដោលស៊ីជម្រៅជាមួយស្ថាប័នជំនាញ និងមន្ត្រីជំនាញដោយផ្ទាល់ មិនមែនក្លាហានបានត្រឹមតែប្រើប្រាស់វិទ្យុបរទេសដើម្បីស្រែកឱ្យតែល្អមើល និងបោកប្រាស់ប្រជាពលរដ្ឋថាខ្លួនជាអ្នកគិតគូរពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជននោះទេ។


កាលដែលក្រុមបក្សនយោបាយនិងសង្គមស៊ីវិលទាំងអស់នេះមិនហ៊ានហើបមាត់នឹងការអញ្ជើញដោយសុទ្ធចិត្តរបស់ក្រសួងយុត្តិធម៌ជជែកគ្នា ពន្យល់គ្នាក្នុងនាមជាខ្មែរដូចគ្នាលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ បានបង្ហាញយ៉ាងច្បាស់ថាអ្វីៗដែលពួកគេបានធ្វើកន្លងទៅនេះ គឺគ្រាន់តែដើម្បី ល្អមើល និងបម្រើប្រយោជន៍សួនតួរបស់ខ្លួននិងបក្ខពួកខ្លួន និងការដើរតាមបន្ទាត់នយោបាយរបស់ចៅហ្វាយនាយ និងម្ចាស់ជំនួយរបស់ខ្លួនប៉ុណ្ណោះ តែមិនបម្រើផលប្រយោជន៍ខ្មែរពិតប្រាកដឡើយ!


ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២៖










ទស្សនៈ៖ សប្តាហ៍ដ៏មោទនភាពសម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន



(ភ្នំពេញ)៖ សប្តាហ៍ដំបូងនៃខែសីហា ឆ្នាំ២០២២នេះ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងរៀបចំការប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។ ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែសីហា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបង្កើតឡើងកាលពីឆ្នាំ១៩៦៧ គឺចាកិច្ចប្រជុំដ៏ធំ និងមានសារសំខាន់មួយបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាកិច្ចប្រជុំដើម្បីត្រួសត្រាយផ្លូវ និងដាក់ចេញនូវសេចក្តីសម្រេចចិត្តនានា ជូនប្រមុខដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលដែលធ្វើឡើងនៅចុងឆ្នាំ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥, សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២៣, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។

ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រដ្ឋមន្ត្រីការបរទេស និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់។ រដ្ឋមន្ត្រីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួនបីដាច់ដោយឡែកពីគ្នា រវាងកម្ពុជា និងលេខាធិការដ្ឋានអាស៊ាន ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួនបី រួមមាន៖ ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស។

ក្រោយក្លាយជាសមាជិករបស់អាស៊ាននៅឆ្នាំ១៩៩៩ កម្ពុជាធ្លាប់បានធ្វើជាប្រធានអាស៊ាន ហើយរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នៅតំបន់អាស៊ីអាគ្នេយ៍នេះចំនួនពីរលើកមកហើយនៅឆ្នាំ២០០២ និងឆ្នាំ២០២២។ តែសម្រាប់ឆ្នាំ២០២២ពីរនេះ ភាពជាប្រធានអាស៊ានរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានការចូលរួមច្រើនជាងពីរលើកកន្លងទៅ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា មានរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសដៃគូរបស់អាស៊ានរហូតដល់ទៅប្រមាណ៣៨ប្រទេស នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។ ក្នុងនោះរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចលើពិភពលោករួមមានអាមេរិក ចិន រុស្ស៉ី ជប៉ុន និងអូស្ត្រាលីជាដើម សុទ្ធតែបានបញ្ជាក់រួចហើយនឹងអញ្ជើញចូលរួមកិច្ចប្រជុំធ្វើឡើងនៅកម្ពុជា។

វេទិកានៃជំនួបដ៏សែនមហោឡារិក និងជួបដោយផ្ទាល់បែបនេះ បានខកខានអស់រយៈពេលពីរឆ្នាំមកហើយ (២០២០-២០២១) ដោយសារតែរាតត្បាតនៃជំងឺកូវីដ១៩។ កិច្ចប្រជុំរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធពីរឆ្នាំកន្លងទៅនេះ បានធ្វើឡើងត្រឹមតែតាមអនឡាញប៉ុណ្ណោះ។

ជាក្តីអំណររីករាយជាពន់ពេកសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវផែនការមួយដ៏ច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាក្លាយជាដែនដីមានសុវត្ថិភាពពីជំងឺកូវីដ១៩។ សុវត្ថិភាពពីការរីករាតត្បាតជំងឺកូវីដ១៩នេះ បានបើកផ្លូវឱ្យកម្ពុជាអាចរៀបចំនូវកិច្ចប្រជុំរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់។ នេះជាវេទិកាជួបជុំឡើងវិញលើកដំបូងសម្រាបប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ ក្រោយពីការរាតត្បាតជំងឺកូវីដ១៩។ តាមរយៈវេទិកានេះ នឹងជួយផ្សព្វផ្សាយថាជាដែនដីមានសុវត្ថិភាពពីជំងឺកូវីដ១៩ ទៅកាន់បណ្តាជាតិសាសន៍នានាលើពិភពលោកផងដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ គឺជាកិច្ចប្រជុំដ៏ធំមួយ។ ដើម្បីធានាថាកិច្ចប្រជុំនេះអាចប្រព្រឹត្តទៅបានជោគជ័យ និងល្អប្រសើរតាមការគ្រោងទុក្ខនោះ មន្ត្រីក្រសួងការបរទេសកម្ពុជា មន្ត្រីក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធ បានស្រាក់ដៃគ្នាប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការរៀបចំកន្លែងប្រជុំ ការបដិសណ្ឋារកិច្ចចំពោះភ្ញៀវ និងក្រុមអ្នកព័ត៌មានផងដែរ។ ដោយឡែកកម្លាំងនគរបាល កម្លាំងកងរាជអាវុធ និងកម្លាំងសន្តិសុខដទៃទៀត ក៏បានរៀបចំពង្រាយក្នុងការរក្សាសន្តិសុខ និងសម្រួលចរាចរណ៍សម្រាប់គណៈប្រតិភូប្រទេសជាភ្ញៀវ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

មន្ត្រីដែលមានតួនាទីភារកិច្ចក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ ម្នាក់ៗមានភាពមមាញឹកខ្លាំងមែនទែន ហើយប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។

កម្ពុជាជាប្រទេសដែលធ្លាប់តែញ៉ាំញីដោយភ្លើងសង្គ្រាម។ ភ្លើងសង្គ្រាមនេះ បានធ្វើឱ្យកម្ពុជាបាត់បង់នូវសមត្ថភាពទាំងឡាយ កុំថាឡើយសមត្ថភាពម្ចាស់ការលើការរៀបចំកិច្ចប្រជុំសំខាន់ សូម្បីតែការចូលរួមក្នុងវេទិកានានា ក៏កម្ពុជាមិនអាចធ្វើបាននោះដែរ។

ផ្ទុយទៅវិញសម្រាប់ពេលបច្ចុប្បន្នម្លប់សុខសន្តិភាពបានផ្តល់ឱកាសឱ្យកម្ពុជាកសាងសមត្ថភាពគ្រប់បែបយ៉ាងសេដ្ឋកិច្ច ធនធានមនុស្ស និងតួនាទីរបស់ខ្លួន។ ជាក់ស្តែងដូចពេលនេះ កម្ពុជា មានសមត្ថភាពទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយកម្ពុជាក៏មានសមត្ថភាពដឹកនាំកិច្ចប្រជុំ ដើម្បីដោះស្រាយបញ្ហា និងដាក់ចេញនូវចក្ខុវិស័យសម្រាប់វិបុលភាពនៅក្នុងតំបន់ និងលើពិភពលោកថែមទៀតផង។

ទាំងនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម ហើយក៏ជាមោទនភាពមួយក្រៃលែងសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ សូមប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្រេកអរ និងសាទរ ចំពោះការធ្វើជាប្រធានអាស៊ាន ហើយជាអ្នកដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ និងពិភពលោកដ៏មានសារៈសំខាន់នាពេលនេះ ហើយត្រូវចូលរួមបង្កបរិយាកាសល្អប្រសើរ ដើម្បីលើកកម្ពស់មុខមាត់ និងកិត្តិយសរបស់ជាតិកម្ពុជា៕

ដោយ៖ FN - វ៉ាន់ សារាយ