Friday, January 29, 2021

សកម្មភាពនៃការសម្អាតបរិស្ថាន និងអនាម័យនៅតាមទីតាំងនានាក្នុងតំបន់រមណីយដ្ឋានអង្គរ

 ក្រៅពីបំពេញភារកិច្ចជាប្រចាំ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ ក៏បានឆ្លៀតពេលបោសសម្អាតដី ប្រមូលសំរាម ស្លឹកឈើ និងរៀបចំអនាម័យបរិស្ថាននៅទីតាំងនានានៅតំបន់រមណីយដ្ឋានអង្គរ។

ការសម្អាតអនាម័យបរិស្ថាននេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ដែរថា ជាទូទៅរមណីយដ្ឋានអង្គរតែងតែធ្វើការសម្អាតជាប្រចាំដោយក្រុមការងារសម្អាតបរិស្ថានដោយភ្នាក់ងារសម្អាតHCC។

ជាមួយគ្នានោះសូមទស្សនាកម្រងរូបភាពនៃការអនុវត្តការងារ ដើម្បីភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ និងចូលរួមថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា៕






ជំនួបពិភាក្សាលើគម្រោងស្តីពីការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃទំនើប

 ស្វាយរៀង៖ ក្រោមការយកចិត្តទុកដាក់ក្នុងការជម្រុញលេីការងារបំពាក់ភ្លេីងបំភ្លឺផ្លូវសាធារណៈអោយបានគ្រប់គ្រាន់លេីផ្លូវនានាក្នុងក្រុងស្វាយរៀង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំ VIP សាលាខេត្ត លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED និងសហការី ចូលជួបសម្ដែងការគួរសម និងធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅខេត្តស្វាយរៀង។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះលោកអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនពីអំពីគម្រោងដែលក្រុមហ៊ុនបានសិក្សាពីទីតាំងភូមិសាស្រ្តដែលរដ្ឋបាលខេត្តបានចង្អុលបង្ហាញក្នុងការបំពាក់ភ្លឺក្នុងក្រុងស្វាយរៀង ដែលគ្រោងនឹងធ្វើការវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តស្វាយរៀងយេីងនេះ។

មានប្រសាសន៍ក្នុងជំនួបនេះ លោក ហែម ពិសិដ្ឋ ក្នុងនាមតំណាងអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះតំណាងក្រុមហ៊ុន ជប៉ុនមីនេបៀ ដែលមានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ រដ្ឋបាលខេត្តសង្ឃឹមថា ក្រុមហ៊ុន នឹងបន្ធូបន្ថយនូវតម្លៃសមស្របទៅ នឹងបរិបទនាពេលបច្ចុប្បន្ននៅកម្ពុជា ក៏ដូចជាអ្វីដែលដែលបានពិនិត្យនិងពិភាក្សាគ្នាពីមុន និងពេលនេះ ដេីម្បីរដ្ឋបាលខេត្តរកកញ្ចប់ថវិកា សម្រេចលេីគម្រោងមួយនេះ ដេីម្បីដាក់អោយដំណេីរការ។

សូមជម្រាបជូនថា បេីតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន អំពូលឆ្លាតវ៉ៃនេះបានផ្តល់អត្ថប្រយោជន៍រួមចំណែក ក្នុងកាត់បន្ថយទៅលើការចំណាយថាមពលអគ្គិសនី និងឧស្ម័នការបូនិច ជាពិសេសចូលរួមលើកកម្ពស់សោភ័ណ្ឌភាពនៅក្នុងខេត្តស្របទៅតាមសម័យកាលបច្ចុប្បន្ន។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមគាំទ្រនឹងសហការផ្តល់ឪកាសអោយក្រុមហ៊ុនវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសារធារណៈនៅក្នុងខេត្តស្វាយរៀង ដែលនឹងរៀបចំឡេីងនាពេលខាងមុខ ក្រោយពិនិត្សសិក្សា និងឯកភាពគ្នាលេីគម្រោងមួយនេះរួចរាល់៕




អភិបាលខេត្តព្រះវិហារ អំពាវនាវដល់កងកម្លាំងត្រូវកាពារឧ្យបាននូវសុខសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន ទោះជាតម្លៃណាក៏ដោយ

 ព្រះវិហារ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនមុខវិជ្ជាយោធាច្បាប់ និងជំនាញវិជ្ជាជីវ: អាវុធហត្ថ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ឆមាសទី១ ឆ្នាំ២០២១ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងព្រះវិហារ និងកងកម្លាំងកងរាជអាវុធហត្ថខេត្តជាច្រើនរូបនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនេះ លោកអភិបាលខេត្ត ផ្តាំផ្ញើរនិងសាកសួរសុខទុក្ខពីសំណាកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែងតែគិតគូរយកចិត្តទុកដាក់បំផុតដល់កងកម្លាំងរបស់យើង តាមរយះការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗ សាងសង់លំនៅដ្ឋាន និងផ្តល់ដីសម្បទានសម្រាប់បង្កបង្កើនផល ជាច្រើននាពេលកន្លងមក ។ លោកអភិបាល បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ច របស់កងរាជអាវុធហត្ថខេត្តក្នុងការបង្រ្កាបបទល្មើសនានាប្រកប ដោយប្រសិទ្ធភាពខ្ពស់ បន្ថែមពីនេះទៀត ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា តែងតែបន្តយកចិត្តទុកដាក់ខ្ពស់លើការងារហ្វឹកហ្វឺននេះ សំដៅធានាឲ្យកងកម្លាំងយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តកាព្វកិច្ចទទួលបានជោគជ័យជូនជាតិមាតុភូមិ។

នាឱកាសនោះផងដែរ លោក អំពាវនាវដល់កងកម្លាំងត្រូវកាពារឧ្យបាននូវសុខសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន ទោះជាតម្លៃណាក៏ដោយ ការពារព្រះមហាក្ស ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលបានដឹកនាំកម្ពុជាទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍរុងរឿងតកូនចៅគ្រប់ជំនាន់តរៀងទៅ លើសពីនេះទៀតក្នុងនាមកងកម្លាំងត្រូវគោរពវិន័យ សាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជាថ្នាក់លើ មានមនសិការជាតិ មានសីលធម៌ គុណធម៌ល្អ ជាពិសេសគោរពអនុវត្តនូវអភិក្រមទាំង៥ឲ្យខ្ជាប់ខ្ជួន គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់

ក្នុងឱកាសនោះលោកអភិបាលខេត្តបាននាំយកនូវសម្ភារមួយចំនួនរួមមានទឹកសុទ្ធ២០កេស ភេសជ្ជះ ២០កេស និងថវិកា២លានរៀលជូនកងកម្លាំហ្វឹកហ្វឺនផងដែរ៕






លោក កាយ សំរួម និងមន្ត្រីរាជការជុំវិញខេត្តអញ្ជើញ ចូលរួមក្នុងមាឃបូជាឆ្នាំ២០២១ នៅវត្តជោត្តញ្ញាណ

 កោះកុង៖ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក លោកសី្រ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ព្រមទាំងលោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត ប្រជាពុទ្ធបរិស័ទ សិស្សានុសិស្ស បានអញ្ជើញ ចូលរួមក្នុងមាឃបូជា ឆ្នាំ២០២១ នៅវត្តជោត្តញ្ញាណ។

យោងតាមឯកសារដែលមាននៅក្នុង ព្រះរាជពិធីទ្វាទសមាស បានបញ្ជាក់ថាប្រភពនៃបុណ្យ មាឃបូជាគឺ បុណ្យមួយដែលសារៈសំខាន់ណាស់សម្រាប់វិស័យពុទ្ធសាសនា ដោយមានអត្ថន័យ ២យ៉ាងគឺ៖

ប្រភពទី១៖ បុណ្យមាឃបូជាគឺជា បុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត នៃព្រះអរហន្ត ១២៥០អង្គដែលប្រព្រឹត្តទៅ នាថ្ងៃពេញបូណ៌រមី ក្នុងឆ្នាំរកា មុនពុទ្ធសករាជ ៤៤ឆ្នាំ ដែលជា ថ្ងៃនក្ខត្ត ឬក្សធំ មួយរបស់ព្រះសក្យមុនីគោតមបរមគ្រូ នៃយើងដែលសន្និបាត បែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ។

ប្រភពទី២៖ បុណ្យមាឃបូជាគឺជា បុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ ព្រះ ជន្មាយុសង្ខារ ចំពោះមុខមារប្រព្រឹត្តទៅ នាថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃ អភិលក្ខិតកាល ដ៏ ធំ មួយទៀត នៅមុនពុទ្ធសករាជ ៣ខែ សម័យនោះ ព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង ទ្រង់ ប្រជុំសាវក ហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ ។

សម្រាប់ពុទ្ធសាសនិកកម្ពុជា យើងក៏បាន ប្រារព្ធធ្វើបុណ្យមាឃបូជា ដូចប្រទេសកាន់ព្រះពុទ្ធ ដទៃទៀតដែរ ពោលគឺ ចាប់តាំងពីរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្ស មករាជរដ្ឋាភិបាល បានកំណត់យក ថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិហៅយ៉ាងខ្លីថា ថ្ងៃបុណ្យមាឃបូជា ជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនា ៕









គិតត្រឹមម៉ោង៦ល្ងាច នាថ្ងៃទី២៨ ខែមករា មានថ្នាក់ដឹកនាំ ៣៩៣រូបហើយ បានបរិច្ចាគប្រាក់បៀវត្សក្នុងជំហានទី២ ជូនក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

 បើគិតត្រឹមម៉ោង៦ល្ងាច នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មានថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៣៩៣រូបហើយ បានបរិច្ចាកប្រាក់បៀវត្សក្នុងជំហានទី២ ជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ នេះបើតាមរបាយការណ៍របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ខាងក្រោមនេះជាបញ្ជីឈ្មោះថ្នាក់ដឹកនាំដែលបានបរិច្ចាគប្រាក់បៀវត្ស ក្នុងជំហានទី២ ជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានដូចតទៅ៖









ពិធីបិទអង្គសិក្ខាសាលាស្ដីពី ការអភិវឌ្ឍឯកសារបណ្ដុះបណ្ដាលគ្រូកម្មវិធីអក្ខរកម្មតាមប្រព័ន្ធក្រេឌីត

 ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញក្នុងពិធីបិទអង្គសិក្ខាសាលាស្ដីពី ការអភិវឌ្ឍឯកសារបណ្ដុះបណ្ដាលគ្រូកម្មវិធីអក្ខរកម្មតាមប្រព័ន្ធក្រេឌីត។

ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលា រដ្ឋលេខាធិការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ក្នុងយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាលជាពិសេសវាបានក្លាយជាអាទិភាពទី១នៅក្នុងដំណាក់កាលទី៣ និងទី៤ ក្នុងគោលដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ហើយធនធានដែលធ្វើឱ្យសង្គមជាតិមានការរីកចម្រើន និងសុខសន្តិភាពត្រូវមាន ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ សុខភាពល្អ កាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចការពារសង្គម។ ក្នុងន័យនេះការអភិវឌ្ឍធនធានមនុស្ស គឺផ្តោតសំខាន់លើ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម។

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអប់រំឆ្នាំ២០៣០ ដោយកំណត់នូវគោលដៅអាទិភាពជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនរួមចំណែកដល់ការលើកកម្ពស់ ការសិក្សាពេញមួយជីវិត គឺផ្ដល់ការរៀនសូត្រឱ្យបានទូលំទូលាយ និងធានាបាននូវនិរន្តរភាព គុណភាព និងប្រសិទ្ធភាព។
ជាមួយនោះក្រសួងអប់រំ យុវជន និងកីឡាបានកំណត់ផែនការអាទិភាពសម្រាប់កំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយ សម្បទា និងគុណតម្លៃជាពលរដ្ឋសកល ជាការងារដ៏សំខាន់ដើម្បីទទួលបានធនធានមនុស្សប្រកបដោយសក្ដានុពលឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ កំណែទម្រង់ដែលជាអាទិភាពនោះគឺកំណែទម្រង់ការអប់រំគ្រូបង្រៀន និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនតាមរយៈផែនការសកម្មភាព នៃគោលនយោបាយ ស្ដីពីគ្រូបង្រៀន ដើម្បីធានាឱ្យកម្ពុជាមានធនធានមនុស្សមានសមត្ថភាព ដែលជាកត្តាកំណត់ភាពជោគជ័យនៃការអភិវឌ្ឍគ្រប់វិស័យ។ ក្នុងន័យនេះ ទាំងការអប់រំក្នុងប្រព័ន្ធ និងការអប់រំក្រៅប្រព័ន្ធ ត្រូវតែយកចិត្តទុកដាក់ធ្វើកំណែទម្រង់ព្រមៗគ្នា។

ដូចនេះដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ ក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធជាសេនាធិការ បានធ្វើការជាបន្តបន្ទាប់ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍរួមសហការគ្នាចងក្រងបានជា ក្របខណ្ឌកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្មវិធីអក្ខរកម្មជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធតាមប្រព័ន្ធក្រេឌីត។ ដោយឡែកថ្ងៃនេះយើងបានរៀបចំ ឆ្លងឯកសារជាលើកទី៣ ដែលជាឯកសារសម្រាប់បណ្តុះបណ្តាលគ្រូកម្មវិធីអក្ខរកម្មតាមប្រព័ន្ធក្រេឌីត បន្ថែមទៀតដើម្បីធ្វើការបណ្ដុះបណ្ដាល និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនកម្មវិធីអក្ខរកម្មជាប់កិច្ចសន្យា ស្របតាមស្ដង់ដារជាតិក្នុងគោលបំណងឱ្យមានជំនាញ មានសមត្ថភាពគ្រប់គ្រាន់ និងមានគរុកោសល្យច្បាស់លាស់ក្នុងការបំពេញភារកិច្ចជាគ្រូបង្រៀន និងជំរុញឱ្យការបង្រៀន និងរៀនឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងរបស់អ្នករៀន និងធ្វើឱ្យពួកគេមានសមត្ថភាពដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕






Thursday, January 28, 2021

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ សេចក្តីសុខ សន្តិភាព ស្ថេរភាពនយោបាយ បាននាំមកនូវវឌ្ឈនភាពនៃវិស័យសុខាភិបាល ដែលជាផ្លែផ្កាប្រកបដោយមោទនភាពជាតិ

 របាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពល្អ លើសូចនាករសុខភាព ហើយរបាយការណ៍នេះបានផ្សព្វផ្សាយជាផ្លូវការកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានរំលេចនូវសូចនាករសុខភាពសំខាន់ៗមួយចំនួន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា នៅក្នុងរបាយការណ៍ពិសេសនោះសូចនាករសំខាន់ជាងគេគឺ អាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៩នេះគឺកើនដល់ ៧៥ឆ្នាំ ដែលក្នុងនោះ អាយុសង្ឃឹមរស់របស់បុរសបានកើនឡើងដល់ ៧៤.៣ឆ្នាំ និងនារីបានកើនឡើងដល់ ៧៦.៨ឆ្នាំ។ ការកើនឡើងនេះមានទំនាក់ទំនងយ៉ាងសំខាន់ជាមួយ នឹងការធ្លាក់ចុះនូវអត្រាមរណភាពទារក និងកុមារអាយុក្រោម៥ឆ្នាំ ក្នុងចំណោមកំណើតរស់ ១.០០០នាក់។

តាមរយៈរបាយការណ៍ជាតិនេះយើងសង្កេតឃើញថា អត្រាមរណភាពទារកមានការធ្លាក់ចុះ ពី២៦ នៅក្នុងជំរឿនឆ្នាំ២០០៨ ទៅ ១៨ ក្នុងចំណោមកំណើតរស់ ១.០០០នាក់ ក្នុងជំរឿនឆ្នាំ២០១៩ ហើយអត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ មានការធ្លាក់ចុះ ពី៤៤ នៅក្នុងជំរឿនឆ្នាំ២០០៨ ទៅ ២៨ ក្នុងចំណោមកំណើតរស់ ១.០០០នាក់ ក្នុងជំរឿនឆ្នាំ២០១៩។ លើសពីនេះទៀត អត្រាមរណភាពមាតាក៏មានការធ្លាក់ចុះគួរឲ្យកត់សំគាល់។

តួលេខនៃអត្រាមរណមាតាក្នុងជំរឿនក្នុងឆ្នាំ២០០៨ គឺ ៤៦១នាក់ ក្នុងចំណោមមួយសែនកំណើតរស់បានធ្លាក់ចុះមកនៅត្រឹម ១៤១នាក់ ក្នុងចំណោមមួយសែនកំណើតរស់។

លទ្ធផលផ្លែផ្កាសុខភាពជាទីមោទនៈនេះ ឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្តរបស់មន្រ្តីបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្នុងការផ្តល់សេវាសុខាភិបាល ប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ និងភាពទទួលខុសត្រូវខ្ពស់។ ជាពិសេសទៅទៀត ដំណឹងដ៏ល្អគាប់ប្រសើរស្តីពីវឌ្ឍនភាពនៃសូចនាករសុខភាពសំខាន់ៗទាំងអស់នេះ ឆ្លុះបញ្ចាំងពីប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណ និងគោលនយោបាយផ្សេងៗ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដោយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៕



លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាសម្រាលការលំបាក ដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ នៅមន្ទីរពេទ្យបាត់ដឹង

 អ្នកជំងឺ និងគ្រួសារថែទាំអ្នកជំងឺ រំភើបចិត្ដស្ទើរស្រក់ទឹកភ្នែក នឹកស្មានមិនដល់ថា ក្នុងគ្រាលំបាកខ្វះខាត មានវត្ដមាន របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញចុះមកសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភថវិកាសម្រាលទុក្ខលំបាក ដោយមិនបានដឹងខ្លួនជាមុនសោះ។

ការអញ្ជើញចុះមកដោយផ្ទាល់របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាមួយសម្លៀកបំពាក់ដ៏សាមញ្ញា កាយវិកាយយ៉ាងទន់ភ្លន់ លើកដៃសំពះ លោកតា លោកយាយ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរសម្រាកព្យាបាលបាត់ដឹង ខេត្តកំពង់ស្ពឺនេះ បានធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល ស្ងើចសរសើរ និងរំភើបចិត្ដយ៉ាងខ្លាំង ដោយស្មានមិនត្រូវ ថាជាអ្នកណា ព្រោះនេះជាលើកដំបូង ដែលបានជួបដោយផ្ទាល់បែបនេះ។

ប៉ុន្ដែនេះមិនមែនជាលើកទីមួយនោះទេ ដែលលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន តែងតែចុះមកសួរសុខទុក្ខ និងសម្រាលការលំបាកដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ជាមួយនឹងភាពសាមញ្ញា ធម្មតា គ្មានការប្រារព្ធកម្មវិធីអ្វីនោះឡើយ។

កាយវិកាយ និងទឹកចិត្ដសប្បុសធម៌នេះ ក៏ដូចជាកន្លងមកនេះហើយ ដែលជាដើមចម ត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោកផងដែរ ធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប ដែលបានពលីអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។

សូមជម្រាបថាផងដែរ វត្ដមានរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ខាងលើនេះ ក្នុងឱកាសដំណើរត្រឡប់ពី វត្ដហរិរក្សរាជិនី ហៅវត្ដ វាំងចាស់ ដែលស្ថិតនៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ៕




ថ្ងៃនេះ ជាថ្ងៃ «បុណ្យមាឃបូជា» សូមស្វែងយល់ពីប្រវត្តិនៃពិធីបុណ្យនេះ ក្នុងព្រះពុទ្ធសាសនា !

ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្ងៃសីលពេញបូណ៌មី គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។

 

 តើបុណ្យមាឃបូជានេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអ្វី? នៅពេលនេះសូមលើកយកប្រវត្តិនៃពិធីបុណ្យនេះ មកជំរាបជូនប្រិយមិត្តបានជ្រាបដូចតទៅ៖

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។

គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឲ្យយល់ដឹង និងអនុវត្ត។

ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖

១៖ ព្រះសង្ឃសមណៈទូត ១,២៥០អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។

២៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា) ។

៣៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន,ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបាន ណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។

៤៖ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។

ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថាចតុរង្គសន្និបាតគឺ កិច្ចប្រជុំប្រកបដោយអង្គ៤។

ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិញាណកន្លងហើយបាន ៩ខែ គឺ មុន ព.ស.៤៥ឆ្នាំ។

មូលហេតុសំខាន់ដែល ព្រះសង្ឃសមណៈទូតទាំងនោះ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ននោះ ព្រោះថ្ងៃពេញបូណ៌មីខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រីរបស់សាសនាព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍ តែង ប្រារព្ធពិធីលាងជម្រះបាបបូជាព្រះសិវៈ ព្រោះហេតុនោះព្រះសង្ឃទាំងនោះទើបធ្វើដំណើរទៅគាល់ព្រះ បរម សាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរចេញ ពីល្អាងសុករខាតាមកគង់ប្រថាប់ នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះ មិនមែនធ្វើដំណើរទៅព្រមគ្នាទាំង ១,២៥០ អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះសង្ឃអង្គនីមួយៗ ធ្វើដំណើរទៅវត្តវេឡុវ័នដោយមិន បានណាត់ទុកជាមុនដូចជាណាត់តាមទូរស័ព្ទ ឬ ឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ។

តើព្រះសង្ឃទាំង១,២៥០អង្គនោះចេញមកពីប្រភពណាខ្លះ?

ប្រភពនៃព្រះសង្ឃទាំង ១,២៥០អង្គនោះគឺ៖

ក៖ សិស្សគណរបស់ព្រះឧរុវេលកស្សបៈចំនួន៥០០អង្គ

ខ៖ សិស្សគណរបស់ព្រះនទីកស្សបៈចំនួន៣០០អង្គ

គ៖ សិស្សគណរបស់ព្រះគយាកស្សបៈចំនួន២០០អង្គ

ឃ៖ សិស្សគណរបស់ព្រះសារីបុត្រនិងព្រះមោគ្គល្លានចំនួន២៥០អង្គ។

សរុបព្រះសង្ឃទាំងអស់១,២៥០អង្គដោយមិនរាប់បញ្ចូលព្រះឧរុវេលកស្សបៈ,ព្រះនទីកស្សបៈ, ព្រះគយាកស្សបៈ, ព្រះសារីបុត្រ និងព្រះមោគ្គល្លាននោះទេបើរាប់បញ្ចូល៥អង្គនេះទៀតបានជា១,២៥៥ អង្គ។

ព្រោះអច្ឆរិយហេតុកើតឡើង ដោយមិននឹកស្មានដល់បែបនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់ឆ្លៀតឱកាសនោះ សម្តែងឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១,២៥០អង្គនោះដោយទ្រង់ កំណត់គោលនយោបាយ ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា៥ចំណុចគឺ៖

ក៖ ឧត្តមគតិបានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ (អភ័យទានផ្នែកនយោបាយ)។

ខ៖ គោលបំណងបានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា (សាធារណៈប្រយោជន៍)។

គ៖ វិធីបដិបត្តិបានដល់ មិនរំលោភសិទ្ធិមនុស្សនិងសត្វ (សិទ្ធិមនុស្ស)។

ឃ៖ គោលការណ៍មាន ៣ចំណុចគឺ៖

* មិនធ្វើអំពើអាក្រក់ទាំងពួង (សន្តិសុខ)

* ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍សង្គម)

* ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)។

ង៖ វិធីសាស្ត្រ មាន៦ចំណុចគឺ៖

* មិនបរិហារកេរ្តិ៍បុគ្គលណា(វចីសុចរិត=សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ)

* មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)

* គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ)

* ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋកិច្ច)

* អង្គុយឬសិងក្នុងទីស្ងាត់ (នគរូបនីយកម្ម)

* ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សាធិការ)។

ទាំង៥ចំណុចខាងលើនេះ ចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា។

ថ្ងៃមាឃបូជាចាត់ជាថ្ងៃព្រះធម៌, ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធ, ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃព្រះសង្ឃ។

តើប្រារព្ធពិធីមាឃបូជាបានប្រយោជន៍អ្វីខ្លះ?

ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖

១៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។

២៖ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។

៣៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។

៤៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។

៥៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង។

ថ្ងៃមាឃបូជាចាត់ជាគ្រឿងពិសោធ និងវាស់វែងគុណភាពនៃពុទ្ធសាសនិកជន ឲ្យឃើញថាបុគ្គលណាជាពុទ្ធសាសនិកជនសកម្ម ឬ អសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជន ហើយមិនត្រូវវ្ហោះវ្ហើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើកស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យ សកម្មឡើងការធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធ សាសនាមិនមែនជាការងារធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ ជាការជួយលើកស្ទួយគុណភាពជីវិតផ្នែកចិត្ត វិញ្ញាណរបស់ខ្លួនឲ្យប្រសើរឡើង តាមគោលការណ៍ចំណុចទី២ថា ធ្វើអំពើល្អឲ្យដល់ព្រម ពោលគឺបណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុសលនោះឯង។

សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះ ពីថៃ្ងមាឃបូជានេះ អញ្ជើញនាំគ្នាធ្វើបុណ្យទាន រក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណ ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើតព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ា‌ជីវិតដល់ពួកយើងទាំងអស់គ្នា ៕

ធម្មទេសនាស្តីពី បុណ្យមាឃបូជា « សម្តែងដោយ ព្រះភិក្ខុ ពុទ្ធង្កុរ វ៉ង់ សុភស្ត » 

 
ប្រវត្តិពិធីបុណ្យមាឃបូជា « ឯកសារដកស្រង់ពី គម្ពីរព្រះត្រៃបិដក និងអដ្ឋកថា » 








លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បួងសួងឱ្យជនរួមជាតិជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា នៅក្នុងឱកាសបុណ្យមាឃបូជា

 នៅក្នុងឱកាសបុណ្យមាឃបូជា នាថ្ងៃព្រហស្បត៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០១នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរជនរួមជាតិទាំងអស់ ឱ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។

មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា៖ «ព្រះពុទ្ធសាសនា មិនត្រឹម តែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណ ជាតិទៀតផង» ៕



លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្តផ្តល់ជំនួយ១០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ទឹកសុទ្ធ ១ពាន់កេសដល់ខេត្តប៉ៃលិន និងឃីតចំនួន១ពាន់កញ្ចប់ ដល់ខេត្តឧត្តរមានជ័យ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានបន្តផ្តល់ជំនួយ ១០០លានរៀល ថែមទៀតដល់ខេត្តបន្ទាយមានជ័យ, ទឹកសុទ្ធ១០០០កេសដល់ខេត្តប៉ៃលិន និងឃីតចំនួន១ពាន់កញ្ចប់ ដល់ខេត្តឧត្តរមានជ័យ ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។

ការផ្តល់ជំនួយបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានសង្កេតឃើញថា មានពលករជាច្រើន ដែលចាកចេញពីប្រទេសថៃ បានបន្តចូលមកប្រទេសកម្ពុជា តាមច្រកខេត្តទាំង៣នេះ។

ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ដែលជាប់ព្រំដែនជាមួយគ្នា កម្ពុជាបានរកឃើញមានពលករជាបន្តបន្ទាប់មានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។ ឆ្លើយតបនឹងស្ថានភាពនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្ដល់ជំនួយថវិកាជាបន្តបន្ទាប់ដល់ខេត្តជាប់ព្រំដែនថៃទាំង៧ ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករដែលត្រឡប់មកពីប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតមកដល់ពេលនេះ មានពលករខ្មែរចំនួនជិត២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា ៕



ថ្ងៃនេះក្រសួងរកឃើញពលករខ្មែរមកពីប្រទេសថៃម្នាក់ មានឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ០៥នាក់ជាសះស្បើយ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃម្នាក់ ឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ០៥នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០៤ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

សម្រាប់អ្នកជាសះស្បើយទាំង០៥នាក់រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

២៖ បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

៣៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

៤៖ ស្ត្រីជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០៤រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្តបន្ទាយមានជ័យ។

៥៖ ស្ត្រីជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១។ ស្ត្រីរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤២៨នាក់ និងអ្នកជំងឺ៣៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕





Wednesday, January 27, 2021

លោក អ៊ុ រាត្រី​ ជំរុញឱ្យមន្ត្រីក្រោមឱវាទបន្តខិតខំដោះស្រាយ​បញ្ហាប្រឈមនានា​ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ​

 បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានទទួលយកសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក ដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលាស្រុកថ្មពួក នោះធ្វើការដោះស្រាយហើយបញ្ហាដែលនៅសេសសល់ និងត្រូវដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត។

នៅក្នុងវេទិកាសាធាណៈនេះ ត្រូវបានតំណាងប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក បានលើកឡើងឱ្យរាជរដ្ឋាភិបាលអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធបន្តជួយដោះស្រាយ មានចំនួន៥៧ សំណូមពរ បញ្ហា គឺបញ្ហាក្តីព្រួយបារម្ភលើកង្វះទឹកធ្វើស្រែប្រាំង ការជួស ជុលផ្លូវដែលរងការខូចខាតនៅតាមមូលដ្ឋាន ប្រព័ន្ធធារាសាស្រ្ត និងមានបញ្ហាប្រឈមលើ ការអភិវឌ្ឍមូលដ្ឋានមួយចំនួនទៀតដែលតម្រូវឱ្យជួយដោះស្រាយជាបន្ទាន់។

នៅក្នុងឱកាសនោះ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ ប្រជាពលរដ្ឋ ទាំងប្រុសទាំងស្រីក្នុងកិច្ចដំណើរការរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបានបន្តទៀតថា ការបើកវេទិកានេះឡើងបានផ្តល់ឱកាសក្នុង ការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាល ថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ ប្រកបដោយសុចរិតភាព សុភវិនិច្ឆ័យ និងយុត្តិធម៌ក្នុងសង្គម ឱ្យកាន់តែល្អប្រសើរឡើង ម្យ៉ាង ទៀតក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះ ប្រជាពលរដ្ឋ និងសង្គមជាតិទៀតផង ហើយមានគោលបំណងសំខាន់លើគោលនយោបាយ ការកែលម្អនូវប្រព័ន្ធអភិបាលកិច្ច នៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងការជំរុញកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមកិច្ច នៅតាម មូលដ្ឋានដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស៕





អភិបាលខេត្តកែប ប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៧ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

 កែប៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៧ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ការប្រកាសបរិច្ចាគនេះធ្វើឡើងភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់ប្រាក់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា ៕




ពិធីបើកសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់តាមរយៈប្រព័ន្ធonline (Zoom Platform)

 ស្វាយរៀង៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ (ខ) នៃសាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងលោក រាណ សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោកប្រធានក្រុមប្រឹក្សាខេត្ត និងលោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដើម្បីការកែទម្រង់ តាមរយៈប្រព័ន្ធonline (Zoom Platform) ដែលសហការរៀបចំដោយក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី ដោយមានសាលាភូមិន្ទរដ្ឋបាល ជាសេនាធិការ ។

សូមបញ្ជាក់ថា ពិធីបើកសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យសិក្ខាកាមជាថ្នាក់ដឹកនាំមានលទ្ធភាពកាន់តែប្រសើរក្នុងការដឹកនាំមន្ត្រី និងអង្គភាព នៅក្នុងបរិការដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចបច្ចុប្បន្ននេះ ជាពិសេសក្នុងការកសាងរដ្ឋឆ្លាតវៃ ការបង្កើត Ecosystem សម្រាប់សេដ្ឋកិច្ចឌីជីថល ការកសាងសង្គមប្រកបដោយបរិយាប័ន្នបែបឌីជីថល និងការជំរុញនូវនវានុវត្តន៍ក្នុងវិស័យសាធារណៈ ៕







មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្ត

ក្រោមការអញ្ជើញដឹកនាំកិច្ចប្រជុំដោយ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ មន្រ្តីជំនាញ និងមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរចូលរួមផងដែរ។

កិច្ចប្រជុំបានផ្តោតទៅលើរបៀបវារៈរួមមាន៖
– បូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តការងារខែបន្ត
– ផ្សព្វផ្សាយផែនការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
– ផ្សព្វផ្សាយផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
– ផ្សព្វផ្សាយវិធានការបង្ការការពារជម្ងឺឆ្លងកូវីដ១៩
– ពិភាក្សាបញ្ហាប្រឈម និងការងារចាំបាច់មួយចំនួន៕





លោក ជុំ ហាត​ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២០​ ឆ្នាំទី២ ​អាណត្តិទី៣​ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង​

 ស្វាយរៀង៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឯក សុវណ្ណភារៈ តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរព័ត៌មានខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

របៀបវារៈនៃកិច្ចប្រជុំនេះមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩
២-ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
៣-ស្តាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៤-ស្តាប់របាយការណ៍ប្រចាំមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២១របស់គណៈកម្មាធិការលទ្ធកម្មខេត្ត ។
៥-ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្ត
៦-ពិនិត្យ និងអនុម័ត បោះឆ្នោតលើការតែងតាំងមន្ត្រីរាជការសាលាខេត្ត ចំនួន០១រូប
៧-សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១)៕






មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កម្ពុជា នឹងមានវ៉ាក់សាំងកូវីដ១៩ ចំនួន ២០លានដូស, ១១លានដូសជាជំនួយ

 មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លោក វង្ស៉ី វិស្សុត បានថ្លែងឱ្យដឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រហូតដល់ទៅ ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះ ១១លានដូសជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ។

នៅក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោក វង្ស៉ី វិស្សុត បានអះអាងថា ប្រភពវ៉ាក់សាំងដំណាក់កាលដំបូងនេះ តាមយន្តការកូវ៉ាក់ ៧លានដូស, ១លានដូសជាជំនួយរបស់ចិន ដែលដឹកមកដល់ខែកុម្ភៈ និង ៣លានដូស ជាជំនួយរបស់អូស្ត្រាលី។

ដោយឡែក ៩លានដូសទៀត បើតាមលោក វង្ស៉ី វិស្សុត អាចទទួលបានតាមរយៈជំនួយរបស់ចិន ដែលចិនផ្តល់ថវិកាយកទៅទិញ, លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើជំនួយវ៉ាក់សាំងពីរុស្ស៉ី និងថវិកាសប្បុរសជនដែលមានជាង ៥៧លានដុល្លារ។

លោក វង្ស៉ី វិស្សុត បានអះអាងថា ប្រទេសកម្ពុជា ជាប្រទេសតូច តែយន្តការចាក់វ៉ាក់សាំងនេះ អាចនឹងមានល្បឿនលឿន។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ ក៏បានគូសបញ្ជាក់ដែរថា វ៉ាក់សាំងកូវីដ១៩ ក៏ជាយុទ្ធសាស្ត្រមួយសម្រាប់ជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញផងដែរ ដោយផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគ និងអ្នកជំនួញ។

សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ប្រមាណជា ៣០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងត្រូវមកដល់ប្រទេសកម្ពុជានៅក្នុងខែកុម្ភៈ ខាងមុខ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសទៅទទួលវ៉ាក់សាំងនេះ ដល់ព្រលានយន្តហោះ ហើយក៏នឹងចាក់វ៉ាក់សាំងនេះមុនគេផងដែរ។

បើទោះបីជាយ៉ាងណាលោកនាយករដ្ឋមន្រ្ដី បានប្រកាសហើយ ការចាក់វ៉ាក់សាំងនឹងធ្វើឡើងក្រោមគោលការណ៍ស្ម័គ្រចិត្ត មិនបង្ខិតបង្ខំនោះឡើយ ៕