Friday, January 28, 2022

លោក ហ៊ុន ម៉ាណែត ៖ កម្ពុជាមានសុខសន្តិភាព គឺជាឱកាសមាសសម្រាប់សិស្សជំនាន់នេះ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ

កំពង់ចាម៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានថ្លែងថា «មានសន្តិភាព មានការអភិវឌ្ឍន៍ ដូចពេលនេះ» ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសលោក អញ្ជើញជាអធិបតីក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ អគារទីចាត់ការ១ខ្នង រួមជាមួយនឹងសមិទ្ធផលនានាស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។


នាឱកាសនោះ លោក ក៏បានចាត់ទុកសកម្មភាពដែលសប្បុរសជនជាអតីតសិស្សនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានធ្វើនៅពេលនេះ គឺជាគំរូដ៏ល្អប្រសើរ សម្រាប់ប្អូនៗជំនាន់ក្រោយ។ ជាមួយគ្នានោះ លោក ក៏បានជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សជំនាន់នេះ ត្រូវខិតខំរៀនសូត្រឡើង ខណៈពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនជាហូរហែ ដោយមិនភ័យខ្លាចនឹងសង្គ្រាមឡើយ ពោលគឺយើងត្រូវបន្តថែរក្សាសន្តិភាព ដែលមានពេលនេះជារៀងរហូត និងបន្តកសាងអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល ឲ្យកាន់តែជឿលឿនថែមទៀត។


ក្នុងនោះ លោក ហ៊ុន ម៉ាណែត បានរំលឹកថា ជំនាន់អតីតសិស្សព្រៃទទឹង សិក្សានៅសាលានេះ ពិតជាមានការលំបាកណាស់ ដោយហេតុថា កាលនោះ ប្រទេសយើងមិនទាន់មានសុខសន្តិភាព ពេញលេញនោះទេ ពោលគឺពោរពេញទៅដោយសង្គ្រាម។


លើសពីនោះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ន ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្ត ជាច្រើន ពិសេស ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈ ការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋភិបាលកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា។ 


លោកអភិបាលខេត្ត បានមានប្រសាសន៍ បន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត។ ហើយសមិទ្ធផលទាំងនោះហើយបាននឹងកំពុងជួយដល់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រពីភាពក្រីក្រ១០០% ក្នុងឆ្នាំ១៩៧៩ មកនៅត្រឹម ១២,៦% នៅតាមទីប្រជុំជន និង ២២,៨% នៅជនបទ ក្នុងឆ្នាំ២០២០។


នាឱកាសនោះដែរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ក៏បានសម្តែងភាពសប្បាយរីករាយជាខ្លាំងនៅពេលឃើញសមិទ្ធផលកកើតថ្មីៗ នៅក្នុងវិទ្យាល័យ របស់ខ្លួន ជាពិសេសនាពេលនេះពួកគាត់ទទួលបានអគារសិក្សាថ្មី បណ្ណាល័យថ្មី មានសៀវភៅជាច្រើនប្រភេទ ទុកឃ្លាំង សម្រាប់ពួកគាត់សិក្សាស្រាវជ្រាវចំណេះដឹងផ្សេងៗ។ ជាមួយនោះ ក្នុងនាមលោកគ្រូ អ្នកគ្រូ  សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ក៏បានគាំទ្រចំពោះសមិទ្ធិផលទាំងអស់នេះ  ដោយបានធ្វើការប្ដេជ្ញាចិត្តខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីយកចំណេះដឹងកសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ នាពេលអនាគតផងដែរ៕