Monday, February 11, 2019

សេចក្តីថ្លែងការណ៍ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានច្បាប់របស់ទណ្ឌិត សម រង្ស៊ី ម្តងហើយម្តងទៀត

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ប្រកាសថ្កោលទោស ចំពោះទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដែលបានបង្ហោះនូវព័ត៌មាន ក្លែងក្លាយ បំភ្លៃការពិត ក្នុងគោលបំណងទុច្ចរិត ញុះញង់ បំបែកបំបាក់ សាមគ្គីភាព ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា បង្កអស្ថិរភាព និងសន្តិសុខក្នុងសង្គម។
សេចក្តីថ្លែងការណ៍ដដែលនេះដែរ ក៏បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានច្បាប់របស់ទណ្ឌិត សម រង្ស៊ី ម្តងហើយម្តងទៀត ដើម្បីតែបំពេញមហិច្ឆិតា ក្នុងក្តីស្រមើស្រមៃរបស់ខ្លួន ដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយពុំអាចលើកលែងបាន។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម៖

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ដើរច្រឡំក្រឡាអុកធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់!

សមដូចពាក្យលោក គង់ គាំ ពិពណ៌នាមែនគឺ លោក សម រង្ស៊ី ជាមនុស្ស «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត»។ ​នេះជាពាក្យបីមាត់ដ៏មហាសែនត្រឹមត្រូវមិន​ថា​កា​លពីពេលកន្លងទៅ បច្ចុប្បន្ន និងទៅអនាគត គឺសម រង្ស៊ី មិនដែលគិតត្រូវម្តង​ណា​ឡើយ​។ ជាក់ស្តែង ពេលនេះ សម រង្ស៊ី កំពុងច្រឡំបល់និងវាយតម្លៃស្ថានការណ៍ខុសស្រឡះ។
ទី១៖ សម រង្ស៊ី យល់ច្រឡំថា ភ្នំព្រះសុមេរុ៍គឺជាកូនដុំទឹកកក៖
ការក្លែងបន្លំសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាហើយហ៊ានទាំងយកមកបង្ហោះលើបណ្តាញសង្គម ផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននោះព្រោះតែ សម រង្ស៊ី គិតដោយ​​ភាន់ច្រឡំថាធ្វើបែបនេះអាចបំបែកគណបក្សប្រជាជនកម្ពុជាបាន។ ប៉ុន្តែ សម រង្ស៊ី ភ្លេច​គិ​តថា គណបក្សប្រជាជនគឺជាគណបក្សតែមួយគត់នៅ​កម្ពុជា ដែលមានភាពចំណាស់​ទាំ​ង​អាយុ ទាំងគំនិត និងទាំងនយោបាយ។ ខ្ញុំកត់សំគាល់ថាគណបក្សដ៍ធំមួយនេះ អាចស្ថិត​ស្ថេររឹងមាំកាន់អំណាចបានជាង៤០ឆ្នាំមកនេះក៏អាស្រ័យតែបក្សនេះមានសាមគ្គីឯកភាពផ្ទៃក្នុងដ៏រឹងមាំនិងវិន័យដ៏ល្អដែលគ្មានគណបក្សណាមួយនៅស្រុកខ្មែរយើងអាចធ្វើដូចឡើយ។ សាមគ្គីភាពនិងការឯកភាពផ្ទៃក្នុងនេះគួបផ្សំនឹងវិន័យនេះហើយ ដែលជាសរសរគ្រឹះ​ដ៏​រឹងមាំដូចភ្នំព្រះសុមេរុ៍ដែលអាចអនុញ្ញាតឲ្យគណបក្សនេះកាន់អំណាចជាង ៤០ ឆ្នាំមក​ហើ​យ និងនៅតែបន្តរឹងមាំ ហើយកាន់តែរឹងមាំឡើងថែមទៀត។
ដូច្នេះ ខ្ញុំយល់ថា ម៉ា​​ត្រឹម​ក្លែង​ការបន្លំសេចក្តីថ្លែងការណ៍ដែលប្រៀបបាន​នឹងល្បែងកូន​ក្មេង​នេះ មិនអាចធ្វើឲ្យ​គណបក្ស​ដឹកនាំ​ដោយលោក ហ៊ុន សែន របេះរោម​សូម្បីតែមួយបាន​ឡើ​យ​។ តាមពិតទៅ ល្បិចបំបែកលោក ហ៊ុន សែន ពីលោក ជា ស៊ីម និង លោក ស ខេង ត្រូវ​បានសម រង្ស៊ី លេងតាំងពីយូរឆ្នាំមកហើយ ប៉ុន្តែ គ្មានឡើយលទ្ធផល​សូម្បីតែប៉ុន​ក្រចក។
ទី២៖ សម រង្ស៊ី យល់ច្រឡំថាអង្កាមមានប្រយោជន៍ជាងអង្ករ៖ នៅពេលពលរដ្ឋខ្មែរកំពុងរស់នៅដោយសុខសាន្ត សម្បូរសប្បាយ ហើយមានជីវភាព​កាន់​តែ​ធូរធារជាងមុនជាលំដាប់និងនៅពេលដែលគ្រប់គ្នាគិតពីការសង់ផ្ទះថ្មី ទិញម៉ូតូថ្មី ឡានថ្មី ទូរស័ព្ទដៃថ្មី និងកំពុងគិតថា ចូលឆ្នាំថ្មីឆ្នាំនេះទៅលេងនៅឯណា សម រង្ស៊ី បែរជាអំពាវនាវ​ឲ្យ​ពលរដ្ឋងើបឡើងបះបោរប្រឆាំងរដ្ឋាភិបាលដូចនៅប្រទេសវ៉េណេហ្ស៊ុយអេឡា​។ តើពលរដ្ឋខ្មែរ​ណាទៅចាក់អង្ករដូរយកអង្កាមតាម លោក សម រង្ស៊ី?​ ពួកគេច្បាស់ជា​ចង់រស់​នៅក្នុងសុខសន្តិភាព ចង់ឃើញការអភិវឌ្ឍន៍ និងចង់ឃើញ​អនាគ​ត​កូនចៅភ្លឺស្វាង គឺច្បាស់​ជាមិនចង់ប្រែក្លាយប្រទេសទៅជាស៊ីរី លីប៊ី ឬវ៉េណេហ្ស៊ុអេឡាទេ តាមការញុះញង់របស់ លោក សម រង្ស៊ី ឡើយ។
ទី៣៖ សម រង្ស៊ី ដេកយល់សប្តិ៍ថា ខ្មែរចង់វិលទៅរករបបខ្មែរក្រហមវិញ៖ ដោយសារភាពស្រមើស្រមៃដោយការភាន់ច្រឡំបែបនេះហើយបានជា សម រង្ស៊ី បាន​លើក​គោលនយោបាយប៉ុល ពត មកអនុវត្ត គឺរឹបអូសដីធ្លី ទ្រព្យសម្បត្តិពីអ្នក​មានទៅ​ចែកអ្នក​​ក្រ​។ គោលនយោបាយដែលបង្កប់ដោយកំហឹងវណ្ណៈនេះត្រូវបានប៉ុល ពត អនុវត្តរួច​ហើយ​ច​ន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ។ ជាលទ្ធផលគឺ ត្បូងចប គល់ឬស្សី គ្មានលុយចាយ គ្មា​ន​បាយហូប ហើយទាំងអស់គ្នាទៅធ្វើស្រែដើម្បីបម្រើអង្គការតាមផែនការ មហាលោត​ផ្លោះ​មហាអស្ចារ្យ ធ្វើឲ្យខ្មែរវេទនាខ្លោចផ្សាស្លាប់ស្ទើរផុតពូជ។ តើ​មានពលរដ្ឋខ្មែរប៉ុន្មាន​នាក់ជឿ និងធ្វើតាមគោលនយោបាយលោក សម រង្ស៊ី ដែលចម្លងចេញទាំងស្រុងពី ប៉ុល ពត?
ទី៤៖ សម រង្ស៊ី ផឹកថ្នាំច្រឡំដេកយល់សប្តិ៍ថាគាត់ជាមេទ័ពដែលអាចបញ្ជាទ័ពបាន៖
សម រង្ស៊ី ដែលពីមុនធ្លាប់តិះដៀលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា ជាឧបក​រណ៍​រំលោ​ភ​សិទ្ធិមនុស្សដែលធ្វើឲ្យកងកម្លាំងប្រដាប់អាវុធខឹងសម្បារ​និងបញ្ចេញប្រតិកម្ម​តបយ៉ាង​ខ្លាំ​ង​ៗនោះ ឥឡូវស្រាប់តែបែរមកធ្វើជាអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ​ងើបបះ​បោរ​ប្រ​ឆាំ​ងរាជរដ្ឋាភិបាល។ ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា នាយទាហាន ពលទាហាន និងកង​កម្លាំង​ប្រ​ដាប់អាវុធគ្រប់ប្រភេទកំពុងឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព សន្តិសុខ និងសណ្តាប់​ធ្នាប់សាធារណៈ ការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
នៅកម្ពុជា កងកម្លាំងប្រដាប់អាវុធគឺជារបស់ជាតិក្រោមការបញ្ជា​ដឹកនាំ​របស់រាជរដ្ឋាភិ​បាល​។ មេទ័ពធំជាងគេបំផុត គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែន សម រង្ស៊ី ទេណា។ បើ​តាមមិត្តភ័ក្ររបស់ខ្ញុំដែលនៅធ្វើការក្នុងជួរទ័ព ប៉េអឹម និងប៉ូលីសបានខ្សឹប​​ប្រាប់អោយ​ដឹង​ថា កងកម្លាំងប្រដាប់អាវុធទាំងអស់បានត្រៀមរួចហើយ គឺត្រៀមចាប់ខ្លួន សម រង្ស៊ី បញ្ជូន​ទៅ​ពន្ធនាគារ។
សរុបសេចក្តីទៅ ផែនការទាំងប៉ុន្មានដែល សម រង្ស៊ី ដាក់ចេញគឺសុទ្ធតែផែនស្ករ​ដែលកើត​ចេញពីគំនិត គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើតដូចលោក គង់ គាំ ថា​មែន។ ឥឡូវនេះ សម រង្ស៊ី កំពុងលង់ខ្លួន នឹងពាក្យសន្យាដោយបង្ខំ​ចិត្តអំពីការវិល​ត្រឡ​ប់​វិញ។ កាលពីឆ្នាំ ២០១៥ សម រង្ស៊ី ធ្លាប់បានប្រកាសក្តែងៗថាគាត់នឹងមកកម្ពុជាវិញ ប៉ុន្តែ​ទីបំផុតអត់ហ៊ានមកទេ។ ដើម្បីលួងចិត្តអ្នកគាំទ្រ សម រង្ស៊ី ប្រឌិតរឿងថា បានទទួល​សារពី​ទូតអាមេរិកប្រចាំកម្ពុជាដោយបញ្ជាក់ថា លោក ស ខេង មិនឲ្យមក។ រឿងនេះធ្លាប់ត្រូវ​បាន​លោក ស ខេង ​បដិសេធរួចហើយ។ ចាំមើលម្តងនេះ តើសម រង្ស៊ី មានលេសអីដើម្បី​លើក​មកបិទបាំងភាពកំសាករបស់ខ្លួនខណៈដែលឱសានវាទនៃការភ្នាល់ជាមួយលោក ហ៊ុន សែ​ន ក៏កាន់តែខិតជិតចូលមកដល់ រីឯការប្រកាស សន្យាជាមួយអ្នកគាំទ្រ​ថាវិលចូល​ស្រុក​វិញ​ក៏បានជ្រុលមាត់ធ្វើរួចហើយដែរ។
ថ្ងៃនេះខ្ញុំបានស្តាប់ចំរៀងក្នុង YouTube ដែលនិពន្ធដោយលោក ហ៊ុន សែន ពិតជាពិរោះ​ហើយខ្លឹមសារដែលលោកសរសេរនោះហាក់បីដូចជាស្របទៅ​នឹងការភ្នាល់ក្នុងកំរឹត  VVIP ដែលឱសានុវាទនៃការសន្យារបស់គូភាគីនោះ​កាន់តែខិតជិតចូលមកដល់។ ហើយ​បើវិភាគ​លើកំណាព្យមួយបទនេះដែលថា «ទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ, សង្សារបង​អើយ​ដល់ពេលហើយឬនៅ, ចិត្តអូនចិត្តដាច់ ចិត្តបងចិត្តខ្មៅ, ស្ពានក៏បាក់ ទឹកក៏ជ្រៅធ្វើម្តេ​ចបាន​ទៅតាមការសន្យា» គ្មានឡើយការលើកលែងទោសដល់មនុស្សចិត្តខ្មៅ ហើយសម រង្ស៊ី ពេលនេះកំពុងជួបបញ្ហាស្ពានក៏បាក់ ទឹកក៏ជ្រៅទឹកជ្រៅ មានន័យថា សម រង្ស៊ី ជាអ្នក​ផ្តាច់​ស្ពានដោយខ្លួនឯងជាមួយលោក ហ៊ុន សែន រីឯទឹកក៏ជ្រៅគឺគ្មានអ្នកណា​ជួយគាំទ្រ​គាត់​ឲ្យ​បានវិលវិញដោយសុវត្ថិភាពតាមការសន្យារបស់គាត់បានឡើយ ។ ហើយខ្ញុំយល់ថាបើ ស​ម រង្ស៊ី មក គឺមានតែខ្នោះ និងគុករង់ចាំតែប៉ុណ្ណោះ។ នេះហើយ​ជាគ្រោះថ្នាក់​របស់​មនុ​ស្ស​ដែលមិនចេះលេងអុក ដើរកូនអុកច្រឡំក្រឡាព្រោះ​តែការវាយតំលៃសភាពការ​ណ៍មិន​ត្រូវ​៕
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ





ក្រសួងការបរទេសកម្ពុជាប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ​ទង្វើ​របស់ទណ្ឌិត សម រង្ស៊ី ​ដែលបានអំពាវនាវមិនឲ្យកងទ័ពស្តាប់បញ្ជា និងឲ្យមានការបះបោរ និងសេចក្តីថ្លែងការណ៍ដ៏ពិសពុលរបស់ជនរូបនេះ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ បុគ្គល សម រង្ស៊ី ដែលជាទណ្ឌិតជនជាតិខ្មែរមានសញ្ជាតិបរទេស បានធ្វើការអំពាវនាវឥតឈប់ឈរ ដល់សហគមន៍អន្តរជាតិ ឲ្យចោទសួរពីធម្មានុរូបភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងអំពាវនាវឲ្យកងយោធពលខេមរភូមិន្ទ និងប្រជាជន ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល ដែលបានជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងសម្លេងឆ្នោតយ៉ាងច្រើនលើសលុបរបស់ម្ចាស់ឆ្នោត។
ក្នុងការអះអាង​ដែលគ្មានមូលដ្ឋានថា ការបោះឆ្នោតជាសកលកាលពីខែ​កក្កដា ឆ្នាំ​២០១៨ មិនមានធម្មានុរូបភាព បុគ្គលរូបនេះ បានប្រើប្រាស់វោហាសាស្រ្តនយោបាយដដែលៗ ចំពោះរាល់ការបោះឆ្នោតថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ១៩៩៨​មក ដែលបុគ្គលនេះ និងគណបក្សដែលគាត់ដឹកនាំ បានទទួលបរាជ័យរហូតមក។
នៅពេលដែលទណ្ឌិត សម រង្ស៊ី អួតអាងខ្លួនឯងថាជា​វីរៈបុរស និងទុក្ករបុគ្គល នៃលទ្ធិប្រជាធិបតេយ្យនោះ នៅក្នុងបណ្តាប្រទេសអឺរ៉ុប និងអារ្យប្រទេសធំៗ ផ្សេងទៀត បុគ្គលរូបនេះគួរត្រូវបានចាត់ទុកជាជនប្រជាភិថុតិ ជនប្រជាកលនិយមប្រកបដោយគ្រោះថ្នាក់ ជាតិនិយមហួសហេតុ និងប្រកាន់ពូជសាសន៍ ដែលដើរឃោសនាឲ្យមានការបែកបាក់ក្នុងសង្គម និងការផ្លាស់​ប្តូររបបដោយមធ្យោបាយហិង្សា។ ​អ្នកបោះឆ្នោតកម្ពុជា បានបដិសេធដាច់អហង្ការនូវគោលបំណងទុច្ចរិតនេះ និងបានជ្រើសរើសមាគ៌ាប្រជាធិបតេយ្យ តាមរយៈដំណើរការបោះឆ្នោត។
បើតាមក្រសួងការបរទេស សេចក្តីថ្លែងការណ៍របស់បុគ្គលរូបនេះ មិនត្រឹមតែមើលស្រាលយ៉ាងធ្ងន់ធ្ងរ ដល់គណបក្សនយោបាយចំនួន១៩ទៀត ដែលបានចូលរួមបោះឆ្នោតប៉ុណ្ណោះទេ តែថែមទាំងមើលស្រាលដល់ឆន្ទៈម្ចាស់ឆ្នោតប្រមាណ​៨៣,០២% ដែលបានបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចដោយសំលេងភាគច្រើនលើសលុប។
កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា ក្នុងអត្រា៧,៧% ក្នុងរយៈកាលជាងពីរទស្សវត្សរ៍ រួមជាមួយនឹងស្ថិរភាពនយោបាយ ការបែងចែកផ្លែផ្កា នៃវិបុលភាពប្រកបដោយ
សមធម៌ គឺជាមូលដ្ឋានពន្យល់យ៉ាងច្បាស់នូវជម្រើស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បានមាគ៌ាជាបន្តប្រកបដោយសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ការអំពាវនាវទាំងនេះ គឺគ្រាន់តែជាការអុចអាល និងញុះញង់ ដើម្បីតែមហិច្ឆតាចង់បានអំណាចរបស់ទណ្ឌិតរូបនេះតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាល នឹងប្រឆាំងទប់ស្កាត់​តាមគ្រប់មធ្យោបាយ ចំពោះរាល់ការប៉ុនប៉ងនានា និងការធ្វើអន្តរាគមន៍ពីភាគីទី៣ ក្នុងការបង្កអស្ថិរភាព និងបំផ្លិចបំផ្លាញមាតុភូមិ ក៏ដូចជាសុភមង្គលរបស់ប្រជាជនយើង។ យើងនឹងការពារប្រជាជាតិយើង ប្រឆាំងទល់នឹងកលល្បិចទាំងនេះ ទោះក្នុងតម្លៃណាក៏ដោយ។
រាជរដ្ឋាភិបាលត្រូវបានជាប់ឆ្នោតដោយត្រឹមត្រូវ បង្កើតឡើងដោយស្របច្បាប់ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយបណ្តាប្រទេសជាច្រើន រួមទាំងប្រទេសនានា នៅក្នុងសហភាពអឺរ៉ុប និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗផ្សេងៗទៀត។
ក្រសួងការបរទេស បានអះអាងបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា រីករាយជាមួយនឹងចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ នៅក្នុងស្មារតីនេះហើយដែលយើងបានអំពាវនាវ មិនឲ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងឲ្យមានការគោរពអធិបតេយ្យភាពរបស់កម្ពុជា ដើម្បីឲ្យកម្ពុជាអាចបន្តដំណើរលើមាគ៌ារបស់ខ្លួន ឆ្ពោះទៅរកសាមគ្គីភាពជាតិ ការពង្រឹងថែមទៀតនូវលទ្ធិ​ប្រជាធិបតេយ្យសេរីពហុបក្ស ការលើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព
ឯកភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ៕​