Friday, January 08, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនិងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀតក្នុងការកសាងនិងការពារជាតិមាតុភូមិ

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង។ នេះបើយោងតាមខ្លឹមសារនៅក្នុងសារអបអរសាទររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសរំលឹកខួបទី៤២ នៃទិវាជ័យជម្នះ ៧មករា។

នៅក្នុងសារលិខិតដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពានវានដល់ជនរួមជាតិបន្តអនុវត្តខ្ជាប់ខ្ជួននូវរាល់វិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ព្រមទាំងជម្នះផលវិបាកដែលជំងឺនេះបង្ករឡើងនិងផលវិបាកនៃគ្រោះទឹកជំនន់ឆ្នាំ២០២០កន្លងទៅ សំដៅធ្វើឱ្យមានប្រក្រតីភាពឡើងវិញឆាប់រហ័សនូវដំណើរការរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមទៀតថា សម្រាប់ឆ្នាំ២០២១នេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលជាវិបត្តិសុខភាពសាកល បាននិងកំពុងបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមសេដ្ឋកិច្ចកម្ពុជានោះ បានតម្រូវឱ្យយើងត្រូវផ្អាកការជួបជុំធ្វើមីទ្ទីង ដើម្បីប្រមូលផ្តុំការប្រឹងប្រែងប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺដ៏កាចសាហាវនេះ។ ទោះបីជាយ៉ាងនេះក្តី ក៏អត្ថន័យនិងស្មារតីជ័យជម្នះ៧មករា ស្ថិតនៅរស់រវើកជានិច្ចក្នុងមនសិការរបស់ប្រជាជនកម្ពុជា។ បើគ្មានជ័យជម្នះ៧មករាទេ យើងពិតជាគ្មានជីវិត និងគ្មានអ្វីៗទាំងអស់ដូចបច្ចុប្បន្ននេះឡើយ៕






កម្ពុជាប្រែក្លាយពីទឹកដីមួយជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ជាសមរភូមិនៃសង្រ្គាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ទៅជាប្រទេសដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ

 កម្ពុជាបានប្រែក្លាយពីទឹកដីមួយជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ជាសមរភូមិនៃសង្រ្គាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ជាប្រទេសក្រីក្រឱនថយបំផុតផ្នែកសេដ្ឋកិច្ច ជាប្រជាជាតិត្រូវគេប្រមាថ និងឯកោយ៉ាងអយុត្តិធម៌ ឥឡូវកម្ពុជាគឺជាប្រទេសដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ជាទឹកដីដែលមានសុខសន្តិភាពពេញលេញ ជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់យ៉ាងលឿនធ្វើឱ្យជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរឡើង ព្រមជាមួយនេះ កិត្យានុភាពជាតិរបស់កម្ពុជាក៏បានលើកកម្ពស់ឡើងវិញលើឆាកអន្តរជាតិ។ នេះបើយោងតាមខ្លឹមសារនៅក្នុងសារអបអរសាទររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសរំលឹកខួបទី៤២ នៃទិវាជ័យជម្នះ ៧មករា។

នៅក្នុងសារលិខិតដដែលនោះបានឱ្យដឹងថា ក្នុងរយៈពេល៤២ឆ្នាំមកនេះ ប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលធំៗ ប្រកបដោយវីរភាពក្នុងការការពារ និងការស្តារកសាង និងអភិវឌ្ឍប្រទេសជាតិ។ នៅលើវិថីដ៏សែនលំបាកនេះ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំការតស៊ូរំដោះជាតិពីរបប្រល័យពូជសាសន៍ បានផ្សារភ្ជាប់ខ្លួនជាមួយប្រជាជននៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព បន្តដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គតូចធំរាប់មិនអស់ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពប្រកបដោយមោទនភាព។ ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជនជាតិ គ្រប់ជំនឿសាសនា គ្រប់និន្នាការនយោបាយ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាការពារ ថែរក្សា ពូនជ្រំ មិនឱ្យបុគ្គណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ៕





អាកាសធាតុចុះត្រជាក់ខ្លាំងដល់១១អង្សា ពីថ្ងៃទី០៩ ដល់១៧ មករា, ក្រសួងអំពាវនាវឱ្យយកចិត្តទុកដាក់ថែទាំសុខភាព

 ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំងមិនធ្លាប់មាន ដោយចុះត្រជាក់រហូតដល់ ១១អង្សា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការចុះត្រជាក់នេះ បណ្តាលមកពីទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ពីតំបន់ស៊ីប៊ឺរី គួបផ្សំជាមួយខ្យល់មូសុងឦសានខ្លាំង។

ក្រសួងបានឱ្យដឹងថា តាមរយៈបាតុភូតនេះ នឹងធ្វើឱ្យតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៣អង្សា ទៅ ១៥អង្សា លាយឡំជាមួយខ្យល់មធ្យម។ សម្រាប់រាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៦អង្សា។

សម្រាប់តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១១អង្សា ទៅ ១៣អង្សា លាយឡំជាមួយខ្យល់ខ្លាំងផងដែរ។

ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧អង្សា ទៅ ១៩អង្សា។ នៅថ្ងៃទី១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗផងដែរ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម ការចុះត្រជាក់នេះ គឺជាស្ថានភាពមួយមិនធ្លាប់មានពីមុនមកនោះឡើយសម្រាប់កម្ពុជា។ ក្រសួងធនធានទឹក បានអំពាវនាវសូមសាធារណជនជ្រាបជាព័ត៌មាន។ ជាពិសេសវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ។

ក្រសួងបានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕



លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

 លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិភាក្សាកែសម្រួលលើលក្ខណៈសម្បត្តិមួយចំនួន នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋមន្ដ្រីបណ្ដាក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាពផ្សេងៗ ដែលមានកាតព្វកិច្ចតាមដាន និងអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនេះផងដែរ។

គួរជម្រាបថា គោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវបានរាជរដ្ឋាភិបាល ដាក់ចេញឡើង ដើម្បីធ្វើយ៉ាងណាឲ្យតាមមូលដ្ឋាន រក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់ គ្មានបទល្មើសគ្រប់ប្រភេទ គ្មានក្មេងទំនើង និងបញ្ហាផ្សេងៗ ដែលបង្កអសណ្ដាប់ធ្នាប់ក្នុងសង្គម។ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព បានកំណត់នូវលក្ខណៈសម្បត្តិចំនួន៩ចំណុច ដើម្បីឲ្យភូមិឃុំអនុវត្ត។

ដោយមើលឃើញថា បច្ចុប្បន្ន៩ចំណុចនេះ ហាក់នៅមានភាពខ្វះខាត ដូច្នេះរាជរដ្ឋាភិបាលបានសម្រេចកែសម្រួលនូវលក្ខណៈសម្បត្តិមួយចំនួនទៀត របស់ភូមិឃុំ មានសុវត្ថិភាពនេះ ៕