Thursday, September 28, 2017

រដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ អនុក្រឹត្យ​ និងលិខិត​បទដ្ឋាន​ពាក់ព័ន្ធនឹង​ការបង្កើតយន្តការ​ច្រកចេញ​ចូលតែមួយ​

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ សង្កាត់។

សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណងក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការគាំទ្រ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃទៅលើការផ្តល់សេវារដ្ឋបាលផងដែរ៕


ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី២៨ ខែកញ្ញានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ពលករខ្មែរនៅកូរ៉េកុំឱ្យមានការព្រួយបារម្ភរឿងសង្រ្គាម

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស​ង្រ្គាមនៅឧបទ្វីបកូរ៉េនឹងមិនផ្ទុះឡើងនោះទេហើយសូមពលករខ្មែរទាំងអស់នៅប្រទេសកូរ៉េខាងត្បូងកុំមានការព្រួយបារម្ភ។​ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានត្រឹមតែគម្រាមកូរ៉េខាងជើងប៉ុណ្ណោះ ប៉ុន្តែប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនដែលនៅជិតនឹងកូរ៉េខាងជើងចង់ឱ្យមានដំណោះស្រាយដោយសន្តិវិធី ជាជាងបង្កើតសង្រ្គាមមួយដែលនឹងមិនមាននរណាឈ្នះ ហើយប្រទេសកូរ៉េ និងជប៉ុនដឹងយ៉ាងច្បាស់ថា បើមានសង្រ្គាមមែននោះគឺកូរ៉េ និងជប៉ុនតែប៉ុណ្ណោះជាអ្នករងគ្រោះធ្ងន់ធ្ងរចំណែកអាមេរិកមិនរងគ្រោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមយកឱកាសនេះ ជម្រាបដល់ពលករខ្មែរដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង និងមាតាបិតាអាណាព្យាបាលរបស់ពលករខ្មែរដែលកំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូង សូមមេត្តាកុំព្រួយបារម្ភ ខ្ញុំជឿថាសង្រ្គាមនេះវាមិនកើតឡើងទេ ការគម្រាមនេះវាស្ទើរតែរាប់រយដងទៅហើយ មិនមែនត្រឹមរាប់សិបដងនោះទេ ប៉ុន្តែសង្រ្គាមនេះ វានឹងមិនកើតឡើងទេ ព្រោះសង្រ្គាមនេះវាមិននាំឱ្យមាននរណាម្នាក់ឈ្នះទេ វាចាញ់ទាំងអស់គ្នាតែម្តង»។

សូមបញ្ជាក់ថា​ កម្តៅនយោបាយនៅឧបទ្វីបកូរ៉េ ចាប់ផ្តើមតានតឹងជាបន្តបន្ទាប់ក្រោយពេលប្រទេសកូរ៉េ ខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់រំលងប្រទេសជប៉ុន ខណៈដែលអាមេរិក ក៏នៅតែបន្តព្រមានកូរ៉េខាងជើងដោយថាការបាញ់ ឬធ្វើតេស្តមីស៊ីលនេះគឺជាការគម្រាមកំ​ហែងដល់សន្តិសុខពិភពលោក៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ក្រោយក្រសួងធនធានទឹក បញ្ជាក់ថាស្ទឹងព្រែកត្នោតជាកន្លែងគ្រោះថ្នាក់ជាងគេ

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលអាចរងគ្រោះដោយឥទ្ធិពលជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសក្នុងរាជធានីភ្នំពេញ កណ្តាល និងស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទន្ទឹមនឹងការអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននោះ លោក ក៏បានស្នើឱ្យក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមវិធានការ ឱ្យបានខ្ពស់សម្រាប់រំដោះជំនន់ទឹកភ្លៀងពិសេសប្រសិនបើទឹកស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ មានការកើនឡើង ត្រូវជម្លៀសកុំឱ្យចូលរាជធានីភ្នំពេញ។ លោក ក៏បានរំលឹកពីស្ថានភាពគ្រោះមហន្តរាយកាលពីឆ្នាំ២០០០ ដោយសារតែជំនន់ទឹកព្រែកត្នោត ខេត្តកំពង់ស្ពឺ បានបុកទម្លាយចូលមកនៅតំបន់សាក់សំពៅ តំបន់មួយចំនួនខាងលិច ដែលកាលនោះត្រូវកាត់ផ្លូវជាតិលេខ២ ម្ដុំព្រែកអាទាំងដើម្បីបង្ហូរបញ្ជៀសចេញ។

សូមរម្លឹកថា ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា បណ្តារាជធានី ខេត្តចំនួន១៧ នៃប្រទេសកម្ពុជា អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះដល់់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។ រាជធានីខេត្តទាំង១៧នោះរួមមាន៖ ភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។ ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះ លើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ខ្លាំងរលកសមុទ្រខ្ពស់ៗ។ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕





ក្រសួងបរិស្ថាន ធ្វើការប្រជុំអន្តរក្រសួង ដើម្បីត្រួតពិនិត្យការងារគ្រប់គ្រងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំ អន្តរក្រសួង ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងលើកទិសដៅការងារបន្តសំដៅ ពង្រឹងប្រសិទ្ធភាពគ្រប់ គ្រងឧទ្យានជាតិព្រះមុនីវង្សព្រះមុនីវង្ស «បូកគោ» នៅទីស្តីការក្រសួងបរិស្ថាន ដែលមានតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធចូលរួម។

កិច្ចប្រជុំនៅនេះផ្តោតលើការបន្តដោះស្រាយកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋ និងបន្តជួយក្រុមហ៊ុនវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ឧទ្យានជាតិមួយនេះ ដើម្បីអាចទទួលបានភ្ញៀវទេសចរណ៍ ឱ្យតែ ច្រើនបន្ថែមទៀត សំដៅឆ្លើយតបទៅនឹងគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍន៍-អភិវឌ្ឍន៍ដើម្បីអភិរក្ស ៕



ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាព

សៀមរាប៖ ស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួល មរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកតាម បណ្ដោយដង ស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមសាច់ញាតិរបស់លោកតា បានប្រាប់បណ្តាញសារព័ត៌មាន នៅមុននេះបន្តិច។

សូមជម្រាបថា​ ស្នាដៃចំបងៗរបស់លោក វណ្ណ មូលីវណ្ណ រួមមាន​​៖ សាល​សន្និសីទចតុមុខ, វិមានឯករាជ្យ, ពហុកីឡដ្ឋានជាតិអូឡាំពិក, សំណង់ «​ផ្ទះ១០០» ដែលត្រូវ​បាន​សាង​សង់​ សម្រាប់​បុគ្គលិក​ធនាគារ​ជាតិកម្ពុជា ​ស្នាក់នៅ​ (១៩៦៥-១៩៦៧), វិមានរដ្ឋចំការ​មន, សាល​មហោស្រព​ជាតិសុរាម្រឹត (សាល​​មហោ​ស្រព​នេះត្រូវ​​ភ្លើង​ឆេះ​ កាល​ពី​ឆ្នាំ​១៩៩៤ ហើយ​​មហោស្រព​នេះ​ មិន​ដែល​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ឡើយ​, អនុវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​ និងវិទ្យាស្ថាន​ភាសា​បរទេស ៕



លោក ហ៊ុន ម៉ាណែត បង្ហាញវត្តមាននៅក្រៅប្រទេស មិនដែលបណ្ដុះគំនិតឱ្យខ្មែរ និងខ្មែរឈ្លោះគ្នា ខុសពីអ្នកនយោបាយមួយចំនួននោះទេ

(អឺរ៉ុប)៖ ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស ពិសេសពលរដ្ឋខ្មែរដែលទៅរស់នៅក្រៅប្រទេស តែងតែសង្កេត ឃើញថា ទង្វើរបស់លោក ហ៊ុន ម៉ាណែត នៅពេលដែល លោកចេញទៅបរទេសម្ដងៗ គឺមិនដែលទាល់តែ សោះ ក្នុងការញុះញង់ឱ្យខ្មែរ និងខ្មែរមានគំនិតគុំគួនជាមួយគ្នានោះទេ ហើយទង្វើបែបនេះរបស់ លោកត្រូវបាន គេមើលឃើញថា ផ្ទុយពីអ្នកនយោបាយមួយចំនួនដែលនៅពេលចេញទៅក្រៅប្រទេស តែងតែញុះញង់ឱ្យ ខ្មែរនិងខ្មែរឈ្លោះគ្នា ព្រមទាំងនិយាយអាក្រក់ពីខ្មែរប្រាប់ទៅបរទេស។
ក្រៅពីមិនបានញុះញង់ឱ្យខ្មែរនៅក្រៅប្រទេស មានគំនិតគុំគួនគ្នាហើយនោះ លោក ហ៊ុន ម៉ាណែត នៅពេល ចេញទៅក្រៅប្រទេសម្ដងៗ តែងបា្ររព្ធពិធីជួបជុំ កម្សាន្ដសប្បាយ និងបានរៀបរាប់ប្រាប់ពីការអភិវឌ្ឍន៍ប្រទេស ឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ជូនបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេសថែមទៀតផង ។
ជាក់ស្ដែង លោក ហ៊ុន ម៉ាណែត រហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ បាននិងកំពុងដឹកនាំក្រុមការងារ បំពេញបេសកកម្មជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការ និងរៀនសូត្រនៅប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប ។
នាអំឡុងការបង្ហាញវត្តមានជាលើកទី៣របស់លោក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រទេសស្វីស ប្រទេសអង់គ្លេស និងប្រទេសស្វីសនារយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមានវត្តមាន បងប្អូនប្រជាពលរដ្ឋ ខ្មែរ យ៉ាងច្រើនបានមកទទួលស្វាគមន៍យ៉ាងរីករាយជាទីបំផុត ប្រកបដោយភាពស្និតស្នាល ក្នុងនាមខ្មែរតែមួយ ដែលទាំងនេះបង្ហាញនូវភាពជោគជ័យយ៉ាងខ្លាំង ជាពិសេសនោះ បងប្អូនខ្មែរនៅតាមប្រទេសទាំងនោះ បានយល់ច្បាស់មកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។
ទន្ទឹមគ្នានេះ ក៏មានវត្តមានការតវ៉ាប្រឆាំងមួយក្តាប់តូចផងដែរ ចំពោះវត្តមានកូនប្រុសច្បងដ៏មានប្រជាប្រីយភាព លោក ហ៊ុន ម៉ាណែត ប៉ុន្តែមានតិចតួចប៉ុណ្ណោះ ពោលគេសង្កេតឃើញនៅអាល្លឺម៉ង់ ត្រឹម២០ទៅ៣០នាក់ ខណៈពលរដ្ឋរាប់រយនាក់បានទៅទទួលរាក់ទាក់ និងស្វាគមន៍លោក ហ៊ុន ម៉ាណែត និងក្រុមការងារ ។
ថ្លែងនៅចំពោះបងប្អូនខ្មែរនៅទីនោះ លោក ហ៊ុន ម៉ាណែត បានប្រកាសថា «សូមពូមីងជឿចុះរាជរដ្ឋាភិបាល កម្ពុជា ទទួលខុសត្រូវចំពោះជាតិមាតុភូមិ ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ យកចិត្តទុកដាក់ជួយដល់ ប្រជាពលរដ្ឋ ទទួលខុសត្រូវចំពោះការអនុវត្តច្បាប់ អ្វីក៏ដោយមិនយកប្រជាជនជាសត្រូវ គឺជួយប្រជាពលរដ្ឋ ដោះស្រាយ ទុកលំបាករបស់ប្រជាពលរដ្ឋ ការពារទឹកដីដែលយើងធ្វើបាន។
ជាពិសេសប្រជាពលរដ្ឋក្រីក្ររបស់យើងនេះហើយ គឺអ្វីដែលជាការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល និងការអនុវត្តនយោបាយថ្មីៗ ទាំងអស់ដើម្បីជួយដល់ប្រជាពលរដ្ឋ អ៊ុពូមីងបានដឹងហើយ»។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ព្រោះតែអញ្ចឹងហើយ ប្រទេសយើងពីសង្គ្រាមកន្លង មកទម្រាំបាន ប៉ុណ្ណេះ ហើយយើងបន្តរីកទៅទៀត ជាពិសេសស្មារតីរួបរួមគ្នានេះហើយ ដែលមិនធ្វើឱ្យខ្មែរបែកបាក់ទាំងក្នុង និងក្រៅប្រទេសភាពអត់ធ្មត់ ភាពមិនលាបពណ៌គ្នា ការសាមគ្គីគ្នាទទួលស្គាល់ នូវគំនិតខុសគ្នា ប៉ុន្តែយើងមិន យកខ្មែរណាជាសត្រូវ។ នេះហើយជាអ្វីយើងជាខ្មែរគ្រប់រូបទាំងក្នុង និងក្រៅប្រទេសត្រូវតែបន្តដើម្បី ជ្រោង ទង់ជាតិ យើងនៅលើឆាកអន្តរជាតិ ជាតិយើងទុកឱ្យកូនចៅយើងជំនាន់ក្រោយកាន់តែមានមោទនភាព» ៕





អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រកាសមិនយកសេវាបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្នដល់សិស្សជាប់បាក់ឌុប ចំនួន១០ថ្ងៃ

រដុ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីជូនដំណឹងមិនយកថ្លៃសេវានីត្យានុកូលកម្ម លើវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុយតិយភូមិ សម័យប្រឡងឆ្នាំ២០១៧ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីលើកទឹកចិត្ត ដល់សិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់គ្នា។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងផ្តល់សេវានីត្យានុកូលកម្ម លើវញ្ញាបនបត្រ បណ្តោះអាសន្នជូនដោយឥតគិតថ្លៃលើសេវា នៅការិយាល័យច្រក ចេញចូលតែមួយរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។
សិស្សានុសិស្សអាចទទួលបាននូវសេវានីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នរបស់ខ្លួនចំនួន១០សន្លឹក។

សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដខូចខាងក្រោម៖

លោក ហ៊ុន សែន បញ្ជាឱ្យប្រើកញ្ចប់ថវិកាពិសេសដោះស្រាយបញ្ហាគ្រាប់បែកគីមីនៅស្វាយរៀង

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា លោកគ្មានសង្ឃឹមថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរ គ្រាប់បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ នៅលើទឹកដីនៃខេត្តស្វាយរៀងនោះឡើយ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើឱ្យប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយ បញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ។

ការថ្លែងបង្ហាញពីការគ្មានជំនឿទៅលើសហរដ្ឋអាមេរិក ក្នុងការយកគ្រាប់បែកគីមីក្នុងខេត្តស្វាយរៀង និងបញ្ជា ឱ្យប្រើកញ្ចប់ថវិកាពិសេសដើម្បីដោះស្រាយបញ្ហាសង្រ្គោះជីវិតប្រជាពលរដ្ឋនេះ បានធ្វើឡើង នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងពេលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យចេនឡាជិត៣ពាន់នាក់ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកនាយករដ្ឋមន្រ្ដី ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតំបន់ ដែលបានរកឃើញគ្រាប់បែកគីមីនោះ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បាន ណែនាំឱ្យដោះស្រាយបញ្ហានេះឱ្យបានមុនសិស្សចូលរៀនវិញ ហើយបើសិស្សចូលរៀន ក៏ត្រូវជម្លៀស ពួកគេផងដែរ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ៊ីចឹងទេយើងត្រូវធ្វើបើទោះបីយ៉ាងម៉េចក៏ដោយ នេះជាបញ្ហារបស់យើង។ ខ្ញុំបាននិយាយថា សូមឲ្យអាមេរិកមកយក ប៉ុន្តែចាំទៅដេកដល់តែថ្ងៃងាប់ទៀត ក៏មិនទាន់អាមេរិកមកយកទេគ្រាប់ហ្នឹងនោះ អ៊ីចឹងទេសុវត្ថិភាពខ្លួនឯង។

យើងត្រូវដោះស្រាយបញ្ហានេះតាមរយៈគណៈកម្មាធិការជាតិអាវុធគីមីរបស់យើង ហើយត្រូវជម្លៀសប្រជាជន ហើយបើត្រូវធ្វើតាមរយៈអ្នកឯកទេសអាវុធគីមីរបស់យើង»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបន្ថែមថា «នេះជាលទ្ធផលនៃសង្រ្គាមពីអតីតកាល ដែលបន្សល់ ទុកឲ្យ យើង»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានរំលឹកដែរថា គ្រាប់បែកគីមី គឺជាអាវុធដ៏ប្រល័យ និងគ្រោះថ្នាក់បំផុត នៅលើពិភពលោក ហើយគ្រាប់បែកគីមីនេះហើយ ដែលអាមេរិក បានយកជាលេស ដើម្បីលោក សាដាំ ហ៊ូសេន ពីតំណែង។

គ្រាប់បែកគីមីរបស់អាមេរិកបន្សល់លើដីខ្មែរពីសម័យសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ៧០ ដែលអាជ្ញាធរកម្ពុជា បានរក ឃើញ ហើយកំពុងបង្កជាការភ័យខ្លាចខ្លាំងដល់ប្រជាពលរដ្ឋខ្មែរនេះមានចំនួនពីរគ្រាប់ ស្ថិតនៅក្នុងឃុំ គគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមួយគ្រាប់ស្ថិតនៅក្បែរវត្ត និងមួយគ្រាប់ទៀតស្ថិតនៅក្បែរសាលា រៀន។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានឱ្យដឹងថា គ្រាប់បែក គីមីនោះ ជាប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិន បើកផ្ទុះ នឹងផលប៉ះពាល់ខ្លាំង ដែលអាចបង្កឱ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។

គួររំលឹកថា ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានរំលឹកពីបញ្ហាគ្រាប់បែកគីមីនេះផងដែរ។

លោកបានស្នើឱ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស ទៅមើលគ្រាប់បែកគីមីនោះ ព្រមទាំងស្នើដល់រដ្ឋាភិបាលអាមេរិកឱ្យពិចារណាឡើងវិញពីបញ្ហាគ្រាប់បែកនៅលើដីកម្ពុជា ដែលអាមេរិក បានទម្លាក់ពីសម័យសង្រ្គាមប្រមាណ ២លាន ៧សែនតោន ដោយមិនត្រូវគិតតែអដ្ឋិធាតុទាហានអាមេរិក និងបំណុលនោះឡើយ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលសង្គ្រាមចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ អាមេរិក បានទម្លាក់គ្រាប់បែកជិត ៣លានតោននៅលើទឹកដីកម្ពុជា។ គ្រាប់បែកទាំងនោះ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរប្រមាណជាកន្លះលាននាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើនលាននាក់ ត្រូវបានស្លាប់ ដោយសារជំងឺ ហើយប្រជាពលរដ្ឋខ្មែររាប់លាន នាក់ទៀត ត្រូវនិរាស្រ្តព្រាត់ប្រាស់ពីផ្ទះសម្បែង។

ជាពិសេសគ្រាប់បែកគីមីរបស់អាមេរិក នៅតែបន្តធ្វើឱ្យប្រជាពលរដ្ឋខ្មែររងគ្រោះដល់ពេលបច្ចុប្បន្ន ដែលក្នុង នោះកុមារខ្មែរមួយចំនួន ត្រូវជួបពិការភាពតាំងពីកំណើតព្រោះសារធាតុគីមីនេះ ៕





អាជ្ញាធរជាតិអប្សរាជួបពិភាក្សាជាមួយស្ថាប័នឯកជនដើម្បីបង្កើនគុណភាពវិស័យទេសចរណ៍នៅតំបន់អង្គរ

សៀមរាប៖ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់អង្គរឱ្យបានកាន់តែល្អប្រសើរ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧អាជ្ញារធរជាតិអប្សរាបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនឯកជនដែលកំពុងប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដូចជាវិស័យសណ្ឋាគារ មគ្គុទ្ទេសក៍ទេសចរណ៍​និងភ្នាក់ងារទេសចរណ៍​ជាដើម។

កិច្ចប្រជុំនេះរៀបចំនៅបន្ទប់ប្រជុំនៃសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ក្រោមអធិបតីភាពលោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដោយមានការ​អញ្ជើញ​ចូល​​រួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនឯកជនចំនួន១៥ ដែលជាសមាជិកនៃក្រុមប្រឹក្សាយោបល់​ដើម្បី​អភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ។

គោលបំណងចម្បងនៃការជួបជុំនេះ គឺដើម្បីបង្ហាញដល់ក្រុមហ៊ុនឯកជននានាដែលប្រតិបត្តិការលើ​វិស័យ​ទេសចរណ៍នូវការវិវត្តផ្សេងៗដែលកើតមានឡើងក្នុងការងារអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អង្គរ និងការ​ពិភាក្សា​រកចំណុចខ្វះខាតមួយចំនួនក្នុងដំណើរការអភិវឌ្ឍទេសចរណ៍អង្គរ ដើម្បីស្វែងរកដំណោះស្រាយ​រួមគ្នារវាង​រដ្ឋនិងវិស័យឯកជន ធ្វើឱ្យភ្ញៀវទេសចរដែលមក​ទស្សនាអង្គរទទួលបានបទ​ពិសោធន៍ដ៏ល្អក្នុង​ដំណើរកម្សាន្ត​របស់ខ្លួន។

ជាមួយគ្នានេះដែរ លោក សុខ សង្វារ បានលើកឡើងនូវដំណើរការវិវត្តជា​ច្រើនដែលអាជ្ញាធរជាតិ​អប្សរា​សម្រេច​​បានកន្លងមកទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍អង្គរដូចជា ការរៀបចំបញ្ជីឈ្មោះប្រាសាទ ការតម្លើង​បង្គោលអង់តែនសិប្បនិមិត្តដើម្បីបំពាក់សេវាទូរសព្ទ និងការដាក់ឱ្យប្រើប្រាស់ស្ពានបណ្តែត​ទឹកមុខប្រាសាទ​អង្គរវត្តជាដើម។

ជាមួយគ្នានេះ លោកក៏បានលើកយកសេចក្តីសម្រេច និងសេចក្តីប្រកាសផ្សេងៗរបស់រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដើម្បីជាព័ត៌មានដល់ក្រុមហ៊ុននិងត្រៀមខ្លួនចូលរួមអនុវត្តទាំងអស់គ្នា៕




អភិបាលរាជធានីភ្នំពេញ សម្រេចផ្លាស់ប្ដូរភារកិច្ចប្រធានផ្សារ២រូប

លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចផ្លាស់ប្ដូរភារកិច្ច ប្រធានផ្សារ២រូប ដោយ កំណត់ឱ្យប្រធានផ្សារដេប៉ូ ទៅធ្វើជាប្រធានផ្សារដើមគរ ហើយប្រធានផ្សារដើមគរ ត្រូវមកធ្វើជាប្រធានផ្សារ ដេប៉ូវិញ។

តាមសេចក្ដីសម្រេចរបស់អភិបាលរាជធានីភ្នំពេញ ដែលទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា « លោក សេង សារ៉ន ពីប្រធានគណៈគ្រប់គ្រងផ្សារដើមគរ មកជាប្រធានគណៈ គ្រប់ គ្រងផ្សារដេប៉ូ និងលោក ឈួន ឆាយារិទ្ធ ពីប្រធានគណៈគ្រប់គ្រងផ្សារដេប៉ូ មកជាប្រធានគណៈគ្រប់គ្រង ផ្សារដើមគរ »៕

សូមខ្លឹមសារលម្អិត នៃសេចក្ដីសម្រេចដែលមានទាំងស្រុងនៅក្រោមនេះ៖


នៅថ្ងៃទី១៤ ខែតុលា ខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A ទូទាំងប្រទេសនៅវិមានសន្តិភាព

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកនឹងជ្រើសរើសយកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីធ្វើពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A ទូទាំងប្រទេសនៅវិមានសន្តិភាព។​ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនាពេលនោះ គឺមានការចូលរួមទាំងសិស្ស ទាំងគ្រូ និងអាណាព្យាបាលទាំងអស់ ហើយរង្វាន់សម្រាប់សិស្សនិទ្ទេស Aទាំងអស់នឹងទទួលបានម៉ូតូមួយគ្រឿង និង IPAD មួយគ្រឿងផងដែរ៕



នៅព្រឹកនេះលោក ហ៊ុន សែន នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យចេនឡានៅកោះពេជ្រ

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ ក្នុងនោះក៏មាននិស្សិតទទួលបានអាហារូបករណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ និងសមេ្តចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន១២២ នាក់ និងនារី ៤៩នាក់ផងដែរ។

ពិធីប្រគល់សញ្ញាបត្រនេះគឺធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ និស្សិតដែលទទួលសញ្ញា​បត្រនាពេលនេះ មាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅក្នុងឆ្នាំសិក្សាពី ២០១២ ដល់ឆ្នាំ២០១៦៕