Thursday, September 28, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ពលករខ្មែរនៅកូរ៉េកុំឱ្យមានការព្រួយបារម្ភរឿងសង្រ្គាម

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស​ង្រ្គាមនៅឧបទ្វីបកូរ៉េនឹងមិនផ្ទុះឡើងនោះទេហើយសូមពលករខ្មែរទាំងអស់នៅប្រទេសកូរ៉េខាងត្បូងកុំមានការព្រួយបារម្ភ។​ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានត្រឹមតែគម្រាមកូរ៉េខាងជើងប៉ុណ្ណោះ ប៉ុន្តែប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនដែលនៅជិតនឹងកូរ៉េខាងជើងចង់ឱ្យមានដំណោះស្រាយដោយសន្តិវិធី ជាជាងបង្កើតសង្រ្គាមមួយដែលនឹងមិនមាននរណាឈ្នះ ហើយប្រទេសកូរ៉េ និងជប៉ុនដឹងយ៉ាងច្បាស់ថា បើមានសង្រ្គាមមែននោះគឺកូរ៉េ និងជប៉ុនតែប៉ុណ្ណោះជាអ្នករងគ្រោះធ្ងន់ធ្ងរចំណែកអាមេរិកមិនរងគ្រោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមយកឱកាសនេះ ជម្រាបដល់ពលករខ្មែរដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង និងមាតាបិតាអាណាព្យាបាលរបស់ពលករខ្មែរដែលកំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូង សូមមេត្តាកុំព្រួយបារម្ភ ខ្ញុំជឿថាសង្រ្គាមនេះវាមិនកើតឡើងទេ ការគម្រាមនេះវាស្ទើរតែរាប់រយដងទៅហើយ មិនមែនត្រឹមរាប់សិបដងនោះទេ ប៉ុន្តែសង្រ្គាមនេះ វានឹងមិនកើតឡើងទេ ព្រោះសង្រ្គាមនេះវាមិននាំឱ្យមាននរណាម្នាក់ឈ្នះទេ វាចាញ់ទាំងអស់គ្នាតែម្តង»។

សូមបញ្ជាក់ថា​ កម្តៅនយោបាយនៅឧបទ្វីបកូរ៉េ ចាប់ផ្តើមតានតឹងជាបន្តបន្ទាប់ក្រោយពេលប្រទេសកូរ៉េ ខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់រំលងប្រទេសជប៉ុន ខណៈដែលអាមេរិក ក៏នៅតែបន្តព្រមានកូរ៉េខាងជើងដោយថាការបាញ់ ឬធ្វើតេស្តមីស៊ីលនេះគឺជាការគម្រាមកំ​ហែងដល់សន្តិសុខពិភពលោក៕






No comments:

Post a Comment