Thursday, July 18, 2019

លោក ផៃ ស៊ីផាន លើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដុះដំណាំ និងកសិកម្មក្នុងគ្រួសារចៀសវាងប្រព្រឹត្តបទល្មើសព្រៃឈើ

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដុះដំណាំ និងកសិ កម្មក្នុងគ្រួសារចៀសវាងប្រព្រឹត្តបទ ល្មើសព្រៃឈើដោយលោកបានបន្ថែមថា ឱ្យតែអ្នកដែលជាប់ពាក់ពន្ធនឹងបទ ល្មើសព្រៃឈើមិនថាតូច ឬធំនោះទេ សុទ្ធតែត្រូវអនុវត្តទោសដូចគ្នា។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន ខាងលើនេះធ្វើឡើងនៅក្នុងវេទិកាសន្និសីទសារព័ត៌មាន ស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ដោយឡែករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានបង្ហាញគំនិតស្រដៀងគ្នាដែរពាក់ព័ន្ធនឹងបទល្មើសព្រៃឈើដោយផ្តោតសំខាន់ទៅលើវិធានការអប់រំគ្រប់មុខសញ្ញាទាំងអស់ ហើយមិនត្រូវផ្សាយអ្វីដែលជាការលើកទឹកចិត្តដល់អ្នកល្មើសច្បាប់៕



(Video) មន្ត្រីអង្គការសហប្រជាជាតិថា លោក សម រង្ស៊ី ជាវីរុសប៉េស្តជ្រូកអាហ្វ្រិក

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងស្តីពីទិវាធានារ៉ាប់រង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការរៀបចំទិវាធានារ៉ាប់រង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងសេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងថា ទិវាធានារ៉ាប់រងនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែរីកចម្រើនជួយលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយនិងបង្កើនទំនុកចិត្តដល់សាធារណជន។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពុំមែនជាកិច្ចការផ្តាច់មុខរបស់អ្នកម្នាក់នោះទេ ជាការងាររួមរបស់យើងទាំងអស់គ្នា

ស្វាយរៀង : នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំ អគារ”ឃ”សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំពង្រឹងកិច្ចប្រតិបត្តិការ បង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងសប្បាយដ្ឋានក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន។
ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកអភិបាល ក្រុង-ស្រុក ក្រុងលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក អធិការនគរបាល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រធានទីស្នាក់ការព្រំដែនទាំង៨ កងកម្លាំង ព្រមទាំងតំណាងម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត និងខារ៉ាអូខេដែលមានមូលដ្ឋានក្នុងខេត្តសរុបប្រមាណ ៥៦៥នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពុំមែនជាកិច្ចការផ្ដាច់មុខរបស់អ្នកណាម្នាក់នោះទេ ជាការងាររួមដែលទាមទារឲ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជនទើបការងារនេះ អាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ហើយប្រសិនបើខ្វះការចូលរួមដោយពេញលេញពីភាគីណាមួយនោះ ទាំងរដ្ឋក្ដី និងឯកជនក្ដី នោះនឹងធ្វើឲ្យយើងពិតជាមានការលំបាកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
ជាមួយគ្នានោះ លោកក៏បានថ្លែងនូវការអរគុណចំពោះម្ចាស់ទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល និងខារ៉ាអូខេនៅក្នុងខេត្ត ដែលបានសហការចុះកិច្ចសន្យាស្ដីពីកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើស គ្រឿងញៀនជាមួយស្នងការដ្ឋាននគរបាលដ្ឋានខេត្ត និងសូមស្នើដល់ម្ចាស់ទីតាំងអាជីវកម្ម ទាំងអស់ដែលមិនទាន់បានចុះកិច្ចសន្យា សូមចូលរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត អនុវត្តកិច្ចការនេះ ឲ្យបានល្អប្រសើរ។
លើសពីនោះ លោកអភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការរដ្ឋបាលឲ្យបានកាន់តែសកម្ម និងផុលផុសថែមទៀត។
ក្នុងករណីមានការសង្ស័យថាមានជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួនសូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិត បំផុតឲ្យបានឆាប់ដើម្បីមានវិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា ហើយសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវជៀសវាងឲ្យបានដាច់ខាតនូវ កុំ “៤” គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍…៕






បាឋកថាស្ដីពីការថែរក្សាសន្តិភាពដើម្បីលើកកម្ពស់សិទ្ធិមនុស្ស នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅបរិវេណសាលាខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងបាឋកថា ស្ដីពីការថែរក្សាសន្តិភាពដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង ៣ និងយុវជនខេត្ត/ស្រុក រួមទាំងសិស្សានុសិស្សជាច្រើនរូបទៀតសរុប៦០០នាក់។
នៅក្នុងកិច្ចសំណេះសំណាលនោះផងដែរ លោក កែវ រ៉េមី ក៏បានមានប្រសាសន៍ណែនាំដល់យុវជនទាំងអស់ឲ្យចេះគោរពសិទ្ធិគ្នា ចេះផ្ដល់តម្លៃឲ្យគ្នាហើយត្រូវតែមានការលើកកម្ពស់ដល់រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ ហើយត្រូវចេះចូលរួមថែរក្សាសន្តិភាពនិងទប់ស្កាត់សង្រ្គាម.ត្រូវពង្រឹងស្មារតីដើម្បីស្នេហាជាតិ ត្រូវធានាឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសត្រូវប្រឆាំងរាល់ទង្វើដែលមានចេតនាបំផ្លិចបំផ្លាញជាតិនិងសន្តិភាព៕