Tuesday, May 25, 2021

លោក ជាវ​ តាយ​ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩

 កំពត÷ លោក ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន៩៨គ្រួសារ នៅស្រុកជុំគីរី ខេត្តកំពត។

ជាមួយគ្នានោះ ក៏មានការចូលរួម​ពីសមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ​ ដែលប្រារព្ធធ្វើនៅបរិវេណសាលាស្រុកជុំគីរី។

ថ្លែងនៅក្នុងពិធីនោះ លោក ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

ក្នុងនោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន៩៨គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១កេស និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារសរុបចំនួន៤៥ម៉ឺនរៀល៕





រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ

 លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃនិងយប់ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ពោលគឺធ្វើយ៉ាងណាអោយរាជធានីភ្នំពេញវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។

លោកថ្លែងបែបនេះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈដែលលោកបាននាំយកស្បៀងអាហារជាច្រើនមុខជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍លើកឡើងថា ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងណាស់ដោយមិនបានគិតថា ថ្ងៃឬយប់ឡើយ ធ្វើយ៉ាងណា
ទប់ស្កាត់អោយបាននូវការរីករាលដាលមេរោគកូវីដ-១៩។ ស្ថានភាពកូវីដ-១៩ នៅភ្នំពេញមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ព្រោះនៅមានតំបន់លឿងទុំនូវឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ យើងត្រូវតែបើកអោយការធ្វើចរាចរណ៍ឡើងវិញ ជាមួយនិងការជម្រុញអោយអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលនិងការអនុវត្ត៣កុំនិង៣ការពារ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណចំពោ លោកកិត្តិសេដ្ឋាបណ្ឌិត ដែល
បានឧបត្ថម្ភ៖ ១- ថវិកា ចំនួន ១២១,៦៩៤,០០០រៀល
២- សាប៊ូ ចំនួន៣០០កញ្ចប់,៣- ទឹកត្រី និងទឹកស៊ីម៉ីច ចំនួនៈ ៦,០០០ដប ,៤- ទឹកបរិសុទ្ធហាយធិច ចំនួន ២០០កេស, ៥- ពងមាន់ ចំនួនៈ ២,០០០គ្រាប់, ៦ – សាច់មាន់ចំនួន ១០០ក្បាល,៧- សាច់កែច្នៃចំនួន ១០០គីឡូក្រាម ,៨- សាច់ក្រក ចំនួន៥០កញ្ចប់,៩- មាន់អាំង ចំនួន៥០កញ្ចប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩នេះ។

លោកបន្តថា ការផ្តល់នូវជំនួយទាំងអស់ខាងលើនេះ បានស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់លោក កិត្តិសេដ្ឋបណ្ឌិត ដែលកន្លងមកតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានតែងតែចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ដោយឈរលើបុព្វហេតុជាតិ នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩៕