Saturday, January 12, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកសារព័ត៌មានជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ

នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយជួបសំណេះសំណាលនិងពិសារបាយសាមគ្គីជាមួយអ្នកព័ត៌មាន ៤,៥០០នាក់ ដែលមកពីស្ថាប័នផ្សេងៗរួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ស្ថានីយវិទ្យុនិងទូរទស្សន៍, សារព័ត៌មានបោះពុម្ពផ្សាយ, ក្រុមសារព័ត៌មានតាមបណ្តាញសង្គម Facebook, គេហទំព័រ និង TV Online, អ្នកនាំពាក្យក្រសួង-ស្ថាប័ន, អ្នកនាំពាក្យរាជធានី-ខេត្ត និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ លោក មានភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញមកជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយជាអ្នកសារព័ត៌មានជាតិនៅក្នុងជំនួបលើកទី៣ ប្រចាំឆ្នាំ២០១៩នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី លោក តែងតែផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយពលរដ្ឋ អង្គការ និងសមាគមនានាតាមរយៈកម្មវិធីជួបជុំដូចល្ងាចនេះដែលកន្លងមក គឺមានកម្មវិធីជួបជុំបងប្អូនខ្មែរឥស្លាម, បងប្អូនខ្មែរ-ចិន, បងប្អូនគ្រឹស្ថសាសនា, បងប្អូនកូនក្មួយសិល្បៈករ សិល្បៈការិនី, បងប្អូនកូនក្មួយកីឡាករកីឡាការិនី និងការជួបជុំជាមួយបងប្អូនកូនក្មួយអ្នកសារព័ត៌មានជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា គោលបំណងនៃការជួបជុំគឺដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវអនុសាសន៍ល្អៗ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានល្អត្រឹមត្រូវពិតប្រាកដតាមក្រមសីលធម៌ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា នៅតាមច្រកព្រំដែន គឺមិនឱ្យមានផ្នែកណាផ្សេងក្រៅតែពី នគរបាលអន្តោប្រវេសន៍ និងគយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋបានដឹងថា លោកបានសម្រេចបញ្ចប់រឿងរ៉ាវមួយដ៏សំខាន់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺចាប់ពីពេលនេះតទៅនៅតាមច្រកព្រំដែនទាំងអស់ គឺមិនឱ្យមានផ្នែកណាផ្សេងក្រៅតែពី នគរបាលអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះ។ លោក បានបន្តថា ភ្នាក់ងារដទៃៗទៀត រួមទាំងកាំកុងត្រូល គឺត្រូវដកចេញឱ្យអស់ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ និងអាជីវករ។
លោកបានថ្លែងដូចនេះ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកកាសែតប្រមាណជិត៥ពាន់នាក់នៅក្នុងពិធីជួបជុំលើកទី៣ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកសារព័ត៌មានដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទន្ទឹមនឹងនោះ ក៏ត្រូវបញ្ចុះតម្លៃស្កែន (Scan) ទំនិញផងដែរ ដើម្បីឱ្យអ្នករកស៊ីទទួលបានផលចំណេញកាន់តែច្រើន។ លោក បានបញ្ជាក់ច្បាស់ថា ការអនុវត្តបែបនេះ គឺដើម្បីចូលរួមចំណែកក្នុងការលុបបំបាត់ភាពអសកម្មផ្សេងៗ និងអំពើ ពុករលួយជាដើម និងម្យ៉ាងវិញទៀតគឺបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្មផងដែរ។ ទន្ទឹមនឹងនេះដែរ គឺនឹងជួយឱ្យសេដ្ឋកិច្ចជាតិមានដង្ហើមរស់បានដោយស្រួលទៀតផង៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរ៨ ចំណុចសំខាន់ៗ ដល់ស្ថាប័នសារព័ត៌មានទាំងអស់

ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកកាសែតប្រមាណជិត៥ពាន់នាក់ នៅក្នុងពិធីជួបជុំលើកទី៣ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកសារព័ត៌មានដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបា​តកោះពេជ្រ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់ត្រូវអនុវត្តនូវចំណុចសំខាន់ៗចំនួន៨។
ចំណុចសំខាន់ៗ ដែលជាសំណូមពររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះស្ថាប័នសារព័ត៌មានទាំងអស់រួមមាន៖
ទី១- ស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជនទាំងអស់ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ សូមកុំឱ្យកញ្ចក់នោះជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។
ទី២- ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានពិតដោយមានការពន្យល់ច្បាស់លាស់ទៅប្រជាពលរដ្ឋអោយបានយល់ជ្រួតជ្រាបអំពីទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកនូវអ្វីដែលជាការពិតពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ គឺទាំងក្នុងកម្រិតតាក់តែង និងកម្រិតអនុវត្តន៍អោយមានប្រសិទ្ធភាព។
ទី៣- ស្នើឱ្យសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ ហើយក៏មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។
ទី៤- សំណូមពរឱ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគជាលក្ខណៈអន្តរជាតិ ដើម្បីបានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅលើពិភពលោក ហើយក៏ចង់ឱ្យអ្នកសារព័ត៌មានក្លាយទៅជាអ្នកវិភាគផងដែរចំពោះព្រឹត្តិការណ៍ក្រៅប្រទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគ និងផ្សាយពីកម្ពុជា ដូច្នេះយើងត្រូវចេះសិក្សាបកស្រាយ និងវិភាគពីគេវិញផងដែរ។
ទី៥- សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់ឱ្យបានត្រឹមត្រូវ មានក្រមសីលធម៌វិជ្ជាជីវៈ ពិសេស លោកបានសំណូមពរ ដល់អ្នកប្រប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook) សូមកុំឱ្យមានការជេរប្រមាថ ហែកកេរ្តិ៍ខ្មាស់គ្នា ដែលនាំឱ្យមានរឿងប្តឹងផ្តល់ និងឡើងតុលាការជាដើម។ សូមរក្សាតម្លៃរបស់ខ្លួន ពិសេសអ្នកសារព័ត៌មានត្រូវធ្វើព័ត៌មានដែលច្បាស់ពិត កុំស្មានៗ ហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តីឡើយ។
ទី៦- ត្រូវចូលរួមលុបបំបាត់អ្នកសារព័ត៌មានជម្រិតទារប្រាក់ គឺកុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទារលុយពីគេ ឬមានលក្ខណៈជាក្រុមព័ត៌មាន “ម៉ាហ្វីយ៉ា”។
ទី៧- កុំផលិត និងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមិនបានផ្តល់ប្រយោជន៍ដល់សង្គម។ ម្យ៉ាងវិញទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺអ្នកសារព័ត៌មានត្រូវបញ្ចេញព័ត៌មានពិតប្រាកដចេញមកបកស្រាយ ដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។
ទី៨- ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាន និងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ជាពិសេស ត្រូវទំនាក់ទំនងជាមួយបណ្តាសមាគម ស្ថាបន័ជំនាញ សាកលវិទ្យាល័យ និងក្រសួងព័ត៌មានជាដើមដើម្បីទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែមទៀត។ ម្យ៉ាងទៀត គឺត្រូវទាក់ទងអ្នកដែលមានជំនាញច្បាស់លាស់ ដើម្បីបង្កើនគុណភាពការងារ និងការផលិតឱ្យមានភាពកាន់តែល្អប្រសើរ៕










លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សហគមន៍អឺរ៉ុបមិនគួរបន្តប្រព្រឹត្តកំហុសជាលើកទី៣ចំពោះកម្ពុជាទៀតទេ

លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់លោក Enda សមាជិកសភា នៃសាធារណរដ្ឋអៀកឡង់ថា សហគមន៍អឺរ៉ុប មិនគួរបន្តប្រព្រឹត្តកំហុសជាលើកទី៣ទេចំពោះកម្ពុជា ដែលកំហុសទី១ គឺគាំទ្រការផ្តួលរំលំ អតីតព្រះមហាក្សត្រ ព្រះបរមរដ្ឋតនកោដ្ឋ ព្រះនរោត្តម សី ហនុ ដែលជាអតីតរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា កំហុសទី២ គឺការគាំទ្រខ្មែរក្រហមនៅអង្គការសហ​ប្រជាជាតិជាង ១២ឆ្នាំ នៅពេលដែលខ្មែរក្រហមបានកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ និងកំហុសទី៣​ គឺការប្រើប្រាស់ EBA មកគម្រាមកំហែង និងដាក់ ទណ្ឌកម្មមកលើកម្ពុជា គម្រាមដក EBA ពីកម្ពុជា និងយកប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ១៦លាននាក់ជាចំណាប់ខ្មាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដូចនេះនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នេះ ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Enda Patrick Kenny សមាជិកសភា នៃសាធារណរដ្ឋអៀកឡង់ នៅវិមានសន្តិភាព។​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមបញ្ជូនសារនេះទៅតាម លោក Enda ដើម្បីជម្រាបនិងពន្យល់ដល់សហភាពអឺរ៉ុបឱ្យបានយល់អំពីសភាពការពិតនៃកម្ពុជា ដែលមានចំណុចខ្លះអាចនិយាយគ្នាបាន ចំណុចខ្លះអាចសម្រួលគ្នាបាន និងចំណុចខ្លះមិនធ្វើអាច។
លោក Enda បានគោរពជម្រាបជូនអំពីដំណើរទស្សន កិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺឆ្លើយតបទៅនឹងការអញ្ជើញរបស់លោក Dr.Haruhisa Handa ដែលបានអញ្ជើញរូបលោកមកចូលរួមក្នុងគម្រោងពាក់ព័ន្ធក្នុងវិស័យអប់រំ និងវិស័យដទៃទៀតនៅកម្ពុជា។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Enda ដែលបានអញ្ជើញមកកម្ពុជាបានឃើញពីសភាពការណ៍ពិតនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់ Dr. Haruhisa Handa ដែលបានជួយដល់កម្ពុជាលើវិស័យអប់រំនេះ ជាពិសេសផ្តល់អាហារូបករណ៍យ៉ាងច្រើនឱ្យនិស្សិតកម្ពុជាបានសិក្សានៅសាកលវិទ្យាល័យកម្ពុជា និងគម្រោងដទៃទៀតដែលលោកមាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរចំពោះសារធារណរដ្ឋអៀកឡង់ដែលបានជួយដល់កម្ពុជាយើង ជាពិសេស បានផ្តល់ជំនួយក្នុងការកាត់ ទោសអតីតមេដឹកនាំខ្មែរក្រហម។ ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍ អឺរ៉ុប លោកនាយករដ្ឋមន្ត្រី បានជម្រាបជូនសង្ខេបដល់លោក Enda ដែលមកទល់ពេលនេះ គឺការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អឺរុបបានឡើយ។
លោក Enda បានកោតសរសើរនិងពេញចិត្តចំពោះស្ថិរ​ភាពនយោបាយ និងការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្នដែលមានសេដ្ឋកិច្ចរីកលូតលាស់ក្នុងរង្វង់ ៧.៧% នៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសជាតិ លោក Enda បានគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្រិតសាកលវិទ្យាល័យដល់យុវជនវ័យក្មេងឱ្យបានច្រើន​ប្រកបដោយគុណភាពដែលពួកគេជាអនាគតពិត​ប្រាកដរបស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Enda និងជូនពរលោកទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ហើយសង្ឃឹមថានៅថ្ងៃណាមួយ ក្នុងពេលដែលលោកអញ្ជើញទៅលេងចៅដែលកំពុងសិក្សានៅប្រទេសអង់គ្លេស លោកនឹងឆ្លៀត​ឱកាសទៅលេងប្រទេសអៀកឡង់ជាមិនខាន៕