Thursday, January 14, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មពីស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានបានឡើយ

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨ វិច្ឆិកា បានបញ្ចប់ទាំងស្រុងប្រកបដោយជោគជ័យ។ ប៉ុន្តែយើងមិនអាចមើលស្រាលពីស្ថានការណ៍និងឱកាសនៃការវិលត្រឡប់មកវិញរបស់មេរោគដ៏កាចសាហាវនេះបានទេ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការនិងឆ្លើយតបបានទាន់ពេលវេលាដែលអាចគ្រប់គ្រងស្ថានការណ៍បានដោយការកាត់ផ្តាច់មធ្យោបាយដែលនាំឱ្យជំងឺកូវីដ-១៩ ឆ្លងរីករាលដាលចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។ បើប្រៀបធៀបប្រទេសក្នុងតំបន់ចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ នៅកម្ពុជាមានចំនួនតិច ហើយត្រូវបានព្យាបាលឱ្យជាសះស្បើយជាបន្តបន្ទាប់ដោយគ្មានប្រជាពលរដ្ឋខ្មែរ ឬជនបរទេសណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅកម្ពុជានៅឡើយទេ។ នេះបើយោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគឺជាជោគជ័យដ៏ធំធេងដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងនិងកិច្ចសហប្រតិបត្តិការបានល្អទាន់ពេលវេលារបស់ស្ថាប័នជំនាញនិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់អនុវត្តវិធានការបន្ទាន់និងចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការរបស់ក្រសួង ស្ថាប័នជំនាញ ហើយក៏មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មពីស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានរបស់យើងបានឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រសាសន៍បន្ថែមថា ជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតនៅទូទាំងសកលលោកដ៏គួរឱ្យព្រួយបារម្ភនេះមិនត្រឹមតែមិនទាន់បានថយចុះនៅលើសកលលោកប៉ុណ្ណោះទេថែមទាំងបំលែងជាវីរុសកូវីដ-១៩ ប្រភេទថ្មី កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអង់គ្លេសហើយត្រូវបានរកឃើញផងដែរនៅក្នុងប្រទេសមួយចំនួនទៀតក្នុងទ្វីបអឺរ៉ុបដែលទាមទារឱ្យយើងយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលឆ្លងជាសកលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែសកម្មថែមទៀត។ បច្ចុប្បន្នប្រទេសក្នុងតំបន់អាស៊ានមួយចំនួនកំពុងតែប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃរលកទី៣ និងទី៤ នៃជំងឺកូវីដ-១៩ដែលរហូតមកដល់ពេលនេះនៅទូទាំងសកលលោកមានអ្នកឆ្លងជំងឺកូវីដ-១៩ជាង៨៣លាននាក់និងអ្នកស្លាប់ជិត២លាននាក់។ សភាពការណ៍នេះនៅតែធ្ងន់ធ្ងរនៅឡើយដែលតម្រូវឱ្យយើងអាក់ខានក្នុងការរៀបចំពិធីជួបជុំផ្សេងៗនិងត្រូវបង្កើនការប្រុងប្រយ័ត្នដោយគោរពនិងអនុវត្តតាមវិធានការបន្ទាន់នានារបស់រាជរដ្ឋាភិបាលនិងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជាការចាំបាច់បំផុត៕








លោក អ៉ឹង គឹមលាង ដឹកនាំកិច្ចប្រជុំស្តីពីពិភាក្សាលើការងារពង្រឹងចលនាសម្ព័ន្ធចាត់តាំងយុវជនគណបក្សខេត្ត និងថ្នាក់មូលដ្ឋាន

ពោធិ៍សាត់៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោក អ៉ឹង គឹមលាង អនុប្រធានអចិន្ត្រៃយ៍គណៈចលនាមហាជន និងគណៈចលនាយុវជន ប្រធានគណៈឃោសនាអប់រំ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្តីពីពិភាក្សាលើការងារពង្រឹងចលនាសម្ព័ន្ធចាត់តាំងយុវជនគណបក្សខេត្ត ស្រុក/ក្រុង/ឃុំ/សង្កាត់/ភូមិ និងការងារចាំបាច់របស់យុវជនគណបក្សខេត្តមួយចំនួនទៀត។ ក្នុងការរៀបចំអង្គការចាត់តាំងរបស់គណបក្សខេត្តដើម្បីឈានឆ្ពុះទៅរកភាពជោគជ័យនៅឆ្នាំ២០២២នឹង២០២៣របស់គណបក្សប្រជាជនកម្ពុជា៕






តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល ផ្តល់អំណោយជូនប្រជាពលរដ្ឋ និងផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្ស

 ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោក ម៉ូត យូសុះ តំណាងរាស្ត្រ មណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈចលនាសាសនិកឥស្លាម ខេត្តត្បូងឃ្មុំ បានអញ្ជេីញចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្សចំនួន ៣២៥ នាក់ និង ចែកសាច់គោចំនួន ០៦ ក្បាល ជូនដល់ប្រជាពលរដ្ឋ នៅភូមិសោយ ឃុំប៉េីស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

សូមជម្រាបផងដែរថា អំណោយទាំងនេះទទួលបានការឧបត្ថម្ភពីសមាគម YETIM-DER និង HASENE នៃប្រទេសតួកគី តាមរយៈ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ៕




អភិបាលរងខេត្តស្វាយរៀង ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពអាគារសិក្សា អនាម័យបរិស្ថានក្នុងទីធ្លាសាលា ក្នុងអំឡុងដំណាក់កាលកូវីដ ១៩

 ស្វាយរៀង៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ តាមការណែនាំរបស់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាង អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពអាគារសិក្សា អនាម័យបរិស្ថានក្នុងទីធ្លាសាលា និងទិដ្ឋភាពរួមក្រោយការបើកបវេសនកាល ក្នុងអំឡុងដំណាក់កាលកូវីដ ១៩ ពីការអនុវត្តតាមនិយាមរបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា នៅសាលាចំនួន៤ ។

សូមជម្រាផងដែរថា អនុវិទ្យាល័យដែលត្រូវចុះពិនិត្យរួមមាន៖ អនុវិទ្យាល័យស្វាយផ្អែម ស្ថិតក្នុងឃុំស្វាយអង្គ វិទ្យាល័យពោធិ៍ធំ ស្ថិតក្នុងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងសង្កាត់សង្ឃ័រ និងសាលាបឋមសិក្សា ៧មករា ពោធិតាហោ ស្ថិតក្នុងសង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕





អំណោយឧបត្ថម្ភរបស់លោក ហ៊ុន ម៉ាណែត និងភរិយា ផ្តល់ជូនដល់ជនចាស់ជរាគ្មានទីពឹងចំនួន ១០គ្រួសារ

 ត្បូងឃ្មុំ៖ នារសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តត្បូងឃ្មុំ និងសហការី សរុបប្រមាណជិត ១០០នាក់ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំ ណែនាំ អនាម័យ ដើម្បីការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ និងពាំនាំការសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ លោក ហ៊ុន ម៉ាណែត និងភរិយា ជូនដល់ចាស់ជរាជួបការលំបាកចំនួន ១០គ្រួសារ ស្ថិតនៅឃុំពពេល ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អំណោយដែលចែកជូន ក្នុងមួយគ្រួសារទទួលបាន មុង ១ ភួយ ១ កន្ទេល ១ ខ្នើយ ១ អង្ករ ១បេ មី ១កេស ត្រីខ ១យួរ ម៉ុង ១ ក្រមា ១ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូ ១ដុំ និងថវិកាចំនួន ៦០.០០០រៀល៕





សភាតំណាងរាស្ត្រអាមេរិក ដំណើរការនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ជាលើកទី២

 (វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបោះឆ្នោតក្នុងសំឡេងភាគច្រើនគាំទ្រលើការចាប់ ផ្ដើមនីតិវិធីដកតំណែងលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីបទញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោកសម្រុកចូលវាយប្រហារវិមានសភា កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។

សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតគាំទ្រលើនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ក្នុងសំឡេងគាំទ្រ២៣២ ទល់នឹង១៩៧សំឡេង ហើយដែលនេះបានធ្វើឱ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានគេដំណើរការនីតិវិធីដកតំណែងដល់ទៅ២លើក។ នៅក្នុងការ បោះឆ្នោតនេះ ក៏មានសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋយ៉ាងហោច១០រូប បានបោះឆ្នោតគាំទ្រនីតិវិធីដកតំណែងលោក ត្រាំផងដែរ។

តែយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ ដែលនឹងត្រូវផុតអាណត្តិនៅថ្ងៃទី២០ ខែមករានេះ មិនបានធ្វើអតា្ថធិប្បាយអ្វីឆ្លើយតបទៅនឹងនីតិវិធីដកតំណែងលោកឡើយ ដោយគ្រាន់ តែលោកជំរុញឱ្យប្រជាជនអាមេរិកទាំងអស់ បញ្ចៀសឱ្យបាននូវរាល់អំពើហិង្សា។

គួរបញ្ជាក់ថា ការចាប់ផ្ដើមនីវិតិធីដកតំណែងលោក ដូណាល់ ត្រាំ ដោយសភាតំណាងរាស្ត្រ ធ្វើឡើងជាការឆ្លើយតបទៅនឹងភាពចលាចល និងអំពើហិង្សានៅឯវិមានសភា កាលពីថ្ងៃទី០៦ ខែមករា ដើម្បីរារាំងការទទួលស្គាល់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកថ្មី។ លោក ត្រាំ ត្រូវបានគេចោទថាជាអ្នកញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោក ប្រព្រឹត្តអំពើហិង្សាបែបនេះ ដែលបណ្ដាលឱ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់៕








ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៣នាក់ថែមទៀត ជាពលករមកពីប្រទេសថៃ និងអ្នកដំណើរមកពីក្រៅប្រទេស ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៣នាក់ថែមទៀត ដែលក្នុងនោះមាន៨នាក់ ជាពលករខ្មែរ ដែលទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ និង៥នាក់ផ្សេងទៀត ជាអ្នកដំណើរមកពីក្រៅប្រទេស។

នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ផងដែរ។

 អ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ទាំង១៣នាក់រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

៤៖ បុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

៥៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

៦៖ បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

៧៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង០៧រូបខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

៨៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុស កូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

៩៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១។

១០៖ ស្ត្រីជនជាតិខ្មែរ អាយុ១៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១។

១១៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាអ្នកដំណើរមកពីប្រទេស ឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

១២៖ ស្ត្រីជនជាតិឥណ្ឌូណេស៊ី អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាអ្នកដំណើរមកពីប្រទេស ឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២

សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ០៤រូបខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់សម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន៤៨នាក់ ដែលក្នុងចំនួននោះមានបុគ្គលទាំង៤នាក់ខាងលើនេះដែរ។ រីឯអ្នកដំណើរចំនួន ៤៤នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។

១៣៖ បុរសជនជាតិជប៉ុន អាយុ២៨ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមគត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើនេះ មានចំនួន ៥៧នាក់ ដែលនៅក្នុងចំនួននេះ មានបុរសខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ៥៦នាក់ ដែលអវិជ្ជមាន ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

ដោយឡែកសម្រាប់អ្នកជាសះស្បើយម្នាក់ គឺជាបុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ត្រូវបានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤១១នាក់ ក្នុងនោះមានអ្នកជំងឺ៣៧៧នាក់បានជាសះស្បើយ និងអ្នកជំងឺ៣៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕






ពិធីប្រគល់-ទទួលសម្ភារ:ការពារជម្ងឺកូវីដ-១៩ ដែលជាជំនួយរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី តាមរយ: ក្រសួងសុខាភិបាល

 កំពង់ឆ្នាំង÷នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង បានចូលរួមពិធីប្រគល់-ទទួលសម្ភារ:ការពារជម្ងឺកូវីដ-១៩ ជំនួយពីរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីដែលដឹកនាំដោយលោក ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងលោក ផាប្លូ កាំង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

ក្នុងនោះ ក៏មានការចូលរួមពីលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីមន្ត្រីមន្ទីរសុខាភិបាលខេត្ត មន្ទីរ ពេទ្យបង្អែកខេត្ត និងតំណាងការិយាល័យស្រុកប្រតិបត្តិ។

លោក ប្រាក់ វ៉ុន បានឲ្យដឹងថា សម្ភារ:បរិក្ខាវេជ្ជសាស្ត្រជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីតាមរយ: ក្រសួងសុខាភិបាល ដែលបានផ្ដល់ជូនខេត្តកំពង់ឆ្នាំង នាពេលនេះ មានដូចជា÷
១.ម៉ាស់វេជ្ជសាស្ត្រ ចំនួន៤៦១០០
២.អាល់កុលសម្លាប់មេរោគ ចំនួន ១៥៦០លីត្រ
៣.ឧបករណ៍វាស់កម្ដៅ ចំនួន ៥៤ គ្រឿង
៤.សាប៊ូទឹកលាងដៃសម្លាប់មេ រោគ(៥០០ម.ល) ចំនួន ៥០៥ ដប
៥.ស្រោមដៃវេជ្ជសាស្ត្រ ចំនួន ១៥៧០០
៦.របាំងមុខ ចំនួន៤០២សន្លឹក។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានសំដែងនូវភាពសោមនស្សរីករាយព្រមទាំង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្តល់សម្ភារ:ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ជាលើកទី២ ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង៕