Thursday, October 03, 2019

រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ជាកាលបរិច្ឆេទជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការកំណត់កាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ ដែលអនុក្រឹត្យនេះមានគោលដៅប្រមូលទិន្នន័យព័ត៌មានស្តីពីសេដ្ឋកិច្ចគ្រប់វិស័យ សម្រាប់ធ្វើជាទិន្នន័យមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាព និងគម្រោងនានាដើម្បីជំរុញកិច្ចអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងសុខុមាលភាពប្រជាជន។
សូមអានអនុក្រឹត្យខាងក្រោម៖






សេចក្តីជូនដំណឹងស្ដីពីការប្រទ្បងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិរបបសន្ដិសុខសង្គមចំនួន២៣១ នាក់

បេឡាជាតិរបបសន្តិសុខសង្គមបានចេញសេចក្តីជូនដំណឹងស្ដីពីការប្រទ្បងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិរបបសន្ដិសុខសង្គមចំនួន ២៣១ នាក់ សម្រាប់ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា កាលបរិច្ឆេទទទួលពាក្យចុះឈ្មោះសុំសិទ្ធប្រឡងគិតចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រឹមវេលាម៉ោង ១៦:០០នាទី។
បេក្ខជនដែលចាប់អារម្មណ៍ សូមយកមកដាក់នៅកាលរិយាល័យរដ្ឋបាល ប.ស.ស នៅបេឡាជាតិរបបសន្តិសុខសង្គម ដែលមានអាសយដ្ឋាន៖ អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនងតាមទូរស័ព្ទ ០១២ ២៥៩០១៤/ ០៦៩ ៣៤៣ ៤៧៥/ ០១០ ២៧០ ៧៦៥៕



កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងតាមដានពិនិត្យបច្ចុប្បន្នភាពការងារដែលក្រុមប្រឹក្សាខេត្តសៀមរាប សម្រេចបាន

សៀមរាប៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សរា លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ-អង្គភាព ជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន នៃរដ្ឋបាលខេត្តសៀមរាប។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យ តាមដាន ធ្វើបច្ចុប្បន្នភាព និងអនុម័ត ទៅលើរបៀបវារៈនៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩ និងពិនិត្យទៅលើការដោះស្រាយលើសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៧-២០១៨។
ជាមួយគ្នានេះដែរ លោក ង៉ាន់ ភិរុណ ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់មន្ទីរ អង្គភាព ជុំវិញខេត្ត អោយត្រៀមនូវឯកសារ ព្រមទាំងរូបភាព និងខ្សែវីដេអូមួយចំនួនដែលថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលជាសមិទ្ធិផលរបស់ខ្លួនកន្លងមក ដើម្បីផលិតជាខ្សែវីដេអូខ្លីមួយ សម្រាប់ចាក់បញ្ចាំងនៅពេលដែលរដ្ឋបាលខេត្ត រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩៕



៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង២ពាន់លានដុល្លារស្មើនឹងជាង៩៥%នៃផែនការកំណត់ដោយច្បាប់ថវិកា

រយៈពេល៩ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជាង២ពាន់លានដុល្លារអាមេរិក ស្នើនឹង៩៥.៤២% នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៩។ លទ្ធផលនៃការប្រមូលចំណូលពន្ធនេះ ត្រូវបានលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ប្រាប់គណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Jarkko Turunen ប្រធានបេសកកម្ម និងអមដំណើរដោយលោក Yasuhisa Ojima តំណាង IMF ប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងការផ្តល់ធាតុចូលលើ Article IV ឆ្នាំ២០១៩ សម្រាប់ប្រទេសកម្ពុជា។
លោក គង់ វិបុល បានជម្រាបដល់គណៈប្រតិភូ IMF ថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ជាលទ្ធផលនៃការប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ អគ្គនាយកដ្ឋានពន្ធដារសម្រេចបាន ២,១៩៧.៩២លានដុល្លារអាមេរិក លើសផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៨ ចំនួន ១៤.២៧%។ ដោយឡែកលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានចំនួន ២,១៨៣.៦៨ លានដុល្លារអាមេរិក ស្នើនឹង៩៥.៤២% នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៩។
លោក គង់ វិបុល បានបញ្ជាក់ថា កត្តាសំខាន់ៗដែលនាំឱ្យចំណូលមានការកើនឡើងក្នុងរយៈពេលកន្លងមកនេះ គឺការខិតខំប្រឹងប្រែងអនុវត្តតាមយុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតជាសំខាន់លើការពង្រឹងការធ្វើកំណែទម្រង់រដ្ឋបាលសារពើពន្ធ ព្រមទាំងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ លើមុខងារស្នូល និងមុខងារគាំទ្រទាំងអស់ របស់អគ្គនាយកដ្ឋានពន្ធដារ ដូចជាការដាក់ឱ្យអនុវត្តប្រព័ន្ធ E-VAT, ការពង្រឹងការចុះបញ្ជីពន្ធដារ, ការពង្រឹងការធ្វើសវនកម្ម, ការរៀបចំកម្មវិធីសវនកម្ម ដោយផ្អែកលើហានិភ័យ, ការរៀបចំរបាយការណ៍សវនកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការផ្សព្វផ្សាយវប្បធម៌បង់ពន្ធ ដល់អ្នកជាប់ពន្ធតាមរយៈការធ្វើសិក្ខាសាលា (Tax Forum), និងការពង្រឹងការគ្រប់គ្រងធនធានមនុស្ស របស់អគ្គនាយកដ្ឋានពន្ធដារជាដើម ហើយក៏បាននឹងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការនានាក្នុងការគ្រប់គ្រង ប្រមូលបំណុលពន្ធដារផងដែរ។
គណៈប្រតិភូ IMF បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋានពន្ធដារដែលសម្រេចបាន នូវសមទ្ធផលកំណើនចំណូលពន្ធខ្ពស់ លើសផែនការកំណត់ដោយច្បាប់ថវិកា និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការតាមដានវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងផ្តល់អនុសាសន៍គោលនយោបាយ ក្នុងន័យជួយតម្រង់ទិសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំ IMF តែងតែមកធ្វើការតាមដានវិភាគផ្តល់អនុសាសន៍អំពីស្ថានភាពសេដ្ឋកិច្ច និងព្យាករណ៍បញ្ហាប្រឈម ផ្នែកហិរញ្ញវត្ថុរបស់ប្រទេសនីមួយៗ ជាសមាជិករបស់ IMF ដែលការងារនេះបានចែងនៅក្នុងមាត្រា IV នៃលក្ខន្តិកៈរបស់ IMF ត្រូវបានហៅថា Article IV Consultations៕



កម្ពុជាស្នើមីយ៉ាន់ម៉ាពិចារណានាំចូលម្រេចកំពតដែលកំពុងល្បីល្បាញនៅលើពិភពលោក

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យមីយ៉ាន់ម៉ា ពិចារណាក្នុងនាំចូលម្រេចកំពតកម្ពុជា ដែលកំពុងតែមានភាពល្បីល្បាញលើពិភពលោក។ ម្រេចកំពត គឺជាទំនិញសម្គាល់ភូមិសាស្ត្រ (GI) លើកដំបូងបង្អស់របស់កម្ពុជា ដែលត្រូវបានចុះបញ្ជី ទទួលស្គាល់ដោយជោគជ័យពីសហភាពអឺរ៉ុប។ តាមរយៈការចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រផ្លូវការរបស់អឺរ៉ុប ម្រេចកំពតត្រូវបានទទួលកិច្ចការពារជាលើកដំបូងប្រកបដោយមោទនភាព ថាជាទំនិញសម្គាល់ភូមិសាស្ត្ររបស់អាស៊ាន។

ការកំណត់អំពីម៉ាកទំនិញ សម្គាល់ភូមិសាស្រ្តនេះ ផ្តល់នូវកិច្ចការពារតាមផ្លូវច្បាប់ដល់ម្រេចកំពតពីការទាមទាររបស់ម្រេចផ្សេងឯទៀត ដែលមិនមែនជាម្រេចកំពតហើយការកំណត់បែបនេះ ផ្តល់កិច្ចការពារផ្សេង និងបង្កើនតម្លៃម្រេចកំពត កាន់តែប្រសើរ ប្រកបដោយសក្តានុពល សម្រាប់លក់នៅលើទីផ្សារពិភពលោកផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក U Thit Linn Ohn ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ ក្រសួងការបរទេស បានមានប្រសាសន៍ថា បច្ចុប្បន្នវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-មីយ៉ាន់ម៉ា នៅមានកម្រិតនៅឡើយ។ លោកស្រីបញ្ជាក់ថា «លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការផ្លាស់ប្ដូរទំនិញ កសិកម្មទៅវិញទៅមក ក្នុងនោះកម្ពុជា មានផលិតផលម្រេចកំពតដែលល្បី នៅក្នុងពិភពលោក ហើយលោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យខាងភាគីមីយ៉ាន់ម៉ា ពិចារណាក្នុងការនាំចូលម្រេចកំពត ទៅមីយ៉ាន់ម៉ាផងដែរ» ។

លោកស្រី បានថ្លែងថា ទោះបីវិស័យទេសចរណ៍ប្រទេសទាំងពីរនៅមានកម្រិតទាបប៉ុន្តែភាគីទាំងពីរបានប្ដេជ្ញាក្នុងការជំរុញលើវិស័យនេះ។ លោកស្រី គូសបញ្ជាក់ថា ដោយឡែកទាក់ទិនបញ្ហាជនភៀសខ្លួន លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីមីយ៉ាន់ម៉ាថា កម្ពុជាមានបទពិសោធន៍ កាលពីកំឡុងឆ្នាំ១៩៩០ ធ្លាប់បានធ្វើមាតុភូមិនិវត្តន៍ និងធ្វើសមាហរណកម្ម ជនភៀសខ្លួនមកក្នុងសង្គម បានជោគជ័យ ។ បញ្ហានេះលោកស្រីថា ភាគីកម្ពុជារីករាយនិងត្រៀមខ្លួន ប្រសិនបើមានការស្នើសុំពីមីយ៉ាន់ម៉ា គឺកម្ពុជាអាចចែករំលែកបទពិសោធន៍។ ភាគីមីយ៉ាន់ម៉ា ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលតែងតែគាំទ្រមីយ៉ាន់ម៉ានៅគ្រប់វេទិកាជាពិសេសការដោះស្រាយបញ្ហាជនភៀសខ្លួនក្នុងរដ្ឋរ៉ាក់ឃីនផងដែរ៕



ជប៉ុនផ្តល់ជំនួយជិត២៦លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតរបស់ខ្លួនប្រចាំកម្ពុជានៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ខ្លួន ដែលមានទឹកប្រាក់សរុប ២,៧៧៧លានយ៉េន (ជិត២៦លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តន៍គម្រោង «អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ»។
ការចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនកម្ពុជា។
សូមបញ្ជាក់ថា តាមរយៈហិរញ្ញប្បទានឥតសំណងនេះ ជប៉ុននឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូល ទៅក្នុងបឹងជើងឯងភាគខាងត្បូង រាជធានីភ្នំពេញ។ ជំនួយរបស់ជប៉ុននេះនឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឱ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា៕



កម្ពុជា-អារ៉ាប៊ីសាអូឌីត ប្តេជ្ញារួមគ្នាថែរក្សាស្ថិរភាព ការពារសន្តិសុខ សន្តិភាព ការអភិវឌ្ឍទាំងក្នុងតំបន់ និងសាកលលោក

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នៅវិមានរដ្ឋសភា លោក សាអ៊ូត អាល់ សូវ៉េលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបប្រធានរដ្ឋសភាថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជាលោកនឹងខិតខំជំរុញបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជួយជំរុញលើកទឹកចិត្តប្រជារាស្រ្តអារ៉ាប៊ីសាអូឌីតមកធ្វើវិនិយោគ និងធ្វើទេសចរណ៍នៅកម្ពុជា។
លោក ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងមានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរបានបង្កើតនូវកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន ជាពិសេសការគាំទ្រគ្នាទៅវិញ ទៅមកនៅក្នុងវេទិកាអង្គសហប្រជាជាតិ ក្នុងការរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសាកលលោកផងដែរ។ លោក ហេង សំរិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ដែលកន្លងមកបានជួយផ្តល់អាហារូបករណ៍ដល់និសិ្សតកម្ពុជា បានទៅសិក្សានៅអារ៉ាប៊ីសាអូឌីត និងការបន្តបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់និសិ្សតកម្ពុជា ។
លោក សាអ៊ូត អាល់ សូវ៉េលីម បានវាយតម្លៃខ្ពស់ចំពោះការផ្តល់សិទ្ធិសេរីភាពខាងជំនឿសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋទូទៅ ដែលធ្វើឱ្យប្រជាពលររដ្ឋខ្មែរ-អ៊ីស្លាម និងសាសនាដ៏ទៃទៀត បានប្រណិបត្តិជំនឿសាសនារបស់ខ្លួន បានយ៉ាងពេញលេញ។ ឯកអគ្គរាជទូតបានគោរពអញ្ជើញលោក ហេង សំរិន ប្រធានរដ្ឋសភាទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។ ការគោរពអញ្ជើញនេះ លោក ហេង សំរិន បានទទួលយកដោយបានបញ្ជាក់ថានឹងរកពេលវេលាសមស្របណាមួយ៕







កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ឯកភាពបង្កើតអនុស្សរណៈលើវិស័យទេសចរណ៍ និងជំរុញការតភ្ជាប់ជើងហោះហើរ

ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំវៀតណាម-កម្ពុជា លោក Saud F.M Suwelim បានឯកភាពនឹងសំណើរៀបចំអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកជំរុញឱ្យវិស័យដ៏សំខាន់នេះបន្តការអភិវឌ្ឍបន្ថែមទៀត។
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងនោះលោករដ្ឋមន្ត្រី ថោង ខុន បានស្នើបន្ថែមទៅកាន់លោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត ធ្វើយ៉ាងណាជួយជំរុញឱ្យមានការហោះហើរត្រង់ពីអារ៉ាប់ប៊ីសាអូឌីតមកកាន់កម្ពុជា ឬតាមរយៈការឆ្លងកាត់ប្រទេសជិតខាងណាមួយក៏បាន។
លោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតបានបញ្ជាក់ថា ចំណុចនេះ ខាងភាគីអារ៉ាប់ប៊ីសាអូឌីតបាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីពន្លឿនការហោះហើរពីអារ៉ាប់ប៊ីសាអូឌីតមកកម្ពុជា ដោយឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិនៅហាណូយ។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការរៀបចំដំណើរទស្សនកិច្ចសិក្សា (Fam Trip) របស់ក្រុមអ្នកសារព័ត៌មាន អ្នកវិនិយោគ និងទេសចរមកពីអារ៉ាប់ប៊ីសាអូឌីតមកកាន់កម្ពុជា ហើយកម្ពុជាក៏សន្យាធ្វើបែបនោះដូចគ្នា ដើម្បីផ្លាស់ប្ដូរទស្សនកិច្ចលើវិស័យទេសចរណ៍ពីគ្នាទៅវិញទៅមក។
ក្រៅពីនោះ ភាគីកម្ពុជាក៏បានស្នើឱ្យមានការតភ្ជាប់ដំណើរទេសចរណ៍តាមនាវាសមុទ្រពីអារ៉ាប់ប៊ីសាអូឌីតមកកាន់ក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ដើម្បីទទួលយកដំណើរទេសចរណ៍បន្ថែមនៅទីនោះផង និងអាចហួសមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាបផង។
លោកឯកអគ្គរាជទូត Saud F.M Suwelim បានទទួលយកសំណើទាំងនេះ ដើម្បីលើកឡើងទៅកាន់រាជរដ្ឋាភិបាលរបស់លោកបន្តទៀត។
លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបប្រាប់លោក Saud F.M Suwelim បន្តទៀតថា កម្ពុជាកំពុងរៀបចំឱ្យមានម្ហូបអាហារហាឡាល់ (Halal Food) សម្រាប់ទទួលស្វាគមន៍ និងបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរឥស្លាម ខណៈកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ដែលជាទីប៉ងប្រាថ្នារបស់ភ្ញៀវទេសចរ។
សូមជម្រាបថា ចំពោះការរៀបចំបង្កើតអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ខាងលើនោះ លោករដ្ឋមន្ត្រី ថោង ខុន បានចាត់ចែងក្រុមការងារតាមនាយកដ្ឋានជំនាញ សហការគ្នាធ្វើសេចក្ដីព្រាងអនុស្សរណៈ ដើម្បីត្រៀមចុះហត្ថលេខាជាមួយគ្នា នៅពេលមានដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ឬក្នុងពេលសមស្របណាមួយនាថ្ងៃខាងមុខ ៕



លិខិតមិត្តអ្នកអាន៖ ហេតុអ្វីនាយករដ្ឋមន្ត្រី ហ៊ុន សែន យកថ្ងៃ ៩ វិចិ្ឆកា ជាទិវា​អក​អំបុក​ដើម្បី​ការ​ពារ ជាតិ សាសនា ព្រះ​មហាក្សត្រ?

នៅព្រឹកថ្ងៃទី២ តុលា ២០១៩​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​យក​ថ្ងៃ​ទី ៩ វិច្ឆិកា ជា​ទិវា​អក​អំបុក​ដើម្បី​ការ​ពារ​ ជាតិ សាសនា ព្រះ​មហាក្សត្រ ហើយ​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស ពិសារ​អំបុក​គ្រប់ៗ​គ្នា និង​គ្រប់​ទី​កន្លែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋ​មន្ត្រី ថែម​ទាំង​បាន​ប្រកាស​ជា​ឱឡារិក​ថា នឹង​ត្រូវ​តែ​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ថ្ងៃ​ទី ១០ ដល់ ១២ វិច្ឆិកា តាម​ការ​គ្រោង​ទុក​បើ​ទោះ​ជា​ទឹក ទន្លេ​ចតុ​មុខ​នៅ​សល់​តែ​កម្ពស់​មួយ​ម៉ែត្រ​ក៏​ដោយ។
សម្រាប់ខ្ញុំ សារ​របស់​លោកនា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពិត​ជា​មាន​អត្ថន័យ​យ៉ាង​ធំ​ធេង ទាំង​ក្នុង​អត្ថ​ន័យ​នយោបាយ​ផង អត្ថន័យ​ខាង​វប្បធម៌​ផង និង​ការ​បង្រួប​បង្រួម​ជាតិ​ផង ដើម្បី​បន្ត​ជ្រោង​ទង់ ជាតិ សាសនា ព្រះ​ហាក្សត្រ ដែល​ជា​បាវ​នា​របស់​ជាតិ​ខ្មែរយើង។
ក្នុងអត្ថន័យ​នយោបាយ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធ​សាស្ត្រ យក​ទឹក​ឃ្មុំ​ទៅ​បន្សា​ប​ពិស​របស់​ក្រុម​ប្រឆាំង​ក្រៅ​ច្បាប់​ដឹក​នាំ​ដោយ​ទណ្ឌិត សម រង្ស៊ី។ ជា​អត្ថន័យ​វប្បធម៌​វិញ លោក ហ៊ុន សែន ចង់​ប្រើ​ប្រាស់​ឱកាស នេះ​ដើម្បី​លើក​តម្កើង​តម្លៃ​អំបុក​ខ្មែរ​ដូច​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ស​ម្រាប់​នំ​បញ្ចុក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ។ ចំ​ណែក​ឯ​អត្ថន័យ ជា​ការ​បង្រួម​បង្រួម​ជាតិ​វិញ គឺ​លោក​ចង់​ឲ្យ​ខ្មែរ​គ្រប់​គ្នា​ដែល​បាន​និង​កំពុង​រស់​នៅ​ដោយ​សុខ​សាន្ត​ក្រោម​ម្លប់​សុខ​សន្តិភាព រួម​គ្នា​ជ្រោង​ទង់ ជាតិ សាសនា ព្រះ​មហាក្សត្រ​ឲ្យ​បាន​ខ្ពស់​ត្រដែត​ឡើង​ប្រឈម​នឹង ការ​គំរាម​កំហែង​ធ្វើ​រដ្ឋ​ប្រហារ ផ្តួល​រំលំ​របប​រាជា​និយម និង​រាជ​រដ្ឋា​ភិបាល​ពី​សំណាក់​ក្រុម​អ្នក​នយោ​បាយ​នារទេស​ខ្លួន​មួយ​ក្តាប់​តូច​ដឹក​នាំ​ដោយ សម រង្ស៊ី។
ដើម្បី​មើល​ឲ្យ​ឃើញ​កាន់​តែ ច្បាស់​អំពី​អត្ថន័យ​នៃ​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​មិញ​នេះ ខ្ញុំ​សូម​ធ្វើ​ការ​វិភាគ​លើ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖
ទី១៖ លោកនាយករដ្ឋមន្ត្រីបានប្រកាសជាឱឡារិកថា នឹងត្រូវតែ រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក​រយៈ​ពេល​បី​ថ្ងៃ តាម​ការ​គ្រោង​ទុក ចាប់​ពី​ថ្ងៃ​ទី ១០ ដល់ ១២ វិច្ឆិកា បើ​ទោះ​ជា ទឹក​ទន្លេ​ចុះ​ទាប​នៅ​សល់​តែ​មួយ​ម៉ែត្រ​ក៏​ដោយ។ ត្រង់​ចំណុច​នេះ ខ្ញុំ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​ប្រើ “យុទ្ធ​សាស្ត្រ រុញ​ទូក​បណ្តោយ​ទឹក” ដើម្បី​កាត់​ចោល​ឲ្យ​អស់​នូវ​លេស​របស់​ក្រុម​ប្រឆាំង​ដឹក​នាំ​ដោយ សម រង្ស៊ី កុំ​ឲ្យ​មាន​ហេតុ​ផល​ចោទ​ប្រកាន់​មក​លើ​រដ្ឋា​ភិបាល ថា​ខ្លាច​ចល​នា​បះ​បោរ​ក្នុង​អំឡុង​ពេល​បុណ្យអុំ​ទូក​ជា​ពិសេស​ថា​ខ្លាច​លោក រង្ស៊ី វិល​ចូល​ស្រុក។
គេ​បាន​ដឹង​ច្បាស់​ថា លោក សម រង្ស៊ី និង​គូក​ន​ចង់​យក​ពិធី​បុណ្យ​អុំ​ទូក ដើម្បី​ជា​ឱកាស​ប្រមូល​ផ្តុំ​កម្លាំង​ដើម្បី​បង្ក​ចល​នា​បះ​បោរ ផ្តួល​រំលំ​រដ្ឋា​ភិបាល​ ពី​ព្រោះ​ពួក​គេយល់​ថា ពិធី​បុណ្យ​អុំ​ទូក​មាន​មនុស្ស​រាប់​លាន​នាក់​មក​ចូល​រួម​ដែល​ធ្វើ​ឲ្យ​អាជ្ញា​ធ​រ​មាន​សមត្ថ​កិច្ច​ពិបាក​គ្រប់​គ្រង និង​ធានា​សន្តិ​សុខ។ ប៉ុន្តែ​ខ្ញុំ​យល់​ថា សម្រាប់​លោក ហ៊ុន សែន ដែល​មាន បទ​ពិសោធន៍​ធ្វើ​នយោបាយ​យ៉ាង​ចាស់​វស្សា និង​ធ្លាប់​បាន រំលាយ​អង្គ​ការ​ចាត់​តាំង​នយោបាយ និង​យោធា​របស់​ខ្មែរ​ក្រហម​បាន​យ៉ាង​ងាយ​នោះ គាត់​ពិត​ជា​បាន​ស្គាល់​យ៉ាង​ច្បាស់​នូ​វ​ល្បិច​កល​រាក់​កំផែល​របស់ សម រង្ស៊ី ដែល​គ្រាន់​តែ​ចង់​គោះ​ទឹក​បង្អើល​ត្រី រឺ​គោះ​ភ្នំ​បង្អើល​ខ្លា​តែ​ប៉ុណ្ណោះ។
គេ​ក៏​គួរ​យល់​ថា ប្រជា​ពល​រដ្ឋ​ដែល​នឹង​មក​ចូល​រួម​ពិធី​បុណ្យ​អុំទូក​គឺ​គេ​មក​ដើម្បី​កម្សាន្ត​សប្បាយ មិន​មែន​មក​ដើម្បី​បង្ក​ច​លាច​ល​សង្គម​ឡើយ។ បើទោះ​ជា​មាន​ក្រុម​ជ្រុល​និយម​ខ្លះ​ដែល​ចាញ់​បោក​លោក សម រង្ស៊ី ចង់​បង្ក​ចលា​ចល​ក្នុង​ពេល​នោះក៏​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៅ​តែ​អាច​គ្រប់​គ្រង​ស្ថាន​ការ​សន្តិ​សុខ និង​សណ្តាប​ធ្នាប់​បាន​ជា​ធម្មតា ហើយ​ជន​ដែល​ប៉ុន​ប៉ង​បង្ក​បញ្ហា​ច្បាស់​ជាត្រូវ​អាជ្ញាធរ​ចាប់​ឃាត់​ខ្លួន និងបញ្ជូន​ពួក​គេទៅ​​មន្ទីរ​ឃុំ​ឃាំង ដើម្បី​ទទួល​ទោស​តាម​ច្បាប់​ជា​ធម្មតា​ដែរ។ និយាយ​ដោយ​ខ្លី លោក​នាយក​រដ្ឋ​មន្ត្រី មាន​ជំនឿ​ច្បាស់​ថា ពល​រដ្ឋ​ខ្មែរ​ទូទៅ​គាំទ្រ​សន្តិភាព ហើយ​កម្លាំងសមត្ថ​កិច្ចក៏មាន​សមត្ថ​ភាព និង បទ​ពិសោធន៍​គ្រប់​គ្រាន់​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​ក្នុង​ពេល​បុណ្យ​អុំទូក​ ព្រោះ​នេះ​ជា​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​ដែល​តែង​តែ​រៀប​ចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។
ដូច្នេះ គ្មាន​ហេតុ​ផល​អ្វី​ដែល​រដ្ឋា​ភិបាល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន រារែ​ក​ដក​ថយ រឺ​ត្រូវ​ខ្លាច​ការ​ឃោស​នា​គំរាម​សំឡុត បំភ័យ​តាម​ខ្យល់​របស់ លោក សម រង្ស៊ី នោះ​ឡើយ។
ទី២៖ ការ​ប្រកាសយក​ថ្ងៃទី ៩ វិច្ឆិកា ជា​ថ្ងៃអក​អំបុក​ទូទាំង​ប្រទេស​ដើម្បី​ការ​ពារ​ជាតិ សាសនា ព្រះ​មហាក្សត្រ គឺ​ជា​ការ​ប្រែ​ក្លាយ​ថ្ងៃ​ដែល​ក្រុម​អ្នក​នយោបាយ​ក្រៅ​ច្បាប់​កំណត់​យក​ដើម្បី​ផ្តួល​រំលំ​​របប​រាជា​និយម​ និង​រាជ​រដ្ឋា​ភិបាល ឲ្យ​ទៅ​ជា​ថ្ងៃដែល​ប្រជា​ពល​រដ្ឋ​គ្រប់​គ្នា​ចូល​រួម​ការ​ពារ ជាតិ សាសនា ព្រះ​មហាក្សត្រ​វិញ។ នេះ​គេ​ហៅ​ថា​ជា “យុទ្ធ​សាស្ត្រ ប្រើ​ប្រាស់​ដាវ​របស់​សត្រូវ​ដើម្បី​ចាក់​ទៅ​លើ​សត្រូវ​វិញ” តាម​វិធី​ត្រជាក់​តាម​បែប​យក​ទឹក​ឃ្មុំ​ទៅ​បន្សាប​ពិស។ នរណា​ក៏​បាន​មើល​ឃើញ​ដែរ​ថា នយោបាយ​របស់ សម រង្ស៊ី ដែល​ដើរ​ប៉ុន្មាន​ជំហ៊ាន​ចុង​ក្រោយ​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ខ្លួន​គាត់​ឯកោ​កាន់​តែ​ខ្លាំង​ដោយ​សារ​តែ​កំហុស​ខាង​យុទ្ធ​សាស្ត្រ។
កំហុសធំបំផុតទី១ : គឺ ការបើកសម​រ​ភូមិ​វាយ​ប្រហារ ប្រមាថ ព្រះ​មហា្សត្រ​ដែល​ជា​ទី​គោ​រព​ស្រឡាញ់​របស់​ប្រជា​ពល​រដ្ឋ។ សមរ​ភូមិ​នេះ​បាន​ធ្វើ​ឲ្យ សម រង្ស៊ី បាត់​បង់​ការ​គាំទ្រ​ទាំង​ស្រុង​ពី សំណាក់​អ្នក​រាជា​និយម និង​ប្រជា​ពល​រដ្ឋ​ដែល​គោ​រព​ស្រឡាញ់​ព្រះ​មហាក្សត្រ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។
កំហុសធំបំផុតទី២ : គឺ ការ​អំពាវ​នាវ​អោយ​កង​ទ័ព​ងើប​បះ​បោរ និង​ការ​ប្រើ​វិធី​ទិញ​ទឹក​ចិត្ត​កង​ទ័ព​ដើម្បី​ឲ្យ​ចូល​រួម​ក្នុង​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​ខ្លួន​ដែល​ជា​វិធី​ ហិង្សា មិន​ប្រជា​ធិប​តេយ្យ ដែ​ល​ធ្វើ​ឲ្យលោក សម រង្ស៊ី បាត់​បង់​ការ​គាំទ្រ​ពី​សហគមន៍​អន្តរ​ជាតិ អង្គ​ការ​សង្គម​ស៊ីវី​ល រាប់​ទាំង​អង្គ​ការ​​សហ​ប្រជា​ជាតិ​ជាពិ​សេស​គឺ​ក្រុម កឹម សុខា និយម​តែ​ម្តង។
ក្នុង​ន័យនេះ លោក​ហ៊ុន សែន ដែល​មាន​បទ​ពិសោធ​យ៉ាង​ជោគ​ជាំ និង​ធ្លាប់​ប្រើន​យោបាយ​ ឈ្នះ​ឈ្នះ ដើម្បី​បញ្ចប់​ចលនា​ខ្មែរ​ក្រហម​ដោយ​មិន​ចាំ​បាច់​ធ្វើ​សង្គ្រាម​ក៏​បាន​ប្រើយុទ្ធ​សាស្ត្រ ស្រដៀង​គ្នា​នេះ​ដែរ​ ពោល​​គឺ​លោក​មិន​ចាំ​បាច់​ចំណាយ​កម្លាំង​ឡើយ​ក្នុង​ការ​វាយ​បក​ទៅ​លើ សម រង្ស៊ី គឺ​ដោយ​គ្រាន់​តែ​យក​កាំបិត​ដែល​ សម រង្ស៊ី ហុច​ដង​ឲ្យ​ទៅ​ប្រើ​ដើម្បី​ចាក់ សម រង្ស៊ី វិញ​ជា​ការ​គ្រប់​គ្រាន់​ពេក។
កំហុសធំមួយទៀតរបស់ សម រង្ស៊ី : គឺការវាយទៅលើចំណុច ខ្លាំងរបស់លោក ហ៊ុន សែន នៅ​ត្រង់​ការ​ចង់​ទិញ​ទឹក​ចិត្ត​ទ័ព។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន ជា​មេទ័ព​ជើង​ចាស់ ជា​អ្នក​បង្កើត​ទ័ព ជា​អ្នក​យល់​ចិត្ត​យល់​សុខ​ទុក្ខ ថែ​ទាំ​ និង​បណ្តុះ​បណ្តាល​ទ័ព និង​ជា​​អ្នក​បញ្ជា​កង​ទ័ព​ទាំង​មូ​ល។ ដូច្នេះ សម រង្ស៊ី ដែល​មិន​យល់​អ្វីសោះ​ពី​យុទ្ធ​សាស្ត្រ​ទ័ព​បែរ​ទៅ​វា​យលើ ចំណុច​ខ្លាំង​បំផុត​របស់​​គូ​បដិបក្ខទៅ​វិញ​ជំនួស​ឲ្យ​ការ​វាយ​ទៅ​លើ ចំណុច​ខ្សោយ​ដែល​​ជា​តំណម​​​ដែល​ត្រូវ​ជៀស​វាង។
ដូច្នេះ ការ​ប្រកាស​យក​ថ្ងៃ ៩ វិច្ឆិកា ជា​ថ្ងៃ​អក​អំបុក ដើម្បី​​ការពារ​ជាតិ សាសនា និង​ព្រះ​​មហា​ក្សត្រ មាន​អត្ថ​ន័យ​គ្រប់​គ្រាន់​ដើម្បី​បំបាក់​បំផ្លាញ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋា​ភិបាល និង​​រា​ជា និយ​ម​នៅ​កម្ពុជា​បាន​យ៉ាង​ងាយ និង​អាច​ប្រែក្លាយ​ថ្ងៃដែល សម រង្ស៊ី គ្រោង​អោយ​​មាន​​អំពើ​​ហិង្សា នេះ​​ឲ្យ​ទៅ​ជា​ថ្ងៃ​សាម​គ្គី​គ្នា​វិញ​តាម​វិធី​ទន់​បង្ក្រាប​រឹង។
ទី៣៖ ដូចដែលលោកនាយក​រដ្ឋ​មន្ត្រី​ធ្លាប់​បាន​ធ្វើ​រួច​ហើយ កាល​ពី​ខែ​មិថុនា​កន្លង​​ទៅ​នេះ​​ក្នុង​ការ បង្វែ​ថ្ងៃ​ហូប​នំបញ្ចុក​នយោបាយបំ​បែក​បំបាក់​ជាតិ​របស់​ក្រុម ប្រឆាំង​ឲ្យទៅ​ជាថ្ងៃ ហូប​​នំ​បញ្ចុក​​ដើ​ម្បី​ផ្សះ​ផ្សារ​ជាតិ​ដែល​ធ្វើ​ឲ្យនំ​បញ្ចុក​ខ្មែរ​ល្បី​ពេញ​ប្រទេស និង​ក្រៅ​ប្រទេស​ផង ពេល​នេះ លោក ហ៊ុន សែន ក៏​សំរេច​ប្រែ​ក្លាយថ្ងៃ ៩ វិច្ឆិកា ដែល​ក្រុម​ប្រឆាំង​ដឹក​នាំដោយ​សម រង្ស៊ី ចង់​យក​ជា​ថ្ងៃ​ធ្វើ​រដ្ឋ​ប្រហារ បង្ហូរ​ឈាម​ឲ្យ​ទៅ​ជា​ថ្ងៃ​សម្រាប់​លើក​ស្ទួយ​អំបុក​របស់​ខ្មែរ​វិញ។
ខ្ញុំ​ហ៊ាន​វាយ​តំលៃ​ទុកជាមុន​ថា នៅថ្ងៃទី ៩ វិច្ឆិកា​ខាង​មុខ​នេះ ពលរដ្ឋទូទាំងនគរក៏ដូចជាខ្មែរ នៅក្រៅប្រទេសផងនឹងនាំគ្នាទទួលទានអំបុក​តាមការ​អំពាវ​នាវ របស់​​លោក ហ៊ុន សែន ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​អំបុ​ក​ខ្មែរ​ល្បី សុះ​សាយ​ទាំង​នៅ​ក្នុង​ប្រទេស ទាំង​នៅ​ក្រៅ​ប្រទេស។ នេះ​ពិត​ជា​កំពូល​យុទ្ធ​សាស្ត្រ​ដែល​អាច បង្វែរ​ថ្ងៃ​អាក្រក់​ឲ្យ​ទៅ​ជា​ថ្ងៃ​ល្អ និង​បាន​ជួយ​​លើក​ស្ទួយ​​ផលិតផល​ខ្មែរ​ថែម​ទៀត។
ម៉្យាងទៀត ក៏ពិតជាមិនខុសពី យុទ្ធនាការហូបនំបញ្ចុកលើកមុនដែរ ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ​ពិត​ជា​នឹង​ធ្វើ​អោយ​អ្នក​លក់​អំបុក ដូង ស្ករ​ស នៅ​ទូទាំង​ប្រទេស​មុខ​រីក​ដូច​​គ្រាប់​ជី​ដោយ​សារ​​ត្រូ​វ​ប៉ាន់​ហើយ​លក់​មិន​ទាន់​តម្រូវ​ការ​ផង។
សរុបមកវិញ មួយក្បាច់​របស់​លោក ហ៊ុន សែន ចុង​ក្រោយ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ផែន​ការ​របស់​លោក សម រង្ស៊ី រលាយ​ខ្សុល​ដូច​អំបិល​ត្រូវ​ទឹក។ ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ថ្ងៃ ៩ វិច្ឆិកា បាន​ក្លាយ​ជា​ថ្ងៃ​លើក​ស្ទួយ អំបុក​ខ្មែរ និង​ជា​ថ្ងៃ​ការ​ពារ​ជាតិ សាសនា ព្រះ​មហា​ក្សត្រ ទៅ​វិញ ដែល​ចំណុ​ច​ពិសេស​បែប​នេះ​ហើយ​បាន​ជា​ជន​បរទេស​សំរេច​ចិត្ត​ផ្តល់​ងារ​ជូន​លោក ហ៊ុន សែន ថា​ជា​បុរស​ខ្លាំង​ដែល​សម្បូរ​ដោយ​យុទ្ធ​សាស្ត្រ​រាប់​ទាំង​យុទ្ធ​សាស្ត្រ ចាប់​ដង​កាំបិត​របស់​ខ្មាំង​ប្រឆាំង​នឹង​សត្រូវ​វិញ យ៉ាង​ទាន់​ហន់។
និយាយជារួម ល្បែង​នយោបាយ​របស់ សម រង្ស៊ី ដែល​ “ចង់​ដុត​ផ្ទះ​ចោល​​ដើម្បី​ចំ​អិន​ពង​មាន់​​របស់​ខ្លួន​មួយ” គឺ​ពិត​ជា​បរាជ័យ​ទាំង​ស្រុង​ព្រោះ​ការ​ប្រកាស​របស់ លោក ហ៊ុន សែន ជា​​ឱឡារិក​ក្នុង​ការ​រៀប​ចំបុណ្យ​អំទូក​ឆ្នាំ​នេះ និង​ការ​ប្រកាស​យក​ថ្ងៃ ៩ វិច្ឆិកា ជា​ថ្ងៃ​ទទួល​ទាន​​អំបុក​​ទូទាំង​ប្រទេស​ដើម្បី​ការ​ពារ​ជាតិ សាសនា ព្រះមហា​ក្សត្រ គឺ​ជា​វិធាន​ការ “យក​ដែក​​គោល​​វាយ​លើ​គម្រប​ម្ឈូស” ដើម្បី​បញ្ចប់​ជា​ស្ថាពរ​នូវ​ផែន​ការ​របស់ សម រង្ស៊ី ក្នុង​ការ​ធ្វើ​ប្រហារ​​ថ្ងៃ ៩ វិច្ឆិកា៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ




លិខិតមិត្តអ្នកអាន៖ បុណ្យភ្ជុំបិណ្ឌ២០១៩ បង្ហាញថា ពលរដ្ឋខ្មែររីករាយសាទរគាំទ្រសន្តិភាពនិងជាបណ្តាសារចំពោះទណ្ឌិត សម រង្ស៊ី!

ពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែចប់ទៅនេះគឺជាវិញ្ញាសារដ៏សំខាន់ និងជាក់ស្តែងបំផុតមួយទៀតសម្រាប់វាស់ស្ទង់ ទឹកចិត្តសប្បាយរីករាយប្រកបដោយអំណរសាទរយ៉ាងក្រៃលែងរបស់ប្រជាពលរដ្ឋខ្មែរចំពោះសមិទ្ធផលដែលពួកគេទទួលបាន។ នៅតាមទីរមណីយដ្ឋានទាំងឡាយ ទាំងតូចទាំងធំ ទាំងចាស់ ទាំងថ្មី សុទ្ធតែមានមនុស្សទៅកម្សាន្តសប្បាយយ៉ាងច្រើនកុះករ។ អ្នកខ្លះអង្គុយហូបអាហារជាលក្ខណៈគ្រួសារតាមតូបប្របមាត់ទឹក អ្នកខ្លះអង្គុយដំកង់ក្រោមម្លប់ឈើ អ្នកខ្លះហែលទឹកលេង អ្នក ខ្លះដើរមើលប្រាង្គប្រាសាទ អ្នកខ្លះជក់ចិត្តជាមួយព្រៃព្រឹក្សា ខណៈដែលអ្នកខ្លះទៀតដែលមិនសូវចូលចិត្តទីដែលមានមនុស្សច្រើនក៏ជួបជុំបងប្អូនមិត្តភ័ក្តិនៅនឹងផ្ទះតែម្តង។ ក៏មានមនុស្សជាច្រើនដែរដែលជក់ចិត្តដិត អារម្មណ៍ជាមួយទិដ្ឋភាពស្រុកស្រែចំការដ៏ស្រស់ស្អាតនារដូវវស្សា។
អ្វីជាការកត់សម្គាល់ គឺឆ្នាំនេះពិធីបុណ្យភ្ជុំបិណ្ឌមានសភាពអ៊ូអរខ្លាំងជាងឆ្នាំមុនៗ។ ជាក់ស្តែង នៅតាមទីរមណីយដ្ឋានទាំងឡាយ ការកកស្ទះចរាចរណ៍កើតមានគ្រប់ទិសទី។ គេត្រូវប្រើពេលច្រើនម៉ោងទម្រាំចូលដល់គោលដៅ។ នៅតាមច្រកចេញចូលរាជធានី មានការកកស្ទះយ៉ាងខ្លាំងបន្តកន្ទុយរាប់សិបគីឡូម៉ែត្រទាំងនៅ មុនថ្ងៃភ្ជុំ និងក្រោយបញ្ចប់បុណ្យភ្ជុំដែលមនុស្សម្នានាំគ្នាចេញពីក្រុងនិង សម្រុកត្រឡប់ចូលក្រុងវិញ។
នៅតាមទីជនបទឯណោះវិញ ការជួបជុំមានសភាពកាន់ តែអធិកអធមដោយគេលឺសូរតែសំឡេងស្រែកច្រៀងហោកញ្ចៀវយ៉ាងកងរំពងពីផ្ទះមួយទៅផ្ទះមួយនិងពីភូមិមួយទៅភូមិមួយទៀត រហូតដល់អ្នកខ្លះលាន់មាត់ថា «ភូមិខ្ញុំឥឡូវសម្បូរតារាចម្រៀងណាស់» ពីព្រោះតែម្នាក់ៗ សុទ្ធតែចេះច្រៀងខារ៉ាអូខេសឹងគ្រប់ៗគ្នា។ ជាមួយបច្ចេក វិទ្យាថ្មី និងទំនើបហើយឧបករណ៍កាន់តែទាន់សម័យនិងតម្លៃសមរម្យគួបផ្សំជាមួយកម្រិតជីវភាពរបស់ពលរដ្ឋកាន់តែធូរធារជាងមុន ឧបករណ៍ច្រៀងខារ៉ាអូខេមួយឈុតអាចដាក់តាមខ្លួនបានយ៉ាងស្រួលនិងអាចច្រៀងបាននៅគ្រប់ទិសទីដោយប្រើត្រឹមស្មាតហ្វូននិងធុងបាសតូចមួយប៉ុណ្ណោះ។ តើអ្នកណាខ្លះធ្លាប់បានឃើញស្ថាន ភាពបែបនេះនៅកម្ពុជាកាលពីមុន? ប្រាកដជាគ្មាន ឡើយ។
អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត បើទោះបីជាការកកស្ទះចរាចរណ៍មានរយៈពេលយូរ ហើយកន្លែងខ្លះមានផ្លូវលិចទឹកដោយសារជំនន់ទឹកភ្លៀង កន្លែងខ្លះផ្លូវខូចដោយគ្រោះធម្មជាតិ ឬផ្លូវកំពុងសាងសង់ ប៉ុន្តែអ្នកធ្វើដំណើរម្នាក់ៗនៅតែបង្ហាញស្នាមញញឹម និងការអត់ធ្មត់ដោយមិន បណ្តោយឲ្យបញ្ហាតិចតួចទាំង នោះមករារាំងការសប្បា យរបស់ខ្លួនឡើយ។ រីឯការបើកបរទៀតសោត ក៏កាន់តែមានសណ្តាប់ធ្នាប់ជាងមុនដែរពោលគឺអ្នកបើកបរកាន់តែច្រើនសុខចិត្តតម្រង់ជួរតាមគន្លងផ្លូវរបស់ខ្លួនដោយមិន សូវជាមានអ្នកបំពានលើគន្លងផ្លូវម្ខាងទៀតច្រើនដូចកាលពីមុនដែរ។
ទិដ្ឋភាពទាំងនេះពិតជាសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាកាន់តែក្លាយជាទីកន្លែងដ៏សុខសាន្តសម្រាប់ពល រដ្ឋរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ។ មិនត្រឹមតែមានជីវភាពកើនឡើង មានយានយន្តល្អ និងច្រើនជាងមុន ឬក៏មានហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរជាងមុននោះឡើយ ប៉ុន្តែការបណ្តុះស្មារតីគោរពច្បាប់និងចេះអត់ឱនឲ្យគ្នាក៏កាន់តែរីកចម្រើនជាងមុនគួរឲ្យកត់សម្គាល់ដែរ។
សំឡេងព្រះធម៌ចេញពីទីវត្តអារាម, សំឡេងចម្រៀងបុណ្យភ្ជុំបិណ្ឌចេញពីវិទ្យុ ទូរទស្សន៍ ពីទូរស័ព្ទដៃ ឬពីរថយន្ត បានលាន់លឺរងំគួរជាទីមនោរម្យ។ នេះមិនទាន់រាប់ពលរដ្ឋខ្មែរជាច្រើនទៀត ដែលចេញទៅកម្សាន្តនៅក្រៅ ប្រទេសផងនោះទេ។ ក៏មានដែរអ្នកដែលធ្លាប់ចេញទៅកម្សាន្តក្រៅប្រទេសញឹកញាប់ខ្លះបានអះអាងថា ពួកគេបែរមកជក់ចិត្តនឹងទិដ្ឋភាពប្លែកៗនៅស្រុកស្រែ តំបន់ភ្នំ ឬក៏ទីរមណីយដ្ឋានក្នុងស្រុកវិញពីព្រោះការចាកចេញទៅស្រុកក្រៅក៏ហាក់គ្មានអ្វីប្លែកជាងស្រុកខ្មែរប៉ុន្មានឡើយ។
ក្តីសប្បាយរីករាយដែលបង្កប់ដោយជំនឿចិត្តយ៉ាងរឹងមាំលើ សន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសក៏ដូចជាការរីកច ម្រើន នៃជីវភាពគ្រួសារបានបង្ហាញយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់ពលរដ្ឋខ្មែរគ្រប់ៗគ្នាក្នុងឱកាសបុណ្យភ្ជុំ បិណ្ឌឆ្នាំ២០១៩នេះ។
តើមានពលរដ្ឋខ្មែររូបណាដែលប្រាថ្នាចង់ឃើញពិធីបុ ណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យឯករាជ្យជាតិ ឬបុណ្យ អុំទូកប្រែក្លាយជាវឹកវរ ហិង្សា ចលាចល បង្ហូរឈាមទៅតាមផែនការរដ្ឋប្រហាររបស់ក្រុមអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូចនោះ? ចម្លើយប្រាកដជាគ្មាន ឡើយ។
ខុសពីប្រជាពលរដ្ឋខ្មែរទូទាំងនគរដែលកំពុងត្រេកអរសាទរ និងគាំទ្រសន្តិភាព និងភាពសុខសាន្តដែលពួកគេទទួលបានផលគ្រប់ៗគ្នា មានក្រុមនយោបាយវង្វេងជាតិមួយក្រុមដឹកនាំដោយលោក សម រង្ស៊ី បែរជាមិនស្គាល់បុណ្យបាប ហើយបានប្រើប្រាស់ឱកាសបុណ្យប្រពៃណី សាសនាដ៏សប្បាយរីករាយជ្រះថ្លានេះដើម្បីញុះញង់ បំបែកបំបាក់ជាតិតាមផែនការរដ្ឋប្រហារដ៏ខ្មៅងងឹតរបស់ខ្លួន ដោយឥតអៀនខ្មាសនិងមិនខ្លាចចុះនរកឡើយ។ ទោះជាយ៉ាងណា ផែនការរដ្ឋប្រហារទាំងទទឹងទិសនេះគឺពិតជាមិនទទួលបាននូវការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរនោះដែរព្រោះលើការជាក់ស្តែង ទិដ្ឋភាពនៃពិធីបុណ្យភ្ជុំបិណ្ឌដូចបានរៀបរាប់ខាងដើមនេះ ពិតជាបានបញ្ជាក់ ឲ្យឃើញថា ពលរដ្ឋខ្មែរទូទាំងនគរនៅតែបន្តអោយតំលៃខ្ពស់បំផុតនិងនៅតែឈរខាងសន្តិភាពដើម្បីរក្សាការពារនូវភាពសុខសាន្តនិងការអភិវឌ្ឍន៍សង្គមគ្រួសាររបស់គេមិនឲ្យបាត់បង់ទៅវិញឡើយ។ នេះជាភស្តុតាង និងសញ្ញា ប្រាកដប្រជាដែលចង្អុលបង្ហាញនូវបរាជ័យយ៉ាងជូរចត់មួយទៀតរបស់ក្រុមអ្នកនយោបាយដែលកំពុងអនុវត្តផែនការរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម និងរដ្ឋាភិបាលក្រុងភ្នំពេញ។
ខ្ញុំយល់ថា លោកសម រង្ស៊ី និងគូកនគាត់គួរតែភ្លឺភ្នែកហើ យចំពោះការបរាជ័យជាបន្តបន្ទាប់ដែលខ្លួនប៉ុនប៉ងធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បរាជ័យធំបំផុតទី១គឺ ភាពស្ងៀមស្ងាត់របស់ពលរដ្ឋខ្មែរនៅពេលដែលតុលាការកំពូលសម្រេចរំលាយគណបក្ស ប្រឆាំងកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧។ ការស្ងប់ ស្ងៀមនេះពិតជាបានបញ្ជាក់ថា ពួកគេយល់ច្បាស់អំពីគ្រោះថ្នាក់នៃនយោបាយបម្រើបរទេស យកបរទេសធ្វើចៅហ្វាយ ហើយបែរមកចង់បំផ្លាញសេចក្តីសុខរបស់ជាតិខ្លួនឯងដោយយកពលរដ្ឋខ្លួនធ្វើជាឈ្នាន់ទៅវិញ។ ហេតុនេះហើយបានជាពលរដ្ឋទូទាំងប្រទេសរាប់បញ្ចូលទាំងសកម្មជននិងអ្នកជឿលើបក្សប្រឆាំងងាកមកគាំទ្រសាលដីការរបស់តុលាការកំពូលហើយគ្មានអ្នកណាអើពើនឹងការរំលាយចោលបក្សនយោបាយដែលគេយល់ថាជាអាយ៉ងបរទេសនេះឡើយ។
បរាជ័យធំទី២របស់ទណ្ឌិត សម រង្ស៊ី គឺការប្រកាសធ្វើយុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» នៅពេលបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨។ មានពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតដល់ទៅជាង ៨៣% បាននាំគ្នាចេញទៅបោះឆ្នោត និងបានផ្តល់ជ័យជំនះភ្លូកទឹកភ្លូកដីដល់គណបក្សដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកឈរយ៉ាងរឹងមាំក្នុងការការពារសន្តិភាពនិងភាពសុខសាន្តរបស់ពលរដ្ឋ។
បរាជ័យធំទី៣របស់ទណ្ឌិត សម រង្ស៊ី គឺផែនការធ្វើរដ្ឋ ប្រហារផ្តួលរំលំរដ្ឋាភិបាលតាមរយៈការញុះញង់ឲ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែ ផែនការបោកប្រាស់ដោយប្រើប្រាស់ពលរដ្ឋឲ្យស្លាប់ជំនួសខ្លួនពិតជាបានជួបបរាជ័យជាថ្មី។ ម្តងនេះគឺជាបរាជ័យចុងក្រោយដែលនឹងឈានទៅរកភាពសាបសូន្យទាំងស្រុងនៃចលនានយោបាយឧទ្ទាមក្រៅច្បាប់នៅកម្ពុជា។ ទាំងពលរដ្ឋខ្មែរ ទាំងអង្គការសង្គម ស៊ីវិល ទាំងសហគមន៍អន្តរជាតិ និងពិសេសអង្គការស ហប្រជាជាតិតាមរយៈសំឡេងរបស់លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួល បន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានថ្លែងប្រាប់អង្គការ សហប្រជាជាតិជាឧឡារឹកថា លោកស្រីមិនគាំទ្រនយោ បាយញុះញង់ធ្វើរដ្ឋប្រហាររបស់ ទណ្ឌិត សម រង្ស៊ី ឡើយពីព្រោះជានយោបាយមិនសមស្រប និងមិនមែនជាដំ ណោះស្រាយឡើយ។
ដូច្នេះ កត្តាបរាជ័យទាំងអស់នេះបូករួមនឹងការចូលរួមរបស់ប្រជាពលរដ្ធទូទាំងប្រទេសអបអរសាទរសប្បាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះគឺពិតជាបណ្តាសារចំពោះលោកសម រង្ស៊ី និងគូកនយ៉ាងពិតប្រាកដ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ