Monday, August 17, 2015

ព្រឹទ្ធសភាបានចេញសេចក្តីប្រកាសព័ត៌មានមិនផ្អាកការឃុំខ្លួន ការចោទប្រកាន់ឈ្មោះ ហុង សុខហួរ សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៤ឡើយ

នៅរសៀល​ថ្ងៃច័ន្ទ​ ទី១៧​ ខែសីហា ​ឆ្នាំ២០១៥​នេះ  ព្រឹទ្ធសភា​បានបើក​សម័យ​ប្រជុំពេញអង្គ លើកទី៧​ នីតិកាលទី៣​ ក្រោមអធិបតី​ភាពរបស់​ ឯកឧត្តម​ នៃ ប៉េណា ​ប្រធាន​ស្តីទីព្រឹទ្ធ​សភានៃព្រះរាជា​ណាចក្រកម្ពុជា។​

នៅក្នុង​សម័យប្រជុំ​ពេញអង្គ​នោះ មាន​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ចំនួន៤៧​នាក់ ហើយ​របៀបវារៈ​មានតែ​ មួយគត់​គឺពិនិត្យ ​និងសម្រេច​លើរបាយការណ៍​របស់ក្រ​សួងមាន​សមត្ថកិច្ច​ អំពីករណី​ឈ្មោះ ហុង​ សុខហួរ​ សមាជិក​ព្រឹទ្ធសភា​ មណ្ឌល​ភូមិភាគ​ទី៤។

សម័យ​ប្រជុំពេញ​អង្គនោះ​ធ្វើឡើង​អនុលោម​តាមមាត្រា​១១១ថ្មី​ (ពីរ) នៃរដ្ឋ​ធម្មនុញ្ញ និង​ប្រការ៤២​ នៃបទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា ​និងអាស្រ័យ​ដោយមាន​សំណើពីសមាជិក​ព្រឹទ្ធសភា​ចំនួន​ ១១រូប ​(ច្រើនជាង​មួយភាគដប់) ​ព្រឹទ្ធសភា​បានអនុម័ត​ដំណើរការ​ប្រជុំជាសម្ងាត់។ ​ដោយអនុវត្ត​តាមមាត្រា ​១០៤ថ្មី ​នៃរដ្ឋ ​ធម្មនុញ្ញ ​មាត្រា១២​ និង១៣ នៃច្បាប់​ស្តីពីលក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា ​ព្រមទាំង​ប្រការ​ ៦៤ និង៦៥​ នៃបទបញ្ជា​ផ្ទៃក្នុងព្រឹទ្ធ​សភា ​អង្គព្រឹទ្ធសភា​បានដំណើរ​ការបោះឆ្នោត​ជាសម្ងាត់​ ដើម្បីបញ្ចេញ​មតិផ្អាក ការ ​ឃុំខ្លួន​ ការចោទ​ប្រកាន់ ​ឈ្មោះ ហុង ​សុខហួរ​ សមាជិកព្រឹទ្ធសភា ​មណ្ឌលភូមិ​ភាគទី៤ ​ហើយជា​លទ្ធផល ​គឺផ្អាកសូន្យសម្លេង ​និងមិន​ផ្អាក៤៧សម្លេង។​


បើយោង​តាមមាត្រា ​១៣ នៃច្បាប់​ស្តីពីលក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា​​បញ្ញត្តិថា ​ក្នុងករណី​ទាំងអស់​ខាងលើ ​នេះ ការឃុំខ្លួន​ ការចោទ​ប្រកាន់សមាជិ​កព្រឹទ្ធសភា​ណាមួយត្រូវ​ផ្អាក ប្រសិន​បើព្រឹទ្ធសភាប​ញ្ចេញមតិឱ្យ ​ផ្អាក ​តាមមតិភាគ​ច្រើនបីភាគបួន​ នៃចំនួនស​មាជិកព្រឹទ្ធសភាទាំ​ងមូល។​ ឆ្លងតាម​លទ្ធផលនៃ​ការបោះ ​ឆ្នោតខាង​លើនេះ ព្រឹ​ទ្ធសភាបាន​បញ្ចេញមតិ ​មិនផ្អាក ​ការឃុំខ្លួន ​ការចោទ​ប្រកាន់ឈ្មោះ ​ហុង ​សុខហួរ​ សមាជិក​ព្រឹទ្ធសភា មណ្ឌលភូមិភាគ​ទី៤ឡើយ។​

សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពី ​លទ្ធផល​នៃសម័យ​ប្រជុំ​លើក​ទី៧​ព្រឹទ្ធសភា នីតិកាល​ទី៣ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥



ឯកឧត្តម​ អ៊ុំ សំអាន​ តំណាងរា​ស្ត្រមណ្ឌល​សៀមរាប​របស់គណបក្ស​សង្គ្រោះជាតិ​ បានគេចខ្លួន​ដល់ប្រទេសថៃ​ នឹងបន្ត​ទៅសហរដ្ឋអាមេរិកហើយ

មន្ត្រីជាន់​ខ្ពស់របស់គណបក្ស​សង្គ្រោះជាតិបាន​ថ្លែងឲ្យដឹងថា នៅព្រឹក​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះ    ឯកឧត្តម អ៊ុំ សំអាន តំណាង​រាស្ដ្រមណ្ឌល​សៀម​រាប នៃគណបក្ស​សង្គ្រោះជាតិ ដែលជាជន​សកម្មក្នុង​ការសើរើបញ្ហា​ព្រំដែន និងបានចោទ​ប្រកាន់ថា រាជរដ្ឋា​ភិបាល​ប្រើ​ផែនទីក្លែងក្លាយ​នោះ បានរត់គេច​ខ្លួនចេញ​ទៅក្រៅ​ប្រទេស​ហើយ បន្ទាប់ពីលេច​ឮព័ត៌មាន​ថា សមត្ថកិច្ចស្វែង​រកចាប់​ខ្លួនរូប​លោក។
ប្រភពបាន​បន្តថា ឯកឧត្តម អ៊ុំ សំអាន បានទៅ​ដល់ប្រទេស​ថៃ កាលពី​យប់ថ្ងៃទី១៦ ខែ​សីហា រួចនឹងបន្ត​ដំណើរទៅ​សហរដ្ឋអា​មេរិក។
ទោះ​ជាយ៉ាង​ណា ឯកឧត្តម ខៀវ សុភ័គ មន្ត្រីអ្នកនាំ​ពាក្យក្រសួង​មហាផ្ទៃ​បានប្រាប់​ដល់​អ្នកសារព័ត៌​មានថា រដ្ឋាភិបាល​គ្មានគម្រោង​ចាប់ លោក អ៊ុំ សំអាន នោះទេក្នុង​ខណៈ​នេះ។



អង្គភាព​ប្រឆាំងអំពើពុករ​លួយ ​បានបញ្ជូន​លោក​ អាំង មាលតី​ ទៅកាន់តុលា​ការខេត្ត​កណ្តាល​

កាលពី​ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥លោក អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូងរាជធានីភ្នំ​ពេញ ត្រូវបាន​អង្គភាព​ប្រឆាំងអំពើពុករ​លួយ ឃាត់ខ្លួន និងបានបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធ​នឹងអំពើពុករលួយ ដែលសម្រេច​ឲ្យជនជាប់ចោទ​គ្រឿងញៀនម្នា​ក់ឈ្មោះ ថៅ ថាវី នៅក្រៅឃុំប​ណ្តោះអាសន្ន។
អង្គភាពប្រឆាំង​អំពើពុករលួយ បានបញ្ជូន​លោក អាំង មាលតី ទៅកាន់តុលា​ការ ខេត្តកណ្តាល ដោយចោទ​ពីបទប្រព្រឹត្ត​អំពើពុករលួយ ជាថ្នូរនឹង​ការដោះលែង​ឱ្យនៅក្រៅឃុំ ដល់ជន​ជាប់ចោទគ្រឿង​ញៀនម្នាក់ ដើម្បីទទួល​បានរថយន្ត Audi មួយ​គ្រឿង ដែលមាន​តម្លៃជាង​១០ម៉ឺនដុល្លារ។
លោកទេសរដ្ឋមន្រ្តី​បានឲ្យដឹងថា ក្រោយពីសាក​សួរនៅអង្គភាព​ប្រឆាំងអំពើពុករ​លួយ ACU បានរក​ឃើញថា ចម្លើយរបស់​លោក អាំង​ មាលតី មានភាពគ្រប់​គ្រាន់ស​ម្រាប់ឱ្យ ACU ចោទប្រកាន់ពីបទ វីតិក្រម ដែលជាបទល្មើសពុករលួយមួយដែរ ជាមួយនឹងឈ្មោះ ថៅ ថាវី ដែលកន្លង​មក ធ្លាប់ត្រូវបាន​ចោទ​ប្រកាន់​ពាក់ព័ន្ធនឹង​គ្រឿងញៀន ។
លោក ឱម យ៉ិនទៀង បានថ្លែង​យ៉ាងដូច្នេះថា «វីតិក្រមនេះ ពាក់ព័ន្ធ​ជាមួយនឹង​ឡាន Audi មួយគ្រឿង​របស់ឈ្មោះ ថៅ ថាវី គឺថៅ ថាវី ហ្នឹង​គេចោទថា រឿង​គ្រឿង​ញៀន ប៉ុន្តែមិនមែនទេណា ហើយថ្ងៃ៨ (សីហា) កន្លងមកតុលាការបានកាត់ក្តីរឿង ថៅ ថាវី ហើយ​ប្រគល់ឡានឲ្យវិញ​ហើយ ដែល​ឡានមួយ​នេះ ត្រូវបាន​លោក អាំង មាលតី គាត់យកពី ថៅ ថាវី ជាថ្នូនឹងការដោះ​លែង បណ្តោះអាសន្នដល់​លោក ថៅ ថាវី» 
សូមបញ្ជាក់ថា​លោក អាំង មាលតី អតីតប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រូវបានដកចេញ​ពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបានចាប់​ខ្លួន ដោយអង្គភាព​ប្រឆាំង​អំពើពុករលួយ កាល​ពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥៕


លោក​ ហុង​ សុខហួរ​៖ តុលាការសម្រេច​ឃុំខ្លួននៅ​ព្រៃសបណ្តោះ​អាសន្ន​ បន្ទាប់ពី​ចោទប្រកាន់​៣បទល្មើស​

ជន​ត្រូវ​ចោទ ហុង សុខហួរ ត្រូវ​បានចោទ​ប្រកាន់ចំនួន​៣បទល្មើស​ រួមមាន៖បទ​ក្លែង​លិខិតសាធារណៈ បទប្រើ​លិខិតសាធារណៈក្លែង និងបទ​ញុះញង់អោយ​មានបទ​ល្មើសមជ្ឈឹម រឺឩក្រិដ្ឋមិន​សម្រេច។
សមាជិក​ព្រឹទ្ធសភា​រូបនេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការនៅ​ថ្ងៃទី១៦ ខែសីហា ដើម្បីឲ្យលោក​ចៅ​ក្រម កោ វណ្ឌី ធ្វើការ​សាកសួរ។ ការបញ្ជូន​ឲ្យចៅក្រមសាក​សួរ គឺបន្ទាប់​ពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអា​ជ្ញារង បានសាក​សួរលោក​ហុង សុខហួរ កាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញ ។
លោក​ហុង សុខហួរ ត្រូវបាន​សមត្ថកិច្ចចាប់​ខ្លួនកាល​ពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះរបស់លោក​យន្ត ថារ៉ូ អ្នកតំណាង​រាស្ត្រមណ្ឌល​ខេត្តបន្ទាយមាន​ជ័យ របស់គណ​បក្សសង្គ្រោះជាតិ នៅភូមិគោក​ឃ្លាង សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែន​សុខ។លោកកោ វណ្ឌី ចៅ​ក្រមស៊ើបសួរសាលា​ដំបូងរាជធានីភ្នំពេញ​បានសម្រេច​ចោទ​ប្រកាន់ លោកហុង សុខហួរ ចំនួន៣បទល្មើស​ហើយចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅពន្ធនាគារ​ព្រៃស ក្រោម​ខាង​លើ។
យោង​តាមមាត្រា ៦២៩. បទក្លែង​បន្លំឯក​សារសាធារណៈ បានចែង​ថា ការក្លែងបន្លំ​ប្រព្រឹត្ត​នៅក្នុង​លិខិតយ​ថាភូត ឬការក្លែង​បន្លំប្រព្រឹត្ត​នៅក្នុងឯកសារ​ដែលចេញឲ្យ​ដោយរាជការ​សាធារណៈ ដើម្បីធ្វើ​ការកត់​សម្គាល់សិទ្ធិ អត្តសញ្ញាណ ​ឬឋានៈ ឬដើម្បីយល់​ព្រមផ្តល់ការ​អនុញ្ញាត ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី៥ឆ្នាំ ទៅ១០ឆ្នាំ។ មាត្រា ៦៣០. បទប្រើប្រាស់ឯក​សារសា​ធារណៈក្លែង បានចែងថា ការប្រើប្រាស់​ឯកសារក្លែង​ដែលមានក្នុងមាត្រា​៦២៩ (បទក្លែងបន្លំឯកសារសាធារណៈ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យ​ជាប្រាក់ពី​៤លានរៀល ទៅ១០លាន​រៀល។
លោកជូង ជូងី មេធាវី​ការពារក្តី​លោក ហុងសុខហួរ មានប្រសាសន៍​ថា លោក នឹងដាក់​លិខិតសុំធានាកូន​ក្តីរបស់​លោកនៅ​ក្រៅឃុំ​បណ្តោ​អាសន្នដោយ​ដាក់ប្រាក់​តម្កល់ ក្រោមហេតុ​ផល​ថាកូន​ក្តីរបស់​លោក​មានការងារ​ពិតប្រាកដ និងមាន​ទីលំនៅ​ច្បាស់លាស់​មិនអាច​គេច​ខ្លួន​ទៅណាឡើយ៕