Friday, January 06, 2017

(វីដេអូកំណាព្យ)កញ្ញា តន់ ចាន់ស៊ីម៉ា សិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ ស្មូតកំណាព្យ រំលឹកខួបថ្ងៃរំដោះ ៧មករា ១៩៧៩ (ប្រភពពី GNN)

យោធាតៃវ៉ាន់ប្រហែលជាទទួលនូវការរងគ្រោះដំបូង​នៅក្នុង​វិបត្តិសោធន​និវត្តន៍​​

មូលនិធិសោធននិវត្តន៍យោធាតៃវ៉ាន់ប្រហែលជាមានបញ្ហាត្រឹមឆ្នាំ២០២០ បន្ទាប់ពីច្រើនឆ្នាំនៃឱនភាពកាន់តែរីកធំឡើង។ នេះបានបង្កឱ្យមានការប្រកាសអាសន្នអំពីស្ថិរភាពនៃការការពារជាតិរបស់កោះនេះ នៅពេលដែលភាពតានតឹងកំពុងតែងើបឡើងជាមួយនយោបាយរបស់សត្រូវគឺប្រទេសចិននោះ។
រដ្ឋាភិបាលតៃវ៉ាន់បានឱ្យដឹងថា ការរុះរើជាបន្ទាន់នូវប្រព័ន្ធសោធននិវត្តន៍ចាំបាច់ត្រូវតែធ្វើឡើង ខណៈដែលការចំណាយយ៉ាងច្រើនមិនមានស្ថិរភាពចំពោះសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយសារតែមានការរំខានពីការធ្លាក់ចុះនៃសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ១៩៩០ និងការកើនឡើងយ៉ាងលឿននៃប្រជាជនដែលមានវ័យចំណាស់ ពោលគឺបំរែបំរួលនៃប្រជាសាស្ត្រ។
អ្នកទទួលបានសោធននិវត្តន៍យោធាប្រហែលជា ១២០.០០០ នាក់ និងមន្ត្រីរាជការប្រមាណជា ២០០.០០០ នាក់ កំពុងតែភ័យព្រួយអំពីការកែទម្រង់សោធននិវត្តន៍នេះ។ ការកែទម្រង់នេះគឺជាអាទិភាពរបស់ លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។ គម្រោងដែលត្រូវកែប្រែឡើងវិញនេះអាចបង្កឱ្យមានការរងចាំយូរជាងមុនដើម្បីចូលនិវត្តន៍ ព្រមទាំងទទួលបានការទូទាត់ប្រាក់តិចជាងមុន។
លោក Hu Chu-Sheng អតីតឧត្តមសេនីយទោ ដែលបំរើការងារយោធាជាង ៤០ ឆ្នាំនោះបានមានប្រសាសន៍ថា បញ្ហាធំជាងគេបំផុត ដែលយើងកំពុងតែប្រឈមជាមួយនឹងការកែទម្រង់នោះគឺការភ័យខ្លាច។ វាធ្វើឱ្យអ្នករាល់គ្នាមានភាពលំបាក និងបារម្ភ។
លោក Hu បានបន្តទៀតថា «នៅពេលដែលយោធាមិនអាចផ្តោតការយកចិត្តទុកដាក់ទៅលើតួនាទីរបស់ពួកគេនោះ វានឹងធ្វើឱ្យប្រសិទ្ធិភាពនៃកងកម្លាំងយោធារបស់តៃវ៉ាន់កាន់តែចុះខ្សោយ។ ហើយវានឹងធ្វើឱ្យចិនមានភាពងាយស្រួលក្នុងការយកបានតៃវ៉ាន់ដោយមិនធ្វើឱ្យកាំបិតរបស់ពួកគេប្រឡាក់ឈាម»។
ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តបែកខ្ញែកមួយ ដែលគួរតែត្រូវបង្រួមឡើងវិញជាមួយចិនដីគោក តាមរយៈការប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់នោះ។
ភាពមិនងាយស្រួលដល់សោធននិវត្តន៍នេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យផ្សេងៗទៀត។ បំណុលនៃប្រាក់សោធននិវត្តន៍នៃវិស័យពលករ និងសាធារណៈត្រូវបានគេរំពឹងថានឹងឈានដល់១៨ទ្រីលានដុល្លារតៃវ៉ាន់ (៥៧០ពាន់លានដុល្លារសហរដ្ឋអាមេរិក)កាលពីឆ្នាំ២០១៦ កើនឡើង ៩ដង បើធៀបនឹងថវិកាចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាលនេះ ហើយគឺជាការកើនឡើងដ៏ធំពីចំនួន ១២លានដុល្លារតៃវ៉ាន់ កាលពី ១០ឆ្នាំមុន។
លោក Lu Ming-tai ប្រធាននាយកដ្ឋានសង្គ្រោះជីវិត និងការចូលនិវត្តន៍នៃក្រសួងមុខងារសាធារណៈតៃវ៉ាន់បានមានប្រសាសន៍ថា ប្រសិនបើយើងមិនមានស្ថិរភាពនៅក្នុងរយៈពេល ២០ ឬ៣០ឆ្នាំក្រោយនោះ វាមិនអាចជៀសផុតបានទេថា វានឹងបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុចំពោះរដ្ឋាភិបាល។
ការងើបឡើងនៃបំណុលចាប់តាំងពីឆ្នាំ២០០៨នោះ បានបង្កឱ្យមានការកែទម្រង់សោធននិវត្តន៍ភ្លាមៗ។
ការកែទម្រង់ប្រព័ន្ធសោធននិវត្តន៍ប្រកបដោយជោគជ័យ នឹងមានសារៈសំខាន់ ចំពោះប្រធានាធិបតី Tsai។ លោកស្រីបានមានប្រសាសន៍ថា ការកែទម្រង់គឺចាំបាច់ ហើយលោកស្រីចង់ឃើញសេចក្តីព្រៀងច្បាប់ស្តីពីការកែទម្រង់សោធននិវត្តន៍នេះត្រូវបានអនុម័តដោយសភា នៅក្នុងរដូវផ្ការីកខាងមុខនេះ។
យ៉ាងណាក៏ដោយ ខណៈដែលមានការសង្ស័យកំពុងតែងើបឡើងជុំវិញសមត្ថភាពរបស់រដ្ឋាភិបាលទៅលើការធានាសោធននិវត្តន៍ និងសុខភាពនោះ យុវជនរបស់តៃវ៉ាន់មានអារម្មណ៍មិនសូវជឿជាក់ទេ។
លោក Chu Ying-ju  អាយុ ២៣ និស្សិត និងជាសមាជិកក្រុមពិគ្រោះយោបល់ស្តីពីការកែទម្រង់សោធននិវត្តន៍ថា ប្រសិនបើប្រព័ន្ធសោធននិវត្តន៍ មិនត្រូវបានធ្វើការកែទម្រង់ឱ្យកាន់តែឆាប់នោះទេ យុវជននឹងមិនមើលឃើញសេចក្តីសង្ឃឹមនាពេលអនាគតទេ៕

ប្រភព : The Reuter ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧

រដ្ឋសភាជូនដំណឹងស្តីពីលទ្ធផលដែលសម្រេចបាន ក្នុងសម័យប្រជុំរយៈពេល៣ខែរបស់ខ្លួន

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ រដ្ឋសភាបានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសម័យប្រជុំ លើកទី៧ នីតិកាលទី៥ ដែលចាប់ផ្តើមដំណើរការនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ មកដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ ដែលមានរយៈពេល៣ខែគត់។
នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋសភាបានឱ្យដឹងថា យោងតាមសេចក្តីប្រកាស របស់ប្រធានរដ្ឋសភា លោក ហេង សំរិន ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីភិកាលទី៥ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ និងអនុលោមតាមមាត្រា ៨៣ វាក្យខណ្ឌទី២ កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ និងប្រការ១ វាក្រខណ្ឌទី២ នៃបទបញ្ហាផ្ទៃក្នុងនៃរដ្ឋសភាដែលចែងថា «សម័យប្រជុំរដ្ឋសភានីមួយៗមានថិរវេលាយ៉ាងតិចបីខែ»។
សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា «អគ្គលេខាធិការដ្ឋសភា មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី តំណាងរាស្រ្ដ និងសាធារណជនជ្រាបថា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី៧ ខៃតុលា ឆ្នាំ២០១៦ មកដល់ថ្ងៃទី៧ ខៃមករា ឆ្នាំ២០១៧ មានរយៈពេល ៣ខែគត់ ក្នុងរយៈពេលនេះ រដ្ឋសភាសម្រេចបានលទ្ធផលដូចតទៅ៖ ១- អនុម័តសេចក្ដីព្រាងច្បាប់បានចំនួន៩ ដែលស្នើទ្បើងដោយរដ្ឋាភិបាល។ ២-បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើអគ្គសវនករ និងអគ្គសវនកររងចំនួន៣រូប នៃអាជ្ញាធរសវនកម្មជាតិសម្រាប់បន្តអាណតិ៥ឆ្នាំ។ និង ៣- ការឆ្លើយបំភ្លឺដោយផ្ទាល់មាត់ជូនរដ្ឋសភារបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល។
សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ត្រូវបិទនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះតទៅ៕


លោក ហ៊ុន សែន៖ ស្ពាន​អាកាស​ផ្សារ​ដីហុយ នឹង​ជួយ​ស​ម្រួល​ដល់​​បញ្ហា​កក​ស្ទះ​ចរាច​រណ៍​នៅ​តំ​បន់​ជុំវិញ​ទីនេះ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់លោកថា «ស្ពានអាកាសផ្សារដីហុយ គឺជាគម្រោងស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ដែលបាននឹងកំពុងសាងសង់យ៉ាងមមាញឹក បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពី ខែសីហា ឆ្នាំ ២០១៦ កន្លងទៅនេះ។ មកទល់ពេលនេះ គឺសំរេចបានប្រមាណ ៣០% ហើយ។ មន្រ្តីជំនាញសាងសង់កំពុងបន្តចាក់តម្លើងសសរស្ពាន ចាក់ជើងតាង និងចាក់ពុម្ពសសរបេតុងស្ពាន ។
គម្រោងសាងសង់ “ស្ពានអាកាសស្តុបផ្សារដីហុយ” នេះ មានប្រវែង ៩០៥ម ទទឹង ១៦.៥ម គ្រោងនឹងបព្ចាប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០១៧ ។ គម្រោងស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវ៉ាត់ក្រុងទី ២ គឺជាគម្រោងហិរញ្ញប្បទាន របស់សាធារណរដ្ឋប្រជាមានិតចិន ហើយស្ពាននេះ ស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)»។
លោកនាយករដ្ឋមន្ត្រី បានបន្តថា «ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន។
ប៉ុន្តែពេលនេះ ការដ្ឋានសាងសង់ស្ពានគឺមានហ៊ុមព័ទ្ធរបងដែលធ្វើឲ្យដងផ្លូវនៅចំណុចការដ្ឋានរួមតូចចង្អៀត ហើយអាចមានការកកស្ទះចរាចរណ៍។ ដូចច្នេះសូមបងប្អូនអ្នកធ្វើដំណើរ និងសាធារណជនមេត្តាយោគយល់ និងអធ្យាស្រ័យក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវមួយនេះ។ សូមបើកបរមានសុវត្ថិភាពទាំងអស់គ្នា៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យឈ្មោះបោះឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បានធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សូមប្រជាពលរដ្ឋទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោតអោយបានត្រឹមត្រូវ។នៅលើទំព័រ Facebook ផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រី បានសរសេរថា «សូមប្រជាពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតអោយបានត្រឹមត្រូវ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទផ្សាយបញ្ជីឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ និងអ្នកដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនៅតាមបណ្តា ឃុំ-សង្កាត់ទូទាំងប្រទេស ឬទីតាំងណាមួយនៃឃុំ-សង្កាត់។ ប្រសិនបើ បងប្អូនពិនិត្យឃើញ ឈ្មោះខុស ឬ បាត់ឈ្មោះ ឬមានបញ្ហាអ្វីមិនប្រក្រតី គឺបងប្អូនអាចធ្វើការតវ៉ាបានក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ ១៤ ខែមករា ឆ្នាំ២០១៧»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ (៦ខែដ៏ខ្លី) ខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្តនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧នេះ ៕
ឬអាចពិនិត្យឈ្មោះក្នុង Website នេះ http://www.voterlist.org.kh/



លោក Prayut បានទទូចថា គ្មានការពន្យារពេលការបោះឆ្នោតឡើយ

នាយករដ្ឋមន្ដ្រីថៃលោក Prayut Chan-o-cha បានសង្កត់ធ្ងន់ម្តងទៀតថា ផែនទីបង្ហាញផ្លូវសម្រាប់រៀបចំការបោះឆ្នោតជាតិដែលត្រូវបានគេរំពឹងថាធ្វើឡើងនៅចុងឆ្នាំនេះ នឹងមិនត្រូវបានពន្យារពេលនោះទេ។
គាត់ក៏បានបដិសេធអនុវត្តអំណាចរបស់ខ្លួន ក្រោមមាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញបណ្តោះអាសន្នដើម្បីផ្តល់ការលើកលែងទោសទៅដល់អ្នកទោសនយោបាយ។
លោកឧត្តមសេនីយ៍ Prayut បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Surachai Liangboonlertchai អនុប្រធានសភានីតិបញ្ញត្តិជាតិថា សភាមិនអាចបញ្ចប់ការពិភាក្សាស្តីពីច្បាប់អង្គការចំនួន ១០ នៅក្នុងរយៈពេល ២៤០ ថ្ងៃបានទេ ហើយនេះអាចជំរុញឱ្យការបោះឆ្នោតវិលត្រឡប់ទៅពាក់កណ្តាលឆ្នាំក្រោយនេះវិញ។
ក្នុងចំណោមច្បាប់អង្គការចំនួន ១០ នេះ មាន ៣ សំខាន់ណាស់សម្រាប់ការបោះឆ្នោត គឺច្បាប់ គ្រប់គ្រងសមាជិកសភាបោះឆ្នោត គណបក្សនយោបាយ និងគណៈកម្មការរៀបចំការបោះឆ្នោត។
លោក Surachai បាននិយាយថា ក្រៅពីច្បាប់អង្គការចំនួន ១០ នេះ សភានីតិបញ្ញត្តិជាតិក៏នឹងត្រូវពិចារណាអំពីច្បាប់របស់សភាជាង ១០០ ផ្សេងទៀត។
លោកឧត្តមសេនីយ៍ Prayut បាននិយាយថា រយៈពេលនេះត្រូវបានគេបញ្ជាក់ដោយល្អិតល្អន់សម្រាប់រដ្ឋធម្មនុញ្ញថ្មី ច្បាប់អង្គការ និងការបោះឆ្នោត។
គាត់បានបន្ថែមទៀតថា បន្ទាប់ពីសេចក្តីព្រាងច្បាប់អង្គការក្លាយជាច្បាប់នោះ រយៈពេល ១៥០ ថ្ងៃនេះ ក៏នឹងត្រូវការជាចាំបាច់សម្រាប់ការបោះឆ្នោត និងដើម្បីអនុញ្ញាតឱ្យមានយុទ្ធនាការបោះឆ្នោតផងដែរ។
លោកឧត្តមសេនីយ៍ Prayut ក៏បាននិយាយថា យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរយៈពេល ២០ ឆ្នាំរបស់រដ្ឋាភិបាល និងផែនការសកម្មភាពសម្រាប់ធ្វើកំណែទម្រង់នេះក៏នឹងដំណើរការនៅឆ្នាំនេះផងដែរ។
លោកឧត្តមសេនីយ៍ Prayut បាននិយាយថា រដ្ឋាភិបាលនឹងចាប់ផ្តើមយុទ្ធនាការដើម្បីបង្កើនការយល់ដឹងជាសាធារណៈពីផែនការទាំងនេះ និងជំរុញតួនាទីការចូលរួមរបស់សាធារណជននៅក្នុងដំណើរការកំណែទម្រង់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល ២០ ឆ្នាំ ដោយបន្ថែមទៀតថា មានផែនការសកម្មភាពប្រហែល ១៣៨ សម្រាប់ធ្វើកំណែទម្រង់។
គាត់បាននិយាយថា វិធានការកំណែទម្រង់មួយចំនួនបានអនុវត្តរួចហើយ ដោយបានបន្ថែមទៀតថា គាត់គ្រោងនឹងបង្កើតគណៈកម្មាធិការនាយកមួយ ដើម្បីជំរុញឱ្យមានការធ្វើកំណែទម្រង់ យុទ្ធសាស្ដ្រជាតិ និងការឯកភាពជាតិ។
លោកឧត្តមសេនីយ៍ Prayut បានសង្កត់ធ្ងន់ថា ភាគីទាំងអស់ត្រូវតែចូលរួមនៅក្នុងការដោះស្រាយជម្លោះណាមួយ និងផ្លាស់ប្តូរប្រទេសឆ្ពោះទៅមុខ ជាជាងស្វែងរកការលើកលែងទោស។
លោកឧត្តមសេនីយ៍ Prayut បានសួរថា «មនុស្សជាច្រើនកំពុងនិយាយអំពីការបោះឆ្នោត។ ប៉ុន្តែមានមួយចំនួនក្នុងចំណោមពួកគេធ្លាប់បាននិយាយថា តើពួកគេនឹងធ្វើកំណែទម្រង់ប្រទេសដូចម្តេច?»។ «ដោយនិយាយអំពីសំណើមួយសម្រាប់ប្រើប្រាស់មាត្រា ៤៤ ដើម្បីផ្តល់ការលើកលែងទោសមួយ នេះមិនមែនជាការព្រួយបារម្ភរបស់ខ្ញុំទេ។ កុំធ្វើឱ្យរញ៉េរញ៉ៃជាមួយមាត្រា ៤៤»។
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិលោក Prawit Wongsuwon បានផ្តល់ការធានាថារដ្ឋាភិបាលនឹងរក្សាផែនទីបង្ហាញផ្លូវច្បាប់ដើម និងរយៈពេលសម្រាប់រៀបចំការបោះឆ្នោតដូចបាន សន្យាពីដំបូងដោយនាយករដ្ឋមន្ត្រី។ គាត់បានបន្ថែមថា ការអត្ថាធិប្បាយរបស់លោក Surachai ស្តីពីការបោះឆ្នោតអាចត្រូវបានពន្យារពេលរហូតដល់ពាក់កណ្តាលឆ្នាំក្រោយនេះ គឺគ្រាន់តែជាការសន្មត់មួយទេ។
ឧបនាយករដ្ឋមន្រ្តីលោក Wissanu Krea-ngam ក៏បានរក្សាផែនទីបង្ហាញផ្លូវសម្រាប់ការបោះឆ្នោតនៅឆ្នាំនេះនៅតែមិនផ្លាស់ប្តូរ។
លោក Wissanu បាននិយាយថា សភានីតិបញ្ញត្តិជាតិគួរតែដាក់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបើកផ្លូវឱ្យមានការគាំទ្រច្បាប់ដែលរង់ចាំអនុម័ត ដូច្នេះនេះនឹងមិនពន្យារពេលផែនទីបង្ហាញផ្លូវសម្រាប់ការបោះឆ្នោតនោះទេ។
ល្បឿនបន្ថែមទៀតពីគណៈកម្មការពង្រាងរដ្ឋធម្មនុញ្ញ ដែលបានបញ្ជូនសេចក្តីព្រាងច្បាប់អង្គការទៅកាន់សភានីតិបញ្ញត្តិសម្រាប់ការពិភាក្សា ក៏អាចជួយផងដែរ៕
ប្រភព : Bangkok Post ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧

ឥណ្ឌូ​នេស៊ី​បាន​ផ្អាក​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធា​ជា​មួយ​នឹង​អូ​ស្រ្តា​លី​

អ្នកនាំពាក្យយោធា ឧត្តមសេនីយ៍ត្រី Wuryanto បាននិយាយថា ការផ្អាកកិច្ចសហប្រតិបត្តិការនេះបានចូលជាធរមានកាលពីខែធ្នូ ហើយសកម្មភាពធំៗមួយចំនួនត្រូវរងផលប៉ះពាល់ រាប់បញ្ចូលទាំងការធ្វើសមយុទ្ធរួមគ្នាផងដែរ។
ក្រុមមន្រ្តីក្រសួងការពារជាតិអូស្រ្តាលីបានអះអាងថា ប្រទេសឥណ្ឌូនេស៊ីបានផ្អាកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិទាំងអស់លើ «សម្ភារៈបង្រៀន»។
ទំនាក់ទំនងទ្វេភាគីមានភាពតានតឹងជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទោះបីជាមានសញ្ញាថ្មីៗមួយចំនួនថា មានភាពប្រសើរឡើងក៏ដោយ។
ឧត្តមសេនីយ៍ត្រី Wuryanto បាននិយាយថា «គ្រប់ទម្រង់ទាំងអស់នៃកិច្ចសហប្រតិបត្តិការជាមួយនឹងយោធាអូស្រ្តាលី រាប់បញ្ចូលទាំងការធ្វើសមយុទ្ធរួមគ្នា ត្រូវបានគេផ្អាកជាបណ្តោះអាសន្ន។ ខ្ញុំសង្ឃឹមថា វាអាចនឹងត្រូវបានគេដោះស្រាយក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន»។
រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលី លោក Marise Payne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ក្តីព្រួយបារម្ភកាលពីចុងឆ្នាំមុន ដែលបានលើកឡើងដោយមន្រ្តីកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូនេស៊ី (TNI) អំពីសម្ភារៈបង្រៀន និងសុន្ទរកថានៅឯទីតាំងបណ្តុះបណ្តាលភាសាយោធាក្នុងប្រទេសអូស្រ្តាលី»។
គាត់បាននិយាយថា «យោធាអូស្រ្តាលីបានពិនិត្យដោយយកចិត្តទុកដាក់ពីក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានលើកឡើង និងការស៊ើបអង្កេតចំពោះឧបទ្ទវហេតុដែលកំពុងត្រូវបានបញ្ចប់នេះ»។
សម្ភារៈសម្រាប់ធ្វើការវាយបក
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអូស្រ្តាលី ABC បានឱ្យដឹងថា ក្រុមកងកម្លាំងពិសេសឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Kopassus បានធ្វើសមយុទ្ធជាមួយនឹងកងទ័ពអាកាសពិសេសនៅក្នុងទីក្រុង Perth។
សារព័ត៌មានឥណ្ឌូនេស៊ីមានឈ្មោះថា Kompas បានរាយការណ៍ថា គ្រូបង្វឹកកងកម្លាំងពិសេសឥណ្ឌូនេស៊ី Kopassus បានរកឃើញ «សម្ភារៈដែលអ៊ុតប្លាស្ទិក» នៅឯទីតាំងហ្វឹកហ្វឺន ដែលគាត់គិតថា គឺជាការប្រឆាំងទៅនឹងគោលការណ៍មូលដ្ឋាន Pancasila របស់ឥណ្ឌូនេស៊ី។
នៅពេលត្រូវបានគេសួរអំពីបញ្ហានេះ ឧត្តមសេនីយ៍ត្រី Wuryanto បាននិយាយថា មានហេតុផលជាច្រើនក្នុងការផ្អាកកិច្ចសហប្រតិបត្តិការនេះ ដោយគ្មានការផ្តល់ព័ត៌មានបន្ថែមទៀតទេ។
តើអ្វីទៅជា Pancasila ?
គឺមានន័យថា មូលដ្ឋានបែបទស្សនវិជ្ជាជាផ្លូវការរបស់រដ្ឋឥណ្ឌូនេស៊ី។
មានពាក្យជ្វាពីរម៉ាត់ ដែលមានដើមកំណើតចេញពីបាលីសំស្រ្កឹតថា «panca» មានន័យថា ប្រាំ ហើយពាក្យថា «sila» មានន័យថា គោលការណ៍។
គោលការណ៍ទាំងនោះគឺ៖ មានប្រព័ន្ធដែលគោរពព្រះតែមួយ (monotheism) មនុស្សជាតិដែលមានយុត្តិធម៌ និងស៊ីវីល័យ ការបង្រួបបង្រួមនៃប្រទេសឥណ្ឌូនេស៊ី លទ្ធិប្រជាធិបតេយ្យ និងយុត្តិសង្គមសម្រាប់ទាំងអស់គ្នា។
ការព្រងើយកន្តើយនឹងគោលការណ៍ទាំងនេះ គឺវាខុសច្បាប់។ ឧទាហរណ៍ ប្រជាជនឥណ្ឌូនេស៊ីត្រូវតែកាន់សាសនា ដោយសារតែហេតុផលទី១ ដែលថាអ្នកដែលមិនជឿសាសនា គឺខុសច្បាប់នៅក្នុងប្រទេសនេះ។
កងទ័ពជើងទឹករបស់ប្រទេសមួយចំនួនត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងសមយុទ្ធចម្រុះជាតិសាសន៍នៅខែក្រោយ។
ឧត្តមនាវីឯកទី១ Jonias Mozes Sipasulta មកពីកងទ័ពជើងទឹកឥណ្ឌូនេស៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអូស្រ្តាលី ABC ថា «ទោះបីជាយើងបន្ត ឬមិនបន្តនៅក្នុងសមយុទ្ធរួមក៏ដោយ ខ្ញុំនឹងត្រូវតែឆ្លើយតបចំពោះបញ្ហានេះទៅអ្នកវិញ»។
ចំណងទំនាក់ទំនងការពារជាតិ
កាលពីមុន ប្រទេសអូស្រ្តាលីបានបញ្ឈប់ការធ្វើសមយុទ្ធរួមគ្នាជាមួយនឹងកងកម្លាំងពិសេសឥណ្ឌូនេស៊ី Kopassus បន្ទាប់ពីមានការចោទប្រកាន់ថា មានការរំលោភបំពានរបស់អង្គភាពនេះនៅប្រទេស East Timor កាលពីឆ្នាំ១៩៩៩ ក្នុងព្រឹត្តិការណ៍ដែលឈានទទួលបានឯករាជ្យពីអតីតទឹកដីឥណ្ឌូនេស៊ី។
កិច្ចសហប្រតិបត្តិការនេះបានបន្តនៅឆ្នាំ២០០៦ ចំពេលដែលមានការពិនិត្យឡើងវិញផ្តោតលើការប្រឆាំងភេរវកម្ម បន្ទាប់ពីក្លឹបរាត្រីចំនួនពីរនៅលើកោះបាលីត្រូវបានវាយប្រហារដោយគ្រាប់បែកកាលពីឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សចំនួន២០២ នាក់ ហើយនៅក្នុងនោះមានជនជាតិអូស្រ្តាលីចំនួន៨៨ នាក់ផងដែរ។
បន្ថែមទៅលើការចោទប្រកាន់កាលពីឆ្នាំ២០១៣ ស្តីពីការឈ្លបយកការណ៍របស់អូស្រ្តាលីនោះ ចំណងទំនាក់ទំនងត្រូវបានរម្គោះរម្គើផងដែរនៅឆ្នាំ២០១៥ ក្រោយពីប្រទេសឥណ្ឌូនេស៊ីបានប្រហារជីវិតអ្នករត់ពន្ធគ្រឿងញៀនជនជាតិអូស្រ្តាលីពីររូប គឺលោក Myuran Sukumaran និងលោក Andrew Chan និងការរិះគន់របស់ប្រទេសនេះលើគោលនយោបាយការពារព្រំដែនរបស់អូស្រ្តាលី។
នៅឆ្នាំ២០១៥ ប្រទេសទាំងពីរបានចុះហត្ថលេខាលើ MOU មួយ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីបានចាប់ខ្លួនមនុស្ស៩ នាក់ ដោយចោទប្រកាន់ថា មានការគំរាមកំហែងធ្វើភេរវកម្ម ក្រោយពីមានការរាយការណ៍សម្ងាត់ពីប៉ូលិសសហព័ន្ធអូស្រ្តាលី។
នៅខែកញ្ញា ឆ្នាំមុន សមយុទ្ធរួមគ្នាលើកដំបូងនៅលើទឹកដីអូស្រ្តាលី ចាប់តាំងពី១៩៩៥ ដែលត្រូវបានគេធ្វើឡើងនៅទីក្រុង Darwin ភាគខាងជើង៕
ប្រភព: BBC News ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧

លោកឧកញ៉ា ហុង ពីវ ឧបត្ថម្ភថវិការហូតដល់២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ជា

នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ លោកឧកញ៉ា ហុង ពីវ បានឧបត្ថម្ភថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់២លានដុល្លារអាមេរិក ប្រគល់ជូនផ្ទាល់ដៃដល់លោក Beat Richner ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ជារួចរាល់ហើយ ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនពិភពថ្មីគ្រុប។
លោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បានបរិច្ចាគថវិកាផ្ទាល់ខ្លួនរហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា តាមការសន្យារបស់លោក។ នេះជាលើកទី២ហើយ ដែលលោកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ឆាគថវិកាដ៏ច្រើនជាងគេនៅកម្ពុជា ជូនដល់លោកវេជ្ជបណ្ឌិត Beat Richner ប្រធាន និងជាស្ថាបនិក នៃមន្ទីរពេទ្យគន្ធបុប្ផា នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនពិភពថ្មីគ្រុប។
សូមជំរាបផងដែរថា កាលពីឆ្នាំមុនលោកឧកញ៉ា ហុង ពីវ ក៏បានបរិច្ចាគថវិកាចំនួន១លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ជា ហើយក៏បានសន្យាចំពោះលោក Beat Richner ថាឆ្នាំក្រោយ (គឺឆ្នាំនេះ) នឹងផ្តល់ថវិកាច្រើនជាងឆ្នាំចាស់។
មន្រ្តីនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀតនៅខេត្តសៀមរាប។ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារកម្ពុជាចាប់ពី១៦០០ ទៅ ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ។
សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា លោកឧកញ៉ា ហុង ពីវ នាពេលកន្លងមក តែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់លោកឧកញ៉ា៕


ក្រុមការងារគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ អាចនឹងជួបពិភាក្សាគ្នាក្រោយថ្ងៃទី១១ ខែមករា

លោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបនឹងលិខិតរបស់លោក កឹម សុខា ថា ការជួបគ្នារវាងថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តរបស់គណបក្សទាំងពីរ នឹងអាចធ្វើឡើងនៅក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នេះបើយោងតាមលិខិតឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។
ការឆ្លើយតបរបស់ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើលិខិតស្នើឱ្យមានជំនួបនៅក្នុងខែមករានេះ ដើម្បីជជែកពិភាក្សាការងារមួយចំនួន។
ក្នុងលិខិតរបស់ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានឆ្លើយតបទៅកាន់ លោក កឹម សុខា យ៉ាងដូច្នេះថា «ខ្ញុំក៏សូមការយោគយល់ពីឯកឧត្តម ចំពោះការខកខានមិនបានជួបប្រជុំជាមួយគ្នា ក្នុងរយៈពេលកន្លងមក ដោយមូលហេតុកម្មវិធីការងាររបស់ខ្ញុំ មានភាពមមាញឹកខ្លាំង តែខ្ញុំសង្ឃឹមថា ជំនួបពិភាក្សាការងាររវាងគណបក្សទាំងពីរ អាចនឹងធ្វើឡើងក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ចំពោះពេលវេលាជាក់ស្តែងខុទ្ទកាល័យរបស់ខ្ញុំ នឹងជូនព័ត៌មានទៅ ខុទ្ទកាល័យរបស់ឯកឧត្តម នៅពេលក្រោយ»៕


អាជ្ញាធរជាតិអប្សរាបន្តជំរុញប្រជាពលរដ្ឋក្នុងឧទ្យានអង្គរឱ្យប្រើប្រាស់បង្គន់អនាម័យ

ការមានបង្គន់ប្រើប្រាស់ត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ដែលជួយឲ្យបរិស្ថានស្អាត និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗ។ នេះជាសារដ៏សំខាន់ដែលអាជ្ញាធរជាតិអប្សរាកំពុងតែផ្សព្វផ្សាយនិងជម្រុញដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរដើម្បីលើកកម្ពស់សុខុមាលភាពរបស់ខ្លួន។
អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានចុះអប់រំនិងក្រើនរំលឹកប្រជាពលរដ្ឋក្នុងឧទ្យានអង្គរឱ្យប្រើប្រាស់បង្គន់អនាម័យ ឱ្យបានត្រឹមត្រូវ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះ ក្រុមការងារបានចុះទៅផ្សព្វផ្សាយនៅភូមិលាងដៃ ដែលជាភូមិមួយស្ថិតនៅក្នុងរមណីយដ្ឋានអង្គរភាគខាងលិចនៃតំបន់អង្គរធំ។
មានប្រសាសន៍ក្នុងកម្មវិធីផ្សព្វផ្សាយនេះ អ្នកស្រី ឌួង ឆម មេភូមិលាងដៃបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋភូមិលាងដៃជាង៣០០គ្រួសារ យ៉ាងហោចណាស់ក៏មានជាង១០០គ្រួសារដែរ ដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ។ អ្នកស្រីបន្តថា ការមិនមានបង្គន់ប្រើប្រាស់នេះ ដោយសារគ្រួសារទាំងនោះមិនសូវមានការយល់ដឹងអំពីផលប៉ះពាល់នៃការ បន្ទោបង់ពាសវាលពាសកាល ហើយអ្នកខ្លះទៀត ចង់មានបង្គន់ប្រើប្រាស់ដែរ តែមិនមានលទ្ធភាពគ្រប់គ្រាន់។ ទោះជាយ៉ាងណា អ្នកស្រីមេភូមិសង្ឃឹថា តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ អ្នកភូមិភាគច្រើននឹងបានយល់ដឹងអំពីផលប៉ះពាល់ ហើយនឹងសន្សំលុយកាក់ដើម្បីសាងសង់បង្គន់អនាម័យប្រើប្រាស់។
សូមបញ្ជាក់ថា គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា ប្រទេសបារាំង និងសាលាខេត្តសៀមរាប។ បច្ចុប្បន្ន ក្រុមអនុវត្តគម្រោងនៃអាជ្ញាធរជាតិអប្សរា កំពុងតែបន្តផ្សព្វផ្សាយនៅក្នុងភូមិចំនួន៤នៃឧទ្យានអង្គរ គឺភូមិលាងដៃនៅឃុំលាងដៃស្រុកអង្គរធំ ភូមិរហាលនិងស្រះស្រង់ខាងជើងនៅសង្កាត់នគរធំ ក្រុងសៀមរាប និងភូមិស្រែចង្ហូតនៅឃុំរុនតាឯកស្រុកបន្ទាយស្រី។
មកទល់នឹងពេលនេះ ក្រុមការងារបានផ្សព្វផ្សាយក្នុងមួយភូមិបានចំនួន៣លើករួចមកហើយ ដោយផ្តោតលើប្រធានបទ ការគ្រប់គ្រងសំរាម ការទប់ស្កាត់ការចម្លងមេរោគ និងការប្រើប្រាស់បង្គន់អនាម័យ៕



ទស្សនៈមិត្តអ្នកអាន៖ ការចល័តរថពាសដែកកាលពី៣៨ឆ្នាំមុនដើម្បីរំដោះប្រទេស តែការចល័តរថពាសដែក៣៨ឆ្នាំក្រោយនេះគឺបង្ហាញពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍

សំឡេងជជែកគ្នាពេញរោងកាហ្វេនាព្រឹកព្រលឹមរបស់ចាស់ៗមួយក្រុម បានរំលឹកអំពីប្រវត្តិជូរចត់ដែលខ្លួនធ្លាប់បានហែលឆ្លងកាត់ក្នុងសម័យបនប្រល័យពូជសាសន៍ប៉ុលពត និងការចាកចេញផុតពីរណ្ដៅមរណៈដែលអង្រួនប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។
ពិតណាស់សំឡេងរថពាសដែក និងរថយន្តយោធាបើកបរចូលក្រុងភ្នំពេញកាលពីដើមខែមករា ៣៨ឆ្នាំមុន ជាតឹកតាងនៃការរំដោះប្រជាជនកម្ពុជាចេញពីរបបអាវខ្មៅយង់ខ្នងកាប់សម្លាប់ប្រជាជនឯងអស់ជាង ៣លាននាក់។ ក៏ប៉ុន្ដែសំឡេងរថពាសដែក និងរថយន្តយោធាដែលបើកបរចូលក្រុងភ្នំពេញនៅក្នុងរយៈពេល ៣៨ឆ្នាំក្រោយនេះ គឺបង្ហាញពីសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។
ហេតុអ្វីបានជារថពាសដែក និងរថយន្តយោធាបរចូលក្រុងនាពេលនេះ ជាន័យតំណាងឲ្យសន្ដិភាព?
វត្តមាននៃយានប្រយុទ្ធទាំងនេះ បើតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ គឺដើម្បីអបអរសាទរការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ ដែលប្រព្រឹត្តធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងធំៗចំនួន៣៖ ទី១- ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិថ្ងៃជ័យជំនះពីរបបប្រល័យពូជសាសន៍ប៉ុលពត ( ៧ មករា ១៩៧៩ – ៧ មករា ២០១៧) ទី២- ដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា និងទី៣- ដើម្បីបង្ហាញដល់សាធារណជន និងមហាជនស្វែងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការចូលរួមថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។
កម្ពុជានាពេលបច្ចុប្បន្នគ្មានឡើយពាក្យថា សង្គ្រាម គ្មានឡើយពាក្យថា ចលាចល ហើយក៏មិនត្រូវការដែរ កងឧទ្ទាម ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព។ អ្វីដែលកម្ពុជាមាននាពេលនេះ គឺក្ដីសុខរបស់ប្រជាជនទូទាំងប្រទេស ការរីកចម្រើនលើគ្រប់វិស័យ និងភាពស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ សន្ដិភាព គឺជាបុព្វហេតុដ៏ចម្បង និងដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាឲ្យដើរទន្ទឹមគ្នា។ ពីអំណើះតទៅប្រជាជនកម្ពុជា នឹងសម្លឹងមើលទៅឃើញអនាគតកាលប្រកបដោយក្ដីសុទិដ្ឋិនិយម និងការជឿជាក់នៅក្នុងចិត្តដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក តាមរយៈការបង្រួបបង្រួមជាតិ ការឯកភាពជាតិ ការធ្វើសម្បទាន និងការអធ្យាស្រ័យអត់ឱនអោយគ្នា ដោយប្រកាន់យកប្រយោជន៍ជាតិក្នុងរយៈពេលដ៏យូរអង្វែងតទៅទៀត។ ទាំងនេះ គឺជាសូចនាករសង្គម ដែលទទួលបាននូវការវាយតម្លៃខ្ពស់ពីសាធារណៈជនមតិជាតិ និងអន្ដរជាតិ។
ប្រសិនបើយើងក្រឡេកទៅអតីតកាលក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩វិញ តើពេលនោះប្រជាជនខ្មែរទាំងអស់មានអារម្មណ៍បែបណាពេលដែលលឺសំឡេងរថយន្ដកុំថាឡើយរថពាសដែកបរចូល ឬឆ្លងកាត់សហករណ៍របស់ខ្លួននោះ? គ្មានឡើយក្រៅពីការបន់ស្រន់កុំឲ្យអង្គការចង្អុរចំឈ្មោះខ្លួន ដើម្បីបញ្ជូនទៅរៀនសូត្រ (តែធាតុពិតយកទៅសម្លាប់) ។ ពលរដ្ឋមិនអាចត្រឡប់មកវិញ និងអារម្មណ៍ដ៏សែនតក់ស្លុតចំពោះវត្តមានរបស់ពួកក្រុមអាវខ្មៅដែលមានចិត្តឃោរឃៅ។ ទោះយ៉ាងនេះក្ដី ទិដ្ឋភាពទាំងនោះបានត្រឹមរំលេចចេញតាមខ្សែភាពយន្ដឯកសារសម្រាប់ចាក់ផ្សាយក្នុងថ្ងៃរំលឹកខួបជ័យជំនះ ៧មករា ដែលកម្ពុជាតែងតែធ្វើឡើងជារៀងរាល់ឆ្នាំចាប់រាប់ពីឆ្នាំ១៩៧៩ មក។
សរុបមកវិញ ប្រជាជនជាទូទៅគ្មានអ្នកណាចំណេញពីសង្គ្រាមនោះទេ ហើយក៏មិនស្រឡាញ់សង្គ្រាមដែរ។ ប៉ុន្ដែក្នុងរយៈពេល ៣៨ឆ្នាំមកនេះ កម្ពុជាតាមរយៈរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបញ្ចប់សង្គ្រាមបានដោយជោគជ័យត្រចះត្រចង់ ខុសទៅនឹងបក្សប្រឆាំងដែលតែងតែយកថ្ងៃជ័យជំនះនេះទៅវាយប្រហារដើម្បីនយោបាយប្រជាភិថុតរបស់ខ្លួនទៅវិញ៕