Tuesday, August 14, 2018

(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថានៅរសៀលថ្ងៃស្អែក គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ អំពីការបែងចែកអាសនៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

ចៅ ចាក់ស្មុក ៖ តាមលទ្ធផលបោះឆ្នោត ពលរដ្ឋខ្មែរលែងត្រូវការ សម រង្ស៊ី និង កឹម សុខា

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ទំព័រហ្វេសប៊ុក ចៅ ចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយក្រោមចំណងជើងថា«តាមលទ្ធផលបោះឆ្នោត ពលរដ្ឋខ្មែរលែងត្រូវការ សម រង្ស៊ី និង កឹម សុខា‍‍‍‍‍» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
យោងទៅតាមលទ្ធផលបណ្តោះអាសន្នប្រកាស ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពលរដ្ឋខ្មែរ ៨៣,០២% បានចេញទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ២០១៨ ក្នុងចំណោមនោះ អ្នកបោះឆ្នោតចំនួន ៧៧% បានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែលបានយក «ការការពារសន្តិភាព និងការអភិវឌ្ឍ» ធ្វើជាប្រធានបទសំខាន់ក្នុងឃោសនារកករគាំទ្រសំឡេងឆ្នោតរបស់ខ្លួន។
ទិន្នន័យនេះឆ្លុះបញ្ចាំងឱ្យឃើញពីរបត់នយោបាយថ្មីមួយនៅកម្ពុជា ក្រោយពីអង្គការចាត់តាំងនយោបាយរបស់បដិវត្តន៍ពណ៌ត្រូវបានរំលាយ ហើយអ្នកអនុវត្តផែនការនេះត្រូវបាន ចាប់ខ្លួន និងរត់ចោលស្រុក។ របត់នយោបាយថ្មីក៏ព្រោះថា គេអាចមើលឃើញយ៉ាងច្បាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដដែលមនុស្សគ្រប់និន្នាការនយោបាយ ចង់បានជាងគេគឺសុខសន្តិភាព សណ្តាប់ធ្នាប់ល្អក្នុងសង្គម គ្មានការចលាចលក្រោយការបោះឆ្នោតម្តងៗ និងត្រូវធានាថា ការអភិវឌ្ឍប្រទេសត្រូវបន្តទៅមុខជានិច្ចដោយគ្មានការ គំរាមកំហែងពីបាតុកម្ម ឬចលនាប្រជាជនដើម្បីផ្លាស់ប្តូរតាមបែបមិនប្រជាធិបតេយ្យក្រោយការបោះឆ្នោត។
អត្រាដ៏ខ្ពស់នៃអ្នកដែលចេញទៅបោះឆ្នោតនេះ បង្ហាញពីឆន្ទៈរាស្ត្រខ្មែរ ដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍមិនមែនសង្គ្រាមញុះញង់ដោយក្រុមក្បត់ជាតិទេ! តាមរយៈលទ្ធផលនេះក៏បានបង្ហាញថា ការអំពាវនាវរបស់ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា និងក្រុមក្បត់ជាតិរបស់ខ្លួនជាច្រើនខែ គឺគ្មានការចាប់អារម្មណ៍ គ្មានតម្លៃ ហើយពលរដ្ឋខ្មែរមិនជឿតាមការញុះញង់របស់ពួកគេនេះទេព្រោះថា អ្វី ដែល សម រង្ស៊ី និងក្រុមរបស់ពួកគេផ្សាយគឺជាព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំភ្លៃ និងបំផ្លើសខុសពីការពិត។
ទីបំផុតពួកគេបានសាបរលាបឥទ្ធិពល ហើយពលរដ្ឋខ្មែរក៏បានភ្លេចមុខពួកគេ និងមិនចង់ឃើញជនទាំងនេះមានវត្តមាននៅកម្ពុជាទៀតឡើយក៏ព្រោះថា របត់ថ្មីដែលបងប្អូន ពលរដ្ឋរកឃើញ បើគ្មានជន ក្បត់ជាតិ និងជនបំផ្លាញជាតិទាំងអស់នេះ ដំណើរការបោះឆ្នោតប្រព្រឹត្តដូចសព្វមួយដងគឺសេរី ត្រឹមត្រូវ និងយុត្តិធម៌ តម្លាភាព គ្មានការញុះញង់ ឬឡាំប៉ាតវ៉ាលើលទ្ធផលបោះឆ្នោតដើម្បីចរចាអំណាចទៀតទេ។
មុនពេល និងក្រោយពេលបោះឆ្នោត ស្ថានភាពកម្ពុជាមានភាពល្អប្រសើរ ពលរដ្ឋប្រកបរបបរកស៊ីជាធម្ម តា ហើយសេដ្ឋកិច្ចទីផ្សារនៅដើរជាធម្មតា ខុសពីអាណត្តិមុនៗដែលមានវត្តមានសម រង្ស៊ី កឹម សុខា ក្នុង ឆាកនយោបាយកម្ពុជា ពលរដ្ឋខ្មែរគ្មានសន្តិសុខផ្លូវចិត្តឡើយព្រោះពួកគេជាដើមហេតុនៃការញុះញង់។
ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះគឺបានបង្ហាញយ៉ងច្បាស់នូវកម្លាំងគាំទ្រមកលើ អំពើល្អ និងការផ្តល់នូវសេចក្តីទុកចិត្តចំពោះអ្នកសេ្នហាជាតិពិតប្រាកដ។ សម រង្ស៊ី ធ្លាប់បានលើកឡើង និងធ្វើយុទ្ធនាការម្រាមដៃស្អាត ឬដេកផ្ទះ ឈ្នះឯង នៅមុនពេលបោះឆ្នោត រួចហើយថា ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា គឺមានតែជម្រើសពីរប៉ុណ្ណោះ ទី១)អ្នកទៅបោះឆ្នោតគឺគាំទ្រលទ្ធិប្រជាធិបតេយ្យ និងគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន និងទី២) អ្នកមិនទៅបោះឆ្នោតគឺគាំទ្រខ្មោចបក្សសង្គ្រោះជាតិ មិនត្រូវការរបបដឹកនាំបច្ចុប្បន្នដែលសម រង្ស៊ី និងគូកនបានលាបពណ៌សព្វបែបយ៉ាងថាជារបបផ្តាច់ការ ឬជារបបអាយ៉ងវៀតណាម និងប្រមាថសមត្ថភាពមន្ត្រីខ្មែរថា អសមត្ថភាពលើការងារកសាងជាតិ។ ឥឡូវនេះ លទ្ធផលបានចេញហើយ! ៨៣% នៃពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោត នោះមានន័យថា ការបោះឆ្នោតដែលសម រង្ស៊ី ព្យាយាមបំផ្លាញ និងទាញយកការបោះឆ្នោតចូលក្នុងការស្ទង់មតិជាតិនេះ បានបែរច្រាស់មករកខ្លួនវិញ។ ពលរដ្ឋខ្មែរច្រើនលើសលប់មិនស្តាប់ការញុះញង់របស់សមរង្ស៊ី និងគូកនក្បត់ជាតិដែលតែងតែខិតខំបំផ្លាញកម្ពុជា ប្រឆាំងផលប្រយោជន៍ប្រជាជននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាទោះនៅក្នុងប្រទេសក្តី នៅក្រៅស្រុកក្តី។ ពលរដ្ឋខ្មែរត្រូវការ សុខសន្តិភាពពិតប្រាកដមួយ។
នៅពេលនេះ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា និងក្រុមរបស់ខ្លួនពិតជាគ្មានវាចានឹងថ្លែង គ្មានយោបល់នឹងនិយាយ ចង់ភូតកុហកក៏ទៅមិនរួចព្រោះពលរដ្ឋខ្មែរបានដឹងពីក្រយ៉ៅពិត របស់ក្រុមទាំងនេះហើយគឺក្បត់ជាតិខ្លួនបម្រើផលប្រយោជន៍បរទេស និងបានបង្កើតព័ត៌មានក្លែងក្លាយដើម្បី បំពុលសង្គម បំភ្លៃឆន្ទៈរាស្ត្រដោយគ្មានអៀនខ្មាស។ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយពីតួលេខនៃអ្នកចូលរួមបោះឆ្នោត និងបកស្រាយបែបស្រមើស្រម៉ៃថាខ្លួនឈ្នះការបោះ ឆ្នោតដោយយកតួលេខនេះតួលេខនោះមកបូកបញ្ចូលគ្នា។ ប៉ុន្តែភូតច្រើនចាញ់អាត្មា គ្មាននរណាជឿឡើយ ហើយភ័យស្លន់ស្លោរមិនហ៊ាននឹងស្បថជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដាក់ជីវិតឡើយព្រោះពួកគេពិតជាបានកុហកមែន។
តាមពិតមានពលរដ្ឋត្រឹមតែជាង ១៦% ប៉ុណ្ណោះដែលមិនបានទៅបោះឆ្នោត ប៉ុន្តែអ្នកមិនទៅបោះឆ្នោតក៏មិនមែនមានន័យថាសុទ្ធតែជាអ្នកគាំទ្រខ្មោចបក្សសង្គ្រោះជាតិ ឬគាំទ្រ សម រង្ស៊ីឡើយ ប៉ុន្តែ សម រង្សី នឹងគូកនព្យាយាមទាញផលប្រយោជន៍នេះដោយបំប៉ោងថាមានអ្នកមិនទៅបោះឆ្នោតច្រើន។ តាមពិតស្ទីលកុហកនេះវាហួសសម័យទៅហើយ និងមិនអាចញុះញង់ពលរដ្ឋ និងបង្ខំឱ្យពលរដ្ឋជឿបានទេ សូម្បីតែសកម្មជនរបស់ខ្លួនក៏មិនជឿដែរ។ ទិន្នន័យជាក់ស្តែង ៨៣%នៃពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីឆ្នោតចេញទៅបោះឆ្នោតដោយមិនខ្វល់នឹងការអំពាវនាវរបស់សម រង្ស៊ីឡើយ។ ដូច្នេះ ពលរដ្ឋខ្មែរមិនត្រូវការ និងមិនចាំបាច់ស្តាប់សម រង្ស៊ី និងក្រុមជនក្បត់ជាតិទៀតឡើយ ពួកគេក៏គ្មានតម្លៃអ្វីសម្រាប់កម្ពុជាដែរ តែមានតម្លៃសម្រាប់ការអនុវត្តច្បាប់ព្រោះពួកគេជាជនក្បត់ជាតិ និងជាអ្នកបំផ្លាញជាតិ បំផ្លាញប្រជាធិបតេយ្យ។ រង្ស៊ី និងគូកនបានចាញ់ការបោះឆ្នោត ៥ អាណត្តិមកហើយ ហើយចុងក្រោយគឺចាញ់ការស្ទង់មតិដែលខ្លួនបានរៀបចំដោយខ្លួនឯងទៀត។ នេះបានថាចាញ់ចាស់វស្សា និងចាញ់បោសគូថមែន!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៨




ក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប មិនទទួលបានបណ្តឹងជំទាស់លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននោះឡើយ ដូច្នេះការប្រកាសលទ្ធផលផ្លូវការ នឹងធ្វើតាមការគ្រោងទុកនៅថ្ងៃស្អែកនេះ

ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលមួយ ក្នុងការដោះស្រាយវិវាទលើការងារបោះឆ្នោត ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងដូចគ្នាថា ខ្លួនមិនទទួលបានបណ្តឹង ពីគណបក្សនយោបាយណាមួយជំទាស់ ទៅនឹងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បណ្តោះអាសន្ន ដែលប្រកាសកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នោះឡើយ។
តាមរយៈការមិនទទួលបានបណ្តឹងនេះ គឺជាការបើកផ្លូវឲ្យ គ.ជ.ប បន្តនីតិវិធីរបស់ខ្លួន ប្រកាសលទ្ធផល បោះឆ្នោតផ្លូវការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ដូចកាលបរិច្ឆេទបានកំណត់។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត ដោយបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មានប្រជាពលរដ្ឋ ចេញទៅបោះឆ្នោតចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះ បោះឆ្នោតសរុប ៨,៣៨០,២១៧នាក់។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សទទួលបានសំឡេង គាំទ្រច្រើនលើសលប់ រហូតដល់ ៤,៨៨៩,១១៣នាក់។
យោងតាមមាត្រា១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត អាចប្តឹងតវ៉ាអំពីលទ្ធផលបណ្តោះអាសន្នមួយផ្នែក ឬទាំងអស់នៃការ បោះឆ្នោតទៅ គ.ជ.ប ឬ ទៅក្រុមប្រឹក្សាធម្មនុញ្ញដោយផ្ទាល់ក៏បានក្នុងរយៈពេល ៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត។
ក្នុងលិខិតផ្ញើជូនលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបជូនដំណឹងដល់ឯកឧត្តមប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតជ្រាបថា ក្នុងរយៈពេល៧២ម៉ោង បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន តាមរយៈសេចក្តីសម្រេចលេខ ៣៧០ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទទួលពាក្យបណ្តឹងតវ៉ាដោយផ្ទាល់ ជាលាយលក្ខណ៍អក្សររបស់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតនោះទេ»។
ទន្ទឹមនឹងក្រុមប្រឹក្សាធម្មនុញ្ញប្រកាសពីការមិនទទួលបានពាក្យបណ្តឹង ពីគណបក្សនយោបាយហើយនោះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោក ស៊ិក ប៊ុន ក៏បានធ្វើលិខិតទៅកាន់លោក អ៊ឹម ឈុនលឹម ផងដែរ ដោយជម្រាបថា គ.ជ.ប ទទួលបានពាក្យបណ្តឹងតែមួយគត់ ពីគណបក្សយុវជនកម្ពុជា តែបណ្តឹងនោះត្រូវ បានដកទៅវិញ ហើយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។

តាមរយៈការប្រកាសរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ដូចជា គ.ជ.ប ពីការមិនទទួលបានពាក្យបណ្តឹងនេះ វាជាការ បើកផ្លូវឲ្យ គ.ជ.ប បន្តនីតិវិធីរបស់ខ្លួនទៅមុខទៀត។ នីតិវិធីបន្ទាប់របស់ គ.ជ.ប នោះ គឺការប្រកាសលទ្ធផល បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ជាផ្លូវការនៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ៕


ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី មានបំណងចងក្រងសៀវភៅ ពាក់ព័ន្ធនឹងប្រវត្តិរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានទទួលជួបពិភាក្សាការងារជាមួយលោក ក្រាសិ ចាន់ណាវង្ស (Krasae Chanawongse) ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី។
នៅក្នុងជំនួបនេះ លោក Krasae Chanawongse បានអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោត កាលពីពេលថ្មីៗកន្លងទៅនេះ ទទួលបានជោគជ័យ និងដំណើរការទៅបានយ៉ាងល្អឥតខ្ចោះ។
ក្នុងឱកាសនោះ លោកក៏បានបញ្ជាក់ពីគោលបំណងរបស់លោក ក្នុងការចងក្រងសៀវភៅ ពាក់ព័ន្ធនឹងប្រវត្តិរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង និងក៏បានរាយការណ៍ជូនលោកអំពីមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីផង និងជូនអាហារូបករណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងបានជម្រាបជូន ពីបំណង ក្នុងការបង្កើតសាខាសាកលវិទ្យាល័យរបស់លោក ក្នុងព្រះរាជាណាចក្រកម្ពុជាផង។
ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក Krasae Chanawongse ដែលបានតាមដាន យ៉ាងយកចិត្តទុកដាក់ និងបានអបអរសាទរកម្ពុជា ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតកន្លងទៅ។ លោកក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក Krasae Chanawongse ដែលយកចិត្តទុកដាក់ចង់ចងក្រងអំពីប្រវត្តិរបស់លោក ហើយក៏បានជម្រាបជូន លោក Krasae Chanawongse អំពីការត្រៀមរបស់កម្ពុជា ក្នុងនាមជាសមាជិករបស់មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី នោះគឺសភាកម្ពុជា បានផ្តល់សច្ចាប័ណ្ណឲ្យកម្ពុជាហើយ ក្នុងការចូលរួមជាសមាជិក ហើយកម្ពុជាក៏មានគណៈកម្មាធិការ បង្ការគ្រោះមហន្តរាយផងដែរ ដែលយន្តការនេះ អាចទៅជាផ្នែកមួយសម្រាប់មជ្ឈមណ្ឌល ត្រៀមបង្កាគ្រោះមហន្តរាយនេះ។

ជារួមកម្ពុជាបានត្រៀមខ្លួនជាស្រេច ជាសមាជិករបស់គណៈកម្មាធិការ។
ដោយឡែក ចំពោះការផ្តល់អាហារូបករណ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណចំពោះ លោក Krasae Chanawongse ផងដែរថា នេះគឺជាកត្តាសំខាន់ចំពោះកម្ពុជា ព្រោះកម្ពុជាកន្លងមក ទទួលបានជោគជ័យ ដោយសារតែការបណ្តុះបណ្តាលលើធនធានមនុស្សបានល្អៗនេះឯង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណចំពោះការផ្តល់ជូនអាហារូបករណ៍ចំនួន ១០កន្លែង ដែលមានឈ្មោះរបស់លោក ហើយពាក់ព័ន្ធនឹងការបង្កើតសាខាសាកលវិទ្យាល័យ របស់លោក Krasae Chanawongse នៅក្នុងប្រទេសកម្ពុជានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនក៏បានស្វាគមន៍ផងដែរ៕






លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ នៅរសៀលថ្ងៃស្អែក គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ អំពីការបែងចែកអាសនៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅក្នុងទំព័រ Facebook ដោយបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សុខសប្បាយជាទេបងប្អូនជនរួមជាតិ ព្រមទាំងក្មួយៗជាទីស្រឡាញ់?
បើតាមការប្រកាសពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែកទី១៥ ខែសីហា ឆ្នាំ២០១៨ គឺជាថ្ងៃប្រកាសលទ្ធផលផ្លូវការ អំពីការបែងចែកអាសនៈ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦ (២០១៨-២០២៣)។
នៅថ្ងៃស្អែកនេះដែរ ខ្ញុំក៏នឹងចុះជួបសួរសុខទុក្ខ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាមួយចំនួន ដល់កូនក្មួយកម្មករ នៅខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញផងដែរ។ អរគុណណាស់ ដែលក្មួយៗបានបោះឆ្នោតគាំទ្រ អោយគណបក្សប្រជាជនលេខ២០ កន្លងមកនេះ។

ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺកម្ពុជាបានបង្ហាញអោយពិភពលោក បានឃើញច្បាស់ថា ប្រជាពលរដ្ឋ (83.02%) បានទៅបោះឆ្នោត ដើម្បីកំណត់ជោគវាសនាប្រទេសជាតិ ព្រោះថាមានតែកម្ពុជាទេ ទើបអាច យល់ច្បាស់អំពីអ្វីដែលខ្លួនចង់បាន ជាពិសេសនិរន្តភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពយូរអង្វែង។
ជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ទីកន្លែង!

ក្រុមហ៊ុន MI NER VA INVESTMENT CO,LTD មានគម្រោងបង្កើតរោងចក្រកែច្នៃ និងកំទេចសំណល់ដែលគ្រោះថ្នាក់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំវាយតំលៃផលប៉ះពាល់ពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងបង្កើតរោងចក្រ កែច្នៃ និងកំទេចសំណល់ដែលគ្រោះថ្នាក់។ គម្រោងនេះ គ្រោងសាងសង់នៅលើផ្ទៃដីទំហំ៣០ហិចតា នៅទីតាំងភូមិមណ្ឌល១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយក្រុមហ៊ុន មី នើ វ៉ា អ៊ិនវឹសម៉ិន ខូអិលធីឌី (MI NER VA INVESTMENT CO,LTD) និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៏ហ្គ្រីន ខូអិលធិឌី (SUSTINAT GREEN CO,LTD) ដោយគ្រោងចំណាយទុន ៣០០លានដុល្លារ និងមានលទ្ធភាពផ្តល់ការងារ ជូនពលរដ្ឋខ្មែរ បានចំនួន ៥០០នាក់ ក្រោមការគ្រប់គ្រង និងអ្នកបច្ចេកទេសជនជាតិចិនចំនួន ២០នាក់។
តាមការឱ្យដឹងពីតំណាងក្រុមហ៊ុន លោក សុំ ពិសិដ្ឋ បានបញ្ជាក់ថា ប្រសិនជាគ្មានការរាំងស្ទះ ក្រុមហ៊ុនគ្រោង ដំណើរការសាងសង់ នៅចុងឆ្នាំ២០១៨ ដោយត្រូវចំណាយពេលវេលាសាងសង់ចំនួន ២ឆ្នាំ និងចាប់ផ្តើម ដំណើរការសាកល្បងជំហានដំបូងនៅឆ្នាំ២០២១។
លោក សុំ ពិសិដ្ឋ តំណាងក្រុមហ៊ុន ទីប្រឹក្សា SUSTINATGREEN CO,LTD បានឱ្យដឹងថា ទីតាំងដែលគ្រោង សង់រោងចក្រនេះ ជាទីកន្លែងដែលមិនសូវមានដើមឈើ និងសត្វព្រៃរស់នៅទេ តាមលទ្ធផលសិក្សារបស់ ក្រុមហ៊ុន ប្រជាពលរដ្ឋនៅទីតាំងខាងលើ បានគាំទ្រចំពោះក្រុមហ៊ុន ដែលគ្រោងបង្កើតរោងចក្រនៅទីនេះ ដែលជាផ្នែកមួយអាចផ្តល់ការងារ និងប្រាក់ចំណូល ដល់ពួកគាត់ផងដែរ ស្របពេលដែលប្រជាពលរដ្ឋ នៅភូមិសាស្ត្រខាងលើជាអ្នកប្រកបរបរ ដុតឡធ្យូង និងចិញ្ចឹមត្រីឆ្ពង់តិចតួចប៉ុណ្ណោះ។
ជាការឆ្លើយតបទៅនឹងផលប៉ះពាល់តិចតូចនោះ ក្រុមហ៊ុននឹងចូលរូមជាមូលនិធិជូនក្រសួង បរិស្ថានក្នុងមួយ ឆ្នាំចំនួន៨០០០$។ចំពោះប្រភពសំណល់ ដែលយកមកប្រើប្រាស់គឺមានក្រុមហ៊ុនSARRUM TRADING ជាអ្នកប្រមូលជូនពីខេត្តនានាក្នុងប្រទេសកម្ពុជា ដោយមិនមានការនាំចូលសំណល់ពីប្រទេសក្រៅទេ។ ដំណាក់កាលដំបូងតាមការប៉ាន់ប្រមាណនេះ ក្រុមហ៊ុនអាចប្រមូលសំណល់បានចំនួន ១៦៤តោន ក្នុងមួយឆ្នាំ មកពីទីតាំងនានាទូទាំងប្រទេស។
ពាក់ពន្ធ័ទៅនឹងការគ្រប់គ្រងសំណល់រាវ ក្រុមហ៊ុនមានអាងប្រព្រឹត្តិកម្មរួមតាមលក្ខណៈ បច្ចេកទេសមុនបង្ហូរ ចេញទៅក្រៅ។ចំពោះសំណល់រឹងក្រោយការកែច្នៃ ក្រុមហ៊ុននឹងមានសារធាតុបន្សាបជាតិពុល រួចយកទៅ ចាក់នៅទីលានដែលអាចផ្ទុកបានក្នុងរយៈពេល ២០ឆ្នាំ ដោយការពារមិនអោយមានការលេចជ្រាបចុង ក្រោយនឹងយកទៅកប់រូចដាំដើមឈើពីលើ។

ក្រោយបញ្ចប់កិច្ចពិភាក្សា លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានស្នើអោយក្រុមហ៊ុននូវចំណុចមួយចំនួន៖
១-ស្នើអោយក្រុមហ៊ុនកំណត់អោយច្បាស់នូវប្រភពថាមពល ដែលក្រុមហ៊ុនត្រូវប្រើ ថាតើត្រូវដុតអុស ឬដុតប្រេង ឬប្រើថាមពលអគ្គីសនី ក្នុងការបំបែកកែច្នៃសំណល់ទាំងនោះ?
២-ស្នើក្រុមហ៊ុនបញ្ជាក់អោយច្បាស់អំពីដំណើរការនៃអាងប្រព្រឹត្តិកម្ម។
៣-ស្នើអោយមានការសិក្សាអំពីបច្ចេកទេស និងផលប៉ះពាល់បរិស្ថាន អោយបានស៊ីជម្រៅចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាជន និងជីវៈចំរុះនានានៅទីតាំងនោះ ៕


តុលាការក្រុងភ្នំពេញ នឹងពិនិត្យការអនុវត្តទោសរបស់ លោក គឹម សុខ នៅរសៀលនេះ ដើម្បីពិចារណាថា នឹងដោះលែង ឬបន្តឃុំខ្លួន

នៅរសៀល ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៨នេះ លោក គឹម សុខ នឹងត្រូវបានឆ្មាំពន្ធនាគារនាំខ្លួនមកកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរនៅអយ្យការ និងពិនិត្យលើការអនុវត្តទោសរបស់លោកក្នុងពន្ធគារ ដើម្បីពិចារណាថា តើត្រូវដោះលែង ឬបន្តឃុំខ្លួនទៀត។ នេះបើតាមន្ត្រីតុលាការក្រុងភ្នំពេញ។
លោក គឹម សុខ ដែលសាធារណជនមួយចំនួនហៅថា «អ្នកវិភាគសង្គម» កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនា គារចំនួន ១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពី លោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី។

គួរបញ្ជាក់ថា បច្ចុប្បន្នលោក គឹម សុខ កំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស។ លោកក៏នៅជាប់បណ្តឹង មួយទៀត ដែលប្តឹងដោយមេធាវីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដូចគ្នាគឺពាក់ព័ន្ធករណីដែលអ្នកវិភាគរូបនេះ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស ប៉ុន្តែរកឃាតកមិនដែលឃើញ ៕

អភិបាលរងខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំដោះស្រាយវិវាទព្រំប្រទល់រដ្ឋបាល ដោយមានការចូលរួមពី ប្រធានមន្ទីររៀបចំដែនដីខេត្ត

កំពង់ឆ្នាំង៖ លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាវវិវាទព្រំប្រទល់រដ្ឋបាល រវាងឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ និង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, លោកអភិបាលស្រុកទឹកផុស, លោកអភិបាលស្រុកសាមគ្គីមានជ័យ ព្រមទាំងមានការអ​ញ្ជើញចូលរួមពីសំណាក់ លោកមេឃុំ មេភូមិពាក់ព័ន្ធផងដែរ។

ជាលទ្ធផល អង្គប្រជុំបានសម្រេចយកព្រំប្រទល់៖
– ភូមិជ្រៃកោងលិច និងភូមិស្រែខ្ទុម ដោយកំណត់យកត្រឹមដីស្រែប្រជាពលរដ្ឋ។
– ភូមិត្រពាំងរាំង និងភូមិទឹកជុំ កំណត់យកតាមផ្លូវរទេះ ៕





ក្រុមការងារគម្រោង LASED II ចុះធ្វើបច្ចុប្បន្នភាពផែនការប្រើប្រាស់ដីលម្អិត និងផ្ទៀងផ្ទាត់ក្បាលដីនៅទីតាំងដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ


កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្រុមការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានសហការជាមួយក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ បានចុះធ្វើបច្ចុប្បន្នភាពផែនការប្រើប្រាស់ដីលម្អិត និងធ្វើការផ្ទៀងផ្ទាត់ក្បាលដីកសិកម្ម និងក្បាលដីលំនៅឋានក្នុងទីតាំងដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងភូមិសំបុកគ្រាល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕




ឥទ្ធិពលព្យុះបេប៊ីនកា នឹងធ្វើឲ្យខេត្តជាប់មាត់សមុទ្រមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ ខណៈរាជធានីខេត្តផ្សេងទៀត មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន!

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ឥទ្ធិពលព្យុះបេប៊ីនកា នឹងធ្វើឲ្យខេត្តជាប់មាត់​សមុទ្រមានភ្លៀងធ្លាក់ច្រើន ខណៈរាជធានីខេត្តដទៃទៀត មានភ្លៀងធ្លាក់ពីតិចទៅច្រើន។
សេចក្តីជូនដំណឹងបានឲ្យដឹងថា «នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ សម្ពាធដែលកំពុងស្ថិតនៅក្បែរតំបន់​ឆ្នេរភាគខាងត្បូងប្រទេសចិន បានវិវត្តន៍ខ្លួនទី១៦ ឈ្មោះ បេប៊ីនកា (BEBINCA)»។
តាមការព្យាករលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
* តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានបន្តភ្លៀងធ្លាក់ច្រើន។ លើលំហសមុទ្រមានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ
* តំបន់ខ្ពង់រាបភូមិភាគឦសាន្ត អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។
* បណ្តាខេត្តដទៃទៀត អាចនឹងមានភ្លៀងពីមធ្យមទៅបង្គួរ។
* តំបន់អាងទន្លេមេគង្គ នឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៨ ខែសីហា និងជាពិសេស​បន្ទាប់ពីព្យុះអស់ឥទ្ធិពល។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការ​យក​ចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ៕