Saturday, November 05, 2022

វិភាគអន្តរជាតិ៖ តើគណបក្សសាធារណរដ្ឋ អាចនឹងបោះបង់ចោលអ៊ុយក្រែន ឬ?

(វ៉ាស៊ីនតោន)៖ នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ ប្រជាជនអាមេរិកនឹងត្រូវទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅក្នុងហិបនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ដើម្បីជ្រើសរើស សមាជិកសភាតំណាងរាស្ត្រថ្មី ៤៣៥រូប និងសមាជិក ១ភាគ៣ នៃសមាជិកព្រឹទ្ធសភាទាំង១០០រូប។ ការបោះឆ្នោតនេះក៏នឹងកំណត់ផងដែរពីអនាគតនៃគោលនយោបាយ ការបទេសអាមេរិកសម្រាប់ ២ឆ្នាំទៅមុខ ព្រមទាំងអនាគតនៃជំនួយសម្រាប់អ៊ុយក្រែន។

ក្រោយការបែកបាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញបាននិយាយថាទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានឈានដល់ការឯកភាពគ្នា ជាកង់សង់ស៊ីសដ៏គួរឱ្យភ្ញាក់ផ្អើលលើគោលនយោបាយជាអាទិភាពចំនួន២ របស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នោះគឺ «ចិន និងការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន»។ ប៉ុន្តែ ទោះបីជាយុទ្ធសាស្ត្រខ្ទប់ការកើនឡើងឥទ្ធិពលចិននៃរដ្ឋបាលលោក បៃដិន ត្រូវបានគេរំពឹងថានឹងមិនមានការប្រែប្រួល ទោះជាគណបក្សណាមួយ គ្រប់គ្រងសភាអាមេរិកក៏ដោយ ក៏ក្រុមអ្នកជំនាញជាច្រើនយល់ស្របដូចគ្នាថាការខ្វែងគំនិតគ្នានៅក្នុងចំណោមអ្នកសាធារណរដ្ឋ ពាក់ព័ន្ធនឹងការផ្ដល់ជំនួយឱ្យអ៊ុយក្រែន អាចនឹងឡើងកម្ដៅកាន់តែខ្លាំង ប្រសិនបើគណបក្សសាធារណរដ្ឋ ពិតជាអាចដណ្ដើមគ្រប់គ្រងព្រឹទ្ធសភា ឬសភាតំណាងរាស្ត្រ ដែលត្រូវបានគេមើលឃើញថា មានលទ្ធភាពខ្ពស់អាចទៅរួច។

ជុំវិញបញ្ហានេះដែរ លោកស្រី ឡែសស្លី វីនហ្សាមូរី (Leslie Vinjamuri) ជានាយកកម្មវិធីអាមេរិក ប្រចាំវិទ្យាស្ថាន Chatham House បានសង្កត់ធ្ងន់ដូច្នេះថា «អ្នកសាធារណរដ្ឋ ភាគច្រើនចង់ឃើញអាវុធបន្ថែម ហើយមិនសូវមានទំនោររឹតត្បិតលើប្រភេទអាវុធដែលសហរដ្ឋអាមេរិកបញ្ជូនឱ្យអ៊ុយក្រែននោះទេ។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា យើងបានឃើញ កន្លងមកដែរថាអ្នកសាធារណរដ្ឋមួយចំនួន បានបោះឆ្នោតប្រឆាំងនឹងកញ្ចប់ជំនួយដែលមានលុយច្រើនសន្ធឹកសន្ធាប់ បញ្ជូនឱ្យអ៊ុយក្រែន»។

បើតាមលោកស្រី ឡែសស្លី នេះមានន័យថាប្រសិនបើគណបក្សសាធារណរដ្ឋពិតជាទទួលបានជ័យជម្នះដោយអាចគ្រប់គ្រងសភាតំណាងរាស្ត្រ ឬព្រឹទ្ធសភា ពិតមែន នោះការ បែកបាក់គ្នារវាងអ្នកនយោបាយនៃគណបក្សទាំង២ អាចនឹងកាន់តែមានសភាពធ្ងន់ធ្ងរឡើង ដោយអាចនឹងបង្កជាបញ្ហាប្រឈមយ៉ាងច្រើនដល់របៀបវារៈ ឬគោលនយោបាយ របស់រដ្ឋបាលលោក បៃដិន ក្នុងរយៈពេល២ឆ្នាំខាងមុខ។ ជ័យជម្នះរបស់បក្សសាធារណរដ្ឋ ក៏អាចនឹងបង្កើនសំឡេងឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានគេរំពឹងខ្ពស់ថាលោកអាចនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មីនៅ ឆ្នាំ២០២៤ និងដែលជាអ្នកអនុវត្តគោលនយោបាយតម្កល់ផលប្រយោជន៍ អាមេរិកមុនគេ។

អ្នកជំនាញជាច្រើន រួមទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សុទ្ធតែបានព្រមានដូចៗគ្នាថាការផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែនអាចនឹងរងផលប៉ះពាល់ ក្នុងករណីដែលគណបក្សសាធារណរដ្ឋទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ ការព្រមានបែបនេះកើតមានឡើង បន្ទាប់ពីកាលពីខែឧសភាកន្លងទៅ សមាជិកសភាតំណាងរាស្ត្រ ៥៧រូប មកពីបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំងនឹងកញ្ចប់ជំនួយ ៤០ពាន់លានដុល្លារដែលត្រូវបញ្ជូនឱ្យអ៊ុយក្រែន ខណៈសមាជិកព្រឹទ្ធសភា សាធារណរដ្ឋ ៧រូបក៏បានបោះឆ្នោតប្រឆាំងនឹងកញ្ចប់ជំនួយនេះដែរ។ បន្ថែមពីលើនេះ លោក ខេវិន ម៉ាកខាធី (Kevin McCarthy)​ ជាប្រធានក្រុមសំឡេងភាគតិចនៅក្នុង សភាតំណាងរាស្ត្រអាមេរិកនៃគណបក្សសាធារណរដ្ឋ បាននិយាយត្រង់ៗនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅថាគោលជំហររបស់គណបក្សចំពោះ អ៊ុយក្រែនអាចនឹងមានការផ្លាស់ប្ដូរ ដោយសង្កត់ធ្ងន់សភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋនឹងមិនអនុញ្ញាតឱ្យមានការផ្ដល់ជំនួយបន្ថែមឱ្យអ៊ុយក្រែនទៀតនោះទេ។

តែទោះជាបែបនេះក្ដី គេមើលឃើញថាជំហររបស់អ្នកសាធារណរដ្ឋ ត្រឹមតែជាការរិះគន់លើរបៀបនៃការផ្ដល់ជំនួយតែប៉ុណ្ណោះ ពោលគឺមិនមែនជាការបដិសេធការផ្ដល់ជំនួយ ទាំងស្រុងដល់អ៊ុយក្រែននោះទេ ហើយនេះក៏ដោយសារតែប្រជាជនអាមេរិកភាគច្រើនលើសលប់ នៅតែបន្តគាំទ្រគោលនយោបាយផ្ដល់ជំនួយឱ្យអ៊ុយក្រែន។ ការស្ទង់មតិរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters និងវិទ្យាស្ថាន Ipsos ចេញផ្សាយកាលពីដើមខែតុលាកន្លងទៅបានបង្ហាញថាប្រជាជនអាមេរិក ៧៣ភាគរយ ចង់ឱ្យសហរដ្ឋអាមេរិកបន្តរក្សា ផ្ដល់ការគំាទ្រដល់ទីក្រុងកៀវ ខណៈ៦៦ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍បានគាំទ្រត្រង់ៗឱ្យសហរដ្ឋអាមេរិកបន្តផ្ដល់អាវុធដល់អ៊ុយក្រែន។

នេះមានន័យថាការគាំទ្រសម្រាប់អ៊ុយក្រែន គឺជាបញ្ហាមួយនៅក្នុងចំណោមបញ្ហាមួយចំនួនតូចដែលទទួលបានការឯកភាពគ្នាមួយភាគធំនៅក្នុងគណបក្សទាំង២ របស់ សហរដ្ឋអាមេរិក។ ដូច្នេះទោះជាការបោះឆ្នោតពាក់កណ្ដាលអាណត្តិ មានលទ្ធផលបែបណាក៏ដោយ ក៏ក្នុងរយៈពេលខ្លីសហរដ្ឋអាមេរិកនឹងនៅតែបន្តផ្ដល់ជំនួយដល់អ៊ុយក្រែន ទាស់នៅត្រង់ថាអាចនឹងមានការកែប្រែវិធីសាស្ត្រខ្លះតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកបានលូកដៃចូលជ្រៅក្នុងសង្រ្គាមអ៊ុយក្រែនរួចស្រេចទៅហើយ ដោយមិនងាយ នឹងដកខ្លួនឡើយ។ គណបក្សសាធារណរដ្ឋ ក៏ដឹងយ៉ាងច្បាស់ដែរថាការគាំទ្រអ៊ុយក្រែនគឺជារឿងសំខាន់ ហើយបរាជ័យក្នុងការធ្វើដូច្នេះអាចនឹងធ្វើឱ្យពួកគេខកបំណងចំពោះ គោលដៅដែលពួកគេចង់បានជាយូរមកហើយតែប៉ុណ្ណោះ នោះគឺណាតូ។

អស់រយៈពេលជាច្រើនឆ្នាំ រដ្ឋបាលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ តួយ៉ាងដូចជាក្រោមជំនាន់លោក ដូណាល់ ត្រាំ តែងតែជំរុញជារឿយៗឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើន ការចំណាយលើវិស័យការពារជាតិ។ ចាប់តាំងពីរុស្ស៉ីឈ្លានពានអ៊ុយក្រែន បណ្ដាប្រទេសនៅអឺរ៉ុបសុទ្ធតែបានសន្យាបង្កើនកញ្ចប់ថវិកាយោធា។ ម្លោះហើយក្នុងពេលបច្ចុប្បន្ន ជ័យជម្នះរបស់អ៊ុយក្រែន ក៏អាចជាជ័យជម្នះរបស់សហរដ្ឋអាមេរិកដែរ ដ្បិតបើរុស្ស៉ីឈ្នះ នោះរុស្ស៉ីនឹងកាន់តែមានឥទ្ធិពលនៅអឺរ៉ុប ហើយវាក៏អាចបំផ្លាញផលប្រយោជន៍អាមេរិក ព្រមទាំងរឹតត្បិតការផ្ដោតលើយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនក្នុងតំបន់អាស៊ី ដែលទាំងបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រនយោបាយធំបំផុត របស់សហរដ្ឋអាមេរិកក្នុងស.វទី២១នេះ ឬអាចនិយាយបានថាជោគជ័យក្នុងការបង្វែរការចំណាយកញ្ចប់ថវិកាយោធា និងការផ្ដោតលើការប្រជែងជាមួយចិនក្នុងតំបន់អាស៊ី គឺតម្រូវឱ្យអឺរ៉ុបមានស្ថិរភាព៕ ដោយ៖ Fresh News