Saturday, June 12, 2021

(មានវីដេអូ) រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំបន្ថែម រឹតបន្ដឹងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំលក្ខណៈឯកជន ក្រោយការឆ្លងជំងឺកូវីដ-១៩កើនឡើង

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំបន្ថែមស្ដីពី ការរឹតបន្ដឹងការអនុវត្ដវិធានការរដ្ឋបាល ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ក្រោយការឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងវិញ។ ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានព្រមានថា ក្នុងករណីប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ ឬមិនអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការកំណត់ គឺជាហានិភ័យអាចបណ្ដាលឲ្យមានការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ហើយអាចនាំឲ្យភូមិសាស្ដ្រមួយចំនួន ត្រូវប្រែក្លាយទៅជា «តំបន់លឿង» «តំបន់លឿងទុំ» និង «តំបន់ក្រហម» ជាថ្មីម្ដងទៀត។ សូមអានសេចក្ដីណែបន្ថែមរបស់រដ្ឋបាលរាជធានីភ្នំពេញដូចខាងក្រោម៖

រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹកអភិបាលរាជធានី-ខេត្ត ឱ្យពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលកម្ពុជា ដោយធ្វើតេស្តអង់ទីហ្សែនរហ័ស

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកបន្ថែមដល់ អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលកម្ពុជា ដោយធ្វើតេស្តអង់ទីហ្សែនរហ័ស។ លិខិតក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ដើម្បីពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលមកកម្ពុជា តាមច្រកព្រំដែនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវធ្វើតែស្តអង់ទីហ្សែនរហ័សឱ្យបានម៉ឺងម៉ាត់។ លោករដ្ឋមន្រ្តី បានបញ្ជាក់ដល់អភិបាលរាជធានីខេត្តទៀតថា អ្នកជំងឺដែលមាន វិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ចំណែកអ្នកដំណើរផ្សេងទៀត ដែលរួមដំណើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ លោកបានបញ្ជាក់បន្ថែមថា ចំពោះអភិបាលខេត្តនៅតាមព្រំដែនថៃ និងវៀតណាម ត្រូវប្រជុំជាមួយសមភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំ កិច្ចសហការក្នុងការពង្រឹងការធ្វើតែស្តរកមេរោគកូវីដ-១៩ ជូនដល់ពលករ និងប្រជាជនទូទៅមុននឹងអនុញ្ញាតឱ្យ មកកម្ពុជាវិញ៕ ខាងក្រោមនេះជាលិខិតក្រសួងសុខាភិបាល៖