Thursday, March 14, 2019

ទិសដៅដ៏សំខាន់មួយសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ ក្រោយចូលរួមលើកកំពស់តម្លៃសិល្បៈវប្បធម៌ជាតិឱ្យបានស្ថិតស្ថេរគង់វង្ស

ប៉ៃលិន៖ មានប្រសាសន៍ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ (យុវជនដើម្បីវប្បធម៌) នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិន ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់គ្រប់​ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី អង្គការជាតិ អន្តរជាតិ និងវិស័យឯកជននានាក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវរួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេន ឱ្យមានការចូលរួមដោយស្មារតីស្រឡាញ់​សិល្បៈវប្បធម៌ជាតិខ្លួន ទាំងវ័យកុមាររហូតដល់យុវវ័យ ដើម្បីធ្វើអោយសិល្បៈវប្បធម៌យើង មាននិរន្តភាពក្នុងផ្នត់គំនិតយុវជន និងមហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យ (អប់រំដើម្បីវប្បធម៌ និងវប្បធម៌ដើម្បីអប់រំ)។
នៅក្នុងនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី នេត្រ ភូមារី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អភិបាលរងក្រុង-ស្រុក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ។
លោក ប្រាក់ សុណ្ណារ៉ា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល កម្ពុជានិតិកាលទី៦ នៃរដ្ឋសភា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់លើកស្ទួយវិស័យវប្បធម៌ជាតិ ដោយសម្រេចកំណត់យកប្រធានបទ (យុវជន ដើម្បីវប្បធម៌ជាតិ) ក្នុងគោលបំណងធ្វើឱ្យប្រជាជន មហាជន ពិសេសយុវជនទាំងអស់ ត្រូវបង្កើននូវការដឹងគុណចំពោះបុព្វការីជន ដែលបានខិតខំប្រឹង ប្រែងកសាងសម្បត្តិវប្បធម៌ដ៏សប្បូរបែប ប្រកបដោយសក្តានុពលភាព ក្នុងការរួមចំណែកអភិវឌ្ឍន៏សង្គម និងភាពសុខសាន្តរបស់ប្រជាជន។
លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ ២០១៩នេះ គឺជាទិសដៅដ៏សំខាន់មួយសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ ចូលរួមលើកកំពស់តម្លៃសីលធម៌ ក្នុងន័យបណ្តុះបណ្តាល ស្មារតីអោយសកម្ម ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ ទាំងបេតិកភណ្ឌ វប្បធម៌រូបីយ៍ និងអរូបីយ៍ ឱ្យបានស្ថិតស្ថេរគង់វង្ស រុងរឿង ថ្កើនថ្កាន ជាឧត្តមប្រយោជន៍នៃជនជាតិរបស់យើង។
លោកស្រីអភិបាលរងខេត្ត ក៍បានជំរុញដល់មន្ទីរអង្គភាព និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមថែក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិ និងចូលរួមលើកកំពស់វប្បធម៌ សីលធម៌សង្គម តាមរយៈការលើកទឹក ចិត្តដល់អ្នកដែលមានស្នាដៃវប្បធម៌ ជាពិសេសត្រូវចូលរួមទប់ស្កាត់ វប្បធម៌ពាលាអាវ៉ាសែ ដែលសង្គមស្អប់ខ្ពើបជាដាច់ខាត។

បើតាមការបញ្ជាក់របស់លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈខេត្ត បានឱ្យដឹងថា កន្លងមកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានរៀបចំការប្រលងចម្រៀងបុរាណ-សម័យ ការសម្តែងសិល្បៈរឿងខ្លី ក្នុងន័យអប់រំ ដើម្បីជ្រើសរើសជ័យលាភីថ្នាក់ខេត្ត និងទៅប្រឡងនៅជាតិ ទទួលបានជ័យលាភីជាបន្តបន្ទាប់ ហើយរៀងរាល់ថ្ងៃចុងសប្តាហ៍ ក៍បានរៀបចំក្រុមសិល្បៈ របាំក្ងោកប៉ៃលិន សម្តែងនៅមុខអាស្រម លោកយាយយ៉ាត ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានស្គាល់ ពីសិល្បៈវប្បធម៌ដ៏មានតម្លៃរបស់ដូនតាយើងផងដែរ ៕




កិច្ចប្រជុំពិនិត្យ និងពិភាក្សាការងាររៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឱ្យមានកម្មវិធីកម្សាន្តច្រើនជាងឆ្នាំមុន

ស្វាយរៀង៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៍មាន និងអនុប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សាការងាររៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារ ស.ស.យ.ក.ខេត្ត និងគណៈកម្មាធិការ ស.ស.យ.ក ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការដែលជាក្រុមការងារ សង្ក្រាន្តស្វាយរៀងជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ ក្រុមការ អនុគណៈកម្មការ សង្ក្រាន្តស្វាយរៀង ត្រូវសហការអនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើ ផែនការលម្អិត និងឡើងគម្រោងចំណាយនៅក្នុងផែនអនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីសម្រេចអោយ រួចរាល់តាមផែន ការមុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលមកដល់។

សូមជម្រាបជូនថា សង្ក្រាន្តស្វាយរៀងឆ្នាំនេះមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅនៅបរិវេណរង្វង់ មូលខាងមុខសណ្ឋាវ៉ៃគោ និងតាមបណ្តោយផ្លូវមួយចំនួនទៀត ក្នុងក្រុងស្វាយរៀង ហើយការរៀបចំឆ្នាំនេះក៏មានលក្ខណៈធំជាងឆ្នាំមុន ក្នុងនោះមានកម្មវិធីកម្សាន្ត ជាច្រើនដើម្បីបង្កភាព សប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកអបអរសាទរ និងទទួលទេវតាឆ្នាំថ្មីនៅទីនេះ៕




សួនដើមឈើអនុស្សាវរីយ៍ទេសចរណ៍ម្នាក់ដើមឈើ១ដើម ត្រូវបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅសួនច្បារខាងមុខមជ្ឈ មណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ក្នុងខេត្តកំពង់ឆ្នាំង មានរៀបចំពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ សួនដើមឈើអនុស្សាវរីយ៍ទេសចរណ៍ម្នាក់ ដើមឈើ១ដើមដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ «ទន្លេផ្សាភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍»។ ពិធីនេះធ្វើឡើងក្រោម អធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរម រាជវាំង អមដំណើរដោយលោក គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។

ពិធីនេះក៏មានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រីប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងគូស្រកថ្មីៗ ដែលទើបរៀបការផងដែរ៕







លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ដំណោះស្រាយក្នុងការប្រកួតប្រជែងទីផ្សារអង្ករ គឺត្រូវបញ្ចុះថ្លៃដើមផលិតអង្ករ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាមានការពិបាកក្នុងការប្រកួតប្រជែងអង្ករនៅលើទីផ្សារអន្តរជាតិ ជាមួយប្រទេសផ្សេងៗ ដោយសារតែអង្ករកម្ពុជាមានថ្លៃដើមថ្លៃ។ ម៉្យាងវិញទៀត ការនាំចេញអង្ករនៅមានកម្រិត ជាហេតុនាំឲ្យកម្ពុជាមិនអាចសម្រេចគោលដៅនាំចេញអង្ករមួយលានតោនក្នុងមួយឆ្នាំ។
ថ្លែងក្នុងពិធីបិទសន្និបាតបូក សរុបការងារកសិកម្មទូទាំងប្រទេស និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩-២០២០ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ដំណោះស្រាយក្នុងការប្រកួតប្រជែងទីផ្សារអង្ករ គឺត្រូវរកវិធីកាត់បន្ថយថ្លៃដើមផលិត រួមមានជីកសិកម្មជាដើម ដើម្បីចុះតម្លៃអង្ករ ដោយមិនអាចឲ្យរាជរដ្ឋាភិបាលយកថវិកាណាមួយមកជួយ ដើម្បីបញ្ចុះតំលៃអង្ករក្នុងគោលបំណងប្រកួតប្រជែងជាមួយប្រទេសផ្សេងឡើយ ព្រោះធ្វើឲ្យខុសក្រឹតក្រំទីផ្សារ។

ទាក់ទងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរិះរកគ្រប់វិធីក្នុងការបន្ថយតម្លៃដើមក្នុងការផលិត ដើម្បីបង្កើនលទ្ធភាពក្នុងការប្រកួតប្រជែង៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់ក្រុមប្រឆាំងដែលតែងទម្លាក់កំហុសលើការដឹកនាំរបស់លោក ប៉ុន្តែពេលរីកចម្រើនមិនដែលទទួលស្គាល់ឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរិះគន់ក្រុមប្រឆាំងមួយចំនួន ដែលតែងតែទម្លាក់កំហុសឱ្យលោក នៅពេលដែលមានបញ្ហាកើតឡើង ប៉ុន្តែនៅពេលដែលប្រទេសរីកចម្រើន ក្រោមការដឹកនាំរបស់លោកពួកគេមិនដែលទទួលយកនោះទេ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពីធីបិទ​សន្និ​បាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងអំពីការប្រែប្រួលរបស់កម្ពុជាពីប្រទេសក្រខ្សត់ មកជាប្រទេសដែលកំពុងអភិវឌ្ឍ។ លោកបានបន្តថា បើគិតពីមហាសេដ្ឋីវិញ បច្ចុប្បន្ននេះ មហាសេដ្ឋីពាន់លាន សេដ្ឋីប្រាក់លាន ក៏មានច្រើនដែរ ហើយបើនិយាយអំពីអ្នកមានទ្រព្យសម្បត្តិខ្ទង់លានវិញមិនតិចនោះទេ ដោយគ្រាន់តែផ្ទះ១កន្លែងនៅទីក្រុងភ្នំពេញនោះ ក៏មានតម្លៃដល់ ១លានដុល្លារដែរ។
លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «អាហ្នឹង ប្រហែលជាកំហុសខ្ញុំទេ ស្អីក៏គេទម្លាក់មកឱ្យខ្ញុំដែរ ពេលណាដែលរឿងល្អ វាមិនដែលឱ្យខ្ញុំទេ ណែ ! វារកស៊ីបាន វាជិះឡាន ដែលពីដើមវារកតែស្បែកជើងពាក់មិនបានផង ឥឡូវវាជិះឡាន ហើយ Live វីដេអូនៅលើ Facebook ទៀត រួចហើយនិយាយថា កាន់តែក្រទៅៗ។ រឿងអ្វីៗវាទម្លាក់មកឱ្យឯង តែរឿងធ្វើមានធ្វើបាន វាអត់ទម្លាក់មកឱ្យឯងសោះ ពួកនេះខូចពេក»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទោះជាស្ថានភាពប្រទេសកម្ពុជា បានប្រែប្រួលទៅជាប្រទេសកំពុងអភិវឌ្ឍ តែបញ្ហាប្រឈមរបស់កម្ពុជា ក៏នៅតែមាននៅឡើយ ជាពិសេសលើវិស័យពាណិជ្ជកម្ម នៅក្រៅប្រទេស ដែលត្រូវប្រកួតប្រជែងជាមួយដៃគូខ្លាំងៗ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់សេចក្តីណែនាំ ៩ចំណុចសំខាន់ៗ ដើម្បីបន្តអភិវឌ្ឍវិស័យកសិកម្ម

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទ​សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តបន្តទៀតនូវកាតព្វកិច្ចជាមូលដ្ឋាន ដូចខាងក្រោម៖
១- ត្រូវធ្វើទំនើបកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង តាមរយៈការលើកកម្ពស់ ការស្រាវជ្រាវ ដើម្បី អភិវឌ្ឍបច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មទំនើប ក្នុងទិសដៅបង្កើនបរិមាណ គុណភាព និងឤហារូបត្ថម្ភ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ ជាលក្ខណៈ ឌីជីថល ពង្រឹងការគ្រប់គ្រងដំណាំកសិកម្ម និងធាតុចូលកសិកម្ម ឱ្យបានល្អប្រសើរ ។
២- ត្រូវបន្តលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម តាមអភិក្រមភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការបង្កើតតំបន់ កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ដែលនឹងឤចជួយដោះស្រាយ បញ្ហាទីផ្សារកសិករ និងការបើកច្រកពង្រីកយន្តការអនុវត្ត «ផលិតកម្មកសិកម្ម តាមកិច្ចសន្យា» ឱ្យកាន់តែទូលំទូលាយថែមទៀត។ ជាមួយនេះត្រូវជំរុញឱ្យមានការវិនិយោគ សាងសង់ផ្សារបោះដុំកសិផល និងផ្សព្វផ្សាយទីផ្សារ កសិផលជូនដល់ប្រជាកសិករ ។
៣- ត្រូវបន្តលើកកម្ពស់គុណភាពផលិតកម្មដំណាំ ការចិញ្ចឹម សត្វ វារីវប្បកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម ។ ត្រូវប្រើប្រាស់ យន្តការចរចាជាមួយបណ្តាប្រទេស ដែលទិញ ផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ។ ត្រូវចូលរួមពង្រឹងសុវត្ថិភាពចំណី- ឤហារ ក្នុងទិសដៅធានា និងលើកកម្ពស់សុវត្ថិភាពចំពោះអ្នក ប្រើប្រាស់ឱ្យបានល្អប្រសើរ។
៤- ត្រូវបន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំ កៅស៊ូដល់កសិករដាំកៅស៊ូ ឱ្យបានច្រើនថែមទៀត ត្រូវបន្តពង្រីក សហគមន៍កៅស៊ូគ្រួសារ ដើម្បីការញរផលប្រយោជន៍ កសិករនៅ ពេលលក់ផលិតផលកៅស៊ូទាំងនោះ។ បន្តជំរុញការវិនិយោគលើ ការកែច្នៃ ផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។
៥- ត្រូវបន្តជំរុញការចិញ្ចឹមសត្វរបស់កសិករឱ្យទៅជាការ ចិញ្ចឹមបែបពាណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ចំណូលធ្វើការស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ កែលម្អពូជសត្វឱ្យមាន ទិន្នផលខ្ពស់ គ្រប់គ្រងការធ្វើឤជីវកម្មសត្វរស់ ផលិតផលសត្វ ចំណសីត្វ បសុឱសថ ហាមមិនឱ្យមានការធ្វើឤជីវកម្មផ្តាច់មុខដែលប៉ះញល់ ដល់ថ្លៃទីផ្សារ។ ទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺប៉េស្តជ្រូកនៅទូទាំងប្រទេស និងអនាម័យសាច់។ ជំរុញការផលិតចំណីសត្វ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីបរទេស ។
៦- ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព។ បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ ការរំលោភបំពានដីព្រៃឈើ និងដីព្រៃលិចទឹក ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក សៅ សុខា សូមបន្តពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផល កែច្នៃឈើគ្រប់ប្រភេទ ទៅក្រៅប្រទេស តាមច្រកព្រំដែន និងច្រករបៀងដែលគ្មាន ការអនុញ្ញាត ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
៧- ត្រូវបន្តពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យបានរឹងមាំ គ្មានបទល្មើសជលផល ទាំងទឹកសាប និងសមុទ្រ។ ជំរុញការអភិវឌ្ឍ វារីវប្បកម្មគ្រប់ប្រភេទ រួមទាំងការចិញ្ចឹមត្រី តាមស្រែ ត្រូវធ្វើឱ្យកើន យ៉ាងតិច ២០% ក្នុងមួយឆ្នាំ ស្របតាមផែនការយុទ្ធសស្ត្រាជាតិ អភិវឌ្ឍវារីវប្បកម្ម ឆ្នាំ ២០១៦-២០៣០។ បន្តពង្រឹងការគ្រប់គ្រង ការញរកន្លែងអភិរក្សជលផល ព្រៃលិចទឹក ព្រៃកោងកាង ដែលជា ជម្រកដ៏សំខាន់របស់មច្ឆជាតិ។ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធការនេសាទ ល្មើសច្បាប់តាមរយៈយន្តការថ្នាក់ជាតិ និងអន្តរស្ថាប័នស្របតាមនីតិវិធីជាធរមាន ។
៨- ត្រូវបន្តរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល តាមបរិការណ៍ កែទម្រង់បច្ចុប្បន្ន ពង្រីកសហគមន៍ ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ។ ជំរុញការដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើ ឤជីវកម្ម និងដីទំនេរ របស់រដ្ឋ ដោយសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងបង្កើនការបណ្តុះកូនឈើ គ្រប់ប្រភេទនៅ តាមស្ថានីយសម្រាប់ចែកចាយជូនប្រជាជន។

៩- ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជិតខាង និងបណ្តាប្រទេស ដៃគូអភិវឌ្ឍនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងថ្នាក់តំបន់ និងអនុតំបន់ ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយ បច្ចេកទេសថ្មីៗទៀតដើម្បីធ្វើទំនើបភាវូបនីយកម្ម កសិកម្ម កម្ពុជា ឱ្យរួមចំណែកកាន់តែច្រើនក្នុងសេដ្ឋកិច្ចជាតិ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកនឹងស្នើសុំភាគីកូរ៉េជួយទិញកសិផលពីកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅល្ងាចនេះ លោកនឹងអញ្ជើញពិសារបាយសាមគ្គីជាលក្ខណៈគ្រួសារជាមួយលោកប្រធានាធិបតីកូរ៉េ និងភរិយា ហើយក្នុងឱកាសនោះដែរ លោកនឹងស្នើសុំឱ្យភាគីកូរ៉េជួយទិញកសិផលពីកម្ពុជា ដើម្បីជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរផងដែរ។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពីធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។
គួរបញ្ជាក់ថា លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នឹងមកដល់ ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក មូន ចេអ៊ីន នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយនិងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកប្រធានាធិបតី មូន ចេអ៊ីន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នាផងដែរ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ការយកពន្ធកៅស៊ូ ធ្វើឡើងក្រោមគោលនយោបាយទន់ភ្លន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាគោលការណ៍យកពន្ធលើផលិតផលដំណាំកៅស៊ូ ធ្វើឡើងក្រោមគោលនយោបាយទន់ភ្លន់។ លោកថា នៅពេលតម្លៃកៅស៊ូធ្លាក់ចុះខ្លាំង រាជរដ្ឋាភិបាលមិនយកពន្ធនោះទេ (ពន្ធសូន្យ) ហើយនៅពេលដែលតម្លៃកៅស៊ូឡើងខ្ពស់ ការយកពន្ធ គឺធ្វើឡើងទៅតាមតម្លៃនៃកំរឹតនីមួយៗ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅក្នុងពិធីបិទសន្និបាតបូក សរុបការងារកសិកម្មទូទាំងប្រទេស និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩-២០២០។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាស់តឿនឲ្យក្រសួងកសិកម្ម បន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំកៅស៊ូដល់កសិករដាំកៅស៊ូ ឲ្យបានច្រើនថែមទៀត។ លោកបន្តថា ត្រូវបន្តពង្រីកសហគមន៍កៅស៊ូគ្រួសារ ដើម្បីការញរផលប្រយោជន៍កសិករនៅពេលលក់ផលិតផលកៅស៊ូទាំងនោះ។ បន្តជំរុញការវិនិយោគលើការកែច្នៃ ផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ៕




ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង កើនឡើងជាលំដាប់ នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ

លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នឹងមកដល់ ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនានាបន្ថែមទៀត ក្នុងនោះការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺជាការងារដ៏សំខាន់ ខណៈរយៈពេល១០ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើតឡើងជាលំដាប់។
យោងតាមទិន្នន័យផ្លូវការ ដែលទទួលបានពីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើតឡើងគួរឲ្យគត់សំគាល់។
នៅឆ្នាំ២០០៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានចំនួនទឹកប្រាក់ជាង២១៨លានដុល្លារ ក្នុងកម្ពុជានាំ ចេញទៅកូរ៉េជាង៩៣លានដុល្លារ និងកូរ៉េនាំចូលមកម្ពុជាវិញជាង២០៩លានដុល្លារ។
ឆ្នាំ២០១០ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងមានជាង២៧២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េ ចំនួនធ្លាក់ចុះ សល់ត្រឹមតែជាង២៤លានដុល្លារប៉ុណ្ណោះ ខណៈកូរ៉េនាំចូលមកកម្ពុជាជាង២៤៤លានដុល្លារ។
ឆ្នាំ២០១១ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៣៤៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េ ចំនួនជាង៤៦លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៣០០លានដុល្លារអាមេរិក។
ឆ្នាំ២០១២ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៤៩៣លានដុល្លារ ក្នុងនោះកម្ពុជានាំ ចេញទៅកូរ៉េចំនួនជាង៧០លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤២២លានដុល្លារអាមេរិក។
ឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៤៦៤លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅកូរ៉េចំនួនជាង៩៤លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៣៦៩លានដុល្លារអាមេរិក។
ឆ្នាំ២០១៤ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៥១៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េ ចំនួនជាង១២៣លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៣៩០លានដុល្លារអាមេរិក។
ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៥៩៦លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញ ទៅកូរ៉េចំនួនជាង១៣៧លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤៥៩លានដុល្លារអាមេរិក។
ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៦០២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េ ចំនួនជាង១៦៤លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤៣៨លានដុល្លារអាមេរិក។
ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៦២៥លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញ ទៅកូរ៉េចំនួនជាង១៦៩លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤៥៥លានដុល្លារអាមេរិក។
ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៧៤៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅ កូរ៉េចំនួនជាង២០២លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាវិញមានចំនួនជាង ៥៤៣លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញទៅកូរ៉េខាងត្បូងមានសំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង។ ខណៈទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមាន ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក ៕

លោក ហេង សំរិន ស្នើឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន ជួយជំរុញអ្នកវិនិយោគនិងទេសចរខ្លួន មកកម្ពុជាឱ្យកាន់តែច្រើន

នៅក្នុងឱកាសទទួលជួបសវនាការជាមួយលោក បេកេតហ្សាន ហ្សូម៉ាខាណូវ (Beketzhan Zhumakhanov) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៩ នៅវិមានរដ្ឋសភា លោក ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់លោកឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយ លើកទឹកចិត្តឱ្យអ្នកវិនិយោគ និងប្រជាជនកាហ្សាក់ ស្ថាន មកពិនិត្យឱកាសវិនិយោគ និងធ្វើទេសចរណ៍ កម្សាន្តនៅកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ។
ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានបេសកកម្មរបស់លោក បេកេតហ្សាន ហ្សូម៉ាខាណូវ នៅកម្ពុជាដោយបានលើកឡើងថា កាហ្សាក់ស្ថាន និងកម្ពុជា មានទំនាក់ទំនងការទូតជាមួយគ្នាដ៏យូរលង់រហូតជាង៦ទសវត្សរ៍ ហើយសព្វថ្ងៃត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។
លោកបានសង្កត់ធ្ងន់ថា បេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត នៅកម្ពុជានាពេលនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសទាំងពីរ កម្ពុជា-កាហ្សាក់ស្ថាន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
លោក បេកេតហ្សាន ហ្សូម៉ាខាណូវ បានគំាទ្រចំពោះប្រសាសន៍លើកឡើង របស់ប្រធានរដ្ឋសភាកម្ពុជា និងបានគូសបញ្ជាក់ថានៅក្នុងបេសកកម្មការ ទូតរបស់លោកនៅកម្ពុជា លោក នឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេស ទំាងពីរឱ្យបានរឹងមាំបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
នៅក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋ បានប្រគល់ជូននូវលិខិតអញ្ជើញ របស់ ប្រធានរដ្ឋសភាម៉ាជីលីស កាហ្សាក់ស្ថាន ប្រធានសភាឌូម៉ារុស្ស៊ី និងប្រធានសភាសាធារណរដ្ឋកូរ៉េ ដែលគោរពអញ្ជើញ លោក ហេង សំរិន ចូលរួមក្នុងកិច្ចប្រជុំកម្រិតប្រធានសភា ប្រទេស អាស៊ី-អឺរ៉ុប លើកទី៤ ដែលកាហ្សាក់ស្ថានធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។ លោក ហេង សំរិន បានទទួលយកការគោរពអញ្ជើញនេះ ដោយបានគូសបញ្ជាក់ថានឹងជូនដំណឹងជាផ្លូវការតាមរយៈការទូត នាពេលក្រោយ។

លោក ហេង សំរិន បានលើកឡើងថា សភាប្រទេសទំាងពីរបានធ្វើកិច្ច សហប្រតិបត្តិការជាមួយគ្នាជាហូហែរ តាមរយៈការចូលរួមវេទិកាសភា អន្តរជាតិផេ្សងៗ ដែលសភា ប្រទេសទាំងពីរជាសមាជិកជាមួយគ្នា មានជាអាទិ៍៖ អាយភីយូ (IPU) អេភីអេ (APA) និង អាសឹប (ASEP)…ជាដើម។ ឆ្លៀតឱកាសនោះ លោក បានគោរពអញ្ជើញសភា កាហ្សាក់ស្ថាន ចូលរួមកិច្ចប្រជុំ ASEP លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០ ខាងមុខនេះផងដែរ៕



រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងថា ការនាំចេញផលិតផលកសិកម្មសរុប មានការកើនឡើងគួរឱ្យកត់សម្គាល់

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញឡើងអាន របាយការណ៍នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩​នេះ ក្នុងពីធីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពិធីនេះធ្វើឡើងនៅទីស្តីការ ក្រសួងកសិកម្ម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានគូស បញ្ជាក់ថា ការនាំចេញផលិតផល កសិកម្មសរុបបានកើនឡើងពី ៣,៤៤លានតោននៅឆ្នាំ២០១៤ ដល់ ៤,២៣លានតោន នៅឆ្នាំ២០១៨ ដែលក្នុងនោះការនាំចេញផ្លែចេក ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត កៅស៊ូ ស្ករអំពៅ ប្រេងដូងឆៅ បានកើនឡើងគួរឱ្យកត់សម្គាល់។
បរិមាណអង្ករនាំចេញផ្លូវការបានកើនពី ៣៨៧ ពាន់តោនក្នុងឆ្នាំ២០១៤ ដល់ជាង ៦២៦ ពាន់តោនក្នុងឆ្នាំ២០១៨ គឺកើនឡើង ២៣% ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ដោយឡែក តាមការស្រាវជ្រាវ បានបង្ហាញថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៩នេះ ការនាំចេញស្រូវ ក្រៅផ្លូវការមានចំនួន ៩០៩ ១៥០ តោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ ព្រំដែនចំនួន០៥ខេត្ត រួមមានខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តកំពត។
លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍បន្តថា ចំណុចពិសេស មួយទៀតគឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ ជាទីបំផុតក្នុងការជំរុញឱ្យមានការចុះអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិន ក្នុងការបង្កើនកូតានាំអង្ករចេញចំនួន៤០ម៉ឺនតោន និងជាមួយ ប្រទេសវៀតណាមចំនួន៣០ម៉ឺនតោនក្នុង១ឆ្នាំ និងទៅកាន់បណ្តាប្រទេស ផ្សេងៗទៀត ដែលលោកសង្ឃឹមយ៉ាងមុតមាំថាក្រសួងស្ថាប័នពាក់ព័ន្ធ នឹងខិតខំជួយជំរុញការនាំចេញអង្ករដែលជា “មាស ស” របស់កម្ពុជាឱ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក។
លោក វេង សាខុន ក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៨នេះ ការងារបង្កបង្កើនផលស្រូវនៅទូទាំងប្រទេស សម្រេចបានលើផ្ទៃដីចំនួន ៣,៣៤លានហិកតា ស្មើនឹង ១១៣% នៃផែនការក្នុងនោះស្រូវវស្សាមាន ២.៧៥លានហិកតា និងស្រូវរដូវប្រាំង ៥៩០ពាន់ហិកតា។ ផ្ទៃដីដាំដុះដំណាំស្រូវបានកើនប្រមាណ ៤% ធៀបនឹងឆ្នាំ២០១៧។ ចំពោះទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំង និងវស្សាសម្រេចបាន ៣.៣៥តោនក្នុងមួយហិកតា កើនលើសឆ្នាំមុនប្រមាណ ១.៦៦% ក្នុងនោះទិន្នផលស្រូវវស្សាទទួលបាន ៣,០៩៤តោន/ហ.ត និងទិន្នផលស្រូវប្រាំងទទួលបាន ៤,៥១២តោន/ហ.ត។

បរិមាណផលស្រូវសរុបបានកើនឡើងដល់ប្រមាណ១០,៨៩ លានតោន គឺកើនប្រមាណ ៣,៥១% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះបរិមាណផលស្រូវវស្សាទទួលបានប្រមាណជាង ៨,២១លានតោន និងបរិមាណផលស្រូវរដូវប្រាំងទទួលបានប្រមាណ ២,៦៨ លានតោន និងមានអតិរេកស្រូវចំនួនជាង ៥,៨៣លានតោន គិតជាអង្ករស្មើនឹង ៣,៧៣ លានតោន កើនលើសឆ្នាំ២០១៧ ប្រមាណ ៥%៕





អគ្គស្នងការរងនគរបាលជាតិ អញ្ជើញបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ស្នងការ​ដ្ឋាន​នគរបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទសន្និបាតបូកសរុបរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ និងផ្សព្វផ្សាយទិសដៅការងារបន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្ត បានកោតសរសើរចំពោះស្នាដៃរបស់កងកម្លាំងនគរបាលខេត្ត បានខិតខំប្រឹងប្រែងបំពេញការងារភារកិច្ច ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ ព្រមទាំងបានរំលឹកដាស់តឿនដល់កងកម្លាំងនគរបាល ត្រូវយកចិត្តទុកលើបញ្ហា សណ្តាប់ធ្នាប់សាធារណៈ ពិសេសការកកស្ទះចរាចរណ៍ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ចំពោះករណី ជនបរទេសបើកបរយានយន្តដោយគ្មានប័ណ្ណបើកបរត្រូវរឹតបណ្តឹងការត្រួតពិនិត្យបន្ថែមទៀត ព្រមទាំងបន្តអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ការ​គ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ និងចូលរួមបង្ការទប់ស្កាត់ក្រុមបង្កភាពអធិបតេយ្យ រំលោភបំពានទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ និងឯកជនរបស់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្​មសិទ្ធិ​ស្របច្បាប់។
លោកអគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងនគរបាល ព្រមទាំងលើកឡើងអំពីសភាពការណ៍សន្តិសុខ នយោបាយក្នុងប្រទេស និងសកម្មភាពក្រុមប្រឆាំង ដែលមានឧបាយកលទុច្ចរិត ញុះញង់បំផ្លាញដល់សន្តិសុខជាតិ។ លោកក៏បានធ្វើការណែនាំឱ្យកងកម្លាំងនគរបាល ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសត្រូវស្រាវជ្រាវមុខសញ្ញាបងតូច បងធំ បញ្ហាគ្រឿងញៀននៅតាមភូមិសាស្ត្រនានាក្នុងខេត្ត ដើម្បីមានវិធានការទប់ស្កាត់ និងបង្ការ បង្ក្រាបបានទាន់ពេលវេលា។

លោកបានបន្ថែមទៀតថា កងកម្លាំងនគរបាលត្រូវក្តាប់នូវសភាពការណ៍សន្តិសុខ នយោ​បាយ សណ្តាប់ធ្នាប់សង្គមឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ដាក់ចេញនូវវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងចូលរួមអនុវត្តគោលនយោបាយប្រឡងប្រណាំងភូមិ/ឃុំមានសុវត្ថិភាព ធានានូវសេចក្តីសុខប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ​ផង​ដែរ៕