Thursday, March 14, 2019

លោកស្រី ម៉ែន សំអន ផ្តាំផ្ញើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង ត្រូវខិតខំរួមគ្នាសម្រេចឱ្យ​បាននូវកិច្ចការ ៧ចំនុចសំខាន់ៗ

ស្វាយរៀង៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើក​ទិស​ដៅការងារបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត លោក លោកស្រីប្រតិភូក្រសួងមហាផ្ទៃ លោក លោកស្រីប្រធាន អនុប្រធានសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង/ស្រុកនៃខេត្តស្វាយរៀង លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានា រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ កងកម្លាំងមានសមត្ថកិច្ចទាំង ៣ប្រភេទ សរុបប្រមាណ ៥០០នាក់។
មានប្រសាសន៍នៅក្នុងឪកាសនេះ លោកស្រីបានថ្លែងនូវការកោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចទាំងមូល ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធ​ផល​ល្អៗជាច្រើនលើគ្រប់វិស័យ រួមចំណែកក្នុងការថែរក្សា សុខសន្តិភាព ស្ថិរភាព​នយោ​បាយ រក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខសណ្តាប់​ធ្នាប់​សាធា​រណៈសុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម។
លោកស្រី បានមានប្រសាសន៍ផ្តាំផ្ញើរដល់រដ្ឋបាលគ្រប់ថ្នាក់មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តស្វាយរៀងទាំងមូលត្រូវខិតខំរួមគ្នា សម្រេចឱ្យបាននូវកិច្ចការសំខាន់ៗដូចជា៖
១.ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ
២.ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន
៣.ការគ្រប់គ្រងរក្សាការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន
៤.ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
៥.ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
៦.ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន
៧.ការត្រៀមសម្រាប់គ្រោះរាំងស្ងួត និងការពង្រឹងរបៀបរបបការងារ។

ក្នុងនោះដែរ លោកស្រីក៏បានគូសបញ្ជាក់ឡើងវិញអំពីតួនាទី និងការទទួលខុសត្រូវរបស់អភិបាលខេត្ត ក្រុង/ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ក៏ដូចមន្ត្រីសាធារណៈនានា ដែលមានតួនាទីផ្សេងៗក្នុងគណបក្សនយោបាយ ក៏ដូចជា ការចូលរួមក្នុងសកម្មភាពនយោបាយរបស់គណបក្សនយោបាយណាមួយ ត្រូវគោរពឱ្យបានត្រឹមត្រូវនូវច្បាប់ និងលិខិតបទដ្ឋាននានា ពិសេស ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពីលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ លក្ខន្តិកៈនគរបាលជាតិ ដែលតម្រូវឱ្យមន្ត្រីសាធារណៈមានអព្យាក្រឹត្យភាព ក្នុងការអនុវត្តមុខងាររបស់ខ្លួន និងមិនត្រូវប្រើប្រាស់ម៉ោងពេលបំពេញការងាររដ្ឋ ទីតាំងស្ថាប័នរដ្ឋ មធ្យោបាយសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយរបស់គណបក្សនយោបាយណាមួយជាដាច់ខាត៕



No comments:

Post a Comment