Saturday, November 22, 2014

មន្ត្រី​ជំ​នាញ រិះ​គន់សារព័ត៌មាន​ The​ Cambodia Daily ថា បានផ្សព្វ​ផ្សាយ​បំ​ភ្លើស​ អំពីគម្រោងវារីអគ្គីសនីស្ទឹងតាតៃ

មន្ត្រី​​ជំ​នាញ​ដែល​កំ​ពុង​អនុវត្ត​គម្រោងវារី​​អគ្គីសនីស្ទឹង​​តាតៃ ដែល​មាន​ទី​តាំងស្ថិត​​​នៅ​ក្នុង​ខេត្ត​កោះ​កុង បានបញ្ចេញ​​ប្រតិកម្មខ្លាំង​ៗ តបទៅនឹង​អត្ថបទ​​​​បំ​ភ្លើសរបស់​សារព័ត៌មាន​ The Cambodia Daily ដែល​បានចុះផ្សាយ​កាលពី​ថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ​២០១៤  (ជាភាសាខ្មែរ)​ និង ថ្ងៃទី ២១  ខែ វិចិ្ឆកា ឆ្នាំ ២០១៤ ​ស្តីពី​​គម្រោងវារី​អគិ្គសនី​ស្ទឹងតាតៃ  ដោយ​មន្ត្រីជំ​នាញ​​រូប​នោះ​ បាន​រិះ​គន់​ចំ​ៗថា The Cambodia Daily ផ្សព្វ​ផ្សាយ​មិន​គោរពឲ្យបាន​ត្រឹម​ត្រូវ​តាម​វិជ្ជា​ជី​វៈ និង​ផ្សាយ​ព័ត៌មាន​ភូត​កុហក ដែល​អាច​នឹង​នាំឲ្យ​ប្រជា​ពល​រដ្ឋ​ទូ​ទៅ​មាន​ការ​ភ័ន្ត​ច្រឡំ​។​

មន្ត្រី​ជំ​នាញ បាន​ឲ្យ​ដឹង​ថា គម្រោងវារីអគិ្គសនីស្ទឹងតាតៃ នៅ​ក្នុង​ខេត្តកោះកុង មាន​កម្លាំង ២៤៦ មេហ្កាវ៉ាត់ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការសាកល្បង គឺមិនទាន់រួចរាល់សម្រាប់ដាក់ឲ្យដំណើរការជា​ផ្លូវការ​​នៅ​ឡើយ​ទេ ហើយ​ថា គម្រោងនេះ គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆមាសទី១ ឆ្នាំ ២០១៥ ខាង​មុខ។​

មន្ត្រី​រូប​នេះ​ បាន​បន្ត​ថា « ដូចនេះ រាជរដ្ឋាភិបាល​មិនមានការបាត់បង់​ប្រាក់ប្រមាណ ៧៤លាន​ដុល្លារ​​អាមេរិក ដូច​ដែលសារព័ត៌មាន The Cambodia Daily បាន​ចុះ​ផ្សាយ​នោះ​ឡើយ »        ហើយ​រូប​គាត់​ក្នុង​នាម​ជា​អ្នក​ជំ​នាញ​ ដែល​សិក្សាផ្ទាល់​អំ​ពី​បញ្ហា​នេះ សូម​បដិសេធព័ត៌មានដែលបានចុះផ្សាយ ដោយ​គ្រាន់​តែយោង​សំដី​របស់ លោក ជា ស៊ីថា អនុប្រធានក្រុមហ៊ុន Brightway Group ដែលនិយាយ​ដោយគ្មានមូលដ្ឋាន​ និងខ្វះ​ការ​ទទួល​​ខុសត្រូវ ។
និយាយជា​រួម​ មន្ត្រី​ជំ​នាញរូប​នេះ បាន​សំ​ដែង​នូវការសោកស្ដាយជា​ខ្លាំងចំ​ពោះ​សារព័ត៌មាន​ The Cambodia Daily និង​ថាសារព័ត៌មាន​នេះ បាន​ចុះផ្សាយព័ត៌មានរបស់​ខ្លួន បំ​ពុល​សាធារណមតិ​ ដោយ​ពុំបាន​ធ្វើការផ្ទៀតផ្ទាត់ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​មុន» ក្នុង​បំ​ណងបង្ខូច​​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូររបស់​រាជ​រដ្ឋាភិ​បាល​​។

បើទោះបី​​​ជា​មន្ត្រី​ជំ​នាញ​រូប​នេះ មិន​បាន​ទាម​ទារឲ្យ​សារព័ត៌មាន The Cambodia Daily ធ្វើ​​ការ​ផ្សព្វផ្សាយ​កែ​តម្រូវ​អត្ថបទ​របស់​ខ្លួន​ឡើង​វិញ​ក្តី ប៉ុន្តែ សារព័ត៌មាន​មួយ​នេះ គួរគប្បី​បញ្ឈប់​នូវ​ការ​ភូត​កុហក សាធារណៈមតិ ដោយ​មន្ត្រីជំ​នាញ​​បាន​បញ្ជាក់​ ថា បរិមាណអគ្គិសនី​ដែលបានមក​ពីប្រភពវារីអគ្គិសនី តែង​តែ​មាន​ការប្រែ​ប្រួលតាមបរិមាណទឹកដែលមានជាធម្មតា។ ដូចនេះ ដើម្បីបំពេញតម្រូវការ​អគ្គិសនី​ជាក់​ស្ដែង​ឲ្យបានគ្រប់គ្រាន់នូវរដូវប្រាំង អាចធ្វើឲ្យមានការលើសនូវរដូវវស្សា។  ហេតុ​នេះ មន្ត្រី​ជំ​នាញ​ បាន​ចាត់​ទុក​ចេតនាដែល​ភ្ជាប់​ការលើសអគ្គិសនីនៅរដូវវស្សាជាមួយការអះអាងរបស់​ The Cambodia Daily ពីការ ខាត បង់ថវិការរដ្ឋដល់ទៅ ៧៤លាន​ដុល្លារ​អាមេរិក​ គឺជាការសន្និដ្ឋានមួយ​ដែល​បំ​រើ​ឲ្យ​នយោបាយ​ក្រុម​ប្រឆាំង និង​ពុំ​បាន​គោរព​នូវ​​វិជ្ជាជី​វៈ​​របស់​ខ្លួន​៕