Monday, July 29, 2019

ស្អែកនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធការនាំចូលសំរាមមកកម្ពុជា ចំនួន៨៣កុងតឺន័រ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាន នៅវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ ពាក់ព័ន្ធជាមួយការនាំចូលសំរាមពីបរទេស មកប្រទេសកម្ពុជា ហើយត្រូវសមត្ថកិច្ចបង្ក្រាបបានចំនួន៨៣កុងតឺន័រ នៅកំពង់ផែស្វ័យតខេត្តព្រះសីហនុ។ សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅទីស្នាក់ការគយ និងរដ្ឋាករចាស់ ទល់មុខធនាគារជាតិនៃកម្ពុជា។

សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមដែលគេបោះចោល លួចនាំមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបាន នៅខេត្តព្រះសីហនុ។ សំរាមប្លាស្ទិក ទាំង៨៣កុងទឺន័រ ទម្ងន់ប្រមាណ១,៦០០តោន ៕



លោក ហេង សំរិន គំាទ្រកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងរាជធានីភ្នំពេញ

ក្នុងឱកាសទទួលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភាជាមួយលោកស្រី ង្វៀន ធី ឡិ (Nguyen Thi Le) អនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហេង សំរិន ប្រធានរដ្ឋសភា បានកោតសរសើរ និងគំាទ្រចំពោះកិច្ចសហប្រតិបត្តិការគ្រប់វិស័យយ៉ាងស្អិតរមួតក្នុងក្របខណ្ឌបក្ស រដ្ឋ និងរដ្ឋបាលគ្រប់ផ្នែក រួមទំាងការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ទៅវិញទៅមក រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ក្រោមពាក្យស្លោក «អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។
លោកស្រី ង្វៀន ធី ឡិ បានស្នើលោក ហេង សំរិន ប្រធានរដ្ឋសភា គំាទ្រកិច្ចសហប្រតិបត្តិការទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ និងបានបញ្ចាក់ថាទីក្រុងហូជីមិញ បានត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលវេលាក្នុងការចែករំលែកបទពិសោធន៍ដល់រាជធានីភ្នំពេញព្រមទាំងបានអបអរសាទរពីការអភិវឌ្ឍរបស់កម្ពុជា នៅក្រោមម្លប់ព្រះករុណាព្រះមហាក្សត្រការដឹកនាំស្ថាប័នសភា និងរាជរដ្ឋាភិបាល។

លោក ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅរកវឌ្ឍនភាព ជឿនលឿនយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ លោកបានបង្ហាញការជឿជាក់ថា ការរីកចម្រើនយ៉ាងខ្លំាងរបស់ទីក្រុងហូជីមិញ នឹងអាចធ្វើឲ្យទីក្រុងមួយនេះក្លាយជាទីក្រុងគុជមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះក្នុងពេលអនាគតយ៉ាងខ្លីខាងមុខ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់លុយ៤០លានដុល្លារទៀត បន្ថែមលើ២៩០លានដុល្លារពីលើកមុន ដើម្បីទិញសព្វាវុធពីចិន យកមកពង្រឹងវិស័យកងទ័ពកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍អះអាងថា លោកទើបនឹងសម្រេចផ្តល់ថវិកា៤០លានដុល្លារទៀត ដើម្បីទិញសព្វាវុធពី«ចិន យកមកពង្រឹងសមត្ថភាពកងទ័ពរបស់កម្ពុជា។
តាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។
នៅក្នុងពិធីនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ថវិកាទិញសព្វាវុធថ្មី ៤០លានដុល្លារអាមេរិកនេះ គឺបន្ថែមលើទឹកប្រាក់២០០លានដុល្លារ និង៩០លានដុល្លារ កាលពីពេលកន្លងទៅ ដែលកម្ពុជាបានទិញសព្វាវុធពីចិន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ព ខ្ញុំមានខ្លាចអី មកដល់កំពង់សោម អ្នកឯងមើលក៏មើលទៅ ឃើញក៏ឃើញទៅ វាមានស្អី ប្រទេសណាគ្មានកាំភ្លើងនៅលើលោកនេះតើប្រទេសណាអត់កាំភ្លើង?»។

លោកបានបន្តទៀតថា៖ «កាំភ្លើងនៅកម្ពុជាវាចាស់ៗបន្តិចហើយ អញ្ចឹងខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមថែមទៀត យកមកស្តុកទុកបំពាក់ ដោះអាចាស់បញ្ចេញអាថ្មី យកអាចាស់មកជួសជុល តើប្រទេសមួយអត់កាំភ្លើងយ៉ាងម៉េច» ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីសមិទ្ធផលស្ពានដែលមិត្តចិនបានជួយដល់កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលស្ពានដែលមិត្តចិនបានជួយដល់កម្ពុជា ដូចជាស្ពានព្រែកតាម៉ាក់ ស្ពានព្រែកក្តាម ស្ពានជ្រោយចង្វារទី២ ស្ពានព្រែកសំរោង (តាខ្មៅ) ស្ពានកោះធំ (ខេត្តកណ្តាល) ស្ពានស្ទឹងត្រង់-ក្រូចឆ្មា(កំពុងសាងសង់) ស្ពានពីខេត្តក្រចេះទៅខេត្តកំពង់ធំ (កំពុងសិក្សាសាងសង់) រួមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត រួមទាំងបណ្តាញផ្លូវជាតិសំខាន់ៗ ។ លោក បានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ មិត្តចិននឹងផ្តល់ជំនួយតាមរយៈការសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែទៀតដោយកាត់ពីខេត្តកោះកុង មកថ្មដាខេត្តពោធិ៍សាត់ និងតមកតំបន់សំឡូតនៃខេត្តបាត់ដំបង ដែលទាំងអស់នេះគឺជាការចូលរួមពីមិត្តចិនក្នុងគម្រោងនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ របស់ចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលកន្លងមកតែងតែបានចូលរួមផ្តល់ជាជំនួយក្នុងការកសាងនូវសមិទ្ធផលជាតិសំខាន់ៗដល់កម្ពុជា រួមទាំងពហុកីឡដ្ឋានជាតិនេះផងដែរ។ បើគ្មានមិត្តចិនទេ យើងមិនអាចទទួលបានសមិទ្ធផលជាតិសំខាន់ៗដែលកំពុងបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងដូចបានឃើញសព្វថ្ងៃនេះទេ។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសដល់បណ្តាប្រទេសនានាផងដែរ បើមានបំណងចង់ជួយក្នុងការកសាងនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺអាចជួយបាន ក្នុងដំណាក់កាលសាង​សង់​ទី៣ដែលផ្តោតទៅលើការរៀបចំទីលានប្រកួតកីឡាផ្សេងៗ តែបើគ្មានជំនួយពីប្រទេសណានោះទេ លោកនឹងបន្តស្នើសុំជំនួយពីមិត្តចិនជាបន្តទៀត៕









លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញមន្ទិលថាតើការចោទមូលបង្កាច់កម្ពុជាមានមូលដ្ឋានទ័ពចិន អាចជាវត្ថុបំណងដែលចង់ធ្វើដូចឆ្នាំ១៩៧០ដែរឬទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងចោទសួរថាតើ ការមូលបង្កាច់កម្ពុជាមានមូលដ្ឋានទ័ពចិន អាចជាវត្ថុបំណងដែលចង់ធ្វើដូចឆ្នាំ១៩៧០ទេក្នុងការផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ។ លោក បានបន្តថា កម្ពុជា និង​ចិន ពុំមានហេតុផលអ្វីដែលត្រូវចាំបាច់ចុះហត្ថលេខាជាមួយគ្នាលើបញ្ហាកិច្ចព្រមព្រៀងសម្ងាត់នោះឡើយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលបានលើកឡើងអំពីវត្តមានយោធាចិននៅកម្ពុជា ចង់បានអ្វីពិតប្រាកដ។ លោកបានរំលឹកថា មុនឆ្នាំ១៩៧០ មុនរដ្ឋប្រហារ មានការចោទប្រកាន់និយាយពីវត្តមានកងទ័ពរំដោះវៀតណាមនៅលើទឹកដីកម្ពុជា ក្រោយមកមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កន្លងមកក៏មានការចោទអ៊ីរ៉ាក់ថា មានអាវុធប្រល័យលោក ដល់ពេលវាយចូលអ៊ីរ៉ាក់ ពុំមានឃើញអាវុធនោះទាល់តែសោះ គឺមានតែការបង្កការស្លាប់ មនុស្សរាប់ម៉ឺននាក់នៅអ៊ីរ៉ាក់ផងដែរ៕





ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋាន «មរតកតេជោ»

(FN)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។

ក្រៅពីការពិនិត្យ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញជាអធិបតីដំឡើងថាសកៅអីបេតុងចុងក្រោយ ដែលជានិមិត្តរូបនៃការលេចចេញជារូបរាងកីឡដ្ឋានធំនេះផងដែរ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំណង់អគារពហុកីឡដ្ឋានជាតិមរតកតេជោ ជាសំណង់ដ៏ធំរបស់កម្ពុជា កើតចេញពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោក ថោង ខុន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ពិនិត្យលើដំណើរការសាងសង់ពហុកីឡដ្ឋាននេះឡើង។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នករិះគន់លើទំនាក់ទំនងរវាងកម្ពុជា-ចិនថា បើមិនមានទំនាក់ទំនងល្អជាមួយកម្ពុជា-ចិនទេ តើអាចលេចចេញរូបពហុកីឡដ្ឋាននេះដែរទេ?

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមិនរើសអើងសម្រាប់ជំនួយរបស់ប្រទេសណាមួយនោះទេ។ ប៉ុន្តែមានប្រទេសណាខ្លះ ដែលចេញមុខមកជួយកម្ពុជាបែបនេះ។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៀតថា តើនរណាមកជួយបំពេញសេចក្តីត្រូវការរបស់កម្ពុជា ដូចជាការសាងសង់ស្ពានសេកុង និងឆ្លងទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែង, ស្ពានព្រែកតាមាក់, ស្ទឹងត្រង់ និងក្រូចឆ្មារ និងការសិក្សាកសាងស្ពានមួយទៀតនៅក្រចេះ ដើម្បីតភ្ជាប់ក្រចេះទៅកំពង់ធំ។

* សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរទៀតថា តើយើងមានកំហុសទេ ក្នុងការទទួលជំនួយរបស់ចិនមកបម្រើប្រយោជន៍របស់ប្រជាជនកម្ពុជាបែបនេះ?

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើមានប្រទេសចេញមុខជួយជំនួសចិនក្នុងការកសាងផ្លូវ និងស្ពាននៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង នឹងត្រូវបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរអ្នករិះគន់លើទំនាក់ទំនងកម្ពុជា-ចិនថា តើអព្យាក្រឹត្យអចិន្ត្រៃយ៍មានន័យយ៉ាងដូចម្តេច?

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នកវិភាគថា តើកម្ពុជាមានបិទស្ថានទូតប្រទេសណាមួយនៅក្នុងរាជធានីភ្នំពេញហើយឬនៅ? សម្តេចតេជោ បានថ្លែងទៅកាន់ក្រុមអ្នកវិភាគរិះគន់នោះទៀតថា បើមិនចង់ឱ្យកម្ពុជាងាកទៅរកចិនពេកទេ ទៅរកប្រទេសដទៃមកជួយកម្ពុជាមក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពហុកីឡដ្ឋានជាតិមរតកតេជោ នៅមានតម្រូវការសាងសង់អគារជាច្រើនទៀត ហើយកម្ពុជាបើកឱ្យប្រទេសមានបំណងជួយចូលមកជួយ កុំឱ្យថាកម្ពុជាយកតែជំនួយពីចិន។

* សម្តេចតេជោ បានថ្លែងថា ប្រទេសខ្លះរកស៊ីជាមួយចិនយ៉ាងច្រើនជាងកម្ពុជា តែគេមិនមានបញ្ហាអ្វី។ ដណ្តើមវិនិយោគចិនទៅប្រទេសគេច្រើនណាស់ តែអត់មានបញ្ហា បែរកម្ពុជាមានបញ្ហាទៅវិញ។

* សម្តេចតេជោ បានពន្យល់ថា ហេតុអ្វីបានជាមានវត្តមានកម្មករ និងអ្នកបច្ចេកទេសច្រើននៅតាមការដ្ឋានសំណង់ គឺដោយសារកម្ពុជាមិនអាចផ្គត់ផ្គង់កម្មករ និងបច្ចេកទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនមិនចង់យកកម្មករ និងអ្នកបច្ចេកទេសមកធ្វើការនោះទេ តែដោយសារតែកម្ពុជាខ្វះកម្មករ និងអ្នកបច្ចេកទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចាប់ផ្តើមត្រៀមរៀបចំថវិកាទុកបម្រុងសម្រាប់ការចំណាយក្នុងពេលធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ហើយ ដោយបានចាប់ផ្តើមកាត់ប្រាក់ទុកជាបណ្តើរៗហើយ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការទទួលស្វាគមន៍វត្តមានកីឡាករ កីឡាការិនីបរទេសឱ្យបានដិតដល់មិនត្រូវឱ្យគេចេញទៅវិញ មានការរិះគន់ថា កម្ពុជាទទួលមិនបានដិតដល់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មូលហេតុដែលត្រូវជ្រើសរើសថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដោយសារមានការងារមមាញឹកច្រើន ក្នុងការរៀបចំការបោះឆ្នោត និងខួប៦០ឆ្នាំ នៃបុណ្យឯករាជ្យ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការពារទុកជាមុនផងដែរ កុំឱ្យមានការអត្ថាធិប្បាយថា រៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមមុនការបោះឆ្នោត ដើម្បីទាញប្រជាប្រិយភាព។

* សម្តេចតេជោ បានណែនាំថា ទោះមិនបានឈ្នះមេដាយក៏ដោយ ក៏មិនត្រូវធ្វើឱ្យខូចកិត្តិយសរបស់កម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំបរទេសសរុបជិត ៦០រូប ក្នុងនោះមកពីអឺរ៉ុប២៨រូប អាស៊ី ៣៩រូប បូករួមទាំងប្រធានគណៈកម្មការ និងប្រធានក្រុមប្រឹក្សាអឺរ៉ុបផង ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅកម្ពុជា ឆ្នាំ២០២០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ នឹងធ្វើតែនៅរាជធានីភ្នំពេញមួយប៉ុណ្ណោះ មិនមានរៀបចំនៅសៀមរាប និងព្រះសីហនុនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានប្រកាសថា បើប្រជាពលរដ្ឋមានចំណូលមិនលើសពី១ពាន់ដុល្លារឡើងទេ សម្តេចមិនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកលើកឡើងថា មានមូលដ្ឋានទ័ពចិននៅសមុទ្ររាមមានចេតនាអ្វីឱ្យពិតប្រាកដ? សម្តេចតេជោ បានលើកឡើថា មុនឆ្នាំ១៩៧០ គេបាននិយាយពីវត្តមានកងទ័ពវៀតណាម នៅលើដីកម្ពុជា ក្រោយមកធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ។ គេចោទអ៉ីរ៉ាក់ថា មានអាវុធប្រល័យលោក តែចុងក្រោយអាវុធប្រល័យលោកនៅណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបសម្រេចផ្តល់ថវិកា៤០លានដុល្លារបន្ថែម លើ២៩០លានដុល្លារកាលពីលើកមុន ដើម្បីទិញអាវុធពីចិន ដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ​លើកឡើងអំពីការចាប់ខ្លួនមន្រ្តីសុរិយោដី៣នាក់ នៅខេត្តពោធិ័សាត់ ដោយសារប្រព្រឹត្តអំពើពុករលួយ ទារលុយពីម្ចាស់សំណង់១០ម៉ឺនដុល្លារ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងខែកក្កដានេះ កម្ពុជាទទួលបានចំណូលពីគយ និងពន្ធដារ សរុបប្រមាណ ៥០០លានដុល្លារអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៩នេះ អាចមានក្នុងរង្វង់ប្រមាណ ៧.១ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនមែនជារាជរដ្ឋាភិបាលអត់មាយាទនោះទេ ហើយថវិកាមិនមែនមានតែតួលេខនោះឡើយ គឺមានសាច់ប្រាក់ពិតប្រាកដ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឱ្យបរិភោគសាច់ជ្រូកកុំបារម្ភពីបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក។ សម្តេចតេជោ បានថ្លែងថា សម្តេចក៏ពិសារសាច់ជ្រូកផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានព្រមានអ្នកប្រើហ្វេសប៊ុកឈ្មោះថា «សូរ សមយុទ្ធ» ឈ្មោះពិត «ឃន» ឱ្យឈប់ហៅសម្តេចក្រឡាហោម ស ខេង «អាត្នោត» និងហៅសម្តេចថា «អាមួយហ្នឹង»

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមអ្នកធ្វើនយោបាយរង់ចាំសម្តេចស្លាប់នោះឱ្យឈប់ទៅ ព្រោះសម្តេចត្រូវរស់នៅកម្ចាត់ក្រុមក្បត់ជាតិ រក្សាសន្តិភាព ៤០ឆ្នាំទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្វើនយោបាយរង់ចាំសម្តេចស្លាប់ គឺជាការធ្វើនយោបាយសំសាកបំផុត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានច្បាប់ជាច្រើនដែលអាមេរិកបានរៀបចំច្បាប់ដាក់ទណ្ឌកម្មលើ​វៀត​ណាម នាពេលកន្លងមក ប៉ុន្តែមិនដែលបានអនុម័តដាក់លើវៀតណាមឡើយ​។ សម្តេចតេជោបានបញ្ជាក់ ប្រសិនច្បាប់អាមេរិកបានអនុម័តដាក់ទណ្ឌកម្មលើកម្ពុជាមែន យើងមិនខ្វល់នោះទេ គ្មានអ្វីប៉ះពាល់ដល់កម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យនេះបងប្អូនពលរដ្ឋខ្មែរ នាំយកលុយមករកស៊ីនៅស្រុកខ្មែរ មិនមែនដូចសម័យមុនយកលុយទៅក្រៅនោះទេ

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមិនជឿថារដ្ឋបាល ដូណាល់ ត្រាំ នឹងរុញឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឲ្យមានបញ្ហានោះទេ

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើមានទ្រព្យសម្បត្តិរបស់មន្រ្តីរបស់កម្ពុជា និងកូនៗរបស់សម្តេច ដែលមាននៅអាមេរិក សុំឲ្យរដ្ឋបាលអាមេរិកប្រញាប់ដកចេញទៅ កុំចាំយូរអី

* សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ជាថ្មីថា ទោះបីអ្នកណាចង់មក ឬមិនចង់មក គ្មានទៅឈឺក្បាលនោះទេ មានអ្នកទោសប៉ុន្មាននាក់ចាប់តែប៉ុណ្ណឹង​ ទោះមកជាង១០០នាក់ក៏ដោយ ចាប់តែអ្នកមានទោសទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា​ កម្ពុជាមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងប្រទេសថៃ ឬវៀតណាមនោះទេ ហើយនាយករដ្ឋមន្រ្តីប្រទេសថៃ ក៏ប្រកាសហើយដែរថា មិនឲ្យយកប្រទេសរបស់ខ្លួនប្រឆាំងប្រទេសកម្ពុជានោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសរសើរថា វិដេអូអប់រំ អ៊ុយគុយទាវ ដែលកំពុងចាក់ផ្សាយនៅតាមទូរទស្សន៍ Fresh News គឺជាវិដេអូអប់រំមួយដ៏ល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋចូលរួមនាំគ្នាអនាម័យក្នុងសង្គមកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាឲ្យឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ពិនិត្យមើលបញ្ហាសំណង់ឲ្យបានដិតដល់ ជៀសវាងបញ្ហាកើតឡើងបាក់អាគារដូចនៅខេត្តព្រះសីហនុ

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងសំណេះសំណាលនៅវេលាម៉ោង១០៖០៧នាទី ព្រឹកថ្ងៃដដែល៕



















ពិធីបិទព្រឹត្តិការណ៍កីឡាប្រណាំងទូកនាគ ពានរង្វាន់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ភូមិភាគវាលរាបលើកទី១ តាមដងទន្លេវៃគោ

ស្វាយរៀង៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍កីឡាប្រណាំងទូកនាគ ពានរង្វាន់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ភូមិភាគវាលរាបលើកទី១ ឆ្នាំ២០១៩ នៅតាមដងទន្លៃវ៉ៃគោ ក្រុងស្វាយរៀង ស្ថិតក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាតំណាងលោកឧបនាយករដ្ឋមន្រ្តី ស ខេង។
អញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតនោះរួមមានអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈប្រតិភូក្រសួងពាណិជ្ជកម្ម គណប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា តំណាងកងកម្លាំងទាំងបីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្តលោកអភិបាលក្រុង-ស្រុក ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករស្ថិតក្រោមទិដ្ឋភាពសប្បាយរីករាយ។
មានប្រសាសន៍ទៅកាន់ពិធីបិទការប្រកួតលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងអំពីវឌ្ឍនភាពការងារដែលរដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យ និងថ្លែងនូវការអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់រៀបចំ និងការថែរក្សាសន្តិសុខសុវត្ថិភាពក្នុងថ្ងៃប្រណាំងទូករយះពេល២ថ្ងៃកន្លងមកនេះទទួលលទ្ធផលល្អ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានសហការជាមួយអាជ្ញាធរខេត្ត រៀបចំកម្មវិធីប្រកួតកីឡាខាងលើ និងវគ្គបណ្តុះបណ្តាលជំនាញប្រណាំងទូកប្រពៃណី «ទូកនាគ» ទូកកានូ-កាយ៉ាក់ ប្រកបដោយជោគជ័យ។ លោក បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលផ្នែកសង្គមនិងវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ នៅក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបច្ច័យនាំឱ្យកម្ពុជា ទទួលបានការកោតសរសើរ និងទំនុកចិត្តខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣ ខាងមុខ។
លោក ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍មួយចំនួនផងដែរដល់សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាដូចជា៖
១. ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនីនៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ ទូករ៉ូអ៊ីងទូទាំងប្រទេស។
២. ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ជាអាទិ៍សមាគមកីឡាទូករាជធានី/ខេត្ត និងក្រសួង/ស្ថាប័នចាំបាច់ត្រូវមានទូកប្រចាំសមាគមដើម្បីងាយស្រួលហ្វឹកហាត់និងចូលរួមប្រកួតថ្នាក់ភូមិភាគ និងថ្នាក់ជាតិ ព្រោះកីឡាទូកទាំងបីប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យចូលរួមប្រកួតនៅក្នុងកីឡាជាតិ លើកទី៣ (3rd National Games) ចាប់ពីឆ្នាំ២០២០ តទៅ។
៣. ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមឱ្យកាន់តែប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការ រៀបចំការប្រកួតបាននៅគ្រប់កម្រិត។
៤. ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងការប្រកួតឱ្យបានច្រើននៅតាមបណ្តាសមាគមទូទាំងប្រទេស។

៦. ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ក្លឹប និងសមាគម ហើយត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភ ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំឱ្យបានច្រើនតាមដែលអាចធ្វើបាន៕





នៅកម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ពិសេសតំបន់មាត់សមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង!

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនទៅតាមតំបន់។ ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ពិសេសនៅតាមមាត់សមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង បង្កឲ្យមានជារលកធំៗ។ ចំពោះស្ថានភាពទឹកទន្លេ ក៏ចាប់បន្តងើបឡើងផងដែរ៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជូនគ្រួសារសពលោកស្រី ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជូនចំពោះគ្រួសារសពលោកស្រី ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងសារលិខិតនោះដែរបានចាត់ទុកមរណភាពរបស់លោកស្រី ស៊ឹង ស៊ីយុត គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូបដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីចូលរួមចំណែកស្តារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានបួងសួងឲ្យវិញ្ញាណក្ខន្ធលោកស្រី ស៊ឹង ស៊ីយុត បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកស្រី ស៊ឹង ស៊ីយុត បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ នាវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។ សពលោកស្រី ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបូជាសព ប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៨៖៣០ព្រឹក នៅទីវាលមុចវត្តបុទុមវតី៕

ប្រជាពលរដ្ឋ ២៨០១នាក់ បានមកទទួលសេវាពិនិត្យ និ ងព្យាបាលដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបស់លោក ស សុខា

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ២៨០១នាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ស សុខា ដែលមានលោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន ប្រធានកិត្តយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយ មានជ័យ បានដឹកនាំ និងរៀបចំដើម្បីធ្វើការពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ដល់ពុកម៉ែបងប្អូនប្រជា ពលរដ្ឋ នៅវិទ្យាល័យបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយមានការអញ្ជើញចូលរួមពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងភរិយា លោក អ៊ុ រាត្រី អភិបាលខេត្ត និងភរិយា ព្រមទាំងមានការចូលពីថ្នាក់ដឹកនាំខេត្ត ស្រុក និងក្រុមការងារយុវជនសសយក ពេញ១ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ។

ជាលទ្ធផលនៃការពិនិត្យព្យាបាលជម្ងឺរួមមាន៖ ផ្នែកជំងឺទូទៅ ១៦៥០នាក់ ផ្នែកកុមារ ៤៣នាក់ ផ្នែកធ្មេញ ២៥៧ នាក់ ផ្នែកវះកាត់តូច ៣៧នាក់ ផ្នែកអេកូ ១០៥នាក់ និងផ្នែករោគស្រ្តី រោគស្ត្រី ៣១៣នាក់៕