Sunday, May 10, 2015

គណៈប្រតិភូធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន វាយតំលៃខ្ពស់ចំពោះស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចកម្ពុជា



គណៈប្រតិភូក្រុមធុរៈកិច្ច​សហរដ្ឋអាមេរិក​-អាស៊ាន កោតសរសើរ ​​ពីប្រសិទ្ធិភាពការងារ​ របស់ រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការដឹកនាំប្រទេស ​ជាពិសេសការរក្សា​បាននូវស្ថិរភាព នយោបាយ ​រួមទាំងស្ថិរភាព​សេដ្ឋកិច្ចជាតិ ​ដែលបានរួមចំណែក​យ៉ាងសំខាន់ ​ដល់ការ ធ្វើអាជីវកម្ម​នៃបណ្តាក្រុមហ៊ុនធំៗ​ របស់សហរដ្ឋអាមេរិក​ ដែលកំពុងធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេសកម្ពុជា​។

ការវាយតំលៃខ្ពស់​អំពីស្ថានភាពល្អប្រសើរ​ និងលំនឹងនៃស្ថិរភាព​ជាតិរបស់ ​គណៈ ប្រតិភូក្រុមធុរៈ កិច្ច​សហរដ្ឋអាមេរិក-អាស៊ាន​ បានធ្វើឡើងនៅ​ក្នុងជំនួបសំដែង​ការគួរសម ​និង​ពិភាក្សាការងារ ​នារសៀលថ្ងៃទី ​០៨​ ខែឧសភា​ ឆ្នាំ ២០១៥ ​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី រវាងឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីទទួល​បន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី ​និងគណៈប្រតិភូ​ក្រុមធុរៈកិច្ចសហរដ្ឋ​អាមេរិក-អាស៊ាន ​ដែលដឹកនាំដោយ លោកស្រី Kathy Samtillo ​នាយកគ្រប់គ្រង​ប្រចាំតំបន់អាស៊ាន។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ​បានស្វាគមន៍យ៉ាងកក់ក្តៅ​ ដល់ក្រុមគណៈ ប្រតិភូធុរៈកិច្ច ​សហរដ្ឋអាមេរិក-អាស៊ាន​ ជាមួយគ្នានោះ​ ក្រុមគណៈប្រតិភូក៏​បានជម្រាបជូន អំពីសារៈសំខាន់​នៃការខិតខំប្រឹងប្រែង​ រវាងគណៈប្រតិភូក្រុម​ប្រឹក្សាធូរៈកិច្ច​សហរដ្ឋអាមេរិក-​អាស៊ាន ​និងរាជរដ្ឋា ភិបាល​កម្ពុជា​ ដែលបានខិតខំ​ធ្វើកន្លងមក។ 

គួរបញ្ជាក់ថា​ ក្នុងចំណោម​គណៈប្រតិភូ​ទាំងអស់​ មានគណៈប្រតិភូ​ដែលមកពីក្រុមហ៊ុន ​អាមេរិកធំៗ ​មានដូចជា Visa ,​ GD , Big Belt​ ដែលជា​ក្រុមហ៊ុនធំនៅ​សហរដ្ឋអាមេរិក ដែលបាន​ធ្វើទស្សនៈកិច្ច​ជាលើកទី១នៅ​កម្ពុជា ​ ហើយបានកត់សំគាល់​ឃើញថា ​ការរក្សាបាន ​នូវស្ថិរភាពជាតិ​ របស់រាជរដ្ឋាភិបាលកម្ពុជា​ គឺបានផ្តល់នូវការ​ទុកចិត្តនៃការបណ្តាក់​ទុន របស់អ្នក​វិនិយោគ​អាមេរិកនៅកម្ពុជា​។ 

 ឯកឧត្តមបណ្ឌិត​ សុខ ​អាន ​ក៏បានជម្រាបទៅកាន់​គណៈប្រតិភូធុរៈកិច្ច​ សហរដ្ឋ អាមេរិក-​អាស៊ាន ​ពីសន្តានុពល​ដែលកើតចេញ​ពីប្រភពទេសចរ ​ដោយឯកឧត្តមឧ​បនាយក រដ្ឋមន្ត្រី ​បានជម្រាបជូន​ថាកំណើនទេសចរ​មកកាន់កម្ពុជាមាន​កំណើនច្រើន​ ឧទាហរណ៍ ជាក់ស្តែង ​គឺនៅឆ្នាំ១៩៩៣​យើងមានតែ១០ម៉ឺននាក់​ទេក្នុងមួយឆ្នាំ ​ហើយនៅឆ្នាំ២០០៣ឡើង ទៅដល់ជិត ​៧០០ពាន់នាក់​ ជាមួយគ្នានេះ​ នៅឆ្នាំ២០១៣​គឺឡើងដល់៤,២លាននាក់ ​និងនៅ ឆ្នាំ២០១៤​ ឡើងដល់ ៤,៥លាននាក់ ​ដែលចូលមកធ្វើ​ទស្សនៈកិច្ចនៅកម្ពុជា ​ហើយក្នុង ឆ្នាំ២០១៥នេះ​ ចំនួនភ្ញៀវ ទេសចរ ​តាមការព្យាករណ៍​គឺអាចឡើងដល់១០%​នៃឆ្នាំ២០១៤។ 

ជាមួយគ្នាដែរ ​ឯកឧត្តម ​បណ្ឌិត សុខ អាន​ ក៏បានជម្រាបជូន​ទៅកាន់ក្រុមគណៈ​ ប្រតិភូថា ​នៅអាទិត្យក្រោយនេះ ​កម្ពុជានឹងទទួលបាន​ពីសហរដ្ឋអាមេរិកមកវិញ​ នូវរូបចម្លាក់ មួយហៅថា ​ហនុមាន្ត​ ដែលនឹងធ្វើមាតុភូមិនិវត្តន៍​ វិលត្រឡប់មកកាន់​ប្រទេសកំណើតវិញ បន្ទាប់ពីបានបាត់​ក្នុងសម័យសង្គ្រាម​កាលពីពេលកន្លងទៅនោះ​ ហើយកម្ពុជានឹងរៀបចំពិធី ទទួលធំមួយនៅ​ទីស្តីការគណៈរដ្ឋមន្ត្រី។ 

សរុបមក​ គឺគណៈប្រតិភូធុរៈកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន​ ដែលត្រូវបាន​ឯកឧត្តម បណ្ឌិត ​សុខ អាន ​អនុញ្ញាត​ឲ្យចូលជួបសំដែងការគួរសម​ និងពិភាក្សាការងារ​ គឺបាន វាយតំលៃខ្ពស់ទី១​ ពីស្ថិរភាពជាតិ,​ ទី២ កំណើនសេដ្ឋកិច្ច ​និងទី៣ ឱកាសបណ្តាក់ទុន នៅកម្ពុជា។​ នៅចុងក្រោយក្រុម​គណៈប្រតិភូ ​ក៏បានលើកឡើងផងដែរ​អំពីច្បាប់ ពាក់ព័ន្ធនិង ការធ្វើកំណែ​ទម្រង់ប្រព័ន្ធ​យុត្តិធម៌នៅកម្ពុជា​ ហើយជាពិសេសច្បាប់ថ្មី ​គឺច្បាប់អង្គការក្រៅ រដ្ឋាភិបាល ​ដែលជាធាតុសំខាន់មួយ​ ផ្តល់ការទុកចិត្តបន្ថែមទៀតដល់​ អ្នកបណ្តាក់ទុន នៃក្រុមធុរៈកិច្ច​សហរដ្ឋអាមរិក-អាស៊ាន។​ ក្រុមធុរៈកិច្ចជើងចាស់​ដែលកំពុងតែដំណើរការ អាជីវកម្មរបស់​ខ្លួននៅកម្ពុជា ​ក៏បានថ្លែងអំណរគុណ​ដល់រាជរដ្ឋាភិបាលកម្ពុជា​ ដែលបាន បង្កនូវភាពងាយ​ស្រួលក្នុងកិច្ចសហការ ​កិច្ចប្រតិបត្តិការ ​និងបានជួយសំរួល​កិច្ចការងារ របស់ក្រុមធុរៈកិច្ច​សហរដ្ឋ អាមេរិក​-អាស៊ាន​នេះកន្លងមក៕
អត្ថបទ៖ ច័ន្ទ ទេវី