Monday, February 13, 2017

គណៈអចិន្រ្តៃយ៍រដ្ឋសភា ប្រជុំពិនិត្យ និងអនុម័តសំណើសុំធ្វើវិសោធនកម្មច្បាប់ចំនួនពីរ

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៧នេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តទទួលយកសំណើសុំធ្វើវិសោធនកម្មច្បាប់ចំនួនពីរ។

សេចក្តីស្នើវិសោធនកម្មច្បាប់ទាំងពីរដែលគណៈកម្មាធិការអចិន្រ្តៃយ៍បានអនុម័តទទួលយកមកសិក្សានេះ រួមមាន ទី១គឺ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិ និងទី២ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ។

សេចក្តីស្នើវិសោធនកម្មច្បាប់ទាំងពីរនេះ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យនិងសិក្សា ដោយសហការ ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញពីលទ្ធផល៕




ក្រសួង​អប់រំ ប្រកាស​ឱ្យប្រើប្រាស់​ជាផ្លូវការនូវ​ប្រព័ន្ធសិក្សា​ពីចម្ងាយ​លើមុខ​វិជ្ជា៤ សម្រាប់​សិស្សថ្នាក់ទី១២

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning Management System) ដែលអនុញ្ញាតឱ្យសិស្សានុសិស្សថ្នាក់ទី១២ ប្រើប្រាស់ពេលវេលាទំនេរពីការសិក្សាក្នុងថ្នាក់ ដើម្បីឆ្លើយសំណួរ ឬធ្វើលំហាត់ តាមប្រព័ន្ធអនឡាញ ។
ថ្លែងក្នុងពិធីសម្ពោធប្រព័ន្ធនេះ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធនេះនឹងជួយពង្រឹង សមត្ថភាពរបស់សិស្សានុសិស្ស មួយកម្រិតថែមទៀត លើចំណេះដឹងដែលទទួលបានពីលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់រៀន។ ក្រៅពីនោះ ក៏អាចជួយឱ្យសិស្សានុសិស្ស រៀនធ្វើលំហាត់ នៅពេលទំនេរ និងជួយពង្រឹងសមត្ថភាពនៅពេលត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។
រដ្ឋមន្រ្តីក្រសួងអប់រំ បានបន្ថែមទៀតថា ប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយនេះ នឹងជួយដល់សិស្សានុសិស្ស អាចទទួលបានកម្រងសំណួរ ប្រភេទលំហាត់ ដែលអាចរៀនត្រៀម ហើយក៏មាននូវការផ្សព្វផ្សាយអត្ថបទសង្ខេប ហើយក្នុងពេលឆាប់ៗនេះក្រសួងក៏នឹងបង្កើត ឱ្យមានលើមុខវិជ្ជាប្រវត្ថិវិទ្យាបន្ថែមទៀតផងដែរ។
លោក ហង់ ជួនណារ៉ុន បន្តថា ប្រព័ន្ធអនឡាញ (On-line) ដោយអាចប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន Tablet ឬកុំព្យូទ័រ ក៏អាចជួយបន្ថែម ទៅដល់សិស្សថ្នាក់ទី១០ និងទី១១ ឱ្យសិស្សានិសិស្ស ចូលរៀនត្រៀមសមត្ថភាពទុកជាមុនទៅតាម លទ្ធភាព របស់ខ្លួន។
សូមជម្រាបផងដែរថា សិស្សានុសិស្ស អាចអនុវត្តកម្មវិធីនេះ បានតាមរយៈតំណភ្ជាប់ នៅលើគេហទំព័រក្រសួង ដែលមានអាស័យដ្ឋាន http://bacii.moeys.gov.kh៕




មេធា​វីលោក ហ៊ុន សែន៖ ពាក្សប្តឹង​លោក គឹម សុខ ទាមទារសំណងកន្លះលានដុល្លារ ដាក់ចូលដល់តុលាការរួចរាល់ហើយនៅថ្ងៃនេះ

ភ្នំពេញ៖ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចចិត្តទាមទារសំណងជំងឺចិត្តពីលោក គឹម សុខ ដែលបានចោទប្រកាន់ថា «គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី» ចំនួនកន្លះលានដុល្លារ ឬ២០០០លានរៀល។
នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេ ក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ការប្តឹងលោក គឹម សុខ ទាមទារសំណងកន្លះលានដុល្លារ ហើយស្នើសមត្ថកិច្ចតាមដានឱ្យជាប់ កុំឱ្យរត់គេចខ្លួន។
លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ជាឃាតកសម្លាប់លោក កែម ឡី គឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមកលើគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន បានប្រាប់ទៅលោក គឹម សុខ កុំឱ្យចោទប្រកាន់លោកថា ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចោទប្រកាន់ឱ្យសោះ។ លោកបានបញ្ជាក់ថា បើមិនប៉ះពាល់ និងចោទប្រកាន់ ក៏មិនមានអ្នកប៉ះពាល់នោះដែរ។
លោក គី តិច បានថ្លែងថា ពាក្យបណ្តឹងប្តឹងលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលបាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរី ចោទប្រកាន់ថា «គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី» បានចូលជាផ្លូវការទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោកមេធាវី គី តិច បានបញ្ជាក់ថា «ពាក្យបណ្តឹងលោក គឹម សុខ នេះ សម្តេចតេជោ ហ៊ុន សែន ប្តឹងទាមទារ២០០០លានរៀល សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាបានប្រគល់សិទ្ធពេញលេញ ជូនខ្ញុំដើម្បីដាក់ពាក្យបណ្តឹងលោក គឹម សុខ អ្នកវិភាគ ដែលបាននិយាយ នៅក្នុងវេទិកាវិទ្យុអាស៊ីសេរី ដោយចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី។ ពាក្យបណ្តឹងបានដាក់ចូល ទៅកាន់សាលាដំបូង រាជធានីភ្នំពេញរួចរាល់ហើយនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ»។
នៅក្នុងពាក្យបណ្តឹងបានសរសេរថា៖ «វេទិកាដែលរៀបចំឡើងដោយវិទ្យុអាស៊ីសេរីខាងលើនេះ ត្រូវបានធ្វើការផ្សព្វផ្សាយជាសាធារណៈ។ ឆ្លៀតក្នុងឱកាសនេះ វាគ្មិនឈ្មោះ គឹម សុខ ពិតជាបានប្រព្រឹត្តអំពើដោយចេតនានេះឡើង ក្នុងគោលបំណងចោទប្រកាន់ មូលបង្កាច់ និងទម្លាក់កំហុសយ៉ាងងងឹតងងុលទៅលើ គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។ អំពើនេះពិតជាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្តិស័ព្ទ និងភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានបញ្ជាក់អំពីចេតនាទុច្ចរិតបង្កជាការញុះញង់បំផុសបំផុល បញ្ឆេះកំហឹងដល់មហាជន ដែលអាចឱ្យកើតមានចលាចលធ្ងន់ធ្ងរក្នុងសង្គមទាំងមូល»។
លោក គី តិច បានបញ្ជាក់ទៀតថា ក្នុងនាមមេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំប្តឹងដូចខាងក្រោម ទី១-សុំឱ្យតុលាការផ្តន្ទាទោសលើឈ្មោះ គឹម សុខ តាមផ្លូវច្បាប់ ទី២-ទាមទារឲ្យឈ្មោះ គឹម សុខ សងសំណងជំងឺចិត្តជូនដល់គណបក្សប្រជាជនកម្ពុជា ចំនួន២០០០លានរៀល៕



រដ្ឋសភាសម្រេចបញ្ជូនសំណើសុំធ្វើ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ទៅកាន់គណៈកម្មការនីតិកម្ម និងយុត្តិធម៌

ភ្នំពេញ៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋសភា បានសម្រេចបញ្ជូនសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ទៅកាន់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដែលដឹកនាំដោយ លោក ប៉ែន បញ្ញា ត្រួតពិនិត្យ មុននឹងដាក់ចូលសភាពេញអង្គបោះឆ្នោតអនុម័ត។ នេះបើតាម លោក ឈាង វុន ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេស។
លោក ឈាង វុន បានបញ្ជាក់ថា វិសោធនកម្មច្បាប់នេះ មានបន្ថែម ចំណុចសំខាន់ៗ ជាច្រើន ដើម្បីធានាដល់​លទ្ធិប្រជាធិបតេយ្យ ធានារាជបល្ល័ង្ក និងធានាកុំឱ្យអ្នកទោសណាម្នាក់មកធ្វើនយោបាយនៅកម្ពុជាបាន។ លោកបានបន្ថែមថា អ្នកទោសដែលមិនអាចធ្វើនយោបាយបាន គឺស្ថិតនៅក្នុងទោសមជ្ឈឹម និងឧក្រិដ្ឋ។
សូមបញ្ជាក់ថា នៅវេលាម៉ោង៩:០០នាទីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋសភាបានបើកកិច្ចប្រជុំ​គណៈកម្មាធិការអចិន្រ្តៃយ៍មួយ ដើម្បីពិនិត្យមើលសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានតំណាង​គណៈកម្មការទាំង១០នៃរដ្ឋសភាចូលរួម ក្នុងនោះក៏មានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិផងដែរ។
សំណើសុំធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ ដែលរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាចំនួន៦០រូប បានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយក្នុង នោះច្បាប់ថ្មីនេះនិងមិនអនុញ្ញាតឱ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឱ្យ ធ្វើសកម្មភាពនយោបាយថែមទៀត៕



លោក ហ៊ុន សែន ប្រកាសប្តឹងអ្នកវិភាគទុច្ចរិតមួយរូប

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហើបឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ​ ថា នឹងប្តឹងអ្នកវិភាគមួយរូប​ដែលតែងតែបញ្ចេញវោហាសាស្រ្តរិះគន់វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាលដោយមិនផ្អែកលើការពិត ដែលអ្នកវិភាគរូបនោះ បានចោទមួលបង្កាច់ថា​គណ​បក្ស​ប្រជាជនជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។ ​
 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកបានសម្រេចចិត្តប្តឹងអ្នកវិភាគរូបនោះ ដោយទាមទារសំណង៥សែន ដុល្លារអាមេរិក។ លោក ហ៊ុន សែន ក៏បានលើកឡើងថា ការ​ចោទ​នេះ គឺធ្វើឱ្យប៉ះពាល់​ដល់​កិត្តិ​យស​​របស់គណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង ហើយ​គណបក្សប្រជាជន មិនទទួល​បានផល​ចំណេញ​​អ្វីឡើយពីសោកនាដកម្ម​នេះនៅពេល​ដែល​ខ្លួនកំពុងកាន់អំណាច។
 ពាក់ព័ន្ធនឹងការចោទប្រកាន់ត្រូវតែប្រឈមនឹងផ្លូវច្បាប់ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ទៅលើការពង្រឹងនីតិរដ្ឋដែលជាកត្តាចាំបាច់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាផលប្រយោជន៍រួមរបស់​ប្រជាជនកម្ពុជា​ទាំងមូលផងដែរ
 លោក ហ៊ុន សែន បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដែលមានប្រវែង ៤១៥ម៉ែត្រ ដែលចំណាយអស់ថវិកាជិត២០​លានដុល្លារ មានទីតាំងនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល





Facebook សី ហា៖ សម រង្ស៊ី ភ័យឡើងបែកប្រមាត់!

នៅថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក ឈ្មោះ «សី ហា» បានបន្ត​បង្ហោះ​ផ្សាយ​នូវអត្ថបទវិភាគដែលដាក់ចំណងជើងថា «សម រង្ស៊ី ភ័យឡើងបែកប្រមាត់!» ដែលមានខ្លឹម​សារដូចតទៅ៖
សម រង្ស៊ី ត្រូវបានបំភ័យថា គណបក្សរបស់លោកត្រូវរំលាយ បើប្រធានបក្សជាអ្នកមានទោសដូចរូបលោក ដូចនេះ ត្រូវលាលែងអោយបានមុនច្បាប់ចេញ!
អ្នកណាថា ? អត់ទេ! គាត់ និយាយតែខ្លួនឯង ហើយគាត់អះអាងថា រឿងនេះ គាត់គិតតែខ្លួនឯង គ្មានអ្នកណាដាក់សំពាធទេ! អ្នកនយោបាយខ្ជីខ្ជាររូបនេះ និយាយដោយទាំងមិនទាន់ដឹងថា សេចក្តីព្រាងច្បាប់មានខ្លឹមសារដូចម្តេចផង កុំថាឡើយរង់ចាំមើលច្បាប់អោយច្បាស់សិន មុនសម្រេចចិត្ត!
អ្នកនយោបាយក្នុងស្រុកខ្មែរ នាំគ្នាឈូឆរវិភាគអំពីមូលហេតុដែល សម រង្ស៊ី លាលែងមុនច្បាប់ ក្រែងលោមានបង្កប់ នូវល្បិចកល ឬយុទ្ធសាស្រ្តនយោបាយអ្វី ដោយគិតថា អ្នកនយោ​បាយចាញ់ចាស់វស្សារូបនេះ មានល្បិចកលនយោបាយច្រើន។ តែដល់ពេលឥឡូវ ទើបដឹងថា រាក់កំផែល! សម រង្ស៊ី ថា សុខចិត្តលាលែងតំណែងប្រធានបក្ស ដើម្បីកុំអោយបក្សរលាយ ហើយ​​ពន្យល់ថា បើបក្សត្រូវបានរំលាយ មិនអាចចូលរួមបោះឆ្នោតបានទេ! ស្តាប់ទៅឧត្តមគតិខ្ពង់ខ្ពស់ត្រដែតត្រចះត្រចង់ណាស់សម្រាប់បក្សប្រឆាំង ហើយបើបានជាខ្ពង់ខ្ពស់ដូចនេះ ហើយ សម រង្ស៊ី ឆ្លៀតបន្ថែមអោយចំណេញ បានច្រើនទៀតថា សុខចិត្តស្លាប់ជីវិត កុំអោយតែស្លាប់ជាតិ! បោកហើយ បោកទៀត! ផេះមែន! ចូលគុកមិនហ៊ានផង ម៉េចហ៊ានស្លាប់ជីវិត!
អ្នកនយោបាយក្នុងស្រុកដែលយល់ សភាពការណ៍នយោបាយខ្មែរ បាន នាំគ្នាគិតថា បើការលាលែងនេះ ធ្វើឡើងដោយសារច្បាប់បង្ខំ ក្រោយច្បាប់ចេញ នោះក្រសែភ្នែកនឹងបាញ់ឆ្ពោះ និងដាក់ការទទួលខុសត្រូវមកលើគណបក្សកាន់អំណាច។ មិនទាន់ដឹងថាច្បាប់មានខ្លឹមសារយ៉ាងម៉េចផង ក៏លាលែងបាត់! គេថា ភ័យឡើងបែកប្រមាត់! ហើយមិនដឹងថា អ្នកណាបំភ័យទៅទៀត ដោយបំប៉ោងខ្លឹមសារច្បាប់ដូចនេះ ឬមួយក៏ជាក្រុមលោក កឹម សុខា? បើដូចនេះមែន លោក សម រង្ស៊ី អត់គូថខោមិនខាន ដោយសារឥឡូវ អំណាចមូលក្នុងដៃ! ចុះបើខ្លឹមសារច្បាប់ មិនដូចអ្វីដែល លោក សម រង្ស៊ី បានលើកឡើង ពិសេស មិនចែងអំពីការរំលាយបក្ស ដោយសារប្រធានមានទោស ដោយគ្រាន់តែចែងថា ប្រធានបក្សបាត់បង់តំណែង ដោយសារ មានទោសជាប់ខ្លួន ហើយបក្សមិនរំលាយទៅតាមដោយ ស្វ័យប្រវត្តិ ដោយសារប្រធានបក្សជាប់ទោសនោះទេ! ដូចនេះ មូលហេតុ នៃការលាលែងនាពេលនេះរបស់លោក សម រង្ស៊ី គឺជាការលាលែងដែលគ្មានន័យអ្វីសោះ ជាការលាលែងមួយដ៏ឆោតល្ងង់នយោបាយ ដែលជាសំណើចចំអកនៃព្រហ្មលិខិត សម្រាប់អ្នកនយោបាយភ្នែកមាន់ស្ងោរមួយនេះ!
បើគ្រប់គ្នាដឹងថា មូលហេតុនៃការលាលែងរបស់ សម រង្ស៊ី ជា មូលហេតុខ្ជីខ្ជារ ជាមូលហេតុចេញពីការភ័យបែកប្រមាត់ ហើយជាវីរៈភាពក្នុងក្អមទៅវិញ មិនដឹងថា អ្នកនយោបាយដ៏ល្បីល្បាញដូច គង់ ហ៊ាន រូបនេះ យកមុខទៅលាក់ ទុកនៅទីណាទេ! ដូចគេថា មេទ័ពមិនទាន់ឡើងសមរភូមិផង ចុះចាញ់បាត់ទៅហើយដោយសារការ បំភ័យ ដែលជាផ្នែកមួយនៃសង្រ្គាមផ្នែកចិត្តសាស្រ្ត! មានអ្នកនយោបាយចាញ់មុនប្រយុទ្ធដូចនេះច្រើនក៏ល្អ ដើម្បីកុំអោយខ្មែរបែកបាក់ ដើម្បីកុំអោយនគរច្របូកច្របល់!
ដោយ៖ សាស្ត្រាចារ្យ វិទ្យាសាស្ត្រសង្គមនៅខេត្តកំពង់ចាម

លោក សុខ ឥសាន៖ ការអនុវត្តអំណាចនៅក្នុងប្រទេសប្រជាធិបតេយ្យ

ភ្នំពេញ៖​​​​​​ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា    សហរដ្ឋអាមេរិក គឺជាប្រទេសមហាប្រជាធិបតេយ្យនៅលើពិភពលោក ។ បញ្ហាសំខាន់ដែលគួរចាប់អារម្មណ៏នៅក្នុងប្រទេសប្រជាធិបតេយ្យ តួយ៉ាង សហរដ្ឋអាមេរិកនោះ គឺនៅក្នុងអំណាចរបស់លោកប្រធាធិបតី អូបាម៉ា លោកបានសំរេចបញ្ហាមួយចំនួនធំ ដែលជាសិទ្ធិអំណាចរបស់លោក ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត ។ ប៉ុន្តែជាការកត់សំគាល់រាល់ការសំរេចរបស់លោក អូបាម៉ាក្នុងនាមជាប្រធានាធិបតីពេលនោះ ឥទ្បូវបែរជាត្រូវបានលោក ដូណាល់ ត្រាំ សំរេចលុបចោល ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតស្របច្បាប់ដែរ ។ ការនិរាករណ៏ការសំរេចមួយចំនួនរបស់លោក អូបាម៉ា ដែលលោក ដូណាល់ ត្រាំ ធ្វើនេះគឺជាការសំរេចស្របច្បាប់ ដែលលោកប្រើអំណាចក្នុងនាមជាប្រធានាធិបតីក្នងតំណែង ។ នេះហើយបានហៅថា តាមលទិ្ធប្រជាធិបតេយ្យសេរី ដែលអ្នកណាកាន់អំណាច មានសិទ្ធិសំរេចស្របតាមសិទ្ធិអំណាចរបស់ខ្លួន ។
លោក សុខ ឥសាន បានបន្តទៀតថា  បញ្ហាទាំងនេះមិនមែនជារឿងចម្លែកទេនៅក្នុងបរិបទ ប្រទេសកម្ពុជាយើង។ ក្នុងនាមជាគណបក្សឈ្នះឆ្នោត និងក្នុងនាមជានាយករដ្ឋមន្ត្រីស្របច្បាប់ដែលបានទទួលការយល់ព្រមពីអង្គនីតិបញត្តិ តាមព្រះរាជទាននៃព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិសំរេចរាល់បញ្ហាដែលពាក់ពន្ធនិងការដឹកនាំនៃរាជរដ្ឋាភិបាល និងការដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ក្នុងនាមលោក ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោតដាច់ ។ ដូច្នេះនេះជាសិទ្ធិអំណាចរបស់គណបក្សឈ្នះឆ្នោត នៃប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាសន្តិភាពឱ្យបាន

(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថាទោះក្នុង​តម្លៃណាក៏ដោយ ត្រូវថែរក្សាសន្តិភាពឱ្យបាន។ លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដែលមានប្រវែង ៤១៥ម៉ែត្រ ដែលចំណាយអស់ថវិកាជិត២០លានដុល្លារ មានទីតាំងនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ មានសុខសន្តិភាព ទើបអាចអភិវឌ្ឍន៍បាន។ លោក ក៏បានបញ្ជាក់បន្ថែមថា លោក មិនអាចអត់ ឱនឱ្យបានទេ ចំពោះអ្នកទាំងឡាយណាដែលកំពុងព្យាយាមបំផ្លាញសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាកំពុងតែមាននៅពេលនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ទៅលើការពង្រឹងនីតិរដ្ឋដែលជាកត្តាចាំបាច់ ក្នុងការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាផលប្រយោជន៍រួមរបស់​ប្រជាជនកម្ពុជា​ទាំងមូលផងដែរ៕



ប្រមុខរដ្ឋាភិបាលកម្ពុជា៖ សមិទ្ធផលស្ពានកោះធំនេះ គឺជាសមិទ្ធផលពិតប្រាកដ ពុំមែនជាការ ដើរសន្យានោះឡើយ

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាសមិទ្ធផលស្ពានកោះធំនេះ​គឺជា​សមិទ្ធ​ផលពិតប្រាកដ កើត​ឡើង​ដោយសារការដឹកនាំត្រឹមត្រូវរបស់រដ្ឋាភិបាល​នៅក្នុ​ង​សម័យ​កាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដែលមានប្រវែង ៤១៥ម៉ែត្រ ដែលចំណាយអស់ថវិកាជិត២០លានដុល្លារ មានទីតាំងនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មានបុគ្គលមួយចំនួនចង់ធ្វើជានាយករដ្ឋមន្រ្តី ដេកយល់សប្តិចង់ធ្វើនាយករដ្ឋមន្រ្តី បានត្រឹមតែជានាយករដ្ឋមន្រ្តីឧទាហរណ៍ ហើយមិនអាច បំពេញតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋបានឡើយ ព្រោះបានត្រឹមតែការសន្យា។
 នៅក្នុងឱកាសនោះផងដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ក៏បាន​រម្លឹកដល់សម័យមុនថា លោក បានឆ្លងកាត់រួចហើយនូវសម័យគ្មានផ្លូវដើរ គ្មានស្ពាន ដំណាក់​កាលមនុស្សជិះកង់ កង់ជិះមនុស្ស។
 សូមបញ្ជាក់ផងដែរថា ស្ពានមិត្តភាពកម្ពុជា-ចិន នេះគឺមានសារៈសំខាន់បំផុតក្នុងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំក្នុងការធ្វើដំណើរ ដែលកន្លងមកធ្លាប់តែឆ្លងទូកដរនោះ។ ម្យ៉ាងវិញទៀតស្ពាននេះ នឹងក្លាយជាសរសៃសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ និងមកពីតំបន់ផ្សេងៗទៀតផងដែរ។ មានស្ពានគឺពិតជាមានសង្ឃឹម៕





ទស្សនៈវិភាគ៖ ការលាលែងពីតំណែងរបស់ លោក សម រង្ស៊ីព្រោះ”មូលហេតុផ្ទាល់ខ្លួន”

“មូលហេតុផ្ទាល់ខ្លួន”លោក សម រង្ស៊ី លាលែងចេញពីតំណែងនេះ គឺគ្មានអ្វីពាក់ព័ន្ធនឹងរឿងនយោបាយ រឿងគុក រឿងច្រវ៉ាក់ រឺក៏ច្បាប់ថ្មីអ្វីនោះឡើយ។លោក សម រង្ស៊ី គាត់មាន”មូលហេតុផ្ទាល់ខ្លួន”ពិតមែន តែវាតូចតាចពេក គ្រាន់តែលួចមានស្រីម្ដងម្កាលសោះ បែរជាប្រពន្ធរបស់គាត់ គំរាមឱ្យគាត់ចុះចេញពីតំណែងជាបន្ទាន់ ដោយសំអាងទៅលើការសន្យាគ្នាតែពីរនាក់ប្ដីប្រពន្ធថា បើលោកសម រង្ស៊ី ហ៊ានក្បត់ចិត្ត សូមូរ៉ា គឺត្រូវចុះចេញពីតំណែងដោយស្វ័យប្រវត្តិ។
ងាកមកមើលលោក កឹម សុខា វិញម្ដង គាត់មានស្រីច្រើនរាប់ភ្លេច ហើយទោះថែមពីរពាន់ស្រីមកទៀត ក៏លោក កឹម សុខា មិនទៅឈឺក្បាលខ្លាចប្រពន្ធគាត់ដឹងដែរ ព្រោះសេដ្ឋកិច្ចក្នុងគ្រួសារលោក កឹម សុខា ជាអ្នកចំណាយទាំងអស់។ អំណាចក្នុងគ្រួសារលោក កឹម សុខា ខុសពីលោកសម រង្ស៊ី ដែលជាប្រុសរស់ដោយសារស្រី គ្រប់អ្វីៗទាំងអស់គឺប្រពន្ធរបស់គាត់ជាអ្នកផ្ដល់ឱ្យ។ លោកសម រង្ស៊ី គ្រាន់តែជាក្មេងកំព្រាម្នាក់ បានរៀបការកូនស្រីសេដ្ឋីយួន ដូច្នេះលោកសម រង្ស៊ី មិនអាចនឹងយកលុយដែលប្រពន្ធគាត់ឱ្យ យកទៅចិញ្ចឹមស្រីក្រៅផ្ទះបានឡើយ។ អំណាចក្នុងគ្រួសារសំរាប់លោក សម រង្ស៊ី គឺដូចជាកញ្ជះដាច់ថ្លៃគេអញ្ចឹង មិនអាចធ្វើអ្វីៗតាមតែចិត្តបានទេ ត្រូវស្ដាប់ចៅហ្វាយស្រីយួន បើឱ្យឈរលោក សម រង្ស៊ី មិនហ៊ានអង្គុយទេ។
ដោយសារតែ”មូលហេតុផ្ទាល់ខ្លួន” លោក សម រង្ស៊ី មិនខ្វល់នឹងសមាជិកបក្សម្នាក់ណាឡើយ ធ្វើឱ្យគេផ្អើលពេញតែបក្សនាំគ្នាកោះហៅមកប្រជុំជាបន្ទាន់ រឿងវាគ្រាន់តែប្រពន្ធស្រែកមួយមាត់ សម រង្ស៊ី ញ័រត្រង់កន្ទុយ។ នេះសំណាងហើយត្រឹមតែប្រធានបក្សប្រឆាំង! ចុះបើលោក សម រង្ស៊ី ធ្វើនាយករដ្ឋមន្ត្រីវិញ ថ្ងៃណាប្រពន្ធគាត់ខឹង មិនផ្អើលខ្មែរពេញស្រុក រត់ជាន់គ្នាងាប់អស់ជាមិនខានទេ៕
ប្រភព៖ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក

អ្នកវិភាគនៅក្បែរនាយករដ្ឋមន្រ្តី៖ អ្វីដែល លោក សម រង្ស៊ី ប្រកាសលាលែងពីតំណែងនៅពេលនេះ គ្រាន់តែជាការសម្តែងល្ខោនប៉ុណ្ណោះ

(ភ្នំពេញ)៖ អ្នកវិភាគដែលនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ការវិភាគដល់​អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា អ្វីដែលលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធាន​គណបក្សសង្រ្គោះជាតិនៅរសៀលថ្ងៃសៅរ៍នេះ គឺជាការសម្តែងល្ខោនប្រោកប្រាស់​សាធារ​ណ​ជន​តែប៉ុណ្ណោះ ការធ្វើបែបនេះក្នុង គោលបំណងទាមទារចំណាប់​អារម្មណ៍​ឱ្យថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់សំខាន់ៗ និងសមាជិករបស់គណបក្សសង្រ្គោះជាតិ ចេញញត្តិ ឬដាក់លិខិតស្នើសុំ​អង្វរក លោក សម រង្ស៊ី នៅធ្វើប្រធានគណបក្សដដែល។
អ្នកវិភាគមិនសូវខុសហើយនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ដដែលរូបនោះ​បាន​អះអាងទៀតថា ការធ្វើបែបនេះរបស់លោក សម រង្ស៊ី ក៏ព្រោះតែចង់ឱ្យមានការគាំទ្រ រូប​លោកឡើងវិញតែប៉ុណ្ណោះ ព្រោះប្រជាប្រិយភាពរបស់គាត់កំពុងធ្លាក់ចុះយ៉ាងខ្លាំង។
 ប្រសិនបើការលែងលារបស់លោក សម រង្ស៊ី ពិតប្រាកដមែននោះ សូមបងប្អូនប្រជាពលរដ្ឋ​ចាំមើលទាំងអស់គ្នា, ប៉ុន្តែប្រសិនបើការលាលែងនេះដើម្បីគ្រាន់តែ ឆាកល្ខោនបំភ័ន្ត​ភ្នែក​ចង់ឱ្យ​គេចាប់អារម្មណ៍ និងអង្វរ ហើយយល់ព្រមនៅធ្វើជាប្រធានគណបក្សដដែលនោះ តើលោក សម រង្ស៊ី សាកសមជាអ្នកដឹកនាំឬទេ ព្រោះម្តងថាលាលែងម្តងយល់ព្រមធ្វើវិញ?
សូមជំរាបថា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានប្រកាស​លាលែងពីប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ នេះបើយោងតាម Facebook របស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងលិខិតរបស់លោក ដែលបង្ហោះ​លើទំព័រ Facebook របស់លោកថា «ខ្ញុំសូមឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មា​ធិការ​នាយក គណបក្សសង្រ្គោះជាតិ មេត្តាជ្រាបជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ខ្ញុំ ហើយចាត់ទុកថា សេចក្តីសម្រេចនេះចូលជាធរមានចាប់ពីថ្ងៃចុះ​ហត្ថលេខារបស់ខ្ញុំ​នេះ​តទៅ»។
នេះជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដែលមិននឹកស្មានដល់ថា លោក សម រង្ស៊ី សម្រេច​ចិត្ត​លាលែងបែបនេះ។ ការប្រកាសលាឈប់ពីតំណែងប្រធានគណបក្សនេះ បានធ្វើឡើង​បន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ៦០រូប បានស្នើទៅរដ្ឋសភា ធ្វើ​វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឱ្យពិរុទ្ធជន ឬ ទណ្ឌិតធ្វើជា​ប្រធាន​បក្សនយោបាយ។ ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយនេះ គណៈ​កម្មាធិការអិចន្ត្រៃយ៍រដ្ឋសភាគ្រោងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។
ការលាលែងរបស់ លោក សម រង្ស៊ី ក៏បានកើតមាននៅចំពេលដែលរូបលោក បានបែក​ធ្លាយរឿងអាស្រូវមានសម្ព័ន្ធមេត្រីភាពស្នេហា ជាមួយនារីបម្រើការ​នៅ​តាមភោជនីយ​ដ្ឋាន​ផងដែរ។ ការបែកធ្លាយរឿងអាស្រូវស្នេហ៍នេះ បានជះឥទ្ធិពលអាក្រក់សម្រាប់ភាព ជា​មេដឹកនាំ​បក្សនយោបាយរបស់លោក៕
ប្រភព៖ Fresh News

លោក សម រង្ស៊ី សម្រេចចិត្តឈប់ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ

នៅក្នុងលិខិតរបស់លោក សម រង្ស៊ី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលបានបង្ហោះ​ផ្សាយ​នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានបញ្ជាក់ថា លោក បាន​សម្រេច​ចិត្ត​លា​លែងពីតំណែងប្រធាន និងសមាជិកគណបក្សសង្រ្គោះជាតិហើយ។
តាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បាន​ឱ្យ​ដឹងថា លោក សម រង្ស៊ី ពិតជាបានសម្រេចចិត្តលាឈប់ពីប្រធាន និងសមាជិក គណបក្ស​សង្រ្គោះជាតិពិតប្រាកដមែន។ គេមិនទាន់ដឹងថា តើនរណានឹងក្លាយជាប្រធាន​គណបក្ស​សង្រ្គោះ​ជាតិបន្តពីលោក សម រង្ស៊ី។
គួរបញ្ជាក់ថា លោក សម រង្ស៊ី បានសម្រេចចិត្តលាលែងតំណែងនេះ គឺ បន្ទាប់ពីមាន​ការ​បែក​ធ្លាយរឿងអាស្រូវ នៃសម្លេងសាសងស្នេហារវាងលោក និងមន្រ្តីជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​​ជាតិជាច្រើនរូបទៀតជាមួយ​នារី​កំណាន់​វ័យក្មេង​នៅតាម​បណ្តាញ​​​សង្គមហ្វេស​ប៊ុ​ក​​នាពេលកន្លងមក។ ការបែកធ្លាយសម្លេងលួចលាក់ស្នេហានេះ ទំនងអាចជាមូលហេតុ ដែល​ធ្វើឱ្យលោក កាន់តែអស់តម្លៃ ក្នុងនាមជាប្រធានគណបក្ស ឬអាចជាការប្រកាសចុះ​ចាញ់ជាមុន មុនពេលដែលច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានដាក់ពិភាក្សា និង​អនុម័ត​​នៅពេលខាងមុខឆាប់ៗនេះ ដែលលោកនឹងត្រូវបាត់បង់សិទ្ធិធ្វើនយោបាយ ពីព្រោះ​ច្បាប់ នោះ​បានកំណត់ថា «អ្នកទោសមិនអាចឈរឈ្មោះជាប្រធាន​គណបក្សនយោបាយ​បានឡើយ​»។
ដោយឡែកតាមការអះអាងនៅក្នងលិខិតលាឈប់របស់ លោក សម រង្ស៊ី បានបញ្ជាក់ថា​មូល​​ហេតុនៃការលាឈប់​ដោយសារបញ្ហាផ្ទាល់​ខ្លួន៕

លោក ហ៊ុន សែន៖ ស្ពានកោះធំនេះ គឺជាសមិទ្ធផលថ្មីនៅលើទឹកដីចាស់

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាស្ពានកោះធំនេះ គឺជាសមិទ្ធផល​ថ្មីនៅលើ​ទឹកដីចាស់។ លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដែលមានប្រវែង ៤១៥ម៉ែត្រ មានទីតាំងនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស្ពានកោះធំនេះ ត្រូវ បានកសាងឡើងដើម្បីបំពេញតាមតម្រូវការប្រជាពលរដ្ឋដើម្បីបានឆ្លងកាត់ ដែលកន្លងមក ពួកគាត់មិនទាំងហ៊ានគិតថាបានស្ពានឈើ ឬស្ពានថ្មនោះឡើយ។ ប៉ុន្តែថ្ងៃនេះ គឺប្រជាពលរដ្ឋ ទទួលបានស្ពានឆ្លងទន្លេប្រវែង ៤១៥ម៉ែត្រ ដែលជាសមិទ្ធផលថ្មីមួយទៀត នៅលើ​ទឹកដី​ចាស់។

សូមបញ្ជាក់ផងដែរថា ស្ពានមិត្តភាពកម្ពុជា-ចិន នេះគឺមានសារៈសំខាន់បំផុតក្នុងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំក្នុងការធ្វើដំណើរ ដែលកន្លងមកធ្លាប់តែឆ្លងទូកដរនោះ។ ម្យ៉ាងវិញទៀតស្ពាននេះ នឹងក្លាយជាសរសៃសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ និងមកពីតំបន់ផ្សេងៗទៀតផងដែរ។ មានស្ពានគឺពិតជាមានសង្ឃឹម៕