Thursday, January 20, 2022

ពិធីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថឆ្នាំ២០២១ និងផ្សព្វផ្សាយទិសដៅផែនការបន្ត

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ នៅសាលប្រជុំ Video Conference នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់ កងរាជអាវុធហត្ថ ឆ្នាំ២០២១ និងផ្សព្វផ្សាយទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២។

នាឱកាសនោះ ក៏មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនេះមានលោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ នាយការិយាល័យ និងឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ កងរាជអាវុធហត្ថរាជធានី/ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធ Video Conference ផងដែរ៕





ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៤ ម៉ូឌឺណា) តាមគោលការណ៍ស្ម័គ្រចិត្ត

ស្វាយរៀង៖ នាព្រឹកថ្ងៃទី២០  ខែមករា  ឆ្នាំ២០២២នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល  អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៤ ម៉ូឌឺណា) តាមគោលការណ៍ស្ម័គ្រចិត្តនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក្នុងនោះលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ក៏អញ្ជេីញមកទទួលការចាក់ដូសជំរុញចាប់ពីព្រឹកថ្ងៃនេះតទៅផងដែរ។


សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកៀរគរវ៉ាក់សាំង  ដើម្បីជំរុញដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៤ ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មី  ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្ត ដែលចាប់ផ្ដើមពីថ្ងៃទី២០  ខែមករា  ឆ្នាំ២០២២នេះតទៅ៕





កម្ពុជាគ្រោងរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោកនៅចុងឆ្នាំ២០២២នេះ

ព្រះសីហនុ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក និងប្រតិភូអមដំណើរ បានចូលជួបសំដែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោកនៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ។ 


លោក គួច ចំរើន បានសម្តែងការស្វាគមន៍ និងជម្រាបជូនលោកអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោកថា រយៈពេលពីរឆ្នាំកន្លងមក ដោយសារវិបត្តិកូវីដ យើងមិនបានធ្វើការចែករំលែកបទពិសោធន៍អំពីសមុទ្រ ហើយថ្ងៃនេះបានជួបនឹង លោកអគ្គនាយកក្លឹបឆ្នេរស្អាត ដែលជាស្ថាបនិកបានអញ្ជើញមកចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សង្ឃឹមថា លោកនឹងជួយចែករំលែកនូវបទពិសោធន៍ល្អៗ និងថ្មីៗដល់ខេត្តព្រះសីហនុ។ 


លោកអភិបាលខេត្តបានបន្តថា យើងមានសក្តានុពល ប៉ុន្តែយើងខ្វះធនធានមនុស្សក្នុងការកែឆ្នៃអភិវឌ្ឍប្រកបដោយចីរភាព។ ខេត្តព្រះសីហនុចង់បានបទពិសោធន៍គ្រប់គ្រងបរិស្ថានបានយូរអង្វែង ដើម្បីបំរើផលប្រយោជន៍សេដ្ឋកិច្ច និងសុំឱ្យលោកអគ្គនាយកជួយបង្កើតព្រឹត្តិការណ៍នានានៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរណ៍។ 


លោក ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក បានមានប្រសាសន៍ថា នេះជាដំណើរទីមួយមកកាន់ខេត្តព្រះសីហនុ បន្ទាប់ពីជំងឺកូវីដ ដែលរងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារមនុស្សធម៌។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ខេត្តព្រះសីហនុ ដែលគ្រប់គ្រងសមុទ្របានល្អ ដែលធ្វើឱ្យលោកមកកាន់ទីនេះដោយមានការអញ្ជើញពីលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងការបើកវេទិកាទេសចរណ៍លើកទី៤០ ឆ្នាំ២០២២ (ATF 2022) ពិតជាត្រឹមត្រូវ។ កម្ពុជា ជាប្រទេសដែលមានវប្បធម៌ មានប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះគឺបានបង្ហាញឱ្យអន្តរជាតិបានឃើញថា កម្ពុជាបានចាត់វិធានការយ៉ាងខ្ជាប់ខ្ជួនក្នុងកាទប់ស្កាត់ជំងឺកូវីដ-១៩ ហើយបណ្តាប្រទេសនៅលើពិភពលោកកំពុងមានការប្រឈម។ អ្វីទាំងនេះជាកិត្តិយសសម្រាប់ខេត្តព្រះសីហនុ ដែលប្រកាសបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ។ 


លោកបានបញ្ជាក់ថា ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងលើព្រៃកោងកាងដុះក្នុងសមុទ្រ ព្រោះវាបានជួយ ការពារជម្រកមច្ឆាជាតិ អាចស្រូបយកឧស្ម័នកាបូនិក និងការបំពុលបរិស្ថាន ព្រមទាំងផ្លាស្ទិកបានថែមទៀតផង។ សូមឱ្យកម្ពុជាព្យាយាមរក្សាតុល្យភាពទាំងអស់នេះឱ្យបានល្អ។ យើងនឹងធ្វើការផ្លាស់ប្តូរប្រធានបទសមុទ្រ និងការអនុវត្តជាក់ស្តែងតាមប្រទេសនីមួយៗ យើងត្រៀមរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ ២០២២ ខាងមុខ ជានិមិត្តរូបផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងភ្ញៀវបរទេសមកស្គាល់សម្បត្តិធម្មជាតិឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ទន្ទឹមនោះយើងត្រូវរួមគ្នាការពារបរិស្ថាន និងអភិវឌ្ឍសង្គមឱ្យកាន់តែល្អប្រសើរ  ៕






កិច្ចប្រជុំស្តីពីការត្រួតពិនិត្យផែនទីដីស្នេីសុំសម្រាប់ដោះស្រាយផលប៉ះពាល់អនុស្ថានីយ៍អូរសោម ស្រុកវាលវែង

ពោធិ៍សាត់÷ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក អុឹង គឹមលាង អភិបាលរងខេត្ត ជំនួសមុខលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោក អេង គន្ធា អគ្គនាយករង ជំនួសមុខលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យផែនទីដីស្នេីសុំសម្រាប់ដោះស្រាយផលប៉ះពាល់អនុស្ថានីយ៍អូរសោម ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។


កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីសាលាខេត្ត លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកអភិបាលស្រុក លោកប្រធានភូមិបាលស្រុក និងលោកមេឃុំអូរសោម នៅសាលប្រជុំសាលាខេត្ត៕




បទវិភាគអន្តរជាតិ៖ តើ NATO នឹងធ្វើបែបណា បើរុស្ស៊ីពិតជាលើកទ័ពចូល អ៊ុយក្រែន?

(ព្រុចសែល)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬ NATO អាចនឹងបង្កើន ឬដាក់ពង្រាយកងទ័ពរបស់ខ្លួនបន្ថែមទៅកាន់តំបន់សមុទ្រខ្មៅ និងតំបន់បាល់ទិច ខណៈពួកគេកំពុងការពារខ្លួនពីការវាយប្រហារព័ត៌មានវិទ្យា ប្រសិនបើរុស្ស៊ីលើកទ័ពវាយលុកចូលអ៊ុយក្រែនមែននោះ។ នេះបើតាម ក្រុមមន្ត្រីអឺរ៉ុប។

បក្សសម្ពន្ធយោធា NATO មិនមានកាតព្វកិច្ចដែលមានចែងនៅក្នុងសន្ធិសញ្ញាណាមួយ ដើម្បីការពារអ៊ុយក្រែន ដែលមិនមែនជាសមាជិករបស់ខ្លួននោះទេ ដែលនេះធ្វើឱ្យការសម្រេចចិត្តចុងក្រោយអាចនឹងធ្លាក់ទៅលើសហភាពអឺរ៉ុប។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា កិច្ចចរចាតាមផ្លូវការទូតរវាងទីក្រុងម៉ូស្គូ និង NATO បានដើរដល់ «ផ្លូវទាល់ទៅហើយ» នៅក្នុងបរិបទដែលក្រុមអ្នកជំនាញមានការខ្វែងគំនិតគ្នាថាតើ រុស្ស៊ីពិតជានឹងបើកវាយប្រហារលើអ៊ុយក្រែន ដែរ ឬក៏យ៉ាងណា?

សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុប បានចោទប្រកាន់ថារុស្ស៊ីបានប្រមូលផ្ដុំកងទ័ពជិត ១០០,០០០នាក់ ព្រមទាំងសព្វាវុធធុនធ្ងន់ជាច្រើនទៀតនៅក្បែរ តំបន់ព្រំដែនអ៊ុយក្រែន ហើយដែលសកម្មភាពយោធាបែបនេះត្រូវបានបណ្ដាប្រទេសលោកខាងលិចយល់ថាជាការត្រៀមខ្លួនលក្ខណៈធ្វើសង្រ្គាម ដើម្បីរារាំងកុំឱ្យអ៊ុយក្រែនចូលជាសមាជិក NATO។ តែរុស្ស៊ីបានច្រានចោទប្រកាន់បែបនេះដោយបញ្ជាក់ជាច្រើនលើកច្រើនសាថាខ្លួនគ្មានផែនការប្រើ កម្លាំងយោធាលើប្រទេសណាមួយឡើយ។

ពិតមែនទៅ ទោះជា NATO បានយល់ព្រមក្នុងកិច្ចប្រជុំនៅឯទីក្រុង ប៊ូឆារ៉េស (Bucharest) នៃប្រទេសរូម៉ានី កាលពីឆ្នាំ២០០៨ ថាអ៊ុយក្រែនអាចនឹង ក្លាយជាសមាជិក NATO នៅថ្ងៃណាមួយក៏ដោយ ប៉ុន្តែ ធាតុពិត បក្សសម្ពន្ធយោធាមួយនេះមិនមានកាតព្វកិច្ចអ្វីត្រូវតែការពារអ៊ុយក្រែននោះឡើយ ហើយសូម្បីតែប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានបញ្ជាក់រួចហើយដែរថាអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែនប្រយុទ្ធជាមួយ កងទ័ពរុស្ស៊ីនោះទេ។ ម្យ៉ាងវិញទៀត អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានលើកឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ថា «វាជារឿងសំខាន់បំផុតដែលត្រូវបែងចែកឱ្យច្បាស់រវាងសម្ពន្ធមិត្ត NATO និងអ៊ុយក្រែនដែលជាដៃគូ...អ៊ុយក្រែនគឺជាដៃគូដ៏មានតម្លៃ»។ ដូច្នេះ គេពិបាកស្មានខ្លាំងណាស់ថា NATO នឹងធ្វើបែបណា ប្រសិនបើរុស្ស៊ីវាយលុកចូលអ៊ុយក្រែន មែននោះ?

* NATO ផ្ដោតសំខាន់លើតំបន់បាល់ទិច

លោក ហាន់-ឡូថា ដុមរូសេ (Hans-Lothar Domroese) ជាឧត្តមសេនីយអាល្លឺម៉ង់ចូលនិវត្តន៍ម្នាក់បាននិយាយថាប្រសិនបើរុស្ស៊ីពិតជាវាយប្រហារ

លើអ៊ុយក្រែន NATO អាចនឹងប្រុងជើងការកម្រិតខ្ពស់។ លោកបញ្ជាក់ប្រាប់ Reuters ដូច្នេះថា « NATO អាចនឹងពង្រឹងវត្តមាន ឬដាក់ពង្រាយកងទ័ព បន្ថែមទៅកាន់ប្រទេសប៉ូឡូញ និងបណ្ដាប្រទេសក្នុងតំបន់បាល់ទិច ព្រមទាំងអាចនឹងដាក់កងទ័ពឱ្យឈរជើងនៅភាគអាគ្នេយ៍នៃតំបន់អឺរ៉ុប»។ នេះនឹងក្លាយជាការបង្ហាញពីការប្ដេជ្ញាចិត្តមួយការពារដែនដី NATO ហើយវាក៏សារមួយផ្ញើឱ្យរុស្ស៊ីផងដែរ។

ចាប់តាំងពីឆ្នាំ២០១៤មក, NATO បានផ្ដោតជាអាទិភាពលើការពង្រឹងវត្តមាននៅក្នុងតំបន់បាល់ទិច និងបានដាក់ពង្រាយកងពលយោធាចម្រុះជាតិ សាសន៍ចំនួន៤ ដឹកនំាដោយកាណាដា, អាល្លឺម៉ង់, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នៅក្នុងប្រទេសឡេតូនី, លីទុយអានី, អេស្ដូនី និងប៉ូឡូញ។

នាយករដ្ឋមន្ត្រីអេស្ដូនីបានប្រាប់ Reuters កាលពីសប្ដាហ៍មុនថា បណ្ដារដ្ឋក្នុងតំបន់បាល់ទិចបាន និងកំពុងពិភាក្សាជាមួយសម្ពន្ធមិត្តពាក់ព័ន្ធនឹង ការបង្កើនការដាក់ពង្រាយកម្លាំងយោធានៅលើទឹកដីរបស់ពួកគេ ហើយលោក Stoltenberg ក៏បានសង្កត់ធ្ងន់ដែរថា រាល់ការវាយប្រហាររបស់រុស្ស៊ីលើ អ៊ុយក្រែននឹងជំរុញឱ្យ NATO ធ្វើការសម្រេចចិត្តណាមួយ។ ដោយឡែក ដាណឺម៉ាកកាលពីសប្ដាហ៍មុន បានយល់ព្រមបញ្ជូនយន្ដហោះចម្បាំង F-16 ចំនួន៤គ្រឿងទៅកាន់ប្រទេសលីទុយអានី និងនាវាចម្បាំងមួយគ្រឿងដើម្បីជួយដល់ប្រតិបត្តិការល្បាតនៅតំបន់សមុទ្របាល់ទិច។

គួរបញ្ជាក់ថា បើតាមមន្ត្រី NATO ២រូប រដ្ឋមន្ត្រីការពារជាតិនៃបក្សសម្ពន្ធយោធាមួយនេះនឹងបើកកិច្ចពិភាក្សានៅខែកុម្ភៈខាងមុខ ដើម្បីជជែកគ្នាពីការបញ្ជូនកងទ័ព NATO បន្ថែមទៅកាន់ទីស្នាក់ការកងអង្គភាពចម្រុះជាតិសាសន៍របស់ខ្លួននៅក្នុងប្រទេសរូម៉ានី។ រូម៉ានីបានជំរុញឱ្យ NATO បង្កើនវត្តមាន កងទ័ពជើងទឹក និងនាវាចម្បាំងនៅក្នុងតំបន់សមុទ្រខ្មៅ ប៉ុន្តែប្រទេសប៊ុលហ្ការី នៅក្បែរខាង បារម្ភថាការធ្វើបែបនេះអាចនឹងធ្វើឱ្យរស្ស៊ីផ្ទុះកំហឹង៕

ប្រភព៖ Reuters (ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២)

ដោយៈ Fresh News