Friday, September 16, 2022

វិភាគអន្តរជាតិ៖ អ៊ុយក្រែន អាចនឹងកាន់តែជោគជ័យ ហួសពីការចង់បានរបស់លោក បៃដិន?


(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានបង្ហាញការសាទរយ៉ាងខ្លាំងដល់ជ័យជម្នះដ៏អស្ចារ្យរបស់កងទ័ពអ៊ុយក្រែន ដែល វាយដណ្ដើមបានទឹកដីពីកងទ័ពរុស្ស៉ីជាង ៨,៨០០គីឡូម៉ែត្រក្រឡា ត្រឡប់មកវិញ។ ក៏ប៉ុន្តែ នៅពីក្រោយការញញឹមបិទមាត់មិនជិតនេះ វាក៏មានបង្កប់នូវក្ដីបារម្ភ ផងដែរ នោះគឺជ័យជម្នះរបស់អ៊ុយក្រែននៅលើសមរភូមិសង្រ្គាមអាចនឹងក្លាយជាការធ្វើតេស្ដលើទំនាក់ទំនង ក៏ដូចជានឹងបង្កភាពតានតឹងថ្មីមួយជាមួយ សហរដ្ឋអាមេរិក។


ជ័យជម្នះខាងលើរបស់អ៊ុយក្រែន មិនមែនមានន័យថាស្ថានការណ៍សង្រ្គាមផ្អៀងមករកអ៊ុយក្រែនទាំងស្រុងនោះទេ។ ដ្បិតបច្ចុប្បន្ន រុស្ស៉ីនៅតែបន្តគ្រប់​គ្រងទឹកដី អ៊ុយក្រែនមួយភាគធំ ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ដែលទីក្រុងមូស្គូ បានក្រសោបយកកាលពីឆ្នាំ២០១៤។ ជាមួយការផ្ដល់លុយ ព័ត៌មានសម្ងាត់ និងអាវុធពី សហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តលោកខាងលិច វាបានជួយពង្រឹងការតស៊ូរបស់អ៊ុយក្រែន និងជួយឱ្យទីក្រុងកៀវ​អាចបង្កការខូចខាតធ្ងន់ធ្ងរដល់កងទ័ពរុស្ស៉ី។ អ៊ុយក្រែន ក៏បានបង្ហាញដែរថាខ្លួនមានសមត្ថភាពប្រើប្រាស់​ជំនួយទាំងនេះយ៉ាងមានប្រសិទ្ធិភាព រហូតដល់អាចរំដោះបានទឹកដីយ៉ាងសម្បើមមកវិញ ខណៈ ជោគជ័យនេះត្រូវបានក្រុមអ្នកជំនាញមើលឃើញថានឹងលើកទឹកចិត្ត​ឱ្យលោកខាងលិចបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ដើម្បីឆ្លងកាត់រដូវរងាដ៏គ្រោះថ្នាក់ដែល កាន់ខិតជិតចូលមកដល់។


មានមនុស្សតិចតួចណាស់ដែលគិតថាសហរដ្ឋអាមេរិកកំពុងជួយអ៊ុយក្រែនជាមួយចិត្តសប្បុរស ដោយប្រើលុយដែលប្រជាជនអាមេរិកបានបង់ពន្ធដើម្បីជួយ អ៊ុយក្រែន។ ក្រៅតែពីជួយអ៊ុយក្រែនប្រយុទ្ធតស៊ូទាមទារយកឯករាជ្យភាព បូរណភាពទឹកដី និងប្រជាធិបតេយ្យ សហដ្ឋអាមេរិកបាន និងកំពុងប្រើអ៊ុយក្រែន កាច់បំបាក់យោធារុស្ស៉ីឱ្យធ្លាក់ចុះទន់ខ្សោយ រហូតដល់កម្រិតមួយដែលលែងអាចឈ្លានពានលើបណ្ដាប្រទេសដទៃទៀតនៅអឺរ៉ុប និងជាសារកំញើញមួយផ្ញើទៅ ចិន កុំឱ្យយកគំរូតាមរុស្ស៉ីដែរ។


សហរដ្ឋអាមេរិក និងអ៊ុយក្រែនមានកម្រិតនៃអំណាចខុសគ្នា និងផលប្រយោជន៍ជាតិខុសគ្នា បើទោះជាពួកគេមាន «សត្រូវរួមក៏ដោយ»។ បានន័យថាទោះជាចង់ ឱ្យអ៊ុយក្រែនឈ្នះក៏ពិតមែន តែក៏ត្រូវនៅក្រោមក្របខណ្ឌនៃប្រយោជន៍របស់សហរដ្ឋអាមេរិកដែរ ឬមិនអាចដើរហួរព្រំដែនដែលបានកំណត់នោះទេ។ ជ័យជម្នះ របស់កងទ័ពអ៊ុយក្រែន នៅតំបន់ខាកៀវ ច្បាស់ណាស់ថាកំពុងជំរុញលើកទឹកចិត្ត និងធ្វើឱ្យអ៊ុយក្រែនកំណត់គោលកាន់តែច្បាស់ ដូចជាការរំដោះទឹកដីទាំងអស់ មកវិញ រួមមានទាំងតំបន់គ្រីមៀផងដែរដែលលោក ហ្សេលេនស្គី បានសន្យាថានឹងដណ្ដើមយកពីរុស្ស៉ីមកវិញ ការស្ដារប្រទេសឡើងវិញ និងការកាត់ទោស ឧក្រិដ្ឋជនសង្រ្គាម ដែលទីក្រុងកៀវចង់សំដៅលើលោក ពូទីន និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនរបស់លោក។


គោលដៅរបស់លោក ហ្សេលេនស្គី គឺជារឿងត្រឹមត្រូវ ព្រោះចង់បានទឹកដីរបស់ខ្លួនមកវិញ និងរកយុត្តិធម៌ឱ្យប្រទេសជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ រដ្ឋបាល ប្រធានាធិបតីអាមេរិក លោក ចូ បៃដិននៅតែមានការប្រុងប្រយ័ត្នចំពោះគោលដៅជាយុទ្ធសាស្ត្រដែលខ្លួនចង់បាននៅក្នុងសង្រ្គាមអ៊ុយក្រែន ឬអាចនិយាយបាន ថាលោក បៃដិន បានកំណត់រួចទៅហើយថាតើអ៊ុយក្រែនត្រូវដើរដល់ចំណុចណា? ដូចដែលលោក បៃដិន ផ្ទាល់បានអះអាងជាច្រើនលើកថាគោលដៅចម្បង របស់សហរដ្ឋអាមេរិក នោះគឺបញ្ចៀសសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី ដើម្បីកុំឱ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣។ ក្រុមមន្ត្រីអាមេរិកនៃរដ្ឋបាល លោក បៃដិន មានការព្រួយបារម្ភថាប្រសិនបើអ៊ុយក្រែនមានទំនុកចិត្តខ្ពស់ហួសហេតុពេក ឬក៏ពង្រីកខ្លួននៅក្នុងសង្រ្គាមហួសដែនកំណត់ នោះវាអាចនឹងធ្វើឱ្យ អ៊ុយក្រែនធ្លាក់ចូលក្នុងស្ថានភាពជាប់គាំងដ៏ធ្ងន់ធ្ងរមួយរើខ្លួនមិនរួច ហើយដែលនឹងមានតែស្រូបទាញយកធនធានពីសហរដ្ឋអាមេរិកយ៉ាងលើសលប់ ខណៈ ទីក្រុង វ៉ាស៊ីនតោនកំពុងត្រូវការធនធានយ៉ាងសម្បើម ដើម្បីផ្ដោតលើចិន។


លើសពីនេះទៅទៀត អ្វីដែលលោក បៃដិន បារម្ភជាងគេបំផុតនោះគឺលោក ពូទីន អាចនឹងកាន់តែបង្កសង្រ្គាមរឹតតែធំ ឬក៏អាចប្រើអាវុធនុយក្លេអ៊ែរតាក់ទិកតែម្ដង ដើម្បីបញ្ចៀសការដួលរលំនៃយោធារបស់លោក និងការបាត់បង់តំបន់គ្រីមៀ ដែលនេះអាចនឹងអូសឱ្យសហរដ្ឋអាមេរិកត្រូវលូកដៃដោយផ្ទាល់ក្នុងសង្រ្គាម។ នៅ ក្នុងសង្រ្គាម ស្ថានការណ៍ប្រែប្រួលអាចនឹងកើតឡើងគ្រប់ពេលវេលា ដូចដែលសហរដ្ឋអាមេរិកធ្លាប់បានឆ្លងកាត់នៅពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមរំដោះ ឧបទ្វីបកូរ៉េទាំងមូលនៅចុងឆ្នាំ១៩៥០។ តែក្នុងពេលជាមួយគ្នាសហរដ្ឋអាមេរិក ក៏ប្រថុយធ្លាក់ចូលគ្រោះថ្នាក់ក្នុងសង្រ្គាមដោយផ្ទាល់ជាមួយចិនដែរ។ ដូច្នេះលោក បៃដិន នឹងពិចារណាយ៉ាងល្អិតល្អន់ថាតើគោលដៅណាមួយនៅក្នុងសង្រ្គាមអ៊ុយក្រែនដែលខ្លួនចង់បាន និងចាំបាច់បំផុត។


អ៊ុយក្រែនមួយដែលមានឯករាជ្យខាងសេដ្ឋកិច្ច នយោបាយ និងមានយោធាអាចការពារខ្លួនឯង គឺជាអ្វីដែលសហរដ្ឋអាមេរិកចង់បាន តែវាជាសុបិនអាក្រក់របស់រុស្ស៉ី ហើយនេះក៏ជាមូលហេតុមួយដែលជំរុញឱ្យលោក ពូទីន បង្កសង្រ្គាមដូចសព្វថ្ងៃនេះដែរ។ សម្រាប់រដ្ឋបាលលោក បៃដិន រឿងដំបូងដៃដែលអាមេរិកត្រូវជួយអ៊ុយក្រែន គឺបណ្ដេញកងទ័ពរុស្ស៉ីឱ្យចូលទៅក្នុងទឹកដីរបស់ខ្លួនវិញ ពោលគឺត្រឡប់ទៅរកស្ថានភាពមុនសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ។ រីឯការទាមទារ ឬការព្យាយាមចង់ វាយរំដោះយកតំបន់គ្រីមៀត្រឡប់មកវិញ ឬក៏ចង់នាំលោក ពូទីន និងមនុស្សរបស់លោកឡើងតុលាការកាត់ទោស មិនស្ថិតនៅក្នុងការយល់ឃើញរបស់លោក បៃដិន ឡើយ។


មកទល់នឹងពេលនេះ ការជជែកដេញពីការបញ្ចប់សង្រ្គាមមិនមែនជារឿងបន្ទាន់នោះទេ ហើយនៅប៉ុន្មានខែខាងមុខ គេអាចនឹងបានឃើញការជជែកដ៏តានតឹងមួយ រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនជុំវិញថា «តើទីក្រុងកៀវ ត្រូវចរចាស្វែងរកសន្តិភាពជាមួយទីក្រុងមូស្គូយ៉ាងដូចម្ដេច ឬត្រូវដើរទៅមុខត្រឹមចំណុចណា?» ហើយ វាអាចនឹងមានដែរការជជែកនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា «តើត្រូវព្យាយាមរបៀបណាដើម្បីរារាំងលោក ហ្សេលេនស្គី ប្រសិនបើលោកចង់ដើរហួសពីអ្វីដែលលោក បៃដិន យល់ថាល្អគ្រប់គ្រាន់»។


តាមពិតទៅ វាមិនមែនជាលើកទីមួយនោះទេ ដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមានការខកចិត្តនៅទីបំផុតទៅ។ អតីតប្រធានាធិបតីអាមេរិក លោក អាយសិនហូវវឺ (Dwight Eisenhower) ធ្លាប់បានបង្ខំឱ្យអតីតមេដឹកនាំកូរ៉េខាងត្បូង លោក ស៊ីងម៉ាន់ រី (Syngman Rhee) ទទួលយកសន្តិភាព និងការបំបែកប្រទេសកូរ៉េជា២។ ក្នុង ឆ្នាំ១៩៩០ ទីក្រុងវ៉ាស៊ីនតោន បានបង្ខំឱ្យចលនាឧទ្ទាមខុនត្រាស (contras) ក្នុងប្រទេសនីការ៉ាហ្កាដែលខ្លួនទំនុកបម្រុង ទទួលយកកិច្ចព្រមព្រៀងសន្តិភាពមួយដែល ធ្វើឱ្យចលនានេះត្រូវរំសាយអាវុធ ខណៈសត្រូវរបស់ពួកគេ និងជាចលនាស៊ូប្រឆាំងសហរដ្ឋអាមេរិក សាន់ឌីនីស្ដា (Sandinista) ដណ្ដើមអំណាចឡើងគ្រប់គ្រង រដ្ឋាភិបាល និងយោធានីការ៉ាហ្កាទៅវិញ។


បច្ចុប្បន្ន អ៊ុយក្រែន កំពុងតស៊ូប្រយុទ្ធដើម្បីសេរីភាព ឯករាជ្យ បូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ប៉ុន្តែ នេះមិនមែនមានន័យថាអ៊ុយក្រែន នឹងទទួលបានអ្វីៗគ្រប់យ៉ាង ដែលខ្លួនស័ក្តិសមនឹងទទួលបាននោះទេ៕ ដោយៈ Fresh News


សម្ដេចតេជោ ហ៊ុន សែន អនុញាតឱ្យនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតឱ្យឯកឧត្តម Daren Tang នាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។


ឯកឧត្តម Daren Tang បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកម្ពុជាជាច្រើនដងហើយ ហើយសព្វដងដែលឯកឧត្តម បានមកដល់កម្ពុជា គឺឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមសូមសម្ដែងនូវការគោរពនិងអបអរសាទរ ជូនចំពោះសម្ដេចតេជោនិងប្រជាជនកម្ពុជា ។


ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែនាពេលនេះ អង្គការនេះ កំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍន៍ គាំទ្រគម្រោងការអភិវឌ្ឍរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផង និងដើម្បីស្វែងយល់ និងស្វែងរក វិធីជួយគាំទ្រដល់កម្ពុជាផង ។ 


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា ហើយក៏បានជម្រាបជូនឯកឧត្តម Daren Tang និងប្រតិភូ អំពីការកត់សម្គាល់របស់សម្ដេច រួមមាន៖ ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់ មានការកើនឡើងនៅក្នុងអំឡុងពេលមានកូវីដ19 នោះសបញ្ជាក់ឲ្យឃើញថា AFTA ចាប់ផ្ដើមដំណើរការសកម្មនៅពេលដែលមានជំងឺកូវីដ19។ ជាឧទាហរណ៍ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម, កម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានការកើនឡើងគួរឲ្យកត់សម្គាល់។ កំណត់សម្គាល់មួយទៀត គឺសង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មហួសហេតុពេក នាំទៅដល់វិបត្តិ ដែលមិនត្រឹមតែនៅអឺរ៉ុបទេ ប៉ុន្តែវិបត្តិជាពិសេស គឺវិបត្តិសេដ្ឋកិច្ច រីករាលដាលដល់ប្រទេសដទៃទៀត នៅក្រៅទ្វីបអឺរ៉ុប ក្នុងនោះ រួមមានទាំងកម្ពុជាផងដែរ ៕

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យអតីតប្រធានទីភ្នាក់ងារ JICA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KITAOKA Shinichi អតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។



ឯកឧត្តម KITAOKA បានគោរពសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោ ដែលបានផ្ញើសាររំលែកមរណៈទុក្ខរបស់ឯកឧត្តម Shinzo Abe

។ ឯកឧត្តម KITAOKA មានប្រសាសន៍បន្តថា កម្ពុជា ជាដៃគូយ៉ាងសំខាន់របស់ជប៉ុន ។ ប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការច្រើន ហើយឈរលើមូលដ្ឋានការយល់គ្នាទៅវិញទៅមក លទ្ធភាពល្អ និងជាពិសេស ប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលទាំងពីរ ធ្វើឲ្យគេសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទទួលបានជោគជ័យ។


ឯកឧត្តម KITAOKA បានឆ្លៀតឱកាសនោះ សំដែងនូវការគោរព និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំជាប្រធានអាស៊ាន របស់សម្ដេចតេជោ ជាពិសេស ចំពោះវិធានការនៅប្រទេសមីយ៉ាន់ម៉ា ។


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តម KITAOKA ថា ឯកឧត្តម អាបេ ជាអ្នកមានគុណសម្រាប់យើង និងប្រទេសទាំងពីរ។ ឯកឧត្តម អាបេ បានបន្សល់ទុកនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ក្នុងនោះរួមទាំងស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ។ ក្រៅពីជួយកម្ពុជា តាមរយៈជំនួយរដ្ឋាភិបាល ឯកឧត្តម  អាបេ ក៏បានជួយកម្ពុជា តាមរយៈការកសាងសាលារៀនឲ្យកម្ពុជា តាមរយៈសមាគមសភាជប៉ុនផងដែរ ។


សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា ឯកឧត្តម អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារតំបន់ ក៏ដូចជាការងារមនុស្សធម៌ផងដែរ។ ឯកឧត្តម អាបេ តែងតែឆ្លៀតប្រជុំជប៉ុន-មេគង្គ យ៉ាងទៀងទាត់ ទោះមានការមមារញឹកយ៉ាងណាក៏ដោយ ហើយរាល់ពេលក្នុងកិច្ចប្រជុំ ឯកឧត្តម អាបេ តែងតែលើកឡើងអំពីការសុំការគាំទ្រលើបញ្ហាការចាប់ជំរិតជនជាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង។


សម្ដេចបានមានប្រសាសន៍បន្ថែមថា ការចាកចេញរបស់ឯកឧត្តម អាបេ គឺជាការបាត់បង់មិត្តភក្កិម្នាក់ ដែលធ្លាប់ជួយកម្ពុជា ក្នុងគ្រាលំបាក ៕

សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ក្នុងទីក្រុងណាននីង ប្រទេសចិន

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក ពិព័រណ៍ចិន-អាស៊ាន លើកទី១៩ តាមប្រព័ន្ធវិដេអូ។


ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងនៅនីទីក្រុងណាននីង ប្រទេសចិន។ ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយផលិតផលរវាងចិន និងអាស៊ាន ហើយក៏ជាឱកាសក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងធុរកិច្ចរវាងចិន និងអាស៊ានផងដែរ។


ពិព័រណ៍ចិន-អាស៊ានលើកទី១៩នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០»។


ក្នុងសុន្ទរកថាថ្លែងបើកពិព័រណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងចិន សម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន ចាប់តាំងពីការចុះហត្ថលេខាលើក្របខណ្ឌ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិន ក្នុងឆ្នាំ២០០២ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនានា។


ខាងក្រោមគឺជាសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន៖