Tuesday, December 17, 2019

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ចប់ការទទួលថវិកាសាងសង់អគារនៅមន្ទីរពេទ្យកាល់ម៉ែត ខណៈថវិកាសរុបមានជាង ១០៤លានដុល្លារ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសបញ្ចប់ការទទួលថវិកាពីសប្បុរសជនសម្រាប់សាងសង់អគារមន្ទីរពេទ្យ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យកាល់ម៉ែតហើយ នៅវេលាម៉ោង ៧ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ។ ថវិកាទទួលបានពីសម្បុរសជន និងថវិការដ្ឋ ៣០លាន ផងនោះ ធ្វើឱ្យចំនួនថវិកាសម្រាប់សាងសង់អគារ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យកាល់ម៉ែតមានរហូតដល់ទៅជាង ១០៤លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook ថា មកដល់ម៉ោង ៥ល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សប្បុរសជនដែលបានចូលរួមបានថវិកាសរុបចំនួន ៧៤,៥៥៣,៥៣៦ដុល្លារ និងប្រាក់រៀលចំនួន ២៧១,៥១៤,៧០០រៀល។ បើគិតទាំងថវិការដ្ឋ ៣០លានដុល្លារផង ធ្វើឱ្យចំនួនថវិកាមានរហូតដល់ ១០៤,៥៥៣,៥៣៦ដុល្លារ និងប្រាក់រៀលចំនួន ២៧១,៥១៤,៧០០រៀល។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកា ដើម្បីសង្រ្គោះជិវិតមនុស្សតាមរយៈការធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិដែលមានលក្ខណៈទំនើប និងពហុឯកទេស។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក សម្រាប់សាងសង់អគារព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតដែលកំពុងដំណើរការសាងសង់។ អគារព្យាបាលជំងឺនេះ មានកម្ពស់ ១២ជាន់ ដែលបច្ចុប្បន្នមន្ទីរសាងសង់ បានប្រមាណ ១៧ភាគរយរួចហើយ។ អគារមន្ទីរពេទ្យនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣៩លាន ៧សែនដុល្លារអាមេរិក។

ក្រៅពីបញ្ចេញថវិកាជាតិ ៣០លានដុល្លារសាងសង់អគារហើយនោះ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវបន្ថែមដល់សប្បុរសជនចូលរួមបរិច្ចាគថវិកា សម្រាប់បំពាក់សម្ភារបរិក្ខារ ឧបករណ៍ផ្សេងៗនៅក្នុងអាគារថ្មី និងអគារចាស់ផងដែរ។ គោលបំណងរបស់លោកនាយករដ្ឋមន្រ្ដី គឺធ្វើឱ្យមន្ទីរពេទ្យនេះ ក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជា ដែលទំនើបសម្រាប់ជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ ៕

ប្រសាសន៍ដើម​ទាំងស្រុង​របស់ សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ​ជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩