Thursday, January 23, 2020

អ្នកនាំពាក្យក្រសួងសុខាភិបាលគូសបញ្ជាក់ថា មិនទាន់មានការកំណត់ច្បាស់លាស់ទេ​ថាជំងឺរលាកសួតប្រភេទថ្មី អាចឆ្លងពីមនុស្សទៅមនុស្សទាំងស្រុងនោះទេ

ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ -- ករណីផ្ទុះជំងឺរលាកសួតប្រភេទថ្មីដែលមានប្រភពពីទីក្រុងវូហាន ខេត្តហ៊ូប៊ី ប្រទេសចិន ដែលបាននឹងកំពុងរីករាលដាលកាន់តែខ្លាំងឡើងនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ មិនទាន់មាន ការសន្និដ្ឋានជាផ្លូវការថាជំងឺប្រភេទនេះអាចឆ្លងពីមនុស្សទៅមនុស្សទាំងស្រុងនោះទេ។ ការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ​​បាលបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និង​បច្ចុប្បន្នភាពជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។



លោកជំទាវ ឱ វណ្ណឌីន បានដកស្រង់របាយការណ៍របស់អង្គការសុខភាព​ពិភពលោក​មកធ្វើការបញ្ជាក់ថា ជំងឺនេះមានការចម្លងពីមនុស្សទៅមនុស្សខ្លះៗ ហើយការចម្លងពីមនុស្ស​ទៅមនុស្សនេះគឺមានកម្រិតនៅឡើយ និងក៏មិនទាន់មានភស្តុតាងច្បាស់លាស់​និងពេញ​លេញដែលបញ្ជាក់ថាជំងឺនេះឆ្លងពីមនុស្សទៅមនុស្សនោះដែរ។ លោកជំទាវបានបន្ថែមថា គិត​មកដល់ពេលនេះជំងឺប្រភេទនេះគឺមិនទាន់កើតមានឡើងនៅកម្ពុជានោះទេ។ បើទោះបីជា​បច្ចុប្បន្ននេះកម្ពុជាមិនទាន់រកឃើញករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ មានវត្តមាននៅកម្ពុជាក៏ដោយចុះ ក៏ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរម្លឹកជាថ្មីឱ្យ​ពលរដ្ឋ​មានការប្រុងប្រយ័ត្នចំពោះជំងឺនេះ។ 
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ ក្រសួងថា បច្ចុប្បន្នជំងឺនេះបានកើតឡើងដំបូងបង្អស់ និងកំពុងបន្តផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៊ី ប្រទេសចិន និងបានកំពុងរាលដាលទៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ក្វាងចូវ និងទីក្រុង​ហុងកុង។ ក្រសួងសុខាភិបាលក៏បានក្រើនរម្លឹកឱ្យពលរដ្ឋមានការប្រុង​ប្រយ័ត្នក្នុងការការពារ​សុខភាពពីការឆ្លងជំងឺខាងលើនេះនារដូវបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយក្នុងនោះ​គួរតែ​ចៀសវាងការចូល​ទៅកន្លែងចិញ្ចឹមសត្វ ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាម​កសិដ្ឋានចិញ្ចឹម​សត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬ​ប្រឡាក់ដោយលាមកសត្វ បសុបក្សី និងសត្វដទៃទៀត។ លើសពីនេះ គួរចៀសវាងប៉ះ​ពាល់​ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ និងត្រូវលាងដៃឱ្យបានញឹកញាប់​ជា​មួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភេទ​ចម្លង​រោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ ៕
ដោយ ចាន់ សុធីវង្ស

#សុខាភិបាល #កម្ពុជា #វីរុសកូរ៉ូណា

លិខិតមិត្តអ្នកអាន៖ "កឹម សុខា ប្រឹងរើ សម រង្ស៊ី ប្រឹង រឹត! "

តាមពិតមិនថាខ្ញុំរឺ ប្រជាពលរដ្ឋទូទៅនោះទេ គេបានភ្លេចឈ្មោះ សម រង្ស៊ី បាត់ទៅហើយក្រោយចាញ់ បោកការឃោសនាបោកប្រាស់លំដាប់ផ្កាយប្រាំរឿងវិលចូលស្រុកខ្មែរថ្ងៃ ៩ វិច្ឆិកា ២០១៩ ។
ម៉្យាងទៀត ពេលនេះអ្វីដែលជាការគិតគូររបស់ប្រជាជនដែលមានខ្សែស្រឡាយចិន គឺការត្រៀមសែន និងការដើរលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ហើយបច្ចុប្បន្ន អ្វីដែលសាធារណ:មតិមួយចំនួនកំពុងតាមដានគឺរឿងតុលាការកំពុងដំណើរការកាត់ក្តីលោក កឹម សុខា ។

ទោះបីខ្ញុំសំរេចតាំងពីថ្ងៃ ៩ វិច្ឆិកា ២០១៩ ថាឈប់និយាយនិងសរសេរពីឈ្មោះសម រង្ស៊ី ទៀត ដោយសារបុគ្គលរូបនេះគ្មាននូវសល់តំលៃអ្វីទៀតទេសំរាប់ការយកចិត្តទុកដាក់ពីមហាជនក៌ប៉ុន្តែខ្ញុំសម្រេចចិត្តដោយបង្ខំត្រូវតែសរសេរឈ្មោះ សម រង្ស៊ី នេះម្តងទៀតខានមិនបានពីព្រោះតែមានរឿងសំខាន់ដែលត្រូវនិយាយ។
អ្វីដែលសំខាន់គឺ ខណៈ ពេលដែលសវនាការ សំណុំរឿងលោក កឹម សុខា កំពុងតែដំណើរការ ហើយលោក កឹម សុខា និងក្រុមមេធាវីកំពុងរកវិធី និងភស្តុតាងដើម្បីដោះបន្ទុកពី ការចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិ  បែរជាលោក សម រង្ស៊ី ស្រាប់តែបង្ហាញនិងផ្តល់ភស្តុតាងជាច្រើនដោយ free ដើម្បីបញ្ជាក់ពីភាពពាក់ព័ន្ធរបស់លោកកឹម សុខា ឬរបស់គណបក្សសង្គ្រោះជាតិក្នុងការឃុបឃិតជាមួយបរទេសក្នុងផែនការផ្តួលរំលំ រដ្ឋាភិបាលកម្ពុជាទៅវិញ។

តាមរយៈការសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីនិងការបង្ហោះតាមទំព័រហ្វេសប៊ុកផេករបស់ខ្លួន លោក សម រង្ស៊ី បាន បង្ហោះសារ និងរូបភាពជាច្រើនដែលបញ្ជាក់ ពី ភាពពាក់ព័ន្ធរបស់ខ្លួនក៏ដូចជាលោក កឹម សុខា អំពីការឃុបឃិតជាមួយបរទេស។ លោក សម រង្ស៊ី ធ្វើជានិយាយឌឺថា ចង់ឲ្យតុលាការចោទប្រកាន់ខ្លួន ដូច លោក កឹម សុខា ដែរទើបបង្ហាញភស្តុតាងទាំងនោះ ហើយនឹងបន្តផ្ញើមកអោយតុលាការថែមទៀត។

បើស្តាប់មួយភ្លែតទៅ វាហាក់ដូច ជាលោក សម រង្ស៊ី ក្លាហានចង់រួមសុខទុក្ខជាមួយលោក កឹម សុខា ចង់ដោះបន្ទុកលោក កឹម សុខា ហើយទទួលទោសជំនួសលោក កឹម សុខា ! ប៉ុន្តែបើយើងពិនិត្យនិងវិភាគអោយស៊ីជំរៅទៅ គឺជាចេតនា ពិតប្រាកដនិងសែន ពិសពុលរបស់លោក សម រង្ស៊ី ក្នុងការចង់ដាក់បន្ទុកថែមទៀតដល់លោក កឹម សុខា តែប៉ុណ្ណោះ។

អ្វីដែលលោក សម រង្ស៊ី បាន បង្ហាញ និងអះអាងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺពិតជាមានអត្ថន័យច្រើនយ៉ាងណាស់ :
ទី១៖ គឺជាការប្រកាស ទទួលស្គាល់ជា សាធារណៈថា ពិតជា មានការឃុបឃិតជាមួយបរទេសក្នុងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុនសែន តាមរៀបបដិវត្តន៍ ពណ៌ដោយអតីតគណបក្សសង្គ្រោះជាតិ មែន។

ទី២៖ បន្ថែមពីលើការប្រកាសទទួលស្គាល់ជាលាយលក្ខណ៍អក្សរ នេះ លោក សម រង្ស៊ី ក៏បានបង្ហោះរូបភាពដើម្បីបញ្ជាក់ពីភស្តុតាងថា មេដឹកនាំអតីតបក្សសង្គ្រោះជាតិ ពិតជាបានទទួលការបង្វឹកពីបរទេសដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលពិតប្រាកដមែន។

ទី៣៖ អ្វីដែលលោក សម រង្ស៊ី បានបង្ហោះនិង និយាយក្នុងសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីគឺជាសក្ខីកម្មក្នុងនាមសាសក្សីដ៏សំខាន់ម្នាក់ ដើម្បីបញ្ជាក់ឲ្យឃើញថា ការរំលាយអតីតគណបក្សសង្គ្រោះជាតិដោយតុលាការកំពូល ពិតជា រឿងត្រឹមត្រូវនិងចាំបាច់។

ទី៤៖ សក្ខីកម្មរបស់លោក សម រង្ស៊ី ក៏បានបន្ថែម ទម្ងន់ទៅលើសំណុំរឿងក្តីរបស់លោក កឹម សុខា ដើម្បីបញ្ជាក់ថា ដំណើរការរឿងក្តីនេះពិតជាត្រឹមត្រូវ និងចាំបាច់ពីព្រោះទាំងលោក កឹម សុខា ទាំងលោក សម រង្ស៊ី សុទ្ធតែបានឃុបឃិតជាមួយបរទេស យ៉ាងជ្រាលជ្រៅដើម្បីឈានទៅផ្តួលរដ្ឋអំណាច ស្របច្បាប់នៅកម្ពុជា។ ដូច្នេះ លោក កឹម សុខា ច្បាស់ជាមិនអាចបដិសេធថា ខ្លួនមិនបានឃុបឃិតជាមួយបរទេសដូចដែលគាត់តែងតែ បដិសេធនោះឡើយពីព្រោះសូមកុំភ្លេចថា លោក សម រង្ស៊ី គឺជាសាក្សី និងក៏ជាអ្នក ពាក់ព័ន្ធដ៏សំខាន់ម្នាក់ក្នុងសំណុំរឿងក្តីនេះ។

ទី៥: ការផ្តល់ភស្តុតាងនិងការអះអាងសារភាពរបស់ សម រង្ស៊ី អំពីការឃុបឃិត របស់ពួកខ្លួនជាមួយបរទេសដើម្បីផ្តួលរំលំ រដ្ឋាភិបាល លោក ហ៊ុន សែនគឺជាការបញ្ជាក់ យ៉ាងច្បាស់បន្ថែមទៀតថា រឿងក្តីរបស់លោក កឹម សុខានេះមិនមែនជារឿង នយោបាយទេគឺរឿងព្រហ្មទណ្ឌ ក្បត់ជាតិ ពិតប្រាកដមែន។

តាមពិត វាគ្មានអ្វីជាអាថ៌កំបាំងទៀតនោះឡើយសម្រាប់ចេតនា របស់លោក សម រង្ស៊ី ចំពោះ លោក កឹម សុខា ពីព្រោះនរណាៗ ក៏បាន ដឹងដែរថា ជារៀងរាល់លើក នៅពេលដែល លោក កឹម សុខា ជួបរឿងក្តីក្តាំ ហើយព្យាយាមការពារខ្លួន ដើម្បីឲ្យរួចផុតពីការចោទប្រកាន់ គឺ លោក សម រង្ស៊ី តែងតែ ដាក់បន្ទុកបន្ថែមឲ្យលោក កឹម សុខា ជានិច្ច។

ជាក់ស្តែង ពេលសង្ស័យថា លោក កឹម សុខា អាចត្រូវបានដោះលែងកាលពីកំឡុងខែមីនាឆ្នាំ ២០១៩ លោក សម រង្ស៊ី បានស្កាត់ទុកជាមុនដោយយក សេរីភាពលោក កឹម សុខា មកភ្នាល់ជាមួយលោក  នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោយមកទៀត ពេលតុលាការ បន្ថយលក្ខខណ្ឌ នៃការត្រួតពិនិត្យតាមផ្លូវតុលាការដោយឲ្យលោក កឹម សុខា អាចចេញពីផ្ទះបាន លោក សម រង្ស៊ី ដែលបារម្ភខ្លាចមានការ ដោះលែងលោកកឹម សុខា ក៏បានស្រែកពីក្រៅប្រទេសថា ការដោះលែងលោក កឹម សុខា តែម្នាក់គ្មានតម្លៃគ្រប់គ្រាន់សម្រាប់គណបក្សសង្គ្រោះជាតិទេ គឺត្រូវមានលក្ខខណ្ឌនេះលក្ខខណ្ឌនោះព្រោះបំណងរបស់លោក សម រង្ស៊ី គឺមិនផ្តល់តម្លៃដល់សេរីភាពលោក កឹម សុខា ទាល់តែសោះ។ ផ្ទុយទៅវិញ គឺត្រូវធ្វើយ៉ាងណាឲ្យលោក កឹម សុខា ជាប់ឃុំឲ្យបានយូរតាមដែលអាចធ្វើទៅបាន ពីព្រោះបើលោក កឹម សុខា មានសេរីភាពឡើងវិញ លោក សម រង្ស៊ី នឹងអស់តំលៃក៍ដូចជាអស់តួនាទីតំណែងជាប្រធានស្តីទីបន្តទៀតហើយ។ ដូច្នេះហើយបានជាក្នុងពេលដែលលោក កឹម សុខា ជាប់ឃុំ ហើយភាគីខាងលោក កឹម សុខា នៅ ស្ងៀមស្ងាត់ដើម្បីសម្រួលស្ថានការណ៍ លោក សម រង្ស៊ី និងបក្សពួក របស់គាត់ឯណោះវិញ គិតតែពីដុតកម្តៅស្ថានការណ៍ រហូតក្នុងគោលបំណងធ្វើម៉េចកុំអោយ កឹម សុខា រួចខ្លួន។ ហើយបើនិយាយអោយខ្លីងាយយល់ងាយចាំគឺ «សម រង្ស៊ី~កឹម សុខា មិនមែនមនុស្សតែមួយនោះទេ តែ សម រង្ស៊ី និង កឹម សុខាមានតែម្នាក់គត់ ~ មានស៊ី អត់ខា មានខា អត់ស៊ី »។

ប៉ុន្តែ លោក កឹម សុខាក៏  មិនចេះតែមិនឈ្លោះ មិនឆ្លើយ មិនឆ្លងនោះដែរ ។ ជាក់ស្តែងកាលពីថ្ងៃពុធទី ២២ មករា លោក កឹម សុខា ក៏បានវាយបកត្រង់ៗ ទៅ សម រង្ស៊ីទោះដោយ មិនចំឈ្មោះក៏ដោយ ក៏បានអះអាងថា «ខ្លួនគាត់ កឹម សុខាមិនមែនជាអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដី ដូចអ្នកខ្លះនោះឡើយ » ។ហើយទាំងខ្ញុំនិងប្រជាពលរដ្ឋទូទៅពិតជា ដឹងច្បាស់ណាស់ថា អ្នកនយោបាយដែលក្បាលមិនជាប់មេឃ ជើងមិនជាប់ដីនោះគឺលោក សម រង្ស៊ី នេះឯង ពីព្រោះអ្នកនយោបាយរូបនេះ បានតែសម្តី តែពេលមាន បញ្ហាអ្វីកើតឡើង គឺគាត់តែងតែរត់ផាស់ក្រញ៉ាំយករួចខ្លួនដោយទុកឲ្យសកម្មជនអ្នកគាំទ្រទទួលទោសជំនួសជាង រៀងរហូតមកដោយគ្មានការកែប្រែអ្វីឡើយ។ នេះហើយដែលគេហៅថា អ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីដែលលោក កឹម សុខា ចង់សំដៅ។

សរុបមកវិញ អ្វីៗដែល លោក សម រង្ស៊ី បានបង្ហោះក្នុងផេកផ្លូវការនិងការនិយាយអះអាងរបស់ខ្លួនតាមវិទ្យុ គឺពិតជាបានជួយពង្រឹងបន្ថែមទៀតនូវភស្តុតាងរបស់ដើមបណ្តឹងក្នុង ការដាក់បន្ទុកលើជនជាប់ចោទ កឹម សុខា បន្ថែមពីលើភស្តុតាងដែល មានស្រាប់យ៉ាងសន្ធឹកសន្ធាប់។ ហើយគួបផ្សំជាមួយភស្តុតាងបន្ថែមដែលផ្តល់ដោយលោក សម រង្ស៊ីនេះ ខ្ញុំជឿជាក់ថា លោក កឹម សុខា ប្រាកដ ជារើខ្លួនមិនរួចនោះឡើយទោះជាគាត់ខិតខំដោះ  បន្ទុកយ៉ាងណាក៏ដោយ ពីព្រោះនៅពេលដែល លោក កឹម សុខា ខំប្រឹងរើ លោក សម រង្ស៊ី ក៏ខំប្រឹង រឹតមិនឲ្យលោក កឹម សុខា រើខ្លួនបាននោះឡើយ៕

ដោយ  : អ្នកតាមដាន នយោបាយតុកាហ្វេ


លោក ហេង សំរិន អំពាវនាវដល់ប្រជាពលរដ្ឋថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោក ហេង សំរិន ប្រធានរដ្ឋសភា និងភរិយា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបរិយត្តិធម៌ ហៅវត្តក្បាលដំរី ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នរដ្ឋសភា រដ្ឋមន្ត្រីតាមបណ្តាក្រសួងនានា លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនាពេលនេះរួមមាន៖ ព្រះវិហារទំហំ ០៩x១៦ម៉ែត្រ ក្លោងទ្វារ និងកំផែង (របងវត្ត) ដែលចំណាយទឹកប្រាក់សរុបចំនួន ១៦០.៤ ៦០ដុល្លារអាមេរិក គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្រៅអំពីសមិទ្ធផលជាច្រើនលោក និងភរិយា ព្រមទាំងសប្បុរសជនពុទ្ធបរិស័ទក្នុង និង ក្រៅប្រទេសជាច្រើនទៀត តែងតែបានជួយឧបត្ថម្ភចលនា និងដឹកនាំដោយផ្ទាល់ ក្នុងការកសាងទុកជាឧត្តមប្រយោជន៍សាសនា សង្គម និងប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ។
មានប្រសាសន៍នាឱកាសនោះ លោក ហេង សំរិន បានលើកឡើងថា នៅពេលប្រទេសជាតិមានសុខសន្តិភាពដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗ បានទំាងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។ លោកបានរម្លឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបាន ពុះពារជម្នះរាល់គ្រប់ឧបសគ្គ ច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធគួរឲ្យកត់សម្គាល់។
លោក ហេង សំរិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់បន្តការកសាងអភិវឌ្ឍសង្គមជាតិ និងការពារសមិទ្ធផលនានាដែលសម្រេចបានដើម្បីផ្តល់ប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនរស់នៅសុខសាន្តតទៅមុខទៀត។
លោក ហេង សំរិន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តក្បាលដំរី ដែលបានរួមគ្នាកសាងសមទ្ធិផលជាច្រើនក្នុងវត្តជាការលើកកម្ពស់វិស័យ ព្រះពុទ្ធសាសនា ព្រោះថា វត្តអារាមគឺជាមូលដ្ឋានចំបង ក្នុងការបញ្ជ្រៀប ផ្សព្វផ្សាយព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកាយ វាចា ចិត្តដ៏ប្រពៃសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូបដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុម ក្នុងគ្រួសារ និងសង្គមជាតិ៕




មេធាវី គី តិច អរគុណលោក សម រង្ស៉ី ដែលជួយផ្តល់ភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ លោក កឹម សុខា

ក្រោយសវនាការនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ លោក គី តិច មេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានឆ្លៀតថ្លែងអំណរគុណដល់ ទណ្ឌិត សម រង្ស៉ី ដែលបានផ្តល់ភស្តុតាងបន្ថែមទៀត ដើម្បីជួយដាក់បន្ទុកលើ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។
លោក គី តិច បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីសវនាការយ៉ាងដូច្នេះថា៖ «ខ្ញុំអរគុណចំពោះការស្វែងរកភស្តុតាងដ៏មានសារសំខាន់នេះ ទី១ គឺខ្ញុំសង្ឃឹមថា តំណាងអយ្យការ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាចៅក្រមស៊ើបសួរច្បាស់ជាប្រមូលភស្តុតាងដែលសម រង្ស៉ី បានបង្ហាញ ទុកសម្រាប់ដាក់បន្ទុកបន្ថែមទាំងទណ្ឌិត សម រង្ស៉ី ទាំងជនជាប់ចោទ កឹម សុខា»។
រយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈដែលតុលាការបើកសវនាការជំនុំជម្រះលើសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា, លោក សម រង្ស៉ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បានបង្ហាញរូបថត និងឯកសារមួយចំនួន តាមបណ្តាញសង្គម Facebook របស់លោក និងវិទ្យុអាស៊ីសេរី ដើម្បីជំរុញឱ្យ តុលាការក្រុងភ្នំពេញ កាត់ទោសលោកក្នុងសំណុំរឿងក្បត់ជាតិនេះដូច លោក កឹម សុខា ដែរ ដោយសារតែ លោកគឺជាមេដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិ មុនត្រូវតុលាការកាត់ទោសរំលាយ។
លោកមេធាវី គី តិច បានបញ្ជាក់បន្តទៀតថា ភស្តុតាងដែលបង្ហាញដោយ លោក សម រង្ស៉ី បានធ្វើឱ្យតុលាការ តំណាងអយ្យការ សមត្ថកិច្ច ឬចៅក្រមស៊ើបសួរ កាន់តែងាយស្រួលក្នុងការប្រមូលភស្តុតាងដើម្បីដាក់បន្ទុកលើជនជាប់ចោទ កឹម សុខា ហើយក៏បានធ្វើឱ្យតុលាការចំណេញពេលវេលាផងដែរ ដោយមិនចាំបាច់ស៊ើបអង្កេតច្រើន។
បើតាម លោក គី តិច, ក្នុងសំណុំរឿងក្បត់ជាតិនេះ លោក សម រង្ស៉ី ក៏មិនរួចខ្លួនដែរ។ លោកមេធាវីរាជរដ្ឋាភិបាល បានអះអាងថា តុលាការបានបំបែកសំណុំរឿងនេះរួចហើយ ដើម្បីដាក់ទោសអ្នកពាក់ព័ន្ធផ្សេងៗទៀត។ លោកបញ្ជាក់ថា៖ «សំណុំរឿងនេះ បានបំបែករួចហើយ ដើម្បីរង់ចាំស្វាគមន៍ទណ្ឌិត សម រង្ស៉ី»។
សូមជម្រាបថា នៅក្នុងសវនាការនាសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ អង្គជំនុំជម្រះ បានបន្តសួរដេញដោល និងពិភាក្សាទៅលើភស្តុតាងវីដែអូវែងរយៈពេលជាង១ម៉ោង ដែលដាក់ដោយ ជនជាប់ចោទ កឹម សុខា។
មេធាវីរាជរដ្ឋាភិបាល បានកត់សម្គាល់ថា នៅពេលដែលមានការសួរដេញដោល និងពិភាក្សាលើភស្តុងតាងនេះ ជនជាប់ចោទ និងមេធាវីរបស់ជនជាប់ចោទ ហាក់ដូចជាពិបាកឆ្លើយសំណួរ ដោយពួកគាត់ហាក់ចង់រាំងខ្ទប់មិនឱ្យយកភស្តុតាងនេះមកជជែកពិភាក្សា។ លោក គី តិច បានបញ្ជាក់តាំងពីម្សិលមិញថា ភស្តុតាងវីដេអូវែងរយៈពេលមួយម៉ោងនេះ ហាក់ក្លាយជារង្វាន់សម្រាប់លោក ដោយលោកបានមើលឃើញថា វាមិនមែនជាភស្តុតាងដោះបន្ទុកទេ ផ្ទុយទៅវិញវាជាភស្តុតាងដែលនឹងបន្ថែមបន្ទុកលើ លោក កឹម សុខា មិនឱ្យរួចខ្លួនបានថែមទៀត។
យ៉ាងណាក៏ដោយ ក្រោយសវនាការរយៈពេល១ព្រឹក នៅថ្ងៃនេះ តុលាការបានប្រកាសលើពេលទៅបន្តសវនាការនៅថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ សប្តាហ៍ក្រោយ ហើយសវនាការរបស់ លោក កឹម សុខា នឹងបន្តធ្វើឡើងរយៈពេល២ថ្ងៃនេះជារៀងរាល់សប្តាហ៍ផងដែរ ៕





ទស្សនៈមិត្តអ្នកអាន៖ វីដេអូដាក់បន្ទុកលោក កឹម សុខា មានរយៈពេលជាង ២នាទី គឺជាវីដេអូពិត

នៅទីបំផុតទៅ​ ការពិត​ត្រូវ​បាន​លាតត្រដាង​ ​​វីដេអូ​រយៈពេល​ជាង ២នាទី ដែល​តុលាការ​បាន​ចាក់​បញ្ចាំង​​ក្នុង​​សវនា​ការកាត់​ក្តី​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាពជាមួយ​បរទេស​ ឬ​បទក្បត់​ជាតិ នៅ​ថ្ងៃទី​១៥មករា​កន្លងទៅ​​ ទាំង​​រូបភាព សម្លេង សម្តីសម្តៅ​ និងកាយវិកាជាដើម។ល។ គឺ​ជា​វីដេអូ​ពិត​របស់​លោក កឹម សុខា ១០០%។ ​វី​ដេអូ​​​រយៈពេលជាង ២នាទី​ ដែល​ដើមបណ្តឹង​ដាក់​ជា​ភស្តុតាង​ប្តឹង​ លោក កឹម សុខា ទៅតុលាការ​នោះ ​បាន​មក​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ CBN (Cambodian Broadcasting Network) មាន​មូលដ្ឋាន​នៅ​ប្រទេសអូស្ត្រាលី គឺ​ដូច​គ្នា​បេះ​បិទ​ទៅនឹង​វីដេអូ​រយៈពេល​ជាង ១ម៉ោង ដែល​លោក​ កឹម សុខា បាន​​​ដាក់​ជូន​តុលាការ​ធ្វើ​ជា​ភស្តុតាង​​ដោះ​បន្ទុក ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន។
​នៅក្នុង​អង្គ​សវនាការកាត់​ក្តី​សំណុំ​រឿង​ក្បត់​ជាតិ​លោក កឹម សុខា ​នា​រសៀ​ល​ថ្ងៃទី​២២​ ខែ​មករា ឆ្នាំ​២០២០ តុលាការ​បាន​សម្រេចចាក់​បញ្ចាំង​​វីដេអូ​របស់​លោក កឹម សុខា រយៈពេល​ជាង ១ម៉ោង តាម​ការស្នើ​សុំដើម្បី​ផ្ទៀង​ផ្ទាត់​ជាមួ​យ​នឹង​វីដេអូមាន​រយៈពេលជាង ២នាទី​ ​​ដែល​លោក កឹម សុខា ​ក៏​ដូ​ច​ជា​ក្រុម​មេធាវី​ការ​ពារ​​ក្តីរបស់ខ្លួន អះអាង​ថា ​​វីដេអូ​​រយៈពេលជាង ២នាទី​ ដែល​សមត្ថកិច្ច​បាន​យក​ជាមូលដ្ឋាន​ក្នុង​ការ​ប្តឹង​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ មាន​ភាព​មិន​ប្រក្រតី ឬ​ជា​វីដេអូ​មានការកែសម្រួល​កាត់​ជាកង់ៗនោះ។
អ្វី​ដែល​មិន​អាច​ប្រកែក​បាន នៅ​ក្នុងសវនាការជំនុំ​ជម្រះ​​ កាល​ពី​ថ្ងៃទី​១៥-១៦ មករា ​កន្លង​មក​នេះ លោក​​ កឹម សុខា ខ្លួន​ឯង​ផ្ទាល់​បាន​សារភាព និង​ទទួល​ស្គាល់​ថា វីដេអូ​ដែល​តុលាការ​យក​ធ្វើ​ជាមូល​ដ្ឋាន​ក្នុង​ការ​ដាក់​​បន្ទុកមាន​រយៈពេល​ជាង ២នាទី​នោះ គឺ​ជា​រូបភាព សម្តី និង​សម្លេង​របស់​ខ្លួន​ពិត​ប្រាកដ​មែន​។ ដូច្នេះ​ វាគ្មាន​អ្វី​ត្រូវ​សង្ស័យ​ទៀត​ឡើយ​ថា វីដេអូ​រយៈពេល​ជាង ២នាទី​នោះ ជា​វីដេអូ​ក្លែងក្លាយ​ ឬ​ត្រូវបាន​គេ​ប្រឌិត​ឡើង​ដើម្បី​ប្រឆាំង​នឹង​លោក កឹម សុខា អតីត​ប្រធានគណបក្ស​ប្រឆាំង ដូច​ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​វិភាគ​លើក​ឡើង​នោះ​ឡើយ​។
គួរ​រំលឹក​​ថា នៅក្នុង​វីដេអូ​លោក កឹម សុខា បាន​និយាយយ៉ាង​ដូច្នេះ​ថា ​៖ «តាំងពីឆ្នាំ ១៩៩៣ ដែលខ្ញុំជាប់ជាតំណាងរាស្ត្រដំបូង អាមេរិកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិក​​មុនគេបង្អស់ក្នុងនាមអ្នកនយោ​បាយខ្មែរក្នុងប្រទេស ដើម្បី​ឲ្យយល់ពីដំណើរការប្រជាធិបតេយ្យ គេហៅខ្ញុំមួយឆ្នាំម្តងៗឲ្យខ្ញុំទៅអាមេរិកម្តងតាំងពីឆ្នាំ១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឲ្យកម្ពុជាមានការផ្លាស់ប្តូរ​នោះ គេត្រូវឲ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយដំណាក់សិន។ ខ្ញុំក៏បានលាឈប់ពីនយោបាយ ពីគណបក្សនយោបាយ ដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា។ តើគេឲ្យបង្កើតដើម្បីអី? គេថា បើចង់ប្តូរថ្នាក់ដឹកនាំ យើងមិនអាចទៅជល់​ខាងលើបានទេ មុននឹងប្តូរខាងលើបាន ទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុន ជាយុទ្ធសាស្ត្ររបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិកដែលគេជួយខ្ញុំនេះ គេឲ្យខ្ញុំយក ម៉ូឌែល​តាមប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំផ្តាច់ការ មីឡូសូវិចបាននោះ មីឡូសូវិច រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបាន ដោយសារតែគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធន៍ ហ្នឹងមកឲ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មាននរណាដឹងទេ។
ដោយ​សារ​តែ​មាន​បរទេស​ជា​អ្នក​បញ្ជា​ពីក្រោយ​ខ្នង ហើយ​លោក កឹម សុខា បាន​អនុវត្ត​ដោយ​ជោគជ័យជាជំហានៗតាំង​ពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០១៣ ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​​លោក កឹម សុខា រំភើប​ និង​មោទនភាព​ជ្រុលហួសហេតុ​ ភ្លេច​ខ្លួន​និយាយ​ចេញ​ផែន​ការសំងាត់​ដែល​ខ្លួនបានឃុប​ឃិត​ជាមួយ​បរទេសដើម្បី​​ផ្លាស់​ប្តូរ​របបដឹកនាំ​​នៅកម្ពុជា​ ប្រាប់​ដល់​​​សកម្មជន និង​អ្នក​គាំទ្រ​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី​ឲ្យបាន​ដឹង។
លោក កឹម សុខា បាន​ពន្យល់​លម្អិត​ថា ផែនការ​ដែល​ខ្លួន​ធ្វើតាម​បញ្ជារបស់​​បរទេសតាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មកដល់​ឆ្នាំ​២០១៣ គ្មាន​អ្នក​ណា​ដឹង​ទេ ក៏ប៉ុន្តែ​ដោយ​សារ​ថា ផែនការ​បាន​អនុវត្តន៍​ដោយ​ជោគជ័យ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់​ ហើយ​ឈាន​ផ្តួល​រំលំ​រដ្ឋាភិបាល​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៣ ជា​ទឹក​ផ្តាច់​ព្រ័ត្រ​ ទើប​លោកនិយាយ​ប្រាប់​អ្នកគាំទ្រ​ខ្លួន​ឲ្យ​បាន​ដឹង។ ម្យ៉ាង​ក៏​ដើម្បី​រ៉ៃអង្គាស​លុយ​ពី​អនិកជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ដាក់​ចូល​ក្នុង​ហោប៉ៅផ្ទាល់​ខ្លួន​ផង​ដែរ​។
តាម​រយៈវីដេអូឃ្លីបនេះ សឲ្យ​ឃើញ​​ថា លោក កឹម សុខា ​បានធ្វើតាមកាណែនាំរបស់ចៅហ្វាយបរទេសប្រាកដ​មែន ហើយ​វា​គឺជាភស្តុតាងបង្ហាញ​ពីសេនារីយ៉ោទុច្ចរិត​ ដែលបាន​អនុវត្តក្នុង​​ប៉ុនការប៉ង​ផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំ​ដោយ​លោក ហ៊ុន សែន ​​ម្តងហើយ​ម្តងទៀត។ ​មេរៀនបទពិសោធនេះ លោក កឹម សុខា និង​បក្ខពួក ​យកមកអនុវត្តក្នុងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី​៥ នាខែកក្កដា ឆ្នាំ២០១៣ ហើយ​សកម្មភាពដែលក្រុម​លោក កឹម សុខា និង​បក្ខ​ពួក​បាន​ធ្វើ​​ទាំងមុន និង​ក្រោយការបោះឆ្នោតត្រូវបានរដ្ឋាភិបាល​លោក ហ៊ុន សែន​ ចាត់ទុកថា ជាផែនការបដិវត្តន៍ពណ៌​ដ៏ពិសពុលបំផុត​មិនអាចអត់ឱនបានឡើយ ត្រូវ​តែ​ចាត់​វិធានការ​​ច្បាប់​ដោយ​គ្មានការ​លើ​កលែង​។
ផ្អែក​តាម​ភស្តុតាង និង​ឯកសារ​វីដេអូថ្មី​ដែល​លោក កឹម សុខា ស្នើ​សុំតុលាការ​ចាក់​បញ្ចាំង និងភស្តុតាង​ថ្មី​ចំនួន ៣៥ទៀតនោះ មិន​ដឹង​ថា ជាភស្តុតាង​សម្រាប់​ដោះ​បន្ទុក ឬ​ជា​ភស្តុតាង​ដាក់​បន្ទុក​លោក កឹម សុខា បន្ថែម​ ឬយ៉ាង​ណា​នោះ​ទេ។ ដូច្នេះ ការ​សម្រេចបន្ត​នីតិ​វិធី​យ៉ាង​ណាជា​បន្ត​ទៀត​​ គឺ​ជាឆន្ទានុសិទ្ធិ​របស់​ក្រុម​ប្រឹក្សា​​ជំនុំជម្រះ​៕
ដោយ៖ សុខ សុវណ្ណ​​

ទស្សនៈមិត្តអ្នកអាន៖ “ទោះឃ្លីបវីដេអូពីរ ក៏នៅតែខ្លឹមសារតែមួយដែរ”

ក្នុងនាមរូបខ្ញុំជានិស្សិតកំពុងសិក្សាផ្នែកច្បាប់ម្នាក់នៅសាកលវិទ្យាល័យន័រតុន ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ពីដំណើរនៃសវនាការរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងក្តីលោក កឹម សុខា ដែលជាប់ចោទពី បទ សន្ទិដ្ឋិភាព ជាមួយ បរទេស ឬ(ក្បត់ជាតិ) ចាប់តាំងពីថ្ងៃបើកសវនាការដំបូង រហូតមកដល់ពេលនេះ ខ្ញុំសូមបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និងការកត់សម្គាល់នូវចំនុចខ្លះៗពាក់ព័ន្ធនឹងសវនាការរឿងក្តីមួយនេះ ដើម្បីចែករំលែកដល់បងប្អូនប្រជាពលរដ្ឋបានត្រិះរិះពិចារណាទាំងអស់គ្នា។
ទីមួយ៖ ខ្ញុំសូមធ្វើការកត់សម្គាល់លើឃ្លីបវីដេអូជាង ១ម៉ោងដែលលោក កឹម សុខា ទាមទារឲ្យតុលាការចាក់ក្នុងអង្គសវនាការ បើផ្ទៀងផ្ទាត់គ្នាជាមួយនិងឃ្លីបវីដេអូជាង ២នាទីដែលដើមបណ្តឹងបានទាញយកពីការបង្ហោះផ្សាយរបស់ទូរទស្សន៍អនឡាញស៊ីបីអេន (CBN) របស់អូស្ត្រាលី មកធ្វើជាភស្តុតាងក្នុងការចោទប្រកាន់ គឺឃ្លីបវីដេអូទាំងពីរនេះគឺដូចគ្នា១០០% ។ ដូច្នេះក្នុងឃ្លីបវីដេអូទាំងពីរនេះ ទាំងរូបភាព កឹម សុខា ទាំងសម្លេង កឹម សុខា ទាំងសំដី កឹម សុខា រួមទាំងអត្ថន័យនិងខ្លឹមសារដែល កឹម សុខា បាននិយាយ គឺតែមួយដូចគ្នា១០០%។
ទីពីរ៖ បើយោងទៅលើឃ្លីបវីដេអូជាង ១ម៉ោងដែលបានស្នើដោយលោក កឹម សុខា និងក្រុមមេធាវីរបស់ខ្លួន ឲ្យតុលាការចាក់បង្ហាញនៅក្នុងសវនាការនោះ ក្នុងនោះលោក កឹម សុខា បាននិយាយថា៖ «តាំងពីឆ្នាំ១៩៩៣ ដែលខ្ញុំជាប់ជាតំណាងរាស្ត្រដំបូង អាមេរិកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិក មុនគេបង្អស់ ក្នុងនាមអ្នកនយោបាយខ្មែរក្នុងប្រទេស ដើម្បីឲ្យយល់ពីដំណើរការប្រជាធិបតេយ្យ គេហៅខ្ញុំមួយឆ្នាំម្តងៗឲ្យខ្ញុំទៅអាមេរិក តាំងពីឆ្នាំ១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឲ្យកម្ពុជាមានការផ្លាស់ប្តូរនោះ គេត្រូវឲ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយដំណាក់សិន។ ខ្ញុំក៏បានលាឈប់ពីនយោបាយ ពីគណបក្សនយោបាយ ដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះថា (មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា)។ តើគេឲ្យបង្កើតដើម្បីអី? គេថាបើចង់ប្តូរថ្នាក់ដឹកនាំ យើងមិនអាចទៅជល់ខាងលើបានទេ មុននឹងប្តូរខាងលើបាន ទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុន ជាយុទ្ធសាស្ត្ររបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិកដែលគេជួយខ្ញុំនេះ គេឲ្យខ្ញុំយកម៉ូឌែល តាមប្រទេស(យូហ្គោស្លាវី) នៅ(ស៊ែប៊ី) ដែលគេប្តូរមេដឹកនាំផ្តាច់ការ មីឡូសូវិច បាននោះ មីឡូសូវិច រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបាន ដោយសារតែគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធន៍ហ្នឹងមកឲ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មាននរណាដឹងទេ”។ គាត់បាននិយាយទៀតថា គាត់សន្សំ២០ឆ្នាំមកហើយ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៣»។
ចំណែកឯឃ្លីបវី ដេអូ រយៈពេលជាង ២នាទី ដែល ដើមបណ្តឹង ដាក់ ជា ភស្តុតាងក្នុងការ ប្តឹង លោក កឹម សុខា ទៅតុលាការ នោះ គឺ អត្ថន័យនិងខ្លឹមសារដូច គ្នា បេះ បិទ១០០% ទៅនឹងឃ្លីប វីដេអូ រយៈពេល ជាង ១ម៉ោង ដែល លោក កឹម សុខា បាន ដាក់ ជូន តុលាការ ធ្វើ ជា ភស្តុតាង ដោះ បន្ទុកដើម្បី ចង់បង្ហាញ ពី ភាព ស្អាតស្អំ របស់ ខ្លួន។
ទីបី៖ យោងលើសំដីដែលកឹមសុខា បាននិយាយ ប្រៀបធៀបទៅនឹងទង្វើ និងសកម្មភាពដែលគាត់បានធ្វើ តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ គឺវាស៊ីសង្វាក់គ្នាគ្រប់សកម្មភាពទាំងអស់។
ទីបួន៖ យោងតាមសំដីលោក គី តិច មេធាវីរបស់ដើមចោទដែលបានធ្វើសន្និសិទកាសែតក្រោយបញ្ចប់សវនាការល្ងាចថ្ងៃទី២២ មករា ថា រវាងឃ្លីប វីដេអូ រយៈពេល ជាង ២នាទី និងឃ្លីបវីដេអូរយៈពេលជាង១ម៉ោង ដែល តុលាការ បាន ចាក់ បញ្ចាំង ក្នុងអង្គ សវនា ការ គឺទាំង រូបភាព ទាំងសម្លេង និងកាយវិកា គឺ ជាឃ្លីប វីដេអូដូចគ្នាបេះបិទ ដូច្នេះបញ្ជាក់ថា គឺ ពិតជារូបភាព និងសម្លេង របស់ លោក កឹម សុខា ១០០% គ្មានការកាត់ត ឬបំភ្លៃអត្ថន័យ និងខ្លឹមសារដូចការចោទប្រកាន់របស់មជ្ឈដ្ឋានមួយចំនួននោះទេ។
សរុបមកការបកស្រាយទាំងប៉ុន្មានចំនុចខាងលើពាក់ព័ន្ធនឹងសំណុំរឿងក្តីលោក កឹម សុខា នេះ ខ្ញុំគ្រាន់តែចង់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋបានត្រិះរិះពិចារណាទាំងអស់គ្នាតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងនាមខ្ញុំជានិស្សិតដែលសិក្សាផ្នែកច្បាប់ ខ្ញុំយល់ថា បើខ្លឹមសារនៃវីដេអូទាំង២នេះវាដូចគ្នាទៅហើយនោះ អញ្ចឹងការចោទបទសន្ទិដ្ឋិភាពជាមួយបរទេស ឬ(ក្បត់ជាតិ) ទៅលើលោក កឹម សុខា នេះ គឺពិតជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនៅក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជាយ៉ាងពិតប្រាកដ គឺពិតជាមិនមែនជារឿងនយោបាយ ដូចការយល់ច្រឡំរបស់អ្នកវិភាគ ,សង្គមស៊ីវិល និងអ្នកនយោបាយដែលមាននិន្នាការគាំទ្រអតីតបក្សប្រឆាំងនោះឡើយ៕
ដូច្នេះរឿងវាយតម្លៃថា ជនជាប់ចោទមានទោស ឬគ្មានទោសនោះ គឺជាកិច្ចការរបស់តុលាការក្នុងការដំណើរការសវនាការ និងជាអ្នកសម្រេចដោយផ្អែកលើអង្គហេតុនៃវីដេអូទាំង២តែខ្លឹមសារតែមួយ។

ដោយ៖ ជីវ័ន និស្សិតច្បាប់ឆ្នាំទី២ នៃសកលវិទ្យាល័យន័រតុន


ពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២០ និងលើកទិសដៅបន្ត សម្រាប់អភិវឌ្ឍខេត្តក្រចេះ ឱ្យកាន់តែរីកចម្រើន

ក្រចេះ ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោក ប៉ូច បុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ក្រោមជាតិ ផ.យ.អ.ជ ២០១៩-២០២៣ ក្នុងតំបន់ខេត្តក្រចេះ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ប៉ែន លីណាត អភិបាលខេត្តស្តីទី និងចូលរួមពីមន្ទីរអង្គភាព សភាពាណិជ្ជកម្ម អង្គការសង្គមស៊ីវិល និងមកពីខេត្តចំនួន៨ខេត្ត គឺខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង រតនៈគីរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង។
ពិធីនេះត្រូវរៀបចំធ្វើឡើងដើម្បីសម្រេចនូវគោលបំណងសំខាន់៣រួមមាន៖ ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រជុំចម្បង ដែលបានកើតមានឡើងនៅក្នុងការអនុវត្តផ.យ.អ.ជ ២០១៤-២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះទាំងមូល ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ដើម្បីកំណត់នូវបណ្ដារវិធានការគោលនយោបាយនានា ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា តាមវិស័យនៅដំណាក់កាល នៃអាណត្តិរបស់ផែនការដើម្បីស្ថេរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា នឹងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់(ប្រទេសអភិវឌ្ឍន៍)នៅឆ្នាំ២០៥០ នឹងដើម្បីដាក់ចេញនូវប្រព័ន្ធមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំនៃការអនុវត្តផ.យ.អ.ជ២០១៩-២០២៣ របស់ក្រសួងស្ថាប័ននានា ។
លោករដ្ឋលេខាធិការក្រសួងផែនការ បានថ្លែង អំពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផ.យ.អ.ជ ឆ្នាំ២០១៩-២០២៣ គឺជាឧបករណ៍មួយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាតែមួយគត់ សម្រាប់អនុវត្តគោលនយោបាយអាទិភាព និងចំណុចដៅអាទិភាពទាំងឡាយរបស់ជាតិ ជាពិសេសក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍នានាទាំងថ្នាក់ជាតិ និងក្រោមជាតិ ត្រូវរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍតាមវិស័យ និងយុទ្ធសាស្ត្រគាំទ្រឲ្យមានសង្គតិភាព ជាមួយអាទិភាពនិងឈានទៅការសម្រេចបានការអនុវត្តផ.យ.អ.ជ ២០១៩-២០២៣។
លោកបានបន្តថា ៖ ផ.យ.អ.ជ ២០១៩-២០២៣ បានឆ្លុះបញ្ចាំងនូវការប្ដេជ្ញាចិត្តដ៏មោះមុតឥតរាថយ របស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យ នៃកម្មវិធីនយោបាយអភិវឌ្ឍជាតិដែលបានដាក់ចេញ ដើម្បីធានាឆ្លើយតបទៅនឹងការវិវត្តនៃបរិការណ៍អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលជាបច្ច័យនៃការលេចចេញនូវបញ្ហាប្រឈម និងកាលានុវត្តភាពនានាដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយទោះជាត្រូវរែកពុនយ៉ាងណាក៏ដោយ ជាពិសេសដើម្បីឈានទៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពកម្ពុជា ២០១៦-២០៣០។
ចក្ខុវិស័យកម្ពុជា២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេសអភិវឌ្ឍន៍ ។ ហើយផ.យ.អ.ជ ២០១៩-២០២៣ ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានមួយចំនួនរួមមាន-ធាតុចូលដែលទទួលបានពីក្រសួងស្ថាប័ននានា-ការគិតគូរនិងការគណនាផល ចាំបាច់មួយចំនួនរបស់ក្រសួងផែនការ -ការពិគ្រោះយោបល់បន្ថែមជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន -ការពិគ្រោះយោបល់ជាមួយនឹងដៃគូអភិវឌ្ឍន៍នានា-ការពិនិត្យមើលឡើងវិញលើទិន្នន័យថ្មីៗ ជាពិសេសទិន្នន័យស្ដីពីការអង្កេតសេដ្ឋកិច្ចសង្គមកិច្ច និងទិន្នន័យរបស់រដ្ឋបាលរបស់បណ្ដាក្រសួង-ស្ថាប័ន និងការពិនិត្យមើល និងបញ្ចូលនូវឯកសារគោលនយោបាយថ្មីៗមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា ៕



សេនានុព័ន្ធថៃប្រចាំនៅកម្ពុជា រៀបចំប្រារព្ធខួបកំណើតកងទ័ពភូមិន្ទថៃ លើកទី៦១

សេនានុព័ន្ធយោធា អមស្ថានទូតថៃ ប្រចាំនៅកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦១ ថ្ងៃកំណើតកងទ័ពភូមិន្ទថៃ (១៨ ខែមករា ឆ្នាំ១៩៥៩ – ១៨ ខែមករា ឆ្នាំ២០២០) កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ក្រោមការអញ្ជើញជាអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ តំណាងលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ (PANYARAK POOLSAP) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា។
ក្នុងសន្ទរកថាស្វាគមន៍របស់ លោក ភិស្ណុ សារធី ប្រធានសេនានុព័ន្ធថៃ ប្រចាំកម្ពុជា បានថ្លែងថា៖ ថ្ងៃនេះនៅក្នុងព្រះរាជាណាចក្រថៃ បានរំលឹកគុណដល់ប្រជាជនថៃ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិថៃ។ លោកវរសេនីយ៍ បានមានប្រសាសន៍ថា៖ កងកម្លាំងប្រដាប់អាវុធភូមិន្ទថៃ បានរក្សានូវចំណងទាក់ទងយោធា និងកាទូតជាមួយបណ្តាប្រទេសជាច្រើននៅលើសកលលោក និង នៅអាស៊ាន ជាពិសេសមានបទពិសោធន៍លើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាច្រើន ជាមួយនឹងព្រះរាជាណចក្រកម្ពុជា ដែលអាចយកមកធ្វើជាមូលដ្ឋានដ៏ល្អប្រសើរ សម្រាប់អភិវឌ្ឍចំណងមិត្តភាពប្រទេសទាំងពីរ ថៃ-កម្ពុជា ដ៏យូរអង្វែងតទៅទៀត។
ក្នុងនាមក្រសួងការពារជាតិកម្ពុជា អគ្គបញ្ជាការ នាយទាហាន និងពលទាហាន នៃខ.ភ.ម លោក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ បានសំដែងការ ចូលរួមអបអរសាទរ ចំពោះថ្ងៃខួបកំណើតលើកទី៦១ កងទ័ពភូមិន្ទថៃ ដែលបានធ្វើឡើងស្របពេលដែលចំណងមិត្តភាពរវាងខ.ភ.ម និងកងទ័ពភូមិន្ទថៃ បាននឹងកំពុងពង្រឹងពង្រីកជាលំដាប់។
ក្នុងនាមក្រសួងកាពារជាតិ និងអគ្គបញ្ជាការ លោក ផាត វិបុលសុភ័ក្ត្រ បានសម្តែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ៏ពភូមិន្ទថៃ ជាបងប្អូន ដែលបានជួយឧបត្ថម្ភគាំទ្រចំពោះខ.ភ.ម ពិសេសការបណ្តុះបណ្តាលធនធានមនុស្ស នាពេលកន្លងមក ដែលជាកត្តានាំមកនូវគុណប្រយោជន៍ដ៏សំខាន់ ដល់ការសម្រេចជោគជ័យរបស់ ខ.ភ.ម ក្នុងការងារការពារប្រទេស កសាង និងអភិវឌ្ឍជាតិរបស់ខ្លួន។ ក្នុងព្រឹត្តិការណ៍ទិវាខួបកំណើតកងទ័ពភូមិន្ទថៃនៅឆ្នាំ២០២០នេះ គឺស្របពេលការអបអរសាទរខួបលើកទី៧០ នៃការទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃផងដែរ ៕





កងទ័ពកម្ពុជា-សឹង្ហបូរី បង្ហាញពីគោលជំហររក្សាចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការពារសន្តិភាពឱ្យបានល្អគង់វង្សយូរអង្វែង

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យ ឧត្ដមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ មេបញ្ជាការកងទ័ពជើងគោកសឹង្ហបូរី និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងកិច្ចជំនួប ដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកសឹង្ហបុរី បានសម្តែងនូវគារវកិច្ច ប្រកបដោយភាពស្និទ្ធស្នាល និងការស្វាគមន៍យ៉ាងកក់ក្តៅ ដោយបានរំឭកឡើងវិញ ពីកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កានាពេលកន្លងមក នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា និងសឹង្ហបូរី។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីសម័យអតីតកាល ដែលកម្ពុជាជួបប្រទះនូវភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ បានបង្កមហន្តរាយស្ទើរគ្មានសល់ នូវហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ជាពិសេសការដាក់ចេញនយោបាយឈ្នះឈ្នះរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងសង្គមជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកលើវិស័យការពារជាតិ កងយោធពលខេមរភូមិន្ទ បាននិងកំពុងមានការវិវត្តន៍គួរឲ្យកត់សម្គាល់ ក្នុងការពង្រឹងសមត្ថភាពការពារជាតិ ក៏ដូចជាការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងមកដល់បច្ចុប្បន្ននេះ កម្ពុជាបានក្លាយជាប្រទេសមួយ ដែលបានបញ្ជូនកម្លាំង និងក្រុមជំនាញជាច្រើនចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់សាធារណរដ្ឋសឹង្ហបូរី ដែលកន្លងមកបានជួយដល់កងទ័ពកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយដោះស្រាយមធ្យោបាយមួយចំនួនទៀត។
ជាកិច្ចឆ្លើយតប ឧត្ដមសេនីយ៍ទោ ហ្គូ សុីហ៊ូ បានថ្លែងអំណរគុណដល់នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានចែករំលែកនូវចំណេះដឹង ពីស្ថានការណ៍វិវត្តន៍នានា ឆ្ពោះទៅរកសន្តិភាពរបស់ប្រទេសកម្ពុជា ដោយក្នុងនោះ លោកឧត្តមសេនីយ៍ បានចាត់ទុកថា សន្តិភាពពិតជាមានតម្លៃ និងបានមកដោយលំបាក ដែលក្នុងនាមជាកងទ័ពមានកាតព្វកិច្ចសំខាន់រួមគ្នាថែរក្សា។ ដោយឡែកលើទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ បានបង្ហាញនូវការជឿជាក់ថា នឹងមានទំនាក់ទំនងល្អ និងមានកិច្ចការជាច្រើនទៀត ដែលត្រូវបន្តសហការជាមួយគ្នា៕



លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែងថា ការិយាល័យច្រកចេញចូលតែមួយទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកប្រើប្រាស់

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ច្រកចេញចូលតែមួយ បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកប្រើប្រាស់សេវា ដោយសារបានកាត់បន្ថយជាអតិបរមានូវភាពអាណាធិបតេយ្យ និងអំពើពុករលួយ។ លោក បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជធានី-ខេត្ត នៅរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងបន្ថែមទៀតថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋដែលសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលដាក់ចេញដើម្បីបង្ករលក្ខណៈ ងាយស្រួល និងឆ្លើយតបតាមសំណូមពរ ពេលវេលា ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍បន្តថា “យន្តការច្រកចេញចូលតែមួយ បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកប្រើប្រាស់សេវា ដោយសារបានកាត់បន្ថយជាអតិបរមានូវការិយាធិបតេយ្យ និងអំពើពុករលួយក្នុងដំណើរការសុំសេវាផ្សេងៗពីស្ថាប័នរដ្ឋ ។ហើយលើសពីនេះទៅទៀត នៅតាមបណ្ដាប្រទេសដែល មានធនធានមនុស្សមានសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន គេក៏បានអភិវឌ្ឍន៍នូវប្រព័ន្ធ និងយន្តការនេះរហូតដល់តាមប្រព័ន្ធអនឡាញ និងឌីជីថលទៀតផង”។
លោកឧបនាយករដ្ឋមន្ត្រីបានរំលឹកថា កម្ពុជាបានអនុវត្តសាកល្បងនូវដំណើរការច្រកចេញចូលតែមួយនេះ រយៈពេល១៥ឆ្នាំរួចមកហើយ ដោយចាប់ផ្ដើមដំបូង នៅស្រុកក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយមានការគាំទ្រពីរដ្ឋបាលស្រុកនៅអាល្លឺម៉ង់ និងអ៊ីតាលី។ ដោយសារយន្តការនេះមានប្រសិទ្ធភាពខ្ពស់ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងពាក់ព័ន្ធ ពង្រីកការិយាល័យនេះនៅតាមបណ្ដាក្រុងស្រុកជាបន្តបន្ទាប់ គិតត្រឹមឆ្នាំ២០១៩ មានថ្នាក់ក្រុងស្រុកខណ្ឌចំនួន១១៥រួចមកហើយ ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា ការិយាល័យច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រាជធានីខេត្តទូទាំងប្រទេស បានដំណើរការផ្ដល់សេវាជិត៦០០ប្រភេទសេវា ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងធនធានមួយចំនួនពីថ្នាក់ជាតិមកឲ្យថ្នាក់ក្រោមជាតិ ព្រមទាំងបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រងស្រុក និងបង្កើនថវិកាឃុំសង្កាត់នៅឆ្នាំ២០២០ដែរ ។ ក្នុងនោះថវិកាអភិវឌ្ឍន៍មូលដ្ឋានមានជាង៧ម៉ឺនដុល្លារ ដើម្បីធានាឲ្យឃុំសង្កាត់បំពេញបានតាមតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការបង្កើតការិយាល័យ ច្រកចេញចូលតែមួយ ក៏បង្កើតការិយាល័យប្រជាពលរដ្ឋមួយទៀតដែរ ដែលមានតួនាទីទទួល សម្របសម្រួល និងដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ានានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន ភាពមិនប្រក្រតីនៃការផ្ដល់សេវា ឬការបញ្ចេញអកប្បកិរិយាមិនសមរម្យណាមួយពីមន្ត្រីក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍអស់រយៈពេល២០ឆ្នាំ គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យលោក ហ្គោ ស៊ី ហ៊ូ (Goh Si Hou) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
លោក អៀង សុផល្លែត ជំនួយការលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ លោក ហ្គោ ស៊ីហ៊ូ បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា៖ លោកធ្លាប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនៅពេលនេះ លោកមានអារម្មណ៍ថា ប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយការអភិវឌ្ឍន៍នោះទៀតសោត គឺជាការអភិវឌ្ឍរយៈពេល២០ឆ្នាំ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ លោក ហ្គោ ស៊ីហ៊ូ បានមានប្រសាសន៍បន្ដថា៖ សន្តិភាពដែលកម្ពុជាទទួលបានមកនេះ គឺបានមកដោយលំបាក ហើយសន្តិភាពនេះ គឺនឹងស្ថិតនៅជាកត្តាដ៏សំខាន់ របស់កម្ពុជាសម្រាប់រយៈពេលវែងថែមទៀត។
លោក ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្ដីផងដែរថា៖ លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ហើយក៏បានជួបពិភាក្សាជាមួយ លោក ហ៊ុន ម៉ាណែត ផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាព រវាងកងទ័ពទាំងពីរ។ លោក មានប្រសាសន៍ដែរថា៖ លោករួមជាមួយ និងលោក ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នា ដើម្បីធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដើម្បីផលប្រយោជន៍ នៃប្រទេសនីមួយៗផង និងផលប្រយោជន៍សម្រាប់អាស៊ានផងដែរ។ ជាងនេះទៀតលោក ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្ដីផងដែរថា កងទ័ពទាំងពីរកន្លងមក មានកិច្ចសហប្រតិបត្ដិការគ្នាយ៉ាងល្អ ហើយលោក និងលោក ហ៊ុន ម៉ាណែត នឹងបន្តនូវកិច្ចសហប្រតិបត្តិការល្អនេះបន្តទៀត។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្ដី បានស្វាគមន៍នូវកិច្ចពិភាក្សារវាង លោក ហ្គោ ស៊ីហ៊ូ និងលោក ហ៊ុន ម៉ាណែត ហើយលោកនាយករដ្ឋមន្រ្ដី ក៏បានមានប្រសាសន៍ផងដែរថា៖ ជាការពិតណាស់កងទ័ពទាំងពីរ ចាំបាច់ត្រូវចែករំលែកនូវបទពិសោធន៍ រវាងគ្នាទៅវិញទៅមក, ចែករំលែកព័ត៌មានគ្នានឹងគ្នាទៅវិញទៅមក ក៏ដូចជាការហ្វឹកហ្វឺនរួមគ្នាផងដែរ។ លោកបន្តថា៖ នៅពេលនេះពិភពលោក គឺមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់។ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ គឺពិតជាមានសារៈសំខាន់ណាស់។
លោកនាយករដ្ឋមន្រ្ដី ក៏បានជម្រាបជូនលោក ហ្គោ ស៊ីហ៊ូ អំពីនយោបាយរបស់កម្ពុជា ដែលនោះគឺប្រជាជន ជាខឿនការពារជាតិកម្ពុជា, កងទ័ពមានតួនាទីសំខាន់ក្នុងការពាជាតិដែរ ប៉ុន្តែកងទ័ពកម្ពុជាក៏មានតួនាទីក្នុងការចូលរួមបង្កបង្កើនផល, ការចូលរួមសង្គ្រោះប្រជាជននៅពេលមានគ្រោះមហន្តរាយ និងការចូលរួមនូវការថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា៖ លោកពុំមានការជឿជាក់ថា ការប្រើកម្លាំងអាចដោះស្រាយបញ្ហានោះទេ, ផ្ទុយទៅវិញការចរចា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេ ដែលដោះស្រាយរាល់បញ្ហាទាំងឡាយ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថា៖ កម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយនឹងប្រែក្លាយតំបន់ដែលធ្លាប់ជាសមរភូមិ ឲ្យទៅជាតំបន់ទីផ្សារ ៕



ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខសិស្សកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤ លើកទី១ នៅសាលានគរបាលភូមិភាគ៦

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោកឧត្តមសេនីយ៏ត្រី ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត មន្ត្រីយោធា និងមន្ត្រីកងរាជអាវុធខេត្តកំពង់ឆ្នាំង ចូលរួមអមដំណើរ លោក ចាន់ អ៊ាន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ តំណាងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នាយរងសេនាធិការ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល អនុប្រធាននាយកដ្ឋានបុគ្គលិក ដែលបានអញ្ជើញចុះសួរសុខទុក្ខ សិស្សនគរបាល «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៤ លើកទី១ នៅសាលានគរបាលជាតិ ភូមិភាគ៦ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។
លោកបានថ្លែងបន្តថា ពេលក្មួយៗចូលបម្រើការងារ ក្មួយៗត្រូវមានអាកប្បកិរិយាល្អ មានសាមគ្គីភាពល្អ ខិតខំបំពេញភារកិច្ចដែលថ្នាក់លើដាក់ជូន ពីព្រោះក្មួយៗជាមន្ត្រីបន្តវេន។ លោកបានរំឭកដាស់តឿនដល់សិស្សនគរបាលថា ការបណ្តុះបណ្ដាលនៅទីនេះ គឺផ្ដោតលើគុណភាពជាចម្បង គឺក្មួយៗត្រូវរៀនឱ្យចេះ មិនមែនរៀនឱ្យចប់ ដើម្បីបង្រ្គប់កិច្ចនោះទេ ហើយក៏គ្មានការសម្របសម្រួល និងមិនស្ថិតក្រោមឥទ្ធិពលនៃអន្តរាគមន៍ណាមួយនោះឡើយ។ ហេតុនេះ សូមក្មួយៗយកចិត្តទុកដាក់សិក្សា រៀនសូត្រ និងគោរពវិន័យឱ្យបានល្អ។
ក្នុងឱកាសនៃការចុះសំណេះសំណាលសួរសុខទុក្ខនេះ រដ្ឋលេខាធិការបាននាំយកអំណោយឧបត្ថម្ភរួមមាន ៖ អង្ករ ចំនួន២តោន មី៥កេសធំ ត្រីខ៥យូរ គោ១ក្បាល ស្រាបៀរ២០កេស ទឹកបរិសុទ្ធ១០កេស ទឹកត្រី៥យួរ ទឹកស៊ីអ៉ីវ៥យួរ និងថវិកាសរុបចំនួន ១៣,៩២០,០០០រៀល សម្រាប់ឧបត្ថម្ភជូន ៖ សាលាចំនួន ២លានរៀល ឧបត្ថម្ភដល់ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូនគរបាលជាតិម្នាក់ៗ ចំនួន ៥ម៉ឺនរៀល ឧបត្ថម្ភដល់សិស្សនគរបាលម្នាក់ៗ ចំនួន ៥ម៉ឺនរៀល និងមន្ត្រីជាប់កិច្ចសន្យារបស់សាលា ម្នាក់ៗចំនួន ៣ម៉ឺនរៀលផងដែរ។ បន្ទាប់មក លោក និងលោករដ្ឋលេខាធិការ បានទស្សនាការសម្តែងនូវលំហាត់របៀបរបស់សិស្ស និងចុះពិនិត្យមើលស្ថានភាពកន្លែងស្នាក់នៅរបស់សិស្ស និងអាហារដ្ឋាន៕



កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដាក់ចេញនូវវិធានការ និងទិសដៅការងារ ១០ចំណុចសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច ការងារ កងរាជអាវុធហត្ថប្រចាំខែមករា ឆ្នាំ២០២០ លើកទិសដៅការងារខែកុម្ភៈ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចូលរួមចំនួន ១៣០ នាក់។
នាឱកាសនោះលោក ឧត្តមសេនីយត្រី សាក់ សារ៉ាង មេបញ្ជាការ បានដាក់ចេញនូវវិធានការ និងទិសដៅដូចខាងក្រោម៖
១-នៅពេលទៅធ្វើកិច្ចការអ្វីមួយត្រូវអនុវត្តទៅតាមច្បាប់ និងក្រមសិលធម៌ ហាមប្រើអំពើហឹង្សា។
២-ក្រុង ស្រុក ស្នាក់ការសន្តិសុខ មុនចេញទៅបំពេញភារៈកិច្ចផ្សេងៗ ត្រូវសុំគោលការណ៌ពីលោកមេបញ្ជាការជាមុនសិន។
៣-ពេលចុះសហការរឿងទំនាស់ដីធ្លី សុំអោយពិនិត្យឯកសារពាក់ព័ន្ធអោយបានច្បាស់លាស់ ប្រសិនបើគេមានឯកសារត្រឹមត្រូវអោយគាត់អនុវត្តទៅតាមច្បាប់ បើឯកសារមិនច្បាស់លាស់ប្រគល់អោយអាជ្ញាធរដោះស្រាយ។
៤-ការពារបុណ្យចូលឆ្នាំចិន សូមកំលាំងយើងយកចិត្តទុកដាក់អោយបានហ្មត់ចត់ តាមដានមុខសញ្ញា ចោរលួច ចោរឆក់ ទាំងមុខសញ្ញាចាស់ ថ្មី ពិសេសសកម្មភាពក្មេងទំនើង នៅតាមកន្លែងកំសាន្តផ្សេងៗ និងនៅតាមសាលារៀន ។
៥-ផ្នែកព័ត៌មាន និងសន្តសុខ ត្រូវកសាងបណ្តាញភ្នាក់ងារផ្តល់ព័ត៌មាន ក្នុងមួយភូមិអោយបាន ០៤ នាក់។
៦-នៅពេលចាប់បានជនល្មើស ហាមធ្វើទារុណកម្ម គឺត្រូវប្រមូលវត្ថុតាង កសាងសំណុំរឿង និតិវិធី បើសិនជាជនល្មើសមានអាវុធ ត្រូវរាយការណ៌សុំគោលការណ៏ ដើម្បីមានវិធានការ។
៧-មេបញ្ជាការរងប្រចាំបញ្ជាតាមថ្ងៃនីមួយៗ តាមដានសភាពការប្រចាំថ្ងៃ និងពិនិត្យក្រុមប្រចាំការ ត្រូវមានមុខជាប្រចាំតាមថ្ងៃកំណត់។
៨-មុខសញ្ញាដែលបានចេញបញ្ជាអោយចាប់ខ្លួន ត្រូវព្រីនរូបថតដាក់តាមប្រជាការពារ ហើយស្រាវជ្រាវចាប់អោយបាន។
៩-ត្រូវតែបង្ក្រាបជាដាច់ខាតនូវរាល់បទល្មើសព្រៃឈើ។
១០-ចំពោះបញ្ហាអាវុធហត្ថដែលមានជំងឺ សុំអោយការិយាល័យបុគ្គលិក និងការិយាល័យសុខាភិបាលធ្វើបញ្ជីឈ្មោះ និងចុះទៅពិនិត្យដោយផ្ទាល់ ហើយរាយការណ៏ពីស្ថានភាពជំងឺជូនលោកមេបញ្ជាការ៕


កំហុសយុទ្ធសាស្ត្រផ្លូវច្បាប់៖ ជនជាប់ចោទ កឹម សុខា ដាក់ភស្តុតាងដោះបន្ទុក ប៉ុន្តែបែរជាដាក់បន្ទុកលើខ្លួនឯងក្នុងសំណុំរឿងក្តីក្បត់ជាតិ

នៅពេលនេះ រឿងក្តីក្បត់ជាតិរបស់ជនជាប់ចោទ កឹម សុខា ស្ថិតក្នុងដំណាក់កាលនៃការតតាំងផ្លូវច្បាប់នៅចំពោះមុខសាលាដំបូងដែលគេហៅថាជា «រឿងក្តីអាំងសត្វដំរី» និងទំនងជាសំណុំរឿងទី ១ ក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍ពណ៌ ដែលផែនការត្រូវបរាជ័យ មេខ្លោងត្រូវបានចាប់ខ្លួន និងយកមកផ្តន្ទាទោសនៅចំពោះមុខច្បាប់។ សំណុំរឿងក្បត់ជាតិរបស់ កឹម សុខា មានភាពស្មុគស្មាញ និងត្រូវការពេលវេលាដើម្បីបញ្ជាក់ភស្តុតាងច្រើន ខណៈផែនការបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវបានអនុវត្តយ៉ាងហ្មត់ចត់បំផុតតាមទ្រឹស្តីរបស់អ្នកជំនាញបដិវត្តន៍ពណ៌ មានការជួយជ្រោមជ្រែងពីបរទេស មានការគាំទ្រពីក្រុមបក្ខពួកខ្លួន និងបានពួនសម្ងំលាក់ ខ្លួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលជាលេសស្របច្បាប់របស់បរទេសមួយចំនួនបានប្រើប្រាស់ដើម្បីគាំទ្រក្រុមប្រឆាំងផ្លាស់ប្តូររបបដឹកនាំឬមេដឹកនាំដែលខ្លួនគិតថាមិនបានដើរតាមបន្ទាត់នយោបាយខ្លួនឬមិនបានបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។
ជនជាប់ចោទ កឹម សុខា បានថ្លែងនៅចំពោះមុខតុលាការក៏ដូចជាប្រព័ន្ធផ្សព្វផ្សព្វផ្សាយថា«តុលា
ការមិនយល់ពីនយោបាយរបស់ខ្លួន» និងថា«អ្វីៗដែលខ្លួនធ្វើមិនមែនជាបដិវត្តន៍ពណ៌ទេ»។ នេះគឺជាសិទ្ធិ ស្របច្បាប់របស់ជនជាប់ចោទ កឹម សុខា ក្នុងការការពារខ្លួនចំពោះមុខនៃការចោទប្រកាន់ពីបទក្បត់ជាតិ ហើយកឹម សុខា ត្រូវតែបង្ហាញភាពស្អាតស្អំរបស់ខ្លួនតាមរយៈការបង្ហាញភស្តុតាងទាំងឡាយនិងត្រូវច្បាស់ ថាភស្តុតាងដែលដាក់នោះ ពិតជានឹងជួយខ្លួនឱ្យរួចផុតពីការចោទប្រកាន់។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ រាល់ភស្តុតាងដោះបន្ទុកដែលជនជាប់ចោទកឹម សុខា បានស្នើសុំដាក់ត្រូវបានគេមើលឃើញថាជាភស្តុតាងដែលបានដាក់បន្ទុកមកលើខ្លួនកាន់តែខ្លាំងទៅវិញ។ ជាក់ស្តែងដូចជាកឹម សុខា ស្នើសុំដាក់វិដេអូភស្តុតាង រយៈពេលជាង ១ ម៉ោងកាលពីថ្ងៃទី២២ ខែមករាគឺបានបង្ហាញយ៉ាងច្បាស់ថាមានខ្លឹមសារដូចគ្នាទាំងស្រុង នឹងវិដេអូដែលបានចោទប្រកាន់ខ្លួនដែលលោកមេធាវី គី តិច តំណាងរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាជាកាដូភស្តុតាងដ៏ធំសម្រាប់ដាក់បន្ទុកលើ កឹម សុខា បន្ថែម។ កឹម សុខា ខ្លួនឯងក៏បានទទួលស្គាល់ចំពោះ មុខតុលាការថាវីដេអូដែលបានចោទប្រកាន់ប្រឆាំងខ្លួនជាវីដេអូពិត និងជាសំឡេងរបស់ខ្លួន ប៉ុន្តែចោទថា មានការកាត់តជាកំណាត់ៗ។ ប៉ុន្តែតាមរយៈភស្តុតាងដែល កឹម សុខា បានដាក់គឺធ្វើឱ្យសាធារណជនមើល ឃើញថាជាភស្តុតាងដ៏មានទម្ងន់បញ្ជាក់ពីទង្វើក្បត់ជាតិរបស់ កឹម សុខា។
ជនជាប់ចោទ កឹម សុខា នឹងត្រូវស្វែងរកភស្តុតាងដោះបន្ទុកក្នុងរឿងជាច្រើនទៀតក្នុងសំណុំរឿង
ក្បត់ជាតិនេះ ជាពិសេសគឺសកម្មភាពនៅឆ្នាំ ២០១៣ ដែលគណបក្សសង្គ្រោះជាតិនៅពេលនោះដែលមាន សម រង្ស៊ី ជាប្រធាន និងទណ្ឌិត កឹម សុខា ជាអនុប្រធានបានប្រើប្រាស់នយោបាយបង្កចលាចលសង្គមតាមរយៈការអុកឡុកលើដំណើរការបោះឆ្នោត និងការបង្កើតឱ្យមានបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត រហូតដល់បង្កហិង្សា។ សកម្មភាពដែលក្រុមគណបក្សប្រឆាំងបានធ្វើនៅពេលនោះ គឺច្បាស់ណាស់ចេញពីការរៀបចំផែនការដ៏ល្អិតល្អន់ ដោយឈរលើមូលដ្ឋាននៃសៀវភៅមគ្គុទ្ទេសបដិវត្តន៍ពណ៌ដែលរៀបចំឡើង ដោយលោក ជីន សាប មានចំណងជើងថា «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ»។ លោក ជីន សាប ត្រូវ បានពិភពលោកស្គាល់ថាជាអ្នកបង្កើតទ្រឹស្តីនិងវិធីសាស្ត្រនៃការធ្វើបដិវត្តន៍ពណ៌ និងត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា ក្រោមរូបភាពញុះញង់ ចលាចល ប៉ុន្តែភ្ជាប់នឹងការប្រើប្រាស់ពាក្យ«អហិង្សា»ជានិច្ច។ សៀវភៅរបស់លោក ជីន សាប នេះត្រូវបានបកប្រែជាភាសាខ្មែរនិងមានការចែកចាយក្នុងចំណោមក្រុមប្រឆាំងផងដែរ។
តើសកម្មភាពដែលក្រុមប្រឆាំង ក្នុងនោះជនជាប់ចោទ កឹម សុខា បានធ្វើគឺជាសកម្មភាពមិនមែន បដិវត្តន៍ពណ៌? ការអះអាងរបស់ កឹម សុខា គ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ។ តាមរយៈខ្សែវីដេអូមួយម៉ោងដែល កឹម សុខា បានដាក់បង្ហាញយ៉ាងច្បាស់ថា ផែនការផ្តួលរំលំដឹកនាំ ចាប់តាំងពីឆ្នាំ ១៩៩៣ មក ម្ល៉េះ ហើយមធ្យោបាយនៃសកម្មភាពដែលពួកគេបានធ្វើគឺស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធដែលមានចំនួន ១៩៨ ចំ ណុចណែនាំក្នុងសៀវភៅរបស់ ជីន សាបក្នុងនោះដូចជាការប្រើពណ៌ ការប្រើនិមិត្តសញ្ញា ការប្រើប្រាស់ផ្កា ជូនកម្លាំងប្រដាប់អាវុ វិធីហ្វឹកហាត់ធ្វើបាតុកម្ម ការសម្តែងល្ខោន ក្បួនសាសនា ដើរជាក្បួន ការកាន់ទុក្ខនយោបាយ ការធ្វើពហិការ ការមិនស្តាប់បង្គាប់ក្នុងសង្គមជាដើម។ តើអ្វីដែលក្រុមប្រឆាំងបានធ្វើ? នៅមុន អំឡុងពេល និងក្រោយពេលបោះឆ្នោត គណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំរបស់ខ្លួនបានធ្វើសកម្មភាពដែលស៊ីសង្វាក់គ្នានឹងមេរៀនបដិវត្តន៍ពណ៌នេះក្រោមរូបភាពផ្សេងៗ។ អ្វីដែលជាឱកាសសំខាន់នៃការបំផ្ទុះ បដិវត្តន៍ពណ៌គឺការបង្កើតព័ត៌មានក្លែងក្លាយជុំវិញការបោះឆ្នោត លើកឡើងថាមានភាពមិនប្រក្រតីខ្លាំងក្នុង ន័យដើម្បីបង្កចលាចល និងញុះញង់ប្រជាបលរដ្ឋឱ្យបះបោរ និងញុះញង់កម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់ បញ្ជាជាដើម។
ភស្តុតាងដែលជនជាប់ចោទពីបទក្បត់ជាតិមិនអាចដោះសារបានគឺសកម្មភាពនៃការតវ៉ាក្រោយពីការបោះឆ្នោតឆ្នាំ ២០១៣ បានប្រែក្លាយចរិតពីការតវ៉ាប្រឆាំងនឹងការបោះឆ្នោតទៅជាការញុះញង់ទម្លាក់ រាជរដ្ឋាភិបាលស្របច្បាប់ដែលចេញពីការបោះឆ្នោត។ សកម្មភាពហិង្សានៅផ្លូវវ៉េង ស្រេង ស្ពានក្បាលថ្នល់ ដែលកម្លាំងបាតុករក្រុមប្រឆាំងគប់ដបសាំង ដុំថ្មទៅលើកម្លាំងសមត្ថកិច្ច ដុតកម្ទេចសម្បតិ្តសាធារណៈនិង បំផ្លាញទ្រព្យសម្បត្តិឯកជន។ នេះគឺស្ថិតក្នុងផែនការបដិវត្តន៍ពណ៌ដែលចេញពីការញុះញង់លើរឿងបោះឆ្នោត។ ការបោះឆ្នោតដែលមេគំនិតទ្រឹស្តីបដិវត្តន៍ពណ៌ ជីន សាប លើកឡើងថា វាមានភាពងាយស្រួលបំ ផុតក្នុងការបំផុសការបះបោរ ការតវ៉ារបស់ប្រជាជនប្រឆាំងនឹងរដ្ឋអំណាច។ ហេតុដូច្នេះហើយបានជាក្រុម ប្រឆាំងរួមនឹងអង្គការសង្គមស៊ីវិលមួយចំនួនបានយកការបោះឆ្នោតធ្វើជាមូលដ្ឋាននៃការផ្លាស់ប្តូររបបតាមបដិវត្តន៍ពណ៌ បើទោះបីជាខ្លួនមិនឈ្នះការបោះឆ្នោតក៏ដោយ។ គណបក្សសង្គ្រោះជាតិបានរៀបចំឱ្យហ្វឹកហាត់ធ្វើបាតុកម្មដឹកនាំធ្វើដោយ មូរ សុខហួរ ការប្រកាសបិទផ្លូវនានាក្នុងរាជធានីភ្នំពេញដែលប្រកាសដោយ ហូ វ៉ាន់ ការប្រើទិសស្លោក «ហ៊ុន សែន អើយចុះចេញទៅ» ដែលកឹម សុខា បានប្រើប្រាស់ ការញុះញង់ឱ្យកងទ័ពកុំឱ្យគោរពបទបញ្ជា បង្កអស្ថិរភាពសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ការញុះញង់ប្រជាពលរដ្ឋកុំឱ្យស្តាប់អាជ្ញាធរ បះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បង្កើតការតវ៉ាដោយដុតរូបទីងមោងថ្នាក់ដឹកនាំប្រទេស ប្រើប្រាស់វោហារសាស្ត្រហិង្សា ហើយបរទេសបានសរសេរគោលនយោ
បាយគណបក្សឱ្យ បរទេសបង្ហាត់បងៀនរៀបចំយុទ្ធសាស្ត្រ និងផែនការនយោបាយ។ ទាំងនេះមិនមែនជាការអនុវត្តផែនការបដិវត្តន៍ពណ៌ទេឬ?
ជនជាប់ចោទ កឹម សុខា អាចនឹងជាប់ផុងកាន់តែខ្លាំងក្នុងសំណុំរឿងក្បត់ជាតិនេះ! នេះមិនគិតពី ភស្តុតាងមួយចំនួនធំ និងការបញ្ជាក់អះអាង និងសារភាពម្តងហើយម្តងទៀតរបស់ទណ្ឌិត សម រង្ស៊ី ថាខ្លួនក៏ជាមេគំនិតបដិវត្តន៍ពណ៌ និងជាអ្នកពាក់ព័ន្ធនឹងការរៀបចំផែនការបដិវត្តន៍ពណ៌ដែរ និងស្នើឱ្យតុលាការនាំយកខ្លួនទៅកាត់ទោសក្បត់ជាតិដូច កឹម សុខា ដែរ។ សំណុំរឿង សម រង្ស៊ី​ ក្បត់ជាតិនៅកំពុងដំណើរការនៅឡើយទេហើយកម្ពុជាស្វាគមន៍ សម រង្ស៊ី ជានិច្ចឱ្យតែមានភាព ក្លាហានមកកម្ពុជា។ ប៉ុន្តែពេលនេះ ភស្តុតាងដែលសម រង្ស៊ី បានលើកឡើងក៏ជាធាតុផ្សំបន្ថែមដើម្បីដាក់​បន្ទុកលើជនជាប់ចោទ កឹម សុខា។ ដូច្នេះអ្វីដែល កឹម សុខា ព្យាយាមរើខ្លួន ក្រឡាស់សម្តីពីការទទួលខុស ត្រូវរបស់ខ្លួនក្នុងនាមជាមេបដិវត្តន៍ពណ៌ ទំនងជាមិនអាចដោះរួចទេ ខណៈភស្តុតាងដែលដាក់ចូលសំណុំរឿងសុទ្ធសឹងតែជាភស្តុតាងដែលមានទម្ងន់លើការចោទប្រកាន់លើអតីតមេបក្សប្រឆាំងរូបនេះ។
​ទេវតាពិតជាបានជួយថែរក្សាជាតិ និងប្រជាជនកម្ពុជាមែន គឺមិនតែបណ្តាលឱ្យ កឹម សុខា និយាយសារភាពចេញមកទាំងស្រុងពីផែនការក្បត់ជាតិទេ ប៉ុន្តែសូម្បីតែភស្តុតាងដែលជនជាប់ចោទ រូបនេះបានដាក់ក៏ផ្តល់ប្រយោជន៍សម្រាប់ជាការដាក់បន្ទុក ហើយអតីតដៃគូនយោបាយដែលដាក់ទុនរកស៊ី នយោបាយបង្កើតបក្សរួមគ្នាក៏ចូលរួមជួយផ្តល់ភស្តុតាងបន្ថែមដើម្បីឱ្យមានទម្ងន់កាន់តែខ្លាំងលើបទចោទ ប្រកាន់ដែលបានធ្វើប្រឆាំងនឹង កឹម សុខា ដែរ។ នេះពិតជាកំហុសយុទ្ធសាស្ត្រផ្លូវច្បាប់មួយដ៏ធ្ងន់ធ្ងររបស់ ក្រុមមេធាវីការពារក្តីកឹម សុខា និងជនជាប់ចោទ កឹម សុខា ប៉ុន្តែវាជាផលបុណ្យរបស់ប្រជាពលរដ្ឋខ្មែរក្នុង ការកម្ចាត់ជនក្បត់ជាតិ ថែរក្សាសុខសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា៕
ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០




សូមស្តាប់កិច្ចសម្ភាសន៍របស់ លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី ក្រោយបញ្ចប់សាវនាកាលើកទី៦ ក្នុងបណ្តឹង លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ)

 សវនាការលើកទី៦ លើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ត្រូវបានបញ្ចប់នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់។
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានផ្ដល់ធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការនេះ ជូនក្រុមអ្នកសារព័ត៌មាន ដើម្បីដឹងអំពីដំណើរការនីតិវិធីមួយចំនួននៅក្នុងសវនាការនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
ទស្សនាវីដេអូទាំងស្រុងនៃសន្និសីទសារព័ត៌មានរបស់មេធាវី គី តិច ក្រោយបញ្ចប់សវនាការ៖