Friday, April 08, 2022

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូថ្មី ៖ «រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺជាអ្នកធានាសន្តិភាពស្ថិរភាព និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ»

នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដោយរំលេចអំពីជោគជ័យនៃការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលវីដេអូនេះមានរយៈពេលប្រមាណជាង១៦នាទី ក្រោមចំណងជើងថា « រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺជាអ្នកធានាសន្តិភាព ស្ថិរភាព និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ»។


ខ្លឹមសារបង្កប់ក្នុងវីដេអូនេះ គឺបានបង្ហាញអំពីអត្ថន័យដ៍ជ្រាលជ្រៅ និងសារៈសំខាន់បំផុត នៃបណ្តាសមិទ្ធផលជាប្រវត្តិសាស្ត្រ ជាពិសេសជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ដែលមានសន្តិភាពជាគ្រឺះដែលបានកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ និងដែលជាកត្តាគន្លឹះអនុគ្រោះបើកឱ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ នៅឆ្នាំ២០២២នេះឡើងវិញ និងបានបញ្ជាក់ថា បើទោះបីជាពិភពលោកនៅតែបន្តញាំញីដោយជំងឺកូវីដ១៩ នៅឡើយក្តី ក៍ប៉ុន្តែប្រជាពលរដ្ឋខ្មែរកំពុងត្រៀមខ្លួនរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយ៉ាងសប្បាយរីករាយ ដោយគ្មានការអាក់ខានទៀតឡើយ។ 

 

បើទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទូលាយឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបា្ររព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទូទាំងប្រទេសក៏ដោយ ក៏សម្តេចតេជោនូវបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវតែបន្តគោរពនិងអនុវត្តដោយស្មារតីទទួលខុសត្រូវចំពោះវិធានការ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសបាននូវការឆ្លងមេរោគកូវីដ-១៩ផងដែរ។

 

ខ្លឹមសារក្នុងវីដេអូ ក៏បានសង្កត់ធ្ងន់ផងដែរថា រយៈពេលជាង៤៣ឆ្នាំកន្លងមកនេះ គឺមានតែរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបាននិងកំពុងបន្តការពារ និងធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមនិងនយោបាយក៏ដូចជាការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។ មានតែរាជដ្ឋាភិបាលដឹកនាំដោយគណបកក្សប្រជាជនកម្ពុជាតែមួយគត់ដែលបាននិងកំពុងដើរតួជាអ្នកធានាការពារ នូវសមិទ្ធផលដ៏ធំធេងនិងជាប្រវត្តិសាស្ត្រដែលកម្ពុជាកំពុងមាននៅពេលនេះ។

សូមទស្សនាវីដេអូ៖


ពិធីបើកកិច្ចប្រជុំសាមញ្ញលើកទី ៣៥ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

កំពង់ចាម៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២២ នេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលមាន របៀបវារៈចំនួន ៤ចំណុច លើកយកមកពិភាក្សា ។ 


របៀបវារៈទាំង ៤ ចំណុចនោះរួមមាន ៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត។


២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រី មាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។


៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ (មេសា ឧសភាមិថុនា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។


៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការបង្កើតក្រុមការងារកិច្ចការពារកុមារ និងតែងតាំងមន្ត្រីអនុម័ត និងមន្ត្រីពិនិត្យបញ្ជាក់គម្រោងកិច្ចការពារកុមារ។


តាមរដ្ឋបាលខេត្តកំពង់ចាម នៅក្នុងត្រីមាសទី១នេះ រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ ទាំងកម្លាំងកាយចិត្ត ដើម្បីអនុវត្តតួនាទី ភារកិច្ច ជាពិសេស ការងារកំណែទម្រង់មុខងាររដ្ឋបាលសាធារណៈ ការគាំទ្រ ការផ្ទេរមុខងាររដ្ឋបាលសាធារណៈ ទៅឲ្យរដ្ឋបាលក្រុង-ស្រុក ក្នុងរចនាសម្ព័ន្ធរបស់ខ្លួន ឲ្យមាន ដំណើរការយ៉ាងរលូនផងដែរ។ជាកិច្ចការបន្ទាន់មួយ ដែលរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ខ្លាំងនោះ គឺការប្រយុទ្ធប្រឆាំង និងចាត់វិធានការការពារ បង្ការ ទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ (COVID-19) នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងនោះ បានណែនាំ និងផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋ ឲ្យចេះរក្សាអនាម័យ សម្អាតខ្លួនប្រាណ និងលាងដៃជាប្រចាំ ការប្រើប្រាស់ម៉ាស់ ឬក្រមា នៅពេលក្អក ឬកណ្ដាស់ តាមបណ្តាឃុំ សង្កាត់ និងភូមិ ក្នុងក្រុង-ស្រុក នីមួយៗ យ៉ាងស្រាកស្រាង ជាពិសេស ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួននូវសារាចរណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ បទ បញ្ជាការណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តឲ្យម៉ឺងម៉ាត់ ។


លើសពីនេះ ការផ្តល់សេវាសាធារៈជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងការិយាល័យច្រកចេញចូលតែមួយ សាលាក្រុង ស្រុក និងចលនាប្រឡង ប្រណាំងឃុំ សង្កាត់ បម្រើសេវាល្អខេត្ត លើការផ្តល់សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាពដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយពួកគាត់មានការសប្បាយរីករាយ និងអបអរសាទរផងដែរនេះ ។ ជាក់ស្តែង ក្នុងត្រីមាសទី១ ឆ្នាំ ២០២២នេះ រដ្ឋបាលខេត្ត បានបន្តរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងកម្មវិធីផ្សេងៗបានល្អប្រសើរ ។ ជាពិសេសបទល្មើសព្រហ្មទណ្ឌ មានការកើនឡើង គួរឲ្យកត់សម្គាល់បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ចំនួន០៣ករណី (១២/០៩) និងសភាពការណ៍សណ្តាប់ធ្នាប់សាធារណៈក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ចំនួន ០៤លើក (១០៨/១០៤) ៕


ចំពោះការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាស់ បានចុះអនុវត្តយ៉ាងសកម្ម ទាំងការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងធ្វើការផ្សព្វផ្សាយដល់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនអាជីវកម្ម ប្រជាពលរដ្ឋ និង យុទ្ធនាការត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរផ្លូវគោកថ្មី ក៏ត្រូវបានអនុវត្តដូចភ្លៀងរលឹមផងដែរ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុង ស្រុក ត្រូវបាន រិតបន្តឹង និងចាត់វិធានការតាមការណែនាំរបស់ថ្នាក់ក្រសួង។ បន្ថែមពីនេះថ្នាក់ដឹកនាំខេត្ត បានយកចិត្តទុកដាក់ ក្នុងការចុះជួយប្រជាពលរដ្ឋដែលរងគ្រោះ ថ្នាក់ដោយគ្រោះធម្មជាតិ អគ្គីភ័យ និងគ្រោះថ្នាក់ផ្សេងៗ ដោយបាននាំយកអំណោយសប្បុរសជននានា និងអំណោយសាខាកាកបាទក្រហមខេត្តកំពង់ចាម ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដល់ទីកន្លែង និងដល់មូលដ្ឋានផ្ទាល់តែម្តង ៕










អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឈនភាពនៃ ការកសាងរូបសំណាក ព្រះឥន្ទ្រ គង់លើដំរីឯរាវ័ណ

កំពង់ចាម៖ លោក  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ  និង  អាជ្ញាធរ មូលដ្ឋាន  នារសៀល ថ្ងៃទី ៧  ខែមេសា  ឆ្នាំ ២០២២ នេះ  បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាព នៃ ការ កសាង រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ ដែល ត្រូវ បាន យក មក តំកល់ នៅចំណុចសួនច្បារមាត់ទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម ។ 


លោក  អ៊ុន  ចាន់ដា  បានលើកឡើងអំពីប្រវត្តិ នៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណនេះ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន។  


ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” ដូចបច្ចុប្បន្នភាព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌ដូច្នេះដែរ។


គួរ បញ្ជាក់ ថា   រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ  ដែលបាន កសាងឡើងអំពីថ្មភក់ មានទំងន់ប្រមាណជាង ៣០តោន ដោយមិនរាប់បញ្ចូលទំងន់បាឡាំងទេ គិតមកដល់ពេលនេះរូបសំណាកជាប្រវត្តិសាស្ត្រខាងលើ ត្រូវ បាន យក មក តំកល់ នៅ ចំណុចសួនច្បារមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម  ដែលសម្រេចបានការសាងសង់ ស្ទើរ តែ ១០០% ហេីយ ៕






លិខិតមិត្តអ្នកអាន៖ «នៅលើលោកនេះ គ្មានអ្នកណាមានសិទ្ធិបង្ខំថៅកែឲ្យយកខ្លួនធ្វើការទេ»

 សកម្មភាពរបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដែលទាមទារឲ្យថៅកែទទួលយកពួកគេឲ្យចូលធ្វើការវិញ បានធ្វើឲ្យសាធារណៈមតិជាច្រើនសម្តែងការហួសចិត្តជាពន់ពេក ដ្បិតនៅក្នុងពិភពលោកយើងនេះ គ្មានបុគ្គលិកណាមានសិទ្ធិធ្វើបែបនេះនោះឡើយ។ ជាធម្មតា នៅក្នុងនីតិវិធីនៃការជ្រើសរើសបុគ្គលិក ថៅកែឬនិយោជកត្រូវប្រកាសឲ្យអ្នកចង់បានការងារធ្វើដាក់ពាក្យសុំ និងផ្ញើប្រវត្តិរូបសង្ខេប (CV) ឲ្យក្រុមហ៊ុនដើម្បីពិនិត្យមើលមុននឹងសម្រេចធ្វើសម្ភាសន៍ដើម្បីជ្រើសរើស។



នៅពេលជជែកត្រូវគ្នាអំពីការងារ ការទទួលខុសត្រូវ និងប្រាក់ខែរួចរាល់ ភាគីបុគ្គលិកនិងនិយោជកត្រូវចុះកិច្ចសន្យាការងារដែលក្នុងនោះ ភាគីនិយោជិតមានសិទ្ធិលាឈប់ដោយគ្រាន់តែជូនដំណឹងជាមុនទៅក្រុមហ៊ុនក្នុងថេរៈវេលាមួយដែលមានកំណត់ក្នុងកិច្ចសន្យា។ ចំណែកឯភាគីនិយោជកវិញ ក៏មានសិទ្ធិបញ្ឈប់បុគ្គលិកវីញដែរក្នុងករណីដែលគេយល់ ឃើញថា បុគ្គលិករូបនោះមិនបាន បំពេញការងារដែលបានសន្យា ឬក៏ក្នុងករណីដែលក្រុមហ៊ុនត្រូវការកាត់បន្ថយបុគ្គលិកដោយប្រការណាមួយ។
ក្នុងករណីនេះ ភាគីនិយោជកមានកាតព្វកិច្ចផ្តល់អត្ថប្រយោជន៍នានាដល់បុគ្គលិកទៅតាមច្បាប់ការងារដែលបានកំណត់។ នេះគឺជានីតិវិធីការងារដែលគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោកលោកតែងតែអនុវត្ត។ ចំពោះករណីអតីតបុគ្គលិកណាហ្គាវើល ក៏ដូចគ្នាដែរ ។

ភាគីទាំងសងខាងពោលគឺទាំងបុគ្គលិកនិងនិយោជកសុទ្ធតែមានសិទ្ធិលាឈប់ពីការងារ ឬបញ្ឈប់បុគ្គលិកពីការងារដោយអនុវត្តតាមកិច្ចសន្យានិងច្បាប់ការងារ។ ភាគីនិយោជិតមានសិទ្ធិទាមទារអត្ថប្រយោជន៍ផ្សេងៗក្នុងករណី ដែលថៅកែមិនផ្តល់ឲ្យទៅតាមច្បាប់ការងារ។ ប៉ុន្តែករណីអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលជារឿងដ៍ចម្លែកអស្ចារ្យ នៅត្រង់ថា បុគ្គលិកដែលត្រូវបានគេបញ្ឈប់ពីការងារ ដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាតសាកលកូវិដ-១៩មកលើអាជីកម្មរបស់ក្រុមហ៊ុនណាហ្គាវើល បែរជាធ្វើបាតុកម្មតវ៉ាឲ្យនិយោជកទទួលយកខ្លួនចូលធ្វើការវិញ ទោះបីជានិយោជកបានដោះស្រាយតាមច្បាប់ការងារដើម្បីផ្តល់អត្ថប្រយោជន៍ជូនខ្លួនហើយក៏ដោយ។ ការទាមទារបែបនេះគឺពិតជាខុសច្បាប់ខុសទំនង និងជាអំពើដោយទំនើងចិត្ត។

តើមេដឹកនាំសហជីពដែលដឹកនាំការទាមទារបែបនេះ សំអាងលើអ្វី? តើអង្គការសង្គម ស៊ីវិលទាំងឡាយដែលគាំទ្រការទាមទារបែបនេះមានយកច្បាប់ការងារមកមើលទេ? ហេតុអ្វីបានជាពួកគេនាំគ្នាការពារអំពើខុសច្បាប់ និងខុសទំនងបែបនេះ? ចំណែកឯបុគ្គលិកដែលចំណាយពេលជាច្រើនខែដើម្បីទាមទារខុសច្បាប់និងខុសទំនងនេះបានអ្វីមកវិញ? ហេតុអ្វីពួកគេមិនទទួល យកសំណងហើយទៅរកការងារថ្មីធ្វើ? សំណួរទាំងអស់នេះបញ្ជាក់ឲ្យឃើញថា ការទាមទារ នេះទំនងជាមានរបៀបវារៈអ្វីនៅពីក្រោយខ្នង ហើយភស្តុតាងដែលបានបែកធ្លាយជាបន្តបន្ទាប់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមក៍ពិតជាអាចបញ្ជាក់បានថាមានអ្នកនៅពីក្រោយខ្នង ជាពិសេស ពួកបរទេសអមិត្តជាមួយ
រដ្ធាភិបាលក្រុងភ្នំពេញដែលកន្លងមកបានវិិនិយោគមកលើបណ្តាមេក្លោងដឹកនាំបាតុកម្មខុសច្បាប់នេះ «ចាំការពារនិងកាងដែរដើម្បីបំរើគោលដៅ នយោបាយរបស់ពួកគេ»។

ច្បាប់ក៏មិនត្រូវ ភាពសមទំនងក៏គ្មាន ប៉ុន្តែសកម្មភាពនៅតែបន្តធ្វើ ហើយការគាំទ្រពីសំណាក់សង្គមស៊ីវិលមាននិន្នាការនយោបាយប្រឆាំងមួយក្តាប់តូច ក៏នៅតែបន្តធ្វើ។ ចំណែកអ្នកអនុវត្តច្បាប់ និងអ្នកដែលខិតខំសម្របសម្រួលបែរជាត្រូវគេចោទប្រកាន់ថា បានបំពានសិទ្ធិបុគ្គលិក ឬលម្អៀងទៅរកថៅកែទៅវិញ។ តើនេះឬជាសេរីភាព របស់សហជីព និងសង្គមស៊ីវិល នៅកម្ពុជា?

នៅពេលដែលអ្នកទាំងអស់នោះប្រព្រឹត្តបំពានច្បាប់ដោយជ្រកក្រោមស្លាកសិទ្ធសេរីភាពក្នុងការតវ៉ា តើច្បាប់ការងារបង្កើតមកធ្វើអ្វី? ចុះក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬតុលាការ មានប្រយោជន៍អ្វី បើអ្នកបំពានច្បាប់មិនស្តាប់តាម?

រឿងនេះទុកឲ្យមហាជនជាអ្នកវាយតម្លៃទៅចុះ និងទុកឲ្យស្ថាប័នមានសមត្ថកិច្ចចាត់ការទៅចុះ ។ប៉ុន្តែ សម្រាប់អ្នកតាមដានបញ្ហា សង្គម ក៏ដូចជាសាធារណៈមតិ គេពិតជាយល់ច្បាស់ណាស់ថា នៅក្នុងសិទ្ធិការងារ បុគ្គលិកគ្រប់រូបមានសិទ្ធិជ្រើសរើសការងារដែលខ្លួនចង់ធ្វើ ហើយមានសិទ្ធិលាឈប់ពីការងារដែលខ្លួនយល់ថា មិនបានផ្តល់
ប្រយោជន៍គ្រប់គ្រាន់ដល់ខ្លួន។ ចំណែកភាគីនិយោជកវិញក៏មានសិទ្ធិជ្រើសរើសបុគ្គលិកមកបំរើការងារជាថ្នូរនឹងប្រាក់ខែដែរ។ថៅកែក៏មានសិទ្ធិបញ្ឈប់បុគ្គលិក ដែរនៅពេលដែលគេយល់ ឃើញថា បុគ្គលិករូបនោះគ្មានសមត្ថភាពឬមិនបំពេញការងារដូចកិច្ចសន្យា ឬក្នុងករណីដែលក្រុមហ៊ុនជួបវិបត្តិដែលតម្រូវឲ្យកាត់បន្ថយបុគ្គលិក។

សូមចងចាំថា នៅលើលោកនេះ គ្មានថៅកែណាមានសិទ្ធិបង្ខំបុគ្គលិកឲ្យធ្វើការដែលគេមិនចង់ធ្វើនោះឡើយ។ ចំណែកឯបុគ្គលិកវិញ ក៏គ្មានសិទ្ធិឯណាទៅ បង្ខំថៅកែឲ្យទទួលយកខ្លួនមកធ្វើការដែរ បើសិនជាថៅកែមិនពេញចិត្តពីព្រោះជាការងារដែលថៅកែត្រូវបង់ប្រាក់ខែ។ នេះគឺជា ភាពឡូហ្សិក និងក្រឹត្យក្រមនៅក្នុងពិភពការងារដែលគ្រប់ប្រទេសទាំងអស់តែងតែអនុវត្ត ហើយដែលបុគ្គលិក សហជីព នៃក្រុមហ៊ុនណាហ្គាវើលក៏ដូចជាអង្គការសង្គមស៊ីវិលទាំងឡាយត្រូវបើកភ្នែកមើល។ សកម្មភាពខុសច្បាប់ ខុសទំនង ខុសក្រឹត្យក្រមការងារ ដោយគ្រាន់តែសំអាងលើពាក្យថា សេរីភាពក្នុងការតវ៉ា មិនបានផ្តល់ប្រយោជន៍ ឬតម្លៃដល់សង្គម និងដល់ខ្លួនឯងឡើយ។

យើងតាំងខ្លួនជាអ្នកកាពារសិទ្ធិការងារ តែបែរជាធ្វើអំពើខុសច្បាប់ និងក្រឹត្យក្រមការងារទៅវិញ តើមានន័យយ៉ាងដូចម្តេច? ហេតុអ្វីមិននាំគ្នាធ្វើសកម្មភាពគោរពច្បាប់និងខគោរពក្រឹត្យក្រមការងារក៏ដូចជាភាពសមទំនងដើម្បីជាគំរូដល់បុគ្គលិកផ្សេងទៀត តែបែរជាមកធ្វើសកម្មភាពខុសឆ្គងបែបនេះទៅវិញ?

ដោយ : សាស្ត្រាចារ្យសាកលវិទ្យាល័យកំពង់ចាម