Wednesday, September 06, 2017

(សូមទស្សនាវីដេអូ) លោក ហ៊ុន សែន ប្រកាសកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ១០ឆ្នាំបន្តទៀតដើម្បីរក្សាស្ថេរភាពនៅកម្ពុជា

(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ សង្គ្រោះជាតិស្ងប់ស្ងាត់ទុកឱ្យ សម រង្ស៊ី ធ្វើការជំនួស ! តើជាការជួយបក្ស ឬធ្វើឱ្យបក្សកាន់តែឆាប់រលាយ ?

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើបរទេសទាំងឡាយ​ពិចារណាឱ្យបាន​ច្បាស់អំពី​សម្តីលោក កឹម សុខា បើជួបខ្លួនឯង តើទទួលបានទេ?

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃពុធនេះ បានស្នើដល់សហគមន៍អន្តរជាតិមួយចំនួន ដែលបានចេញ មុខមកការពារ លោក កឹម សុខា អំពីការប្រព្រឹត្តអំពើក្បត់ជាតិនៅថ្មីៗនេះ ឱ្យពិនិត្យឱ្យបានច្បាស់លាស់នូវ សម្តីមេបក្សប្រឆាំងមុននេះ ហើយលោកបានចោទជាសំណួរថា បើសិនជាករណីនេះ កើតឡើងនៅប្រទេស របស់ពួកគេនោះ តើពួកគេទទួលយកបានទេ។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក សហគមន៍អ៊ីរ៉ុប រួមទាំង បណ្តាប្រទេសមួយចំនួនទៀត ប៉ុន្មានថ្ងៃមកនេះ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបចំពោះការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សប្រឆាំងនៅកម្ពុជា។ ប្រទេសទាំងនោះ បានសម្តែងការព្រួយបារម្ភ អំពីលទ្ធិ ប្រជាធិប តេយ្យនៅកម្ពុជា ហើយស្នើឱ្យមានការដោះលែងមេបក្សប្រឆាំង ។
ការថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយ ផ្លូវវេង ស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានចាត់ទុកជាថ្មីថា ការលើកឡើងរបស់ប្រទេសទាំងនោះ ធ្វើឡើងដោយ ក្តាប់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ហើយលោកសង្ឃឹមថា បរទេសទាំងនោះនឹងពិនិត្យ ឱ្យបានល្អិតល្អន់ លើសម្តី របស់លោក កឹម សុខា។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា « ខ្ញុំសង្ឃឹមថា មិត្តភក្តិបរទេសទាំងឡាយ មើលឃ្លោងឃ្លាឱ្យបានច្បាស់ មួយម៉ាត់ៗៗ សូមកុំច្បោលៗ តើប្រទេសរបស់អ្នកអាចទទួលយកបានទេ ប្រសិន បើសម្តីបែបនេះ បើអ្នកជាខ្ញុំ។ អ្នកត្រូវស្តាប់ឱ្យច្បាស់ “គេបញ្ជា គេបញ្ជាគេប្រាប់ខ្ញុំឱ្យធ្វើនេះ គេប្រាប់ខ្ញុំឱ្យធ្វើ នោះ គេឱ្យខ្ញុំយកម៉ូឌែល យូហ្គោស្លាវី ខ្ញុំមិនមែនធ្វើតាមចិត្តនឹកឃើញទេ មានសាស្រ្តាចារ្យមកពីអាមេរិក មកពី កាណាដា”…។ លេងអញ្ចឹងៗ ហើយតាំងខ្លួនជាអ្នកស្នេហាជាតិស្អីទៀត »។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបន្ថែមទៀតថា លោក កឹម សុខា បានក្បត់ជាតិរបស់ខ្លួនឯង ហើយឃុប ឃិតជាមួយប្រទេស ព្រមទាំងបានធ្វើខុសនូវសម្បថរបស់ខ្លួន នៅមុខព្រះមហាស្វេតឆត្រ ព្រះមហាក្សត្រ និង សម្តេចសង្ឃ ដែលថាស្មោះត្រង់ចំពោះជាតិខ្មែរ មិនឱ្យបរទេសមកបង្គាប់បញ្ជា ឬជ្រៀតជ្រែកដល់ កិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ។
ទោះបីជាប្រទេសមួយចំនួន បានប្រឆាំងចំពោះការចាប់ខ្លួន លោក កឹម សុខា ដែលជាដែនសមត្ថកិច្ចរបស់ កម្ពុជា យ៉ាងណាក៏ដោយ ប៉ុន្តែមហាអំណាចចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស កាលពីម្សិលមិញនេះ បានបង្ហាញជំហរ គាំទ្រចំពោះចំណាត់ការកម្ពុជា ចំពោះប្រធានគណបក្សប្រឆាំង។ ក្រសួងការបរទេសចិន បានចាត់ទុកថា វិធានការនេះ គឺជាការការពារដល់សន្តិសុខ សុវត្ថិភាពរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ១២:៣៥នាទី យប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថាលោកសារភាពអំពីការ អនុវត្តតាមការបញ្ជា របស់ សហរដ្ឋអាមេរិក ក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់ មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលចែង ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលបទល្មើសនឹងប្រឈមពីការជាប់ពន្ធនាគារពី ១៥ដល់៣០ឆ្នាំ ៕




អភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល​និងបាននាំយកថវិកា​ឧបត្ថម្ភដល់ព្រឹទ្ធាចារ្យ សំរាប់បុណ្យភ្ជុំបិណ្ឌ

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានជួប សំណេះសំណាលជាមួយចាស់ព្រឹទ្ធាចារ្យចំនួន១០រូប នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន លោក អម សុភា នាយករដ្ឋាបាលសាលាខេត្ត និងលោកចាន់ ផលប្រធានមន្ទីរប្រៃសនីយ៍ខេត្តកំពង់ឆ្នាំងផងដែរ។
នាឱកាសនោះដែរ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍កន្លងមក តែងតែបានយកចិត្តទុកដាក់ចំពោះចាស់ព្រឹទ្ធាចារ្យនិងប្រជាពលរដ្ឋទូទៅដែលជួបការលំបាកគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

លោក ឈួរ ច័ន្ទឌៀន ក៏បានផ្តាំផ្ញើដល់ចាស់ព្រឹទ្ធាចារ្យទាំង១០រូប ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អ ហើយត្រូវដាស់តឿនកូនចៅអោយខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សា បទល្មើស និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន។
ចុងបញ្ចប់លោកស្រី ដោក សុទ្ធា និងលោក ឈួរ ច័ន្ទឌឿននិងភរិយាបាននាំយកថវិការបស់លោក ត្រាំ អ៊ីវតឹក ចំនួន១៣.១០៣.៦០០រៀលឧបត្ថម្ភដល់ព្រឹទ្ធាចារ្យទាំង១០រូបសំរាប់បុណ្យភ្ជុំបិណ្ឌផងដែរ៕






សាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ ប្រគល់ផ្ទះ​មនុស្សធម៌ទី៣៣​ ជូនគ្រួសារស្ត្រី​មេម៉ាយទីទ័លក្រ

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ទី៣៣ ដែលផ្ដួចផ្ដើមដោយលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ដែលផ្ទះនេះមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជូនគ្រួសារអ្នកមីង ភួន រឿន អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រ បច្ចុប្បន្នដើរស៊ីឈ្នួលគេដើម្បីទ្រទ្រង់ជីវភាពគ្រួសារ រស់នៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រីក៏បានផ្តាំផ្ញើដល់សមាជិកគ្រួសារត្រូវចេះសម្អាត និងថែរក្សាផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅយូរអង្វែង។

ដោយឡែក អំណោយមនុស្សធម៌បន្ថែមរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកាមួយចំនួផងដែរ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចចិត្តបន្តតំណែងមិនតិចជាង១០ឆ្នាំទៀតដើម្បីទប់ស្កាត់ការប៉ុនប៉ងបំផ្លាញកម្ពុជាពីជនមួយចំនួន

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោក បានបូជាច្រើនណាស់សម្រាប់ប្រទេសកម្ពុជា ដោយយកជីវិតធ្វើជាដើមទុនរំដោះប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ប៉ុល ពត ហើយលោក បានសម្រេចចិត្តបន្តកាន់តំណែងរយៈពេល១០ឆ្នាំ ឬពីរអាណត្តិទៀតដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ។  លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចបន្តកាន់តំណែងមិនតិចជាង១០ឆ្នាំ ឬពីរអាណត្តិទៀតនោះ បន្ទាប់ពីបានមើលឃើញថាមានជនមួយចំនួនប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងភាពវេទនាដូចកាលពីអតីតកាល។ ទន្ទឹមនឹងនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ព្រមទាំងឪពុកម្តាយនៅតាមខេត្តផងដែរឱ្យបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីឱ្យលោកបានបន្តការ​ពារប្រទេសជាតិ ក៏ដូចជារោងចក្រ សហគ្រាសទាំងអស់ឱ្យមានការរីកចម្រើនទៅមុខជាបន្តទៀត។

ក្នុងឱកាសសំណេះសំណាលនោះ លោក ហ៊ុន សែន ក៏បានរម្លឹកពីមហិច្ឆតាអាក្រក់របស់លោក កឹម សុខា ដែលបានសហការជាមួយជនជាតិអាមេរិកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ហើយលោក ក៏បានប្រកាសប្តេជ្ញាថាមិនឱ្យដានប្រវត្តិសាស្រ្តនៃការផ្តួលរំលំព្រះប្រមុខរដ្ឋ ព្រះបាទនរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ១៩៧០ វិលមកជាថ្មីទៀតនោះឡើយ៕




អភិបាលខណ្ឌឫស្សីកែវ ចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីស្ថាបនាផ្លូវ និងប្រមូលកាកសំណល់ សម្រាមស្ដារប្រព័ន្ធលូ ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ដោយមើលឃើញជាក់ស្ដែងពីផលលំបាក ដែលជាសេវាតម្រូវការចាំបាច់មួយ សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរចេញ-ចូលគ្រប់មធ្យោបាយ និងជួយកាត់បន្ថយការកកស្ទះ ក៏ដូចជាបញ្ជៀសរាល់គ្រោះថ្នាក់ ចរាចរ ផ្សេងៗ ពិសេសបញ្ហាកកស្ទះប្រព័ន្ធលូបង្ហូរទឹក ផ្ដើមចេញពីកាកសំណល់សម្រាមផងនោះ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានយកថវិកាផ្ទាល់ខ្លួនប្រមាណ១ពាន់ដុល្លារ ក្នុងការចំណាយទៅលើបេតុងក្រឡុកចំនួន៥ម៉ែត្រគូប និងចំណាយលើកម្លាំងពលកម្មផ្សេងៗ ដើម្បីស្ថាបនាផ្លូវ និងប្រមូលទាំងកាកសំណល់សំអាតសម្រាម ជូនប្រជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលធ្វើដំណើរ និងលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ ស្ថិតនៅត្រង់ចំណុចកែង​ស្តុបផ្លូវលេខ៥៩៨ (ម្ដុំលក់ផ្កា) ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងសកម្មភាពខាងលើនេះដែរ ក៏មានការរួមដំណើរពី លោក នុត សាវី និងលោក ព្រំ រដ្ឋា អនុប្រធានសណ្ដាប់ ធ្នាប់សាលាខណ្ឌឫស្សីកែវ និងកម្លាំងសណ្ដាប់ធ្នាប់ជាច្រើននាក់ ទៀតផងដែរ ដើម្បីអនុវត្តសកម្មភាពការងារ ផ្ទាល់។

លោក ជា ពិសី បានបញ្ជាក់ថា ការចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីស្ថាបនាផ្លូវ ពិសេសការប្រមូលកាកសំណល់ សម្រាម ដែលធ្វើឱ្យកកស្ទះប្រព័ន្ធលូបង្ហូរទឹកតាមដងផ្លូវ ជូនប្រជាពលរដ្ឋនេះ ពិតជាមិនតិច ហើយក៏មិនច្រើន ដែរ តែជាសេវាតម្រូវការដ៏ចាំបាច់ចំពោះមុខមួយ ដែលក្នុងនាមជាអាជ្ញាធរដាច់ខាត ត្រូវតែចំណាយថវិកា ក្នុង ការដោះស្រាយ និងរៀបចំធ្វើជូនប្រជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលធ្វើដំណើរចេញ-ចូល គ្រប់មធ្យោបាយ និងជួយកាត់បន្ថយការកកស្ទះ ក៍ដូចជាបញ្ជៀសរាល់គ្រោះថ្នាក់ចរាចរផ្សេងៗបាន រួមនិងជួយលើកកម្ពស់ទាំង សោភ័ណ្ឌភាព រាជធានីភ្នំពេញផងដែរ ៕







សាលាដំបូងរាធានីភ្នំពេញ សម្រេចឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានសម្រេចឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ដែលទោសនេះប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ទៅ៣០ឆ្នាំ។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការពិភាក្សាដេញដោលចំពោះមុខ និងសាកសួរចម្លើយជនត្រូវចោទឈ្មោះ កឹម សុខា រួចរាល់ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយបានអនុវត្តការឃុំខ្លួនតាមនីតិវិធី»។
លោក កឹម សុខា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលចែងក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរកឃើញថា លោកមានការឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅផ្តល់រំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពរបស់ជាតិ ដូចកាលពីឆ្នាំ១៩៧០៕


អ្នកនាំពាក្យ៖ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ប្តឹងកាសែត Cambodia Daily រួចហើយ និងកំពុងពិនិត្យតាមនីតិវិធី

អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានបញ្ជាក់ឱ្យដឹង នៅរសៀលថ្ងៃទី៦ ខែកញ្ញានេះថា ពាក់ព័ន្ធករណីអគ្គនាយកដ្ឋានពន្ធដារ ប្តឹងកាសែត Cambodia Daily រឿងគេចវេសការបង់ពន្ធរយៈពេល១០ឆ្នាំ ទឹកប្រាក់ជាង៦លានដុល្លារនោះ អយ្យការសាលាដំបូង រាជធានី ភ្នំពេញ បានទទួលពាក្យបណ្តឹងរួចហើយ និងកំពុងពិនិត្យតាមនីតិវិធី។
លោក លី សុផាណា បានបញ្ជាក់យ៉ាងដូច្នេះថា « អយ្យការបានទទួលពាក្យបណ្តឹង និងកំពុងពិនិត្យតាមនីតិវិធី » សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំដោយលោក គង់ វិបុល បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងកាសែតបរទេស Cambodia Daily ដោយប្តឹងផ្ទាល់ ចំពោះថ្នាក់ដឹកនាំនៃកាសែតមួយនេះ ចំនួន៣រូបមាន ម្ចាស់ស្ថាប័ន បណ្ណាធិការ និងចាងហ្វាយការផ្សាយកាសែត Cambodia Daily ចំពោះការគេចវេស មិនបង់ ពន្ធជូនរដ្ឋ នេះបើយោងតាមពាក្យបណ្តឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
ថ្នាក់ដឹកនាំនៃកាសែត Cambodia Daily ចំនួន៣រូប ដែលនាយកដ្ឋានពន្ធដារដាក់ពាក្យបណ្តឹងនោះ រួមមាន ដូចខាងក្រោម៖ ទី១ លោកស្រី Deborah Krisher-Steele. ដែលមានតួនាទីជាកម្មសិទ្ធិករ ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily) ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើ រាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ​។ ទី២​លោក Douglas Eric Steele ដែលមាននាទីជាបណ្ណាធិការ ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily)​ ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ។ ទី៣ លោក Bernard Krisher មានតួនាទីចាងហ្វាយកាសែត Cambodia Dialy. ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះ ដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ​ ។
ដោយឡែកមួយទៀត សម្រាប់លោកស្រី Deborah Krisher-Steele. ដែលជាកម្មសិទ្ធិករ ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily) ក៏ត្រូវបានអគ្គនាយកដ្ឋាន ប្តឹងពីបទ «បរិហារកេរ្តិ៍ ជាសាធារណៈ» ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងលិខិតបណ្តឹងអគ្គនាយកដ្ឋានបាន​លើកឡើងថា «ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily)​ បានប្រកបអាជីវកម្ម សារពើពន្ធ The Cambodia Daily នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣ ប៉ុន្តែទើបមកចុះបញ្ជីពន្ធដារនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧»។
កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍មួយរូប បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់កាសែត The Cambodia Daily ដែលជំពាក់ពន្ធរដ្ឋជាង៦លានដុល្លារ បន្ទាប់ពីទទួលបានលិខិតផ្លូវ ការរបស់អគ្គនាយក ដ្ឋានពន្ធដារ ស្នើឱ្យសហការក្នុងការអនុវត្តវិធាន ការតឹងទារបំណុលពន្ធ ។
មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងយ៉ាងដូច្នេះថា «ក្រោយពីទទួលលិខិត ពីអគ្គនាយកដ្ឋាន ពន្ធដារហើយ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ គឺជាថ្ងៃឱសាទនៃថ្ងៃកំណត់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ និងក៏ជាថ្ងៃចុងក្រោយនៃការចេញផ្សាយរបស់កាសែត Cambodia Daily អគ្គនាយកដ្ឋានពន្ធដារ បានធ្វើ លិខិតស្នើសុំកិច្ចសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការតឹងទារបំណុល ពន្ធលើ ក្រុមហ៊ុន BERNARD KRISHER JIMUSHI Co., Ltd. (កាសែត The Cambodia Dialy)។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក គង់ វិបុល បានថ្លែងបញ្ជាក់ប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖ «បើទោះបី មានការបិទក៏ដោយ ការអនុវត្តពន្ធនៅតែបន្ត បំណុលពន្ធត្រូវតែសង អ្នកទទួលខុសត្រូវរបស់អង្គភាពព័ត៌មាន នេះ ជាអ្នកទទួលខុសត្រូវ ចំពោះបំណុលពន្ធរបស់រដ្ឋ មិនអាចគេចខ្លួនបានទេ ហើយក៏មិនអាចចាកចេញពី កម្ពុជាផងដែរ ព្រោះយើងអនុវត្តតាមច្បាប់ សារពើពន្ធរបស់កម្ពុជា អគ្គនាយកដ្ឋានពន្ធដារ នឹងចេញសេចក្តី ប្រកាសព័ត៌មាន ជុំវិញករណីនេះនៅថ្ងៃស្អែក ព្រោះជាថ្ងៃឱសានវាទ»។
មន្រ្តីកំពូលនៃអគ្គនាយកដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនបើមិនមានប្រាក់ដើម្បីបង់ពន្ធ ដែលជា បំណុលរបស់រដ្ឋនោះ ការរឹបអូសទ្រព្យសម្បត្តិ របស់អង្គភាពព័ត៌មាននេះ នឹងត្រូវធ្វើឡើង តាមច្បាប់សារ ពើពន្ធរបស់កម្ពុជា»។

កាសែតបរទេស The Cambodia Daily បានប្រកាសបិទការចេញផ្សាយរបស់ខ្លួន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាព បង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ និងបានបើកដំណើរការ អស់រយៈពេល២៤ឆ្នាំនៅកម្ពុជា។ នេះបើយោងតាមការប្រកាសរបស់កាសែត The Cambodia Daily នៅ រសៀលថ្ងៃអាទិត្យនេះ។ ការសម្រេចបិទការចេញផ្សាយរបស់ខ្លួន កាសែត The Cambodia Daily បានថ្លែង អំណរគុណដល់ ម្ចាស់ពាណិជ្ចកម្ម និងប្រិយមិត្ត ដែលបានគាំទ្រកាសែតនេះ តាំងពីដើមមក ៕






(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកជាថ្មីពី «មរតកតេជោ» ដែលត្រូវថែរក្សាឱ្យបាន

រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃស្អែក ដើម្បីពិភាក្សាអំពីករណីរបស់លោក កឹម សុខា

គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅវេលាម៉ោង១០:០០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៧ស្អែកនេះ ដោយក្នុងនោះក៏មានរបៀបវារៈ ពិនិត្យលើករណីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះ ជាតិ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិផងដែរ នេះបើតាមការបញ្ជាក់ ពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលបានបញ្ជាក់ប្រាប់នៅមុននេះបន្តិច។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោក ហេង សំរិន ប្រធាន រដ្ឋសភា បន្ទាប់ពីទទួលរបាយការណ៍ពីតុលាការ ក្នុងនោះមានរបៀបវារៈចំនួន៣ រួមមាន៖ ទី១ ពិនិត្យលើ របាយការណ៍តុលាការ ពាក់ព័ន្ធនឹងការចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួន លោក កឹម សុខា  ទី២ ពិនិត្យលើលិខិត របស់តំណាងរាស្រ្តដែលមានហត្ថលេខាចំនួន៤៨រូប ស្នើឱ្យកោះប្រជុំវិសាមញ្ញ ទី៣ គឺកំណត់ពេលដើម្បីបើក កិច្ចប្រជុំវិសាមញនេះតែម្តង។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ ១២:៣៥នាទី រំលង អាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្តតាម ការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពី ការបោះឆ្នោត។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានសម្រេចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្ម ទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ហើយចៅក្រមស៊ើបសួរ ក៏បាន សម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្នផងដែរ។

គិតតាំងពីថ្ងៃចាប់ខ្លួន រហូតដល់ពេលនេះ លោក កឹម សុខា ត្រូវឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅខេត្ត ត្បូងឃ្មុំ ៕



(សូមទស្សនាវីដេអូ) «ស្ថានភាពចុងក្រោយ និងជោគវាសនា គណបក្សសង្គ្រោះជាតិ»

អភិបាលខេត្តស្វាយរៀង ចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ​ក្នុងគោលបំណង​ស្វែងយល់​ និងដោះស្រាយ​សំណូមពរ​ កង្វល់​ និងតម្រូវការ​នានា​

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលរៀបចំនៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ក្នុងគោលបំណងស្វែងយល់ និងដោះស្រាយសំណូមពរ កង្វល់ និងតម្រូវការនានារបស់មន្ត្រីរាជការ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរ ធ្វើយ៉ាងណាជំរុញការអនុវត្តការងារឲ្យបានកាន់តែល្អប្រសើរ រួមចំណែកក្នុងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ពៅ សុភាព អភិបាលរងខេត្ត លោក សំ សាវុធ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ចំនួន ១០៧នាក់។

បន្ទាប់ពីមានប្រសាសន៍បង្ហាញពីស្ថានភាពទូទៅ សមិទ្ធផល និងការអភិវឌ្ឍរីកចម្រើនដែលខេត្តសម្រេចបាននាពេលកន្លងមក ក៏ដូចជាគម្រោងអភិវឌ្ឍន៍ខេត្តនៅថ្ងៃខាងមុខជូនមន្ត្រីរាជការ អភិបាលខេត្តក៏បានពន្យល់ និងដោះស្រាយនូវសំណូមពរ និងកង្វល់នានាមួយចំនួនដែលបានលើកឡើង ដោយទទួលបាននូវការសាទរ និងពេញចិត្តពីសំណាក់មន្ត្រីរាជការទាំងអស់៕




អភិបាលខេត្តព្រះវិហារអំពាវនាវ ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ខណៈកម្ពស់ទឹកស្ទឹងសែនប្រកាសអាសន្នរហូត១២,៥០ម៉ែត្រ

ព្រះវិហារ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដង ស្ទឹងសែន ត្រូវប្រុងប្រយ័ត្នម្តងទៀត ខណៈកម្ពស់ទឹកស្ទឹងសែន ថ្ងៃនេះមានកម្ពស់លើសពីកំរិតប្រកាស អាសន្នរហូត១២,៥០ម៉ែត្រ ដែលកម្រិតប្រកាសអាសន្នត្រឹមតែ១១,៥០ ម៉ែត្រប៉ុណ្ណោះ។
លោកអំពាវនាវបែបនេះ ក្នុងឱកាសដែលលោករួមជាមួយលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចមន្ត្រីរាជការប្រជាពលរដ្ឋអញ្ជើញ ចូលរួមដាក់វេនបិណ្ឌថ្ងៃទី១ នៅវត្តរាជាប្រាសាទគោគបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក អ៊ុន ចាន់ដា បានថ្លែងរំលឹកថា កាលពីខែកក្កដា និងខែសីហា កន្លងទៅនេះ ខេត្តព្រះវិហារយើងបាន ទទួលរងគ្រោះនូវទឹកជំនន់ទឹកភ្លៀងបានធ្វើ ឱ្យស្រុក៣រងគ្រោះ ធ្ងន់ធ្ងររួមមាន៖ ស្រុកជាំសាន្ត ស្រុកកូលែន និងស្រុកឆែប បណ្តាលឱ្យលិចលង់ស្រូវស្រែចំការរបស់យើង។ ជាមួយគ្នានេះអាជ្ញាធរខេត្ត បានខិតខំរួមជា មួយថ្នាក់ដឹកនាំ បានចុះជូយសង្រ្គោះប្រជាពលរដ្ឋ ហើយបានផ្តល់នូវស្បៀងអាហារ និងកន្លែងស្នាក់នៅ បណ្តោះអាសន្ន។ ពេលនោះយើងក៏បានផ្តល់នូវពូជស្រូវ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដើម្បីធ្វើការដាំដុះ និងស្តារឡើងវិញ។ ប៉ុន្តែពេលនេះទឹកបានចាប់ផ្តើមបន្តឡើងវិញមកដល់ថ្ងៃនេះ គឺមានកំពស់១២,៥០ម៉ែត្រ គឺលើសពីកំរិតប្រកាសអាសន្ន ដែលមានកម្ពស់ត្រឹមតែ១១,៥០ម៉ែត្រ ប៉ុណ្ណោះដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន សូមមានការប្រុងប្រយ័ត្ន ដោយឡែកអាជ្ញាធរខេត្ត បានត្រៀមលក្ខណដើម្បី ជួយសង្រ្គោះផងដែរ ។
សម្រាប់ថ្ងៃដាក់បិណ្ឌនេះវិញ លោក អ៊ុន ចាន់ដា បានលើកឡើងថា មួយរយៈមកនេះយើងសង្កេត ឃើញ សាសនា របស់យើង ត្រូវបានជនអគតិមួយចំនួនធ្វើការវាយប្រហារ ហើយមានក្រុម ខ្លះបានយក ព្រះពុទ្ធសាសនា ទៅប្រើប្រាស់ក្នុងនយោបាយ ហើយក៏មានក្រុមខ្លះវាយប្រហារព្រះពុទ្ធសាសនាទៅវិញ។
ព្រះពុទ្ធសាសនា ជាសាសនា មួយបរិសុទ្ធមិនពាក់ព័ន្ធនិងនយោបាយ មិនពាក់ព័ន្ធ និងរឿងអ្វីដែលប៉ះពាល់ ដល់ អសន្តិសុខសង្គម ដូច្នេះការបង្កើតឱ្យមានបញ្ហាទាំងឡាយមិនមែន ព្រះពុទ្ធសាសនាទេ គឺជាបុគ្គល់ដែល យកព្រះពុទ្ធសាសនាទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លូនតែប៉ុណ្ណោះ។
ថ្ងៃនេះយើងបានរួបរួមគ្នា ជាមួយមន្ត្រីរាជការ មកកាន់វេនបិណ្ឌទី១ នៅវត្តគោគបេងពិសេស បាននាំយកគ្រឿង ឧបភោគបរិភោគ នឹងបច្ច័យយកមកប្រគេនព្រះសង្ឃឧទ្ទិសដល់បុព្វការីជន មានជីដូនជីតាដែលបានចែកឋាន ទៅ។

ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះវិហារ និងប្រធានក្រុមប្រឹក្សខេត្តបានប្រគេនទយ្យទាន បច្ច័យជិត ៥លានរៀល និងបានចូលរួមបច្ច័យដើម្បី កសាងព្រះវិហារ៤២៦០ដុល្លាអាមេរិកផងដែរ ៕






លោក ហ៊ុន សែន អំពាវនាវជាថ្មីឱ្យកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាថ្មីថាសុខសន្តិភាពដែលយើងមាននៅពេលនេះរកបានដោយលំបាកណាស់ ព្រោះវាបានលះបង់នូវសាច់ស្រស់ឈាមស្រស់របស់បុព្វបុរសខ្មែរជាច្រើនដូចនេះ កម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីឱ្យប្រទេសជាតិកាន់តែរីកចម្រើន។ លោក ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដែលនាំមកនូវការរីកចម្រើនសម្រាប់ម្ចាស់រោងចក្រផង និងសម្រាប់ កម្មករកម្មការិនីផងដូចជា៖
១)- ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។
២)- ត្រូវរួមគ្នាថែរក្សាការងារចាស់ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកសង្វាក់ផលិតកម្ម និងបង្កើនទីផ្សារ។
ទី៣)- ត្រូវរួមគ្នាបង្កើនប្រាក់ចំណូលដល់កម្មករតាមរយៈការបណ្តុះបណ្តាលសមត្ថភាពចំណេះដឹងបន្ថែមដល់ពួកគាត់ឱ្យទទួលបានការងារល្អ និងប្រាក់ខែខ្ពស់។ រាជរដ្ឋាភិបាលនឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។
៤)- ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករ ចាប់ពីខែ មករា ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការិនី។ពេលនោះ បងប្អូនអាចនៅសល់ប្រាក់ប្រមាណពី៨,០០០៛-១២,០០០៛ក្នុង១ខែ។
ទី៥)- រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្រៅប្រទេសដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវលក្ខខណ្ឌការងារល្អៗ ដែលមានប្រាក់ ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួល នូវបែបបទលិខិតបទដ្ឋានផ្លុវច្បាប់នានាដែលពាក់ព័ន្ធ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។

ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេស ថៃដើម្បីផ្តល់នូវការងារ និងប្រាក់ខែល្អៗសម្រាប់ បងប្អូនកូនក្មួយកម្មករខ្មែរ។ ក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏បានឧបត្ថម្ភនូវប្រាក់គាំពារសុខភាពមួយចំនួនដល់ស្រ្តីកម្មការិនីមានផ្ទៃពោះជាង៣០០នាក់ និងបានឧបត្ថម្ភប្រាក់លើកទឹកចិត្ត ដល់បងប្អូនកូនក្មួយកម្មករជាងមួយម៉ឺននាក់ផងដែរ៕








មហិច្ឆតារបស់យើង គឺនឹងធ្វើឱ្យ​កម្ពុជាក្លាយជាប្រទេស​ដែលមានប្រាក់​ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ ២០៣០

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស្របពេលដែលកម្ពុជាកំពុងតែដើរលើផ្លូវត្រូវ មហិច្ឆតារបស់យើង គឺនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំ ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ ៦៤ តែប៉ុណ្ណោះ ហើយទំហំទឹកប្រាក់នាំចេញមានត្រឹមតែ ២២៧ លានដុល្លារ។ នៅពេលនេះទំហំទឹកប្រាក់នាំចេញបាន កើនឡើងប្រមាណ ៧,៦៦៣ លានដុល្លារ ដែលបានបង្ហាញពីការរីកចម្រើននៃរោងចក្រ សហគ្រាស និងកំណើនសេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនឹងនោះ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា ចំពោះការតម្លើងប្រាក់ខែកម្មករ នៅឆ្នាំ២០១៨ ខាងមុខ នេះប្រាក់ខែកម្មករតិចបំផុតគឺ ១៦០ដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត គឺនឹងទទួលបាន ច្រើនជាង២០០ដុល្លារ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល គឺកម្ពុជាបានកាត់បន្ថយភាពក្រីក្រពីអត្រា ១០០% ចុះមក ១៣% នៅឆ្នាំ ២០១៤។ មហិច្ឆិតារបស់យើងគឺនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកជាថ្មីពី «មរតកតេជោ» ដែលត្រូវថែរក្សាឱ្យបាន

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកជាថ្មីពីពាក្យថា «មរតកតេជោ» ដែលយុវជន យុវនារីខ្មែរជំនាន់ក្រោយត្រូវតែថែរក្សាការពារឱ្យបានដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មរតកតេជោ នោះគឺ៖ទី១- អាយុជីវិតរបស់ប្រជាជនកម្ពុជាដែលត្រូវបានជួយស្រោចស្រង់ចេញពីរបបកាប់ម្លាប់ប្រល័យពូជសាសន៍ ប៉ុល ពត ទី២- សន្តិភាពដែលកម្ពុជារកបានដោយការលំបាក តាមរយៈការរួមចំណែកធ្វើឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងទឹកដី និងទី៣- លោក ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំដទៃទៀត បានកសាងសេដ្ឋកិច្ចកម្ពុជាពីអត្រាភាពក្រីក្រ ១០០% ឱ្យធ្លាក់មកនៅត្រឹមកម្រិត១៣% នៅឆ្នាំ២០១៤។

ទន្ទឹមនឹងនោះ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា លោកពិតជាមានមោទនភាពបើទោះបីជាសោកនាដកម្មបានធ្លាក់មកលើប្រជាជនកម្ពុជា រួមទាំងរូបលោកផងដែលបានក្លាយទៅជាជនពិការម្នាក់ ហើយបានត្រូវព្រាត់ប្រាស់និរាស្រ្តស្លាប់កូន។ លោក បានរួមដំណើរតាំងពីបាតដៃទទេ តាំងពីយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបប៉ុល ពត ហើយយកការខិតខំរបស់យើងពីបាតដៃទទេពីគំនរផេះផង់ដើម្បីធ្វើឱ្យប្រទេសនេះមានសន្តិភាពទប់ស្កាត់ការវិលត្រឡប់នូវរបបប៉ុល ពត ដោយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដើម្បីស្វែងរកសន្តិភាព៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនកម្មករនៅសួនឧស្សាហកម្មកាណាឌីយ៉ា

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករនិយោជិតសរុបជាង ១០,៤៦១ នាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
លោក ហ៊ុន សែន បានសម្តែងក្តីសប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបជុំជាមួយ បងប្អូនកូនក្មួយកម្មករ កម្មការិនីដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការចាំបាច់នានាដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែមានកម្មវិធីជួបជុំកម្មករនិយោជិតក្នុងពេលកន្លងមកគឺក្នុងមួយឆ្នាំៗ លោក បានអញ្ជើញជួបបងប្អូនកម្មករនៅក្នុងថ្ងៃទី ១៣ ឧសភា នៃទិវាពលកម្មអន្តរជាតិ និងបាន អញ្ជើញចុះជួបផ្ទាល់ថែមទៀតនៅតាមបណ្តាលរោងចក្រផ្សេងៗទៀត។ ក្នុងឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន បានសម្រេចអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូនក្មួយយកម្មករនិយោជិតប្រមាណជាង១លាននាក់ ដែលបានគ្រោងធ្វើ២ដងក្នុងមួយសប្តាហ៍។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរម្លឹកដល់ការជួបជុំកម្មករកម្មការិនីនៅសួនឧស្សាហកម្មវឌ្ឍនៈទី២ កាលពីពេលថ្មីៗនោះ ដែលនៅទីនោះគឺម្ចាស់រោងចក្រ បានកំណត់ម៉ោងឱ្យកម្មការិនីស្ត្រីមានផ្ទៃពោះបានចេញ ពីកន្លែងធ្វើការមុន ១៥ នាទី។ លោក ក៏បានស្នើឱ្យគ្រប់បណ្តារោងចក្រនានាទៀតកំណត់ម៉ោងឱ្យបុគ្គលិកកម្មការិនីមានផ្ទៃពោះបានចេញពីកន្លែងធ្វើការមុន១៥នាទី ដូចៗគ្នា ព្រោះកន្លែងខ្លះឱ្យចេញមុន ៥ នាទី ហើយកន្លែងខ្លះទៀតឱ្យចេញមុន ១០នាទី៕