អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា
បានបញ្ជាក់ឱ្យដឹង នៅរសៀលថ្ងៃទី៦ ខែកញ្ញានេះថា
ពាក់ព័ន្ធករណីអគ្គនាយកដ្ឋានពន្ធដារ ប្តឹងកាសែត Cambodia Daily
រឿងគេចវេសការបង់ពន្ធរយៈពេល១០ឆ្នាំ ទឹកប្រាក់ជាង៦លានដុល្លារនោះ
អយ្យការសាលាដំបូង រាជធានី ភ្នំពេញ បានទទួលពាក្យបណ្តឹងរួចហើយ
និងកំពុងពិនិត្យតាមនីតិវិធី។
លោក លី សុផាណា បានបញ្ជាក់យ៉ាងដូច្នេះថា « អយ្យការបានទទួលពាក្យបណ្តឹង
និងកំពុងពិនិត្យតាមនីតិវិធី » សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ
ដែលដឹកនាំដោយលោក គង់ វិបុល បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងកាសែតបរទេស
Cambodia Daily ដោយប្តឹងផ្ទាល់ ចំពោះថ្នាក់ដឹកនាំនៃកាសែតមួយនេះ
ចំនួន៣រូបមាន ម្ចាស់ស្ថាប័ន បណ្ណាធិការ និងចាងហ្វាយការផ្សាយកាសែត Cambodia
Daily ចំពោះការគេចវេស មិនបង់ ពន្ធជូនរដ្ឋ នេះបើយោងតាមពាក្យបណ្តឹង
របស់អគ្គនាយកដ្ឋានពន្ធដារ ដែលទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
ថ្នាក់ដឹកនាំនៃកាសែត Cambodia Daily ចំនួន៣រូប
ដែលនាយកដ្ឋានពន្ធដារដាក់ពាក្យបណ្តឹងនោះ រួមមាន ដូចខាងក្រោម៖ ទី១ លោកស្រី
Deborah Krisher-Steele. ដែលមានតួនាទីជាកម្មសិទ្ធិករ ក្រុមហ៊ុន Bernard
Kriser Jmushi Co., Ltd. (កាសែត Cambodia Daily) ដោយប្តឹងពីបទ គេចវេសពន្ធ
និងការប្រព្រឹត្តអំពើ រាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ។
ទី២លោក Douglas Eric Steele ដែលមាននាទីជាបណ្ណាធិការ ក្រុមហ៊ុន Bernard
Kriser Jmushi Co., Ltd. (កាសែត Cambodia Daily) ដោយប្តឹងពីបទ គេចវេសពន្ធ
និងការប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ។
ទី៣ លោក Bernard Krisher មានតួនាទីចាងហ្វាយកាសែត Cambodia Dialy.
ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះ
ដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ។
ដោយឡែកមួយទៀត សម្រាប់លោកស្រី Deborah Krisher-Steele. ដែលជាកម្មសិទ្ធិករ
ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily)
ក៏ត្រូវបានអគ្គនាយកដ្ឋាន ប្តឹងពីបទ «បរិហារកេរ្តិ៍ ជាសាធារណៈ»
ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងលិខិតបណ្តឹងអគ្គនាយកដ្ឋានបានលើកឡើងថា «ក្រុមហ៊ុន Bernard Kriser
Jmushi Co., Ltd. (កាសែត Cambodia Daily) បានប្រកបអាជីវកម្ម សារពើពន្ធ
The Cambodia Daily នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣
ប៉ុន្តែទើបមកចុះបញ្ជីពន្ធដារនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧»។
កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍មួយរូប
បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍
នៃក្រសួងមហាផ្ទៃនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់កាសែត The
Cambodia Daily ដែលជំពាក់ពន្ធរដ្ឋជាង៦លានដុល្លារ
បន្ទាប់ពីទទួលបានលិខិតផ្លូវ ការរបស់អគ្គនាយក ដ្ឋានពន្ធដារ
ស្នើឱ្យសហការក្នុងការអនុវត្តវិធាន ការតឹងទារបំណុលពន្ធ ។
មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
បានថ្លែងយ៉ាងដូច្នេះថា «ក្រោយពីទទួលលិខិត ពីអគ្គនាយកដ្ឋាន ពន្ធដារហើយ
យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧
គឺជាថ្ងៃឱសាទនៃថ្ងៃកំណត់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ
និងក៏ជាថ្ងៃចុងក្រោយនៃការចេញផ្សាយរបស់កាសែត Cambodia Daily
អគ្គនាយកដ្ឋានពន្ធដារ បានធ្វើ លិខិតស្នើសុំកិច្ចសហការជាមួយ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការតឹងទារបំណុល ពន្ធលើ
ក្រុមហ៊ុន BERNARD KRISHER JIMUSHI Co., Ltd. (កាសែត The Cambodia Dialy)។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក គង់ វិបុល
បានថ្លែងបញ្ជាក់ប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖ «បើទោះបី មានការបិទក៏ដោយ
ការអនុវត្តពន្ធនៅតែបន្ត បំណុលពន្ធត្រូវតែសង
អ្នកទទួលខុសត្រូវរបស់អង្គភាពព័ត៌មាន នេះ ជាអ្នកទទួលខុសត្រូវ
ចំពោះបំណុលពន្ធរបស់រដ្ឋ មិនអាចគេចខ្លួនបានទេ ហើយក៏មិនអាចចាកចេញពី
កម្ពុជាផងដែរ ព្រោះយើងអនុវត្តតាមច្បាប់ សារពើពន្ធរបស់កម្ពុជា
អគ្គនាយកដ្ឋានពន្ធដារ នឹងចេញសេចក្តី ប្រកាសព័ត៌មាន
ជុំវិញករណីនេះនៅថ្ងៃស្អែក ព្រោះជាថ្ងៃឱសានវាទ»។
មន្រ្តីកំពូលនៃអគ្គនាយកដ្ឋាន
បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនបើមិនមានប្រាក់ដើម្បីបង់ពន្ធ ដែលជា
បំណុលរបស់រដ្ឋនោះ ការរឹបអូសទ្រព្យសម្បត្តិ របស់អង្គភាពព័ត៌មាននេះ
នឹងត្រូវធ្វើឡើង តាមច្បាប់សារ ពើពន្ធរបស់កម្ពុជា»។
កាសែតបរទេស The Cambodia Daily បានប្រកាសបិទការចេញផ្សាយរបស់ខ្លួន
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាព
បង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ និងបានបើកដំណើរការ
អស់រយៈពេល២៤ឆ្នាំនៅកម្ពុជា។ នេះបើយោងតាមការប្រកាសរបស់កាសែត The Cambodia
Daily នៅ រសៀលថ្ងៃអាទិត្យនេះ។ ការសម្រេចបិទការចេញផ្សាយរបស់ខ្លួន កាសែត The
Cambodia Daily បានថ្លែង អំណរគុណដល់ ម្ចាស់ពាណិជ្ចកម្ម និងប្រិយមិត្ត
ដែលបានគាំទ្រកាសែតនេះ តាំងពីដើមមក ៕
No comments:
Post a Comment