Wednesday, December 20, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវជាថ្មីឱ្យកម្មករកម្មការិនីពិនិត្យនិងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំ២០១៨ គឺជាឆ្នាំដែលត្រូវមានការបោះឆ្នោត ហើយគណៈក​ម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងតែបិទបញ្ជីនៃការចុះឈ្មោះបោះឆ្នោត ដូចនេះសូមឱ្យកម្មករកម្មការិនីទាំងអស់ ទៅផ្ទៀងផ្ទាត់ឈ្មោះ ពិនិត្យឈ្មោះ ដើម្បីប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោត ដែលនឹងប្រារព្ធទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។លោកនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីអាចបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេសដែលខ្លួនពេញចិត្ត គឺចាំបាច់យើងត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាមុនសិន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ជាង១ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ យើងនឹងមានការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ដែលរហូតមកដល់ពេលនេះ មានគណបក្សចំនួន៤ ដែលបានចុះឈ្មោះសម្រាប់ការប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ហើយអង្គបោះឆ្នោត មិនមែនជាប្រជាពលរដ្ឋទាំងអស់នោះទេ ប៉ុន្តែអង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្រ្តនៅក្នុងតំណែងដែលជាអ្នកបោះឆ្នោត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តទៀថា បន្ទាប់ពីបោះឆ្នោតព្រឹទ្ធសភា កម្ពុជាក៏នឹងមានការបោះឆ្នោតថ្នាក់ជាតិជ្រើសរើស សមាជិករដ្ឋសភា តាមរយៈសមាជិករដ្ឋសភានោះនឹងបង្កើតបាននូវរដ្ឋាភិបាលអាណត្តិថ្មី ហើយលោកសង្ឃឹមយ៉ាងមុតមាំថា កម្មករកម្មការិនីរួមទាំងឪពុកម្តាយ ជីដូនជីតា និងក្រុមគ្រួសារនឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៅទៀត៕




តំណាងរាស្ត្រខេត្តប៉ៃលិន ដឹកនាំក្រុមយុវជន​ សសយក​ ចុះជួយ​ប្រមូលផល​ជូនប្រជាពលរដ្ឋ​ ដែលកំពុង​ខ្វះខាត​កម្លាំងពលកម្ម​

ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានដឹកនាំក្រុមយុវជន ចុះជួយប្រមូលផលពោត និងជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតកម្លាំងពលកម្មនៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកស្រី បាន ស្រីមុំ បានឱ្យដឹងថា យុវជនកម្ពុជា គឺជាកំលាំងចលករមួយដ៏ខ្លាំង ប្រកបដោយថាមពល និងជំនឿចិត្តខ្ពស់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ គ្រប់សកម្មភាពក្នុងការបំរើកិច្ចការសង្គម និងការងារមនុស្សធម៌ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ក្រោមដំបូលសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិយើង។
តំណាងរាស្ត្រខេត្តប៉ៃលិន បានបញ្ជាក់ថា ក្នុងនាមជាអ្នកតំណាងរាស្ត្រខេត្តប៉ៃលិន និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា គឺតែងតែយកចិត្តទុក្ខដាក់ពីផលប្រយោជន៍ និងការលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ហើយជាក់ស្តែងពេលនេះដោយមើលឃើញបងប្អូនប្រជាពលរដ្ឋខ្វះខាតកម្លាំងពលកម្ម ក្នុងការប្រមូលផលពោត និងស្រូវនោះ ក្រុមការងារតំណាងរាស្ត្រនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចុះមកជួយអន្តរគមន៍ប្រមូលផលជូនប្រជាពលរដ្ឋភ្លាម។
លោក ព្រំ ណែត ជាកសិករម្ចាស់ចំការពោត រស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានសំដែងក្តីរីករាយ និងថ្លែងអំណគុណដល់លោកស្រី បាន ស្រីមុំ និងក្រុមយុវជនកម្ពុជាខេត្តទាំងអស់ ដែលបានចុះមកជួយប្រមូលផលពោតចំការរបស់គាត់ នៅពេលដែលគាត់មិនមានកម្លាំងពលកម្ម ក្នុងការប្រមូលផលឱ្យបានទាន់ពេលវេលា ដើម្បីយកទៅលើទីផ្សារ។

សូមបញ្ជាក់ថា ក្នុងការចុះជួយប្រមូលផលជូនប្រជាកសិករ ក្រុមការងារការិយាល័យតំណាងរាស្ត្រ និងយុវជនសហភាពសហព័ន្ធខេត្ត បានជួយប្រមូលផលពោតបានចំនួន ២ហិតា និងជួយច្រូតស្រូវ បានចំនួន ១ហិចតាផងដែរ៕




ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ចុះជួបសំណេះសំណាល និងជូនដំណើរពលទាហាន​ជ្រើសរើសថ្មី​បញ្ចូលក្នុង​ក្របខ័ណ្ឌ​នៃកងយោធពល​ខេរភូមិន្ទ​ទៅសាលាហ្វឹកហ្វឺន​

បាត់ដំបង៖ នៅថ្ងៃពុធ ០៣កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក សប្បុរសជន យុវជន យុវនារី បានអញ្ជើញចុះជួបសំណេះសំណាល និងជូនដំណើរពលទាហានជ្រើសរើសថ្មី បញ្ចូលក្នុងក្របខ័ណ្ឌនៃកងយោធពលខេរភូមិន្ទ ចំនួន១៥៣នាក់ ទៅសាលាហ្វឹកហ្វឺន នៅបរិវេណតំបន់ប្រតិបត្តិការសឹករងបាត់ដំបង៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា គ្មានជោគជ័យណាមួយដែលបានមកដោយខ្វះការចូលរួមនោះទេ

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ចំនួនជាង១ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការជោគជ័យទាំងអស់កើតឡើងទៅបានអាស្រ័យដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដោយមិនអាចខ្វះបាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា កើតឡើងបានក៏ដោយសារមានការចូលរួមពីឪពុកម្តាយ ជីដូនជីតារបស់កម្មករកម្មការិនីទាំងអស់ដែលបានផ្តល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា និងមេដឹកនាំគណបក្សប្រជាជនកម្ពុជារហូតកសាងនិងថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា នៅសល់តែប៉ុន្មានថ្ងៃទៀត នឹងដល់ខួប៣៩ឆ្នាំនៃការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា ហើយទម្រាំបានដល់ពេលនេះគឺយើងបានលះបង់ច្រើនណាស់ ប្រជាជនកម្ពុជា បានលះបង់ច្រើនណាស់ទម្រាំកសាងបាននូវសន្តិភាពរហូតមកដល់ពេលនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ដោយសារមានសន្តិភាពនេះហើយដែលធ្វើឱ្យកម្មករកម្មការិនីមានឱកាសទទួលបានការងារធ្វើ និងទទួលបានប្រាក់ចំណូលដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកក៏បានអំពាវនាវឱ្យកម្មករនិយោជិតចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីថែរក្សានូវសុខសន្តិភាព ថែរក្សាការងារ និងប្រាក់ចំណូលជាបន្តទៀត៕






រដ្ឋាភិបាលថៃនិយាយថា ខ្លួននឹងដកបម្រាមនយោបាយ  ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោត

នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha កាលពីថ្ងៃអង្គារបាននិយាយថា គាត់នឹងប្រើបទបញ្ជាពិសេស ដែលផ្ដល់ឱ្យយោធានូវអំណាចដ៏ទូលំទូលាយក្នុងការដកបម្រាមស្តីពីសកម្មភាពនយោបាយ ដែលបានដាក់ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០១៤ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០១៨។

គណបក្សនយោបាយធំៗបានជំរុញឱ្យរដ្ឋាភិបាលដកបម្រាមនេះចេញ ដើម្បីអនុញ្ញាតឱ្យគណបក្សដទៃទៀតរៀបចំសម្រាប់ការបោះឆ្នោត ហើយការប្រកាសនេះបានទទួលការអបអរសាទរពីអ្នករិះគន់រដ្ឋាភិបាល។

លោក Prayuth ដែលជាមេដឹកនាំរបបយោធា បាននិយាយថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ ២០១៨ ដំណឹងនោះត្រូវបានស្វាគមន៍យ៉ាងខ្លាំងដោយអ្នកវិនិយោគសេដ្ឋកិច្ចដ៏ធំបំផុតទីពីររបស់តំបន់អាស៊ីអាគ្នេយ៍។

លោក Prayuth បានប្រាប់អ្នកកាសែតថា «រដ្ឋាភិបាលនឹងប្រើប្រាស់មាត្រា ៤៤ ដើម្បីដោះស្រាយបញ្ហានេះ (ការជាប់គាំងសកម្មភាពនយោបាយ)»។

លោក Prayuth មិនបាននិយាយថា នៅពេលណាដែលបទបញ្ជានេះនឹងមានប្រសិទ្ធិភាពនោះទេ។

យោងតាមនីតិវិធីធម្មតា បទបញ្ជាត្រូវតែផ្សព្វផ្សាយនៅក្នុងរាជកិច្ចមុនពេលវាក្លាយជាច្បាប់។

លោក Thanawut Wichaidit អ្នកនាំពាក្យរបស់ក្រុមអាវក្រហមបាននិយាយថា សេចក្តីប្រកាសនេះគឺ «ជាជំហានដំបូងសម្រាប់ការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ»។

គាត់បាននិយាយថា «វាពិតជារឿងល្អ»។ គាត់បានបន្ថែមថា របបយោធាគួរតែដកបម្រាមស្តីពីការជួបប្រជុំជាសាធារណៈផងដែរ។

រដ្ឋប្រហារឆ្នាំ ២០១៤ បានមើលឃើញថា បណ្តាប្រទេសលោកខាងលិចមួយចំនួនបានទម្លាក់ចំណាត់ថ្នាក់ជាមួយទីក្រុងបាងកក។ កាលពីដើមខែនេះ សហភាពអឺរ៉ុបបាននិយាយថា ខ្លួននឹងបន្តទំនាក់ទំនងនយោបាយ «គ្រប់កម្រិតទាំងអស់» ជាមួយប្រទេសថៃបន្ទាប់ពីបង្កកទំនាក់ទំនង។

ការប្រកាសនោះធ្វើឡើងបន្ទាប់ពីលោក Prayuth បាននិយាយនៅក្នុងខែតុលាថា ការបោះឆ្នោតជាតិនឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំក្រោយ៕

​ប្រភព: Reuters ចុះថ្ងៃទី២០ ខែធ្នូ​​ ឆ្នាំ២០១៧


រដ្ឋាភិបាល​សិង្ហបូរី​ជាប់​ជំពាក់​ក្នុង​ការ​គ្រប់​គ្រង​វិបត្តិ​ក្នុង​ស្រុក​

ឆ្នាំ ២០១៧ គឺជា​ឆ្នាំ​ដ៏អាក្រក់​សម្រាប់​រដ្ឋាភិបាល​សិង្ហបូរី និង​សម្រាប់​នាយក​រដ្ឋមន្ត្រី​ Lee Hsien Loong ជាពិសេស។​

វា​បាន​ចាប់​ផ្តើម​ឡើង​ដោយ​មានការ​តម្លើង​សម្លេង​ខ្លាំង​និង​ចំហរ​ជា​មួយ​ចិន។ នៅ​ចុង​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ចិន​បាន​រឹប​អូស​សម្ភារៈ​យោធាដែល​មាន​ទឹក​​ប្រាក់​រាប់​សិប​លាន​ដុល្លារ​​ ដែល​សម្ភារៈ​នោះ​បាន​ឆ្លង​កាត់​កំពង់​ផែនៅ​ក្រុង​ហុង​កុង។ សកម្មភាព​នោះ​ មួយ​ផ្នែក ដើម្បីសងសឹក​ទៅនឹង​ការយល់​ព្រម​របស់​លោក Lee ដល់​ជំហរ​របស់​អាមេរិក​​​លើ​ការ​ធ្វើ​យោធាតូបនីយកម្ម​របស់​ចិន​នៅ​សមុទ្រ​ចិនខាងត្បូង។​

ចិន​បាន​ដោះលែង​​សម្ភារៈ​យោធា​របស់​សិង្ហបូរី​នោះ​នៅ​ចុង​ខែ​មករា​ ប៉ុន្តែ​ក្រោយមក​បាន​បញ្ជូន​សារថ្មី​មួយ​ពីការ​មិន​ពេញ​ចិត្ត ពោល​គឺ សិង្ហបូរី​មិន​ស្វាគមន៍​វេទិការ​ស្តីពីវិថី​និង​ខ្សែក្រវ៉ាត់​របស់​ ស៊ី ជីនពីង នៅ​ខែ​ឧសភា​ឆ្នាំ ២០១៧។ ក្នុង​ខណៈ​ Lee មិន​ចូល​រួម​ក្នុង​វេទិការ​នោះ គាត់​ក្រោយ​មក​បាន​ដឹកនាំ​គណៈ​ប្រតិភូកម្រិត​ខ្ពស់​ទៅ​កាន់ប៉េកាំង​និង​វ៉ាស៊ីនតោន​ ដោយ​ស្តារ​ស្ថាន​ភាព​ដែល​បាត់​បង់​នោះឡើង​វិញ។​

ការ​បន្ត​​ថ្មម​សភាព​ការណ៍​​របស់​សង្ហបូរី​រវាង​ចិន​និង​អាមេរិក​នោះ​នឹង​បន្ត​ធ្វើ​នៅឆ្នាំ ២០១៨ ដោយ​មាន​កត្តាថ្មី​មួយ​កំពុង​យក​មក​ប្រើ​ គឺ វា​ជា​វេន​របស់​សិង្ហបូរី​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​លោក Lee ស្ថិត​នៅ​ជួរ​មុខ​ក្នុងការ​ចាប់​អារម្មណ៍​ពី​តំបន់។ ជា​ការ​មិន​ល្អ​សម្រាប់​ការ​ថ្មម​សភាព​ការ​ណ៍​នោះ គឺ​ សេចក្តី​ថ្លែង​ការណ៍​លើក​ដំបូង​របស់​ Lee ក្នុង​នាមជា​ប្រធាន​អាស៊ាន​នៅពេល​ខាង​មុខ​ ដែល​ប្រកាស​ពីក្តី​សង្ឃឹម​ថា អាមេរិក​នឹង​បន្ត​ចូល​ពាក់​ព័ន្ធ​ជា​មួយ​អាស៊ាន​និង​តំបន់។​

ការ​ស្តារ​ស្ថានភាព​បាត់​បង់​នៅ​ក្នុងគោល​នយោ​បាយ​ការបរទេស​នោះ​ប្រហែលជា​សមិទ្ធ​ផល​ធម្មតា​មួយ។ ប៉ុន្តែ នៅ​ក្នុង​ស្រុកវិញ រដ្ឋាភិបាល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​គ្រប់​គ្រង​វិបត្តិ​​ដែល​កំពុង​បន្ត​កើត​ឡើង​​ ដែល​លាយ​ឡំ​​ជា​មួយ​ការ​វិនិច្ឆ័យ​នយោ​បាយ​ខុស​ឆ្គង។​

វិបត្តិ​ក្នុង​ស្រុក​ដំបូង​នៃ​ឆ្នាំ ២០១៧ បាន​ផ្ទុះ​ឡើង​នៅ​ខែ​មិថុនា​ នៅពេល​ប្អូន​ប្រុស​និង​ប្អូន​ស្រី​របស់​លោក Lee គឺ Lee Hsien Yang  និង​ Lee Wei Ling បាន​ងាកទៅ​កាន់បណ្តាញ​ផ្សព្វ​ផ្សាយ​បរទេស​និង​បណ្តាញ​សង្គម​ដើម្បី​លាតត្រដាង​​ពីជម្លោះ​ផ្លូវ​ច្បាប់​ដែល​នៅ​បន្ត​​មាន​ឡើង​ទៅ​លើ​មរតក​របស់​ឪពុក​របស់ពួក​គេ។ ជម្លោះ​នោះ​មិន​មែន​ទៅ​លើ​ប្រាក់​នោះទេ ប៉ុន្តែ​ទៅ​លើ​ការ​គ្រប់គ្រង​ផ្ទះ​គ្រួ​សារ។ លោក Lee ចង់​បង្វែ​វា​ទៅជា​សារៈ​មន្ទីជាតិ​ដល់​ឪពុក​គាត់​ ប៉ុន្តែ​បងប្អូន​គាត់​ចង់​ធ្វើ​តាម​បណ្តាំ​ឪពុក​គេ​ដោយ​ការ​ឈូសកំទេច​វា​ចោល។​

ជម្លោះ​គ្រួសារ​នេះ​លើ​មរតក​បាន​ក្លាយជា​បញ្ហា​ជាតិ​ នៅពេល​បងប្អូន​ទាំង​ពី​នោះ​បាន​ចោទ​ប្រកាន់ Lee ពីការ​រំលោភ​អំណាច​គាត់​ក្នុង​នាម​ជា​នយក​រដ្ឋមន្ត្រី​ដើម្បី​បង្កើន​ប្រជាប្រិយភាព​គ្រួសារ​​លើ​ឈ្មោះ​ឪពុក​របស់ពួក​គេ ដែល​អ្វីទាំងអស់​នោះ​គឺដើម្បី​បង្កើន​អំណាចផ្ទាល់ខ្លួន​និង​ដើម្បី​ធ្វើ​​ឲ្យ​រលូន​ដល់​ការ​បន្ត​សមាជិកភាព​នាយក​រដ្ឋមន្ត្រី​ដល់​កូន​ប្រុសគាត់​ គឺ Li Hongyi។ ជម្លោះ​មិនអាច​ដោះ​ស្រាយ​នេះ​បាន​ធ្វើ​ឲ្យ​ខូច​ទាំងកេរ្តិ៍​ឈ្មោះត្រកូល​ Lee និង​ក្តី​សង្ឃឹម​របស់​ Li Hongyi ក្នុងការ​ចូល​ប្រលូក​នយោ​បាយ​ទៀត​ផង។​

វិបត្តិធំទីពីរ​បាន​ផ្ទុះ​ឡើង​នៅ​ខែ​តុលា នៅពេល​ការ​ខូច​ប្រព័ន្ធ​រថ​ភ្លើង​​ក្រោម​ដី​បាន​​កា្លយ​ជា​រឿង​ធំ ពោល​គឺ​ស្ថានីយ៍​បូបទឹក​នៅ​ក្នុង​ផ្លូវ​ក្រោម​ដី​បាន​ខូច​ក្នុងពេល​ព្យុះ​ធម្មតា​មួយ ដែល​បណ្តាល​ឲ្យ​បណ្តាញ​រថភ្លើង​ទាំង​មូល​បិទ​ដោយទឹកជំនន់​អស់​ពេល ២០ ម៉ោង។ មូល​ហេតុ​នៃ​បញ្ហា​នោះ​បាន​បង្ហាញពី​​រឿង​តូច​មួយ​ដែល​មិន​បាន​ចាប់​អារម្មណ៍ គឺ ការ​ងារ​ថែរក្សា​មិន​ត្រូវ​បាន​គេ​ធ្វើ​ ហើយ​ឯកសារ​ការងារ​ត្រូវ​បាន​គេ​ក្លែង​បន្លំ។​

រដ្ឋមន្ត្រី​ដឹកជញ្ជូន​លោក Khaw Boon Wan បាន​ពង្រីក​ការ​ខូចខាតនោះ​ ដោយការ​មិន​ស្តីបន្ទោស​រដ្ឋាភិបាល​និង​ពួក​គ្រប់​គ្រង​ជាន់ខ្ពស់​​របស់​សាជីវកម្ម​ដឹកជញ្ជូន​សិង្ហបូរី។ គាត់​​មិន​បាន​ស្តី​បន្ទោស​នាយក​គ្រប់គ្រង​របស់សាជីវកម្ម​លោក Desmond Kuek ដែល​លោក Khaw បាន​អរគុណ​គាត់​ថា ជា “អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត” ពោល​គឺជា​តួនាទី​មួយ​ដែល​គាត់​​ទទួល​បាន​ប្រាក់​បំណាច់​ចំនួន ១,៣៩ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ លោក Khaw បាន​បន្ត​កោត​សសើរ​លោក Kuek ចំពោះ​ការ​​ដាក់ចិត្ត​ធ្វើ​ការ​​ងារយ៉ាង​ស្មោះ។​

រឿង​រ៉ាវ​នៃ​ការ​គ្រប់គ្រង​មិន​ល្អ​នេះ​មាន​សារសំខាន់​ខាង​នយោ​បាយ​ ដោយ​សារតែ​វា​បានបង្ហាញ​ពី​បរាជ័យ​រដ្ឋាភិបាល​ដ៏រីក​រាល​ដាល​ និង​សេវាកម្ម​រដ្ឋាភិបាល​ចុះ​ខ្សោយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់លោក Lee។ វា​ក៏​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​ថា ឥស្សរជន​ធំៗ​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ត្រូវ​បាន​ការពារ​ចេញពី​ផល​វិបាក​នៃ​អំពើ​របស់គេ។ នៅឆ្នាំ ២០០៨ លោក Lee បាន​ផ្តល់​ការ​ការ​ពារ​ស្រដៀង​គ្នា​នោះ​ដល់​អតីត​ឧបនាយក​រដ្ឋមន្ត្រី​និងជា​​រដ្ឋ​មន្ត្រី​​កិច្ច​ការ​ក្នុង​ស្រុក​លោក Wong Kan Seng នៅពេល​គាត់​បាន​អនុញ្ញាត​ឲ្យ​ភេរវ​ជន​ម្នាក់​រត់​គេច​ខ្លួនពីការ​ឃុំ​ខ្លួន​របស់​ប៉ូលិស។ លោក Wong នៅតែ​មាន​តំណែង​របស់​គាត់​នៅ​គណៈ​រដ្ឋ​មន្ត្រី​រយៈ​ពេល ៣ ឆ្នាំ​បន្ត​ទៀត ដោយ​សារតែ​លោក Lee លើក​ឡើង​ថា គាត់​គ្រាន់តែ​ធ្វើ​ឲ្យ​មាន “កំហុស​ស្មោះត្រង់” ប៉ុណ្ណោះ។​

រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ឲ្យ​មាន​កំហុស​នយោ​បាយ​ជា​ច្រើនទៀតដែរ​នៅ​ឆ្នាំ ២០១៧។ កំហុស​ឆ្គង​បែបនេះ​រួម​មាន​ការ​ជ្រើសរើស​ប្រធាន​បទ​ចម្លែក​ៗ​របស់​លោក Lee សម្រាប់​សុន្ទរកថា​កាន់ជន​រួម​ជាតិ​របស់គាត់។ ដោយ​សិង្ហបូរី​កំពុង​ប្រឈម​មុខ​នឹង​បញ្ហាសំខាន់ៗជា​ច្រើន​ ដែល​​​ការ​ដោះ​ស្រាយ​ជា​មួយ ស៊ី ជីនពីង​ និង​ដូណាល់ ត្រាំ សមុទ្រ​ចិន​ខាងត្បូង ការ​កើន​ឡើង​​នយោ​បាយ​គាំ​ពារ​និយម រថភ្លើង​ សេដ្ឋកិច្ច​ និង​​ការ​ប្រឈម​​លើ​តួនាទី​របស់​សិង្ហបូរី​ក្នុងការ​នាំ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​តាម​អាកាសនោះ គាត់​បាន​​ប្រាប់​ប្រជាជន​អំពី​គ្រោះថ្នាក់​នៃ​ជម្ងឺ​ទឹក​នោម​ផ្អែម ដែល​ហាក់ដូចជា​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​​ច្របូក​ច្របល់។

ប្រជាជន​សិង្ហបូរី​ក៏​បាន​កំពុង​រង់ចាំ​យ៉ាង​អន្ទៈ​សារ​​អំពី​ការ​វិវត្តិ​ថ្មីៗ​​លើ​អ្នក​ស្នង​តំណែង​បន្តពី​លោក Lee ដោយ​សារតែ​គាត់​បាន​ប្រកាសនៅ​ឆ្នាំ ២០១៦ ថា គាត់​មាន​បំណង​ចុះ​ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០២០។ នៅ​ក្នុង​ប្រទេស​មួយ​ដែលទាំង​ពល​រដ្ឋ​និង​ទីផ្សារ​រំពឹង​ដល់ការ​ផ្តល់​តម្រុយ​យូរ​គួ​សម​សម្រាប់​ការ​រៀប​ផែនការ​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី ពោលគឺ​ជា​ការ​ជូន​ដំណឹង​​មុន​រយៈ​ពេល ៥ ឆ្នាំ​ ឬ​ច្រើនជាង​នោះ ការ​ព្រួយ​បារម្មណ៍​កំពុង​ចាប់​ផ្តើម​រីក​កាន់តែ​ធំ​ដែល​ថា គ្មាន​អ្នក​ស្នង​តំណែង​ច្បាស់​ណា​មួយ​ត្រូវ​បាន​គេ​ដៅ​ឈ្មោះ​ ឬ​លេច​មុខ​ឡើង​នោះទេ។​

ប្រហែលជា ដំណើរ​ខុស​ឆ្គង​ធំបំផុត​របស់​លោក Lee គឺ​ការ​ដោះ​ស្រាយ​របស់​គាត់​លើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី។ បេក្ខជន​តាមការ​ចង់​បាន​របស់​រដ្ឋាភិបាល​សម្រាប់​ប្រធានាធិបតី​គឺ​ស្ទើ​តែ​ចាញ់​ឆ្នោត​នៅ​ការ​បោះឆ្នោត​ឆ្នាំ ២០១១ ដោយ​គូប្រជែង​ជនជាតិ​ចិន​ដ៏​ប្រជាប្រិយភាពឈ្មោះ Tan Cheng Bock ។ លោក Tan កំពុង​មាន​ផែន​ការ​ឈរ​ឈ្មោះ​ម្តង​ទៀត​ ហើយ​អញ្ចឹង​ រដ្ឋាភិបាល​បាន​ផាត់​គាត់​ចេញ​ដោយ​ការ​រឹតត្បឹត​លើ​ភាព​មាន​ប្រៀប​ដល់ការ​បោះឆ្នោត​​ទឮឲ្យ​ទៅ​ជន​ភាគ​តិច​ម៉ាឡេ​ស្ថិត​ក្រោម​ការ​បិតបាំង​ដ៏ស្តួច​ស្តើង​ក្នុងការ​លើក​កម្ពស់​ពហុជាតិ​សាសន៍។​

នេះ​គឺជា​ប្រសិទ្ធ​ភាព​ក្នុងការដក​​ចេញ​រាល់ការ​ប្រឈមទាំងអស់ពី​លោក Tan ប៉ុន្តែ​បាន​បន្សល់​ទុក​តែ​បេក្ខជនម្នាក់​ក្នុងការ​ប្រកួត​ប្រជែង​បន្ទាប់ពី​បក្ខជន​ម៉ាឡេ​ពីរនាក់​ក្នុង​ចំណោម ៣ នាក់​ត្រូវ​បាន​ផាត់​ចេញ​​ដោយ​មូល​ហេតុ​ផ្សេង។ រឿង​រ៉ាវ​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ថា រដ្ឋធម្មនុញ្ញ​និង​ច្បាប់​បោះឆ្នោត​គឺគ្រាន់តែ​ស្ថិត​ក្នុងការ​ចាត់ចែង​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ហើយ​បាន​ធ្វើ​ឲ្យ​ខូចខាត​ខ្លាំង​ដល់មុខ​មាត់​របស់​តំណែង​ប្រធានាធិបតី​និង​រដ្ឋាភិបាល។​

ក្នុង​ខណៈ​ដែល​រដ្ឋាភិបាល​សិង្ហបូរី​បាន​បោះជំហាន​វិជ្ជមាន​ខ្លះ​ក្នុង​គោល​នយោ​បាយ​ការ​បរទេស​ក្នុង​ឆ្នាំ ២០១៧ ការ​ដោះស្រាយ​បញ្ហា​ក្នុង​ស្រុក​មិន​សូវ​ល្អ។ វា​ជា​ឆ្នាំ​ដ៏​រញែរញ៉ាយ​សម្រាប់​រដ្ឋាភិបាល​មួយ​ដែល​អះអាង​ពីការ​កំពុង​ត្រៀម​ខ្លួន​ដល់ការ​ផ្ទេរ​អំណាច​ក្នុង​ឆ្នាំ ២០២០ ហើយ​វា​មិនមែនជា​ប្រផ្នូល​ល្អ​សម្រាប់​ភាព​យឺន​យូរនៃ​គំរូ​អភិបាល​កិច្ច​របស់​ Lee Kuan Yew៕

ប្រភព៖ East Asia Forum ចុះថ្ងៃ១៩ ខែធ្នូ​ ​ឆ្នាំ២០១៧


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបង្កើតធនាគារថ្មីមួយទៀតមានដើមទុន ១០០លានដុល្លារ ដើម្បីបង្កើតឱកាសការងារ មុខរបរជូនប្រជាពលរដ្ឋខ្មែរ និងបង្កើនការនាំចេញទៅក្រៅប្រទេស




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងដាក់ដើមទុនដំបូង ១០០លានដុល្លារ ដើម្បីបង្កើតនូវធនាគារថ្មីមួយទៀតសម្រាប់ផ្តល់ឥណទានជូនសហគ្រាសធុនតូច និងមធ្យមដើម្បីបង្កើនការផលិត បង្កើតឱកាសការងារ និងមុខរបរសម្រាប់ប្រជាជនកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា «យើងមានធនាគារអភិវឌ្ឍន៍ជនបទមួយហើយសម្រាប់ដោះស្រាយបញ្ហាឥនទានចំពោះជនបទ ក៏ប៉ុន្តែដំណាក់កាលនេះគឺជាដំណាក់កាលនៃការរីកលូតលាស់នៃបញ្ហាទាក់ទងនឹងសហគ្រាសកម្មធុនតូច និងមធ្យម ដែលផ្តល់នូវតម្លៃបន្ថែមសម្រាប់ការកែច្នៃវត្ថុធាតុដើមក្នុងស្រុក»។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ការបង្កើតធនាគារថ្មីដែលផ្តល់ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនេះនឹងឆ្លើយតបទៅនឹងដោះស្រាយបញ្ហាជាច្រើន «វានឹងដោះស្រាយបញ្ហាការងារធ្វើ និងដោះស្រាយបញ្ហាតំរូវការក្នុងស្រុក វានឹងកាន់តែប្រកួតប្រជែងដើម្បីនាំចេញទៅក្រៅប្រទេស»។

លោកបានបញ្ជាក់ទៀតថា «យើងមិនត្រូវរស់ដោយសារការដកដង្ហើមពីនេះពីនោះនោះទេ ពិភពលោកចំណុះឱ្យគ្នាទៅវិញទៅមក មានទៅមានមក គេនាំទំនិញពីគេចូលមកយើង យើងក៏នាំទំនិញយើងទៅកាន់ប្រទេសរបស់គេដែរ»៕

គោលដៅយុទ្ធសាស្រ្តជាតិរបស់ Donald Trump លើចិន និងរុស្ស៊ី ដែលមានគោលបំណងបំផ្លាញសន្តិសុខ និងភាពរីកចម្រើនរបស់អាមេរិក

ប្រធានាធិបតីអាមេរិកបាននិយាយថា ប្រទេសចិន និងរុស្ស៊ីបានប្តេជ្ញាធ្វើឱ្យសេដ្ឋកិច្ចកាន់តែមិនសេរី និងមិនយុត្តិធម៌ ដើម្បីបង្កើនកងទ័ព និងពង្រីកឥទ្ធិពលរបស់ពួកគេ។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានចោទប្រកាន់ប្រទេសចិន និងរុស្ស៊ីថា កំពុងព្យាយាមប្រកួតប្រជែងអំណាចរបស់អាមេរិក និងព្យាយាមបំផ្លាញផលប្រយោជន៍សន្តិសុខរបស់អាមេរិក បើទោះបីជាប្រធានាធិបតីរូបនោះបានដាក់សម្ពាធប្រទេសទាំងពីរ  ឲ្យទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដោយ។

យោងតាមឯកសារនៃសុន្ទរកថាយុទ្ធសាស្ដ្រសន្តិសុខជាតិជាលើកដំបូង ដែលបានចេញផ្សាយដោយសេតវិមាន លោក Trump បាននិយាយថា «ប្រទេសចិន និងរុស្ស៊ីកំពុងប្រកួតប្រជែងនឹងអំណាច ឥទ្ធិពល និងផលប្រយោជន៍របស់អាមេរិក ដែលព្យាយាមបំផ្លាញសន្តិសុខ និងវិបុលភាពរបស់អាមេរិក»។

ប្រធានាធិបតីអាមេរិកក៏បានអះអាងផងដែរថា ប្រទេសចិន និងរុស្ស៊ីកំពុងអភិវឌ្ឍន៍       «សមត្ថភាព និងអាវុធទំនើបៗ» ដែលអាចគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទីបញ្ជា និងផែនការគ្រប់គ្រងរបស់អាមេរិក។

លោកមិនបានបញ្ជាក់លម្អិតអំពីអាវុធទាំងនោះទេ។

លោក Trump បានបន្តរិះគន់ជំហររបស់ចិនក្នុងសមុទ្រចិនខាងត្បូងដោយនិយាយថា «កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការកសាងទីតាំងយោធានៅសមុទ្រចិនខាងត្បូងអាចបង្កគ្រោះថ្នាក់ដល់លំហូរពាណិជ្ជកម្មដោយសេរី ការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសដទៃទៀត និងបានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់»។

លោក Trump បាននិយាយថា «យើងកំពុងតែចូលរួមនៅក្នុងសករាជថ្មីនៃការប្រកួតប្រជែង»។ លោកប្រធានាធិបតីបាននិយាយថា សហរដ្ឋអាមេរិកបានទទួលយកការប្រកួតប្រជែងផ្នែកយោធា និងនយោបាយដែលមានភាពរឹងមាំ ដែលឥឡូវនេះកំពុងតែដើរតួជុំវិញពិភពលោក។

 លោក Trump និយាយថា «យើងនឹងបង្កើនការប្រកួតប្រជែងរបស់យើងដើម្បីប្រឈមនឹងបញ្ហាប្រឈមទាំងនោះ ដើម្បីការពារផលប្រយោជន៍របស់អាមេរិក និងជំរុញគុណតម្លៃរបស់យើង» ។

គាត់បានប្តេជ្ញាការពារកម្មសិទ្ធិបញ្ញារបស់អាមេរិក។ ដៃគូប្រកួតប្រជែងអាមេរិកដូចជាចិនអាចលួចយកបច្ចេកវិទ្យា និងគំនិតពីមុនៗដែលមានកម្មសិទ្ធិបញ្ញា។

លោកប្រធានាធិបតីក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកត្រូវតែប្រកួតប្រជែងជាមួយចិន និងរុស្ស៊ីក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលប្រទេសទាំងពីរកំពុងពង្រីកឥទ្ធិពលរបស់ពួកគេ ដោយទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងប្រឆាំងនឹងអាមេរិក។ លោក Trump បាននិយាយថា «ការប្រកួតប្រជែងមិនមានន័យថា តែងតែប្រទូសរ៉ាយឬ វានាំឱ្យមានជម្លោះចៀសមិនរួចនោះទេ» «ទោះបីជាពួកគេដឹងច្បាស់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារផលប្រយោជន៍របស់យើង»។

លោក Trump បាននិយាយថា កូរ៉េខាងជើងស្វែងរកសមត្ថភាពដើម្បីសម្លាប់ជនជាតិអាមេរិករាប់លាននាក់ជាមួយអាវុធនុយក្លេអ៊ែរ។ «ខណៈមីស៊ីលកើនឡើងចំនួន ប្រភេទ និងប្រសិទ្ធិភាព រួមបញ្ចូលទាំងមីស៊ីលបាញ់បានរយៈចម្ងាយឆ្ងាយ មីស៊ីលទាំងនោះគឺជាមធ្យោបាយបំផុតសម្រាប់បណ្តារដ្ឋ ដូចជាកូរ៉េខាងជើង ដើម្បីប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាមេរិក»។

លោក Trump បាននិយាយថា «យើងមិនអើពើនឹងការគំរាមកំហែងពីការរីករាលដាល និងការអភិវឌ្ឍអាវុធដ៏ប្រល័យលោកកាន់តែយូរ ការគំរាមកំហែងទាំងនោះកាន់តែអាក្រក់ ហើយជម្រើសការពាររបស់យើងកាន់តែមានតិច»៕

​​​​ប្រភព: South China Morning Post ចុះថ្ងៃទី១៩ ខែធ្នូ​​ ឆ្នាំ២០១៧


(សូមទស្សនាវីដេអូ)៖ ប្រសាសន៍សំខាន់ៗ​​​របស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង ក្នុងពិធីជួប​សំណេះសំណាលជា​មួយ​កូន​ក្មួយកម្មករជាង​១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ប្រភព៖ GN

លោក ហ៊ុន ម៉ានី អញ្ជើញក្នុងពិធី​ប្រជុំបូកសរុប​លទ្ធផលការងារ​ ស្តីពីការលើក​កម្ពស់សុខភាព​ និងសមត្ថភាព​យុវជន​

កំពង់ចាម៖ នៅថ្ងៃពុធ ០៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ ស្តីពីការលើកកម្ពស់សុខភាព និងសមត្ថភាពយុវជន នៅខេត្តកំពង់ចាម៕



ទស្សនៈវិភាគ៖​ បោកលុះក្ស័យ ~ ក្ស័យហេីយនៅតែបោក !

យុទ្ធសាស្ត្រនយោបាយដ៏អាក្រក់ផុតលេខរបស់បក្សប្រឆាំងក្រៅច្បាប់នៅកម្ពុជា គឺបោកទាំង ពលរដ្ឋក្នុងស្រុក បោកទាំងពលរដ្ឋខ្មែរឯនាយសមុទ្រ និងបោកទាំងសហគមន៍អន្តរជាតិ។ លើសពីពាក្យខ្មែរយើងដែលតែងតែនិយាយថា បោកលុះខ្ស័យនោះទៅទៀត ពីព្រោះពួកមេៗគណបក្សនេះបោកនោះបោករហូតទាល់តែរលាយខ្លួនទៅហើយក៏នៅតែមិនព្រមឈប់ទៀតគឺនៅតែបន្តបោកឥតល្ហែ។ ដូច្នេះ គេអាចនិយាយបានថា «បោកលុះក្ស័យ ក្ស័យ ហេីយនៅតែបន្តបោក»។
ដើម្បីជាអំណះអំណាង សូមពិនិត្យមើលចរិតរបស់បក្សប្រឆាំងនៅកម្ពុជាដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងដ៏ឆ្នេីម។ ចាប់តាំងពីកកើតបក្សដាក់ឈ្មោះខ្លួនឯងនៅឆ្នាំ ១៩៩៥ មក ទណ្ឌិត សម រង្ស៊ី មិនដែលយកខួរក្បាលទៅគិតរឿងការកសាងសមិទ្ធផលដើម្បីបង្កើតស្នាដៃល្អៗជូនជាតិ និងប្រជាជនសម្រាប់ទាក់ទាញការគាំទ្រទេ ប៉ុន្តែ ខួរក្បាលអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីម្នាក់នេះ គិតចេញតែរឿងអកុសល និងរឿងភូតកុហកដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះ។ ឲ្យតែជិតដល់ពេលបោះឆ្នោត ពួកគេនាំគ្នាបោកប្រជាពលរដ្ឋថា គណបក្សគេនឹងឈ្នះឆ្នោត ហើយសន្យាខ្យល់ផ្តល់មុខតំណែងតួនាទីដល់អ្នកនេះ ឬអ្នកនោះ ដើម្បីឲ្យអ្នកទាំងនោះបន្តគាំទ្រទាំងស្មារតី និងថវិកា។ ពលរដ្ឋខ្លះលក់ដីធ្លី ស្រែចម្ការ លក់គោ ក្របី ឬខ្ចីលុយគេដើម្បីបង់ចូលបក្សជាថ្នូរនឹងការឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ឬបេក្ខជនមេឃុំ មេស្រុក ឬចៅហ្វាយខេត្ត។ អ្នកដាក់លុយច្រើន បានទទួលការសន្យាតំណែងខ្យល់ខ្ពស់ អ្នកដាក់លុយតិចបានតំណែងតូច ពោលគឺ«តូចស៊ីតាមតូច ធំស៊ីតាមធំ»។ អ្នកក្នុងស្រុកដែលលុយមិនដល់បានត្រឹមតំណែងតូចតាច ចំណែកអ្នកក្រៅស្រុកសម្បូរលុយបានតំណែងតំណាងរាស្ត្រ។ ដល់ពេលបោះឆ្នោតហើយ លទ្ធផលចេញមកថាចាញ់ ពួកគេប្រើល្បិចថា មកពីមានការលួចបន្លំសន្លឹកឆ្នោតបានជាចាញ់។ ដើម្បីបោកអ្នកគាំទ្រ និងបេក្ខជនដែលបានដាក់លុយអស់ពីខ្លួនតែមិនបានតំណែង ពួកគេបង្កទៅជាចលនាបាតុកម្មដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ឬក៏ដើម្បីតថ្លៃជាមួយបក្សឈ្នះឆ្នោតក្រែងបានតំណែងខ្លះ។ ក្រោយពេលតវ៉ាអស់ចិត្តតែគ្មានលទ្ធផល ពួកគេក៏បោកមួយតង់ទៀតដោយបែរមកលួងលោមបេក្ខជន និងអ្នកគាំទ្រថា ចាំអាណត្តិក្រោយនឹងឈ្នះហើយ ដូច្នេះ សូមបងប្អូនបន្តការអត់ធ្មត់បន្តិចទៀត។

នៅឯក្រៅប្រទេសវិញ ជិតបោះឆ្នោត ពួកគេចែកជើងគ្នាដើរបោកលុយពីខ្មែរដែលរស់នៅឯនាយសមុទ្រ។ វិធីបោករបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកគឺដដែលៗ ពោលគឺតាមរយៈការបំភ្លៃសភាពការណ៍ថា ស្រុកខ្មែរកាន់របបផ្តាច់ការ ជិះជាន់ ធ្វើបាប សង្កត់សង្កិនប្រជាជនឥតត្រាប្រណី ហេីយប្រទេសកាន់តែក្ររទៅៗ ។ ដើម្បីមានភស្តុតាងខ្លះទៅបង្ហាញ ពួកគេបង្កើតព្រឹត្តិការណ៍ខុសច្បាប់មួយចំនួនដោយកេណ្ឌប្រជាជនឲ្យចូលរួមហើយពួកគេញុះញង់ឲ្យមានការប្រឈមមុខជាមួយសមត្ថកិច្ច។ ពេលនោះ ពួកគេរុញសភាពការណ៍ឲ្យមានអំពើហិង្សា ឈានដល់ការបង្ក្រាប ឬចាប់ខ្លួន ហើយពួកគេនាំគ្នាថត និងចុះផ្សាយព័ត៌មានថា អាជ្ញាធររាជរដ្ឋាភិបាលប្រើហិង្សាលើប្រជាជនខ្លួនឯង។ ទន្ទឹមនឹងនោះ ពួកគេក៏ផ្តើមផ្តល់ក្តីសង្ឃឹមដល់ខ្មែរឯនាយសមុទ្រថា គណបក្សរបស់ខ្លួននឹងឈ្នះឆ្នោតឆាប់ៗនេះដើម្បីដឹកនាំប្រទេស។ យុទ្ធសាស្ត្រនេះធ្វើឲ្យបក្សប្រឆាំងចំណេញកប់ក្តោងពីព្រោះ ខ្មែររស់នៅក្រៅប្រទេសមួយចំនួនដែលនៅដក់ជាប់ស្រមោលអតីតកាលឈឺចាប់កាលពីសម័យខ្មែរក្រហម ហើយមិនដែលសូវមានឱកាសមកលេងស្រុកផង ក៏នឹកស្មានថា ស្រុកខ្មែរពិបាកខ្លាំងណាស់ ក៏សុខចិត្តបេះពីមាត់ ពង្រាត់ពីកដើម្បីជួយបក្សប្រឆាំងដោយសង្ឃឹមថា អាចប្តូររបបដឹកនាំបាន។ ក្នុងមួយឆ្នាំៗ បក្សប្រឆាំងប្រមូលប្រាក់រាប់សិបលានដុល្លារ ប៉ុន្តែ ប្រាក់មួយភាគធំធ្លាក់ក្នុងហោប៉ៅមេបក្ស និងគូកនដោយម្នាក់ៗមានផ្ទះវីឡា ចម្ការម្រេច រថយន្តទំនើប និងប្រាក់ចាយមិនអស់ ហើយបន្តិចហោះទៅអាមេរិក បន្តិចហើរទៅបារាំង ហូឡង់ កាណាដា ស្វីស អាល្លឺម៉ង់ អូស្រ្តាលី តាមចិត្តចង់ ដោយគ្មានខ្វល់ ខ្វាយពីការចំណាយឡើយ។
បោកខ្មែរក្នុងស្រុក និងក្រៅស្រុកនៅមិនទាន់គ្រប់គ្រាន់ទេ តែទណ្ឌិត សម រង្ស៊ី និងបក្សពួកក៏មានជំនាញខ្លាំងណាស់ដែរក្នុងការបោកសហគមន៍អន្តរជាតិ។

វិធីបោករបស់ពួកគេក៏គ្មានអ្វីថ្មីដែរ គឺការបង្កើតព្រឹត្តិការណ៍ និងប្រើប្រាស់ព្រឹត្តិការណ៍នោះដើម្បីទម្លាក់កំហុសមកលើអាជ្ញាធររាជរដ្ឋាភិបាល។ ពួកគេប្រើប្រាស់«ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»ដែលពួកលោកខាងលិចផ្តល់តម្លៃខ្លាំងដើម្បីបោកពួកលោកខាងលិចវិញ។ នរណាក៏ដឹងដែរថា ទណ្ឌិតសម រង្ស៊ី និងគណបក្សប្រឆាំងរបស់គាត់ពោរពេញដោយបក្សពួកនិយម ពុករលួយ និងដឹកនាំតាមបែបផ្តាច់ការ គ្រួសារនិយម។ នៅក្នុងបក្សប្រឆាំង បើអ្នកណាហ៊ាននិយាយរិះគន់មេបក្ស ឬនិយាយការពិតពីចរិតរបស់មេៗ អ្នកនោះច្បាស់ជាត្រូវគេបណ្តេញចេញក្រោមលេសចោទប្រកាន់ថា «លក់ក្បាលឲ្យ ហ៊ុន សែន»។ បើបែបនេះ តើគេហៅថា ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស យ៉ាងដូចម្តេច? ទោះជាគេដឹងថា ក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងលោក កឹម សុខា ជាបក្សឥតប្រយោជន៍ ប៉ុន្តែ ដោយហេតុថា ពួកលោកខាងលិចដែលមានរបៀបវារៈនយោបាយយ៉ាងជាក់លាក់របស់ខ្លួន ជាពិសេសផលប្រយោជន៏ជាយុទ្ធសាស្ត្រក្នុងភូមិសាស្រ្តនយោបាយនៅអាសុី ក៏សុខចិត្តចាប់យកបក្សប្រឆាំងធ្វើជាកូនជឹងដើម្បីប្រើជាឈា្នន់ពីព្រោះ ពួកបរទេសទាំងនោះចាប់បានចំណុចខ្សោយរបស់ សម រង្ស៊ី ថាមនុស្សនេះស្រេកឃ្លានអំណាចខ្លាំងណាស់ ហើយមានខួរក្បាលមិនមែនខ្មែរចំទេ។ ដូច្នេះ ពួកមហាអំណាចងាយបញ្ជាខ្លាំងណាស់ ពោលគឺ«ថាឆ្វេងៗ ថាស្តាំៗ»។

ល្បិចបោកដដែលៗត្រូវបានទណ្ឌិតសម រង្ស៊ី ប្រើប្រាស់ និងដែលទទួលបានប្រយោជន៍ជាង ២០ ឆ្នាំ បានផ្តើមសាបរលាបយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពលរដ្ឋក្នុងស្រុកផ្តើមអស់សង្ឃឹមទៅលើបក្សមួយនេះ ហើយក៏លែងសូវដាក់លុយដូចពីមុនទៀតដែរ។ ម្យ៉ាងដោយសារអ្នកខ្លះអស់រលីងពីខ្លួនដោយការចាញ់បោកនយោបាយ សម រង្ស៊ី និងម្យ៉ាងទៀតដោយសារ ពួកគេមិនបានឃើញលទ្ធផលអ្វីទាំងអស់ គឺមានតែការសន្យាខ្យល់ដដែលៗ។ ជាក់ស្តែង ការបោះឆ្នោតឃុំសង្កាត់ចុងក្រោយនេះ បក្សប្រឆាំងខកចិត្តខ្លាំងណាស់ពីព្រោះយោងលើលទ្ធផលការបោះឆ្នោតឆ្នាំ ២០១៣ និងអ្វីដែលគេរំពឹងថា អាចបោកបានបន្ថែមទៀតនោះ បក្សប្រឆាំងបានប៉ាន់ប្រមាណថា គេអាចទទួលបានកៅអីឃុំសង្កាត់ដល់ទៅជាង ៦០% ឯណោះ។ ប៉ុន្តែ លទ្ធផលជាក់ស្តែងគឺទទួលបានតែជាង ៤០% ប៉ុណ្ណោះ។ ផ្ទុយទៅវិញ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បែរជាកើនសំឡេងដល់ទៅជាង ៣ សែនសំឡេងធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣។ តាមសេណារីយោដែលបានគ្រោងទុក បក្សប្រឆាំងមិនអាចទទួលយកលទ្ធផលដ៏គួរឲ្យអស់សង្ឃឹមបែបនេះទេ។ ប៉ុន្តែ ដោយសារតែការបោះឆ្នោតចុងក្រោយនេះត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយថា ជាការបោះឆ្នោតដ៏ល្អ ត្រឹមត្រូវ និងមានវិជ្ជាជីវៈ ម៉្លោះហើយ បក្សប្រឆាំងមិនអាចបដិសេធលទ្ធផលនេះបានទេ ក៏បែរទៅលួងចិត្តខ្លួនឯង និងបោកអ្នកគាំទ្របន្តទៀតថា ជាជោគជ័យរបស់ខ្លួនទៅវិញ។
ចំណែកប្រជាជនខ្មែរក្រៅស្រុកក៏បាត់ជំនឿស្ទើរទាំងស្រុងទៅលើបក្សប្រឆាំង។ ការរៃអង្គាសប្រាក់បានធ្លាក់ចុះយ៉ាងគំហុគនៅគ្រប់ទិសទី។ ចំនួនអ្នកចូលរួមស្តាប់បក្សប្រឆាំងក៏ធ្លាក់ចុះយ៉ាងខ្លាំងដែរ។ ទាំងមេបក្ស និងមន្ត្រីបក្សដែលចេញរៃអង្គាសលុយនៅក្រៅប្រទេស ស្ទើរតែរកលុយសងសំបុត្រយន្តហោះមិនចង់គ្រប់ផង។

ចំណែកសហគមន៍អន្តរជាតិក៏ផ្តើមយល់ថា គណបក្សប្រឆាំងដ៏ចំណាស់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយជាង ២០ ឆ្នាំ គ្មានអ្វីទាំងអស់៖ គ្មានគោលនយោបាយច្បាស់លាស់, គ្មានគោលការណ៍ដឹកនាំបែបប្រជាធិបតេយ្យផ្ទៃក្នុងបក្ស, គ្មានធនធានមនុស្ស និងគ្មានរចនាសម្ព័ន្ធគួរឲ្យជឿជាក់ឡើយ ហេីយខ្លួនឯងក៏បាត់បង់សិទ្ធិធ្វេីនយោបាយ ដោយជាប់ពិរុទ្ធ និងបណ្តឹងជាបន្តបន្ទាប់ រាប់លែងឈ្នះ។ ហេតុដូច្នេះហើយ បានជាពួកបរទេសបានជំរុញ និងជួយរៀបចំឲ្យអតីតគណបក្សសង្គ្រោះជាតិរៀបចំគោលនយោបាយឡើងវិញទាំងអស់។ ទោះជាយ៉ាងនេះក៏ដោយ ក៏ពួកមេក្លោងបរទេសទាំងនោះយល់យ៉ាងច្បាស់ថា កូនជឹងរបស់ខ្លួនមានចំណុចខ្សោយច្រើនណាស់ដែលមិនអាចយកឈ្នះបក្សកាន់អំណាចតាមរយៈការបោះឆ្នោតបានទេ។ ដូច្នេះ វិធីតែមួយគត់ក្រែងអាចផ្តួលរំលំរដ្ឋាភិបាកបច្ចុប្បន្នបានគឺការផ្សងព្រេងប្រើប្រាស់កម្លាំងមហាជនតាមរយៈចលនាបដិវត្តន៍ពណ៌។

ប៉ុន្តែ រាល់គម្រោងការរបស់បក្សប្រឆាំង និងក្រុមសង្គមស៊ីវិលមួយក្តាប់តូចដែលរៀបចំដោយពួកបរទេសនៅពីក្រោយខ្នង ត្រូវបរាជ័យទាំងអស់។ បក្សប្រឆាំងត្រូវបានរំលាយដោយអំណាចសាលដីកាតុលាការកំពូល។ រីឯសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនដែលជាខ្សែបណ្តាញត្រូវបានរាជរដ្ឋាភិបាលវែកមុខ។ ប្រព័ន្ធផ្សាយព័ត៌មានដែលស្ថិតក្នុងបណ្តាញតែមួយក៏ដឹងខ្លួន ហើយប្រញាប់វេចបង្វេចគេចចេញពីប្រទេសកម្ពុជាដោយខ្លួនឯង។ តែដោយសារ ពួកគេមានជំនាញខាងកាឡៃដើម្បីបោក ពួកគេបានបង្វែសភាពការណ៍ថា ជាការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលទៅវិញ។ នេះហើយដែលហៅថា «បោកលុះក្ស័យ»។

តែលើសពីនេះ ក្ស័យហើយក៏នៅតែបន្តបោក។ ដូចជាយើងបានឃើញស្រាប់ហើយ បើទោះជាគណបក្សរបស់ខ្លួនរលាយបាត់ទៅហើយក៏ដោយ ក៏ទណ្ឌិត សម រង្ស៊ី នៅបន្តស្រែកក្តែងៗពីក្រៅប្រទេសថា បក្សសង្គ្រោះជាតិនឹងរស់ឡើងវិញ ហើយអាចចូលរួមការបោះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខ។ នេះជាសំឡេងក្ស័យហើយនៅបន្តបោក គឺបោកអ្នកគាំទ្ររបស់ខ្លួនឲ្យនៅមានក្តីសង្ឃឹមលើគណបក្សរបស់គាត់ និងលើរូបគាត់បន្តទៀត ទាំងគ្រប់គ្នាដឹងថា វាមិនអាចទៅរួចទាល់តែសោះសូម្បីមួយភាគរយ! ដោយសារទណ្ឌិត សម រង្ស៊ី អស់សង្ឃឹមខ្លាំង ល្បិចបោករបស់គាត់ក៏កាន់តែមានភាពពិសពុលខ្លាំងឡើងដែរ។ ពេលនេះ សម រង្ស៊ី និងបក្សពួកកំពុងព្យាយាមបោកទាំងឆ្នាំងបាយកម្មករទៀតតាមរយៈការជំរុញឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយ និងឈប់ទិញទំនិញពីកម្ពុជា។ នយោបាយរបស់ សម រង្ស៊ី គ្មានអ្វីប្លែកទេគឺ« បើអញមិនបាន អ្នកណាក៏មិនបានដែរ»។ ហេតុដូច្នេះហើយបានជាទោះក្ស័យហើយក៏ដោយ ក៏នៅបន្តបោក តែជាសំឡេងបោកដែលលឺសូរខ្វើយៗពីក្រៅប្រទេសដោយអស់សង្ឃឹម ដោយក្រពុលមុខ និងដោយមោបាំង។ ជួនអំពាវនាវឲ្យប្រជាពលរដ្ឋក្រោកឈរគាំទ្រគាត់ ជួនឲ្យកងកម្លាំងប្រដាប់អាវុធងើបបះបោរ តែគ្មានអ្នកណាខ្វាយខ្វល់ពីសំឡេងរបស់គាត់ទៀតទេពីព្រោះនយោបាយ«បោកលុះក្ស័យ ក្ស័យហើយនៅតែបន្តបោក»របស់ទណ្ឌិត សម រង្ស៊ី គ្មានខ្មែរណាចង់ស្តាប់ការបោកប្រាស់បែបនេះតទៅទៀតឡើយ។ វាសនារបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកមិនខុសអ្វីពីពាក្យសុភាសិតខ្មែរបូរាណដែលពោលថា «ភូតច្រើនៗចាញ់អាត្មា» នោះឡើយ៕

ដោយ៖ កូនខ្មែរ


ក្រសួងធនធានទឹក បញ្ជាក់ថាធាតុអាកាសត្រជាក់ខ្លាំងនឹងបន្តគ្របដណ្តប់លើកម្ពុជាមួយថ្ងៃទៀតគឺថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ធាតុអាកាសត្រជាក់ខ្លាំង នឹងគ្របដណ្តប់នៅកម្ពុជា ១ថ្ងៃទៀត គឺថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ។

ក្រសួងបានឱ្យដឹងទៀតថា បន្ទាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ទៅ គឺអាកាសធាតុនឹងកើនឡើងកម្តៅមកវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងរង្វង់ពី២៣-២៤អង្សាសេ។ លើកលែងតែខេត្ត ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី សីតុណ្ហភាពស្ថិតនៅក្នុងរង្វង់ពី១៩-២០ អង្សាសេ៕


(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ជាមោទនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយអត្រាអ្នកជក់បារី និងជំងឺអេដស៍



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បើ​ពិនិត្យ​មើល​នៃ​រយៈពេល​នៃការជួបជុំសួរសុខទុក​ជាមួយ​កូនក្មួយ​កម្មករ​កម្មការិនី​​ប្រមាណ​ជាង ៣០ម៉ឺន​នាក់​រួច​មក​ហើយ​នេះ​ ពេល​ដែលយុវជន​យុវនារី​ចូល​មក​ថតរូប​ selfie គឺលោក​មិន​បាន​ធុំ​ក្លិន​ផ្សែង​បារី​នោះទេ​។ លោកនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់យ៉ាងដូច្នេះថា «ចំណុច​នេះ​គឺជាមោទនភាព​របស់​យើង​ក្នុង​ការ​កាត់​បន្ថយ​ការ​ជក់់​បារីនៅ​កម្ពុជា​»។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដូច​នេះក្នុងឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា «​យើង​មិន​មាន​កំណើន​ការ​ជក់​បារី​នៅ​កម្ពុជានោះទេ​ក្នុង​ចំណោម​យុវជន សូម្បី​តែ​មនុស្ស​ចាស់​ក៏​លែង​ជក់​បារី​ដែល​ឥឡូវ​នេះ​ នៅពេល​ដែល​ប្រទេស​ដទៃ​រារាំង​លែង​កើត​ហើយ​» លោកបានបន្តថា «កំណើន​យុវជនយុវនារី​នៅ​ប្រទេស​ក្រៅ​​ គឺ​មាន​ចំនួន​កាន់​តែ​ច្រើន​ទៅៗ​ ប៉ុន្តែ​កម្ពុជា​ចំណុចទាក់ទឹន​របស់​យើង​ទៅ​លើ​ការទប់​ស្កាត់​ការ​ ការ​កាត់​បន្ថយ និងឈាន​ទៅ​បញ្ចប់​ការ​ជក់​បារី គឺយើង​មិន​បាន​ធុំ​ក្លិន​បារី​ចេញ​ពី​យុវជន​យុវនារីនោះទេ​​»។​​

លោកនាយករដ្ឋមន្ត្រី​បាន​បន្តថា មួយ​ផ្នែក​ទៀត​ក៏​ជា​មោទនភាព​របស់​យើង​ដែរ​ គឺ​ការ​កាត់​បន្ថយ​នៅ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​នៅអត្រា​ឆ្លង​មេរោគអេដស៍​ ដែល​ប៉ុន្មាន​ឆ្នាំ​មុនបាន​រាតត្បាត​នៅ​ក្នុង​ប្រទេស​យើង​​ ជាពិសេស​នៅ​ក្នុង​សម័យ​អ៊ុន​តាក់។

លោកបាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះថា «អ៊ុន​តាក់​បាន​នាំមក​ជំងឺអេដស៍​ចូល​កម្ពុជា​ ដល់​ដក​ទៅវិញ​ក៏​បាន​បន្សល់​ជំងឺអេដស៍​នេះ​ឱ្យ​យើង​ តែយើង​បាន​ធ្វើ​កិច្ច​ការ​ងារ​នេះ មិនមាន​កំណើន​នៃអត្រា​កើន​ឡើង​នៃអ្នក​មាន​ជំងឺអេដស៍​ទេ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ អ្នក​ផ្ទុក​មេរោគអេដស៍​មាន​ការ​ថយចុះ​ជាមួយ​នឹង​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ផ្តល់​ថ្នាំ​ពន្យា​ជីវិត និង​កាត់​បន្ថយ​ការ​ឆ្លង​បន្ត​»។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរឱ្យយកចិត្តទុកដាក់ចំពោះជីដូនជីតាចាស់ដោយសារអាកាសធាតុចុះត្រជាក់

នៅថ្ងៃ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឱ្យគ្រប់ក្រុមគ្រួសារផ្តោតការយកចិត្តទុកដាក់ចំពោះជី​ដូនជីតាចាស់ៗនៅក្នុងគ្រួសារដោយសារពួកគាត់ចាញ់អាកាសធាតុត្រជាក់បែបនេះ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនី ចំនួនជាង១ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បើតាមការព្យាករណ៍អាកាសធាតុនឹងត្រឡប់ទៅធម្មតាវិញនៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ លោក ក៏បានសំណូមពរដល់កម្មករនិយោជិតទាំងអស់យកចិត្តទុកដាក់ចំពោះសុខភាពទាំងអស់គ្នានៅក្នុងឱកាសដែលអាកាសធាតុចុះត្រជាក់បែបនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា លោកតែងយកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធផងដែរតាមរយៈការចែកអាវរងារផងដែរ។

គួរបញ្ជាក់ថា កាលពីម្សិលមិញ នៅតាមបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរក្នុងពេលវេលាដែលអាកាសធាតុចុះត្រជាក់ខ្លាំងដោយបានបញ្ជាក់ថា  «សុខសប្បាយជាទេបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេ​ស​? នៅទីក្រុងភ្នំពេញព្រឹកនេះ ធាតុអាកាសត្រជាក់ខ្លាំង ហើយបន្ថែមដោយខ្យល់ធ្លាក់មកទៀត គឺរងារទាំងព្រឹកតែម្តង។ សូមបងប្អូនឆ្លៀតពេលហាត់កីឡានៅពេលព្រឹកដើម្បីសុខភាព។ ចំពោះបងប្អូនកូនក្មួយដែលជាកងទ័ពការពារនៅតាមព្រំដែន ត្រូវតែថែរក្សាសុខភាពអោយបានល្អ ហើយស្លៀកពាក់ខោអាវរងារការពារខ្លួន អោយបានជាប់កុំអោយមានជំងឺតម្កាត់ផ្សេងៗ»៕







(សូមទស្សនាវីដេអូ)៖ ស្ថានបេសកកម្ម​អចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ថ្កោលទោសចំពោះ​អាកប្បកិរិយាដ៏ក្រអឺតក្រទម និងគ្មានការគោរព ជាការជ្រៀត​ជ្រែកកិច្ចការ​ផ្ទៃ​ក្នុងកម្ពុជាយ៉ាងធ្ងន់ធ្ងរ

លិខិតចំហរទី៥របស់ចៅចាក់ស្មុក៖ កម្ពុជានឹងមិនអនុញ្ញាតឱ្យបរទេសណាមួយមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរំលោភឯករាជ្យភាព និងអធិបតេយ្យជាតិនោះឡើយ

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ អ្នកវិភាគ ចៅចាក់ស្មុក បានបន្តផ្សាយនូវលិខិតចំហរទី៥ផ្ញើជូនតំណាងរដ្ឋាភិបាលនៃប្រទេសជាមិត្តរបស់កម្ពុជា ដោយបានបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមអ្នកនយោបាយនៃអតីតបក្សសង្រ្គោះជាតិដែលត្រូវបានតុ​លាការកំពូលរំលាយដោយសារតែរកឃើញថាប្រព្រឹត្តល្មើសច្បាស់ស្តីពីគណបក្សនយោបា​យ ឃុបឃិតជាមួយបរទេសក្បត់ជាតិ បាននិងកំពុងតែយកជាតិខ្លួនទៅធ្វើជាចំណាប់ខ្មាំង និងយកប្រជាជនធ្វើជាឈ្នាន់ដើម្បីបម្រើមហិច្ឆិតាអំណាចបក្ខពួកខ្លួន និងបម្រើផលប្រយោជន៍ចៅហ្វាយនាយបរទេសរបស់ពួកគេ។

នៅក្នុងលិខិតរបស់ចៅចាក់ស្មុកនោះ ក៏បានបន្ថែមថា ពួកក្រុមទាំងនោះបានដើរញុះញង់ប្រទេសមួយចំនួនឱ្យផ្តាច់ទំនាក់ទំនងការទូត និងឈប់ទិញទំនិញ ព្រមទាំងឈប់វិនិយោគ និងផ្តល់ជំនួយដល់កម្ពុជា។ ប៉ុន្តែការដើរញុះញង់បំផ្លាញជាតិនេះ មិនត្រូវបានរដ្ឋាភិបាល ឬរដ្ឋសភានៃប្រទេសភាគច្រើនរាប់ទាំងប្រទេសដែលក្រុមប្រឆាំងដើរញុះញង់ចាប់អារម្មណ៍ឡើយ មានតែប្រទេសមួយចំនួនតូចដែលជាចៅហ្វាយនាយរបស់ក្រុមនេះតែប៉ុណ្ណោះ ដែលយកចិត្តទុកដាក់ និងបានលោតទៅតាមអ្វីដែលក្រុមនេះបានពង្វក់និងមួលបង្កាច់យ៉ាងអយុត្តិធម៌មកលើរាជរដ្ឋាភិបាលស្របច្បាប់និងប្រជាជនកម្ពុជា។

លិខិតរបស់ចៅចាក់ស្មុក ក៏បានសង្កត់ធ្ងន់ថា មាត្រា១នៃរដ្ឋធម្មនុញ្ញចែងថា ប្រទេសកម្ពុជាជាព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ដូច្នេះជាតិនិងប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឱ្យបរទេសណាមួយមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង រំលោភឯករាជ្យភាព និងអធិបតេយ្យកម្ពុជាទេ។

សូមអានលិខិតចំហរទី៥របស់ចៅចាក់ស្មុកជូនតំណាងរដ្ឋាភិបាលនៃប្រទេសជាមិត្តរបស់ព្រះរាជាណាចក្រកម្ពុជាដូចខាងក្រោម៖