Friday, February 26, 2021

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន

 នៅក្នុងជំនួបរវាង លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងលោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ (MARIA AMELITA C.AQUINO) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ភាគីទាំងពីរបានពិភាក្សាគ្នានូវអ្វីដែលជាក្របខណ្ឌរបស់ប្រទេសទាំងពីរ ដែលបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អកន្លងមក ជាពិសេសក្នុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ដែលកម្ពុជា និងហ្វីលីពីនបានចុះអនុស្សារណៈយោគយល់គ្នា ស្តីអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យការងារ ដែលតាមរយៈនេះ ប្រទេសទាំងពីរមានការងារជាច្រើនត្រូវធ្វើការជាមួយគ្នា ហើយក៏មានសេចក្តីថ្លែងការណ៍រួមមួយរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលផ្តោតទៅលើការជួយគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការជួយដោះស្រាយ និងផ្តល់កិច្ចគាំពារទៅលើបញ្ហាពលរដ្ឋ ក៏ដូចជា ពលករទេសន្តរប្រវេសន៍ការងារ ដោយសារតែហ្វីលីពីន មានស្ថានទូតជាច្រើនទូទាំងពិភពលោក និងការិយាល័យអនុព័ន្ធការងារក៏ដូចជាការិយាល័យខាងផ្នែកផ្តល់កិច្ចគាំពារទៅដល់ពលករទេសន្តប្រវេសន៍នៅស្ទើរគ្រប់ប្រទេសទូទាំងពិភពលោក។ តាមរយៈកិច្ចព្រមព្រៀង ឬក៏សេចក្តីថ្លែងការណ៍រួមនេះ យើងបានឯកភាពគ្នា ជួយគ្នានៅពេលដែលពលរដ្ឋរបស់ហ្វីលីពីន ឬពលរដ្ឋកម្ពុជា ដែលមានបញ្ហាក្នុងបណ្តាប្រទេសផ្សេងៗ ដែលពុំមានស្ថានទូត និងមិនមានអនុព័ន្ធការងារសម្រាប់ជួយផ្តល់នូវការគាំពារទៅដល់ពួកគាត់ណាមួយ ពលរដ្ឋកម្ពុជាយើងអាចស្វែងរកនូវជំនួយពីស្ថានទូតហ្វីលីពីននៅប្រទេសនោះ ដែលកន្លងមកយើងបានធ្វើការជាមួយគ្នាបានយ៉ាងល្អលើកិច្ចសហប្រតិបត្តិការនេះ។

នាឱកាសនោះ លោកស្រីអគ្គរដ្ឋទូតបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការការពារ និងគាំពារយ៉ាងល្អដល់ពលរដ្ឋហ្វីលីពីដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាប្រមាណជិត ៥០០០នាក់ ដែលពួកគេទទួលបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ដូចកម្មករនិយោជិតកម្ពុជាដែរ ជាពិសេសបានទទួលអត្ថប្រយោជន៍ពីសមាជិកភាពរបស់បេឡាជាតិសន្តិសុខសង្គម។

កន្លងទៅថ្មីៗនេះ ពលរដ្ឋហ្វីលីពីនប្រមាណ៨០០នាក់ ក៏ទទួលបានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ក្នុងស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ ១៩។

បន្ថែពីនេះ ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការមួយទៀតទៅលើវិស័យសន្តិសុខសង្គម តាមរយៈអនុស្សារណៈយោគយល់គ្នាមួយ រវាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងអង្គការធានារ៉ាប់រងសុខភាពរបស់ហ្វីលីពីន (Philhealth) ដែលជាក្របខណ្ឌកិច្ចប្រតិបត្តិការក្នុងការសហការគ្នាចែករំលែកនូវបទពិសោធន៍ ជាពិសេសទៅលើផ្នែកបច្ចេកទេសប្រតិបត្តិការ និងការគ្រប់គ្រងប្រព័ន្ធថវិកា ហិរញ្ញវត្ថុក្នុងផ្តល់នូវកិច្ចគាំពារដល់កម្មករនិយោជិត។

ភាគីទាំងពីរនឹងបន្តពិនិត្យលើការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀតចំពោះកិច្ចសហប្រតិការដែលមានស្រាប់ ហើយដែលអនុស្សរណៈយោគយល់គ្នាផុតសុពលភាព និងរៀបចំបន្តសុពលភាព។ ដោយមើលឃើញនូវសារសំខាន់នៃការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ភាគីទាំងពីរកំពុងខិតខំបញ្ចប់នូវសេចក្តីព្រាងអនុស្សរណ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) អោយបានឆាប់ បើទោះជាបញ្ហាកូវីដ ១៩ គំរាមកំហែងក៏ដោយ ក៏ភាគីទាំងពីរ នឹងជំរុញការងារនេះ អោយក្រុមការងារបច្ចេកទេសធ្វើការជាមួយគ្នាបន្តទៀតតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យការចុះអនុស្សារណៈនេះបានឆាប់ ពីព្រោះការងារនេះគឺមានសារៈសំខាន់ផងដែរ ក្នុងការផ្តល់នូវចំណេះជំនាញ ការចែករំលែកនូវបទពិសោធន៍ ការអនុវត្តល្អៗ ពាក់ព័ន្ធជាមួយនឹងការគាំពារ ការផ្តល់នូវជំនាញវិជ្ជាជីវៈ ជាពិសេសពលករទេសន្តប្រវេសន៍ ដែលពួកគាត់ត្រូវសមារណកម្មចូលមកក្នុងប្រទេសវិញ ត្រូវចាប់យកជំនាញថ្មី ឆ្លើយតបទៅនឹងឱកាសការងារក្នុងស្រុក។

ដោយសារតែហ្វីលីពីន ជាប្រទេសមួយដែលមានបទពិសោធន៍ខ្ពស់ ហើយមានពលរដ្ឋហ្វីលីពីនធ្វើការនៅក្រៅប្រទេសជាច្រើនដែលអាចចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនក្នុងការផ្តល់នូវការគាំពារទៅដល់ពលករទេសន្តប្រវេសន៍។

ភាគីទាំងពីរពិតជាបានសម្តែងការពេញចិត្តនឹងអ្វីដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក លោកស្រីឯកអគ្គរដ្ឋទូត បានប្តេជ្ញាថាក្នុងអាណិត្តការទូតរបស់លោកជំទាវ នឹងខិតខំពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមទាំងបង្កើតនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ដើម្បីផលប្រយោជន៍នៃប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ជាចុងក្រោយ លោក អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះភាគីហ្វីលីពីន ដែលបានជួយចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗដល់កម្ពុជា ក្នុងរួមចំណែកជួយដល់ ការគាំពារកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាទាំងនៅក្នុង និងក្រៅប្រទេស។

សូមបញ្ជាក់ជូនថាដើម្បីលើកកម្ពស់សិទ្ធិ និងការពារពលករទេសន្តរប្រវេសន៍ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារដូចខាងក្រោម៖
អនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ” (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ) ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នាថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ នៅកម្ពុជារបស់លោក Rodrigo Duterte ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន
សេចក្តីថ្លែងការណ៍រួមស្តីពី “ការការពារជនទេសន្តរប្រវេសន៍ និងពលករទេសន្តរប្រវេសន៍”
(ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ) ផ្ដោតលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការការពារជនទេសន្តរប្រវេសន៍ប្រទេសទាំងពីរ តាមរយៈការផ្តល់ជំនួយខាងកុងស៊ុល និងការទូតទៅវិញទៅមក ដល់ជនទេសន្តរប្រវេសន៍ និងពលករទេសន្តរប្រវេសន៍ ដែលមានឯកសារស្របច្បាប់ និងមិនមានឯកសារស្របច្បាប់ដោយស្មើភាពគ្នា។ ជាពិសេស ត្រូវតែផ្តល់ការការពារ និងយកចិត្តទុកដាក់ចំពោះស្រ្តី និងកុមារ និងអ្នករងគ្រោះដោយសារការជួញដូរ។បេឡាជាតិសន្តិសុខសង្គមបានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង និងអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន(Philhealth) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដែលផ្តោតសំខាន់លើ៖
ការបង្កើតទំនាក់ទំនងវិជ្ជាជីវៈរវាង ប.ស.ស និង Philhealth
ការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងបច្ចេកទេស
ជួយសម្រួលដល់ដំណើរការសិក្សារៀនសូត្រ បង្កើនប្រសិទ្ធភាពការងារ និងស័ក្តិសិទ្ធភាព
តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែង៕





ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់សកម្មភាពជនពិការ

 កំពង់ឆ្នាំង៖ ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវប្រារព្ធបិទនារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោយមានការចូលរួមពីលោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន លោក លោកស្រី ប្រធានអនុប្រធាន សមាជិកសមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត អង្គការដៃគូរផងដែរ។

លោក ឈាង ចន្ធី បានបញ្ជាក់អោយដឹងថា ក្រោយពីបានបើកវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ដែលមានសិក្ខាកាមជា សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ចូលរួមចំនួន២៤នាក់ ស្រី ៦នាក់ បានយល់ដឹងចំនួន៨៥ភាគរយ សមាជិកទាំងអស់ក្រោយពីចប់វត្គនេះបានប្តេជ្ញាបន្តអនុវត្តតាមតួនាទីនិងភារកិច្ចសម្រេចអោយបានជោគជ័យ។

លោក អ៊ុង សម្បត្តិ និង លោក អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមពេលវិលទៅអង្គភាពនិងមូលដ្ឋានវិញត្រូវៈយកទៅអនុវត្ត និងធ្វើការផ្សព្វផ្សាយបន្ត អំពីការបង្កលក្ខណៈងាយស្រួល នៃហេដ្ឋារចនា សម្ព័ន្ធ រូបវន្តអាចធ្វើឱ្យប្រសើរឡើង និងការប្រើប្រាស់ដំណោះស្រា យ ដែលងាយៗ និងការប្រើ ប្រាស់ សម្ភារៈ ក្នុងស្រុកជំនួស។ ត្រូវធ្វើការការបង្កលក្ខណៈងាយស្រល គួរត្រូវបានពិចារណា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីឬការជួសជុលអាគារ។ ត្រូវធ្វើការ កែសម្រួល ឬនៅពេលសាងសង់កន្លែងថ្មី ត្រូវរៀបចំឲ្យមានការបង្កលក្ខណៈងាយ ស្រួ ល ដោយមានអ្នកចូលរួមពីអ្នកពាក់ព័ន្ធ អ្នកជំនាញ អ្នកគ្រប់គ្រង និងក្រុមអ្នកប្រើប្រាស់ តំណាងជនមាន ពិកា រភាពផ្សេងៗ។ ត្រូវធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួល ដែលបានសាងសង់ឡើងមានប្រសិទ្ធភាព បើសិនជាបញ្ចូលវានៅក្នុងដំណាក់កាលរចនាឬការឌីស្សាញដំបូងនៃអគារទាំងមូល ហើយបទដ្ឋាន បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ត្រូវគោរពតាមលិខិតបទដ្ឋានគតិយុត្តិនានា៕




ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៤០នាក់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះមាន៤០នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ជាករណីធ្វើដំណើរមកពីក្រៅប្រទេស។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលឆ្លងក្នុងសហគមន៍៤០នាក់នេះ មានជនជាតិចិនចំនួន៣១នាក់, ជនជាតិវៀតណាមចំនួន ៦នាក់, ជនជាតិខ្មែរ ២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។

សម្រាប់អ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញឆ្លងកូវីដ១៩ វិញមានជនជាតិខ្មែរម្នាក់ ដែលជាបម្រើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN), ជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិចិន២នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕



Thursday, February 25, 2021

មន្រ្តីជំនាញកម្មវិធីផ្សព្វផ្សាយ ជម្រុញឱ្យបណ្តុំអាជីវកម្មបន្លែ និងមាន់ស្រែ បន្តចងក្រងគ្នាជាក្រុម ដើម្បីផ្គត់ផ្គង់លើទីផ្សារ

 ប៉ៃលិន៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសចុះពិនិត្យមើលពីវឌ្ឍនភាព និងសំណេះសំណាលជាមួយបងប្អូនបណ្តុំអាជីវ កម្មបន្លែ និងបណ្តុំអាជីវកម្មមាន់ស្រែ ស្ថិតនៅភូមិវាលវង់,ភូមិថ្មី សង្កាត់ទួលល្វា ក្រុង ប៉ៃលិន ខេត្តប៉ៃលិន លោក វង់ ទ្រី ជំនួយការនាយកកម្មវិធី Aspire នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានជម្រុញអោយបណ្តុំ អាជីវកម្មបន្លែ និងបណ្តុំអាជីវកម្មមាន់ស្រែ បន្តចងក្រងគ្នាជាបណ្តុំ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងក្រៅស្រុក។


លោក វង់ ទ្រី បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាកសិករ ដែលប្រកបមុខរបរកសិកកម្ម ដូច្នេះរាជរដ្ឋាភិបាល បានអនុវត្តន៍កម្មវិធី Aspire(អាស់ស្បាយ) ដែលមានឈ្មោះថាកម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីអោយបងប្អូន ប្រជាកសិករ ធ្វើអាជីវ កម្មកសិកកម្មអោយទទួលបានផលចំនេញ និងបានកម្រៃសមរម្យសម្រាប់ផ្គត់ផ្គងជីវភាពគ្រួសារ។


លោកជំនួយការនាយកកម្មវិធី Aspire ក៍បានផ្តាំផ្ញើដល់បណ្តុំអាជីវករទាំងអស់ ត្រូវដាំដុះ និងចិញ្ចឹមសត្វអោយបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស កុំប្រើប្រាស់ជាតិគីមី ទើបតម្លៃទីផ្សាររបស់បន្លែ និងសាច់ សត្វរបស់យើងមានទីផ្សារខ្ពស់ ជាពិសេសប្រជាកសិករត្រូវខិតខំពង្រីកសកម្មភាពដោយ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំណាំរួមផ្សំផ្សេងៗឲ្យកាន់តែសកម្មទ្វេរឡើងថែមទៀត ដើម្បីឱ្យសមា ជិក បណ្តុំគ្រប់ៗគ្រួសារមានស្បៀងអាហារហូបចុកគ្រប់គ្រាន់ ក្នុងបរិបទនៃជំងឺឆ្លង កូវីដ-១៩ ។ 


លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា៖ កន្លងមកមន្ត្រីជំនាញរបស់មន្ទីរ បានចុះធ្វើការចុះផ្សព្វផ្សាយបច្ចេក ទេស និងផ្តល់ជាទុន មានពូជ មានជី ហើយឆ្នាំនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនកសិកសុវត្ថិភាព( AGRO Nature អាហ្គ្រោ ណេតឈ័រ) ដែលជាក្រុមហ៊ុនទិញបន្លែសុវត្ថិភាពចេញពីខេត្តប៉ៃលិន ដូច្នេះបានធ្វើឱ្យកម្មវិធី Aspire នេះ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង និងពង្រីកផលិតកម្មស្បៀង ស្របពេលដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។


លោកប្រធាន ក៍បានណែនាំបន្ថែមដល់មន្រ្តីជំនាញដែលអនុវត្តន៍កម្មវិធី និងអ្នកទទួលផលពីគម្រោង ត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗបន្ថែមទៀត ដោយធ្វើយ៉ាងណា ឲ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន ក្នុងការក្រសោប និងចាប់យកកាលានុវត្តភាព បង្កើនការផលិត ដើម្បីធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម កាត់បន្ថយពលកម្ម ប្រើប្រាស់បច្ចេកវិទ្យាសមស្រប។ 


សូមបញ្ជាក់ថា៖ ការអនុវត្តកម្មវិធី Aspire (អាស់ស្បាយ) នៅខេត្តប៉ៃលិន បានចាប់អនុវត្តន៍ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ ដោយគម្រោងបានធ្វើការផ្សព្វផ្សាយ និងបានចងក្រងជាបណ្តុំបានចំនួន៣៨បណ្តុំ មានដូចជា៖ បណ្តុំដាំបន្លែ បណ្តុំវារីវប្បកម្ម ការចិញ្ចឹមមាន់ស្រែ និងឈើហូបផ្លែ ក្នុងនោះបណ្តុំអាជីវកម្មបន្លែ បានចងក្រងចំនួន ៤បណ្តុំ មានកសិករចំនួន ៦៨នាក់ ស្ត្រី ០៦នាក់ ហើយផ្ទៃដីដាំដុះ សរុបចំនួន ៦.៥៣ ហិចតា ក្នុងនោះមានផ្ទះសំណាញ់ចំនួន ០៧ទីតាំង ដែលផ្ទៃដីដាំដុះសរុប ២០៤០ ម៉ែត្រការ៉េ ដោយឡែកបណ្តុំចិញ្ចឹម មាន់ស្រែ មាន ចំនួន ១៥បណ្តុំ នៅក្រុងប៉ៃលិនចំនួន ៨បណ្តុំ និងនៅស្រុកសាលាក្រៅចំនួន ០៧បណ្តុំផងដែរ៕






ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ខេត្តកែប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

 កែប៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ចូលរួមជាមួយនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ចូលរួមជាគណៈអធិបតីក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ខេត្តកែប។ 


សូមបញ្ជាក់ថា ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ដែលស្ថិតក្នុងកោះ ជាទីតាំងជួរមុខរបស់ភូមិសាស្ត្រ ដែនទឹករបស់ខេត្តកែប  បានកសាងឡើងដើម្បីជាប្រយោជន៍ ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់ ដូចជាការរត់ពន្ធលើទំនិញខុសច្បាប់ផ្សេងៗ ជាពិសេសគ្រឿងញៀន ការឆក់ប្លន់តាមដែនសមុទ្រ និងការឆ្លងដែន ចូលប្រទេស ឬចូលមកនេសាទដោយខុសច្បាប់ជាដើម។ម្យ៉ាងវិញទៀត ដើម្បីបង្កភាពងាយស្រួលក្នុងការសហការណ៍គ្នា ជួយសង្គ្រោះ ប្រជានេសាទ ឬទូក នេសាទ ពេលកើតមានឧបទវហេតុផ្សេងៗ ដែលតែងតែកើតឡើង។  

 

ទីស្នាក់ការណ៍នេះ មិនត្រឹមតែសម្រាប់រក្សាសន្តិសុខលើផ្ទៃទឹកទេ នេះក៏ដើម្បីរក្សាសន្តិសុខលើផ្ទៃគោក កោះទាំង១២  និងថ្មប៉ប្រះទឹក១  ដែលមានប្រជាពលរដ្ឋកំពុងរស់នៅ ហើយប៉ុស្តិ៍នេះជាខ្សែត្រៀមជួរមុខ ក្នុងការថែរក្សាអធិបតេយ្យភាពទឹកប្រវត្តិសាស្រ្តផងដែរ៕




លោកស្រី មិថុនា ភូថង ​លើកទឹកចិត្តសិស្ស ​និងចែកប័ណ្ណសរសើរ​ដល់សិស្សរៀនពូកែជាប់ចំណាត់ថ្នាក់ល្អ​

 កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចែកប័ណ្ណសរសើរដល់សិស្សរៀនពូកែជាប់ចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ ចំនួន៨២នាក់ នៃវិទ្យាល័យកោះកុង បានទទួលប័ណ្ណសសើរ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង។

ក្នុងឱកាសនោះដែរ លោកស្រីអភិបាលខេត្ត បានលើកឡើងថា ក្មួយៗពិតជាកូនល្អ មិត្តល្អ និងសិស្សល្អ ដែលបានខិតខំរៀនសូត្ររហូតដល់បានទទួលជោគជ័យ ដល់ពេលនេះ ពិតជាមោទភាពបំផុតសម្រាប់ឪពុក ម្តាយ និងក្រុមគ្រួសារ សូមក្មួយៗខិតខំបន្តទៀត ដើម្បីក្លាយជាកូនល្អ ពលរដ្ឋល្អ ជាមួយគ្នានេះក្មួយៗត្រូវចូលរួមគោរពនូវវិធានការ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល។

ជាមួយគ្នានេះផងដែរ លោកស្រីក៏សូមអរគុណដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងបង្រៀនសិស្សានុសិស្ស បានល្អប្រសើរ៕




កីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡា នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ នាដើមសប្ដាហ៍ក្រោយ

 លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឲ្យដឹងថា កីឡាករ-កីឡាការិនីជម្រើសជាតិ រួមទាំងគ្រូបង្វឹក និងមន្ដ្រីកីឡាពាក់ព័ន្ធជាង ១ពាន់នាក់ ដែលត្រៀមចេញបេសកកម្មក្រៅស្រុកក្នុងឆ្នាំនេះ នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី០២-០៣ និងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្មីៗ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបានបញ្ជាក់ថា «កីឡាករ-កីឡាការិនី ថ្នាក់ដឹកនាំ គ្រូបង្វឹក និងមន្ដ្រីកីឡាជាប់ព័ន្ធ នឹងត្រៀមចេញទៅក្រៅប្រទេសទាំងអស់ គឺត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC អនុញ្ញាតឲ្យចាប់ផ្ដើមចាក់វ៉ាក់សាំង បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺត្រូវត្រៀមទៅចាក់ នៅថ្ងៃទី០២-០៣ និងថ្ងៃទី០៤ ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹកនាមន្ទីរពេទ្យព្រះកេតុមាលា»។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «ដូច្នេះរយៈពេល ៣ថ្ងៃនេះនឹងត្រូវចាក់វ៉ាក់សាំងឲ្យរួច ដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡាសរុប ១,០៥១នាក់។ ពិសេសនាយឱកាសនោះ ក៏នឹងមានការចូលរួមលើកទឹកចិត្តពីសម្ដេចពិជ័យសេនា ទៀ បាញ់ ផងដែរ។ ហេតុនេះ ខ្ញុំសូមអំពាវនាវដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលមានក្នុងបញ្ជីរបស់មជ្ឈមណ្ឌលជាតិហ្វឹហ្វឺនកីឡា និងមន្ដ្រីអនុរក្ស ថ្នាក់ដឹកនាំមជ្ឈមណ្ឌល សូមត្រៀមអត្តសញ្ញាណបណ្ណគ្រប់ៗគ្នា សម្រាប់ត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា តាមស្មារតីស្ម័គ្រចិត្ដ»។

គួរដឹងថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ដ្រីកីឡាពាក់ព័ន្ធសរុប ១,០៥១នាក់ ទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូង បន្ទាប់ពីមានការស្នើសុំពីគណៈកម្មាធិការជាតិ CAMSOC កាលពីថ្មីៗ តាមរយៈក្រុមការងារវ៉ាក់សាំង Covid-19 ក្រសួងការពារជាតិ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ដើម្បីបង្កើនទំនុកចិត្ត ក្នុងចិត្ដសាស្ដ្រកីឡា សម្រាប់ការហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា។

លោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ សម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសលោកនាយករដ្ឋមន្ដ្រី ចំពោះកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡា ក្នុងការទទួលនូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដំបូង ដើម្បីបង្កើនទំនុកចិត្តក្នុងការហ្វឹកហាត់ ត្រៀមបំពេញបេសកម្មសំខាន់ៗ ក្នុងឆ្នាំ២០២១ ដូចជាការប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន ការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម និងការចេញទៅហាត់នៅចិន កូរ៉េ និងជប៉ុន ដើម្បីសម្រួចឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម ៕




ក្រសួងសាធារណការ ដាក់ចេញវិធានការបន្ទាន់ ៥ចំណុច ដើម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

 ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាតត្បាតវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ស្របតាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការ ៥ចំណុច ដើម្បីឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការក្រោមឱវាទ ចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបាននៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងទៀតថា វិធានការទាំង០៥ចំណុច រួមមាន៖

ទី១៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬការជួបជុំនានា រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះកិច្ចប្រជុំតាមប្រព័ន្ធ Video Conference អាចដំណើរការបានជាធម្មតា។

ទី២៖ ករណីពុំចាំបាច់ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការអាចបំពេញការងារពីផ្ទះតាមប្រព័ន្ធអនឡាញ ក្នុងកំឡុងពេលនៃការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ទី៣៖ ត្រូវចូលរួមស្ដែន QR Code «ទប់ស្កាត់មេរោគកូវីដ-១៩» ដែលបានបិទផ្សព្វផ្សាយនៅតាមច្រកចូល-ចេញ អគាររដ្ឋបាលកណ្តាល អគារក អគារខ អគារសាលប្រជុំ និងវិទ្យាស្ថាន តេជោសែន សាធារណការ
និងដឹកជញ្ជូន។

ទី៤៖ ត្រូវបន្តចូលរួមបំពេញទម្រង់ឌីជីថលរាយការណ៍ពីស្ថានភាពសុខភាពផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ តាមរយៈhttp://trace.ccvd19.mpwt.gov.kh ឬស្កេន QR Code ដែលបាននិងកំពុងអនុវត្តកន្លងមក។ ក្នុងករណីមានការសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ សាមីខ្លួនត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន ឬរាយការណ៍មកនាយកដ្ឋានបុគ្គលិក ឬក៏ទំនាក់ទំនងដោយផ្ទាល់ទៅលេខ ១១៥។

ទី៥៖ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការណ៍ “៣ការពារ និង ៣កុំ តាមអនុសាសន៍ណែនាំរបស់ លោកនាយករដ្ឋមន្រ្ដី និងវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល ៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖






ជំនួបពិភាក្សាការងារអំពីស្ថានភាពទូរទៅ និងយន្តការដោះស្រាយទំនាស់ដីធ្លី

 ពោធិ៍សាត់៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងសហការី នៅសាលប្រជុំសាលាស្រុកវាលវែង បានជួបពិភាក្សាការងារជាមួយ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ អំពីការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី ដែលខេត្តអនុវត្តបានកន្លងមក៕




ក្រសួងសុខាភិបាល ជ្រើសទីតាំងមណ្ឌលចត្ដាឡីស័កព្រែកព្នៅ ទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចាប់ពីយប់នេះតទៅ

 ក្រសួងសុខាភិបាល បានសម្រេចដាក់មណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញ ដែលស្ថិតនៅខណ្ឌព្រែកព្នៅ ក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ១៩ ខណៈដែលមន្ទីរព្យាបាលជំងឺកូវីដ១៩ ចំនួន៣ទីតាំងផ្សេងទៀតបានពេញអស់។

ការជ្រើសមណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញនេះ ទៅជាកន្លែងពិនិត្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពី រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំគណៈប្រតិភូមន្ដ្រីសុខាភិបាល ជាមួយសាលារាជធានីភ្នំពេញ ចុះមកពិនិត្យទីតាំង មណ្ឌលចត្ដាឡីស័កនេះ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

តាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា «មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩នេះ គឺអាចដាក់អ្នកជំងឺបានចំនួន៥០០គ្រែ ដែល នឹងមានទីតាំងធំទូលាយ មានបន្ទប់គ្រូពេទ្យ សម្រាប់ត្រៀមព្យាបាលអ្នកជំងឺគ្រប់គ្រាន់ ហើយនឹងចាប់ផ្ដើមដាក់អ្នកជំងឺពីយប់នេះតទៅ»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីតាំងព្យាបាលជំងឺកូវីដ១៩ មានចំនួន៤ទីតាំងហើយ គឺនៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត, មណ្ឌលសុខភាពចក្រអង្រែ, មជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន និងមន្ទីរព្យាបាលជំងឺកូវីដ១៩ព្រែកព្នៅ៕




ក្រសួងការងារ ផ្អាកគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ជាបណ្ដោះអាសន្ន រយៈពេល២សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩

 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយសម្រេចផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាបណ្ដោះអាសន្ន រយៈពេល ២សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់ការចម្លងកូវីដ១៩។

តាមសេចក្តីជូនដំណឹងដែលទទួលបាន ក្រសួងការងារបានបញ្ជាក់ថា៖ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍-២០កុម្ភៈ ក្រសួងសម្រេចផ្អាកដំណើរ ការសិក្សាទាំងអស់ជាបណ្ដោះអាសន្ន រយៈពេល ២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី។

ទោះជាយ៉ាងនេះក្តី បើតាមសេចក្តីជូនដំណឹងដដែល, គ្រប់គ្រឹះស្ថានទាំងអស់អាចបន្ត ដំណើរការសិក្សារៀងៗខ្លួនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬអនឡាញ (ONLINE) បាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖



រដ្ឋបាលរាជធានីភ្នំពេញរកឃើញទីតាំងរហូតដល់៦៣កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ រួសរាន់ទៅយកសំណាក និងធ្វើចត្តាឡីស័ក

 គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរកឃើញទីតាំង ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» រហូតដល់៦៣ទីតាំងហើយ។

ជាមួយនឹងការឃើញទីតាំងជាប់ពាក់ព័ន្ធកើនឡើងនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តាមរយៈបណ្តាញព័ត៌មាន បានអំពាវនាវដល់បងប្អូន ដែលធ្លាប់ចេញចូលទីតាំងទាំង៦៣កន្លែងនេះ ទាក់ទងទៅលេខ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីមកធ្វើតេស្តរកកូវីដ១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

សូជម្រាបថា ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹក សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា ៕





Tuesday, February 23, 2021

សេចក្តីជូនដំណឹងស្តីពីការបិទដំណើរការជាបណ្តោះអា សន្នរយ:ពេល០២សប្ដាហ៍ រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទដំណើរការជាបណ្តោះអាសន្នរយ:ពេល០២សប្ដាហ៍ រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។


សូមអានសេចក្តីជូនដំណឹងខាងក្រោម៖



សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជាបណ្តោះអាសន្នរយៈពេល ០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការសិក្សានៅតាមគ្រឹះ ស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាបណ្តោះអាសន្នរយៈពេល ០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។


សូមអានសេចក្តីជូនដំណឹងខាងក្រោម៖



ពិធីសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន២០០គ្រួសារ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង

កោះកុង៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជន២០០គ្រួសារ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។


លោកទេសរដ្ឋមន្រ្តី អនុប្រធាន  និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជានិងភរិយា ជូនដល់បងប្អូនសមាជិកអតីតយុទ្ធជនទូទាំងខេត្តកោះកុង ដែលបានវាយតម្លៃខ្ពស់ចំពោះការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់បងប្អូនអតីតយុទ្ធជនក្នុងបុព្វហេតុសុខសន្តិភាព របស់ប្រទេសជាតិទាំងមូល។ 


ក្នុងឱកាសនោះដែរ លោក ក៏បានអរគុណចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ក្រុងស្រុក ខេត្ត  និងសាខាឃុំ  សង្កាត់ដែលបានយកចិត្តទុកដាក់មេីលថែបងប្អូនអតីតយុទ្ធជន និងសូមអោយខេត្តខិតខំគ្រប់គ្រងដីសម្បទានសម្រាប់អតីតយុទ្ធជន អោយបានល្អដើម្បីទុកសម្រាប់ដោះស្រាយជូនបងប្អូនជាបន្តទៀតនិងបន្តដោះស្រាយជីវភាពបងប្អូនដែលជួបលំបាកអោយទាន់ពេលវេលា។ 


នាឱកាសនោះផងដែរ បងប្អូនទាំង២០០គ្រួសារ  បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលតែងតែយកចិត្តទុកដាក់ដល់ពួកគាត់ជាក់ស្តែងថ្ងៃនេះក្នុងនាមលោកទាំងពីរ តែងតែ បានចុះមកជួបបងប្អូនដោយផ្ទាល់។ ដោយមើលឃើញការលំបាករបស់បងប្អូនដែលជួបការលំបាក លោកបានចលនាថ្នាក់ដឹកនាំជុំវិញខេត្តជួយសង់ផ្ទះអំណោយសម្តេចជូន១០ខ្នង។ ចំពោះអ្នកអត់ដីអ់ត់ផ្ទះ ១០១គ្រួសារ សូមអោយខេត្តរៀបចំដីសម្បទាននៅត្រពាំងរូង ជូនបងប្អូន។ 


លោក ក៏បានណែនាំឱ្យបងប្អូនបន្តយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺកូវីដ-១៩ ផងដោយត្រូវអនុវត្តន៍តាមវិធានការណ៍ កាពារកូវីដ-១៩ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ  ៣ការពារ គឺត្រូវពាក់ម៉ាស់ លាងដៃ និងគម្លាតសង្គម  គម្លាតបុគ្គល និង៣កុំ គឺកុំចូលកន្លែងបិតជិត  គ្មានខ្យល់ចេញចូល  និងម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម។


បងប្អូនទាំង២០០គ្រួសារ  បានទទួលអំណោយក្នុងមួយគ្រួសារ  អង្ករ ៣០គីឡូក្រាម  ឃីត១  ភួយ១  កន្ទេល១  ធុងទឹក១  ទឹក ត្រី ១យួរ  មី១០កញ្ចប់  ប្រេងឆា ២ដប  អំបិល ២គីឡូក្រាម  ថវិកា  ៨ម៉ឺន រៀល៕








ក្រសួងសុខាភិបាលប្រកាសថា មេរោគកូវីដដែលចម្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាកូវីដបំប្លែងខ្លួនថ្មី ដែលមានភាពកាចសាហាវ និងឆ្លងលឿនជាងធម្មតា

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញប្រកាសមួយទៀតដោយបញ្ជាក់ថា មេរោគកូវីដ១៩ ដែលចម្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កន្លងទៅនេះ គឺជាមេរោគកូវីដ១៩ បំប្លែងខ្លួន ដែលជាមេរោគកាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា ដែលកន្លងមកដឹងថាមានប្រភពពីប្រទេសអង់គ្លេស។ 

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥នាក់ទៀត ក្នុងនោះមាន២៣នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» សំខាន់នោះក្រសួងបញ្ជាក់ថា រកឃើញវីរុសបម្លែងថ្មី៣ករណី។

ការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួន ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានពិនិត្យ និងពិសោធន៍ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ជាមួយនឹងការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ក្នុងសហគមន៍កម្ពុជានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩៕

ខាងក្រោមជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល៖





Monday, February 22, 2021

ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចេញចូលទីតាំងដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នក ដឹងខ្លួនថាប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ

 ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវឲ្យអ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនថាបានប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឱ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា៕



ពិធីប្រកាសក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាឃុំចំនួន០២ក្នុងស្រុកសាមគ្គីមានជ័យ

 កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំខ្នាឆ្មារ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ និងប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សឃុំ ភូមិ ព្រមទាំងប្រកាសបែងចែកសមាសភាពក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងគណៈសាខាគណបក្សឃុំ ដើម្បីទទួលខុសត្រូវ និងពង្រឹងការងារគណបក្សនៅតាមបណ្តាមូលដ្ឋានភូមិ នៃឃុំខ្នាឆ្មារ និងធ្លកវៀន ក្រោមអធិបតីភាព លោក ចាន់ ដារ៉ុង អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះពង្រឹងស្រុកសាមគ្គីមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងឃុំខ្នាឆ្មារ និងឃុំធ្លកវៀន។

ដោយមានការអញ្ជើញចូលរួមពីលោក ស៊ីវ រុន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះពង្រឹងឃុំ ខ្នាឆ្មារ ក្រុមការងារគណបក្សថ្នាក់កណ្តាល ខេត្ត ចុះពង្រឹងឃុំ ប្រធាន អនុប្រធានគណបក្សស្រុក អនុប្រធានយុវជនគណបក្សស្រុក និងសមាជិក សមាជិកា។ ជាមួយគ្នានេះដែរ លោករួមនឹងក្រុមការងារបានចែកជូននូវក្រមាបង់ក ដែលមានរំលេចដោយទង់ជាតិ និងនិមិត្តសញ្ញាគណបក្ស ក្នុងម្នាក់ៗចំនួន១ សរុប ៥២ក្រមា និងជូនថវិកាដល់អ្នកចូលរួមផងដែរ។
លោក ស៊ីវ រុន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះពង្រឹងឃុំ ខ្នាឆ្មារ បានផ្សព្វផ្សាយនូវខ្លឹមសារ “របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សទូទៅឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១” របស់គណៈកម្មាធិការកណ្តាលជូនដល់សមាជិក សមាជិកាដែលបានចូលរួមក្នុងកិច្ចប្រជុំ។
លោក មុំ សុរ័ត្ន អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ បានអានសេចក្តីសម្រេចរបស់គណៈកម្មាធិការគណបក្សស្រុក ដែលប្រកាសតែងតាំងក្រុមយុវជនគណបក្សឃុំ ចំនួន ០២ឃុំគឺៈ ឃុំខ្នាឆ្មារ និងឃុំធ្លកវៀន និងក្រុមយុវជនគណបក្សភូមិ មានចំនួន ១៤ភូមិ ដែលមានសមាសភាពសរុបចំនួន ៤២រូប ស្រីចំនួន ៦រូប។ បន្ទាប់មកគណៈអធិបតី បានប្រគល់សេចក្តីសម្រចដល់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាក្នុងឃុំដែលទើបប្រកាសថ្មី និងតំណាងក្រុមយុវជនទាំង ៤២រូប ទើបនិងប្រកាសថ្មីបានធ្វើការប្តេជ្ញាចិត្ត។

មានប្រសាសន៍ក្នុងឱកាសនោះលោក ចាន់ ដារ៉ុង បានកោតសរសើរដល់គណបក្សឃុំដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងបានល្អ។ លោកក៏បានធ្វើការណែនាំដល់ក្រុមការងារយុវជនគណបក្សក្នុងឃុំទាំងពីរ ទើបនិងប្រកាសថ្មីត្រូវចូលរួមឱ្យបានកាន់តែខ្លាំងក្លា តាមរយៈសកម្មភាពជួយដល់សង្គម និងការកៀរគរកសាងកម្លាំងយុវជនថ្មី។ ត្រូវបង្កើនសមត្ថភាពចំណេះដឹង ចំណេះធ្វើដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២២ ឆ្នាំ២០២៣ និងអាណត្តិក្រោយៗទៀត។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើឱ្យក្រុមការងារយុវជនគណបក្ស ត្រូវបន្តខិតខំបំពេញមុខនាទីការងារយុវជនគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឱ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្តនិងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ស្រុក ឃុំ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។ ចូលរួមគ្រប់សកម្មភាពស្របច្បាប់ ដណ្ដើមឱ្យបានជោគជ័យដាច់ខាត រាល់ការបោះឆ្នោតសកល និងអសកល គាំទ្រជារៀងរហូត បេក្ខភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីអាណត្តិរដ្ឋសភានីតិកាលទី៧ និងអាណត្តិបន្តទៀត ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេស ៕





សេចក្តីជូនព័ត៌មាន​ស្តីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ​ជាបន្ត ចាប់ពីថ្ងៃច័ន្ទទី២២ ​ខែកុម្ភៈ ឆ្នាំ២០២១​

 ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មានស្តីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ជាបន្ត ចាប់ពីថ្ងៃច័ន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះ ក្រសួង នឹងធ្វេីសន្និសីទសារព័ត៌មាន “បំភ្លឺពីលើមន្ទីរពិសោធន៍លេីបញ្ហាវីរុសកូវីដ-១៩” នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹកនៅក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

សូមអានខ្លឹមសារទាំងស្រុងក្នុងសេចក្តីប្រកាសខាងក្រោម៖




ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចេញចូលទីតាំងដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នក ដឹងខ្លួនថាប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ

ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវឲ្យអ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនថាបានប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។


ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឱ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា៕