Thursday, January 12, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន ដកតំណែង «ឧត្ដមសេនីយ៍អវសានពិភពលោក»?


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធ ទី១១ ខែមករានេះបានតែងតាំងមេទ័ពកំពូល​រុស្ស៉ីម្នាក់ គឺលោកឧត្ដមសេនីយ៍ Valery Gerasimov ជាមេបញ្ជាការថ្មីដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ លោក Gerasimov ដែលបានឡើងកាន់តំណែងជានាយអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ចាប់តាំងពី ឆ្នាំ២០១២មក នឹងត្រូវជំនួសតំណែងលោកឧត្តមសេនីយ៍ Sergey Surovikin ដែលត្រូវបានលោក ពូទីន តែងតាំងជាមេបញ្ជាការកងទ័ពរុស្ស៉ីនៅអ៊ុយក្រែន កាលពី ខែតុលា ឆ្នាំ២០២២ ហើយលោក Surovikin ត្រូវបានទម្លាក់តំណែងមកជា «មេបញ្ជាការរង» វិញ។

ការតែងតាំងលោក Gerasimov កើតមានឡើងនៅចំពេលរុស្ស៉ី កំពុងព្យាយាមធ្វើឱ្យសង្រ្គាមរបស់ខ្លួនត្រឡប់មករកស្ថិរភាពឡើងវិញ បន្ទាប់ពីបរាជ័យជាច្រើនលើកនៅ ឯសមរភូមិនាពេលកន្លងមកនេះ និងខណៈទាហានស៊ីឈ្នួលរុស្ស៉ីអះអាងពីការកាន់កាប់ទាំងស្រុងលើទីក្រុងរ៉ែអំបិល Soledar ស្ថិតនៅក្នុងតំបន់ដូណេត ភាគខាងកើត នៃប្រទេសអ៊ុយក្រែន។ បើជាការពិតមែន នោះវានឹងក្លាយជាជ័យជម្នះដ៏សំខាន់មួយរបស់រុស្ស៉ី ចាប់តាំងពីខែសីហា ឆ្នាំ២០២២មក។

ប៉ុន្តែ គួរឱ្យកត់សម្គាល់ លោក Sergey Surovikin ដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីដាក់រហស្សនាមថា «ឧត្ដមសេនីយ៍អវសានពិភពលោក» មិនបានរងការរិះគន់ដោយ ផ្ទាល់ពីលោក ពូទីន ដូចជាមេញ្ជាការមុនៗដែលត្រូវបានដកតំណែងនោះឡើយ។ លោក Surovikin ទទួលបានការកោតសរសើរខ្លាំងនៅក្នុងចំណោមអ្នកសរសេរ ប្លុកយោធារុស្ស៉ី និងថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin ជាពិសេសនៅក្រោយការដឹកនាំដកកងទ័ពដោយជោគជ័យចេញពី តំបន់ខឺសុន។ លោក Surovikin គឺជាមនុស្សម្នាក់ដែលសិ្នទ្ធ នឹងលោក Prigozhin ដូច្នេះហើយទើបការតែងតាំងលោក Gerasimov បាន និងកំពុងបង្កជាការចោទសួរថាតើអ្វីទៅជាចេតនារបស់លោក ពូទីន សម្រាប់សង្រ្គាមដំណាក់កាល បន្ទាប់របស់លោក ហើយហេតុអ្វីបានជាលោក Surovikin ត្រូវបានទម្លាក់តំណែង?

* អ្វីទៅនៅពីក្រោយការតែងតាំងលោក Gerasimov?

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថាការតែងតាំងលោក Gerasimov ជាមេបញ្ជាការថ្មីដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន គឺដើម្បីឱ្យលោកជួយរៀបចំអន្តរទំនាក់ទំនងជិតស្និទ្ធរវាងគ្រប់អង្គភាពទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរុស្ស៉ី និងដើម្បីកែលម្អប្រសិទ្ធភាពនៃទាហានរុស្ស៉ីជួរមុខ។ ប៉ុន្តែ ក្រុមអ្នកវិភាគដូចជាលោកស្រី Dara Massicot ជាមន្ត្រីស្រាវជ្រាវជាន់ខ្ពស់មកពីវិទ្យាស្ថាន Rand Corporation បាននិយាយថាការតែងតាំងលោក Gerasimov ឱ្យកាន់តំណែងជំនួសលោក Surovikin «គឺជាការតែងតាំងមនុស្សអសមត្ថភាពឱ្យជំនួសតំណែង មនុស្សមានសមត្ថភាព ដោយលោកស្រីចង់សំដៅទៅលើការដណ្ដើមអំណាចផ្ទៃក្នុង និងការច្រណែន។

ជាមួយគ្នានេះដែរ វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម (ISW) មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកយល់ថាការតែងតាំងលោក Gerasimov គឺបម្រើឱ្យគោលដៅចំនួន ២ម្យ៉ាងរបស់វិមានក្រឹមឡាំង នោះគឺការព្យាយាមកែលម្អទីបញ្ជាការ និងការគ្រប់គ្រងរបស់រុស្ស៉ី សម្រាប់ប្រតិបត្តិការវាយលុកសាជាថ្មីក្នុងឆ្នាំ២០២៣នេះ និងម្យ៉ាងទៀត ជាចេតនានយោបាយដើម្បីពង្រឹងអនុភាពក្រសួងការពារជាតិរុស្ស៉ី និងចង់បញ្ជូនសារដោយចំពោះទៅកាន់ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ដែលតែងតែចេញ មុខរិះគន់វិមានក្រឹមឡាំង និងកំពុងដើរតួនាទីកាន់តែសំខាន់កាត់មុខក្រសួងការពារជាតិរុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន។

ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin ដែលកំពុងដឹកនាំការប្រយុទ្ធនៅក្នុងទីក្រុង Soledar និងទីក្រុងបាកមូត នៃតំបន់ដូណេត ត្រូវបានគេមើលឃើញថាកាន់តែចេញមុខរិះគន់ជាសាធារណៈខាំ្លងឡើងៗលើកិច្ចការដឹកនាំសង្រ្គាមនៅអ៊ុយក្រែនរបស់ក្រសួងការពារជាតិរុស្ស៉ី ចាប់តាំងពីចុងឆ្នាំ២០២២មក។ លោក Prigozhin ជាមនុស្សបានកោតសរសើរយ៉ាងខ្លាំងដល់លោក Surovikin ដែលត្រូវបានរាយការណ៍ដោយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនថាជាគូប្រជែងម្នាក់របស់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu។ ក្នុងន័យនេះការសម្រេចតែងតាំងលោក Gerasimov ជាចេតនានយោបាយដើម្បីពង្រឹងអនុភាពក្រសួងការពារជាតិរុស្ស៉ី និងជាផ្នែកមួយនៃកាត់បន្ថយឥទ្ធិពលក្រុមអ្នកប្រឆាំងនឹងក្រសួងការពារជាតិ តួយ៉ាងដូចជាលោក Prigozhin ហើយវាក៏ជាសញ្ញាមួយដែលបង្ហាញថាលោក ពូទីន កំពុងដើរចេញពីការផ្គាប់ចិត្តក្រុមអ្នកសរសេរប្លុកយោធារុស្ស៉ី ដើម្បីគ្រប់គ្រងវោហាសាស្ត្ររបស់លោក ឡើងវិញ ក្រោយក្រុមអ្នកសរសេរប្លុកយោធាទាំងនោះ ចេញមុខរិះគន់បរាជ័យរបស់ទាហានរុស្ស៉ីនៅក្នុងសង្រ្គាមអ៊ុយក្រែននៅពេលកន្លងមក។

បើគេចាំមិនភ្លេចទេ អតីតមេបញ្ជាការកងជីវពលរុស្ស៉ី ក្នុងតំបន់ដុនបាស់ និងជាអ្នកសរសេរប្លុកយោធាដ៏មានប្រជាប្រិយម្នាក់ លោក Igor Girkin ធ្លាប់បាននិយាយ ដោយប្រយោលថាលោកនឹងគាំទ្រការដកតំណែងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយដែលនេះគឺជាការរិះគន់ដោយផ្ទាល់បំផុតមួយរបស់លោក Girkin ចំពោះលោក ពូទីន កាលពីថ្ងៃទី១០ ខែមករានេះ។

គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ លោក Yevgeny Prigozhin បានអះអាងថាទាហានរបស់ខ្លួនបានវាយកាន់កាប់ ទីក្រុង Soledar ទាំងស្រុង។ ប៉ុន្តែខាងក្រសួងការពារជាតិរុស្ស៉ី និងមេបញ្ជាការអ៊ុយក្រែន បែរជាលើកឡើងផ្ទុយពីការអះអាងពីលោក Prigozhin ទៅវិញដោយបញ្ជាក់ថា ការវាយប្រយុទ្ធគ្នានៅតែបន្តធ្វើឡើង ហើយទីក្រុងនេះក៏មិនទាន់ដួលរលំទាំងស្រុងនោះដែរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានជំរុញឱ្យ អ្នកសារព័ត៌មានទាំងអស់រង់ចាំការប្រកាសជាផ្លូវការពីជោគវាសនានៃទីក្រុង Soledar ហើយទោះបីជាមិនបានលើកឡើងចំឈ្មោះថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរូបនេះក៏ដោយ ក៏សេចក្ដីថ្លែងការណ៍របស់លោក ប៉េសកូវ ហាក់ដូចជាចង់រិះគន់ទៅលើលោក Prigozhin ដែលចេញមុខប្រកាសពីជ័យជម្នះកាត់មុខ ក្រសួងការពារជាតិ និងវិមានក្រឹមឡាំង៕

សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញសម្ពោធទីលានផ្នូរយុទ្ធជនពលី និងរៀបចំអបអរខួប៤៤ឆ្នាំ ទិវាជ័យជម្នះ ៧មករា នៅខេត្តកោះកុង នាថ្ងៃទី១៧ ខែមករា

 (ភ្នំពេញ)៖ ទីលានផ្នូរយុទ្ធជនពលីជីវិតនាសម័យសង្គ្រាម នៅខេត្តកោះកុង បានសាងសង់រួចជាស្ថាពរ ហើយគ្រោងសម្ពោធ និងធ្វើបុណ្យឆ្លងតាមបែបសាសនា និងរៀបចំអបអរសាទរខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧នាក់។

បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ បានបញ្ជាក់ថា ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងថា ការសាងសង់ទីលានផ្នូរយុទ្ធជនពលីនាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាដើម។

នាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «តាមការគ្រោងទុក ​គឺយើងមានកម្មវិធីចំនួន២ គឺកម្មវិធីសាសនា និងកម្មវិធីរដ្ឋ។ កម្មវិធីសាសនា ថ្ងៃទី១៧ គឺជាថ្ងៃរំដោះខេត្តកោះកុង (១៧ មករា ១៩៧៩) អ៊ឹចឹង គឺយើងយកថ្ងៃរំដោះខេត្តកោះកុង ជាថ្ងៃសម្ពោធទីលានផ្នូរយុទ្ធជន និងរៀបចំពិធីអបអរសាទរខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា តែម្តង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។ នាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា នៅក្នុងពិធីនេះដែលក៏មានការផ្ទេរ ប្រគល់ទីលានផ្នូរអតីតយុទ្ធជនពលីជីវិតសម័យសង្គ្រាមនេះ ជូនរដ្ឋបាលខេត្តកោះកុង ជាអ្នកគ្រប់គ្រងបន្ត។

នាយឧត្តមសេនីយ៍ យន្ត មីន បានគូសបញ្ជាក់ថា៖ «ពេលដែលគាត់លះបង់ជីវិត ពេលនោះ គឺអត់បានអីទេ ពេលនោះប្រទេសជាតិយើងនៅក្រខ្សត់ លំបាកណាស់ ពេលដែលគាត់ស្លាប់អត់មានធ្វើបុណ្យទានឱ្យសបស្របនោះទេ អ៊ឹចឹងដល់ពេលនេះស្រុកទេសយើងមានសន្តិភាព មានការរីកចម្រើន ពលរដ្ឋមានភាពរីករាយ សំបូរសប្បាយ ប៉ុន្តែ សពគាត់ មិនទាន់គិតគូរជូនគាត់ អ៊ឹចឹង បានសម្តេចឱ្យយើងគិតគូរធ្វើជូនសពដែលបានពលីជីវិត»

នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ដោយសារតែមានការលះបង់ជីវិតរបស់អតីតយុទ្ធជនពលីនេះហើយ ដែលជាចំណែកមួយធ្វើឱ្យខេត្តកោះកុង និងប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ពេញលេញដូចពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនផ្សេងៗទៀតជាដើម។

នាយឧត្តមសេនីយ៍ យន្ត មីន បានបង្ហាញសុទិដ្ឋិនិយមថា ទីលានផ្នូរយុទ្ធជនពលីជីវិតនេះនឹងក្លាយជាទីកន្លែងគោរពបូជាពិសំណាក់ប្រជាពលរដ្ឋមានជំនឿ និងក្លាយជាកន្លែង សម្រាប់ប្រជាពលរដ្ឋនៅជិតទីលានផ្នូរនេះ ហាត់ប្រាណជាដើម។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ យន្ត មីន ក៏បានអំពាវនាវដល់បងប្អូនដែលបានបាត់សាច់ញ្ញាតិអញ្ជើញទៅរក និងទៅធ្វើបុណ្យឧទ្ទិសកុសលជូនពួកគាត់ ខណៈសពដែលបានបញ្ចុះនៅក្នុងទីលាននោះ គឺបានបញ្ជាក់ឈ្មោះ និងភូមិឃុំ ដែលពួកគាត់បានរស់នៅផងដែរ។

បើតាមនាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងថា ទីលានផ្នូរសពអតីតយុទ្ធ នៅខេត្តកោះកុងនេះ គឺបានសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធទាំងកូនកាត់បែបបុរាណ និងសម័យ បន្ថែមពីនេះក្រុមការងារជំនាញបានកែលម្អបន្ថែមទៀត នូវរចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩មកម្ល៉េះ។

សូមជម្រាបថា ទីលានផ្នូរយុទ្ធជនពលី ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕






សម្តេចតេជោ ហ៊ុន សែន៖ ស.ជ.ណ ស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ត្រូវបានលុបវិញហើយ

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ថា សេចក្តីណែនាំស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ត្រូវបានលុបវិញហើយ។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយយ៉ាងព្រោងព្រាតពី ស.ជ.ណ ចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ដែលចេញកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងទៅនោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើហ្វេសប៊ុកនៅថ្ងៃនេះយ៉ាងដូច្នេះ «ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេងតាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ ធ្នូ ២០២២។ នៅថ្ងៃទី៩ មករា ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តមជា សុផារាផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ»

សម្តេចតេជោបន្តថា «ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេចលប់ចោល ស.ជ.ណ លេខ១៨មយ ថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត និងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ»

យោងទៅតាម ស.ជ.ណ ចេញកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា ការដែលនាំឱ្យមានសេចក្តីណែនាំចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ផ្តើមចេញពីបញ្ហាដីធ្លីស្ថិតក្នុងគម្រោងសាងសង់ព្រលានយន្តហោះតេជោក្រុងតាខ្មៅ៕










ប្រមុខការទូតកម្ពុជា រំលឹកឡើងវិញអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញរបស់កម្ពុជាចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ានឆ្នាំនេះ

(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញរបស់កម្ពុជា ចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ានឆ្នាំ២០២៣នេះ។

ក្នុងពេលអនុញ្ញាតឱ្យ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រជាជាតិទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី លោកឯកអគ្គរដ្ឋទូត បានអបអរសាទរកម្ពុជាចំពោះតួនាទីដ៏ជោគជ័យរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជា ការធ្វើជាម្ចាស់ផ្ទះ និងការរៀបចំផ្នែកពិធីការ និងបដិសណ្ឋារកិច្ចដ៏ល្អ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងបានរំលឹកជាថ្មីអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ាននៅឆ្នាំនេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរឥណ្ឌូនេស៊ីដែលបានរៀបចំកិច្ចប្រជុំកំពូល G-20 ប្រកបដោយជោគជ័យ នៅឆ្នាំ២០២២ ផងដែរ៕





«ទស្សនៈអ្នកអាន៖ ផឹកទឹកភ្លេចប្រភព ទីបំផុត លោកតា គង់ គាំ បាបកម្មតាមលង»

 លោកគង់ គាំ អ្នកនយោបាយវិលក្បុង ម្តងលិច ម្តងកើត ចាស់ហើយគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានចេះតែរមាស់មាត់ និយាយប៉ាតណាប៉ាតណី ទីបំផុតត្រូវបានលោក ហ៊ុន សែន ដែលជាអតីត រដ្ឋមន្ត្រីការបរទេស ហើយជាមេផ្ទាល់របស់ខ្លួននិងក៏ជាអ្នកជួយចូកជួយចែវទំនុកបំរុងនិងលើកដំកើង បានធ្វើរហូត ដល់រដ្ឋមន្ត្រីប្រកាសដកហូតដីនិងផ្ទះទុកជាសម្បត្តិរបស់ក្រសួងការបរទេសវិញ។ លោកតាគង់ គាំ ទន្ទិញយ៉ាងរត់មាត់នូវទ្រឹស្តីថា«ផឹកទឹកកុំភ្លេចប្រភព» ប៉ុន្តែគឺ លោកតាគង់ គាំខ្លួន ឯងនេះហើយដែលផឹកទឹកភ្លេចប្រភព ហើយទីបំផុតបាបកម្មតាមលងយ៉ាងទាន់ហន់។

សាធារណជនទូទៅ ភាគច្រើនក៏បានដឹង ដែរថា លោកតាគង់ គាំ មានដីមួយឡូតិ៍យ៉ាងធំនៅផ្លូវសុធារស ជិតវត្តស្វាយពពែ គឺជាដីរបស់ក្រសួងការបរទេសដែលកាលណោះមានលោក ហ៊ុន សែន ជារដ្ឋមន្ត្រីការបរទេសដែលលោកអាណិត លោក គង់ គាំ ហើយក៍បានអនុញ្ញាតឲ្យរស់នៅទីនោះរហូតមកដល់បច្ចុប្បន្ន។ នេះគឺជាគុណការៈដ៏ធំធេង របស់លោក ហ៊ុន សែនចំពោះលោក គង់ គាំ និងក្រុមគ្រួសារពីព្រោះសូមកុំភ្លេចថា «ដីនោះជាតំបន់ត្រូវប៉ាន់ មានតម្លៃខ្ពស់ដែលអនុញ្ញាត ឲ្យគ្រួសារលោកតា គង់ គាំ រស់បាន យ៉ាងស្រួល»។ ប៉ុន្តែលោកតា គង់ គាំ បានបង្ហាញនូវភាពរមិលគុណចំពោះលោក ហ៊ុន សែន និង គណបក្សប្រជាជន យ៉ាងកំរោល ដោយយកទីតាំងនោះទៅធ្វើជាទីស្នាក់ការគណបក្សសម រង្ស៊ី ដើម្បីប្រឆាំងរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន យ៉ាងចំហរ។ គេនៅចាំបានថា កាលនោះ ដីរបស់ លោកតា គង់ គាំ មិនត្រឹមតែជាទីស្នាក់ការ បក្សប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែងប្រមូលផ្តុំដោយក្រុមជ្រុលនិយម និងអ្នកស៊ី ឈ្នួលធ្វើបាតុកម្មយ៉ាងច្រើនកុះករ។ ពួកគេបានមករស់ នៅទីនោះជាប្រចាំហើយត្រូវបានគណបក្សប្រឆាំងមួយនេះចិញ្ចឹមនិងប្រើប្រាស់ដើម្បីវាយប្រហារ ជេរប្រទិចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រធាន។ សកម្មភាពបែបនេះ បានកើតឡើងជារៀងរាល់ថ្ងៃនៅលើ ដីរបស់លោកតា គង់ គាំ ដែលលោកហ៊ុន សែន បានអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្ន។ អាចនិយាយបានថា ពេលនោះ ដីរបស់លោកតា គង់ គាំ គឺ ជាទីតាំងប្រមូលផ្តុំរបស់ក្រុមប្រឆាំងជ្រុលនិយមដើម្បីបើកសមរភូមិវាយប្រហារទៅលើរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន យ៉ាងក្តៅគគុក។ ទោះជាយ៉ាងនេះក៏ ដោយ ក៏មហាជន ទូទៅនៅតែឃើញលោក ហ៊ុន សែន ក្នុងនាមជាអ្នកនយោបាយដែលមានព្រហ្មវិហារធម៌ចំពោះអតីតកូនចៅ នៅតែបន្តអនុញ្ញាត ឲ្យលោកតា គង់ គាំ ស្នាក់នៅទីនោះដដែលរហូតដល់បច្ចុប្បន្ន។

ប៉ុន្តែភាពរមិលគុណនិងភ្លេចកំណើតរបស់លោកតា គង់ គាំ បានធ្វើឲ្យអ្នកនយោបាយវិលក្បុងរូបនេះបន្តភាពគឃ្លើនរបស់ខ្លួន ដោយងាកមកខាំគណបក្សប្រជាជននិងលោក ហ៊ុន សែន ដែលជាអ្នកមានគុណរបស់ខ្លួនឥតឈប់ឈរ។ អ្នកដែលបានស្តាប់សម្តីលោក គង់ គាំ ក្នុងពេលឃោសនា ប្រាកដជាឈឺចាប់ជំនួសលោក ហ៊ុន សែន យ៉ាងខ្លាំង និងឈឺចាប់លើសពី លោក ហ៊ុន សែន ១០០ ដងទៅទៀត។ តាមពិត មានមនុស្ស ជាច្រើនហើយដែលគិតថា លោកតា គង់ គាំ មិនស័ក្តិសមនឹងទទួលបាននូវក្តី សណ្តោសប្រណីពី លោក ហ៊ុន សែន បែបនេះនោះទេពីព្រោះអ្នកនយោបាយចាស់វស្សាតែខួរស្រាលរូបនេះមានសារជាតិជាសត្វក្រពើមិនអាចកែបានឡើយ។ ពេលនិយាយឃោសនាម្តងៗ លោកតា គង់ គាំ ធ្វើឬកឡូយណាស់ សុទ្ធតែ«ផឹកទឹកកុំភ្លេចប្រភព» ប៉ុន្តែ «ខ្លួនឯងវិញ ផឹកទឹក រួចហើយបែរជាចង់កាយដីលុបត្រពាំង ដែលខ្លួនបានផឹកនោះចោលយ៉ាងកំរោលបំផុត»។ ឥឡូវនេះ កម្មបានតាមលងលោកតា គង់ គាំ យ៉ាងទាន់ហន់ហើយ។ នៅយប់មិញថ្ងៃទី១១ មករា ២០២៣ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកផ្តល់កំណើតនិងផ្តល់អ្វីៗគ្រប់យ៉ាងឲ្យលោកតា គង់ គាំ បានអនុញ្ញាតឲ្យក្រសួងការបរទេសទាមទារ យកដីដែលលោកគង់ គាំ កំពុងរស់នៅ បណ្តោះអាសន្ននោះមកធ្វើជាកម្មសិទ្ធិរបស់ក្រសួងវិញ។ មតិយោបល់ Comment ដែល បានចូលក្នុងផេកហ្វេសប៊ុករបស់ លោក ហ៊ុន សែនពាក់ព័ន្ធនឹងចំណាត់ការនេះបានធ្វើការ សាទរយ៉ាងខ្លាំងពីមហាជនគ្រប់មជ្ឈដ្ឋាន ពីសំណាក់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងអ្នកស្រឡាញ់យុត្តិធម៌ ពីព្រោះទង្វើរបស់លោកគង់ គាំ ពិតជា បានបង្ហាញយ៉ាងច្បាស់អំពីសារជាតិមនុស្សភ្លេចកំណើត រមិលគុណ និងភាពក្រឡិចក្រឡុចដែល ពិបាកទទួលយកនិងអនុគ្រោះអត់អោនអោយបានឡើយ កុំថាឡើយតែអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា សូម្បីអ្នកគាំទ្រក្រុមប្រឆាំងក៏មិនពេញចិត្តនិងមិនទុកចិត្តលោក គង់ គាំ ដែរពីព្រោះតែគេបានស្គាល់សារជាតិរបស់គាត់អស់ទៅ ហើយ។ ដូច្នេះនៅទីបំផុត មនុស្សរមិលគុណដូចលោក គង់ គាំ ត្រូវតែជួបស្ថានភាព «ប្រាក់ក៏បង់ ថង់ក៏ដាច» ដោយសារ តែបាបកម្ម«ផឹកទឹក ភ្លេចប្រភព»។

ចាប់ពីពេលនេះតទៅ លោក គង់ គាំ នឹងទទួលបានមេរៀនពីនយោបាយរមិលគុណរបស់ខ្លួនហើយនេះក៏ជាមេរៀនសម្រាប់ក្រុមប្រឆាំងជ្រុលនិយមផ្សេងៗ ទៀតដែរដែលត្រូវរៀនសូត្រពីព្រោះនយោបាយញុះញង់ បង្កការបែកបាក់ក្នុងសង្គមពិតជាមិនផ្តល់ផលល្អនោះឡើយ។ បទពិសោធន៍ដែលគេទាញចេញ បានពីបញ្ហានេះគឺ ពីពេលនេះតទៅ អ្នកនយោបាយខ្មែរគួរតែរៀនពីរបៀបធ្វើនយោបាយថ្មីពោលគឺធ្វើនយោបាយតាមរយៈការប្រកួតគ្នាដោយបង្ហាញសមត្ថភាពនិងគោលនយោបាយដើម្បីទាក់ទាញអ្នកបោះឆ្នោត។ ចំណែកនយោបាយញុះញង់ វាយប្រហារ ចោទប្រកាន់ លាបពណ៍ដុតបញ្ឆេះកំហឹងពលរដ្ឋដែលនាំដល់ភាពប្រះឆាក្នុងសង្គម គ្មានទីតាំងឈរជើងទៀតឡើយនៅក្នុងសង្គមខ្មែរហើយតួអង្គលោកតា គង់ គាំ គឺជាគំរូស្រាប់៕

ដោយ: អ្នកនយោបាយតុកាហ្វេ




ក្រសួងការបរទេសតំណាងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្តឹងតុលាការឱ្យចេញដីការក្សាការពារដី និងផ្ទះលោក គង់ គាំ នៅផ្លូវសុធារស

 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញដីការរក្សាការពារដី និងផ្ទះមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលលោក គង់ គាំ កំពុងកាន់កាប់។

ក្រសួងការបរទេស បានសម្រេចប្រគល់សិទ្ធិ ជូនលោក គី តិច រៀបចំបណ្តឹង និងតាមការពារសំណុំរឿង ទាមទារទ្រព្យរដ្ឋ ជូនក្រសួងការបរទេស គ្រប់គ្រងតាមច្បាប់វិញ។

ក្នុងពាក្យបណ្តឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារចាត់ចែងជាបណ្តោះអាសន្ន ហាមឃាត់មិនឱ្យ លោក គង់ គាំ ធ្វើការលក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអគារ) លេខក្បាលដី១១៣ មាន ទំហំ ៥២៩០ (ប្រាំពាន់ពីររយកៅសិប) ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។

ក្នុងលិខិតដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា៖ ដី និងអគារ ដែលមានក្បាលដីលេខ ៨ ផ្ទះលេខ ៧១ ផ្លូវលេនីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងជាប់សាលារៀនបណ្តុះវិជ្ជា ខាងកើតជាប់ផ្លូវលេនីន ខាងត្បូងជាប់ស្ថានទូត សូវៀត ខាងលិចជាប់ឡូត៍លេខ១១ បច្ចុប្បន្នក្បាលដីលេខ ១១៣ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ គឺជាកម្មសិទ្ធិរបស់រដ្ឋ ដែលកាន់កាប់គ្រប់គ្រងដោយក្រសួងការបរទេស។

ក្នុងពាក្យបណ្តឹងបានរៀបរាប់ថា៖ ក្នុងអំឡុងទសវត្សរ៍ទី៨០ កូនបំណុលឈ្មោះ គង់ គាំ បានចូលទៅរស់នៅលើដី និងផ្ទះដែលមានទីតាំង ដូចបានបញ្ជាក់ក្នុងកម្មវត្ថុខាងលើ។ តាមរយៈការស្រាវជ្រាវ ឃើញមានឯកសារបញ្ជាក់ជាភស្តុតាងថា ក្នុងអំឡុង ឆ្នាំ១៩៨៩ ខណៈដែលខ្លួនកំពុងមានអំណាចជារដ្ឋមន្ត្រី នៅក្រសួងត្រួតពិនិត្យ កូនបំណុលបានឱ្យលោក នុច ថន អនុរដ្ឋមន្ត្រីនៃក្រសួងត្រួតពិនិត្យ ជាមន្ត្រីក្រោមបង្គាប់របស់ខ្លួន ចុះហត្ថលេខាបញ្ចូនឯកសារស្នើសុំកម្មសិទ្ធិលើដីរបស់រដ្ឋ ដែលកូនបំណុលកំពុងស្នាក់នៅ។

ផ្អែកតាមបញ្ញត្តិនៃមាត្រា ១៨ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ចែងថា៖ «ត្រូវទុកជាមោឃៈ និងគ្មានអានុភាព ហើយមិនអាចត្រូវបានធ្វើនិយ័តកម្ម ទោះតាមរូបភាពណាក៏ដោយ៖ រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ និងរាល់ការ បំប្លែងការកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋទៅជាសិទ្ធិកម្មសិទ្ធិទោះបីការកាន់កាប់និងការបំប្លែងនេះកើតមាននៅពេលណាក៏ដោយ ដែលមិនស្របតាមលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីដែលបានកំណត់កន្លងមក» ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមទៀតថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន អចលនវត្ថុដូចមានរៀបរាប់ជូននៅក្នុងកម្មវត្ថុខាងលើ កំពុងស្ថិតនៅក្នុងអំណាចនៃការគ្រប់គ្រង ចាត់ចែង ប្រើប្រាស់ អាស្រ័យផល ដោយសហកូនបំណុល។ កូនបំណុល បាននិងកំពុងដឹងថា នឹងមានបណ្ដឹងពីម្ចាស់បំណុលលើអចលនវត្ថុដែលកូនបំណុលកំពុងគ្រប់គ្រង កាន់កាប់ និងស្នាក់នៅ នាពេលបច្ចុប្បន្ន។ ជាក់ស្តែង ម្ចាស់បំណុលសង្កេតឃើញថា កូនបំណុលបាន និងកំពុងជួលអចលនវត្ថុមួយផ្នែកទៅឱ្យ តតិយជនប្រកបអាជីវកម្ម។ ម្ចាស់បំណុលមានការព្រួយបារម្ភថា កូនបំណុលអាចនឹងបន្តរយៈពេលជួល ឬជួល ផ្នែកណាមួយនៃអចលនវត្ថុនេះទៅឱ្យតតិយជនដទៃទៀត។

ផ្អែកតាមបញ្ញត្តិនៃ មាត្រា ៥៣០ នៃក្រមនីតិវិធីរដ្ឋប្បវេណីចែងថា៖ «ប្រសិនបើមានការបារម្ភថា ការអនុវត្តដោយបង្ខំនឹងមិនអាចធ្វើបាន ឬនឹងមានការលំបាកយ៉ាងខ្លាំងក្នុងការអនុវត្តដោយបង្ខំ ឬប្រសិនបើ មានការបារម្ភថា នឹងមានការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់បន្ទាន់ដល់ឋានៈរបស់ភាគីណាមួយ ដោយសារមាន វិវាទអំពីទំនាក់ទំនងនៃសិទ្ធិ បុគ្គលដែលមានបំណងចង់ការពារសិទ្ធិរបស់ខ្លួន អាចទាមទារការចាត់ចែងរក្សា ការពារ... » ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏សូមដាក់ជូនតុលាការ នូវឯកសារសម្រាប់សេចក្ដីបញ្ជាក់ដំបូង ដូចខាងក្រោម៖

១៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ។
២៖ លិខិតលេខ ៩៨ ចប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៩០ របស់អនុរដ្ឋមន្ត្រីក្រសួងត្រួតពិនិត្យ។
៣៖ រូបភាពអាជីវកម្មរបស់តតិយជន នៅលើទីតាំងអចលនវត្ថុ ។
៤៖ សំណូមពរ៖ ដើម្បីធានាបាននូវការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ម្ចាស់បំណុលស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារ តាមការប្ដឹងសុំដូចមានបញ្ជាក់គ្រប់ចំណុច នៅក្នុងកម្មវត្ថុខាងលើ៕















ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញសាលក្រមកំណត់ឱ្យ លោក គង់ គាំ ប្រគល់ដី និងអគារមួយកន្លែង

 ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញសាលក្រមកំណត់ឱ្យ លោក គង់ គាំ ប្រគល់ដី និងអគារមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់មកក្រសួងការបរទេសវិញ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល។








សម្ដេចតេជោ ហ៊ុន សែន ស្នើ ACU ស្រាវជ្រាវបន្ទាន់ពីភាពមិនប្រក្រតីលើប័ណ្ណកម្មសិទ្ធិដី និងផ្ទះ លោក គង់ គាំ

 ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បី​ពន្លឿន​ដំណើរ​ការ​ស្វែង​រក​ការ​ពិត​ជុំវិញ​ការ​រៀប​ចំ​ឯកសារ​បន្លំ​យកដី និងផ្ទះរបស់​ក្រសួង​ការ​បរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ នៅមុននេះបន្តិច សម្ដេច​បាន​ស្នើ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​អំពីភា​ព​មិន​ប្រក្រតី​នានា ​នៃការ​លួច​បន្លំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​​កម្ម​សិទ្ធិ​លើ​ដី​ និង​ផ្ទះ​ដែល​ជា​កម្មសិទ្ធិរបស់ក្រសួងការបរទេស និង​​ចាត់​​វិធាន​ការ​បន្ត​តាម​ផ្លូវ​ច្បាប់ តាមការចាំបាច់ ដោយ​ផ្អែកលើមូលដ្ឋាន នៃ​លទ្ធ​ផល​ដែល​បាន​ស្រាវ​ជ្រាវ​រកឃើញ។ 

សម្ដេចបន្តថា ដី និងផ្ទះដែល លោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺ​ជា​កម្មសិទ្ធិ​រប​ស់​ក្រសួង​ការ​បរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាម​គ្រប់​មធ្យោបាយ ដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន៕




សម្តេចពញាចក្រី ហេង សំរិន ទទួលជួបគណៈប្រតិភូ «វេទិកាសន្តិភាព និងការទូត»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យគណៈប្រតិភូ «វេទិកាសន្តិភាព និងការទូត» ដឹកនាំដោយ ឯកឧត្តម ផាក បីយ៉ុងស៊ឺក (Park Byeong Seug) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូល​ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។