Wednesday, September 01, 2021

វិភាគអន្តរជាតិ៖ តើវិបត្តិអាហ្វហ្កានីស្ថាន នឹងបិទបញ្ចប់តួនាទីជាបងធំ NATO របស់សហរដ្ឋអាមេរិក ឬ?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារ ទី៣១ ខែសីហានេះបានចេញមុខការពារយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។ លោក បៃដិន បានហៅការសម្រេចចិត្តរបស់លោកផ្ទាល់ថាជា «ជម្រើសដ៏ឆ្លាតវៃ និងល្អបំផុត» សម្រាប់អាមេរិក ដ្បិតដល់ពេលហើយដែលអាមេរិកត្រូវតែបញ្ចប់ការចូលរួមក្នុងសង្រ្គាមរុំារ៉ៃដូចជាសង្រ្គាមអាហ្វហ្កានីស្ថាន។



ចាប់តាំងពីឆ្នាំ២០០១ សហរដ្ឋអាមេរិក និង NATO រួមទាំងប្រទេសជាដៃគូបានលូកដៃចូលក្នុងសង្រ្គាមអាហ្វហ្កានីស្ថាន ដោយពួកគេបានពលីជីវិតកងទ័ពច្រើនជាង ៣,៥០០នាក់់។ ដូច្នេះសង្រ្គាម ២០ឆ្នាំនៅអាហ្វហ្កានីស្ថាន មិនមែនជាសង្រ្គាមរបស់សហរដ្ឋអាមេរិកតែម្នាក់ឯងនោះទេ តែវាក៏ជាសង្រ្គាមរបស់បក្សសម្ព័ន្ធយោធា NATO ផងដែរ។ ភាពចលាចល និងការដួលរលំរដ្ឋាភិបាលអាហ្វហ្កានីស្ថានក្រោមដៃក្រុមតាលីបង់ ដែលបង្កឡើងដោយការដកកងទ័ពយ៉ាងតក់ក្រហល់របស់
លោក ចូ បៃដិន បាន និងកំពុងបង្កឱ្យមានការចោទសួរពីអនាគតនៃទំនាក់ទំនងរវាង NATO-អាមេរិក នឹងទៅជាយ៉ាងណា? ហើយថាតើការដួលរលំអាហ្វហ្កានីស្ថាន នឹងបំផ្លាញដល់ភាពជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក ឬក៏តំណែងជាបងធំរបស់ NATO ដែរ ឬទេ?

*ចូលទាំងអស់គ្នា, ចេញវិញទាំងអស់គ្នា

នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនប្រកាសកាលពីខែមេសា ឆ្នាំ២០២១នេះពីផែនការដកកងទ័ពចេញពីអាហ្វហ្កានីស្ថានឱ្យបានមុនថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ហើយក្រោយមកបែរជាប្ដូរចិត្តដកឱ្យបានមុនថ្ងៃទី៣១ ខែសីហានេះវិញ វាបានធ្វើឱ្យប្រទេសអឺរ៉ុបជាច្រើនមានអារម្មណ៍ថាផែនការនេះត្រូវបានសម្រេច រួចទៅហើយ ហើយពួកគេមានតែត្រូវធ្វើតាមអាមេរិកតែប៉ុណ្ណោះ។ ពិតមែនទៅ ការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ត្រូវបានត្រួសត្រាយផ្លូវ ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ជូនមន្ត្រីរបស់លោកឱ្យទៅជួបចរចាជាមួយក្រុមតាលីបង់ ក្នុងទីក្រុងដូហា ប្រទេសកាតា 
ជាច្រើនលើក រហូតដល់សម្រេចបានកិច្ចព្រមព្រៀងសន្តិភាព។

លោក ត្រាំ មិនបានពិគ្រោះយោបល់ដិតដល់ជាមួយសម្ព័ន្ធមិត្ត NATO នោះទេ ដោយគ្រាន់តែជូនដំណឹងពីការសម្រេចចិត្តនេះតែប៉ុណ្ណោះដែលនេះបានបំផ្លាញដល់ គោលការណ៍ «ចូលទាំងអស់គ្នា ចេញវិញទាំងអស់គ្នា» របស់ NATO ហើយបានធ្វើឱ្យអឺរ៉ុប គ្មានជម្រើសអ្វីផ្សេងក្រៅតែពីចាកចេញតាមសហរដ្ឋអាមេរិក។ បណ្ដា ប្រទេសអឺរ៉ុបមានការព្រួយបារម្ភជាខ្លាំងចំពោះការដកកងទ័ពយ៉ាងកត់ក្រហល់ចេញពីអាហ្វហ្កានីស្ថាន ដោយពួកគេខ្លាចក្រែងថាវាអាចនឹងបង្កអស្ថិរភាព និងផល ប៉ះពាល់ដោយផ្ទាល់ដល់ផលប្រយោជន៍សន្តិសុខជាតិ ជាពិសេសបញ្ហាជនភៀសខ្លួន រួមទាំងភេរវកម្មតែម្ដង។ តែទាំងលោក ត្រាំ និងលោក បៃដិន នៅតែ «តម្កល់ផលប្រយោជន៍អាមេរិកមុនគេ» ជុំវិញការដកកងទ័ពចេញពីអាហ្វហ្កានីស្ថានដែលត្រូវបានគេមើលឃើញថាធ្វើឡើងក្រោមហេតុផលនយោបាយនៅក្នុងស្រុក ជាជាងស្ថានភាពជាក់ស្ដែង។

*ខឹង, អន់ចិត្ត តែមិនអាចអត់សហរដ្ឋអាមេរិក

ភាពចលាចល និងការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានក្រោយការដកងទ័ពយ៉ាងតក់ក្រហល់របស់សហរដ្ឋអាមេរិក បង្កឱ្យមានការជជែកដេញដោលយ៉ាង ផុលផុសនៅក្នុងចំណោមប្រទេសអឺរ៉ុប ពីផលប៉ះពាល់ដល់ទំនុកចិត្តលើ NATO និងសហរដ្ឋអាមេរិក។ អ្នកខ្លះយល់ថាការដួលរលំរបស់អាហ្វហ្កានីស្ថាននឹងបំផ្លាញ អនាគត NATO រីឯអ្នកខ្លះទៀតយល់ថាវាអាចនឹងបិទបញ្ចប់តួនាទីនៃភាពជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ វាហាក់ដូចជាលឿនពេកចំពោះការគិត បែបនេះ ពីព្រោះថាអ្វីដែលកំពុងកើតឡើងប្រហែលជានឹងមិនអាចបំផ្លាញបាននោះឡើយនូវសម្ព័ន្ធភាព NATO ដែលមានគ្រឹះយ៉ាងរឹងមាំ ឈរលើមាត្រា ៥ របស់ NATO។ មាត្រា ៥ នេះគឺជានិយាយពី «ការការពារជាសមូហភាព ឬ Collective defence» ដែលបានចែងថាការវាយប្រហារលើប្រទេសជាសមាជិកណាមួយ គឺជាការវាយប្រហារលើ NATO ទាំងមូលដែលតម្រូវ NATO ត្រូវតែចាត់វិធានការឆ្លើយតប។

ផ្អែកលើ «ការការពារជាសមូហភាព» នេះ ទោះជាអន់ចិត្ត ឬខឹងនឹងសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រទេសអឺរ៉ុបនៅតែមើលឃើញផលប្រយោជន៍ពីមាត្រា ៥ របស់ NATO ដោយពួកគេត្រូវការសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាជាច្រើនក្នុងនោះមានទាំងការប្រឈមមុខជាមួយចិន, រុស្ស៊ី, ការងើបឡើងវិញពីវិបត្តិ COVID-19 និងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម រួមទាំងការប្រែប្រួលអាកាធាតុជាដើម។

*តើដល់ពេលអឺរ៉ុបត្រូវរួបរួមគ្នា ឬ?

ការគាំទ្រឱ្យអឺរ៉ុបមានស្វ័យភាពលើសន្តិសុខ និងសមត្ថភាពការពារជាតិដោយខ្លួនឯង មានការកើនឡើងនៅក្នុងចំណោមប្រទេសអឺរ៉ុប។ ជាក់ស្ដែងការស្ទង់មតិមួយ ក្រោយលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកបានបង្ហាញថា យ៉ាងហោច ៦០ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍នៅក្នុងតំបន់អឺរ៉ុប ជឿថាអឺរ៉ុបមិនអាច បន្តពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិកដើម្បីការពារសន្តិសុខជាតិខ្លួនឯងទៀតនោះទេ។ គេចាំបានថានៅក្រោមអាណត្តិលោក ត្រាំ «គំនិតបង្កើតទ័ពអឺរ៉ុប» ក៏ធ្លាប់ ត្រូវបានលើកឡើងផងដែរដោយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ហើយបូករួមទាំងវិបត្តិអាហ្វហ្កានីស្ថានវាអាចនឹងជំរុញឱ្យអឺរ៉ុបកាន់តែចង់បាន ការធ្វើសកម្មភាព ឬធ្វើការសម្រេចចិត្តដោយឯករាជ្យច្រើនជាងមុន។

ប៉ុន្តែ អឺរ៉ុបខ្លួនឯងនៅមានផ្លូវដ៏វែងឆ្ងាយដើម្បីដើរដល់ចំណុចនេះ ខណៈការដួលរលំរបស់អាហ្វហ្កានីស្ថានអាចនឹងក្លាយជាឱកាសមួយក្នុងការស្ដារឡើងវិញ នូវទំនាក់ទំនងរវាងអង់គ្លេស និងសហភាពអឺរ៉ុប ក្រោយតានតឹងនឹងគ្នាអស់ជាច្រើនឆ្នាំដោយសារ Brexit។

គួរបញ្ជាក់ថា ទោះជាវិបត្តិនៅអាហ្វហ្កានីស្ថាន ប្រហែលជានឹងមិនបំផ្លាញដល់សម្ព័ន្ធភាព NATO ឬភាពជាមេដឹកនាំរបស់អាមេរិកក៏ដោយ តែចង់ ឬមិនចង់ វិបត្តិមួយ នេះនឹងបង្ហាញប្រាប់អឺរ៉ុបថា ពាក្យ «America is back» ដែលចេញពីមាត់លោក ចូ បៃដិនមិនទាន់គ្រប់នោះទេ ហើយអំណេះតទៅបណ្ដាប្រទេសអឺរ៉ុបអាចនឹងអនុវត្ត
គោលនយោបាយ ឬធ្វើការសម្រេចចិត្តណាមួយដោយប្រុងប្រយ័ត្នជាងមុន ជាពិសេសនៅពេលដែលបេសកកម្មរបស់ពួកគេត្រូវពឹងផ្អែកលើសហរដ្ឋអាមេរិក៕

ប្រភព៖ CSIS (ថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១)


ដោយ Fresh News

Remark by His Excellency Akak Bandith Sakpheacha Aun Pornmoniroth via Videoconference at the Official Launch of the Business Registration System on Information Technology Platform – Phase II

Remark by His Excellency Akak Bandith Sakpheacha Aun Pornmoniroth Deputy Prime Minister, Minister of Economy and Finance via Videoconference at the Official Launch of the Business Registration System on Information Technology Platform – Phase II

1​ September 2021

សុន្ទរកថាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងតាមប្រព័ន្ធវីដេអូក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២

 

សុន្ទរកថាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងតាមប្រព័ន្ធវីដេអូក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២


ពិធីសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រូពេទ្យ ព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ដែលត្រូវរំសាយទៅកាន់មណ្ឌលសុខភាពវិញ

ព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ដែលត្រូវរំសាយទៅកាន់មណ្ឌលសុខភាពវិញ។

លោកអភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមកោតសរសើរថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យរបស់យើងទាំងអស់ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុនាពេលកន្លងមក។ ដោយឆ្លងកាត់ព្រឹត្តិការណ៍ ក្នុងក្របខណ្ឌទូទាំងខេត្ត ពិសេសក្រុមគ្រូពេទ្យរបស់យើង បានប្រមូលផ្តុំគ្នាបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យរបស់យើងបានបង្កើនការយកចិត្តទុកដាក់ ទាំងចំនួនក្រុមគ្រូពេទ្យ និងបណ្តុះបណ្តាលក្រុមជំនាញក្នុងការយកសំណាក ការព្យាបាលអ្នកជំងឺ និងកាត់ផ្តាច់ការចម្លងក្នុងសហគមន៍។

លោកអភិបាលខេត្ត បានបន្តថាក្រោយពីការរំសាយក្រុមគ្រូពេទ្យនឹងទៅបំពេញការងារតាមមណ្ឌលសុខភាពដើមវិញ ម្យ៉ាងទៀតក្រុមគ្រូពេទ្យយើងមានជំនាញបច្ចេកទេសក្នុងការយកសំណាកកូវីដ-១៩ និងការព្យាបាល ដោយសារតែសកម្មភាពជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុមានការថយចុះគួរឱ្យកត់សម្គាល់ ទើបយើងសម្រេចរំសាយក្រុមគ្រូពេទ្យទៅកាន់មណ្ឌលសុខភាពវិញ។ រដ្ឋបាលខេត្ត នឹងចងចាំគុណតម្លៃក្រុមគ្រូពេទ្យដែលបំពេញការងារនៅសមរភូមិមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ និងសូមអរគុណដល់ក្រុមគ្រូពេទ្យដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កុមារ និងយុវវ័យរបស់យើង ។

ក្នុងឱកាសនោះ អភិបាលខេត្ត ចូលរួមសោកស្តាយចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៊ឺម ស្រីនិ ដែលបានបាត់បង់អាយុជីវិត ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  នេះជាការបាត់បង់នូវធនធានមនុស្ស ដែលជាវីរភាពដ៏ល្អប្រពៃក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត សូមឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួន ៦២នាក់ ក្នុងម្នាក់ៗទទួលបានថវិការចំនួន ១.២០០.០០០ រៀល៕