Friday, August 09, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះជំនន់ទឹកភ្លៀង

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពុជាយើងបានជួបនូវគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង ដែលបានបន្តធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យខេត្តមួយចំនួនទទួលនូវការលិចលង់ ដូចជាករណីនៅខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរបន្តថា ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា កម្ពុជាយើង ចាប់ពីថ្ងៃទី១០ ដល់១៦ ខែសីហា ឆ្នាំ២០១៩នេះ ដោយឥទ្ធិពលព្យុះ និងខ្យល់មូសុងនិរតី បណ្តាលឲ្យខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ និងកោះកុង រួមទាំងខេត្តជាប់ព្រំដែនវៀតណាម គឺភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ខណៈរាជធានីខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ពីតិចទៅច្រើន។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តដែលត្រូវប្រឈមឥទ្ធិពលជំនន់ទឹកភ្លៀងនេះ សូមមានការប្រុងប្រយ័ត្ន។
លោកក៏បានអរគុណដល់​ អាជ្ញាធរ​ មានសមត្ថកិច្ច​ គ្រប់ជាន់ថ្នាក់ដែលបាន​ យកចិត្តទុកដាក់ជួយសង្គ្រោះ​បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នាពេលនេះ និងសូមក្រសួងធនធានទឹក​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការឲ្យបានខ្ពស់សម្រាប់រំដោះជំនន់ទឹកភ្លៀង និងបញ្ចៀសការគ្រោះដល់ប្រជាពលរដ្ឋ៕









មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ សារ «ខុមហ្វ្រែល» រឿងជន់លិចនៅព្រះសីហនុ ជាចេតនាខ្មៅដុតបំផ្លាញសង្គម

(ភ្នំពេញ)៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចាត់ទុកសាររបស់អង្គការ «ខុមហ្វ្រែល» ដែលបានលើកឡើងថា ការជន់លិចក្រុងព្រះសីហនុ ដោយសារតែជំនន់ទឹកភ្លៀងដោយសារតែគម្រោងខ្សែក្រវាង់ និងផ្លូវរបស់ចិននោះ គឺជាតិពុតត្បុត និងចេតនាដ៏ខ្មៅងងឹតមួយក្នុងការដុតបញ្ឆេះកំហឹងឈានទៅបំផ្លាញសង្គម។
តំបន់មួយចំនួននៅក្នុងក្រុងព្រះសីហនុនៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ បានរងការជន់លិចយ៉ាងខ្លាំងដោយសារភ្លៀងអស់ជាច្រើនម៉ោង។ រហូតមកដល់ថ្ងៃទី០៩ ខែសីហានេះ តំបន់មួយចំនួនទឹកស្រកស្រុតខ្លះហើយ តែនៅតំបន់មួយចំនួនទៀតនៅជន់លិចនៅឡើយ។
អង្គការខុមហ្វ្រែលដែលជាបណ្តុំអង្គការសង្គមស៊ីវិលចំនួន១២នៅកម្ពុជាគាំទ្រជំនួយទ្រទ្រង់សកម្មភាពដោយប្រទេសលោកខាងលិចនោះ បានហៅការជន់លិចនេះថា ជាផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរនៃគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ដែលស្របតាមគម្រោងខ្សែក្រវាត់ និងផ្លុវ (one Belt one Road) របស់ចិនដែលមិនអាចនាំក្រុងព្រះសីហនុឲ្យដូចក្រុងសិង្ហបុរីដែលរដ្ឋាភិបាលប្រកាសចង់បាននោះទេ។
លោក ជា ចាន់បរិបូរណ៍ បានសម្តែងប្រតិកម្មជាខ្លាំងចំពោះការលើកឡើងនេះ។ លោកបានចាត់ទុកសារបង្ហាញចរិតពុតត្បុត និងខិលខូចរបស់អង្គការខុមហ្វ្រែល។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះបានបញ្ជាក់យ៉ាងដូច្នេះ «សារនេះបង្ហាញពីចរិតពុតត្បុតខិលខូចរបស់អង្គការខុមហ្វ្រែល។ ស្របពេលប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ជួបនូវគ្រោះជំនន់ទឹកភ្លៀង ហើយអាជ្ញាធរគ្រប់ជាន់ថ្នាក់កំពុងតែញាប់ដៃញាប់ជើងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ហើយខ្លួនបានចេញសារបែបនេះ គឺមានចេតនាពិតប្រាកដនៅក្នុងការបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងការរើសអើងពូជសាសន៍»
លោក ជា ច័ន្ទបរិបូរណ៍ បន្តថា «សំណេររបស់ខុមហ្រ្វែលនៅពេលនេះ មានចេតនាខ្មៅកខ្វក់នៅក្នុងការដុតបំផ្លាញ ក្នុងការដុតសង្គម ឆ្កឹះឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។ ឈប់បានឈប់ទៅអស់លោកធ្វើការឱ្យបរទេសមានលុយសម្រាប់រស់ខ្លួនឯង សប្បាយខ្លួនឯងក្លាយទៅជាដង្ខៅ NGO ទៅហើយ។ អ៊ីចឹងទេកុំបំផ្លាញសង្គមកម្ពុជាទាំងមូល ដែលប្រជាពលរដ្ឋត្រូវការជាចាំបាច់»
លោក ជា ច័ន្ទបរិបូរណ៍ បានទទួលស្គាល់ថា ការជន់លិចនេះមួយផ្នែកគឺបណ្តាលមកពីកត្តាកំណើនសំណង់អគារ និងកំណើនប្រជាពលរដ្ឋ។ តែបញ្ហាធំ គឺការធ្លាក់ភ្លៀងខ្លាំង រួមជាមួយការគ្រប់គ្រងសំរាមមិនបានល្អផង ធ្វើឱ្យទឹកហូររំដោះមិនទាន់។ មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកបង្ហាញថា មានប្រទេសជាច្រើននៅជុំវិញកម្ពុជា មានដូចជាថៃ វៀតណាម មីយ៉ាន់ម៉ា និងហ្វីលីពិនជាដើម សុទ្ធតែកំពុងរងគ្រោះពីការជន់លិចដូចគ្នា ដែលវាមិនមែនបណ្តាលមកពីគម្រោងអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវរបស់ចិននោះឡើយ។

សូមបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅក្នុងខេត្តព្រះសីហនុ កំពុងប្រឹងប្រែងយ៉ាងញាប់ដៃញាប់ជើងក្នុងការដោះស្រាយបញ្ហាជន់លិចនៅខេត្តព្រះសីហនុ និងជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព៕





លោកទេសរដ្ឋមន្ដ្រី គន់ គីម៖ កម្លាំងសង្គ្រោះបញ្ចេញទូកជាង៧០គ្រឿង ជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅរតនគិរី ទៅទួលសុវត្ថិភាព


(រតនគិរី)៖ ថ្លែងចេញពីខេត្តរតនគិរី ទីដែលកំពុងរងការជំនន់ទឹកភ្លៀង ធ្វើឲ្យលិចភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកលំផាត់ លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសង្គ្រោះបានបញ្ចេញទូកជាង៧០គ្រឿង ជម្លៀសប្រជាពលរដ្ឋរងគ្រោះទៅរកទីទួលសុវត្ថិភាព។
លោកទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «ឥលូវនេះទូកប្រមាណជា៧០គ្រឿង បានពង្រាយទៅតាមមូលដ្ឋានភូមិ និងឃុំ ដើម្បីធ្វើមិចជួយសង្គ្រោះជម្លៀសបងប្អូនប្រជាពលរដ្ឋមកទួលសុវត្ថិភាព»
បើតាមការឲ្យដឹងពីលោកទេសរដ្ឋមន្ដ្រី គន់ គីម បានឲ្យថារហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅឃុំចំនួន២ នៃស្រុកលំផាត់ ដែលរងផលប៉ះពាល់ផ្ទះសម្បែង ប្រមាណ១,០០០គ្រួសារ ត្រូវបានជម្លៀសបណ្ដើរៗទៅកាន់ទីទួលមានសុវត្ថិភាព។ លោកទេសរដ្ឋមន្ដ្រី សង្កត់ធ្ងន់ថា នៅតំបន់ខាងលើក៏បង្កលក្ខណៈងាយស្រួលម្យ៉ាងដែរ ដោយហេតុថា ទីទួលមានសុវត្ថិភាពមានច្រើនទីតាំង ដូច្នេះហើយសមត្ថកិច្ចមិនលំបាកក្នុងការស្វែងរកនោះទេ។
លោកទេសរដ្ឋមន្ដ្រី គន់ គីម ដែលកំពុងស្ថិតនៅតំបន់ប្រឈមខាងលើ បានអះអាងទៀតថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ចទាំងអស់ ចុះពិនិត្យមើលផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ ដោយផ្ទះខ្លះលិចដល់ដំបូល ហើយខ្លះទៀតលិចត្រឹមពាក់កណ្ដាល ខណៈអ្នកដែលត្រូវជម្លៀស ទៅរកកន្លែងសុវត្ថិភាពនោះ មានកុមារ ចាស់ជរា និងជនពិការជាដើម។
ដោយឡែក ផលដំណាំរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់វិញ ត្រូវបានលោកទេសរដ្ឋមន្ដ្រី គន់ គីម ឲ្យដឹងថា ស្រូវជាង១,០០០ហិចតា និងដំណំាគួបផ្សុំជាង២០០ហិកតា ត្រូវបានជន់លិច។ តែមិនទាន់អាចវាយតម្លៃថាការខូចខាតប៉ុន្មាននៅឡើយនោះទេ៕



















ក្រសួងបរិស្ថាន បង្កើតសហគមន៍ការពារតំបន់ធម្មជាតិ ដើម្បីឱ្យមានដៃគូសន្ទនាសហការជាមួយប្រជាសហគមន៍មូលដ្ឋាន

វេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ «ជីវភាពសហគមន៍រុងរឿងតាមរយៈការថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព» បានប្រារព្ធឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន អង្គការ សមាគម ដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍មកពីខេត្តនានាសរុបប្រមាណ ៥០០នាក់។
លោករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថាក្រសួងបរិស្ថានបានបង្កើតសហគមន៍ការពារតំបន់ធម្មជាតិដើម្បីបង្កើតឱ្យមានដៃគូសន្ទនារវាងក្រសួងបរិស្ថាន និងប្រជាសហគមន៍មូលដ្ឋានក្នុងកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ។ បច្ចុប្បន្ននេះ សហគមន៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន មានចំនួន ១៦៨ សហគមន៍តំបន់ការពារធម្មជាតិ។ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា យើងគួរងាកចេញពីគំនិតនៃការប្រើប្រាស់ធនធានធម្មជាតិដោយចាប់យកអ្វីដែលថ្មីមិនដាក់សម្ពាធលើធនធានធម្មជាតិ។
ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកស្ទួយជីវភាពសហគមន៍ដោយផ្តោតលើការងារសហគមន៍ បង្កើតតំបន់អេកូទេសចរណ៍ និងការអភិរក្សបេតិកភណ្ឌនៅក្នុងតំបន់ការពារធម្មជាតិ។
ដើម្បីគាំទ្រនិងជំរុញលើការអភិវឌ្ឍសហគមន៍ មូលដ្ឋាន លោករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីការធ្វើទំនើបកម្មស្ថាប័នក្រសួង ការបង្កើតស្ថាប័នអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានដើម្បីរៀបចំផែនការយុទ្ធសាស្ត្រនានា។
ក្នុងនោះបានបណ្តុះបណ្តាលជំនាញ ការបង្កើនធនធានមនុស្សក្នុងសហគមន៍តាមរយៈការជំរុញឱ្យកូនៗប្រជាសហគមន៍មូលដ្ឋានសិក្សាឱ្យបានចប់ថ្នាក់ទី១២ ហើយផ្តល់អាហារូបករណ៍ដល់កូនៗបងប្អូនប្រជាពលរដ្ឋក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យនានា ដើម្បីយកចំណេះដឹងជួយចូលរួមអភិវឌ្ឍសហគមន៍របស់ខ្លួន។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យបណ្តាញសហគមន៍ការពារធម្មជាតិសិក្សាពីគ្នាទៅវិញទៅ មកដើម្បីដកបទពិសោធន៍ពីសហគមន៍ដែលមានការរីកចម្រើន ព្រមទាំងចូលរួមក្នុងការស្វែងរកដំណោះស្រាយរួមគ្នាចំពោះបញ្ហាប្រឈមនានាដែលមាន។
ជាមួយគ្នានេះ លោក សាយ សំអាល់ បានថ្លែងថា ក្រសួងបរិស្ថានបានបង្កើតមូលនិធិបរិស្ថានដើម្បីគាំទ្រថវិកាលើការអនុវត្តផែនការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ លោក សាយ សំអាល់ បានអំពាវនាវដល់សហគមន៍នានាមិនត្រឹមតែសហគមន៍តំបន់ការពារធម្មជាតិក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថានទេ ប៉ុន្តែសហគមន៍នេសាទ និងសហគមន៍ព្រៃឈើក៏អាចស្នើសុំមូលនិធិពីក្រសួងបរិស្ថានដើម្បីប្រើប្រាស់សម្រាប់ការងារអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ។
លោកបានគូសបញ្ជាក់ថា ការពារធនធានធម្មជាតិព្រៃឈើបានគង់វង្ស បានផ្តល់មកវិញនូវផលប្រយោជន៍ជាច្រើនក្នុងនោះរាប់ទាំងគម្រោងលកកាបូនដែល ទទួលបានថវិកាដើម្បីប្រើប្រាស់លើការងារអភិរក្ស។ ចំពោះទីផ្សារកាបូនស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ៩,៥ លានដុល្លារពីការលក់ឥណទានកាបូនក្នុងគម្រោងសាកល្បងចំនួនពីរ (ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង) ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shall។
ថវិកាទាំងអស់នេះ បានយកទៅប្រើប្រាស់សម្រាប់ការពារព្រៃឈើ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ក្នុងតំបន់ការពារទាំងពីរ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រងនឹងអនុវត្តចាប់ពីឆ្នាំ២០២០។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត៕






កិច្ចប្រជុំពិភាក្សាស្វែងយល់អំពីទិសដៅជាយុទ្ធសាស្ត្រនៃវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងខេត្តក្រចេះ

ក្រចេះ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានទទួលជួបប្រជុំពិភាក្សាការងារ និងសិក្សាស្វែងយល់ សកម្មភាពការងារ និងបញ្ហាប្រឈម នានានៅក្នុងខេត្ត ជាមួយគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាដែលដឹកនាំដោយលោក ជា វ៉ាន់ដេត ប្រធានគណ:កម្មការ ផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាលតំណាងរាស្ត្រមណ្ឌលក្រចេះ តំណាងក្រសួងពាក់ព័ន្ធនានា គណ:អភិបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងថ្នាក់ដឹកនាំជំនាញនានាក្នុងរចនាសម្ព័ន្ធសាលាខេត្តចូលរួមផងដែរ។
បន្ទាប់ពីធ្វើការណែនាំសមាសភាពរវាងភាគីទាំង២រួចមក លោក វ៉ា ថនអភិបាលនៃគណ:អភិបាលខេត្តបានរាយការណ៍ជូនអង្គប្រជុំដោយបានរៀបរាប់ពី លក្ខណ:ភូមិសាស្រ្ត ប្រជាពលរដ្ឋ ការប្រកបរបរ អាជីវកម្ម វិនិយោគ កសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ។
លោក បានបន្តថា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងខេត្តឱ្យកាន់តែមានវឌ្ឍនភាពបន្ថែមទៀត រដ្ឋបាលខេត្តបានដាក់ចេញទឹសដៅជាយុទ្ធសាស្ត្រ ដោយយកចិត្តទុកដាក់លើសំខាន់ៗរួមមាន ពង្រឹងសុខសន្តិភាពឱ្យបានរឹងមាំ ពង្រឹងពង្រីកវិសាលភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងអរូបវ័ន្ត លើកកម្ពស់ប្រជាធិបតេយ្យ ការពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែន ទាកទាញវិនិយោគគិននិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សុខមាលភាពសង្គម និងវិបុលភាព ដើម្បីធានាបានសុខដុមនីយកម្មសង្គម។
នាឱកាសនោះ លោក ជា វ៉ាន់ដេត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភាបានសួនាំទៅកាន់ថ្នាក់ដឹកនាំនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនអំពីលទ្ធផលនិងដំណើរការនៃការងារ រួមទាំងបញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងខេត្តក្រចេះកន្លងមក ដើម្បីស្វែងរកដំណោះមួយល្អប្រសើរ និងយកបញ្ហាប្រឈមទាំងនោះផ្តល់ជូនរាជរដ្ឋាភិបាលមានដំណោះស្រាយ។
លោក បានបញ្ជាក់ផងដែរថា គណៈកម្មាការទី៣នៃរដ្ឋសភាមានភារកិច្ចទទួលខុសត្រូវលើការងារ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដូចនេះក្នុងនាមគណ:កម្មការទី៣នៃរដ្ឋសភាជាតិ និងនាំរាល់សំណូមពររបស់មន្ទីរជំនាញជួយអន្តរាគមន៍ធ្វើការសម្របសម្រួលដោះស្រាយរវាងថ្នាក់មូលដ្ឋានទៅថ្នាក់ជាតិដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយណាដែលអាចធ្វើទៅបាន។
នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋបាលខេត្តមានបញ្ហាប្រឈមដែល បានលើកឡើងនិងសំណូមពរដល់គណៈកម្មាការទី ៣ ជួយដោះស្រាយ រួមមានបញ្ហាការកង្វះខាតមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលជលផល បញ្ហាកង្វះសាលាបណ្តុះបណ្តាលផ្នែកកសិកម្មជូនប្រជាពលរដ្ឋ បញ្ហាធនធានមនុស្ស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមជនបទ បញ្ហាការគ្រប់គ្រងព្រៃឈើ បញ្ហាអាត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមានកម្រិតខ្ពស់ បញ្ហាទីផ្សារកសិកម្មនិងការស្វែងរកដៃគូវិនិយោគក្នុងខេត្ត៕




ប្រជាកសិករ ២៦០គ្រួសារ ទទួលបានអំណោយពូជន៍ដំណាំ ជី និងថ្នាំកសិកម្ម និងដំណាំផ្សេងៗទៀត

ប៉ៃលិន៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជពោត ស្រូវ ជី និងថ្នាំកសិកម្ម ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន ដល់ប្រជាពលរដ្ឋ ចំនួន ២៦០គ្រួសារ ដែលទទួលរងគ្រោះធម្មជាតិ លើផលិតកម្មកសិកម្ម នាដើមឆ្នាំ២០១៩នេះ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះអាកាសធាតុទូទាំងពិភពលោក មានការប្រែប្រួល និង បានបង្កអោយប៉ះពាល់ដល់ការងារកសិកម្មយ៉ាងធ្ងន់ធ្ងរ ជាក់ស្តែងនៅខេត្តប៉ៃលិនប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួលខ្លាំង ដូចជាអាកាសធាតុក្តៅខ្លាំង ភ្លៀងធ្លាក់មានចំនួនតិច ដែលបញ្ហានេះ បានធ្វើអោយផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋទទួលរងការខូចខាត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងត្រូវតែចេះសំរបខ្លួនទៅនឹងធម្មជាតិ និងត្រូវដាំដំណាំណាដែលត្រូវការទឹកតិច ឬប្រើប្រាស់ពូជន៍ដំណាំណាដែលធននឹងភាពរាំងស្ងួត និងធន់នឹងភាពជាំទឹក អាស្រ័យទៅនឹងស្ថានភាពដីរបស់ខ្លួន។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុក វិស័យកសិកម្មជាផ្នែកមួយយ៉ាងសំខាន់ដើម្បីស្តារឃឿនសេដ្ឋកិច្ចជាតិឱ្យបានរីកចំរើន ព្រោះថាប្រទេសយើងជាប្រទេសដែលមានសក្តានុពលលើផ្នែកកសិកម្ម ដោយប្រជាពលរដ្ឋជាង៨០ភាគរយ ជាកសិករប្រកបរបរកសិកម្ម ដូចនេះការឧបត្ថម្ភពូជន៍ពោត និងពូជន៍ស្រូវដល់កសិកររងគ្រោះនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់កសិករក្នុងការបង្កបង្កើនផលរដូវកាលថ្មីឱ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានណែនាំដល់ប្រជាកសិករយើងទាំងអស់ត្រូវចងក្រងគ្នាជាសហគមន៍កសិកម្ម ដែលយើងអាចដាំដុះដំណាំទៅតាមតម្រូវការទីផ្សារ និងតាមកិច្ចសន្យា ព្រមទាំងមានលទ្ធភាពចចារតំលៃជាមួយក្រុមហ៊ុន ធានាបាននូវតំលៃមួយសមរម្យ ដែលប្រជាពលរដ្ឋយើងអាចទទួលយកបាន ហើយយើងក៍មាននិរន្តរភាពលើទីផ្សារ លក់កសិផលរបស់យើងផងដែរ។
បើតាមការបញ្ជាក់របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានឱ្យដឹងថា ដើមឆ្នាំ២០១៩នេះ កសិករខេត្តប៉ៃលិន រងគ្រោះដោយគ្រោះធម្មជាតិ លើផលិតកម្មកសិកម្ម គឺដំណាំពោតក្រហម ខូចខាតចំនួន ៦៣៦០ហិចតា ស្មើនឹង ៩០% នៃផលិតកម្មពោតក្រហមសរុប ក្នុងខេត្តដែលមានចំនួន ៧០៦៧ហិចតា ដំណាំដំឡូងមី ខូចខាតចំនួន ៤២១១ហិចតា ស្មើនឹង ១០% ហើយពូជន៍ដំណាំ និងថ្នាំ ជីកសិកម្ម ដែលចែកជូនកសិករនាពេលនេះរួមមាន៖ ពូជន៍ពោតក្រហម ចំនួន ៣៦០០គីឡូក្រាម ពូជន៍ស្រូវចំនួន ១២០០គីឡូក្រាម ជីនិងថ្នាំកសិកម្ម ចំនួន ៦៦៥ដប និងថ្នាំកំចាត់ខ្យងចំនួន ១២០កញ្ចប់៕






អ្នកសារព័ត៌មានត្រូវមានសាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ មានសីលធម៌ល្អ ផ្សព្វផ្សាយព័ត៌មានការពិត និង រហ័សទាន់សភាពការណ៍

កំពង់ឆ្នាំង៖ លោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងជាទីប្រឹក្សាក្រសួងព័ត៌មានបានជំរុញបែបនេះក្នុងកម្មវិធីប្រកាសចូលកាន់តំណែងប្រធានការិយាលល័យទូរទស្សន៍និងសម្រួលភារកិច្ចជូនមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ មន្រ្តីរាជការចំណុះមន្ទីរព័ត៌មានសរុបចំនួន៤៥នាក់ផងដែរ។
លោក ម៉ម ឈឿមបានប្រសាសន៍បន្តថា លោកប្រធានការិយាល័យទូរទស្សន៍ទើបទទួលភារកិច្ចថ្មី ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា ការិយាល័យវិទ្យុនិង ការិយាល័យព័ត៌មានក្រុងស្រុក ត្រូវរៀបចំប្រព័ន្ធ អនឡាញ ពីព្រោះបច្ចុប្បន្ននេះ មានមនុស្សជាច្រើន មិនមានពេលគ្រប់គ្រាន់ក្នុងការតាមដានមើលកម្មវិធីទូរទស្សន៍ ឬព័ត៌មានទូរទសស្សន៍ទេ តែពួកគាត់អាចបើកមើលកម្មវិធី ឬ ព័ត៌មានទូរទស្សន៍នោះ តាមទូរស័ព្ទនាពេលក្រោយបាន នៅពេលដែលពួកគាត់ទំនេរពីការងារ។ ជាពិសេសការិយាល័យទូរទស្សន៍និងការិយាល័យវិទ្យុ ត្រូវបញ្ជូនព័ត៌មានទៅទូរទស្សន៍ជាតិនិងវិទ្យុជាតិអោយបានទាន់ពេលវេលា។
លោក ម៉ម ឈឿម បានបន្តទៀតថា ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើន ចំពោះមន្ត្រីរាជការពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និងមានតម្លាភាពចំពោះមន្ត្រីរាជការ ហើយត្រូវសហការគ្នាក្នុងជួរថ្នាក់ដឹកនាំមន្ទីរ ថ្នាក់នាំការិយាល័យដើម្បីឈានទៅសម្រេចបានផែនការសកម្មភាពហើយទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកក៏បានផ្តាំផ្ញើដល់ មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើការងារជំនាញរបស់ខ្លួន ត្រូវចេះសាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ មានសីលធម៌ល្អ ហើយធ្វើការផ្សព្វផ្សាយព័ត៌មាន តែការពិត រហ័សទាន់សភាពការណ៍ ព្រមទាំងយកព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយ។
សូមបញ្ជាក់ថា យោងតាមដីការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានសម្រេចប្រគល់ភារកិច្ចជូនលោក ង៉ែត ចន្ថា ជាប្រធានការិយាល័យទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលភារកិច្ចលោកទី សារៈពីអនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិកផែនការ គណនេយ្យមកជាអនុប្រធានការិយាល័យព័ត៌មាននិងសោតទស្សន៍,លោកកា ហានពីអនុប្រធានការិយាល័យព័ត៌មាននិងសោតទស្សន៍មកជាអនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិកផែនការ គណនេយ្យ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។
លោក ង៉ែត ចន្ថា ប្រធានការិយាល័យទូរទស្សន៍ថ្មី បានប្តេជ្ញានឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង អោយបានល្អនៅក្នុងមន្ទីរ ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា និង ចូលរួមជំរុញវិស័យព័ត៌មាន អោយកាន់ប្រសើរឡើង ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តក្រសួងព័ត៌មានប្រកបដោយប្រសិទ្ធភាព៕




ការពង្រឹងកិច្ចសហការរវាងអង្គការសង្គម និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា

កែប៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ លោក កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមដោយ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំសង្កាត់ មេភូមិទាំងអស់ក្នុងខេត្ត និងអង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ទូទាំងខេត្តកែប។
ក្នុងសុន្ទរកថាស្វាគមន៍ លោក កែន សត្ថា អភិបាលខេត្តកែប បានបញ្ចាក់ថា ការអភិវឌ្ឍប្រទេសក៏ដូចខេត្ត មិនអាចកាត់ផ្តាច់ពីវិស័យឯកជនដែរ ក្នុងនោះ មានអង្គការសង្គមស៊ីវិល ផងដែរ។ អត្រាភាពក្រីក្រក្នុងខេត្តកែប បានប្រែប្រួលយ៉ាងខ្លាំងពី ១៤,៣៧% នៅឆ្នាំ២០១៥ ចុះមកត្រឹម ៤,៤៣% នៅឆ្នាំ២០១៩ សមិទ្ធិផលដ៏ធំធេងនេះ ដែលខេត្តកែបសម្រចបានក្នុងរយ:ពេល៥ឆ្នាំចុងក្រោយនេះ គឺដោយមានការខិតខំរបស់ថ្នាក់ដឹកនាំខេត្ត មានការចង្អុលបង្ហាញពីប្រមុខរដ្ឋាភិបាល និងមានការចូលរួមពី អង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ផងដែរ ។
លោក ក៏បានបន្ថែមថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តកែប សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គការសង្គមស៊ីវិល សមាគមន៍ សហជីព និងសហគមន៍នានា ដែលមានបំណងធ្វើប្រតិបត្តិការ និងធ្វើការអភិវឌ្ឍនៅខេត្ត និងបានស្នើឲ្យអង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ទាំងអស់ ត្រូវបន្តគោរពច្បាប់សមាគមន៍ ដែលមានចែងក្នុងច្បាប់របស់កម្ពុជា និងធ្វើតាមការណែនាំសម្របសម្រួលរបស់អជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ បានបង្ហាញក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងបង្ហាញពីតួនាទីភារកិច្ចរបស់អង្គការសង្គមស៊ីវិលសមាគម សហជីព និងសហគមន៍ ដែលត្រូវចូលរួមអភិវឌ្ឍន៍ក្នុងគោលដៅណាមួយ តាមវិស័យដែលខ្លួនបានបំពេញ ។
លោក កូយ នុល មន្រ្តីសាខាពន្ធដាខេត្តកែប បានបង្ហាញ និងបញ្ជាក់ថាគ្រប់អង្គការសង្គមស៊ីវិលសមាគមន៍ សហជីព និងសហគម ត្រូវមានកាតព្វកិច្ចចុះបញ្ជី និងអនុវត្តភារកិច្ចពន្ធដាជាប្រចាំខែ និងប្រចាំឆ្នាំ ។
លោក ឆែក រដ្ឋ មន្រ្តីបណ្តុះបណ្តាលច្បាប់នៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានបង្ហាញពីបច្ចុប្បន្នភាពច្បាប់មួយចំនួន ដែលអង្គការសង្គមស៊ីវិលត្រូវអនុវត្ត ទាំងក្នុងពេលបង្កើត អំឡុងពេលប្រតិបត្តិការ។
លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចួលរួមសហការជាមួយអង្គការសង្គមស៊ីវិលឲ្យបានល្អ ដើម្បីបន្តសម្រេចបាននូវលទ្ធផលប្រសើរតាមគោលដៅទាំងអស់ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ហើយឯកឧត្តម ក៏បានអំពាវនាវឲ្យអង្គការ សមាគម សហជីព និងសហគមន៍ទាំងអស់ ត្រូវបន្តគោរពច្បាប់សមាគមន៍ និងច្បាប់របស់ប្រទេសកម្ពុជា ៕