Friday, August 09, 2019

អភិបាលរងខេត្តឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យ និងចាត់អទិភាពគម្រោងសកម្មភាពនៃកម្មពិធីវិនិយោគបីឆ្នារំកិល

ឧត្តរមានជ័យ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំពិនិត្យ និងចាត់អទិភាពគម្រោងសកម្មភាពនៃកម្មពិធីវិនិយោគបីឆ្នារំកិលឡើងវិញ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិ​បាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី តំណាងគណៈកម្មាធិការធានារបស់ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការងារកសាងផែនការខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការរដ្ឋបាលខេត្ត តំណាងក្រុមការងារកសាងផែនការក្រុង-ស្រុក សរុបប្រមាណ៧៦នាក់។ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅក្នុងសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។
ក្នុងនោះ លោក លឹម សុខតូ បានលើកឡើងថា កម្មវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត រៀបចំឡើង ដើម្បីបន្តបំលែងខ្លឹមសារនៃ ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់ខេត្ដ ឲ្យទៅជាសកម្មភាព នៃការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍នៅក្នុងខេត្ដ សម្រាប់រយៈពេលបីឆ្នាំ ហើយកំពុងតែធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ជាពិសេស វាបានឆ្លុះបញ្ចាំងពីគម្រោង ឬ សេវាជាអាទិភាពតាមបណ្ដាឆ្នាំនីមួយៗ ដែលស្របទៅនឹងក្របខណ្ឌចំណាយរយៈពេល ជាមធ្យម(៣ឆ្នាំ)របស់រដ្ឋបាលខេត្ដផងដែរ។
លោកអភិបាលរងខេត្ត បានបន្តថា ខ្លឹមសារសំខាន់ៗ នៃគម្រោងសកម្មភាពនៃកម្មពិធីវិនិយោគបីឆ្នារំកិលនេះ គឺជា យុទ្ធសាស្ដ្រនៃការតាមដាន និងវាយតម្លៃការអនុវត្ដកម្មវិធីវិនិយោគក៏ត្រូវបានបញ្ចូល ដោយមានការកំណត់អំពីអ្នកទទួលខុសត្រូវ និង អ្នកចូលរួមតាមដាន វាយតម្លៃវិធីសាស្ដ្រនានា និងការរៀបចំរបាយការណ៍ជាដើម។ តួយ៉ាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តនេះ គឺជាឯកសារព័ត៌មានជាមូលដ្ឋាន សម្រាប់ជួយឱ្យក្រុមប្រឹក្សាខេត្ដ ធ្វើការសម្រេចចិត្ដបានត្រឹមត្រូវក្នុងការប្រើប្រាស់ធនធាននៅតាមមូលដ្ឋាន ឲ្យមានសក្ដានុពល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច លើកកម្ពស់គុណភាពសេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តបានគ្រោងគម្រោង ចំនួន៨៩០ គម្រោង ដែលត្រូវប្រើប្រាស់ថវិកាចំនួន​៦៤៤.៥៨៩លានរៀល ត្រូវបានរដ្ឋបាលខេត្ត ដាក់ពង្រៀង ក្នុងកម្មពិធីវិនិយោគបីឆ្នាំរំកិលខេត្ត៕





No comments:

Post a Comment