Friday, April 25, 2014

សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ នៅ​សាធា​រណ​រដ្ឋ​បេឡា​រុស ថ្ងៃទី២៣-២៥ មេសា ២០១៤

បទ​អត្ថា​ធិប្បាយ៖ ​គួរ​បញ្ឈប់​ការ​​ធ្វើ​​អាជី​​វកម្ម​​លើ​សព​លោក ឈុត វុទ្ធី !

          ជា​ការ​ខុសឆ្គង​បំ​ផុត ដែលក្រុម​បក្ស​ប្រឆាំង និង​សង្គម​ស៊ី​វិល​មួយ​ចំ​នួន​ នៅ​តែបន្តចិញ្ចឹម​បញ្ហា​នៅ​ពី​ក្រោយ​ករណីស្លាប់​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី ដែល​បាន​ស្លាប់​កាលពី​២ឆ្នាំ​មុន​ នៅ​ស្រុក​មណ្ឌល​សី​មា​ ខេត្ត​កោះ​កុង ដោយ​សារ​ទំ​នាស់​ជា​មួយ​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ ឈ្មោះ អ៊ិន រតនា ដែលអ្នក​ទាំង​ពីរត្រូវ​បាន​គេដឹង​ថា មានអត្តចរិតឆេវ​ឆាវ​ដូចគ្នា​ ​ បាន​បណ្តា​ល​អោយ​បុរស​ទាំង​ពីរនាក់នេះ​​ស្លាប់​នៅ​ក្នុង​ព្រៃ​ ដោយ​សារជម្លោះ​ពាក្យ​សម្តីដ៏ខ្លាំង​ក្លា និង​ការមិន​យោគ​​យល់​អធ្យា​ស្រ័យគ្នា​។

            ជា​ការ​ពិត​ណាស់​ ឈុត វុទ្ធី ពិត​ជា​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ឈ្មោះ អ៊ិន រតនា ប្រាកដមែន​ ហើយ បុគ្គលិក​ម្នាក់​របស់​ក្រុម​ហ៊ុនធីម​ប៊ឺហ្គីន ឈ្មោះ រ៉ាន់ បូរ័ត្ន ពិត​ជា​បាន​ដណ្តើម​កាំ​ភ្លើង​ពី​ឈ្មោះ​ អ៊ិន​ រតនា ក្នុង​គោល​បំ​ណង​រាំង​ស្កាត់កុំ​ឱ្យ​បាញ់​បន្ថែម​ ហើយ​ក៏​បណ្តាល​ឱ្យ​រាល​កៃ​កាំ​ភ្លើង ផ្ទុះ​ត្រូវ​ឈ្មោះ អ៊ិន រតនា ស្លាប់​នៅ​នឹង​កន្លែង​ នេះ​បើ​តាម​លទ្ធផល​នៃ​ការស៊ើប​អង្កេតរបស់​គណៈកម្មការ​ចម្រុះដែល​បង្កើតឡើង​ដោយ​រាជ​រដ្ឋាភិបាល លើ​ករណី​ស្លាប់​នៅស្រុក​មណ្ឌល​សីមា ខេត្តកោះ​កុង កាលពី​ថ្ងៃ​ទី២៦ ខែ​មេសា​ ឆ្នាំ​២០១២ ​។

            គ្មាន​ហេតុផល​ណាមួយ​ដែល​គួរត្រូវ​បាន​គេទម្លាក់​ការ​ស្លាប់​នេះមក​លើ​រាជ​រដ្ឋាភិបាល​ ថា ជា​អ្នក​បង្ក​ឡើង​នោះ​ទេ សូម្បី​ទាំង​ការ​ចោទ​ប្រកាន់​ថា ការ​ស្លាប់​របស់​ ឈុត​ វុទ្ធី វាជា​ការគំ​រាម​កំ​ហែង​ទៅ​លើ​សកម្មជន​ការពារព្រៃ​ឈើ ពី​ព្រោះ​ហេតុ​ផល​នៃការ​ស្លាប់​នោះ​វា​ជា​ករណីនៃ​​ការ​ប្រឈម​មុខដាក់​គ្នា​ បណ្តាល​មក​ពី​ចិត្ត​ខ្លាំង​រៀង​ៗខ្លួន និង​វាជា​ជម្លោះ​បុគ្គល​ មិន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ការ​បញ្ជាពី​អ្នក​ណា​ម្នាក់​ឡើយ​។

            ​នៅ​លើ​សាកសពរបស់​លោក ឈុត វុទ្ធី មាន​សញ្ញាមួយ​ចំ​នួន​គួរ​ឱ្យ​កត់​សម្គាល់ ​ជាមួយ​នឹង​​សម្ភារៈ​ផ្សេងៗ ដែល​បង្ហាញ​ពី​ចរិតនៃ​បុគ្គល​រឹង​រូស ។ លោក ឈុត វុទ្ធី បាន​​​ចាក់​សាក់​ពាសពេញ​ខ្លួន​ កាលនៅ​រស់​ ហើយ​ត្រូវ​បាន​គេដឹង​ថា គាត់​ គឺ​ជា​ជន​​ដែល​មាន​​អត្តៈចរិត​កាចសាហាវ សម្តី​ច្រឡោង​ខាម​ និងនៅ​ជាប់​ខ្លួនមាន​ប្រើ​ប្រាស់​អាវុធ​ខ្លី​ធុន ប៉េអាម៉ាប់​១ដើម គ្រាប់​១៩​គ្រាប់​នៅ​ក្នុង​បង់។ ពិត​មែន​ហើយ​ថា ផ្នែក​ខ្លះ​នៃ​សកម្មភាព​របស់​គាត់​ជាអ្នក​ការពារ​ពី​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ ប៉ុន្តែ លោក​ក៏​ជា​ផ្នែក​មួយ​ដែល​បាន​ទទួល​ផល​ចំ​ណេញ​ជា​ច្រើន​ពី​ការងារ​នោះ ទាំង​លុយ​កាក់ និង​កេរ្តិ៍ឈ្មោះ​។  លោកឈុត វុទ្ធី ជា​ប្រធាន​អង្គការ​មួយ​ប៉ុណ្ណោះ​ តើហេតុ​អ្វីបាន​ជា​​គាត់​មាន​អាវុធនៅ​​ជាប់នឹង​​ខ្លួន​?

            មុន​នឹង​ឈាន​ដល់​ការ​ស្លាប់​របស់​ ឈុត វុទ្ធី និង​មន្ត្រី​ PM ឈ្មោះ អ៊ិន រតនា។ ករណី​នេះ កើត​ឡើង​ដោយសារ ឈុត វុទ្ធី បានលប​ចូល​ថតរូប​ ដោយ​គ្មាន​ការ​អនុញ្ញាតិ​ពី​ម្ចាស់​ទី​តាំង​ក្រុម​ហ៊ុន​មួយ​ ភ្លាម​ៗនោះ ឈ្មោះ រ៉ាន់ បូរ័ត្ន និង​ អ៊ុន ឆន បុគ្គលិក​ក្រុម​ហ៊ុននោះ​ បាន​ហាម​ឃាត់​ មិន​ព្រម​ស្តាប់​ និង​បាន​ទាម​ទារ​ដក​យក​ម៉េម៉ូរី​ក្នុង​ម៉ាស៊ីន​ថត ហើយ ឈុត​ វុទ្ធី​ មិន​ព្រម​ឱ្យ​ និង​ពុំ​ព្រម​សម្រប​សម្រួល រហូត​បង្ក​ទំ​នាស់​ រាល​ដាល​ដល់​ឈ្មោះ អ៊ិន រតនា ក៏​បាន​បង្ក​ការ​បាញ់​សម្លាប់​តែម្តង​។ ប៉ុន្តែ ឈ្មោះ អ៊ិន រតនា ក៏​បាន​ស្លាប់​ភ្លាម​ៗដែរនៅ​ពេលដែល​ឈ្មោះ​ រ៉ាន់ បូរ័ត្ន ហក់ចូល​ទៅ​ដណ្តើម​កាំ​ភ្លើង​ ហើយ​កាំ​ភ្លើង​នោះ​ក៏​បាន​រាល​កៃ​ត្រូវ​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង​។

ក្នុង​​ហេតុការ​ណ៍ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​មន្ត្រីកង​រាជ​​អាវុធ​ហត្ថម្នាក់​ កាល​ណោះ លោក ឈុត ​វុទ្ធី​ មាន​កាយ​វិកា​​កោង​កាច និង​ព្រហ៊ើន ស្រែក​គំ​រាម​គេ និង​ថា បើ​ហ្នែង​ចង់​បាញ់ បាញ់​មក..... មន្ត្រី PM ឈ្មោះ​ អ៊ិន រតនា ក៏​ជា​មនុស្ស​ឆេវ​ឆាវស្រាប់​ដែរនោះ​ ក៏​ស្ទុះទៅ​ក្បែររថយន្ត ​និង​យក​កាំ​ភ្លើង​បាញ់​ទម្លុះ​រថយន្ត​ បណ្តាលឱ្យ​ស្លាប់​ ឈុត វុទ្ធី ដែល​ស្ថិតនៅ​ក្នុង​រថយន្តនោះ​)។

            ដោយ​យោង​លើ​លទ្ធផលស៊ើប​អង្កេត​​​ដ៏​សុក្រិត​ និង​ដែល​ត្រូវ​បាន​បើក​កកាយ បញ្ជាក់​​បង្ហាញ​យ៉ាង​​ច្បាស់​លាស់ដោយ​សាក្សី​ឃើញ​ផ្ទាល់​ភ្នែកនៅនឹង​​កន្លែង​កើត​ហេតុ​ ជា​មួយ​នឹង​ការ​ប្រមូល​ចង​ក្រង​​ភ័ស្តុ​តាង​ និង​ចុះ​ស្រាវ​ជ្រាវ​ផ្ទាល់​ដោយ​ក្រុម​អ្នក​ជំ​នាញ និង​មាន​ការ​សហការ​ជា​មួយ​មន្ត្រី​តុលា​ការ​​ផង​នោះ​ រហូត​​មក​ដល់​ពេល​នេះ គឺគ្មាន​ភាព​មន្ទិល​ណា​មួយទៀត​ឡើយ​ជុំ​វិញ​ករណី​ស្លាប់​របស់​លោក ឈុត វុទ្ធី ហើយ​ជន​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ស្លាប់​នេះ ក៏បាន​ស្លាប់ និង​ម្នាក់​ទៀត​ក៏​បាន​ទទួល​ទោស​ព្រហ្ម​ទណ្ឌ​រួច​ហើយ​ដែរ ពី​បទ​មនុស្ស​ឃាដដោយ​អចេត​នា គឺលោក រ៉ាន់ បូរ័ត្ន​ ។
            ខ្ញុំ​សូម​ការ​អនុញ្ញាតិ​លើក​យក​បញ្ហា​នេះ មកបង្ហាញ​ជា​ថ្មីដោយសារតែ​ក្រុម​បក្ស​ប្រឆាំង សកម្ម​ជន​អ្នក​គាំ​ទ្រលោក ឈុត វុទ្ធី​ មួយ​ចំ​នួន​ និង​អង្គការសង្គម​ស៊ី​វិល​ខ្លះ​ មិន​ព្រម​ទទួល​យក​ការ​ពិត​ ហើយ​ខំ​ប្រឹង​ពង្រីក​បន្ថែម​ ដោយ​ការ​បំ​ភ្លៃ​ហេតុ​ការ​ណ៍ដើម្បីបំ​រើ​ផល​​ប្រយោជន៍បក្ខពួក​ និង​ក្រុម​របស់​ខ្លួន។

            ក្នុង​ករណី​ស្លាប់​របស់លោក ​ឈុត វុទ្ធី មិន​មាន​អង្គការ​សិទ្ធិ​មនុស្ស​ណា​មួយ​ចេញ​មុខមក​អះ​អាង​ថា ខ្លួន​មាន​ភ័ស្តុតាង​យ៉ាង​នេះ ឬ​យ៉ាង​នោះ​ ដាក់​ជូន​តុលាការ​ ដើម្បី​បញ្ជាក់​ពី​ការ​ស្លាប់​នោះ​ ដូច​អ្វី​ដែល​ពួក​គេបាន​មួល​បង្កាច់​មក​លើ​រាជ​រដ្ឋាភិបាល​នោះ​ឡើយ​។

សកម្មភាព​នៃ​ការ​ធ្វើ​អាជី​វកម្ម​របស់​ពួក​គេ បាន​ឆក់យក​សាកសពស្ទើរតែ​គ្រប់​ករណី​ទាំង​អស់​ និង​​បិទ​បាំង​ការ​ពិត​ ផ្លុំ​បំ​ប៉ោង​ និង​ជួយ​ផ្សព្វ​ផ្សាយ​បន្ទរដោយ​បណ្តាញ​ឃោសនាដែល​គ្មាន​វិជ្ជាជីវៈ ក្នុង​នោះ​ មាន​វិទ្យុ​អាស៊ី​សេរី​ ក៏​បាន​ក្លាយ​ជា​ឧបករណ៍​បំ​ពង​សំ​ឡេង​លើ​ករណី​នេះ​ផង​ដែរ។

ការ​ផ្សព្វ​ផ្សាយ​ក្នុងករណី​ស្លាប់​ ដោយ​គ្រាន់​តែ​បំ​រើ​នយោបាយ​ប្រឆាំង និង​ការ​សម្អុយ​កេរ្តិ៍​ឈ្មោះ​រាជ​រដ្ឋាភិបាល​ ត្រូវ​បាន​អ្នក​ឆ្លើយ​ឆ្លង​វិទ្យុ​អាស៊ី​សេរី​មួយ​ចំ​នួន​ប្រចាំនៅ​កម្ពុជា​ និង​នៅ​ឯវ៉ាស៊ីន​តោន​ឌី​ស៊ី​ សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​ការ​សហការយ៉ាង​ស្អិត​រមួត​​ក្នុង​ការ​តាក់​តែង​ជា​សាច់​រឿង​ដ៏​វែង​អន្លាយ និង​ពោរ​ពេញទៅ​​​ដោយ​ទេពកោសលក្នុង​ការ​ច្នៃ​ប្រឌិត ពី​ហេតុ​ការ​ណ៍ពិត​ឱ្យ​ទៅ​ជា​មិន​ពិត និង​ប្រែ​ពី​រឿង​មិន​ពិត​ ផ្សែផ្សំ​បន្លំ​គេឯង ឱ្យ​ស្តាប់​ទៅ​ហាក់​ដូច​ជា​ពិត​មែន​ទែន​។ ពួក​គេបង្កើត​សាច់​រឿង​នេះ​ឡើង គឺ​ដើម្បី​សម្អុយ អំ​ពី​កម្ពុជា ជារៀង​រាល់ពេល​វេលា និង​ស្ទើរតែ​គ្រប់​រដូវ​កាល​ ​ដើម្បីអ្វី​មួយ​ដែលពួក​គេ​​ទទួល​បាន​ប្រាក់​ខែ​នៃ​ការងារ​របស់​ខ្លួន ​ហើយ​​លុយ​ទាំងអស់​​នោះ​ផ្តល់​ឱ្យ​ដោយ​​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។

ពិត​មែន​ហើយ​ថា ក្រុម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ទទួល​ប្រាក់​ខែពី​អាមេរិក ប៉ុន្តែ ពួក​គេមិន​ត្រូវ​ធ្វើ​អ្វី​ៗគ្រប់​យ៉ាង​ ដើម្បី​តែប្រាក់​ខែ និង​ភាព​ល្អ​មើល  បើ​ទោះ​ជា​ប្រទេសជាតិ​ត្រូវ​វឹក​វរ ចលាចល​ដោយ​ឥទ្ធិពល​នៃ​ព័ត៌មាន​ពីសរបស់​ពួក​គេនោះ​ទេ ពួកគេអាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់​នៅ​ថ្ងៃ​ណា​មួយ ដើម្បី​បកស្បែកព្រមាន​ ជាការ​ឆ្លើយ​តប​ទៅនឹង​​ភាព​ទុច្ចរិត​របស់​ខ្លួន​ ដែល​មិន​គោរព​ក្រម​វិជ្ជា​ជី​វៈ​សារ​ព័ត៌មាន​។

ដូចគ្នា​នេះដែរ ក្រុម​អ្នក​នយោបាយ​ប្រឆាំង គួរបញ្ឈប់​ទៅ​នូវ​វប្បធម៌​ធ្វើ​អាជីវកម្មលើ​សាកសព ។ ទង្វើ​បែប​នោះ វា​គ្មាន​តម្លៃ​ណា​មួយ​ដែល​អ្នក​នយោបាយ​សុចរិត​ត្រូវ​ប្រកាន់​យក​ ដោយ​ពុំ​ផ្អែក​លើ​ហេតុ​ការណ៍​ពិតនោះ​ទេ។  ភាព​ថ្លៃ​ថ្នូរ កិត្តិយស កេរ្តិ៍​ឈ្មោះ​របស់​បុគ្គលដែល​គោរព​ច្បាប់ និង​ស្រឡាញ់​ប្រជា​ពល​រដ្ឋ​ដោយ​ស្មោះ​ស្ម័គ្រ ហើយ​ពិត​ជា​គិត​គូរឧត្តម​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ គេមិន​យក​ល្បែង​ភូត​កុហក ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ បំ​ពុល​សាធារណមតិនោះ​ទេ។

សំ​ណុំ​រឿងករណី​ស្លាប់របស់​ ឈុត វុទ្ធី និង​មន្ត្រី​ PM  អ៊ិន រតនា ​ត្រូវ​បាន​បិទ​បញ្ចប់ហើយ​ ដោយ​មូល​ហេតុ​ គឺជន​បង្ក​បញ្ហា​ទាំង​ពីរនាក់​បានស្លាប់​ទៅ​ជា​មួយ​គ្នា​ ដោយ​សារជម្លោះ​បុគ្គល​ទាស់​ទែង​គ្នា​។

 ដូច្នេះ គ្មាន​ហេតុ​ផល​អ្វី​ដែល​ថា ឃាតករ​ដែល​បាន​បាញ់​សម្លាប់​ លោក ឈុត វុទ្ធី នៅមិន​ទាន់​ត្រូវ​បាន​វែក​​មុខរក​ឃើញ​នោះ​ទេ។ យ៉ាង​ណា​មិញ​ កាជួប​ជុំ​របស់​ក្រុម​សកម្ម​ជន​ព្រៃ​ឈើមួយ​ចំ​នួន​នៅ​ទីកន្លែ​ង​​ស្លាប់​របស់​លោក ឈុត វុទ្ធី នៅ​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ​២០១៤នេះ វានឹង​​មិន​មាន​ប្រយោជន៍​អ្វី​សម្រាប់​យុត្តិធម៌​ក្នុង​ករណី​ស្លាប់​នោះ​ទៀត​ឡើយ ដោយ​សារហេតុផលជុំ​វិញ​ការស្លាប់​នោះត្រូវ​បាន​លាត​ត្រដាង​ចប់​សព្វ​​​គ្រប់​អស់​ហើយ រួម​ជា​មួយ​នឹង​ចំ​ណាត់​ការ​របស់​តុលាការត្រឹម​ត្រូវ​តាម​​នីតិ​វិធី​ផ្លូវ​ច្បាប់​​នា​ពេល​កន្ល​ង​មក​ផង​ដែរ។

ហេតុ​នេះ សូមអ្នក​នយោ​បាយ​​ប្រឆាំង និង​សង្គម​ស៊ី​វិល​មួយ​ចំ​នួន​ គួរគិត​ពិចារណាឡើង​វិញ​ និង​អាច​និយាយបាន​ថា គួរល្មម​ដល់​ពេល​ឈប់​បង្ក​ទំ​នាស់​ និងការ​​បែក​បាក់​សង្គមជាតិ​  និង​ក៏​ល្មម​ដល់​ពេល​បិទ​បញ្ចប់​ទំ​ព័រភូត​កុហករបស់​ខ្លួន ហើយ​ងាក​មក​ទទួល​យក​នូវ​ការ​ពិត​ផង ដើម្បី​ភាព​រីក​ចំ​រើន និង​អភិវឌ្ឍ​នៃ​សង្គម​ជាតិ។ ឈុត វុទ្ធី គួរបាន​ទៅ​ចាប់​ជាតិ​កំ​ណើត​ថ្មី​នៅ​សុគតិភព។ ​​វិញ្ញាណ​របស់​គាត់ មិន​មែន​ស្ថិត​នៅសម្រាប់​ធ្វើ​ជា​ខ្ញុំ​កញ្ជះរបស់​អ្នក​នយោបាយ​បោក​ប្រាស់បង្ក​ដោយ​ក្រុម​​គណបក្ស​ប្រឆាំង និង​បក្ខពួកដែល​កំ​ពុង​តែ​កេង​ចំ​ណេញ​​នោះ​ទេ

អត្ថបទ៖ សុខ សំ​ណាង​
(​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​)

សេចក្តី​ប្រកាស​រួម រវាង​សម្តេច​តេជោ នាយក​រដ្ខមន្រ្តី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា និង នាយក​រដ្ឋមន្ត្រី នៃ​សាធា​រណ​រដ្ឋ​បេឡារុស






Joint Communique of Samdech Techo Prime Minster of the Kingdom of Cambodia and Prime Minister of the Republic of Belarus