Tuesday, December 27, 2016

អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័ន KOCHEF របស់សាធារណរដ្ឋកូរ៉េ ជួសជុលក្រុមប្រាសាទព្រះពិធូរ

អាជ្ញាធរជាតិអប្សរាបានចាប់ដៃគូជាមួយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីជួសជុលស្តារឡើងវិញនូវក្រុមប្រាសាទព្រះពិធូរ ដែលស្ថិតនៅទល់មុខព្រះលានជល់ដំរី។ គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់ជំហានដំបូងនៅឆ្នាំ២០១៨ខាងមុខ។
លោក ផាក ដុងហ៊ី (Park Dong hee) មន្ត្រីសម្របសម្រួលនៃគម្រោងនេះ បញ្ជាក់ថា គម្រោងអភិរក្សជួសជុលប្រាសាទព្រះពិធូរមានការងារ៣ធំដែលត្រូវធ្វើគឺ៖ ការងារបណ្តុះបណ្តាលធនធានមនុស្ស, ការងារស្រាវជ្រាវចងក្រងឯកសារ និងការងារអភិរក្សជួសជុលស្តារឡើងវិញ។ សព្វថ្ងៃគម្រោងកំពុងដំណើរការលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវចងក្រងឯកសារ ចំណែកការជួសជុលស្តារឡើងវិញ នឹងចាប់ផ្តើមបន្ទាប់ពីបញ្ចប់ការសិក្សាស្រាវជ្រាវហើយ។
មន្ត្រីសម្របសម្រួលគម្រោងរូបនេះបន្ថែមថា យោងតាមអនុសាសន៍របស់គណៈកម្មាធិការ ICC-Angkor បានតម្រូវឲ្យក្រុមការងាររបស់លោក ធ្វើការអភិរក្សជួសជុលទៅលើ៣ចំណុច នៃក្រុមប្រាសាទព្រះពិធូរគឺ៖ ការជួសជុលលើផ្នែកតូចៗជុំវិញប្រាសាទ, ការសិក្សាទូទៅអំពីទិដ្ឋភាពជុំវិញប្រាសាទ និងការជួសជុលស្តារឡើងវិញនូវកសិន្ធុជុំវិញប្រាសាទ។ រហូតមកទល់នឹងពេលនេះ យើងបានសិក្សាចងក្រងជាឯកសារបានច្រើនហើយ។ នៅរវាងខែមីនា និងមេសា ឆ្នាំ២០១៧ខាងមុខនេះ ក្រុមការងារនឹងធ្វើសិក្ខាសាលាមួយ ដើម្បីបង្ហាញអំពីផែនការពិស្តារនៃគម្រោង ហើយស្តាប់យោបល់របស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញផ្សេងៗដែលកំពុងអនុវត្តការងារជួសជុលនៅក្នុងរមណីយដ្ឋានអង្គរ។ ជាជំហានដំបូងយើងនឹងធ្វើការអភិរក្ស ជួសជុលទៅលើរានហាលនៃប្រាសាទកោរជុកតែមួយប៉ុណ្ណោះ។
លោក ដុង ហ៊ី បន្ថែមថា ដើម្បីផ្តល់ជូនព័ត៌មានបន្ថែមដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ គម្រោងនេះបានសាងសង់អាគារពិព័រណ៍មួយ នៅខាងមុខប្រាសាទកោរសក់ (ប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទព្រះពិធូរទាំង៥)។ អាគារពិព័រណ៍នេះ នឹងបង្ហាញអំពីទិដ្ឋភាពទូទៅ នៃគម្រោងផែនការសកម្មភាពទូទៅ រួមនឹងប្រវត្តិសាស្ត្រនៃប្រាសាទជាដើម ហើយគ្រោងបើកជូនទស្សនាជាផ្លូវការនៅចុងខែមករាឆ្នាំ២០១៧ខាងមុខ។
លោក ស្រ៊ុន តិច មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបញ្ជាក់ថា ប្រវត្តិទូទៅនៃប្រាសាទព្រះពិធូរមានលក្ខណៈស្មុគ្រស្មាញច្រើន ដោយសារមិនទាន់មានឯកសារផ្លូវការណាមួយចងក្រងច្បាស់លាស់នៅឡើយ។ ការស្រាវជ្រាវរបស់ប្រទេសបារាំងបានដាក់ឈ្មោះប្រាសាទទាំង៥នេះ ជាតំណាងដោយអក្សរ T U X Z Y។ លោកបញ្ជាក់ថា គេមិនទាន់ដឹងថាមូលហេតុអ្វីទើបបារាំងដាក់ឈ្មោះប្រាសាទទាំង៥នេះដូច្នេះឡើយ តែតាមពិតប្រាសាទនេះ មានឈ្មោះរបស់ខ្លួនតាមដែលអ្នកស្រុកធ្លាប់ហៅមកហើយ គឺ ប្រាសាទកោរសក់ ប្រាសាទជម ប្រាសាទតាទួត ប្រាសាទដូនមារ និងប្រាសាទកណ្តក់យក្ស។ តាមការសន្និដ្ឋានរបស់លោក ប្រាសាទទាំង៥នេះ អាចនឹងសាងសង់ឡើងក្នុងសម័យកាលផ្សេងគ្នាទៀតផង។ អ្នកបុរាណវិទ្យារូបនេះជឿជាក់ថា ក្រោយការស្រាវជ្រាវចងក្រងឯកសារដើម្បីធ្វើការអភិរក្សជួសជុលឡើងវិញ របស់ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជាហើយ គេនឹងទទួលបានទិន្នន័យ និងកម្រងប្រវត្តិសាស្ត្រជាក់ច្បាស់ជាមិនខាន៕




នាយឧត្តមសេនីយ៍ សៅ សុខា ចាត់វិធានការតាមចាប់មេក្លោង នាំឈើ និងម្ចាស់អាជីវកម្មរ៉ែខុសច្បាប់មកផ្តន្ទាទោស

(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំរៀបចំផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំឈើខុសច្បាប់ ម្ចាស់អាជីវកម្មរ៉ុករករ៉ែរ៉ែខុសច្បាស់ ព្រមទាំងចាត់វិធានការតាមចាប់មេក្លោង យកមកផ្តន្ទាទោសតាមច្បាប់ ឱ្យខាងតែបាន។
កិច្ចប្រជុំលើកដំបូងនេះ ធ្វើឡើងក្រោមប្រធានបទស្តីពី «ការអនុវត្តភារកិច្ចរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ» ដោយមានការចូលរួមពី អនុប្រធាន និងសមាជិកនៃគណៈកម្មការជាតិ ឧត្តមសេនីយ៍ នាយទាហានជាច្រើនរូប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីរៀបចំផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការនាំឈើខុសច្បាប់ បទល្មើសព្រៃឈើនានា ការរុករករ៉ែខុសច្បាស់ និងការពារឱ្យបាននូវធនធានធម្មជាតិ ព្រមទាំងចាប់ជនប្រព្រឹត្តបទល្មើស មេក្លោងយកមកផ្តន្ទាទោសតាមច្បាប់។
ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាយ៉ាងម៉ត់ចត់ ដោយរៀបចំយន្តការការងារធានាមធ្យោបាយ និងការទទួលខុសត្រូវខ្ពស់តាមតួនាទី ភារកិច្ចរបស់ខ្លួន៕


ក្រសួងបរិស្ថានប្រជុំ ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម សម្រាប់គម្រោងបង្កើតរោងចក្រផលិតស្ករគ្រាប់

ភ្នំពេញ៖ នៅទីស្ដីការក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ មានបើកកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងបង្កើតរោងចក្រផលិតស្ករគ្រាប់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន APRATI FOODS (CAMBODIA) Ltd ហើយសម្រាប់ការសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម គឺធ្វើឡើងដោយក្រុមហ៊ុនទីប្រឹក្សា SUSTINAT GREEN CO., LTD។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (ស.វ.ហ.ស្ថ) សម្រាប់វិស័យឧស្សាហកម្ម និងមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិក ស.វ.ហ.ស្ថ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធររាជធានីភ្នំពេញ, មន្ទីរបរិស្ថានរាជធានីភ្នំពេញ, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ដែលជាលេខាធិការដ្ឋាន ស.វ.ហ.ស្ថ, តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា។
គោលបំណងនៃកិច្ចប្រជុំនេះ បានតម្រូវឱ្យក្រុមហ៊ុនម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗជាអាទិភាពមួយចំនួនដូចជា៖ (១). ការបំពុលខ្យល់ ដែលកើតមានឡើងពីការប្រើប្រាស់ម៉ាស៊ីនភ្លើង (ម៉ាស៊ីនបម្រុងចំនួន ០២គ្រឿង), (២). ការគ្រប់គ្រងសំឡេង និងរំញ័រ, (៣). ការគ្រប់គ្រងសំណល់រឹង ជាពិសេសសំណល់ថង់ប្លាស្ទិក ដែលតម្រូវឱ្យម្ចាស់គម្រោងអប់រំ និងណែនាំដល់កម្មករក្នុងការទុកដាក់សំរាម និងសំណល់ថង់ប្លាស្ទិក, (៤). សំណល់រាវដែលត្រូវធ្វើប្រព្រឹត្តកម្មជាមុនសិន មុននឹងបង្ហូរទៅក្នុងប្រព័ន្ធអាងប្រព្រឹត្តកម្មសំណល់រាវរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, (៥). ការគ្រប់គ្រងសុខភាព និងសុវត្ថិភាពរបស់កម្មករ (ភាពហប់ក្តៅនៅកន្លែងផលិតស្ករគ្រាប់) នៅពេលបំពេញការងារ ដោយផ្តល់ឧបករណ៍ការពារ ព្រមទាំងពិនិត្យសុខភាពរបស់កម្មករជាប្រចាំ និងសុវត្ថិភាពចំណីអាហារ និង (៦). ការគ្រប់គ្រងបញ្ហាចរាចរណ៍ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនសម្ភារៈ និងផលិតផលចេញ-ចូលរោងចក្រ៕



លោក សាយ ឈុំ រម្លឹកអាជ្ញាធរមូលដ្ឋានទាំងអស់ឱ្យយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីបន្តអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើន

កំពង់ស្ពឺ៖ ប្រធានព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសជួបប្រជុំជាមួយគណៈអភិបាលក្រុងច្បារមន និងចៅសង្កាត់ទាំង៥ ចំណុះក្រុង នៃខេត្តកំពង់ស្ពឺ ដើម្បីស្តាប់របាយការណ៍ស្តីពីសភាពការណ៍ទូទៅរបស់ក្រុង និងសង្កាត់នីមួយៗចំណុះក្រុងច្បារមន និងរបាយការណ៍ស្តីពីការចុះឈ្មោះបោះឆ្នោត លោក សាយ ឈុំ បានធ្វើការរម្លឹកឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ដល់ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីបន្តអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែរីកចំរើន និងដើម្បីធានាឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព គ្មានអំពើហិង្សា មានលក្ខណៈសេរី និងយុត្តធម៌ ដែលទាំងអស់គ្នាទទួលយកបាន។
នៅក្នុងកិច្ចប្រជុំនោះ លោកស្រីអភិបាលក្រុងច្បារមន និងអស់លោកជាចៅសង្កាត់ទាំង៥ បានឱ្យដឹងថា៖ ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម មានលក្ខណៈល្អប្រសើរជាទូទៅ។ ការងារសេដ្ឋកិច្ច សង្គមកិច្ច លើកំពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីរបស់ប្រជាជន បានដំណើរការស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងទទួលបានលទ្ធផល ជាផ្លែផ្កា។ ជាមួយគ្នានេះ ភ្លៀងចុងឆ្នាំបណ្តាលឱ្យមានការលិចលង់ភូមិសាស្រ្តមួយចំនួនក្នុងក្រុង ធ្វើឱ្យខូចខាតផ្លូវ និងផលស្រូវមួយចំនួនរបស់ប្រជជន។ បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងស្តារផ្លូវដែលខូចខាតនោះឡើងវិញ។ ទាក់ទងដល់ការចុះឈ្មោះបោះឆ្នោតប្រជាជនដែល ដល់អាយុបោះឆ្នោតក្នុងក្រុងច្បារមនទាំងមូល បានទៅចុះឈ្មោះចំនួនជាង ៩១% រួចហើយ។
លោកប្រធានព្រឹទ្ធសភា បានអបអរសាទរចំពោះលទ្ធផលការងារដែលអាជ្ញាធរក្រុង និងមូលដ្ឋានសម្រេចបាន។ លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានខិតខំបន្ថែមទៀត ដើម្បីសម្រេចលទ្ធផលធំៗថ្មីៗ ដើម្បីជាគុណប្រយោជន៍ដល់ការកសាងអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕



អាជ្ញាធរជាតិអប្សរាបន្តកិច្ចសហការ លើការងាររៀបចំអង្គរសង្រ្កាន្តសម្រាប់ឆ្នាំ២០១៧

កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដឹកនាំដោយលោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានចូលរួមកិច្ចប្រជុំនៅអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្តលើកទី៤ ឆ្នាំ២០១៧។
ក្នុងជំនួបដែលធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា លោក សុខ សប្បាយណា បានសម្តែងអារម្មណ៍សប្បាយរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរជាតិអប្សរា ដែលតែងតែសហការក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលកន្លងមក។ លោកបន្តថា ការចូលរួមនេះ គឺបង្ហាញឲ្យឃើញពីការលះបង់ដើម្បីវិស័យវប្បធម៌ជាតិទាំងមូល។
ក្រៅពីនេះ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបង្ហាញពីវីដេអូខ្លី ជុំវិញព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលកន្លងមក ក៏ដូចជាកម្មវិធីមួយចំនួន ដែលគ្រោងធ្វើនៅឆ្នាំ២០១៧ខាងមុខ។ ក្នុងនោះ បើតាមការបញ្ជាក់របស់លោក សុខ សប្បាយណា មានកម្មវិធីខ្លះនៅរក្សាដដែល ខ្លះកែសម្រួល និងខ្លះទៀត ពុំមានក្នុងកម្មវិធីឆ្នាំនេះទេ។
លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធសំដៅធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តទទួលបានជោគជ័យ។ ដោយឡែកព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលគ្រោងរៀបចំក្នុងឆ្នាំ២០១៧ខាងមុខនេះ អាជ្ញាធរជាតិអប្សរា ក៏បានត្រៀមរៀបចំក្រុមការងារមួយចំនួនផងដែរ ដើម្បីសហការជាមួយក្រុមការងារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនោះរួមមានក្រុមការងារភូមិខ្ញុំ ក្រុមអភិរក្សដ្ឋាន និងក្រុមប្រតិបត្តិសម្រាប់ទំនាក់ទំនងការងារទូទៅ។
លោក សុខ សង្វារ បានបន្ថែមទៀតថា ក្រៅពីកិច្ចសហការខាងលើ អាជ្ញាធរជាតិអប្សរាក៏បានបង្កើនសកម្មភាពការងារដើម្បីសម្អាតបរិស្ថាន កាត់ក្រីមែកឈើ រៀបចំផ្តល់ព័ត៌មានទីតាំងហានិភ័យប្រាសាទ ក៏ដូចជាផ្តល់ទឹកពិសារដោយឥតគិតថ្លៃ ដែលកាលពីឆ្នាំទៅទទួលបានការគាំទ្រពីមហាជនទូទៅយ៉ាងខ្លាំង។
គួររម្លឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីលើកទីមួយឆ្នាំ២០១៣ ព្រឹត្តិការណ៍នេះទាក់ទាញភ្ញៀវទេសចរ ១៧ម៉ឺននាក់, លើកទីពីរ ឆ្នាំ២០១៤ ចំនួន ៣៨ម៉ឺននាក់, លើកទីបី ឆ្នាំ២០១៥ មានចំនួន ៩៧ម៉ឺននាក់ និងលើកទីបួន ឆ្នាំ២០១៦ គឺកើនឡើងដល់ទៅ ១,៣លាននាក់ ហើយគេរំពឹងថា នៅឆ្នាំ២០១៧នេះ ចំនួននេះនឹងបន្តកើនឡើងទៀត៕



គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន

ភ្នំពេញ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
អង្គប្រជុំនេះបានពិភាក្សាយ៉ាងម៉ត់ចត់ ដោយរៀបចំយន្តការ ការងារធានាមធ្យោបាយ និងការទទួលខុសត្រូវខ្ពស់ តាមតួនាទីភារៈកិច្ចរបស់ខ្លួន។
គួររំលឹកថា កាលពីថ្ងៃទី៧ ខែធ្នូ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងន័យរៀបចំផែនការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ការនាំឈើខុសច្បាប់ បទល្មើសព្រៃឈើនានា ការរុករករ៉ែខុសច្បាស់ និងការពារឲ្យបាននូវធនធានធម្មជាតិ ព្រមទាំងចាប់ជនប្រព្រឹត្តបទល្មើស និងមេក្លោងមកផ្តន្ទាទោសតាមច្បាប់៕

កម្ពុជាទទួលបានមេដាយសរុប២១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នេរខ្សាច់ហ្គេមលើកទី៥

នៅទីស្តីការក្រសួងអប់រំ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលស្គាល់ និងផ្ដល់ប្រាក់រង្វាន់ជ័យលាភី ក្នុងការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ហ្គេមលើកទី៥ ដែលបានប្រព្រឹត្តទៅ ទីក្រុងដាណាង ប្រទេសវៀតណាម ។
ការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ហ្គេមលើកទី៥នេះ ប្រទេសកម្ពុជា គឺបានទទួលមេដាយសរុបចំនួន២១គ្រឿង ក្នុងនោះមាន៖ មាស ៦គ្រឿង, ប្រាក់៦គ្រឿង និងសំរឹទ្ធ៩គ្រឿង ដោយសរុបជាទឹកប្រាក់រង្វាន់សម្រាប់ផ្ដល់ជូនអត្តពលិកមានចំនួន ១,៣៧២,០០០,០០០រៀល ៕


កងរាជអាវុធហត្ថខេត្តកោះកុង ប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្ត

កោះកុង៖ ដោយអនុវត្តន៍តាមការណែនាំ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២១០៦នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត សរុបចំនួន១៩៨នាក់។
លោកឧត្តមសេនីយ៏ត្រី បានលើកឡើងពីសភាពការណ៍ជាតិ អន្តរជាតិ និងបញ្ជាក់ពីទោសបញ្ញាត្តិ និងការដាក់វិធានការមួយចំនួនពាក់ព័ន្ធក្នុងការអនុវត្ត តួនាទី ភារកិច្ចឱ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់៕


តុលាការប្រកាសសាលក្រមរឿង លោក សម រង្ស៊ី និងជំនួយការ​ពាក់ព័ន្ធ​ករណី​ក្លែងឯកសារ​ព្រំដែន​

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងជំនួយការរបស់លោក២នាក់ទៀត ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម ជាមួយលោក ហុង សុខហួរ។
ការប្រកាសសាលក្រមនេះ នឹងធ្វើឡើងដោយ លោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសំណុំរឿងនេះនៅសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទ ក្នុងករណីនេះមានលោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការ ចោទប្រកាន់ ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា សំណុំរឿងនេះ គឺត្រូវបានបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ ចំពោះសំណុំរឿងនេះ លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕


លោក សម រង្ស៊ី និងជំនួយការ២នាក់ទៀត ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគាក្នុងម្នាក់ៗចំនួន៥ឆ្នាំ ពីបទ​ក្លែងឯកសារ​ព្រំដែន​

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ផ្តន្ទាទោសជំនួយការពីរនាក់ ឈ្មោះ អ៊ឹង ជុងលាង និងឈ្មោះ សត្យា សម្បត្តិ ដាក់ពន្ធនាគារ៥ឆ្នាំ តែអនុវត្ត៣ឆ្នាំ។ នៅក្នុងសាលក្រមដដែលនេះក៏មានភ្ជាប់ផងដែរ ដែលតុលាការសម្រេចចេញដីកាបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនជនជាប់ចោទទាំង៣នាក់ ដើម្បីយកមកអនុវត្តទោស។ សាលក្រមប្រកាសដោយកំបាំងមុខជនជាប់ចោទ និងមេធាវី តែចាត់ទុកជាចំពោះមុខ បើកផ្លូវប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ការប្រកាសសាលក្រមនេះ ធ្វើឡើងដោយ លោក លាង សំណាត់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសំណុំរឿងនេះនៅសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទ ក្នុងករណីនេះមានលោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការចោទប្រកាន់ ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា សំណុំរឿងនេះ គឺត្រូវបានបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ ចំពោះសំណុំរឿងនេះ លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕