Tuesday, December 27, 2016

ក្រសួងបរិស្ថានប្រជុំ ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម សម្រាប់គម្រោងបង្កើតរោងចក្រផលិតស្ករគ្រាប់

ភ្នំពេញ៖ នៅទីស្ដីការក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ មានបើកកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងបង្កើតរោងចក្រផលិតស្ករគ្រាប់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន APRATI FOODS (CAMBODIA) Ltd ហើយសម្រាប់ការសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម គឺធ្វើឡើងដោយក្រុមហ៊ុនទីប្រឹក្សា SUSTINAT GREEN CO., LTD។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (ស.វ.ហ.ស្ថ) សម្រាប់វិស័យឧស្សាហកម្ម និងមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិក ស.វ.ហ.ស្ថ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធររាជធានីភ្នំពេញ, មន្ទីរបរិស្ថានរាជធានីភ្នំពេញ, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ដែលជាលេខាធិការដ្ឋាន ស.វ.ហ.ស្ថ, តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា។
គោលបំណងនៃកិច្ចប្រជុំនេះ បានតម្រូវឱ្យក្រុមហ៊ុនម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗជាអាទិភាពមួយចំនួនដូចជា៖ (១). ការបំពុលខ្យល់ ដែលកើតមានឡើងពីការប្រើប្រាស់ម៉ាស៊ីនភ្លើង (ម៉ាស៊ីនបម្រុងចំនួន ០២គ្រឿង), (២). ការគ្រប់គ្រងសំឡេង និងរំញ័រ, (៣). ការគ្រប់គ្រងសំណល់រឹង ជាពិសេសសំណល់ថង់ប្លាស្ទិក ដែលតម្រូវឱ្យម្ចាស់គម្រោងអប់រំ និងណែនាំដល់កម្មករក្នុងការទុកដាក់សំរាម និងសំណល់ថង់ប្លាស្ទិក, (៤). សំណល់រាវដែលត្រូវធ្វើប្រព្រឹត្តកម្មជាមុនសិន មុននឹងបង្ហូរទៅក្នុងប្រព័ន្ធអាងប្រព្រឹត្តកម្មសំណល់រាវរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, (៥). ការគ្រប់គ្រងសុខភាព និងសុវត្ថិភាពរបស់កម្មករ (ភាពហប់ក្តៅនៅកន្លែងផលិតស្ករគ្រាប់) នៅពេលបំពេញការងារ ដោយផ្តល់ឧបករណ៍ការពារ ព្រមទាំងពិនិត្យសុខភាពរបស់កម្មករជាប្រចាំ និងសុវត្ថិភាពចំណីអាហារ និង (៦). ការគ្រប់គ្រងបញ្ហាចរាចរណ៍ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនសម្ភារៈ និងផលិតផលចេញ-ចូលរោងចក្រ៕



No comments:

Post a Comment