Wednesday, May 19, 2021

រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីសម្រេចលេខៈ០៩៩ សសរ. ស្តីពីការបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានកំណត់ថា “តំបន់លឿងទំ” និង “តំបន់លឿង” ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ តទៅ


រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីសម្រេចលេខ១០០ សសរ. ស្តីពីការបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សាររដ្ឋទាំងអស់ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជមងឺកូវីដ-១៩


រដ្ឋបាលរាជធានីភ្នំពេញ រឹតបន្ដឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលិកល្មើសសេចក្ដីណែនាំ និងបំរាមគោចរ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរឹតបន្ដឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលល្មើសស្របតាមច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កន្លងមកដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ដូចជា កាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, បម្រាមគោចរចន្លោះម៉ោង ២០ ដល់ម៉ោង ៣ ទៀបភ្លឺ, ផ្អាកការលក់គ្រឿងស្រវឹង, កំណត់ការលក់ដូរ ជាលក្ខណៈវេចខ្ចប់, ផ្លាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ និងផ្លាករាល់ការជួបជុំប្រមូលផ្តុំមនុស្សច្រើន ជាដើម។

ជាការកត់សម្គាល់ ប្រជាពលរដ្ឋភាគច្រើនលើសលប់ បានចូលរួមអនុវត្តវិធានការខាងលើនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច មិនបានយកចិត្តទុកដាក់ និងមានការធ្វេសប្រហែស ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ ស្របពេលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលបន្តិច យុវជន-យុវនារីខ្លួន បានបំពានវិធានការ ផ្អើនបម្រាម និងមិនព្រមចូលរួមសហការឡើយ។

ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ជាគោលការណ៍អនុវត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងការអត់ធ្មត់ខ្ពស់ ដោយប្រើប្រាស់យន្តការផ្សព្វផ្សាយ និងការអប់រំ។

ចំពោះមុខ ដើម្បីឈានទៅគ្រប់គ្រងបានទាំងស្រុងនូវ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវជំរុញការអនុវត្តវិធានការនានា ឱ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវរឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ដែលបំពានវិធានការរបស់អាជ្ញាធរមូលដ្ឋាន ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន-យុវនារីទាំងអស់ នឹងបន្តរួមគ្នាអនុវត្តរាល់ វិធានការចាំបាច់ ដែលបានដាក់ចេញ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការឆាប់វិលត្រឡប់នៃប្រក្រតីភាពជីវភាពរស់នៅ និងដើម្បីចៀសផុត ពីការផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ចំពោះ ការបំពានវិធានការរបស់អាជ្ញាធរមូលដ្ឋាន ដូចបានជម្រាបជូនក្នុងខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព៕



TOP NEWS: ទីតាំងភូមិសាស្ដ្រ ដែលត្រូវបានកំណត់ជា «តំបន់លឿងទុំ» ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខណៈតំបន់ក្រហមលែងមានទៀតឡើយ (Map inside)

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចកំណត់ «តំបន់លឿងទុំ» និង «តំបន់លឿង» ខណៈ «តំបន់ក្រហម» លែងមានបន្ដទៀតហើយ។
ក្នុងប្រការ២ នៃសេចក្ដីសម្រេចនេះ បានបង្ហាញទីតាំងមួយចំនួនដែលត្រូវបានកំណត់ជា «តំបន់លឿងទុំ» រួមមាន៖

* ផ្នែកខ្លះ នៃភូមិដើមចាន់ (ទីតាំងនៅខាងក្រោយជឿត្រី) នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
* ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
* ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៤ និងភូមិទួលពង នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
* ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ
* ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និង ផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខួរនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទៀតថា វិធានការរដ្ឋបាលបន្តដែលដាក់ចេញចំពោ «តំបន់លឿងទុំ» ត្រូវអនុវត្តសម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយត្រូវអនុលោមតាមគោលការណ៍ដូចខាងក្រោម៖

* «តំបន់លឿងទុំ» ជាភូមិសាស្ត្រដែលត្រូវអនុវត្តវិធានការបិទខ្ទប់ ដោយអនុលោមតាមប្រការ៤ នៃសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿងៗ សម្រាប់រយៈពេល ៧ (ប្រាំពីរ)ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

* ចំពោះទីតាំងដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានបិទទីតាំងមុនពេលចូលជាធរមាន នៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តគ្រប់គ្រង និងចាត់វិធានការឱ្យបានចប់សព្វគ្រប់ ដើម្បីកាត់ផ្តាច់ឫសគល់ នៃប្រភពចម្លងជំងឺកូវីដ-១៩

* ចំពោះទីតាំងដែលមានករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ ក្រោយពេលចូលជាធរមាននៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទះ បន្ទប់ជួល ឬ អគារ ឬអាជីវកម្មដ្ឋាន ឬ ជាច្រកផ្លូវ ឬ ជាប្លុកតូចៗនោះ និងត្រូវកំណត់អ្នកពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមជម្រាបថា វិធានរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃបន្ដទៀត ដោយមិនមានតំបន់ក្រហម ហើយតំបន់លឿងទុំ មានតិចតួចនោះ គឺបង្ហាញពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែឧសភា, សូមប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់

 ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជានឹងទទួលរងនូវឥទ្ធិពល ពីខ្យល់មូសុងនិរតីខ្លាំង (The Strong Monsoon) ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ឯតំបន់មាត់សមុទ្រ សូមប្រជានេសាទ និងអ្នកធ្វើដំណើរទេសចរណ៍តាមផ្លូវទឹក មានការប្រុងប្រយ័ត្ន ចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានាធិបតីចិន ស៊ី ជិនពីង អបអរសាទរចំពោះយាន អវកាស «ស៊ូរ៉ុង» ចុះចតដោយជោគជ័យលើភពអង្គារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានផ្ញើសារលិខិតមួយជូន លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដើម្បីសម្តែងការអបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ដែលបានចុះចតដោយជោគជ័យលើភពអង្គារ។


នៅក្នុងលិខិត លោក ហ៊ុន សែន បានបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដែលយានអវកាស “ស៊ូរ៉ុង” បានចុះចតដោយជោគជ័យលើភពព្រះ អង្គារ ក្នុងបេសកកម្ម “ធានវិន-១» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១»។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយទៀត ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ក្នុងកម្មវិធីអវកាស និងការរុករកក្នុងលំហអាកាសរបស់ចិន ហើយលោកជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះនឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ នៃបេសកកម្មក្នុងលំហអាកាសរបស់ចិន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់ មនុស្សជាតិទាំងមូល៕