នាព្រឹកថ្ងែទី២៤ ខែមីនា ឆ្នាំ២០១៦នេះ លោក ជា សំអាត ប្រធាននាយកដ្ឋានបច្ចេកទេស
និង កោសល្យវិច័យ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន
និងចំពោះមុខក្រុមនិស្សិតដែលបានដាក់ពាក្យបណ្តឹងប្តឹងក្នុងសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក
កឹម សុខា ដោយមន្ត្រីជំនាញរូបនេះ បានអះអាងថា សំឡេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយនោះ
គឺជាសំឡេងរបស់លោក កឹម សុខា និងស្រីមុំយ៉ាងពិតប្រាកដ។
លោក ជា សំអាត បានបញ្ជាក់ថា សម្លេងក្នុងខ្សែអាត់ដែលបែកធ្លាយ និងសំឡេងខាងក្រៅ
(សំដៅលើសំឡេងរបស់លោក កឹម សុខា ) គឺដូចគ្នា ដែលសំឡេងនោះ គឺជាសំឡេងរបស់មនុស្សតែមួយ។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា នៅនាយកដ្ឋានបច្ចេកទេស
និងកោសល្យវិច័យ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្រកាសលទ្ធផល នៃការធ្វើកោសល្យវិច័យ
លើខ្សែអាត់សំឡេង ជាមួយនឹងការប្រកាសថា នឹងបើកការស៊ើបអង្កេតបន្ថែមទៀត នៅពេលខាងមុខជាមួយនឹងតម្រុយការងារស្រាវជ្រាវផ្សេងៗទៀត។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុលរលួយបានឲ្យដឹងថា
ACU ប្រកាសទទួលយកពាក្យបណ្តឹងរបស់ក្រុមនិស្សិត ជាមុខការដោយគោរពគោលការណ៍អភ័យ
ឯកសិទ្ធិសភា និងបើកឯកសារប្រកាសទ្រព្យសម្បត្តិរបស់លោកកឹម សុខា និងបានសង្កត់ធ្ងន់ថា
គ្មានអ្វីមករារាំងអង្គភាពប្រឆាំងអំពើពុករលួយបានទេ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា
សម្លេងខ្សែអាត់នោះ ជាសម្លេងពិតរបស់តួអង្គនិមួយៗ (កឹម សុខា និងស្រីមុំ) ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយ
ក៏បានបើកកិច្ចប្រជុំរបស់ខ្លួនមួយរួចមកហើយ ដើម្បីពិភាក្សាបណ្តឹងរបស់ក្រុមយុវជនដែលបានដាក់ពាក្យប្តឹង
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ
សង្ស័យផ្តល់លុយអោយស្រីស្នេហ៍ទិញដី ទិញផ្ទះផងដែរ ហើយដោយបានបញ្ជា់ថា នៅថ្ងៃទី២៤
ខែមីនា នេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងធ្វើសន្និសីទកាសែត
ស្តីពីលទ្ធផលនៃការធ្វើកោសល្យវិច័យលើខ្សែអាត់សំឡេងដែលបានបែកធ្លាយនោះ៕