Tuesday, February 15, 2022

រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែង ចំពោះបាតុករដែលរឹងរូស បន្តធ្វើបាតុកម្មមុខណាហ្គាវើលដ៍ (មានវីដេអូ)

 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានព្រមានជាថ្មីថា នឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែង ចំពោះបាតុករដែលរឹងរូស បន្តធ្វើបាតុកម្មមុខក្រុមហ៊ុនណាហ្គាវើលដ៍។

 

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍កាន់តែ ច្រើនឡើងៗ ក៏ដូចជាធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតដាច់ខាតឱ្យមានការប្រមូលផ្ដុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់ របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៀតឡើយ។ ក្នុងករណីរឹងរូស បន្តសកម្មភាព ខុសច្បាប់ទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការ លើកលែង»។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានទទួលសេចក្តីជូនដំណឹងរបស់តំណាងអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អំពីការធ្វើកូដកម្ម ដើម្បីដោះស្រាយវិវាទការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញម្ចាស់សំណើមកពិភាក្សា ដោយបានគូសបញ្ជាក់ថា សុំឱ្យគាត់ធ្វើកូដកម្ម ស្របតាមច្បាប់ស្តីពីការងារ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទីតាំងសាធារណៈឡើយ ព្រោះថា ការប្រើប្រាស់ទីតាំងសាធារណៈ ដើម្បីធ្វើជាទីកន្លែងបញ្ចេញមតិ គឺត្រូវអនុលោមតាមច្បាប់ ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ បានធ្វើការប្រមូលផ្តុំនៅលើសួនច្បារសាធារណៈ ផ្ទុយពីការឯកភាពគ្នាជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់វិធានការអប់រំ ដល់ក្រុមបាតុករកុំឱ្យបន្តសកម្មភាពខុសច្បាប់ និងអនុវត្តតាមយន្តការដោះស្រាយវិវាទការងារ ស្របតាមច្បាប់ជាធរមាន ដោយពេលនោះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំសម្របសម្រួលគ្រប់លទ្ធភាព ដោយបានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញ ភាគីពាក់ព័ន្ធទៅដោះស្រាយ ស្របតាមយន្តការច្បាប់ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមបាតុករនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ ផ្ទុយពីគោលបំណងនៃការជូនដំណឹងស្តីពីការធ្វើកូដកម្មដើម្បីដោះស្រាយវិវាទការងារ ជាច្រើនលើក ច្រើនសារ រហូតដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

ទោះយ៉ាងនេះក្តី ក្រុមបាតុករបានបន្តធ្វើបាតុកម្មខុសច្បាប់អស់រយៈពេល ៤៩ ថ្ងៃ រហូតរកឃើញករណី វិជ្ជមានកូវីដ-១៩ ម្នាក់ ក្នុងចំណោមក្រុមបាតុករ ហើយក្រសួងសុខាភិបាលបានធ្វើការណែនាំឱ្យក្រុមបាតុករ ទៅយកសំណាកនៅទីតាំងដែលបានកំណត់ ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល ០៣ ថ្ងៃ ប៉ុន្តែតំណាងក្រុមបាតុករ បានសំណូមពរឱ្យក្រុមគ្រូពេទ្យមកយកសំណាកនៅទីតាំងប្រមូលផ្តុំវិញ ហើយនៅពេលក្រុមគ្រូពេទ្យ មកដល់ ក្រុមបាតុករនៅតែរឹងរូស មានះមិនព្រមសហការឱ្យយកសំណាកទៀត ទោះជាក្រុមគ្រូពេទ្យអង្វរករយ៉ាងណា ក៏ដោយ ហើយចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យបានរកឃើញករណ៍វិជ្ជមានកូវីដ-១៩ ជា ច្រើននាក់ ក្នុងក្រុមបាតុករបន្ថែមទៀត នៅទីតាំងយកសំណាក ស្ថិតនៅកោះពេជ្រ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលនៃការ ធ្វើបាតុកម្មខុសច្បាប់ សកម្មភាពនេះបានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ការកកស្ទះចរាចរ ព្រមទាំងបង្កការរំខានដល់ការប្រកបរបរអាជីវកម្ម ប្រកបការងារប្រចាំថ្ងៃរបស់ បងប្អូនប្រជាពលរដ្ឋ នៅជុំវិញតំបន់ធ្វើបាតុកម្មខុសច្បាប់ រហូតដល់មានសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការដើម្បីធានានូវប្រក្រតីភាពនៃជីវភាព និងការរស់នៅប្រចាំថ្ងៃឡើងវិញ។

រដ្ឋបាលរាជធានីបញ្ជាក់បន្ថែមថា៖ ក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវតាម វិធានសុខាភិបាល ដែលធានាថាលែងមានអ្នកវិជ្ជមានកូវីដ-១៩ ហើយចង់ប្រមូលផ្ដុំតវា ត្រូវធ្វើនៅកន្លែង បញ្ចេញមតិជាសាធារណៈ (ទីលានប្រជាធិបតេយ្យ) ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយត្រូវបំពេញនីតិវិធីតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ក្នុងជំពូកទី២ មាត្រា ៥ ដែលបានបញ្ញត្ត ថា «ក្រុមបុគ្គលណា ដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធី នៅទីកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ»៕




លោក សុខ សុទ្ធី ដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វិនិយោគដំណាំកសិ-ឧស្សាហកម្ម លឹម លុង

កោះកុង÷ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងលោកស្រីអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋឈ្មោះ កែន វុត្ថា និងឈ្មោះ នុន ប៊ុន្ថា ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វិនិយោគដំណាំកសិ-ឧស្សាហកម្ម លឹម លុង ដែលមានទីតាំងស្ថិតនៅភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ 


ជាលទ្ធផល កិច្ចប្រជុំបានសម្រេច ដូចខាងក្រោម ÷


១.ភាគីទំនាស់ ត្រូវរក្សាស្ថានភាពដើមនៅលើទីតាំងទំនាស់ ដោយហាមសាងសង់សំណង់ថ្មី

២.ភាគីក្រុមហ៊ុន ត្រូវបើកឲ្យធ្វើចរាចរឡើងវិញនូវផ្លូវដែលបានបិទ

៣.ភាគីក្រុមហ៊ុន ត្រូវបានអនុញ្ញាតឲ្យអាស្រ័យផល និងថែទាំលើដំណាំដែលបានដាំដុះរួច ប៉ុន្តែទន្ទឹមនឹងនោះត្រូវបានហាមដាំដុះដំណាំថ្មី។


ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យមន្ទីរអង្គភាព និងអាជ្ញាធរស្រុក ឃុំ ត្រូវដឹកនាំត្រួតពិនិត្យការអនុវត្តស្មារតី នៃកិច្ចប្រជុំ និងបានណែនាំឲ្យភាគីទំនាស់ពាក់ព័ន្ធ អនុវត្តឲ្យបានល្អប្រសើរ។ ចំពោះនីតិវិធីបន្តជាសមត្ថកិច្ចរបស់គណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត៕






កិច្ចប្រជុំប្រចាំឆ្នាំស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកោះកុង

កោះកុង៖  នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយបានមកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម ជាមួយលោក លោកស្រី នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោក បានជម្រាបជូន លោក លោកស្រី ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងលោក លោកស្រីតំណាងអង្គការដៃគូ ដោយសង្ខេប អំពីគណនេយ្យភាពសង្គមដូចតទៅ គណនេយ្យភាពសង្គម គឺជាដំណើការនៃការផ្សារភ្ជាប់ទំនាក់ទំនងល្អប្រសើរ រវាងប្រជាពលរដ្ឋជាមួយនឹង រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាមធ្យោបាយមួយដែលបន្សំរវាងគោលការណ៍ទាំងឡាយ នៃអភិបាលកិច្ចដែលក្នុងនោះរាល់ការធ្វើសេចក្ដីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ គណនេយ្យភាពសង្គម គឺជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន។ ដោយយល់ឃើញពីសារៈសំខាន់ នៃការអនុវត្តការងារគណនេយ្យភាពសង្គមនេះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាន អនុម័តដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវដល់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តការងារ គណនេយ្យភាពសង្គម។ បន្ទាប់ពីបានអនុម័តនូវផែនការយុទ្ធសាស្ត្រ ស្តីពី ការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រួចមក លេខាធិការដ្ឋាន គ.ជ.អ.ប បានបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីរៀបចំឯកសារផែនការ អនុវត្តគណនេយ្យភាពសង្គម (ផ.អ.គ.ស) ដំណាក់ កាលទី១ សម្រាប់អនុវត្តរយៈពេល០៣ឆ្នាំ (២០១៦-២០១៨)។ ផែនការអនុវត្តការងារ គណនេយ្យភាពសង្គមដំណាក់កាលទី១ ត្រូវបានបញ្ចប់ការអនុវត្តនៅដំណាច់ឆ្នាំ២០១៨ កន្លងមកនេះ។ ជាមួយគ្នានេះដែរ ផែនការអនុវត្តការងារគណនេយ្យ ភាពសង្គម ដំណាក់ កាល ទី២ ២០១៩-២០២៣ ត្រូវបានដាក់ចេញ ឱ្យអនុវត្តជាបន្ត ដោយបានចូលរួមចំណែកក្នុងការផ្លាស់ប្តូរឥរិយាបថ អ្នកផ្តល់សេវាសាធារណៈឱ្យបំពេញការងាររបស់ ខ្លួនបានកាន់តែល្អប្រសើរជាងមុន។ ជាពិសោធន៍កន្លងមក ក្នុងដំណាក់កាលទី១ នៃការអនុវត្តការងារគណនេយ្យភាព សង្គម បានបង្ហាញថា ការចូលរួមរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានភាពល្អប្រសើរ តាមរយៈការប្រើប្រាស់នូវឧបករណ៍គណនេយ្យភាពសង្គមនានា ដូចជាប័ណ្ណដាក់ពិន្ទុ ដោយសហគមន៍។ ក្នុងកាលពីដំណាក់កាលទី១ នៃការអនុវត្តការងារគណនេយ្យភាពសង្គម ខេត្តកោះកុង យើងមានស្រុកគោលដៅ ចំនួន០៥ រួមមាន ស្រុកថ្មបាំង ស្រុកបូទុមសាគរ ស្រុកគីរីសាគរ ស្រុកស្រែអំបិល ស្រុកមណ្ឌលសីមា ហើយកាលនោះ យើងមានអង្គការចំនួន០៣ជាដៃគូក្នុងការអនុវត្តការងារ រួមមាន អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព អង្គការសម្ព័ន្ធសុខភាពនិងអភិវឌ្ឍន៍ អង្គការអភិវឌ្ឍន៍សុខភាពគ្រួសារ។

ដោយឡែកផែនការអនុវត្តគណនេយ្យភាពសង្គម (ផ.អ.គ.ស) ដំណាក់កាលទី២ ២០១៩-២០២៣ ក៏ នៅតែបន្តលើកកម្ពស់ ពង្រឹងសកម្មភាពដែលបានអនុវត្តនៅដំណាក់ កាលទី១ និងពង្រីកតំបន់គោលដៅនៃរដ្ឋបាល ឃុំ សង្កាត់ សាលាបឋមសិក្សា មណ្ឌលសុខភាពនៅទូទាំងប្រទេស ព្រមទាំងពង្រីកវិសាលភាពតំបន់គោលដៅ និងសេវាផ្សេងៗ នៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ថែមទាំងកែលម្អនូវវិធីសាស្ត្រដើម្បីអនុវត្តផែនការ គណនេយ្យភាពសង្គមឱ្យទទួលបាននូវគុណភាព ប្រសិទ្ធភាព និងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងដំណាក់កាលទី២។ លើសពីនេះទៅទៀត ផែនការអនុវត្តការងារគណនេយ្យភាពសង្គម ត្រៀមនឹងពង្រីកវិសាលភាពគ្រប ដណ្តប់លើសេវាមន្ទីរពេទ្យបង្អែក អនុវិទ្យាល័យ ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ សេវាគ្រប់គ្រងសំរាម និងកាក សំណល់រឹងនៅទីប្រជុំជន និងមានសេវាផ្សេងៗទៀត។ ផ្អែកតាមផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២នេះ ខេត្តកោះកុងមានតំបន់គោលដៅ បន្ថែមចំនួន០២ទៀតគឺ ក្រុងខេមរភូមិន្ទ និងស្រុកកោះកុង ដូច្នេះ ក្រុង ស្រុកទាំង០៧ នៃខេត្តកោះកុង គឺជាតំបន់គោលដៅដែលអនុវត្តការងារគណនេយ្យភាពសង្គម ហើយក៏មានអង្គការចំនួន០៣ ដដែលមកសហការគ្នា ដើម្បីអនុវត្តការងារនេះ ដោយបានផ្ដោតទៅលើការបំពេញការងារ និងការផ្តល់សេវារដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។ ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យសកម្មភាពការងារមួយចំនួនធំត្រូវបាន ផ្អាកដំណើរការដោយត្រូវនាំគ្នាមកគិតគូរដោះស្រាយតែការងារពាក់ព័ន្ធនឹងជំងឺកូរីដ-១៩ ជាក់ស្ដែងដូចជាការងារ គណនេយ្យភាពសង្គម មានសកម្មភាពមួយចំនួនក្រុមការងារមិនបានអនុវត្តបានគ្រប់សកម្មភាពដែលបានលើក ឡើងនៅក្នុងផែនការសកម្មភាពទាំងស្រុងនោះទេ។ តាមរយៈកិច្ចប្រជុំថ្ងៃនេះ ខ្ញុំសង្ឃឹមថារដ្ឋបាលក្រុង ស្រុក អង្គការសង្គមស៊ីវិល ចូលរួមផ្តល់យោបល់ តាមរយៈរបាយការណ៍ដែលនឹងត្រូវរាយការណ៍នៅពេលបន្តិចទៀតនេះ ហើយយើងនឹងពិនិត្យ ពិភាក្សាគ្នាដើម្បី រួមគ្នាអនុវត្តការងារគណនេយ្យសង្គមនេះឱ្យបានល្អប្រសើរស្របតាមផែនការយុទ្ធសាស្រ្តការងារគណនេយ្យភាពសង្គម ជាពិសេសក្រុងខេមរភូមិន្ទ និងស្រុកកោះកុងដែលជាគោលដៅថ្មីក្នុងដំណាក់កាលទី២នេះ ខ្ញុំសូមស្នើដល់ លោក លោកស្រី ទាំងអស់ដែលមានវត្តមាននៅ ក្នុងកិច្ចប្រជុំនាពេលនេះ សូមយកចិត្តទុកដាក់ស្តាប់នូវសេចក្តីរាយការណ៍របស់រដ្ឋបាលក្រុង ស្រុក និងតំណាងអង្គការដៃគូ ជាពិសេសស្តាប់នូវបញ្ហាប្រឈមនានា ដែលជាការរាំងស្ទះដល់ដំណើរការក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ហើយយើងនឹងរួមគ្នាដោះស្រាយ និងចាប់ផ្តើមអនុវត្តការងារនេះឱ្យបានល្អប្រសើរក្នុងឆ្នាំ២០២២នេះតទៅ៕







ពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងសាសនាឥស្លាមជូនសិស្សជ័យលាភីនៃវិទ្យាស្ថានអប់រំឥស្លាមសិក្សាកម្ពុជា

កំពង់ឆ្នាំង៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាស្ថានអប់រំឥស្លាមសិក្សាកម្ពុជា ស្រុកកំពង់ត្រឡាច មានរៀបចំពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងសាសនាឥស្លាមជូនសិស្សជ័យលាភីនៃវិទ្យាស្ថានអប់រំឥស្លាមសិក្សាកម្ពុជា១១៦នាក់ ក្រោមអធិបតីភាពលោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។


នៅក្នុងនោះ ក៏មានការចូលរួមពីលោក ម៉ម ម៉ាល័យ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរស្រុកកំពង់ត្រឡាច លោក សេកអាឌូឡាហ្ស៊ី អាលីអាល់ម៉ូហាណាឌី តំណាងសប្បុរសជននៃរដ្ឋកាតា និងលោក លោកស្រីការិយាល័យជំនាញពាក់ព័ន្ធផងដែរ។


គួរបញ្ជាក់ថា ការរៀបចំពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងសាសនាឥស្លាមជូនដល់សិស្សជ័យលាភីនៃវិទ្យាស្ថានអប់រំឥស្លាមសិក្សាកម្ពុជាចំនួន១១៦នាក់នោះ ដោយក្នុងនោះបានប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិជំនាន់ទី៦ និងទី៧ ចំនួន៧៨នាក់ សម្រាប់ឆ្នាំសិក្សា២០១៩,២០២០ និង២០២១ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជំនាន់ទី៣ និងជំនាន់ទី៤ ចំនួន៣៨នាក់ ឆ្នាំសិក្សា២០១៩,២០២០, និងឆ្នាំសិក្សា២០២១៕






វាលស្មៅនៅមុខប្រាសាទអង្គរវត្ត មានសោភ័ណភាពបៃតងខួបប្រាំងខួបវស្សា

វាលស្មៅនៅបរិវេណខាងមុខប្រាសាទអង្គរ បានចាប់ផ្តើមផ្លាស់ប្ដូរដែលពីមុនមានពណ៌ក្រហមមកជាពណ៌ខៀវវិញ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានរៀបចំកែលម្អ និងដាំស្មៅបន្ថែមឡើងវិញ ក្នុងន័យលើកសោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ 


ការងាររៀបចំបរិស្ថាននេះ ត្រូវបានរៀបចំជាបន្តបន្ទាប់ដែលធ្វើឱ្យវាលស្មៅ ក៏ដូចជាបរិស្ថានជុំវិញប្រាសាទមានភាពស្រស់បំព្រង ខៀវស្រងាត់ ទាក់ទាញអារម្មណ៍ទេសចរដែលមកទស្សនាប្រាង្គប្រាសាទដ៏អច្ឆរិយៈរបស់កម្ពុជា៕







អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ទីរអប់រំ ឲ្យត្រួតពិនិត្យឡេីងវិញ ចំពោះបុគ្គលគ្រូដែលបង្ខិតបង្ខំ ឬដាក់គំនាបលេីកូនសិស្ស ឲ្យចូលរៀនគួរ

កំពង់ចាម ៖  ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម  នាព្រឹកថ្ងៃទី១៤  ខែកុម្ភៈ  ឆ្នាំ២០២២ នេះ  អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម  លោក  អ៊ុន  ចាន់ដា  បាន ណែនាំ ដល់មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត  ឲ្យ ធ្វើការ ត្រួតពិនិត្យ ឡើង វិញ  ចំពោះ បុគ្គលគ្រូដែល បង្ខិតបង្ខំ  ឬ ដាក់ គំនាប លើ  សិស្សានុសិស្ស   ឲ្យ ចូល រៀន គួរ  ដេីម្បី យក ប្រាក់កម្រៃ បន្ថែម   ដោយ លោកអភិបាលខេត្ត  បាន លេីកឡេីងថា  ចំពោះ ការ រៀនសូត្រ  បំប៉ន ចំណេះវិជ្ជា វា ពិត ជារឿង ល្អ ត្រឹមត្រូវ ណាស់  ប៉ុន្តែចំពោះ ការ បង្ខិតបង្ខំ កូន សិស្ស  វាជារឿង មិន សមស្រប  ដែល បង្ក ឲ្យ មាន ការ ថ្នាំងថ្នាក់ ពី សំណាក់ អាណាព្យាបាល    ព្រោះបេី គ្រូ ល្អ ពូកែមែន នោះ   គឺ មាន សិស្ស គាំទ្រច្រើន  ហើយ នាំគ្នា  ចូល រៀន ពុំខាន មិន ចាំបាច់ បង្ខិតបង្ខំ ទេ  ។ 


ក្នុង កិច្ចប្រជុំ នោះដែរ  លោក  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ណែនាំ ដល់ ថ្នាក់ដឹកនាំ មន្ទីរ សាធារណការ  និង ដឹកជញ្ជូន ខេត្ត   ឲ្យ រៀបចំ  បញ្ជូន ក្រុម ការងារ ចុះ ធ្វើ ការ  ថែទាំ ផ្លូវ ថ្នល់   ក៏ដូចជា ការ លុប ក្រឡុក សំបុកមាន់ នៅ តាម បណ្ដោយ  ដង ផ្លូវ នានា  ក្នុង ក្រុង កំពង់ចាម  ដែល រងការខូចខាត  បន្ទាប់ ពី សាងសង់ រួច មួយ រយៈពេល  ដេីម្បីសម្រួល ដល់ ការ ធ្វើ ដំណើរ  ក៏ដូចជា ការ លេីក កម្ពស់ សោភ័ណ្ឌភាព នៅតាមដងផ្លូវ  ផងដែរ  ។ 


ក្នុង កិច្ចប្រជុំនេះដែរ  លោក ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម  បាន លើក យក សេចក្តី ព្រាង របៀបវារៈ សំខាន់ ៗ  មក ពិភាក្សា  រួមមាន ៖  

១-ពិនិត្យ  និង អនុម័ត សេចក្តី ព្រាង កំណត់ហេតុ នៃ កិច្ចប្រជុំ សាមញ្ញ លេីក ទី ៣២  អាណត្តិ ទី ៣  របស់ ក្រុមប្រឹក្សាខេត្ត ។

២-ពិនិត្យ ពិភាក្សា  និង អនុម័ត លើ សេចក្ដី ព្រាង របាយការណ៍ បូកសរុប លទ្ធផល ការងារ ប្រចាំ ខែ មករា  និង ទិសដៅ ការងារ ប្រចាំ ខែកុម្ភៈ  ឆ្នាំ ២០២២  របស់ ក្រុម ក្រុមប្រឹក្សា ខេត្តកំពង់ចាម  ។ 

៣-  ពិនិត្យ  ពិភាក្សា  និង អនុម័ត លើ សេចក្ដី ព្រាង សេចក្តី សម្រេច ស្តីពី ការ កែសម្រួល  និង ទទួល ស្គាល់ សមាសភាព គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការ ស្ត្រី  និង កុមារ ខេត្តកំពង់ចាម  ។ 

៤-បញ្ហា ផ្សេងៗ មួយ ចំនួន  ៕







(វីដេអូ) លិខិតមិត្តអ្នកអាន ៖ «លោក ហ៊ុន សែន ក្លាយជានិមិត្តរូបសន្តិភាពសម្រាប់ពិភពលោក» សូមទស្សនាវីដេអូ អ្នកនយោបាយតុកាហ្វេដូចតទៅ

 

រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញ ដើម្បីបំពេញតំរូវការព្យាបាលអ្នកជំងឺ

 ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២  រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលតំរូវឲ្យធ្វើការសាងសង់ឱ្យរួចរាល់ក្នុងរយះពេលមួយឆ្នាំ។


 ពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤កុម្ភះ ដោយមានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។


តាមការអោយដឹងពីមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ១៩នេះ មានឈ្មោះថាតេជោសន្តិភាពរាជធានីភ្នំពេញ ដែលត្រូវសាងសង់ចំនួន១១អាគារ លើផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលនឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយ:ពេលរវាង១ឆ្នាំ ដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ពិសេសក្នុងរាជធានីភ្នំពេញ ក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័សចូលក្នុងសហគមន៍ដោយបានបំប្លែងខ្លួនជាអូមីក្រុងនឹងមានការឆ្លងលឿនទៀតផង។


មន្ត្រីសុខាភិបាលបានបង្ហាញក្តីបារម្មណ៍ពីការរាលដាលនៃជំងឺដ៏កាចសាហាវនេះ នឹងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំយកចិត្តទុកដាក់អនុវត្តវិធានការ៣ការពារ ៣កុំឲ្យបានហ្មត់ចត់និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ.១៩ ឲ្យបានគ្រប់ដូសនិងដូសជំរុញ។


ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩នាពេលនេះ បានបង្ហាញឲ្យឃើញពីការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ.១៩ ដែលយើងមិនដឹងថាវានឹងបញ្ចប់នៅពេលណាដូច្នេះយើងត្រូវរៀនរស់តាមរបត់ថ្មីនៃសម័យកូវីដ ហើយអាគារមណ្ឌលព្យាបាលជំងឺកូវីដ.១៩ នេះក៏ជាសមិទ្ធិផលថ្មីដែលនឹងកើតចេញជារូបរាងនៅដើមឆ្នាំ២០២២នេះក្រោមការដឹកនាំរបស់លោក ឃួង ស្រេង៕








កិច្ចប្រជុំស្តីពីការពិនិត្យ និងតាមដានការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ឆ្លងដែនខុសច្បាប់ ភូមិសាស្ត្រស្រុកវាលវែង

ពោធិ៍សាត់៖  លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ និងជាសមាជិកគណៈកម្មការអន្តរក្រសួង នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះជួបប្រជុំជាមួយម្ចាស់ក្រុមហ៊ុន អិម ឌី អេស ហេង ហ៉ី អ៉ីនវេសម៉ិន ឯ.ក ខូអិលធីឌី នៅតំបន់សេដ្ឋកិច្ចពិសេសថ្មដា ដើម្បីពិនិត្យ និងតាមដានការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកវាលវែង នៃខេត្តពោធិ៍សាត់។


នៅក្នុងពិធីនោះ ក៏មានការអញ្ជើញរួមមាន លោក អ៊ូ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត លោកអភិបាលរងស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក មេបញ្ជាការនគរបាលការពារព្រំដែន៨២៥ មេបញ្ជាការវរៈការពារព្រំដែន៥០១ និងមន្ត្រីជំនាញមួយចំនួនទៀត។


បន្ទាប់ពីលោក ចេង ឡៃ បានលើកឡើងពីគោលបំណង នៃការចុះមកនាពេលនេះ ជូនភាគីតំណាងក្រុមហ៊ុនបានដឹងនោះរួចមក ភាគីក្រុមហ៊ុនបានជម្រាបជូនថា បច្ចុប្បន្ននេះក្រុមហ៊ុន គឺបានប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ នៅក្នុងស្រុក មិនបានប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ ឆ្លងដែនខុសច្បាប់ទេ។ ចំពោះបណ្ដាញខ្សែបង្កប់តាមព្រៃ ចំនួន២ខ្សែ ឆ្លងកាត់ព្រំដែន រវាងខេត្តត្រាត ប្រទេសថៃ ឆ្លងចូលខេត្តពោធិ៍សាត់ ប្រទេសកម្ពុជានោះ គឺជាខ្សែចាស់ ដែលក្រុមហ៊ុនបានឈប់ប្រើប្រាស់ តាំងពីអំឡុងខែមីនា ឆ្នាំ២០១៩មកម្ល៉េះ។


ថ្លែងក្នុងឱកាសនោះ លោក ចេង ឡៃ បានឱ្យដឹងថា បញ្ហានៃការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ ឆ្លងដែនខុសច្បាប់ គឺធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងបាត់បង់ចំណូលដល់ថវិកាជាតិ ដូច្នេះហើយបានជាក្រុមការងារ ដែលចុះមកនាពេលនេះ គឺដើម្បីធ្វើការត្រួតពិនិត្យ និងតាមដានឱ្យបានច្បាស់លាស់ ជាក់លាក់ ស្របតាមគោលការរបស់ លោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលខេត្ត។ ប្រសិនបើក្នុងករណីក្រុមហ៊ុនប្រើប្រាស់មិនគ្រប់គ្រាន់ ឬរអាក់រអួល ខាងក្រុមហ៊ុនអាចជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងផ្ទាល់ទៅមន្ទីរជំនាញ ដើម្បីអន្តរាគមន៍ទៅក្រសួងឈានទៅផ្គត់ផ្គង់សេវាបន្ថែម សម្រាប់តម្រូវការប្រើប្រាស់។


លោកអភិបាលរងខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យជាក់ស្ដែង ដល់ព្រំដែនរវាងខេត្តត្រាត និងខេត្តពោធិ៍សាត់ ព្រមទាំងបានកាត់ផ្ដាច់ខ្សែកាបអុបទិចចាស់ ដែលបានតភ្ជាប់ពីមុនមក ដើម្បីជាភស្ដុតាងបញ្ជាក់ថា ក្រុមហ៊ុនពិតជាបានឈប់ប្រើប្រាស់ពិតប្រាកដមែន៕






អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលដំបូលទបង្ហូរទឹកខាងត្បូងប្រាសាទនាគព័ន្ធហើយ

ការងារជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដែលចាប់ដំណើរការពីដើមខែតុលា ឆ្នាំ២០២១មកនោះ  ពេលនេះបានបញ្ចប់ការជួសជុលរួចរាល់១០០ភាគរយហើយ៕