Friday, August 13, 2021

វិភាគអន្តរជាតិ៖ «តើព្រឹត្តិការណ៍ទីក្រុងសៃហ្គនឆ្នាំ១៩៧៥ កំពុងកើតឡើងជាថ្មីនៅអាហ្វហ្កានីស្ថានឬ?»

 (កាប៊ុល)៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសឱ្យដឹងថា កងទ័ពអាមេរិក ៣,០០០នាក់ នឹងត្រូវបញ្ជូនទៅដល់ប្រទេសអាហ្វហ្កានីស្ថាន ក្នុងរយៈពេល ៤៨ម៉ោង ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការជម្លៀសបុគ្គលិកស្ថានទូត ប្រចាំនៅរដ្ឋធានីកាប៊ុល និងពលរដ្ឋអាមេរិក។ ការប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់ វាយដណ្ដើមកាន់កាប់បានទីក្រុងចំនួន ១៥ ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ ក្នុងនោះរួមមានទាំងទីក្រុង ហ្គាស្នី (Ghazni) ដែលស្ថិតនៅចម្ងាយតែជាង ១៥០គីឡូម៉ែត្រពីរដ្ឋធានីកាប៊ុលប៉ុណ្ណោះ។

ក្រៅតែពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា ក៏បានបញ្ជូនកងទ័ពទៅជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីអាហ្វហ្កានីស្ថានផងដែរ។ ការវាយប្រហាររបស់ ក្រុមតាលីបង់កាន់តែរុលទៅមុខ ដោយមិនមានអ្វីមកបង្អាក់ទាល់តែសោះ ទោះជាទីក្រុងវ៉ាស៊ីនតោនអះអាងថា ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស គាំទ្រដល់កងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថានក៏ដោយ។ សហរដ្ឋអាមេរិក និងអង្គការ NATO បានផ្ដល់ជំនួយរាប់ពាន់លានដុល្លារ ក្នុងការពង្រឹងសមត្ថភាពរបស់កងទ័ពអាហ្វហ្កានីស្ថាន ដោយគ្រាន់តែអាមេរិកម្នាក់ឯងបានចំណាយលុយដល់ទៅជាង ៨៣ពាន់លានដុល្លារឯណោះចាប់តាំងពីឆ្នាំ២០០១មក។

ប៉ុន្តែកងទ័ពអាហ្វហ្កានីស្ថាននៅតែមិនមានសមត្ថភាព ទប់ទល់ជាមួយក្រុមតាលីបង់ទៅវិញ។ ក្រុមអ្នករៀបចំគោលនយោបាយអាមេរិកខ្លះយល់ថា បរាជ័យសព្វថ្ងៃនេះ គឺត្រូវបន្ទោសលើអំពើពុករលួយ នៅក្នុងជួររដ្ឋាភិបាលប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani ជាពិសេសនៅក្នុងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ របស់អាហ្វហ្កានីស្ថានតែម្ដង។ ក្រុមអ្នកជំនាញ និងឧត្ដមសេនីយ៍អាមេរិកជាច្រើននាក់ ធ្លាប់បានព្រមានថា រដ្ឋាភិបាលលោក Ghani អាចនឹងត្រូវដួលរំលំក្នុងរយៈពេល ០៦ខែ ក្រោយកងទ័ពអាមេរិកដកចេញទាំងស្រុង។ តែក្រោយក្រុមតាលីបង់វាយដណ្ដើមបានទីក្រុងជាបន្តបន្ទាប់ លឿនដូចផ្លេកបន្ទោរ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានវាយតម្លៃជាថ្មីកាលពីថ្ងៃពុធសប្ដាហ៍នេះថា ទីក្រុងកាប៊ុលនឹងធ្លាក់ចូលកណ្ដាប់ដៃក្រុមតាលីបង់ក្នុងរយៈពេល ៩០ថ្ងៃ ឬអាចលឿនជាងនេះក៏ថាបាន ប្រសិនបើក្រុមសកម្មប្រយុទ្ធមួយនេះ នៅតែបន្តវាយរុលទៅមុខ ដោយគ្មានអ្វីមកបង្អាក់ដំណើរ។

ស្ថានការណ៍ក្នុងរដ្ឋធានីកាប៊ុលនៅពេលនេះ បានធ្វើឱ្យគេនឹកឃើញដល់ទីក្រុងភ្នំពេញ ក្រោមរបបដឹកនាំរបស់លោក លន់ នល់ និងទីក្រុងសៃហ្គន (ទីក្រុងហូជីមិញ) របស់វៀតណាមខាងត្បូងកាលពីឆ្នាំ១៩៧៥ ដែលបានដួលរំលំក្រោយសហរដ្ឋអាមេរិក ដកខ្លួនចេញពីតំបន់ឥណ្ឌូ-ចិន។ បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនពី សង្រ្គាមវៀតណាម ក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៧៣ កងទ័ពវៀតណាមខាងត្បូង នៅអាចការពារទឹកដីរបស់ខ្លួនបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះ មុននឹងកងទ័ពវៀតណាមខាងជើង បើកការវាយលុកផ្ដាច់ព្រ័ត្របង្រួបបង្រួមប្រទេស។ ពោលគឺនៅពេលនោះ វៀតណាមខាងត្បូងនៅមានលទ្ធភាពតតាំងជាមួយ វៀតណាមខាងជើង ដោយសារមានការគាំទ្រយ៉ាងរឹងមាំពីយន្ដហោះចម្បាំង និងជំនួយភស្ដុភារបស់សហរដ្ឋអាមេរិក។ ប៉ុន្តែការផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះបន្តិចម្ដងៗពី ២.២ពាន់លានដុល្លារក្នុងឆ្នាំ១៩៧៣ មកនៅ ១.១ពាន់លានដុល្លារក្នុងឆ្នាំ១៩៧៤ និងនៅសល់តែ ៧០០លានដុល្លារនៅឆ្នាំ១៩៧៥។

ក្រោយត្រូវបានអាមេរិកបោះបង់ចោល របបដឹកនាំវៀតណាមខាងត្បូងបានដួលរលំ ហើយជនជាតិវៀតណាមខាងត្បូង ដែលធ្លាប់ធ្វើការឱ្យសហរដ្ឋអាមេរិកត្រូវប្រឈមមុខនឹងគ្រោះថ្នាក់។ រូបថតឧទ្ធម្ភាគចក្រអាមេរិក ដឹកបុគ្គលិកទូតហោះចាកចេញពីដំបូលស្ថានទូតអាមេរិក ខណៈរថក្រោះកងទ័ពវៀតណាមខាងជើងបើកកាត់តាមដងផ្លូវក្នុងទីក្រុង សៃហ្គន បានក្លាយជារូបភាពប្រវត្តិសាស្ត្រ នៃការបិទបញ្ចប់សង្រ្គាមវៀតណាមទាំងស្រុង។ ជនជាតិវៀតណាមខាងត្បូង ដែលធ្លាប់ធ្វើការឱ្យទីក្រុងវ៉ាស៊ីនតោន និងគ្រួសាររបស់ពួកគេប្រមាណតែ ២០,០០០នាក់ប៉ុណ្ណោះ ត្រូវបានជម្លៀសទៅកាន់សហរដ្ឋអាមេរិក។ ចុះអ្នកដែលនៅសល់មានរឿងអ្វីកើតឡើង ចំពោះពួកគេ?

កាសែតអាមេរិក National Review កាលពីឆ្នាំ១៩៧៧ បានចុះផ្សាយថា កងទ័ពវៀតណាមខាងជើងបានរឹបអូសឯកសារជាច្រើន ចេញពីស្ថានទូតអាមេរិក ហើយបានសម្លាប់ជនជាតិវៀតណាមខាងត្បូង ៣០,០០០នាក់ ដែលត្រូវបានចោទថា បានចូលរួមក្នុងប្រតិបត្តិការ ហ្វឺនិច (Operation Phoenix) និងប្រតិបត្តិការរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក សម្លាប់មេដឹកនាំរណសិរ្សរំដោះជាតិវៀតណាមខាងត្បូង។

បច្ចុប្បន្ន សម្ពាធបានធ្លាក់ទៅលើលោកប្រធានាធិបតី ចូ បៃដិន វិញម្ដង ដែលកំពុងប្រឹងប្រែងធានាឱ្យបានថា រឿងដែលបានកើតឡើងលើជនជាតិវៀតណាមខាងត្បូង ទាំងនេះនឹងមិនកើតឡើងម្ដងទៀតលើជនជាតិអាហ្វហ្កានីស្ថាន ដែលធ្លាប់ធ្វើការឱ្យសហរដ្ឋអាមេរិក។ បើតាមការវាយតម្លៃរបស់ក្រុមមន្ត្រីអាមេរិក ជនជាតិអាហ្វហ្កានីស្ថានដែលធ្លាប់ធ្វើការឱ្យអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេប្រមាណជា ៣៥,០០០នាក់ អាចប្រឈមមុខនឹងការធ្វើទារុណកម្ម, សម្លាប់ ឬជាប់ឃុំ ប្រសិនបើអាហ្វហ្កានីស្ថានធ្លាក់ចូលដៃក្រុមតាលីបង់។

រដ្ឋបាលលោក បៃដិន មានផែនការបញ្ជូនជនជាតិអាហ្វហ្កានីស្ថានទាំងនេះ ខ្លះទៅសហរដ្ឋអាមេរិក និងខ្លះទៀតទៅប្រទេសទី ៣ ដូចជា គូវ៉ែត និងកាតាជាដើម។ យ៉ាងណាក៏ដោយ អ្វីដែលគេនៅចាំមិនភ្លេច នោះគឺចាប់តាំងពីឆ្នាំ២០០៨មក អាមេរិកខ្លួនឯងបានទទួលយកជនភៀសខ្លួនអ៉ីរ៉ាក់តែជាង ៤៧,០០០នាក់ រីឯរាប់ម៉ឺននាក់ទៀត នៅតែកំពុងរង់ចាំឆ្លងកាត់នីតិវិធីស្នើសុំសិទ្ធិជ្រកកោនស្របច្បាប់ នៅសហរដ្ឋអាមេរិកនៅឡើយ។

* តើលោក បៃដិន នឹងទុកឱ្យទីក្រុងកាប៊ុល ក្លាយជាទីក្រុងសៃហ្គនទី២ឬ?

រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសបញ្ជូនកងទ័ព ៣,០០០នាក់ទៅដល់ប្រទេសអាហ្វហ្កានីស្ថាន ក្នុងពេល ៤៨ម៉ោង ខាងមុខ ដើម្បីសម្រួលដល់ការជម្លៀសបុគ្គលិកស្ថានទូត និងពលរដ្ឋអាមេរិកចេញពីទីក្រុងកាប៊ុល។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរនាំពីកងទ័ពទាំងនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ នៃក្រសួការពារជាតិអាមេរិក លោក John Kirby បានបញ្ជាក់ថាកងទ័ព ៣,០០០នាក់នឹងត្រូវស្ថិតនៅក្នុងទីក្រុងកាប៊ុលបណ្ដោះអាសន្ន គ្រាន់តែដើម្បីជម្លៀសបុគ្គលិកស្ថានទូត និងពលរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថាន។ «យើងមិនមែនបិទស្ថានទូតអាមេរិកក្នុងទីក្រុងកាប៊ុលទាំងស្រុងនោះទេ ហើយ ក៏គ្មាននរណាម្នាក់បោះបង់ចោលអាហ្វហ្កានីស្ថាននោះដែរ... តែនេះជារឿងដែលត្រូវធ្វើ ដើម្បីការពារពលរដ្ឋរបស់យើង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក John Kirby។

បើតាមលោក John Kirby ក្រៅតែពីកងទ័ព ៣,០០០នាក់នេះ មន្ទីរបញ្ចកោណក៏នឹងបញ្ជូនកងទ័ព ១,០០០នាក់ទៅកាន់ប្រទេសកាតា ដែលជាទីបញ្ជាការប្រត្តិបត្តិការសឹក នៅអាហ្វហ្កានីស្ថាន ព្រមទាំងកងទ័ពពី ៣,៥០០នាក់ ដល់ ៤,០០០នាក់ទៀតទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសគូវ៉ែតផងដែរ ដើម្បីត្រៀមលក្ខណៈក្នុងគ្រាដែល ស្ថានការណ៍អាក្រក់ណាមួយកើតឡើង។ លោក John Kirby មិនបានលម្អិតថា តើអ្វីទៅជាស្ថានការណ៍អាក្រក់នោះទេ ឬក៏ថាតើនេះជាការត្រៀមលក្ខណៈធ្វើអន្តរាគមន៍ យោធាជួយស្រោចស្រង់រដ្ឋាភិបាលទីក្រុងកាប៊ុល ឬក៏យ៉ាងណានោះទេ?

ពិតមែនទៅ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោក Mark Milley ធ្លាប់បានច្រានចោលការប្រៀបប្រដូចសា្ថនការណ៍នៅអាហ្វហ្កានីស្ថាន ទៅនឹងស្ថានការណ៍ ទីក្រុងសៃហ្គន។ លោក Milley បានគូសបញ្ជាក់ដូច្នេះថា៖ «អ្នកទាំងអស់គ្នាមិនអាចព្យាករពីអនាគតបានឡើយ ហើយខ្ញុំក៏មិនយល់ស្របថា ស្ថានការណ៍ទីក្រុង សៃហ្គន កាលពីឆ្នាំ១៩៧៥ កំពុងកើតឡើងជាថ្មីនៅអាហ្វហ្កានីស្ថាននោះដែរ។ ដ្បិតតាលីបង់មិនមែនជាកងទ័ពវៀតណាមខាងជើង ហើយស្ថានការណ៍វិញក៏មិនដូចគ្នាទៅទៀត»។

តែទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគភាគច្រើនយល់ថា មានភាគរយតិចតួចណាស់ដែលលោក ចូ បៃដិន នឹងត្រឡប់បកក្រោយវិញ ឬសម្រេចចិត្តធ្វើសង្រ្គាមជាមួយក្រុមតាលីបង់ជាថ្មី។ ពីព្រោះថាអាមេរិកសព្វថ្ងៃ បិទភ្នែក បើកភ្នែកឃើញតែចិន ពោលគឺនយោបាយថ្មីរបស់អាមេរិក ក្រោមការដឹកនាំរបស់លោក បៃដិន បានងាកមកផ្ដោតជាសំខាន់លើតំបន់អាស៊ីជាអាទិភាព ដោយធ្វើយ៉ាងណាខ្ទប់ការកើនឡើងឥទ្ធិពលចិន ហើយដើម្បីអាចធ្វើបែបនេះបានអាមេរិកត្រូវបង្វែរ ឬប្រមូលធនធានជាច្រើន។

លោក ចូ បៃដិន កាលពីថ្ងៃអង្គារកន្លងទៅបាននិយាយថា លោកមិនមានការសោកស្ដាយឡើយ ចំពោះការដកកងទ័ពអាមេរិក ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ច្រើនជាង ១ទ្រីលានដុល្លារ និងពលីអាយុជីវិតកងទ័ពរាប់ពាន់នាក់ ក្នុងសង្រ្គាមដ៏យូរអង្វែងរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន។ មិនតែប៉ុណ្ណោះលោក បៃដិន ផ្ទាល់ក៏បាននិយាយចំៗផងដែរថា ការការពារប្រទេសអាហ្វហ្កានីស្ថាន គឺជាកាតព្វកិច្ចរបស់កងទ័ពអាហ្វហ្កានីស្ថានទាំងស្រុង។

គួរបញ្ជាក់ថា កាលពីព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រាប់ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani ថា សហរដ្ឋអាមេរិកនឹងនៅតែបន្តផ្ដល់ការគាំទ្រដើម្បីធានាសន្តិភាព និងស្ថិរភាពរបស់អាហ្វហ្កានីស្ថាន ហើយថា សហរដ្ឋអាមេរិកនៅតែមានការប្ដេជ្ញាចិត្ត គាំទ្រដល់ដំណោះស្រាយនយោបាយមួយបញ្ចប់ជម្លោះ។ តើនេះគ្រាន់តែជាសន្យាខ្យល់ ឬ? ព្រោះថាអ្វីដែលគេសង្ឃឹមថា អាចស្រោចស្រង់រដ្ឋាភិបាលអាហ្វហ្កានីស្ថានបាន នោះមានតែការធ្វើអន្តរាគមន៍របស់អាមេរិក និង NATO ប៉ុណ្ណោះ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្លាប់បានបញ្ជាក់មុនពេលទ្រង់ ត្រូវបានពួកខ្មែរក្រហមយកទៅប្រហារជីវិតថា «ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមានកំហុសតែមួយគត់នោះ គឺជឿលើសហរដ្ឋអាមេរិក»។ ដូច្នេះថា តើបើសិនរដ្ឋាភិបាលអាហ្វហ្កានីស្ថានពិតជាដួលរលំមែន តើវាមានន័យដូចម្ដេច ចំពោះសម្ពន្ធមិត្តរបស់អាមេរិកដទៃ? ជាពិសេសគឺកោះតៃវ៉ាន់តែម្ដង ដែលកំពុងពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក ដើម្បីការពារពួកគេពីចិន៕

ប្រភព៖ Hoover Institution និង Reuters (ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១)

















បទអត្ថាធិប្បាយ៖ ខ្សែបន្ទាត់ក្រហមរបស់ចិន មិនអនុញ្ញាតឱ្យបំពានបាននោះឡើយ

(ប៉េកាំង)៖ ព្រោះតែលីទុយអានីបានរំលោភយ៉ាងកម្រោល នូវស្មារតីនៃសេចក្តីប្រកាសស្តីពីការបង្កើត ទំនាក់ទំនងផ្លូវទូត រវាងប្រទេសទាំងពីរ គឺចិននិងលីទុយអានី ដោយបានអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់បង្កើត «ទីស្នាក់ការតំណាង» នៅប្រទេសលីទុយអានី ក្នុងនាមជា «តៃវ៉ាន់» ដូច្នេះ ភាគីចិន បានប្រកាសកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសលីទុយអានី ឱ្យត្រឡប់ទៅវិញនិងតម្រួវឱ្យរដ្ឋាភិបាលលីទុយអានី កោះហៅឯកអគ្គរដ្ឋទូតខ្លួនប្រចាំនៅប្រទេសចិន ឱ្យត្រឡប់ទៅវិញកាលពីថ្ងៃទី១០ ខែសីហា។


សកម្មភាពការទូតដ៏កម្រមាននេះ បានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់មួយថា មិនថាប្រទេសណាបំពានខ្សែបន្ទាត់ក្រហមរបស់ចិន ដែលគាំពារអធិបតេយ្យភាពនិងបូរណភាពដែនដីជាតិ មុខជានឹងរងការប្រឆាំងតបតវិញយ៉ាងដាច់ខាតជាមិនខាន។ ចាប់តាំងពីចូលឆ្នាំនេះមក ប្រទេសលីទុយអានីបានគប់គិតជាមួយអាជ្ញាធរតៃវ៉ាន់ជាប់រហូតមក ដែលបានប្រព្រឹត្តទង្វើបង្ករឿងហេតុ ដើម្បីប្រឆាំងនឹងប្រទេសចិនជាបន្តបន្ទាប់។

កាលពីខែកក្កដាឆ្នាំនេះ ភាគីលីទុយអានីឯកភាពគ្នាឱ្យអាជ្ញាធរតៃវ៉ាន់បង្កើតអ្វីដែលហៅថា «ទីស្នាក់ការនៃតំណាង» នៅក្រុង វីលនីស រដ្ឋធានីលីទុយអានី ដែលបានល្មើសយ៉ាងកម្រោល នូវគោលការណ៍ប្រទេសចិនតែមួយ ដែលត្រូវទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ និងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។ ការកោះហៅឯកអគ្គរដ្ឋទូតចិន ឱ្យត្រឡប់ទៅវិញរបស់ភាគីចិនលើកនេះ ជាទង្វើដ៏ចាំបាច់និងត្រឹមត្រូវ ដើម្បីគាំពារផលប្រយោជន៍ស្នូល របស់ប្រទេសជាតិ ហើយក៏ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសលីទុយអានី និងប្រទេសផ្សេងទៀតដែលមានចេតនាអាក្រក់ផងដែរ។

តាមការពិត អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ថា លីទុយអានីដែលពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិកលើវិស័យសន្តិសុខ បានបង្ករឿងហេតុជុំវិញបញ្ហាតៃវ៉ាន់ឥតឈប់ឈរ ចាប់តាំងពីរដ្ឋាភិបាលអាមេរិកអាណត្តិនេះ បានឡើងកាន់មុខតំណែងមក គឺចង់ផ្គាប់ចិត្តភាគីអាមេរិកតាមរយៈទង្វើបែបនេះ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ដល់តម្រូវការរបស់ខ្លួន។ ប៉ុន្តែ លីទុយអានីបានវាយតម្លៃខ្ពស់ ចំពោះឋានៈនិងសមត្ថភាពរបស់ខ្លួន ។

សហរដ្ឋអាមេរិក បានដាក់ចំណុចសំខាន់នៃយុទ្ធសាស្ត្រនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការបង្កើតរចនាសម្ព័ន្ធក្នុងតំបន់របស់អាមេរិក ប្រទេសលីទុយអានី ដែលជាប្រទេសតូចនៅតាមសមុទ្របាល់ទិកនេះ សូម្បីតែកូនអុកក៏មិនមែនដែរ។ មិនថាលីទុយអានីបង្ករឿងហេតុ យ៉ាងណាក៏ដោយ ក៏មិនអាចបង្កជាផលប៉ះពាល់អ្វីនោះឡើយ គ្រាន់តែនឹងធ្វើឱ្យខ្លួនឯងរងការខូចខាតយ៉ាងដំណំប៉ុណ្ណោះ ។

បច្ចុប្បន្ននេះ អ្វីដែលមានសារៈសំខាន់បំផុតចំពោះលីទុយអានីគឺ ស្វែងយល់ពីព័ត៌មានសំខាន់ដែលប្រទេសចិន បានបញ្ចេញតាមរយៈការកោះហៅឯកអគ្គរដ្ឋទូតចិន ឱ្យត្រឡប់ទៅវិញលើកនេះ ព្រមទាំងយល់ឃើញថា គោលការណ៍ប្រទេសចិនតែមួយជា មូលដ្ឋាននយោបាយសម្រាប់ឱ្យប្រទេសចិន អភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយប្រទេសដទៃទៀត ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងប្រជាជនចិន ក្នុងការសម្រេចការបង្រួបបង្រួមជាតិ គឺមិនអាចរង្គោះរង្គើបានទេ ហើយខ្សែបន្ទាត់ក្រហមស្តីពីការគាំពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ចិន ក៏មិនអនុញ្ញាតឱ្យបំពានបានផងដែរ។

ភាគីលីទុយអានីគួរតែដឹងច្បាស់ថា ការស្វែងរកផលប្រយោជន៍ ក្នុងការប្រកួតប្រជែងរវាងប្រទេសធំៗ មិនខុសអ្វីពីការប្រលែងជាមួយភ្លើងនោះទេ ដែលងាយប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន។ លីទុយអានីចំាបាច់ត្រូវកែតម្រូវ សេចក្តីសម្រេចចិត្តដ៏ខុសឆ្គងភ្លាម ចាត់វិធានការយ៉ាងប្រាកដប្រជា លុបបំបាត់ឥទ្ធិពលអវិជ្ជមាន កុំដើរឱ្យកាន់តែឆ្ងាយទៅៗលើផ្លូវខុសឆ្គង។ ការបង្រួបបង្រួមត្រើយទាំងសងខាងច្រកសមុទ្ររបស់ប្រទេសចិន ជានិន្នាការប្រវត្តិសាស្ត្រ ដែលគ្មានអ្នកណាឬកម្លាំងណាអាចរារាំងបានទេ៕



លោក អ៊ុ រាត្រី ដឹកនាំក្រុមការងារជួបពិភាក្សា ដើម្បីដោះស្រាយកិច្ចការបន្ទាន់ជាមួយភាគីថៃ នៅតំបន់ស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ បាន ជួបពិភាក្សាកិច្ចការងារមួយចំនួនជាមួយ លោក អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។

ក្នុងជំនួបពិភាក្សាជាមួយលោកអភិបាលខេត្តស្រះកែវ ដោយផ្តោតលើចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖
១-ដោយសារស្ថានភាពនៃការដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំលែងថ្មីDelta និងមានការបិទព្រំដែនមិនអោយបងប្អូនចូលមកទឹកដីកម្ពុជា ១៤ ដូច្នេះ ខាងខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ សូមជួយសម្របសម្រួលដោះស្រាយបញ្ហាបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ ស្នើសុំកុំអោយមានការបញ្ជូនបងប្អូនមកជាកំហុក មានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូន តាមវិធានសុខាភិបាល។

២-ដោយទទួលបានគោលការណ៍ឯកភាពលើកមុនពាក់ព័ន្ធការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងផ្សាររុងក្លឿ ខេត្តស្រះកែវ ក្នុងជំនួបពិភាក្សាព្រឹកនេះ បានឯកភាពជាថ្មីនឹងអនុញ្ញាត្តជាគោលការណ៍រៀបចំការចាក់វ៉ាក់សាំងលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរក្នុងផ្សាររុងក្លឿប្រមាណ ១០០០០នាក់ ពេលវេលាថ្ងៃណានឹងជូនដំណឹងបន្ថែម ។

៣-ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២ ពិសេសការគ្រប់គ្រងបងប្អូនពលករទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ពិសេសមេរោគថ្មីDelta៕



 

រដ្ឋបាលខេត្តស្វាយរៀង ទទួលអំណោយពីលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ស្វាយរៀង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀងនេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្ត បានទទួលអំណោយពីលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តស្វាយរៀង ។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានមានប្រសាសន៍ថា ជំនួយដែលបានផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ជាពិសេស បានជួយសម្រាលបន្ទុកដល់ពលករចំណាកស្រុកដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះនៃខេត្តស្វាយរៀង ស្របតាមអានុសាសន៍របស់លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា ថៃ ។

លោកជំទាវបានបន្តទៀតថា បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅកម្ពុជា បាននឹងកំពុងឈានទៅរកភាពកាន់តែប្រសើរហើយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា ទាំងចំនួនអ្នកឆ្លង និងអ្នកស្លាប់បានថយចុះគួរឲ្យត់សម្គាល់ ក្រោមការគិតគូរ និងការយកចិត្តទុក្ខដាក់ខ្ពស់ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ និងការគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ប៉ុន្តែ ទោះជាយ៉ាងនេះកី្ត យើងក៏នៅតែបារម្មណ៍អំពីការឆ្លងនៃមេរោគបំផ្លែងខ្លួនថ្មី ដែលតា (ដែលការចម្លងមានល្បឿនលឿន) ដែលទាមទារឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុក្ខដាក់ក្នុងការការពារបន្ថែមមួយកម្រិតទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ផ្តាច់នៃការចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ ។

អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀងថ្ងៃនេះ រួមមាន ៖ សម្លៀកបំពាក់ពេទ្យ PPE ១.០០០ឈុត អង្ករ ២តោន ទឹកសុទ្ធ ២០០កេស ម៉ាស់ ១០០.០០០ម៉ាស់ ថ្នាំបុរាណចិន ៤០០ប្រអប់ ស្បែកជើង ១០០គូរ មី ១០០កេស ត្រីខ ១០០កេស ភួយ ៥០០ភួយ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ  ក្នុងនោះផងដែរក៏មានអំណោយរបស់សមាគមមិត្តភាពកម្ពុជា-ចិន រួមមាន ៖ ម៉ាស៊ីនជំនួយ អ៊ុកស៊ីហ្សែន ១ ម៉ាស់ និងអាវពេទ្យ៕




 

អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំដើម្បើពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យជាតិ

កោះកុង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មការពិនិត្យ និងវាយតម្លៃ កម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង តំណាង របស់អភិបាលខេត្ត បានដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មការ ដើម្បើប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១។

តបតាមសំណើរបស់ពន្ធនាគារខេត្ត ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស មានសរុបចំនួន ២៣នាក់ ក្នុងនោះ៖
១-ពិធីបុណ្យឯករាជ្យជាតិ ស្នើសុំ ១១នាក់ (ស្រី ០២)
-បន្ធូបន្ថយទោស ៣ខែ មានចំនួន ០៥នាក់ (ស្រី ០១)
-បន្ធូបន្ថយទោស ៦ខែ មានចំនួន ០២នាក់
-បន្ធូបន្ថយទោស ៩ខែ មានចំនួន ០៣នាក់ (ស្រី ០១)
-លើកលែងទោស មានចំនួន ០១នាក់
២-ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ស្នើសុំ ១២នាក់ (ស្រី ០១)
-បន្ធូបន្ថយទោស ៣ខែ មានចំនួន ០៦នាក់
-បន្ធូបន្ថយទោស ៦ខែ មានចំនួន ០២នាក់
-បន្ធូបន្ថយទោស ៩ខែ មានចំនួន ០១នាក់
-បន្ធូបន្ថយទោស ១២ខែ មានចំនួន ០១នាក់
-លើកលែងទោស មានចំនួន ០២នាក់ (ស្រី ០១)

ជាលទ្ធផល គណៈកម្មការបានសម្រេចឯកភាព លើការដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ៨/១១សំណើ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និង ៧/១២សំណើ សម្រាប់ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ មន្ទីរ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ បន្តកិច្ចសហការល្អ បំពេញតួនាទីភារកិច្ចឈរលើស្មារតីទទួលខុសត្រូវ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធាន សុខាភិបាលនានា និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងជំងឺបំប្លែងថ្មី ដែលតា(Delta) ផងដែរ៕


 

រដ្ឋបាលខេត្តព្រះវិហារទទួលបានគ្រែបត់ ជាការឧបត្ថម្ភតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីបំរើដល់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលកម្រិតស្រាល

ព្រះវិហារ៖ នៅថ្ងៃទី១២ ខែសីហា  ឆ្នាំ២០២១ លោក ប្រាក់ សុវណ្ណ  អភិបាលខេត្តព្រះវិហារ បានទទួលគ្រែបត់(ប៉ៅអី) ដែលជាការឧបត្ថម្ភពីសំណាក់មន្ទីរអង្គភាពជុំវិញខេត្តរដ្ឋបាលខេត្តព្រះវិហារទទួលបានគ្រែបត់(ប៉ៅអ៊ី) ចំនួន ពីតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត្ត ជូនរដ្ឋបាលខេត្ត បម្រើដល់មណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលកម្រិតស្រាល នៅទូទាំងខេត្តដែលកំពុងជួបប្រទះ ចាប់អស់ខាត់ និងសម្ភារៈសម្រាប់ស្នាក់នៅរបស់ពលករដូចជាអ្នកព្យាបាលកូវីដ-១៩ ដើម្បីទប់ស្កាត់ ការរីករាលដាលដល់នៅជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់មន្ទីរអង្គភាពជុំវិញខេត្ត នាឱកាសនេះ ដែលនេះបានស្ដែងពីទឹកចិត្តនិងការចូលរួមរបស់លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តក្នុងបុព្វហេតុចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ covid-19 ដែលដែលកំពុងរាតត្បាតចូលក្នុងសហគមន៍នៅខេត្តព្រះវិហារក៏ដូចជានៅទូទាំងប្រទេសទាំងមូល ជាមួយរាជរដ្ឋាភិបាលក៏ដូចរដ្ឋបាលខេត្ត។

លោក ប្រាក់ សុវណ្ណ ក៏បានជូនពរដល់លោកលោកស្រីប្រធានមន្ទីរក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងមន្ទីរទាំងអស់ដែលបានចូលរួមបរិច្ចាគជាប៉ៅអ៊ីក៏ដូចជាគ្រែបត់នាពេលនេះសូមទទួលបាននូវសុខភាពល្អបរិបូណ៍សុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចពិសេសជៀសផុតជំងឺកូវីដ19។

សូមជម្រាបផងដែរថា មន្ទីរដែលបានចូលរួមឧបត្ថម្ភគ្រែបត់(ប៉ៅអ៊ី)នាពេលនេះមានដូចខាងក្រោម៖
១-ពន្ធនាគារខេត្ត គ្រែបត់ចំនួន ៤០គ្រែ ភួយ៤០ មុង៤០
២-មន្ទីរអភិវឌ្ឍជនបទគ្រែបត់ចំនួន ៥០ គ្រែ
៣-មន្ទីរកិច្ចការនារីគ្រែបត់ចំនួន ៤០ គ្រែ
៤-មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា គ្រែបត់ចំនួន៤០គ្រែ៕





 

ពិធីជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈឧបត្ថម្ភដល់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង៖ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល គណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាលដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តបាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនអ្នកជំងឺកូវីដ-១៩នៅមណ្ឌលកម្រឹតស្រាល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាព អ្នកជំងឺ-១៩ កម្រិតស្រាល ដែលកំពុងសម្រាកក្នុងមណ្ឌលព្យាបាលសព្វថ្ងៃនៅស្រុកទឹកផុសមានចំនួន ៤៤នាក់ ស្រី២២នាក់ ក្នុងនោះមានពលករថ្មីមកពីថៃចំនួន០៧នាក់ ស្រី ០៣ និងមកពីស្រុករលាប្អៀរ ២០ ស្រី១២ ក្រុងកំពង់ឆ្នាំង ០២ ស្រុកកំពង់លែង ០៣ ស្រី០១ ស្រុកទឹកផុស ១៨ ស្រី០៩ និងស្រុកកំពង់ត្រឡាច ០១ ស្រី០ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងតំណាងរាស្រ្ត តែងតែគិតគូរ និងកៀរគរកជំនួយពីសប្បុរសជននានាដើម្បីយកផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងខេត្ត ពិសេសតាមមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលក្នុងខេត្តដែលកំពុងមានបញ្ហាប្រឈមសម្រាប់ចាត់ចែងក្នុងមណ្ឌល ជូនប្រជាពលរដ្ឋសម្រាកព្យាបាលនិងធ្វើចត្តាឡីស័ក។

លោក ស៊ុន សុវណ្ណារិទ្ទិ បានអំពាវនាវឱ្យបងប្អូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលត្រូវខិតខំថែទាំសុខភាពអោយបានល្អ អនុវត្តការព្យាបាលអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ព្រមទាំងអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ដើម្បីឆាប់ជាសះស្បើយ វិលទៅជួបជុំក្រុមគ្រួសារវិញ។

ក្នុងពេលនោះឯកឧត្តម លោកស្រី ក៏បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្តដល់មណ្ឌលព្យាបាលអ្នកជំងឺកម្រិតស្រាលស្រុកទឹកផុសមាន៖ អង្ករចំនួន ១តោន, ត្រីខ០៣ កេស, ទឹកសុទ្ឌ ១០កេស, មី ១០ កេស, ម៉ាស់ ២កេសធំ ស្មើ៥០០០ម៉ាស់, អាល់កុល ៦០លីត្រ, ទឹកអំពិល ១០កេស, ភេសជ្ជៈវីហ្គើ១០កេស ផងដែរ ៕





 

ខេត្តកំពង់ចាម ត្រៀមមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់ពលករមកពីក្រៅប្រទេស អាចទទួលបានចំនួនជាង ៧,០០០នាក់

កំពង់ចាម៖ ខេត្តកំពង់ចាម បានត្រៀមមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់ពលករមកពីក្រៅប្រទេសក្នុងចំនួនជាង ៧,០០០នាក់ ប៉ុន្តែរដ្ឋបាលខេត្ត ខណៈពេលកំពុងរៀបចំជាបន្តបន្ទាប់នេះ មានការខ្វះខាតសម្ភារៈស្នាក់នៅ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំស្ដីអំពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ សម្រាប់ពលករមកពីប្រទេសថៃ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំផ្ទះក្រញូង ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី  និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះរដ្ឋបាលខេត្ត រៀបចំការធ្វើចត្តាឡីស័ក និងព្យាបាលបែងចែកទៅតាមប្រភេទជំងឺកូវីដ១៩ ធម្មតា និងប្រភេទដែលតា ពីព្រោះប្រភេទដែលតានេះ គឺមានការឆ្លងលឿននិងកាចសាហាវ ដែលងាយរងគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋ ។

លោក អភិបាលខេត្ត បានមានប្រសាសន៍បន្តថា កន្លងមកនេះរដ្ឋបាលខេត្តបានរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ១៩ បាន ២កន្លែង គឺមន្ទីរពេទ្យមេគង្គសម្រាប់ព្យាបាលជំងឺកម្រិតធ្ងន់ និងមន្ទីរពេទ្យវិទ្យាល័យព្រះសីហនុ សម្រាប់អ្នកជម្ងឺកម្រិតស្រាល ។ ប៉ុន្តែដោយសារនៅពេលឆាប់ៗ ខាងមុខនេះ វិទ្យាល័យព្រះសីហនុ និងបើកឲ្យសិស្សចូលរៀនវិញ ដូច្នេះ កន្លែងព្យាបាលមួយនេះត្រូវផ្ទេរ មណ្ឌលព្យាបាលភ្នំប្រុស ភ្នំស្រី វិញ ដោយប្រើប្រាស់អាគារពាណិជ្ជកម្ម ធ្វើជាកន្លែងព្យាបាលអ្នកជំងឺប្រភេទដែលតា អាចដាក់បានចំនួន ៣១២គ្រែ និងបំពាក់សម្រាប់សង្គ្រោះបន្ទាន់ ២០ គ្រែ នឹងនៅសល់ជាង ៦០០គ្រែទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដប្រភេទធម្មតា។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានរៀបចំមណ្ឌលធ្វើចត្តាឡីស័កសម្រាប់ពលករ ដោយនៅក្នុងសាលាគរុកោសល្យភូមិភាគបន្ថែម ៤អគារទៀត និងឃ្លាំងពាណិជ្ជកម្ម ក្នុងក្រុងកំពង់ចាម បូករួមទាំងឃ្លាំងពាណិជ្ជកម្ម១ទៀត នៅក្នុងស្រុកកងមាស រួមទាំងមណ្ឌលធ្វើចត្តាឡីស័ក នៅតាមបណ្ដាលស្រុកទាំង៩ ផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ដោយសារតែមណ្ឌលធ្វើចត្តាឡីស័ក នៅតាមបណ្ដារស្រុក ភាគច្រើនជាសាលារៀន ដូច្នេះក្នុងពេលមិនយូរខាងមុខនេះ នឹងត្រូវយកសាលារៀនបើកឲ្យសិស្សចូលរៀនវិញ ។ ហេតុនេះហើយ ការរៀបចំកន្លែងមណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យាបាលនៃឃ្លាំងពាណិជ្ជកម្មទាំង ៣នេះ គឺជួបប្រទះការខ្វះខាត សម្ភារៈស្នាក់នៅឲ្យបានសមរម្យ សម្រាប់បងប្អូនពលករដែលចូលធ្វើចត្តាឡីស័កនៅទីនោះ ។ ជាងនេះទៅទៀត រដ្ឋបាលខេត្តក៏បានរៀបចំពហុកីឡាដ្ឋានមួយកន្លែងដែរ ក្នុងក្រុងកំពង់ចាម ធ្វើជាមណ្ឌលចត្តាឡីស័កប្រសិនបើមានការកើនឡើង ពលករមកពីក្រៅប្រទេសនោះ ដែលអាចទទួលពលករបានប្រមាណជា ៣,០០០នាក់ ។

ដោយឡែកចំពោះអ្នកពាក់ព័ន្ធក្នុងសហគមន៍ ២០ កុម្ភៈ គឺរដ្ឋបាលខេត្តតម្រូវឲ្យពួកគាតធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយអនុវត្តទៅតាមវិធានសុខាភិបាល ។ ប៉ុន្តែត្រូវតែគិតគូរអំពីជីវភាពរបស់ពួកគាត់ ពោលគឺផ្ដល់ជូនជាស្បៀងអាហារដល់ពួកគាត់ ដោយសារតែពួកគាត់មិនអាចចេញក្រៅប្រកបមុខរបរបាន ៕




 

តំបន់ប្រតិបត្តការសឹករងព្រះវិហារ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៣ ជូនដល់កងកម្លាំងទីបញ្ជាការជួរមុខទិសយោធភូមិភាគទី៤

ព្រះវិហារ៖ នៅថ្ងៃទី១១ ខែសីហា  ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ បានបើកដំណើរការ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ប្រភេទ( អាស្ត្រាហ្សេនីកា)   ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់កងកម្លាំង          ទីបញ្ជាការ ទិសយោធភូមិភាគទី ៤ ដែលបំពេញភារកិច្ច ជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ -ឡាវ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ~១៩ បំលែងថ្មី ប្រភេទ ដែលតា(Delta) ដែលកំពុងឆ្លងរីករាលដាលនៅក្នុងតំបន់ និង ពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ  ។

យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី៣ នេះធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា បានមានប្រសាសន៍លើកឡើងថា វ៉ាក់សាំង ដែលចាក់ជូនបងប្អូនមន្ត្រីរាជការកងកម្លាំង គ្រួសារទ័ពជួរមុខដូសទី៣ នាពេលនេះ គឺជាការផ្តល់ជូន ពីសំណាក់សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរបស់យើងឲ្យបានគ្រប់ៗគ្នា ។ ក្នុងនាមខ្ញុំបាទជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តការសឹករងព្រះវិហារ ឯកឧត្តម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានិច្ចជាកាល តែងតែរួមសុខ រួមទុក្ខជាមួយមន្ត្រីរាជការកងកម្លាំង ក្រោមឱវាទ ដែលបំពេញភារកិច្ចនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ -ឡាវ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីឱ្យរួចផុតពីជំងឺកូវីដ-១៩ នេះ៕




ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង នាំយកបំពង់និងខ្យល់អុកស៊ីហ្សែន ដែលជាអំណោយ របស់លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល ប្រគល់ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងប្រធានមន្ទីរ បាននាំយកបំពង់ និងខ្យល់អុកស៊ីហ្សែនចំនួន៦០(ហុកសិប)បំពង់ ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រគល់ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់ក្នុងការព្យាបាល ប្រជាពលរដ្ឋដែលសម្រាកព្យាបាលជំងឺកូវីដ-១៩ និងជំងឺទូទៅ។


ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត នៅគ្រប់កាលៈទេសៈ និងសូមគោរពជូនពរលោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល លោកទេសរដ្ឋមន្ត្រី គុយ សុផល ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ទទួលបានជ័យជំនះគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




 

នាយទាហាន ពលទាហាន កម្លាំងនគរបាលការពារព្រំដែនគោក រួមនិងគ្រួសារ រស់នៅ ខេត្តមណ្ឌលគិរី បានទទួលការចាក់វ៉ាក់សាំងដូសទីបី

មណ្ឌលគិរី៖ នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និង កម្លាំងនគរបាលការពារព្រំដែនគោក រួមនិង គ្រួសារ រស់នៅខេត្តមណ្ឌលគិរី បានទទួលការចាក់វ៉ាក់សាំងដូសទី ៣ ឬ ដូសជំរុញ  ក្រោមការយកចិត្តទុក ដាក់ពីសំណាក់         ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យក្រុមគ្រូពេទ្យ  ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី ៣ ឬដូសជំរុញ(Astrazeneca) ដល់ នាយទាហាន ពលទាហាន គ្រួសារ និង កម្លាំងវរនគរបាលការពារព្រំដែនគោក លេខ៦២១ / និង ៣០៣ ។

ឧត្តមសេនីយ៍ទោ សាន គឹមអឿន បានថ្លែងថា វ៉ាក់សាំង Astrazeneca ដែលចាក់ជូន ពេលនេះ ជាដូសទី៣ គឺជាការផ្តល់ជូនពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោក បានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញ វិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់ៗគ្នា ដូច្នេះយើងទាំងអស់គ្នាត្រូវគោរពដឹងគុណចំពោះលោក។

ឧត្តមសេនីយ៍ទោ សាន គឹមអឿន បានបញ្ជាក់ថា ការចាក់ដូសទី ៣ នេះគឺ  ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេស ប្រភេទ Delta ដែលបានឆ្លងចូលសហគមន៍ ហើយឯកឧត្តម បានអំពាវនាវសូមបងប្អូន បន្តអនុវត្តវិធានការ ការពារតាមការណែនាំ របស់ សម្តេចតេជោ ឲ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣ ការពារ និង ៣ កុំ  ៕





 

នាយឧត្តមសេនីយ៍ គន់ គីម ត្រួតពិនិត្យចាក់វ៉ាក់សាំងដូសទី៣ ជូនដល់អតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅ ខេត្តកណ្តាល

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសជម្រុញ ឬដូសទី៣ (អាស្រ្តាសេណឺកា) ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែសីហានេះ នៅតំបន់ប្រតិបត្តិការសឹក ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹក ខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល បានឲ្យដឹងថា តាមគម្រោងនៃការចាក់ បងប្អូនអតីតយុទ្ធជនកម្ពុជា នៅទូទាំងខេត្តកណ្តាល មានចំនួន ២ពាន់ ៦៥១នាក់។ ហើយនៅថ្ងៃនេះ ចាក់វ៉ាក់សាំងដូសជម្រុញ ឬ      ដូសទី៣នេះ ជូនដល់បងប្អូនអតីតយុទ្ធជន នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានចំនួន ៤៦៣នាក់។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនៅក្នុងឱកាសនោះថា បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដូសជម្រុញ ឬដូសទី៣ នាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ បម្លែងថ្មី ប្រភេទDelta ដែលកំពុងរាតត្បាតពាសពេញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

លោកបានពាំនាំនូវការផ្ទាំផ្ញើរនិងការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនចំពោះបងប្អូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ហើយដោយបានចាត់ទុកថា អតីតយុទ្ធជនកម្ពុជា ជាអ្នកគំរូមួយនិងឈានមុខ ដែលកន្លងមកបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងស្មារតីយ៉ាងធំធេង ក្នុងកិច្ចការពារបូរណភាពទឹកដី ការស្វែងរកសុខសន្តិភាព និងចូលរួមអភិវឌ្ឍន៍ជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។

ជាមួយគ្នានេះ លោក គន់ គីម បានបន្តថា ចាប់ពីពេលនេះតទៅ យើងត្រូវរៀនរស់នៅក្នុងបរិបទថ្មី នៃជម្ងឺកូវីដ១៩ ហើយនាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើរដល់បងប្អូនអតីតយុទ្ធជនទាំង ទោះបីបានចាក់វ៉ាក់សាំងការពារ      ជម្ងឺកូវីដ១៩ ដូសទី៣ហើយក៏ដោយ ត្រូវតែបន្តកិច្ចការថែរក្សាការពារខ្លួនជាបន្តទៅទៀត ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ការធ្វើអនាម័យ តាម          អនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន និងវិធានការការពារសុខាភិបាល គឺ៣ការពារ និង៣កុំជាបន្តទៅទៀត ព្រមទាំងបានអំពាវនាវដល់បងប្អូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា មកទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដូសទី៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជិវិតរបស់ខ្លួនយើងផ្ទាល់ និងដើម្បីអោយសង្គមជាតិទាំងមូល បានដំណើរការមានភាពប្រក្រតីឡើងវិញ។ នៅក្នុងឱកាសនោះ បងប្អូនអតីតយុទ្ធជន នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានបង្ហាញក្តីរីករាយចំពោះការបានចាក់វ៉ាក់សាំង។ ពួកគាត់ ចាត់ទុកវ៉ាក់សាំងជាឱសថដ៏មានគុណតម្លៃបំផុតសម្រាប់ជួយដល់សុខភាពរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-ដ១៩ ដែលកំពុងរាតត្បាតនៅក្នុងខេត្តកណ្តាលផងដែរ។ជាមួយគ្នានេះ ពួកគាត់ នៅបានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំង បានមើលឃើញថា លោកនាយករដ្ឋមន្ត្រីជាមេដឹកនាំមួយរូប ដែលបានគិតគូរខ្ពស់បំផុតលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕





 

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

ត្បូងឃ្មុំ ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ទីរជំនាញ អង្គភាព និងអាជ្ញាធរស្រុក ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ២កន្លែង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋក្នុងស្រុកក្រូចឆ្មារ។

ក្នុងដំណើរចុះពិនិត្យនោះ ពាក់ព័ន្ធនឹងប្រព័ន្ធធារាសាស្ត្រ២ទីតាំង ក្នុងស្រុកក្រូចឆ្មារ រួមមានបឹងកន្តេរ និង ទំនប់ស្ទាក់ទឹកព្រែកតាកុច ជាទីតាំងប្រភពទឹកយ៉ាងសំខាន់នារដូវប្រាំង សម្រាប់ស្តុកទឹក និងបង្ហូរទឹកប្រើប្រាស់ និងបង្កបង្កើនផលរបស់ប្រជាកសិករ ស្ថិតក្នុងស្រុកក្រូចឆ្មារ។

លោក បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងមន្ទីរជំនាញត្រូវសហការគ្នា ធ្វើយ៉ាងណាធានាទឹកឲ្យមានគ្រប់គ្រាន់ ចេញពីទីតាំងប្រភពទឹកទាំង២ខាងលើ សម្រាប់ស្តុកទុកប្រើប្រាស់ និងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ពិសេសនារដូវប្រាំង ខណៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំធានារាល់ការចំណាយទាំងអស់ ក្នុងការសាងសង់ និងជួសជុលទីតាំងទាំង២នេះ។

បន្ទាប់មកលោក ជាម ច័ន្ទសោភ័ណ បានដឹកនាំមន្ទីរជំនាញ អង្គភាព និងអាជ្ញាធរស្រុក បន្តដំណើរចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធសុខាភិបាលក្នុងស្រុកក្រូចឆ្មារ ចំនួន០៣ទីតាំង រួមមាន៖
១.ពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងឃុំក្រូចឆ្មារ
២.ពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងឃុំក្រូចឆ្មារ
៣.ពិនិត្យមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាល័យកំពង់ទ្រាស ឃុំកំពង់ទ្រាស៕