Monday, July 22, 2024

ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យអភិវឌ្ឍជាតិ

 



នៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៤ ក្នុងឱកាសនៃជំនួបសម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះ សម្ដេចធិបតី បានថ្លែងជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ 


ទន្ទឹមនោះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ ឯកឧត្តមប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។


សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យកសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ៕