Monday, May 17, 2021

សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា មានសមាសភាព១២រូប ដែលមាន លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន និងសមាជិក ១១រូបផ្សេងទៀត។ ក្រុមការងារអន្តរក្រសួងនេះ មានភារកិច្ចដូចខាងក្រោម៖

  * សិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា * សិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា * សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ * រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា * ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំ * រៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ សម្រេច * បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។ អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួងនេះ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញ និងទទួលភារកិច្ចតាមការចាត់ចែង របស់ប្រធានក្រុមការងារ។ ក្រុមការងារនេះ មានសិទ្ធិ ប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់ និងអាចប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងការងាររបស់ខ្លួន៕

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ២៧គ្រួសារ នៅឃុំស្ទឹងត្រង់

ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខាថ្នាក់ដឹកនាំ គណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ជូនដល់លោក យាយ លោកតាចាស់ ជរា គ្មានទីពឹង ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៧គ្រួសារ នៅឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


នាឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកស្រី បាន ស្រីមុំ ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេៗ នៅទូទាំងប្រទេសគ្រប់ពេលវេលាដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយមិនបានដឹងនិងមិនបានជួយដោះស្រាយនោះទេ។


នៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ចដើម្បីជាស វាងការកើតមានជំងឺតម្កាត់ផ្សេងៗជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការពារការឆ្លងរីករាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពាររបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។


សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹងជនពិការនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២៧គ្រួសារ នៅឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ដោយក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ១កេះ ទឹកស៊ីអ៊ីវ ១យួ ទឹកបរិសុទ្ធវីតាល់ ១កេះ ត្រីខ ១យួ ពងទា ១ថែប សាប៊ូ Protex ១ដុំធំ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕








រដ្ឋបាលខេត្តសៀមរាប ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប មកទីតាំងថ្មីនៅវិទ្យាល័យកំពង់ក្តី

 សៀមរាប៖  នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះ ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ជំងឺកូវីដ-១៩” ពីចំណុចឃុំល្វែងឬស្សី ស្រុកជីក្រែង ជិតព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ មកទីតាំងវិទ្យាល័យកំពង់ក្តី នៅភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង។ ការប្តូរទីតាំងនេះ គឺដើម្បីសម្រួលបញ្ចៀសការកកស្ទះ និងបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ការពិនិត្យសុខភាពបឋម និងការចុះឈ្មោះ ឬស្កែន QR Code គឺបានផ្តល់អត្ថប្រយោជន៍ និងធានាបាននូវប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈ៖
១. ទទួលបានព័ត៌មានរបស់អ្នកដំណើរ
២. ពិនិត្យសុខភាពបឋម ក្នុងករណីសង្ស័យឈានទៅយកសំណាក និងចត្តាឡីស័ក
៣. ផ្តល់ព័ត៌មានច្បាស់លាស់ និងរហ័សដល់ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល
៤. កាត់ផ្តាច់ប្រភពចម្លងទៅសហគមន៍។

រដ្ឋបាលខេត្ត សូមការយោគយល់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ ឬឆ្លងចូលភូមិសាស្ត្រខេត្តសៀមរាប មេត្តាចូលរួមសហការជាមួយក្រុមការងារ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ៣ ការពារ និង៣កុំ៕








លោក អ៊ុំ រាត្រី ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងឧបត្ថម្ភ ជូនកម្លាំងប្រជាការពារ ដែលបានចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកកូវីដ១៩

 បន្ទាយមានជ័យ÷ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ស្បៀងឧបត្ថម្ភ ជូនកម្លាំងប្រជាការពារ ដែលបានចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកកូវីដ១៩ នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានណែនាំដល់កម្លាំងប្រជាការពារចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ សូមបងប្អូនកុំចេញក្រៅផ្ទះ​ បេីមិនចាំបាច់ខ្លាំង​។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់កម្លាំងប្រជាការពារទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល៕







ពិធីប្រគល់-ទទួល អង្គរចំនួន ៦តោន និង១២៥គីឡូក្រាម ព្រមទាំងថវិកា ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជន និងប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

 ស្វាយរៀង៖ នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញទទួលអង្គរចំនួន ៦តោន និង ១២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជន និងប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។

សូមបញ្ជាក់ថា អំណោយក្នុងថ្ងៃនេះ រួមមាន របស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ជូន លោកស្រីកិត្តិសង្គហបណ្ឌិត តាមរយៈ លោកឧកញ៉ា លី យ៉ូគៀត រួមមាន ៖ អង្ករ ៦,១២៥គ.ក្រ និងថវិការបស់សប្បុរសជនចំនួន ២០,០០០ ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» ដែលទទួលដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយស សាខា និងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ។

នៅក្នុងពិធីប្រគល់នេះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចូលរួមជាថវិកា និងសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌។ ហើយសាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា។

លោកស្រី បានបន្តទៀតថា ទោះបីឆ្នាំនេះសាខាមិនបានរៀបចំពិធីដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើ ជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀងគរមូលនិធិ និងស្វាគមន៍ចំពោះ ការចូលរួមវិភាគទានថវិកា សម្ភារៈ ពីសំណាក់លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញ តាមរយៈលោកស្រីផ្ទាល់ ព្រមទាំងលោកស្រី ដួង វណ្ណា ក្នុងនាមប្រធាន កិត្តិយសសាខា និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្នាក់ខេត្ត លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា។

ហើយការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមកក៏ដូចជាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយនៅក្នុងខេត្តបានទាន់ពេលវេលាផងដែរ៕