Tuesday, August 17, 2021

បិតាសិទ្ធិមនុស្សចិត្តគ្មានមេត្តា៖ ប្រែពីយន្តហោះទម្លាក់គ្រាប់បែក មកជាយន្តហោះទម្លាក់មនុស្ស

(ភ្នំពេញ)៖ ពិភពលោកពិតជាមានភាពតក់ស្លុតបំផុត ពេលឃើញរូបភាពដែលជនជាតិអាហ្វហ្កានីស្ថាន បានធ្លាក់ពីលើយន្តហោះកងទ័ពអាមេរិកស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពួកគេបានតោងកង់យន្តហោះ និងស្លាបយន្តហោះ ព្យាយាមភៀសខ្លួនចាកចេញពីប្រទេសអាហ្វហ្កានីស្ថាន ប៉ុន្មានម៉ោងក្រោយក្រុមតាលី បានប្រកាស គ្រប់គ្រងប្រទេសទាំងស្រុង។

 

រូបភាពនេះបានបង្ហាញពីសោកនាដកម្មថ្មីមួយទៀត ដែលជាការចងចាំរបស់មនុស្សជាតិនៅពេលដែលមហាអំណាចអាមេរិក សម្រេចចិត្តបោះបង់ចោលប្រទេស ដែលពួកគេចូលធ្វើសង្គ្រាមលុកលុយ ដោយទុកឱ្យជនស្លូតត្រង់នៃប្រទេសនោះរងទុក្ខវេទនា និងគ្មានអារម្មណ៍សុវត្ថិភាពជីវិតខ្លួនរងការគំរាមកំហែងគ្រប់ពេលវេលា។

រូបភាពនេះបន្ថែមនូវភាពខ្លោចផ្សាកាន់តែខ្លាំងថែមទៀត ពីលើរូបភាពនៃការដណ្តើមគ្នាជិះយន្តហោះ និងការប្រើឧត្ថម្ភចក្រជម្លៀសមនុស្សចេញពីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល ដែលពិភពលោកធ្លាប់ឃើញរូបភាពដូចគ្នានេះកាលពី៤៦ឆ្នាំមុន នៅទីក្រុងភ្នំពេញ នាខែមេសាឆ្នាំ១៩៧៥ ពេលអាមេរិកជម្លៀសជនជាតិខ្លួន និងមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរចេញពីទីក្រុងភ្នំពេញមុនពេលខ្មែរក្រហមឡើងកាន់អំណាច និងទិដ្ឋភាពនៃការជម្លៀសប្រជាជននៅលើដំបូលស្ថានទូតអាម៉េរិក និងពលរដ្ឋវៀតណាមដណ្តើមគ្នាឡើងយន្តហោះចាកចេញពីទីក្រុងសៃហ្គន វៀតណាមខាងត្បូង។

កាលពីឆ្នាំ២០០១ អាមេរិកបានប្រើយន្តហោះដើម្បីទម្លាក់គ្រាប់បែកលើប្រទេសអាហ្វហ្កានីស្ថាន ក្នុងហេតុផលកម្ចាត់ក្រុមបណ្តាញភេវរកម្មអាល់កៃដា និងក្រុមតាលីបង់ ដែលសង្ស័យថាជាអ្នកសមគំនិតលើការរៀបចំផែនការវាយប្រហារ លើអគារពាណិជ្ជកម្មនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ២០ឆ្នាំក្រោយមក យន្តដែលធ្លាប់ទម្លាក់គ្រាប់បែកបែរជាទម្លាក់មនុស្សទៅវិញ ដែលគ្នាសុំត្រឹមតែរស់ជីវិតប៉ុណ្ណោះនៅលើទឹកដីសហរដ្ឋអាមេរិក ដែលគេជឿថា ជាទឹកដីនៃសេរីភាព និងប្រជាធិបតេយ្យ ក្រោយបម្រើប្រទេសនេះក្នុងការធ្វើសង្គ្រាមក្នុងប្រទេសខ្លួន។

តែក្តីប្រាថ្នាពួកគេមិនបានសម្រេចឡើយ! យន្តហោះមិនទទួលឱ្យជិះ និងបានបន្តហោះហើរដោយមិនខ្វល់អ្វីបន្តិចឡើយទាំងដឹងថា មានមនុស្សនៅតោងកង់យន្តហោះ ស្លាបយន្តហោះ ហើយទីបំផុតពួកគេបានធ្លាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធមជាទីបំផុត។ សូម្បីតែសិទ្ធិរស់រានមាន ជីវិតក៏ពួកគេគ្មានដែរ! រហូតមកដល់ពេលនេះ មិនទាន់មានអង្គការសិទ្ធិមនុស្សដូចជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch អង្គការលើកលែងទោសអន្តរជាតិ Amnesty International និងអង្គការសិទ្ធិមនុស្សក្នុងស្រុកដូចជា អង្គការលីកាដូ អាដហុក ឬមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀត ចេញសេចក្តីថ្លែងការណ៍ថ្កោល ទោសសហរដ្ឋអាមេរិកនៅឡើយទេ។ ស្ងាត់មាត់ដូចចោរលួចសេះ!

តើឯណាទៅការគោរពសិទ្ធិមនុស្សនោះ? អំពើឃោរឃៅនេះ នឹងត្រូវមនុស្សជាតិចងចាំជានិច្ច។

ចងចាំចំពោះមហាអំណាចមួយដែលតាំងខ្លួនថា ជាបិតាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ តែបានហោះធ្វើឱ្យមនុស្សធ្លាក់ពីលើយន្តហោះទាំងរស់ដោយគ្មានក្តីមេត្តា។ តើនឹងមានអ្វីកើតឡើងទៀតចំពោះប្រជាជនអាហ្វហ្កានីស្ថានស្លូតត្រង់ផ្សេងទៀត ជាពិសេសក្មេងនិងស្ត្រី? ពួកគេពិតជារស់នៅតាមយថាកម្មព្រោះថា ប្រទេសដែលពួកគេទុកចិត្តបំផុតនោះ បានទុកពួកគេចោលយ៉ាងកណ្តោចកណ្តែងបំផុត។ អារម្មណ៍មួយនេះប្រជាពលរដ្ឋខ្មែរពិតជាបានដឹងយ៉ាងច្បាស់ណាស់ ព្រោះបានហែលឆ្លងកាត់រួចហើយកាលពីឆ្នាំ១៩៧៥។

ប៉ុន្តែពួកគេនឹងដឹងកាន់ច្បាស់និងច្បាស់ជាងអ្វីៗទាំងអស់ថា តើបិតាសិទ្ធិមនុស្សនេះមានចិត្តមេត្តាឬអត់ ក្រោយបានស្តាប់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងថា «បេសកកម្មរបស់សហរដ្ឋអាមេរិក មិនមែនក្នុងបំណងដើម្បីកសាងប្រជាជន ឬការបង្រួបបង្រួមជាតិ និងកសាងលទ្ធិប្រជាធិបតេយ្យនៅអាហ្វហ្កានីស្ថានទេ។

ផលប្រយោជន៍សំខាន់តែមួយគត់របស់សហរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថាន ដែលនៅតែមានគឺទប់ស្កាត់ការវាយប្រហារភេវរកម្មមកលើទឹកដីអាមេរិក»។ នេះជាសារដ៏គួរឱ្យសង្វេគបំផុតសម្រាប់ពលរដ្ឋអាហ្វហ្កានីស្ថាន ដែលជ្រើសរើសសេរីភាព និងប្រជាធិបតេយ្យ តែទំនងជាសេរីភាព និងប្រជាធិបតេយ្យក្លែងក្លាយរយៈពេល២០ឆ្នាំមកនេះ។

ប្រជាជនអាហ្វហ្កានីស្ថានខ្លះចាប់ផ្តើមនិយាយថា ខ្លួនមិនគួរជឿជាក់និងទុកចិត្តលើសហរដ្ឋអាមេរិកឡើយ ក្រោយអាមេរិកបោះបង់ប្រជាជនអាហ្វហ្កានីស្ថាន បន្ទាប់ពីធ្វើសកម្មភាពយោធារយៈពេល២០ឆ្នាំរួចមក។ នេះគឺដូចគ្នានឹងបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ នៃរបបសាធារណរដ្ឋខ្មែរជូនទៅឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក គឺជាមេរៀនប្រវត្តិសាស្ត្រដែលកូនខ្មែរគួរដឹង៖

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសារលិខិត ក្នុងការស្នើអញ្ជើញខ្ញុំទៅកាន់ប្រទេសឯកឧត្ដម ដែលពោរពេញដោយសេរីភាព។ ប៉ុន្ដែគួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញពីប្រទេសនេះ ក្នុងស្ថានភាពកំសាកបែបនេះទេ។ សម្រាប់រូបឯកឧត្ដម និងជាពិសេសប្រទេស មហាអំណាចរបស់ឯកឧត្ដម ខ្ញុំមិនដែលជឿក្នុងមួយនាទីណា ដែលឯកឧត្ដមមានគំនិតបោះបង់ប្រជាជនមួយជ្រើសរើសយកសេរីភាពឡើយ។ ឯកឧត្ដមបានបដិសេធមិនផ្ដល់ការគាំពារដល់ពួកគេ ហើយយើងក៏មិនអាចធ្វើអ្វីបានដែរចំពោះរឿងនេះ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និង ប្រទេសរបស់ឯកឧត្ដមរស់នៅដោយសេចក្ដីសុខ។ ប៉ុន្ដែឯកឧត្ដមត្រូវចងចាំថា ខ្ញុំសុខចិត្ដស្លាប់នៅទីនេះនៅក្នុងប្រទេសដែលខ្ញុំស្រឡាញ់ វាជារឿងអាក្រក់ណាស់ ព្រោះយើងត្រូវ កើតនិងស្លាប់ថ្ងៃណាមួយចៀសមិនរួច។ ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើឯកឧត្ដម ដែលជាជនជាតិអាមេរិក»៕

ដោយ៖ ចៅចាក់ស្មុក

ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១









វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិកចំណាយពេលអស់២០ឆ្នាំ និងលុយ៨៣ពាន់លានដុល្លារ, អាហ្វហ្កានីស្ថាននៅតែដួលរលំក្រោមដៃតាលីបង់ តើមានអំពើពុករលួយក្នុងជួរកងទ័ពមែនទេ?

(FN-វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បាននិយាយកាលពីខែកក្កដាកន្លងទៅថា រដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងមិនដួលរលំឡើយ ដ្បិតកងទ័ពអាហ្វហ្កានីស្ថានមានចំនួនច្រើន និងមានសព្វាវុធគ្រប់គ្រាន់ល្អប្រសើរជាងក្រុមតាលីបង់។ លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះឆ្លើយតបទៅនឹងអ្នកសារព័ត៌មានម្នាក់ដែលសួររូបលោកថា តើការឡើងកាន់អំណាចសាជាថ្មីរបស់ក្រុមតាលីបង់ គឺជារឿងដែលចៀសមិនរួចមែនទេ?

មួយខែក្រោយមក កងទ័ពអាហ្វហ្កានីស្ថានស្រាប់តែដួលបាស់ជើង និងបាត់បង់ការគ្រប់គ្រងទឹកដីស្ទើរតែទាំងស្រុង ដោយមិនបានតស៊ូច្បាំងតទល់ជាមួយក្រុមតាលីបង់ នោះទេ ហើយសូម្បីតែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក រួមទាំងមេទ័ពអាមេរិកជាច្រើននាក់ក៏មិននឹកស្មានដល់ថា រដ្ឋាភិបាលកាប៊ុលដួលរលំលឿនរហ័សបែបនេះដែរ។ ក្រុមតាលីបង់បានចូលដល់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ ហើយបច្ចុប្បន្នកំពុងត្រៀមឡើងកាន់អំណាចម្ដងទៀតនៅអាហ្វហ្កានីស្ថាន។

សហរដ្ឋអាមេរិក និងអង្គការ NATO បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដោយគ្រាន់តែអាមេរិកម្នាក់ឯងចាយរហូតដល់ ៨៣ពាន់លានដុល្លារ ក្នុងរយៈពេលជាង២០ឆ្នាំ មកនេះដើម្បីជួយបណ្ដុះបណ្ដាលបំពាក់បំប៉នកងទ័ពអាហ្វហ្កានីស្ថាន។ ប៉ុន្តែហេតុអ្វីអាហ្វហ្កានីស្ថាននៅតែដួលរលំ? តើហេតុអ្វីបានជាយោធាអាហ្វហ្កានីស្ថានមិនប្រយុទ្ធ តស៊ូដើម្បីបញ្ឈប់ក្រុមតាលីបង់?

* កងទ័ពបាក់ទឹកចិត្ត

គេថាទ័ពតិច ឬច្រើនមិនសំខាន់ សំខាន់នៅត្រង់មានទឹកចិត្តច្បាំងដែរឬទេ? យោធាអាហ្វហ្កានីស្ថានក្នុងពេលជាង២០ឆ្នាំមកនេះពឹងផ្អែកគ្រប់យ៉ាងលើសហរដ្ឋអាមេរិក ទាំងខាងស៊ើបការណ៍សម្ងាត់, ភស្តុភារ, ការវាយប្រហារតាមផ្លូវអាកាស, ការរៀបចំផែនការ និងវិធីសាស្ត្រដទៃទៀតក្នុងការតស៊ូប្រយុទ្ធជាមួយតាលីបង់សុទ្ធតែពឹងលើ អាមេរិក។ ដូច្នេះហើយទើបការសម្រេចចិត្តរបស់លោក ចូ បៃដិន ដកកងទ័ពអាមេរិក បានធ្វើឱ្យកងទ័ពអាហ្វហ្កានីស្ថានបាក់ទ័ពដោយពួកគេមានអារម្មណ៍ថា ត្រូវបានអាមេរិក បោះបង់ចោល។

យោធាអាហ្វហ្កានីស្ថានម្នាក់ធ្លាប់បានប្រាប់កាសែត Washington Post ថាកងទ័ព និងប្រជាជនអាហ្វហ្កានីស្ថានជាច្រើនមើលឃើញថា ការដកកងទ័ពក្រោមកិច្ចព្រមព្រៀង ធ្វើឡើងដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយតាលីបង់ កាលពីខែកុម្ភៈ ឆ្នាំ២០២០ គឺជាទីបញ្ចប់ ហើយថាសហរដ្ឋអាមេរិកបានទុកចោល កងទ័ពអាហ្វហ្កានីស្ថានមិនរវល់។ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី (Ashraf Ghani) បានរំពឹងថាលោក ចូ បៃដិន អាចនឹងសង្រ្គោះរដ្ឋាភិបាលរបស់ លោកកុំឱ្យដួលរលំ។ ប៉ុន្តែកាលពីខែមេសាកន្លងទៅ លោក បៃដិន ផ្ទាល់បានប្រកាសថាកងទ័ពអាមេរិក ៣,០០០នាក់ ដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្កានីស្ថាន នឹងត្រូវដកចេញទាំងអស់ឱ្យបានមុនថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ (ថ្ងៃខួបមហាភេវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១)។ មិនមែនមានត្រឹមតែកងទ័ពអាមេរិកទេដែលត្រូវ ដកចេញ កងទ័ពបក្សសម្ព័ន្ធ NATO ជាង៨,០០០នាក់ និងអ្នកម៉ៅការ (អ្នកទទួលគម្រោងពីផ្នែកយោធាអាមេរិក) ជាង១៨,០០០នាក់ ដែលកងទ័ពអាហ្វហ្កានីស្ថាន ពឹងផ្អែកសម្រាប់ប្រតិបត្តិការកងទ័ពអាកាស និងការគាំទ្រ ផ្នែកភស្តុភារបស់ពួកគេក៏ត្រូវដកចេញផងដែរ។

ពិតមែនទៅ មានតែកងកម្ម៉ង់ដូរពិសេសអាហ្វហ្កានីស្ថានតែប៉ុណ្ណោះ បានតស៊ូប្រយុទ្ធជាមួយពួកតាលីបង់ដល់ទីបញ្ចប់ ខណៈកងទ័ពភាគច្រើនសុខចិត្តចុះចាញ់ដើម្បីការពារ អាយុជីវិតរបស់ខ្លួន ជាជាងត្រូវស្លាប់ដើម្បីតែបុព្វហេតុដែលគ្មានក្ដីសង្ឃឹម។

* កំហុសរបស់យោធាអាមេរិក?

ការដួលរលំយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បានបង្កឱ្យមានការចោទសួរសំណួរជាច្រើន ពាក់ព័ន្ធនឹងកំហុសរបស់យោធាអាមេរិក ក្នុងការបណ្ដុះបណ្ដាល កងទ័ពអាហ្វហ្កានីស្ថានក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។ ការបណ្ដុះបណ្ដាលរបស់យោធាអាមេរិកត្រូវបានគេមើលឃើញមានភាពខ្វះខាតជាច្រើន ក្នុងនោះរាប់ចាប់ពី កង្វះខាតចំណេះដឹងផ្នែកភាសា និងវប្បធម៌, ផ្ដោតតែទៅលើកងទ័ព ដោយមិនសូវរវល់ពីការបណ្ដុះបណ្ដាលប៉ូលិសដែលនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខថ្នាក់តំបន់។

លើសពីនេះទៅទៀត ការបណ្ដុះបណ្ដាលរបស់សហរដ្ឋអាមេរិក គឺផ្ដោតខ្លាំងពេកលើការបង្រៀនពីបច្ចេកទេសជំនាញកងទ័ពថ្មើរជើង ហើយមិនអើពើលើជំនាញផែ្នក ភស្តុភារ, ការរៀបចំផែនការ, ការបណ្ដុះបណ្ដាល, ការបញ្ជា និងគ្រប់គ្រងដែលសុទ្ធតែត្រូវការជាចាំបាច់ក្នុងការរក្សាកម្លាំងយោធា។ ការបណ្ដុះបណ្ដាលរបស់អាមេរិកក៏ជួប ឧបសគ្គមិនអាចគ្រប់គ្រងបានផងដែរ នោះគឺវាមានជាប់ពាក់ព័ន្ធនឹងចំណេះដឹង ឬកង្វះខាតការអប់រំផ្ទាល់នៅក្នុងប្រទេសក្រីក្របំផុតមួយនៅក្នុងពិភពលោកដូចជា អាហ្វហ្កានីស្ថាន រួមទាំងការរីកសាយនៃអំពើពុករលួយ។ តួយ៉ាងមន្ត្រីអាហ្វហ្កានីស្ថានម្នាក់ក្នុងខេត្ត Kandahar បានប្រាប់ការសែត New York Times កាលពីពេលថ្មីថា «ពួកយើងកំពុងជាប់ផុងក្នុងអំពើពុករលួយ»។

បើតាមគម្រោងសិក្សាស្រាវជ្រាវមួយរបស់កាសែត Washington Post កងទ័ព និងប៉ូលិស អាហ្វហ្កានីស្ថានមានដល់ទៅជាង ៣៥២,០០០នាក់ ប៉ុន្តែមានតែ ២៥៤,០០០នាក់ ប៉ុណ្ណោះដែលមានការបញ្ជាក់ទទួលស្គាល់ពីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ មេបញ្ជាការអាហ្វហ្កានីស្ថានមួយចំនួនមិនត្រឹមតែបង្កើតចំនួន «កងទ័ពខ្មោច» កិបកេងប្រាក់ខែប៉ុណ្ណោះទេ ពួកគេថែមទាំងកាត់ប្រាក់ខែ ឬស៊ីដាច់ប្រាក់ខែរបស់កងទ័ពអាហ្វហ្កានីស្ថានទៀតផង។ អំពើពុករលួយនេះឯងបានធ្វើឱ្យកងទ័ពអាហ្វហ្កានីស្ថានបាក់ទឹកចិត្ត រហូតគ្មានកម្លាំងចិត្តច្បាំង ហើយសុខចិត្តចុះចាញ់ក្រុមតាលីបង់តែម្ដង។

* តើគួរតែបន្ទោសអ្នកណា?

ក្រុមអ្នករិះគន់ជាច្រើនបានបន្ទោសទៅលើយោធាអាមេរិក ដែលទុកបណ្ដោយឱ្យកងទ័ពអាហ្វហ្កានីស្ថានពឹងផ្អែកខ្លាំងពេកលើជំនួយពីការវាយប្រហារតាមផ្លូវអាកាស និងបច្ចេកវិទ្យារបស់ខ្លួន រហូតដល់ថ្នាក់គ្មានសមត្ថភាពការពារខ្លួនឯង។ ការរិះគន់បែបនេះមិនមែនមិនមានហេតុផលនោះទេ ពោលគឺគ្រាន់តែសហរដ្ឋអាមេរិកដកកងទ័ព និងអ្នកម៉ៅការ (អ្នកទទួលគម្រោងពីផ្នែកយោធាអាមេរិក) ចេញយ៉ាងតក់ក្រហល់ កងទ័ពអាហ្វហ្កានីស្ថានបានបាត់បង់លទ្ធភាព និងសមត្ថភាពគ្រប់គ្រងដំណើរការបរិក្ខាយោធា ហើយកងទ័ពក៏ត្រូវបែកខ្ចាត់ខ្ចាយទៅទៀត។

មើលមួយភ្លែត គេក៏គួរតែបន្ទោសកងទ័ពអាហ្វហ្កានីស្ថានដែរ ដែលមិនបានតស៊ូប្រយុទ្ធជាមួយពួកតាលីបង់ ឱ្យដល់ទីបញ្ចប់។ ប៉ុន្តែសូមកុំភ្លេចថាកងទ័ពអាហ្វហ្កានីស្ថាន ច្រើនជាង ៦០,០០០នាក់ បានពលីជីវិតនៅក្នុងសង្រ្គាមជាង២០ឆ្នាំមកនេះ ហើយតួលេខនេះទៀតសោតមានចំនួនច្រើនជាងកងទ័ពអាមេរិក ២៧ដងឯណោះដែលបាន ពលីក្នុងសង្រ្គាម។ ខណៈទីប្រឹក្សាយោធាអាមេរិកជាង ៣,០០០នាក់ ស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កងទ័ពអាហ្វហ្កានីស្ថាននៅអាចគ្រប់គ្រងទីក្រុងជាច្រើន ដូច្នេះចង់ ឬមិនចង់ ការដកកងទ័ពតក់ក្រហល់ពេករបស់សហរដ្ឋអាមេរិក ដោយសារតែនយោបាយនៅក្នុងស្រុករបស់ខ្លួនឯង វាបានបង្ហាញភាពខ្វះខាតរបស់កងទ័ពអាហ្វហ្កានីស្ថាន និងចូលរួមចំណែកនៃការដួលរលំអាហ្វហ្កានីស្ថានទៅក្នុងដៃពួកតាលីបង់។

គួរបញ្ជាក់ថា ការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ត្រូវបានក្រុមអ្នកវិភាគខ្លះយល់ថាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ចូ បៃដិន ក្នុងការស្ដារទំនុកចិត្ត និងភាពជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក ដែលខ្ទេចខ្ទាំក្រោមស្នាដៃលោក ដូណាល់ ត្រាំ ឡើងវិញ។ ពីព្រោះថាវានឹងបង្កឱ្យមានការសង្ស័យ ចំពោះគោលនយោបាយការបរទេស ក៏ដូចជាការប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ហើយវាក៏ជាសារមួយក្រើនរំលឹកដល់ប្រទេស ឬដែនដីដែលពឹងផ្អែក ខ្លាំងពេកលើឆត្រនុយក្លេអ៊ែរអាមេរិក ដូចជាកូរ៉េខាងត្បូង, ជប៉ុន ឬកោះតៃវ៉ាន់ជាដើម ភ្ញាក់ខ្លួនថា «មានតែខ្លួនឯងខ្លាំងទេ ទើបអ្នកផ្សេងគេព្រមជួយយើង»៕

ប្រភព៖ Council on Foreign Relations (cfr), (ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១)






រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចាក់វ៉ាក់សាំងដូសទី៣ ដល់ថ្នាក់ដឹកនាំ មន្ដ្រីសុខាភិបាល និងមន្ដ្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ

 (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងអាស្ដ្រាហ្សេនីកា ដូសជំរុញ ឬដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ មន្ដ្រីសុខាភិបាល និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌទាំង១៤, រដ្ឋបាលសង្កាត់ទាំង១០៥, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ដ្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ។ 

ក្នុងសេចក្ដីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ខាងមុខ តាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូនក្នុងឧបសម្ព័ន្ធ នៃសេចក្ដីជូនដំណឹងនេះ។

ចំពោះឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយរួមមាន៖ ទី១៖ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩, ទី២៖ ប័ណ្ណសម្គាល់ខ្លួនមន្ដ្រីរាជការ-បុគ្គលិក, ប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណការងារនៅមន្ទីរពេទ្យ គ្លីនិក ឬវិស័យឯកជន និងទី៣៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ ក្នុងការចាក់វ់ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ពោលគឺធានានូវគម្លាតរយៈពេល៦ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី១។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖







រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ និងគ្រឿងបរិក្ខារពេទ្យជាច្រើនទៀត ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ។


យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅលោក មីង អោងលាំង មេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ថវិកា ២០ម៉ឺនដុល្លារ កម្ពុជាឧបត្ថម្ភនេះ គឺជាបន្ថែមពីលើប្រាក់ ១០ម៉ឺនដុល្លារ ដែលកម្ពុជាបានផ្តល់ទៅមីយ៉ាន់ម៉ា តាមរយៈអាស៊ាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា គ្រឿងបរិក្ខារដែលឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងលិខិតនោះថា សម្តេចជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ កម្ពុជា និងមីយ៉ាន់ម៉ា នឹងយកឈ្នះលើជំងឺរាតត្បាតសកលនេះទាំងស្រុង។

ក្នុងលិខិតបានបញ្ជាក់ដែរថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ អន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូមួយក្រុម ដើម្បីប្រគល់ជូនអំណោយខាងលើនេះ តាមជើងហោះហើរពិសេស ដែលនឹងត្រូវរៀបចំឡើងដើម្បីទៅទីក្រុងណៃពិដោនាពេលឆាប់ៗនេះ។

ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅលេខរៀងទី៥ ក្នុងប្រទេសសមាជិកអាស៊ាន ដែលការរីករាលដាលជំងឺកូវីដ១៩ខ្លាំង។ ក្នុងរយៈពេលចុងក្រោយនេះ មេរោគបំប្លែងថ្មីដែលតា កំពុងវាយលុកយ៉ាងខ្លាំងក្លានៅក្នុងប្រទេសមួយនេះផងដែរ។

បច្ចុប្បន្នមីយ៉ាន់ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបជាង ៣៥ម៉ឺននាក់ និងស្លាប់ជាង ១ម៉ឺននាក់។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។

ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។

ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។ កាលពីឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕










លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

យោងតាមអនុសាសន៍ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានីហ៊ុនសែន បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។ 

សូមជម្រាបផងដែរថា ប្រជាកសិករដែរមានផល្លានុផល ផ្លែមៀន សូមទំនាក់ទំនងមកក្រុមការងាររបស់នាយឧត្តមសេនីយ៍  ហ៊ីង ប៊ុនហៀង និងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ  នៅ ក្នុងសាលាខេត្តបាត់ដំបង ដែលអាចទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖

១-0977773737 លោក សេង ឌីលីន

២-0889037777 លោក ស៊ុន ម៉េងហៃ៕





(វីដេអូ)៖ ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន

 

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រខណ្ឌទូទាំងប្រទេស ជម្រាបជូន ថ្នាក់រាជធានី-ខេត្ត បង្កើនការផ្សព្វផ្សាយ និងចលនាលើកទឹកចិត្តប្រជាជនអាយុ ១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩

 គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រខណ្ឌទូទាំងប្រទេស ជម្រាបជូន លោក លោកស្រី ជាប្រធានអនុកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត បង្កើនការផ្សព្វផ្សាយ និងចលនាលើកទឹកចិត្តប្រជាជនអាយុ ១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។



ខេត្តក្រចេះ គ្រឿងឧបភោបបរិភោគ និងបច្ច័យជូនព្រះសង្ឃចំនួន១៧ វត្ត នៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី

ក្រចេះ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ជាលើកទី៣ហើយក្នុងអំឡុងពេលកូវីដនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បាននាំគ្រឿងឧបភោបបរិភោគ និងបច្ច័យមួយចំនួន មកប្រគេនជូនព្រះសង្ឃតាមវត្តនៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី ចំនួន១៧វត្ត ជាអំណោយជំនួយរបស់ព្រះគ្រូ សោ ភ័ណ ចៅអធិការវត្តពុទ្ធគុណសិង្ហបុរី និងប្រជាពុទ្ធបរិស័ទនៅប្រទេសសិង្ហបុរី ដើម្បីផ្គត់ផ្គង់ទ្រទ្រង់នៅក្នុងវត្តនាបរិបទកូវីដ-១៩នេះ ។

លោក វ៉ា ថន មានប្រសាសន៍ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ ដែលជាមន្រ្តីជួរមុខ ព្រមទាំងការចូលរួមសហការដោយប្រជាពលរដ្ឋ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថាកម្ពុជាក៏ដូចជាខេត្តក្រចេះបានកាត់បន្ថយបាននូវចំនួនឆ្លងជំងឺកូវីដ-១៩ ហើយចំនួននៃអ្នកជាសះស្បើយ នៅក្នុងតារាងតួរលេខប្រចាំថ្ងៃ ដែលនេះគឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដឱ្យក្លាយជាឱកាសនៃការអភិវឌ្ឍ ។ 

លោកក៏ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ប្រសើរថ្លៃថ្លាររបស់ព្រះគ្រូចៅអធិការវត្ត និងពុទ្ធបរិស័ទទាំងអស់នៅប្រទេសសិង្ហបុរី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខព្រះសង្ឃ ដែលកំពុងជួបវិបត្តិខ្វះខាតខ្សត់ខ្សោយនាពេលជំងឺកូវីដ-១៩ រាលត្បាតជាសកល បើទោះបីជាព្រះគ្រូគង់នៅក្រៅប្រទេសក្តីហើយក៏កំពុងជួបនូវវិបត្តិនេះដូចគ្នាក៏ដោយ ដែលនេះបង្ហាញឲ្យឃើញពីវប្បធម៌ចែករំលែករបស់ដូនតាខ្មែរ ដែលមានតាំងពីយូរលង់មកហើយ ។ 

លោកបានបន្ថែមថា ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពុទ្ធបរិស័ទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងអស់ សូមបង្កើតការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ពិសេសគោរពវិធានការរបស់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នាដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្ត និងទប់ស្កាត់ជំងឺនេះមិនឲ្យមានឆ្លងរីករាលដាលបន្តទៅទៀត ។

សូមបញ្ជាក់ផងដែរថា  អំណោយជំនួយជាអង្ករប្រគេនដល់១៧វត្ត ក្នុង១វត្តទទួលបានចំនួន ២៥០ គីឡូក្រាម និងបច្ច័យ១០ម៉ឺនរៀល៕






រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយពីក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩

កំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានទទួលអំណោយពី សប្បុរសជនក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ជួយកាត់បន្ថយការចំណាយផ្សេងៗក្នុងដំណាក់កាលជម្ងឺកូវីដ-១៩ ដែលកំពុងរីករាលដាលចូលក្នុងសហគមន៍។

អំណោយ ក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី សាខាកំពង់ឆ្នាំង ឧបត្ថម្ភជូនលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមមាន៖ អង្ករ ចំនួន ០៣តោន, ទឹកសុទ្ធVital ១០០កេស, មីម៉ាម៉ា ១០កេសធំ, ម៉ាស់ ២៥០ប្រអប់, អាល់កុល ០៥កាន និងថវិកាចំនួន ១០លានរៀល។

លោកប្រធានក្រុមហ៊ុន បានលើកឡើងថា ការចូលរួមផ្តល់អំណោយខាងលើនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវអង្ករ និងសម្ភារជូនពួកគាត់កំពុងធ្វើច័ត្តាឡីស័ក និងកំពុងស ម្រាកព្យាបាលជំងឺកូវីត-១៩ តាមមណ្ឌលព្យាបាលនៅក្នុងខេត្តកំពង់ឆ្នាំង។   

នៅក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយប្រធានក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេលដែលកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋយើងដែលបានរងគ្រោះដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តទាំងមូលផងដែរ។ លោក ក៏សូមជូនពរដល់ក្រុមហ៊ុនគុយបូតា ផល្លា រិទ្ធី សូមឱ្យមានជោគជ័យក្នុងការប្រកបអាជីវកម្មលក់ដូរឱ្យកាន់តែជោគជ័យ នឹងប្រសើរឡើងថែមទៀត។

លោកអភិបាលខេត្ត បានបន្តថា អំណោយដែលបានមកពីសប្បុរស ជនរដ្ឋបាលខេត្ត ត្រូវបានយកទៅបែងចែកទៅ តាមគោលដៅសំខាន់ៗក្នុងខេត្ត ដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលព្យាបាលជំងឺ និងតាមមណ្ឌលចត្តាឡីស័ក និង គ្រោះមហន្តរាយផ្សេងៗទៀតផងដែរ ៕




ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចូលរួមប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាល អភិបាលរង នៃគណៈអភិបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យគឺ ប្រកាសតែងតាំងលោក ស្វាយ ជា ជាអភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ និងលោក សុខ ពេញណន ជាអភិបាលរងស្រុកម៉ាឡៃ ។

បន្ទាប់ពីលោក វ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត អានអនុក្រឹត្យ និងប្រកាសលោក ស្វាយ ជា អភិបាលស្រុកដែលទើបទទួលបានការតែងតាំងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖

១-ប្តេជ្ញា អនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

២-ប្តេជ្ញាអនុវត្តឱ្យបាននូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមានអភិបាល កិច្ចល្អជាស្នូល។

៣-គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ គោលនយោបាយ និងច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនានារបស់រាជ រដ្ឋាភិបាល។

៤-រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អមិនបង្ករភាពអសកម្មផ្សេងៗ

៥-បង្កើនការរៀនសូត្រស្រាវជ្រាវរាល់គន្លឹះអំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន។

៦-ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតីសាមគ្គីភាព ទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយលោក លោកស្រី អភិបាលរងនៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ និងបណ្តាអាជ្ញាធរឃុំទាំងអស់ទូទាំងស្រុក ដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋានតាមគោល ការណ៍របស់រាជរដ្ឋាភិបាល។

លោក អ៊ុ រាត្រី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជុំវិញការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងការចូលរួមជាមួយថ្នាក់ដឹកនាំ ដើម្បីបម្រើជាតិ និងប្រជាជន ពិសេសក្នុងយុទ្ធនាការរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកបានបន្ថែមថា តួនាទីដែលផ្ដល់ជូននាពេលនេះ គឺជាអំរែក ការទទួលខុសត្រូវក្នុងនាមជាអភិបាល អភិបាលរង ដូច្នេះហើយត្រូវយកតួនាទីនេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងបម្រើរាស្ត្រ និងអនុវត្តច្បាប់ ដោយផ្សារភ្ជាប់សុខទុក្ខ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

ជាងនេះទៅទៀត ត្រូវបន្តខិតខំធ្វើការងារ ដោយបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹង ការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឱ្យសាកសមជាអ្នកបន្តវេនដ៏ល្អ និងឱ្យសមស្របទៅនឹងសម្ភារៈបច្ចេកទេស ដែលមានការអភិវឌ្ឍរីកចម្រើន ក្នុងយុគសម័យបច្ចុប្បន្ន។ 

លោក អ៊ុ រាត្រី ក៏បានណែនាំដល់មន្ត្រីរាជការរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តផែនការដែលថ្នាក់ដឹនាំបានដាក់ចុះនិងធ្វើការផ្សព្វផ្សាយពីវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបម្លែងថ្មី ៕







ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា, ភ្លៀងអាចនឹងធ្លាក់ពីតិចទៅបង្គួរ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ក្រសួងបន្តថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C

* ចាប់ពីថ្ងៃទី១៨-២០ ខែសីហា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប នឹងអាចមានភ្លៀងកម្រិតខ្សោយ។ ចំណែកបណ្តាខេត្តដទៃទៀតនឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

* នៅថ្ងៃទី២១-២៤ ខែសីហា បណ្តាខេត្តភាគច្រើននឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ ព្រមជាមួយនោះក៏អាចមានបណ្តាខេត្តខ្លះទៀត នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

* អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕



រយៈពេល ១៦ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួន ៥៨៨,៣៣៣នាក់

រយៈពេល១៦ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ៥៨៨,៣៣៣នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ៩,០៤៤,៥៤៩នាក់ (គិតត្រឹមថ្ងៃទី១៦ ខែសីហា)។

វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន៕






អភិបាលខេត្តបន្ទាយមានជ័យ ទទួលថវិកាអំណោយឧបត្ថម្ភពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

បន្ទាយមានជ័យ÷ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយ ថវិកា សម្ភារៈ ដែលជាការចូលរួមឧបត្ថម្ភរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកា ចំនួន៥០,០០០,០០០រៀល និងត្រីខ ៥០០កេស សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩  ក្នុងខេត្ត តាមរយៈក្រុមការងាររបស់អ្នកឧកញ៉ា។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ

 អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកាសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩  ក្នុងខេត្ត។ អំណោយថវិកាទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។

ការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគនិងសំភារៈជូនពួកគាត់ កំពុងធ្វើច័ត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បច្ចុប្បន្នក្នុងខេត្ត។   

ក្នុងនោះរដ្ឋបាលខេត្ត ក៏បានជូនពរអ្នកឧកញ៉ា និងគ្រួសារ  ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕




នៅថ្ងៃនេះ «វ៉ាក់សាំងម្ជុលទី៣ ជាដូសជម្រុញ បានចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម

កំពង់ចាម៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ សូមរួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ និងកុំភ្លេចអនុវត្ត ៣ការពារ ៣កុំ» លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌ ខេត្តកំពង់ចាម ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ ១៩ ក្នុងដូសទី៣ ឬដូសជម្រុញ ជាអំណោយដ៏ថ្លៃថ្លា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់មន្រ្តីរាជការស៊ីវីល មន្ត្រីនគរបាលជាតិ និងព្រះសង្ឃ នៅក្នុងខេត្តកំពង់ចាម ដែលពិធីនេះ បានរៀបចំនៅសាលសន្និសីទសាលាខេត្ត ។ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីលោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ផងដែរ ។

តាមរបាយការណ៍ របស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មកដល់ពេលនេះ ដោយរាប់ចាប់ពី ខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាមសម្រេចចាក់វ៉ាក់បង្ការជូនប្រជាពលរដ្ឋ មានអាយុ ១៨ឡើង ក្នុងដូសទី ១ សរុបបានចំនួន ៥៦៣.៦៧៨នាក់ និងចាក់ក្នុងដូសទី ២ អាយុ ១៨ឡើង បានចំនួន ៤១៣.៣៣២នាក់ ។ ចំពោះ កុមារ និងយុវវ័យ (១២-១៧ឆ្នាំ) ឬអាយុក្រោម ១៨ឆ្នាំ ចាក់បានចំនួន ៥៦.៧៤៥នាក់ ។ ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាម នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ ១៩ ក្នុងដូសទី៣ ឬដូសជម្រុញ ជាអំណោយដ៏ថ្លៃថ្លា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់មន្រ្តីរាជការស៊ីវីល មន្ត្រីនគរបាលជាតិ និងព្រះសង្ឃ នៅក្នុងខេត្តកំពង់ចាម ផងដែរ ៕