នៅថ្ងៃទី២៦
ខែកុម្ភៈ ឆ្នាំ២០១៥នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
បានអញ្ជើញធ្វើបទឧទ្ទេសនាម នៅអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី
នៅក្នុងឱកាសនេះ ឯកឧត្តមបានមានប្រសាសន៍ថា ជាការពិតគឺមិនមានស្តង់ដាសំរាប់វាស់អំពីចំណាត់ថ្នាក់
អំពើពុករលួយដែលទទួលស្គាល់ និងបង្កើតឡើងជាអន្តរជាតិនោះទេ គឺវាគ្រាន់តែជាធ្វើឡើងដើម្បីងាយស្រួលក្នុងការបកស្រាយរបស់ក្រុមមួយដែលមាននិន្នាការមិនពេញចិត្ត
និងសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងធ្វើឡើងដើម្បីទាញស្ថានការណ៍នេះឲ្យភ្ជាប់ទៅជាមួយរឿងនយោបាយប៉ុណ្ណោះ។
ឯកឧត្តម បានលើកឡើងថានៅលើពិភពលោកយើងនេះ
ប្រទេសណាក៏មានអំពើពុករលួយដែរ សូម្បីតែសហរដ្ឋអាមេរិកក៏មានអំពើពុករលួយដែរ
ហើយសហរដ្ឋអាមេរិកមានអំពើពុករលួយច្រើនជាខ្មែររាប់ពាន់ដង
ប៉ុន្តែប្រទេសនេះ នៅតែទទួលបានការទទួលស្គាល់ជាអន្តរជាតិថា ជាប្រទេសដែលមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយខ្លាំងមួយ។
ឯកឧត្តម ឱម យិនទៀង បានបន្តថា " កន្លងមក ខ្ញុំបានជួបអគ្គព្រះរាជអាជ្ញាសាលាអាមេរិក
ដែលបានមកដកពិសោធន៍បញ្ហាប្រឆាំងអំពើពុករលួយជាមួយកម្ពុជា
ហើយអគ្គព្រះរាជអាជ្ញាអាមេរិកនោះ ថែមទាំងបាន
លើកសរសើរថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាគឺមានលក្ខណៈល្អប្រសើរ
និងសកម្មណាស់ ។ "
ឯកឧត្តម ឱម យិនទៀង បានមានប្រសាសន៍ថា
អង្គការសហប្រជាជាតិបានបង្កើតអនុសញ្ញាមួយអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ
ក្នុងចំណោមអនុសញ្ញាទាំងអស់របស់អង្គការសហប្រជាជាតិ ទាំងអនុសញ្ញាប្រល័យពូជសាសន៍
អនុសញ្ញាស្ត្រី និងអនុសញ្ញាជាច្រើនទៀត គឺមានតែអនុសញ្ញាប្រឆាំងអំពើពុករលួយមួយទេ
ដែលពិតមែនតែកើតក្រោយ តែជាអនុសញ្ញាមួយ ដែលមានប្រទេសចូលជាហត្ថលេខីច្រើនជាងអនុសញ្ញាណាៗទាំងអស់
គឺបន្ទាប់ពីបង្កើតភ្លាមគឺមានប្រទេសចូលច្រើន ហើយរយៈពេលតែ ២-៣ ឆ្នាំក្រោយមកពីមានប្រទេសចូលរហូតដល់ទៅ
១៧២ប្រទេស ដែលគ្មានអនុសញ្ញាណាដែលបានដល់ប៉ុណ្ណឹងទេ។
ឯកឧត្តមបន្តថា ក្នុងចំណោមប្រទេស
សកម្ម៥-៦ប្រទេសធំៗ ដែលជំរុញឲ្យកើតចេញនូវអនុសញ្ញាប្រឆាំងអំពើពុករលួយនេះ
គឺមានប្រទេសធំពីរ ដែលមិនព្រមចូលជាសមាជិកនៅពេលអនុម័តរួច ទី១ គឺជប៉ុន
និងទី២ គឺអាឡឺម៉ង់ ដែលជាសកម្មជនរៀបចំ និងចាយលុយក្នុងការបបួលពិភពលោកធ្វើរឿងហ្នឹងរហូតដល់បង្កើតចេញរួច
ហើយគេចូលបាន១៧២ប្រទេសហើយ បែរជាអាឡឺម៉ង់ និងជប៉ុនអត់ ពីព្រោះនៅជប៉ុនពាក់ព័ន្ធនិងពុករលួយក្នុងការបោះឆ្នោតធ្ងន់ធ្ងរចឹងជប៉ុនសម្រេចអត់ចូល
ហើយអាឡឺម៉ង់ក៏មានបញ្ហាអត់ហ៊ានចូលដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឲ្យដឹងថា
នៅក្នុងអនុសញ្ញានៃការប្រឆាំងអំពើពុករលួយរបស់អង្គការសហប្រជាជាតិបាននិយាយថា
គឺប្រទេសនីមួយៗដែលជាសមាជិក គឺត្រូវជួយគ្នាទៅវិញទៅមក ត្រួតពិនិត្យគ្នាទៅវិញទៅមក។
ឯកឧត្តមបន្តថា ក្នុងអនុសញ្ញានេះមាន៥ជំពូក គឺជំពូកទី១ និយាយពីរចនាសម្ព័ន្ធ,
ពីការិយាល័យ និងពីរបបប្រជុំប៉ុន្មានដង ទី២ ៣ ៤ ៥ គាត់ចែកជាពីរ គឺជំពូកទី២
៤ និយាយទោសឧក្រិដ្ឋនៃអំពើពុករលួយ និងការសហការដោយត្រូវឆែកមើលប្រទេសមួយៗ
ដែលជាសមាជិកខ្លួន ថាបានអនុម័តច្បាប់តាមជំពូកទាំងពីរហ្នឹងហើយឬនៅ? រយៈពេល៥ឆ្នាំពី២០១០-២០១៥
ត្រូវពិនិត្យ១៧២ប្រទេស ថាបានធ្វើតាមនៃអនុសញ្ញានេះហើយឬនៅ ហើយពិនិត្យដោយជួយគ្នាទៅវិញទៅមក។
ទី២គោលការណ៍មិនឲ្យប្រឈម និងទី៣ មិនឲ្យដាក់ពិន្ទុ ថាប្រទេសណាលេខ១ លេខ២ អត់ឲ្យដាក់ពិន្ទុទេ
ចឹងពិន្ទុនេះបានមកពីណា លេខ១ លេខ២ ចេញមកពីណា គេចេះតែច្រឡំថាចេញពីអន្តរជាតិៗ
ការពិតចេញពី អង្គការមួយហៅថា TI ដែលជា NGO មួយដែលចេញស្ថិតិដែលអង្គការសហប្រជាជាតិគេពិនិត្យហើយ
ថាស្ថិតិនោះ គឺមិនសុក្រឹត្យទេ ពីព្រោះគឺគេប្រមូលព័ត៌មាន តែពីខាងអ្នកដែលមិនពេញចិត្ត
និងថ្នាំងថ្នាក់ ហើយអ្នកថ្នាំងថ្នាក់នេះប្រមូលពីអ្នកថ្នាំងថ្នាក់ទៅទៀត
ធ្វើម៉េចពិន្ទុនោះបានសុក្រឹត្យអត់មានសុក្រឹត្យទេ។
ឯកឧត្តម ឱម យិនទៀងបន្តថា
" អ្នកកាសែតសួរខ្ញុំថា តើមានអារម្មណ៍យ៉ាងម៉េចរឿងពិន្ទុគេឲ្យហ្នឹង
តាមពិតអង្គការសហប្រជាជាតិគឺគ្មានស្តង់ដាហ្នឹងទេ ឲ្យខ្ញុំបញ្ចេញអារម្មណ៍ពីអារបស់ដែលអត់ស្តង់ដាហ្នឹង
អត់មានស្តង់ដាអង្គការសហប្រជាជាតិសោះ តែគេនឹកឃើញ ទាញនយោបាយថាប្រទេសនេះចេះ
ប្រទេសនោះចុះ"។ ឯកឧត្តមបានលើកឧទាហរណ៍ថា ភូមាទើបតែបង្កើត អង្គភាពប្រឆាំងអំពើពុករលួយនៅឆ្នាំ២០១៤ប៉ុណ្ណោះ
តែបែរជាបានលេខឡើងទៅវិញ។ ឯកឧត្តមរំលឹកថា កន្លងមក អង្គការសហប្រជាជាតិធ្លាប់បានធ្វើលិខិតអញ្ជើញជាបន្ទាន់
សូមអញ្ជើញ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាយើង ដែលមានជំនាញក្នុងរឿងនេះ
ដើម្បីទៅជួយធ្វើការបណ្តុះបណ្តានៅប្រទេសភូមា ដូច្នេះបង្ហាញថា រឿងពិន្ទុនេះគឺអត់មានទេ
វាគ្រាន់តែជារូបភាព ព្រោះដើម្បីងាយធ្វើការបកស្រាយពន្យល់ឲ្យគេងាយយល់ប៉ុណ្ណោះ។
ឯកឧត្តមក៏បានលើកឡើងថា
កន្លងមកមានអ្នករិះគន់ថា អង្គភាពយើងចាប់តែអ្នកតូចអត់ចាប់អ្នកធំ
ឯកឧត្តមសូមជម្រាប " យើងខ្ញុំគ្មានទ្រីស្តី ចាប់តែតូចអត់ចាប់ធំ
រឺចាប់តែធំអត់ចាប់តូចនោះទេ ការនិយាយចឹងវាខុសច្បាប់ យើងចាប់ទាំងអស់ កន្លងមកគឺយើងបានធ្វើ
ប៉ុន្តែអ្នកឯងបិទភ្នែកនិយាយ។ ការចាប់រឺមិនចាប់អាស្រ័យទៅលើភ័ស្តុតាងដែលមានជាក់ស្តែង
និងរឹងមាំ និងប្រកបដោយតម្លាភាព និងយុត្តិធម៌ជាទីបំផុត ដោយឯកឧត្តមបានហៅថា
ការលើកឡើងបែបនេះគឺជានយោបាយប៉ុណ្ណោះ។ " ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា
តាមការស្រាវជ្រាវបង្ហាញថា មានប្រជាជនកម្ពុជាប្រមាណ៧០%
បានគាំទ្រ និងទទួលស្គាល់ថារាជរដ្ឋាភិបាលមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ
ប៉ុន្តែមិនមានអ្នកណាផ្សាយអំពីការគាំទ្ររបស់ប្រជាពលរដ្ឋនេះទេ។